ប្រសាសន៍លោកអភិបាលព័ត៌មាន

លោកអភិបាល៖ វត្តមានសម្តេចប៉ាប ផ្តល់កំលាំងឲ្យយើង

នៅថ្ងៃទី១ នៅក្នុងប្រទេសថៃនៃដំណើរបូជនីយចរ ក្នុងពេលសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ មកបំពេញទស្សនកិច្ចនៅប្រទេសថៃ លោកអភិបាលអូលីវីយេ បានមានប្រសាសន៍ទៅកាន់ក្រុមគ្រីស្តបរិស័ទ ព្រះសហគមន៍កម្ពុជា ប្រមាណជា២០០នាក់ ដែលជាតំណាងមកពីព្រះសហគមន៍នានាក្នុងភូមិភាគទាំងបី ដើម្បីលើកកំលាំងចិត្តឲ្យធ្វើដំណើរក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ជាមួយសម្តេចប៉ាបដោយអំណរ និងពង្រឹងជំនឿបន្ថែម។

លោកអភិបាលមានប្រសាសន៍ថា នេះជាលើកទី៦ដែលសម្ដេចប៉ាប មកកាន់ទ្វីបអាស៊ី។ ក្នុងកម្មវិធីនេះ សង្ឃឹមថា គ្រីស្តបរិស័ទយើងមាន កម្លាំងពេញខ្លួនដូចសន្តប៉ូល ទោះបីមានឧបសគ្គ តែបានរក្សាជំនឿរឹងមាំ។ លោកអភិបាលបន្តថា «សម្ដេចប៉ាបមកសួរសុខទុក្ខព្រះសហគមន៍ ជាឱកាសមួយដើម្បីផ្ដល់កម្លាំង និងលើកទឹកចិត្តដល់យើង…យើងជាតំណាងគ្រីស្តទូតនៅកម្ពុជា សូមឲ្យយើងយកឱកាសជួបសម្ដេចប៉ាបនេះ បន្តរក្សាជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់មកពីព្រះជាម្ចាស់»។

តំណាងគ្រីស្តបរិស័ទកាតូលិកនៅកម្ពុជា ដែលមកពីព្រះសហគមន៍នានា ទូទាំងប្រទេស បានចាកចេញពីប្រទេសកម្ពុជាតាមរថយន្ត កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ដោយមានការលើកទឹកចិត្តជាប់ជានិច្ចពីលោកអភិបាលអូលីវីយេ និងដឹកនាំដោយលោកបូជាចារ្យ ប៉ូលរឿង ឆ័ត្រសិរី ដើម្បីចូលរួមទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះដំណើរយាង ទស្សនកិច្ចរបស់សម្តេចហ្វ្រង់ស៊ីស្កូ មកកាន់ប្រទេសថៃ ចាប់ពីថ្ងៃទី២០-២៣ ខែវិច្ឆិកា ឆ្នាំ។ ក្រោយដំណើរទស្សនកិច្ចនៅ ប្រទេសថៃ សម្តេចប៉ាបនឹងបន្តដំណើរទៅកាន់ប្រទេសជប៉ុននៅថ្ងៃទី២៣-២៦ ខែវិច្ឆិកាខាងមុខនេះ។

ទាក់ទងនឹងដំណើរនៅប្រទេសជប៉ុន លោកអភិបាលអូលីវីយេបានមានប្រសាសន៍ ថា«ប្រទេសជប៉ុនកំពុងរង់ចាំឲ្យសម្ដេចប៉ាបមានបន្ទូល អំពីការបញ្ឈប់អាវុធនុយក្លេអ៊ែរ…. ព្រោះសម្ដេចប៉ាបជាទូតនៃសន្តិភាព»។

កម្មវិធីនៅថ្ងៃទី២១ ខែវិច្ឆិកានេះ ក្នុងដំណើរទស្សនកិច្ចជាផ្លូវរដ្ឋ សម្តេចប៉ាប និងយាង ទៅមន្ទីរពេទ្យកាតូលិកឈ្មោះសន្តលូវីស ជួបជាមួយនាយករដ្ឋមន្ត្រីថៃ និងថ្នាក់ដឹកនាំសំខាន់ៗក្នុងជួររាជរដ្ឋាភិបាលថៃ ជួបជាមួយសម្តេចព្រះសង្ឃរាជខាងព្រះពុទ្ធសាសនានៃប្រទេសថៃ និងថ្វាយអភិបូជាពហុកីដ្ឋានជាមួយគ្រីស្តបរិស័ទដែលមកពីគ្រប់ទិសទី ៕