ព័ត៌មានអង្គការកាតូលិក

អំពើជួញដូរមនុស្សនៅតែក្តៅសម្រាប់កម្ពុជា

ប្រជាពលរដ្ឋ តំណាងសាសនា មន្ត្រីរាជការ និងស្ថាប័នអង្គការ ប្រមាណជាង៣៥០០នាក់បានចូលរួមក្នុង ”ទិវាជាតិប្រឆាំងការជួញដូរមនុស្ស១២ធ្នូ” លើកទី១៣ ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីអំពើជួញដូរមនុស្ស នៅសាលពិព័រណ៍និងមហោស្រពកោះពេជ្រ នារសៀលថ្ងៃទី១២ ធ្នូ ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ទិវានេះបានធ្វើឡើងក្រោមប្រធានបទ «រួមសហការគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស »។ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា បញ្ហាការជួញដូរមនុស្សនេះនៅតែជាបញ្ហា ស្មុគស្មាញ និងក្តៅគុកសម្រាប់រដ្ឋាភិបាល និងបណ្តាប្រទេសនៅក្នុងពិភពលោកដែលត្រូវរួមគ្នាបង្ការនិងដោះស្រាយ។

សម្តេច បានបន្តថា «រាជរដ្ឋាភិបាលបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តបន្តប្រយុទ្ធប្រឆាំងអំ ពើជួញដូរមនុស្ស ក្នុងគោលដៅការពារ និងលើកកម្ពស់ សុវត្ថិភាពរបស់មនុស្សគ្រប់រូប និង សន្តិសុខសង្គម ក៏ដូចជាលើកកម្ពស់ការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរនិងផលប្រយោជន៍របស់មនុស្សគ្រប់ភេទគ្រប់វ័យ ដែលត្រូវបានបំផ្លាញដោយជនល្មើសនៃអំពើជួញដូរមនុស្សដោយ ការកេងប្រវ័ញ្ច និងការរំលោភបំពាន គ្រប់រូបភាពឲ្យលទ្ធផលល្អប្រសើរជាអតិបរមា»។

យ៉ាងណាក៏ដោយសម្តេចក្រឡាហោមក៏បានអំពាវនាវឲ្យមានការចូលរួមពីសំណាក់ស្ថាប័នពាក់ព័ន្ធនានា ទាំងស៊ីវិល និងរដ្ឋាភិបាល ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សហការគ្នា និងរួមគ្នាជាមួយប្រទេសពាក់ព័ន្ធនៅក្នុងតំបន់ និងពិភព ដើម្បីទប់ស្កាត់ បង្ការ និងដោះស្រាយ។ ក្នុងនោះដែរ ពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់អំពីអំពើជួញដូរតាមរូបភាពផ្សេងៗដូច ជាតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប និងតាមប្រព័ន្ធអនឡាញផងដែរ។

ជាមួយគ្នានោះសម្តេចក្រឡាហោម ស ខេងក៏បានបញ្ជាក់បន្ថែមទៀតផងដែរថា កម្ពុជា បាននឹងកំពុងខិតខំជម្រុញអនុវត្តគោលការណ៍ទាំងឡាយ ដែលមានចែងក្នុងកតិកាសញ្ញាពិភពលោក«ស្តីពីទេសន្តប្រវេសន៍ដោយសុវត្ថិភាពរៀបរយនិងស្របច្បាប់» ដែលហៅកាត់ថា GCM និងជំរុញបន្ថែមទៀតនូវការអនុវត្តអនុសញ្ញាអន្តរជាតិ «ស្តីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លង ដែន ដែលមានអង្គការចាត់តាំង» និងកិច្ចព្រមព្រៀងទាំងទ្វេភាគីពហុភាគីឲ្យបានម៉ឺងម៉ាត់ផង ដែរ។     

លោកបូជាចារ្យ សួន ហង់ លី ទទួលខុសត្រូវលើព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញថ្មី មានប្រសាសន៍ថា អំពើជួញដូរមនុស្សប្រាសចាកពីជំនឿរបស់ព្រះសហគមន៍ ដែលផ្តល់តម្លៃ និងគោរពដល់ជីវិត។ លោកបូជាចារ្យបញ្ជាក់ថា «គ្រីស្តបរិស័ទ គឺយកចិត្តទុកដាក់គោរពតម្លៃរបស់មនុស្ស ហើយការជួញដូរមនុស្សតាមរូបភាពណាក៏ដោយមិនថាការកេងប្រវ័ញ្ចខាងសេដ្ឋកិច្ច ខាងកម្លាំងកាយ ឬកម្លាំងចិត្តក្ដី គឺជារឿងមិនត្រឹមត្រូវតាមជំនឿរបស់យើង និងមិនគាប់ព្រះហឫទ័យព្រះជាម្ចាស់»។

លោកបូជាចារ្យបន្ថែមថា លោកនឹងយកសេចក្ដីដែលរដ្ឋាភិបាលបានរៀបរាប់នៅក្នុងទិវានេះទៅផ្សព្វផ្សាយដល់គ្រីស្តបរិស័ទយើង ដើម្បីការពារជនចំណាកស្រុក និងយកចិត្តទុកដាក់អធិដ្ឋានសូមព្រះជាម្ចាស់ជួយបំភ្លឺណែនាំដល់ជនល្មើសឲ្យកែប្រែចិត្តគំនិត ព្រមទាំងជួយរាយការណ៍ទៅសមត្ថកិច្ចនៅពេលឃើញមានអំពើជួញដូរមនុស្ស។ លោកថាគោលនយោបាយនេះពិតជាស៊ីជាមួយគ្រីស្តបរិស័ទក្នុងការជួយដល់អ្នកទន់ខ្សោយ៕

ដោយ ដាលីស