ព័ត៌មានព្រះសហគមន៍កាតូលិកតំបន់សកម្មភាពតាកែវ

ព្រះសង្ឃ និងគណៈកម្មការ អាចារ្យវត្តជូនពរបុណ្យព្រះយេស៊ូប្រសូត

ព្រះសង្ឃ និងគណៈកម្មការ អាចារ្យ វត្តអង្គមន្ត្រី នៃស្រុកត្រាំកក់ខេត្តតាកែវ បាននិមន្ត និងអញ្ជើញមកកាន់ព្រះវិហារសន្តីម៉ារីញញឹម នៃព្រះសហគមន៍កាតូលិកភូមិចំការទៀង ដើម្បីអបអរសាទរ និងជូនពរក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត នៃរសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៩នេះ។

ក្នុងជំនួបបែបកិច្ចសន្ទនាអន្តរសាសនា ដើម្បីសេចក្តីសុខដុមរមនានេះត្រូវបានទទួលប្រកបដោយភាពកក់ក្តៅបំផុតពីសំណាក់លោកកុល ជាង ប្រធានគណៈកម្មការព្រះសហគមន៍កាតូលិកចំការទៀង និងលោក អូលីវីយេ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្ណពេញ។

លោកវណ្ណា ប្រធានគណៈកម្មការ វត្តអង្គមន្ត្រីបានប្រសាសន៍ថា នៅថ្ងៃនេះ ជាថ្ងៃបុណ្យព្រះយេស៊ូប្រសូត យ៉ាងឱឡារិក ដែលគ្រីស្តបរិស័ទប្រារព្ធ ហើយគណៈកម្មការវត្តចូលរួមមិនដែលខកខាន។ ដូច្នេះគណៈកម្មការវត្តអង្គមន្ត្រីមាន ជាសម្ភារ មានទាំងអំបុក ផ្លែដូង អង្ករ និងថវិកាប្រមាណ៤០ម៉ឺនរៀល ដែលលោកយាយលោកតា និងសិស្សសាលាអង្គមន្ត្រីចូលរួមគ្នា មកជូន និងអបអរសាទរ បុណ្យដោយអំណរសប្បាយ រួមជាមួយព្រះសហគមន៍កាតូលិក។

លោកបន្តទៀតថា អ្វីៗទាំងអស់នេះគិតទៅតិចតួចណាស់ចំពោះអ្វីដែលលោកអភិបាលអូលីវីយេ បានចូលរួមឧបត្ថម្ភ គាំទ្រវត្តអង្គមន្ត្រី ជាច្រើនឆ្នាំកន្លងមកហើយនេះ ស្ទើរគ្រប់កម្មវិធីបុណ្យធំក្នុងវត្តអង្គមន្ត្រី។

លោក វណ្ណាបន្តថា ដូច្នេះតាំងនាមឲ្យព្រះសង្ឃ និងគណៈកម្មការវត្ត ព្រមទាំងសាលាអង្គមន្ត្រី ដែលបានមានទំនាក់ទំនង ភ្ជាប់សាច់ ភ្ជាប់ឈាម និងសម្ពន្ធមេត្រីជាមួយព្រះសហគមន៍កាតូលិក ហើយឆ្នាំនេះជាកិត្តិយសណាស់ដែលគណៈកម្មការបានធ្វើកិច្ចថ្លែងអំណរគុណ ចំពោះលោកអភិបាល។

លោកអភិបាល បានមានទំនាក់ទំនងនិងគាំទ្រវត្តអង្គមន្ត្រីតាំងពី២០០២មក តាំងតែពីលោកនៅជាបូជាចារ្យ។  ថ្មីៗនេះលោកអភិបាលបានទទួលមេដាយមាសស្ថាបនាជាតិពីរាជរដ្ឋាភិបាល ដែលបានស្នើសុំដោយវត្តនេះផ្ទាល់។ 

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកវណ្ណា សូមព្រះប្រទានពរដល់លោកអភិបាល និងសហការី សូមជួបតែសេចក្តីគ្រប់ប្រការ។

ក្នុងកិច្ចសន្ទនានេះ លោកអភិបាលអូលីវិយេ បានមានប្រសាសន៍ អរគុណ ព្រះសង្ឃ និងគណៈកម្មការវត្តអង្គមន្ត្រី ដែលបានរៀបចំដើម្បីរាជរដ្ឋាភិបាល ប្រគល់មេដាយមាស ស្ថាបនាជាតិជូនដល់លោក។ អរគុណចំពោះការជូនពរ និងជូនរូបសំណាកព្រះពុទ្ធដ៏ស្រស់ស្អាតដែលមកពីប្រទេសឥណ្ឌា ពីសំណាក់ចៅអធិការវត្តអង្គមន្ត្រី។ លោកបានបន្តថា ក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត លោកបានជួបបងប្អូនជាច្រើន ទាំងពុទ្ធបរិស័ទ ឥស្លាមបរិស័ទ និងទាំងគ្រីស្តបរិស័ទ ជាឱកាសដើម្បីចែក សេចក្តីសុខ អំណរសប្បាយ និងជីវិតរបស់យើងដែលចង់កសាងសេចក្តីសុខ។ ថ្ងៃនេះនៅក្នុងព្រះវិហារកាតូលិក សូមឲ្យយើងទាំងអស់គ្នាបានចម្រើនពរ ថែមទៀត ដើម្បីកសាងស្រុក និងភូមិរបស់យើង។

លោកអភិបាល ក៏បានអញ្ជើញ គណៈកម្មការវត្ត ដើម្បីចូលរួម កម្មវិធីប្រកួតខ្លែងឯក លើកទី១០ដែលរៀបចំដោយ គណៈកម្មការព្រះសហគមន៍កាតូលិកភូមិចំការទៀងនាថ្ងៃទី ១ ខែកមរា ឆ្នាំ២០២០ ខាងមុខនេះ។

កិច្ចសំណេះសំណាលបានប្រព្រឹត្តទៅប្រកបដោយ ភាតរភាព និងអំណរសប្បាយ ដែលជាសញ្ញារឹតចំណងមេត្រីភាពឲ្យកាន់តែរឹងមាំឡើងៗ រវាងព្រះសហគមន៍កាតូលិកភូមិចំការទៀង និងវត្តអង្គមន្ត្រី ដើម្បីកសាងសុខដុមរមនីយកម្មសាសនា ឲ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទដោយ លោកលី សុវណ្ណា

This slideshow requires JavaScript.