ព័ត៌មានព្រះសហគមន៍តំបន់សកម្មភាពកំពត

ព្រះសហគមន៍កោះស្លាយកចិត្តទុកដាក់ជាមួយជនក្រីក្រនៅតាមភូមិ

ក្រុមសង្គហៈ និងក្រុមយុវជន នៃព្រះវិហារសន្តប៉ូល កោះស្លារួមជាមួយលោកបូជាចារ្យ កាលេណានី ឆាល បានអញ្ជើញទៅចូលរួមរំលែកមរណទុក្ខដល់ក្រុមគ្រួសារសពលោក ជា កើត ដែលជាជនក្រីក្រ នៅភូមិទួលដូន្ដី ឃុំត្រពាំងភ្លាំង ស្រុកឈូកខេត្តកំពត នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

លោក ជា កើត អាយុ៥១ឆ្នាំ ទទួលមរណភាពដោយសារ ជំងឺ។ ក្រោយពីលោកបូជាចារ្យបានសួរនាំក្រុមគ្រួសារសព និងចូលរួមគោរពវិញ្ញាណក្ខន្ធនិងអធិដ្ឋានតាមបែបគ្រីស្តសាសនារួចរាល់។ ព្រះសហគមន៍ផ្តល់អង្ករមួយបាវ និងជូនថវិកាមួយចំនួនសម្រាប់គ្រួសារក្រីក្រមួយនេះ ដោយបានមកពីរៃអង្គាសថវិកាពីគ្រីស្តបរិស័ទ។ នេះបើតាមប្រសាសន៍របស់លោក សិលា ចាន់ម៉ានុត ប្រធានក្រុមយុវជន និងក្រុមសង្គហៈរបស់ព្រះសហគមន៍កោះស្លា។

លោកបន្ថែមទៀតថា កូនៗរបស់សពមានចំនួន៧នាក់ដែលក្នុងនោះបីនាក់ទៀតកំពុងសិក្សានៅសាលា ហើយព្រះសហគមន៍បានរិះគិតថា នឹងជួយឧបត្ថម្ភពួកគាត់ ប្រសិនបើគ្រួសារនេះស្នើសុំ។

លោក ម៉ានុត ឲ្យដឹងទៀតថា ព្រះសហគមន៍តែងតែជួយដល់អ្នកខ្វះខាតនៅក្នុងភូមិ ដោយមិនគិតអំពីសាសនានោះទេ តួយ៉ាងដូចគ្រួសារសពលោក ជា កើតនេះ៕

ដាលីស