ព័ត៌មានព្រះសហគមន៍មណ្ធលសកម្មភាពភ្នំពេញខាងជើង

លោកអភិបាលប្រកាសឆ្នាំនៃការប្រកាសដំណឹងល្អ២០២០-២០២២

លោកអភិបាលអូលីវីយេ ជ្មីតអីស្ល៊ែរ បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២០-២០២២ ព្រះសហគមន៍ភូមិភាគភ្នំពេញ រួមនឹងព្រះសហគមន៍នៅតំបន់អាស៊ីនឹងធ្វើដំណើររួមគ្នាដោយផ្តោតសំខាន់លើគោលដៅរួមគឺប្រកាសដំណឹងល្អ។ ក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ ព្រះសហគមន៍កម្ពុជាត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការប្រកាសដំណឹងល្អ ដោយបម្រើអ្នកក្រីក្រ សន្ទនាជាមួយសាសនានានា និងរស់នៅក្នុងវប្បធម៌នៃជាតិសាសន៍របស់ប្រទេសកម្ពុជា។

លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ មានប្រសាសន៍នេះ នៅក្នុងជំនួបប្រចាំឆ្នាំជាមួយក្រុមបុគ្គលិកការិយាល័យព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញទាំងអស់ នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៩ នៅព្រះវិហារសន្តសិលានិងសន្តប៉ូល ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ក្នុងរាជធានីភ្នំពេញដែលមានអ្នកចូលរួមប្រមាណជាង៥០នាក់។

លោកអភិបាលបានរំលឹកថា សម្រាប់ ៣ ឆ្នាំខាងមុខ ការិយាល័យនីមួយៗត្រូវចូលយ៉ាងសកម្មនៅក្នុងសកម្មភាពរួម ដែលនឹងមានគឺ “រួមដំណើររួមគ្នាជាមួយប្រជាជាតិអាស៊ី” ដែលមាន ៣០ប្រទេសនៅក្នុងទ្វីបអាស៊ី ស្ថិតក្រោមអភិបាលកិច្ចរបស់ក្រុមលោកអភិបាលចំនួន១៧ ប្រទេស ដើម្បីប្រកាសដំណឹងល្អ ដល់ប្រជាជនក្នុងតំបន់ ដោយយកខ្លឹមសារឯកសាររបស់សន្តសម្តេចប៉ាបយ៉ូហានប៉ូលទី២ ដែលបានណែនាំព្រះសហគមន៍នៅទ្វីបអាស៊ី ជាមូលដ្ឋានក្នុងការអនុវត្ត។

លោកមានប្រសាសន៍ក្នុងធម្មទេសនាថា អ្វីៗទាំងអស់ដែលយើងធ្វើបាន លុះត្រាតែយើងយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាប្រភពនៃកម្លាំងដួងចិត្ត ហើយអគ្គទស្សនៈគឺជាអ្វីដែលចេញពីដំណឹងល្អរបស់ព្រះជាម្ចាស់។ ដូចនេះព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនទៅណាឆ្ងាយពីជីវិតប្រចាំថ្ងៃរបស់យើងឡើយ។

ក្នុងជំនួបនេះដែរ លោកអភិបាលបានជំរុញឲ្យការិយាល័យទាំងអស់យកចិត្តទុកដាក់ផងដែរអំពីប្រព័ន្ធគ្រប់គ្រង និងរបៀបនៃការទំនាក់ទំនងគ្នានៅក្នុងការិយាល័យផ្ទាល់ និងជាមួយស្ថាប័នកាតូលិកនានាផងដែរ។

លោកបានសង្កត់ធ្ងន់ចំនួន១០ចំណុចគឺ ១.មួយសន្ទនាជាមួយបូជាចារ្យគ្រប់មណ្ឌលសកម្មភាព។ ២. វាយតម្លៃផលប៉ះពាល់ចំពោះកិច្ចការដែលបានធ្វើ។ ៣. ធ្វើរបាយការណ៍ប្រចាំខែ។ ៤. ប្រជុំប្រចាំខែដើម្បីលើកទឹកចិត្តគ្នាទៅវិញទៅមកនិងរកដំណោះស្រាយ។ ៥. ធ្វើរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់និងមានតម្លាភាព។ ៦. ចូលរួមជាមួយនឹងព្រឹត្តិការណ៍នានាដែលមាននៅក្នុងភូមិភាគភ្នំពេញ។ ៧. មានពេលវេលាដើម្បីសំណាក់ធម៌រិះគិតអំពីជំនឿ និងកិច្ចការប្រកាសដំណឹងល្អ។ ៨. បន្តធ្វើការងារដោយមានកំលាំង។ ៩. ជ្រើសរើសព័ត៌មានដែលត្រូវផ្សព្វផ្សាយនិង ១០. ថែរក្សាអគ្គទស្សនៈរបស់យើង។

កិច្ចជួបជុំនេះបានធ្វើជារៀងរាល់មួយឆ្នាំក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត ដើម្បីលើកទឹកចិត្តនិងស្គាល់គ្នារវាងការិយាល័យក្នុងព្រះសហគមន៍ ដោយមានការណែនាំពីលោកអភិបាល អភិបូជា និងទទួលអាហារសាមគ្គី។

ការិយាល័យដែលបម្រើការងារឲ្យព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញដែលបានចូលរួមនៅក្នុងកម្មវិធីនេះមានដូចជា ការិយាល័យយុវជនកុមារនិងគ្រួសារ ការិយាល័យផ្សព្វផ្សាយព័ត៌មានព្រះសហគមន៍កាតូលិក  ការិយាល័យសុខភាព  ការិយាល័យអប់រំជំនឿនិងព្រះគម្ពីរ  ការិយាល័យអប់រំសិក្សា ការិយាល័យពលករ ការិយាល័យលោកអភិបាល ក្រុមស្វាគមន៍នៅភ្នំពេញថ្មី ការិយាល័យសហគ្រិនសង្គម និងការិយាល័យសិល្បៈ៕ ដោយ ដាលីស