ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញហើយ អាលេលូយ៉ា!

. - ១៦ មេសា ២០១៧
 

គ្រីស្តបរិស័ទមកពីកន្លែងផ្សេងៗ នៃព្រះសហគមន៍កាតូលិកតំបន់​ខេត្តតាកែវ ​បានជួបជុំគ្នានៅព្រះវិហារ សន្តីម៉ារីញញឹម នៃព្រះសហគមន៍កាតូលិកភូមិចំការទៀង ស្រុកត្រាំកក់ខេត្តតាកែវ នាល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ដើម្បីប្រារព្ធពិធី បុណ្យព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។ 

ពេលចាប់ផ្តើមពិធី គ្រីស្តបរិស័ទទាំងអស់រួមជាមួយលោកអភិបាល និងបូជាចារ្យ បានជួយជុំគ្នាជំុវិញ ភ្នក់ភ្លើងដើម្បីប្រារព្ធពិធីព្រះពរភ្លើង មានពន្លឺទានជ័យ ដែលជាពន្លឺ បញ្ជាក់​នៃការរស់ឡើងវិញ​របស់ព្រះយេស៊ូ។ បន្ទាប់មកមានពិធីដង្ហែរទានទៅកាន់ទីសក្ការៈ ។ 

នៅទីសក្ការៈគ្រីស្តបរិស័ទទាំងអស់បន្តប្រារព្ធពិធីលើកតម្កើងព្រះបន្ទូល ដែលរៀបរាប់ពីការស់ឡើងវិញរបស់ព្រះគ្រីស្តជាអម្ចាស់។ ក្នុងរៀបរាប់ក៏មានការតាមរយៈពាក្យកាព្យ ក្នុងទម្រងចម្រៀងអាយ៉ៃខ្មែរ ផង​ដែលមានភ្លេងអាយៃ៉កំដរ ក្រោយមកក៏មានអានអត្ថបទ ស្តីអំពីកំណើត​ ពិភពលោក។

 

តាមជំនឿរបស់ព្រះសហគមន៍កាតូលិក បុណ្យព្រះយេស៊ូ​មាន​ព្រះជន្មរស់ឡើងវិញ គឺជាបុណ្យធំជាងគេបង្អស់។ ដោយសារព្រះជាម្ចាស់ប្រោសឲ្យព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញទើបមានអ្នកជឿរហូតមកដល់សព្វថ្ងៃ។ បើព្រះេយស៊ូសោយទិវង្គត មិនរស់ឡើងវិញទេក៏គ្មានអ្នកជឿដូច្នេះដែរ។    

  

ក្នុងធម្មទេសនា ទៅកាន់គ្រីស្តបរិស័ទដែលចូលរួម លោកអភិបាលអូលីវីយេ ដែលជាអធិបតីក្នុងពិធីមានប្រសាសន៍ថា “ ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញហើយ! អាលេលូយ៉ា!អាលេលូយ៉ា!អាលេលូយ៉ា!”។ លោកលើកឡើងថា៖ ព្រះអង្គមានព្រះជន្មគង់នៅ តើគង់នៅឯណា?

គឺនៅក្នុងចិត្តបងប្អូននៅទីនេះ ​បងប្អូនដែលទទួលជីវិតថ្មីថ្ងៃនេះ ។​ ដូចព្រះបន្ទួលថ្ងៃនេះ ទេវទូត ​ប្រាប់ក្រុមស្ត្រីថា កុំទៅរកព្រះអង្គនៅក្នុងផ្នូរ ។​ ព្រះអង្គឲ្យគេទៅជួបព្រះអង្គនៅ​ស្រុកកាលីឡេ។

លោកថា៖  សព្វថ្ងៃធ្វើដូចម្តេចដើម្បីជួបព្រះអង្គនៅកាលីឡេ?

“ខ្ញុំជឿថា កាលីឡេនៅទីនេះ នៅក្នុងបងប្អូន ក្នុងបងប្អូនថ្មីដែលទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គ គឺទទួលឲ្យល់ដង្ហើមផ្ទាល់របស់ព្រះអង្គ ។ ទទួលពន្លឺថ្មី ដែលមិនចេះរលត់”។

លោកអភិបាលបានរំឭកដល់គ្រីស្តបរិស័ទថា៖ “

សូមឲ្យយើងដែលទទួលជីវិត​ពីព្រះជាម្ចាស់ ទៅជាអ្នកដែលនាំជីវិតថ្មី ដល់គេ។ យើងដែលទទួលពន្លឺ ត្រូវធ្វើជាពន្លឺដើម្បីអ្នកដទៃ  ។ យើងដែលទទួលសេចក្តីស្រឡាញ់ពីព្រះជាម្ចាស់ ត្រូវមានចិត្តស្រឡាញ់ដូចព្រះជាម្ចាស់។”   

លោកបន្តថា ៖ សូមកុំឲ្យយើងនៅជាប់ជាមួយអ្នកដែលឆ្កាងព្រះយេស៊ូ។ សូមបើកភ្នែកមើល ពិភពលោក នេះ មានសង្គ្រាមសម្លាប់មនុស្ស យ៉ាងសន្ធឹក នៅសុីរី នៅអាហ្គានីស្ថាន អេហ្សុីប …។ សូមឲ្យយើងបើកភ្នែក មើលប្រទេសយើង…

មិនខ្វះទេអ្នកជិះជាន់អ្នកក្រីក្រ អំពើអយុត្តិធម៌​​ មិនខ្វះទេមនុស្ស ដែលបិទសិទ្ធិេសរីភាពអ្នកដទៃ  មនុស្សពុករលួយ មានបញ្ហាជាច្រើនទៀតដែលមនុស្សបន្តរឆ្កាងព្រះយេស៊ូតទៅទៀត។

លោកអភិបាលក៏បានលើកដែរថា៖ជូនការក្នុងព្រះសហគមន៍យើងក៏ដូចគ្នាដែរ មានអ្នកនាំពាក្យមិនពិត និយាយបង្ខូចឈ្នោះ និយាយដើមគេ ជិះជាន់គេ មើលងាយគេ ច្រណែនគ្នា ឬឈប់និយាយរកគ្នា …។ “បងប្អូនជាទីស្រឡាញ់កុំឲ្យយើងជាប់ជាមួយមនុស្សដែលឆ្កាងព្រះយេស៊ូ”។ ប៉ុន្តែយើងជាប្រជារស្ត្ររបស់ព្រះជាម្ចាស់ដ៏មានជីវិត ត្រូវចាំថា​កាលីឡេ នៅទីនេះ ដើម្បីចេញទៅប្រកាស​អំពីព្រះជាម្ចាស់មានព្រះជន្មរស់ឡើងវិញ​ អាលេលូយ៉ា។ 

លោកក៏បានជូនពរដល់គ្រីស្តបរិស័ទ ទាំងអស់ក្នុង ឱកាសឆ្នាំថ្មី ឲ្យបានពោរពេញដោយពន្លឺ ឲ្យបងប្អូនបន្តស្រឡាញ់ បន្តរបម្រើ បន្តរប្រកាសនៅក្នុងកាលីឡេ នៅទីនេះ ដើម្បីឲ្យកម្លាំងនៃជីវិតថ្មី បាញ់មនុស្សទាំងអស់ ឲ្យមានកម្លាំងសារជាថ្មី និងមានសេចក្តីសង្ឃឹមសារជាថ្មី ។

បន្ទាប់ពីធម្មទេសនា សម្រាប់បុណ្យដ៏ឱឡារិកនេះ​លោកអភិបាលអូលីវីយេ ធ្វើទទួលអគ្គសញ្ញាជ្រមុជទឹក​ឲ្យ បងប្អូន ជាមនុស្សេពេញវ័យ និងកូនង៉ែត ចំនូួន៥០នាក់​ដើម្បីឲ្យពួកទទួលជីវិតថ្មីរួមជាមួយព្រះយេស៊ូ។ ​

លោក​​អ៊ុយ ផើង ជាអ្នកទទួលអគ្គសញ្ញាជ្រមុជទឹកថ្មី មកពីព្រះសហកមន៍កាតូលិកកំពង់អំពិល ក្នុងខេត្តតាកែវ​ឲ្យដឹងថា លោកពិតជាមានអំណរខ្លាំងណាស់ ព្រោះថា​តាំងពីជឿលើព្រះយេស៊ូ ពីជីវិតរបស់លោកបានផ្លាស់ប្រែច្រើន អំពីរបៀបរស់នៅ មានសេចក្តីសង្ឃឹម និងផ្លូវចិត្ត ឲ្យបើកទូលាយច្រើនណាស់ស្រឡាញ់បងប្អូន។​ លោកផើងក៏បានប្រកាសជំនឿថា៖ “ព្រះយេស៊ូពិតជារស់ និងគង់ក្នុងរូបខ្ញុំពិតមែន”។   ទោះបីមានការរិះគន់ខ្លះអំពីការប្តូរជំនឿតែលោកនៅតែមានកម្លាំងជួបបងប្អូនអ្នករិះគន់ទាំងនោះ។

ចំណែកលោកយាយ ម៉ម សឿន ដែលមានវ័យ ៧៧ឆ្នាំ មកពីព្រះសហគមន៍សន្តប៉ូល មានប្រសាសន៍ស្រដៀងនឹងលោក អ៊ុយ ផើងដែរ៖ ថ្ងៃនេះពិតជាពេលត្រូវអរព្រះគុណព្រះជាម្ចាស់ខ្លាំងណាស់ ដែលព្រះអង្គបានត្រាស់ហៅឲ្យទទួលជីវិត្តថ្មី រួមជាមួយព្រះយេស៊ូ។ លោកយាយបន្តរថា នេះជាអំណរសប្បាយពិតប្រាកដ​ដែលោកយាយមិនដែលបានជួប ។ ក្នុងគ្រួសាររបស់ព្រះគ្រីស្តនាំឲ្យលោកយាយ មានសង្ឃឹមថ្មី និងអំណរសប្បាយពិតប្រាកដ។

រីឯយុវតី មុី គីមលីន មកពីព្រះវិហារសន្តីម៉ារីញញឹម ចំការទៀង បានឲ្យថា៖ រីករាយណាស់ដែលទទួលជីវិតថ្មីរួមជាមួយព្រះគ្រីស្ត ។ មានប្រកាសថា នឹងខិតខំថែរក្សាជីវិតថ្មីនេះឲ្យ​ជាប់ជាមួយពន្លឺរបស់ព្រះគ្រីស្ត ព្យាយាមប្រព្រឹត្តអំពើល្អ ចំពោះអ្នកដទៃ។

បុណ្យចម្លងឬបុណ្យព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញឆ្នាំ២០១៧ មានបងប្អូន ទទួលជីវិតថ្មីតាមរយៈអគ្គសញ្ញាជ្រមុជទឹក ក្នុងភូមិភាគភ្នំពេញចំនួនប្រមាណ ១២៨នាក់ ដោយឡែកក្នុងខេត្តតាកែវមានចំនួន៦៩នាក់ ។ ទូទាំងប្រទេស មានចំនួនប្រមាណជា៣០០នាក់​ដែលទទួលអគ្គសញ្ញាជ្រមុជក្នុងព្រះសហគមន៍កាតូលិក។

ព័ត៌មានច្រើនទៀត
២៤ កក្កដា ២០១៧

អង្គការសង្គម​ស៊ីវិល​ រួបរួមគ្នា​ជាមួយ​អន្តរសាសនាក្នុងការ​រៀបចំ​ឲ្យមាន​ទិវាថ្នាក់ជាតិ​ស្តីពី “បញ្ជ្រាបការយល់ដឹង ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងបញ្ចប់ទាសភាពសម័យ​ទំនើប”​ ដើម្បី​អប់រំនិង​បញ្ជ្រាប​ពលរដ្ឋកម្ពុជា​តាមរយៈសាសនានិង​ស្ថាប័នពាក់ព័ន្ធនានា។

          កម្មវិធីនេះ ​ផ្តួចផ្តើមដោយ​អង្គការការីតាសកម្ពុជា​និង​ត្រូវបាន​កោះអញ្ជើញ​ស្ថាប័ននានា​ដើម្បីរៀបចំ​កាលពីថ្ងៃទី១៨ និង២៤ ខែកក្កដា ខែ២០១៧នៅ​ការីតាស​កម្ពុជាសង្កាត់​បឹង​ព្រលឹត​ខ័ណ​៧​មករាភ្នំពេញ។​

          លោក​នូសុចិត្រា និង​កញ្ញាតឹកសុភ័ក្តតំណាងអង្គការការីតាសកម្ពុជា ​បាន​លើក​ឡើង​អំពី​គោល​គំនិត​នៃ​ការ​បង្កើត​ឲ្យ​មាន​ទិវាអប់រំ និង​ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនេះ​គឺ​ផ្អែកទៅលើ​ស្ថានភាព​ពលករខ្មែរ​ ដែល​​​ចាញ់បោក​ជនល្មើស​តាមរូបភាពផ្សេងៗដើម្បី​លក់ឲ្យ​ធ្វើទាសករ​នៅក្រៅប្រទេស ហើយកិច្ចប្រជុំនេះ​ក៏​ដើម្បី​ស្វែងរក​ដៃគូ​ដែលមាន​ចំណាប់​អារម្មណ៍​​ចូលរួមជាមួយគ្នាមទាំងថវិការគំនិតនិង​សកម្មភាព​នានា ក្នុង​ការអប់រំដល់សាធារណៈ​ជន ជាពិសេស​ជនដែលងាយរងគ្រោះ។ ហើយ​ទិវានេះ​ប្រព្រឹត្តិទៅបាន​គឺ​អាស្រ័យលើ​បងប្អូន​ទាំង​អស់គ្នា ​ដើម្បី​រៀបចំរួមគ្នា​ដោយមិន​ប្រកាន់​សាសនា ពូជសាសន៍ ឬនិន្នាការ​ណាមួយ​ឡើយ​រីឯការីតាសគឺជាអ្នក​ផ្តួចផ្តើម។

          ព្រះតេជគុណអឿនសំអាត ព្រះលេខានៃសម្តេចសង្ឃតំណាង​ឲ្យ​ព្រះពុទ្ធសាសនា​ បាន​គាំទ្រ​លើគោល​គំនិត​ដែល​អង្គការការីតាសកម្ពុជា ​បានលើកឡើងនិង​ស្នើរឲ្យ​មាន​ទិវានេះ​ជា​រៀងរាល់ឆ្នាំ​ដោយមាន​ថេរដីកាថា នេះគឺ​ជាការពញ្ញាក់ស្មារតីនិង​បញ្ជូនសារផ្សេងៗ​ដល់​ប្រជា​ពលរដ្ឋខ្មែរនិង​រដ្ឋាភិបាល​។ ព្រះតេជ​គុណ​​ក៏បាន​លើក​ឡើង​ផងដែរ​អំពី​ ស្ថានភាព​របស់​ពលករខ្មែរ​នៅប្រទេសថៃ និង​បញ្ជាក់​បន្ថែម​ថាគំរោង​សកម្មភាពបែប​នេះគឺជា​ចំនុចមួយដើម្បី​​បញ្ជូនសារនិង​អប់រំ​ប្រជាពលរដ្ឋ​​​ ក៏ដូចជា​ការ​ជំរុញ​​និង​រឹតបន្ទឹងផ្នែក​ច្បាប់​ក្នុង​ការ​ចាកចេញ​ទៅ​ធ្វើ​ពលករ​នៅក្រៅប្រទេស។​​

          កិច្ចប្រជុំនេះ​បាន​រំពឹងទុក​ថា​ វេទិកានេះ​នឹង​ប្រព្រឹត្ត​ទៅ​នា​ចុង​​ខែសីហាខាងមុននៅសួន​ច្បារ​​​សាធារណៈ​មុខវត្ត​បុទុមវត្តី​ ដោយ​អញ្ជើញ​អ្នក​ចូលរួម​មកពី​សាសនា​ធំៗទាំង​បីនៅ​កម្ពុជា​អង្គការ​ស្ថាប័ននានា ដែលពាក់ព័ន្ធ​ប្រមាណជាប្រាំមួយពាន់នាក់​។ ទិវានេះ​ក៏​អាចនឹង​មានការ​ហែរ​ជា​ក្បួន​​ពីមុខផ្សារចាស់មកកាន់គោលដៅ​ វេទិកានៅមុខវត្ត​បុទុមវត្តីផងដែរ​ប្រសិន​បើរាជ​រដ្ឋាភិបាលកម្ពុជា​អនុញ្ញាត។​

          នេះជាលើក​ទីមួយ ​ដែល​អង្គការនេះ​បាន​រៀបចំទិវាឡើង​រួមគ្នា​ជាអន្តរសាសនា​ និង​ស្ថាប័ន​​​ពាក់ព័ន្ធ​បែបទ្រង់ទ្រាយធំ ហើយ​ការីតាសកម្ពុជានេះក៏​ធ្លាប់បាន​ធ្វើ​កម្មវិធី​ជា​អន្តរ​សាសនា​​​ក្នុង​ការ​ផ្សព្វផ្សាយ និង​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរមនុស្ស​នេះ​ នៅព្រះវិហារ​កាតូលិក​ សន្ត​​យូសែប​(ផ្សារតូច) កាលពីខែកុម្ភៈកន្លងទៅនេះម្តងរួចហើយ។​

ដាលីស

២៣ កក្កដា ២០១៧

 

ព្រះវិហារ​ព្រះ​ត្រៃឯក តែងតែ​យក​ចិត្ត​ទុកដាក់​ទៅលើសកម្ម​ភាព​មេត្តាករុណា​ ចំពោះ​ចាស់ជរា អ្នក​ជំងឺ និង​ជនក្រីក្រ ដើម្បី​ចែករំលែកសេចក្តី​ស្រឡាញ់​ ធម៌មេត្តាករុណា និង​លើក​ទឹកចិត្ត ដោយ​មិន​ប្រកាន់​សាសនា​ នៅស្រុកគិរីវង់ ខេត្តតាកែវ។

          បើ​តាម​ប្រសាសន៍​ លោក​ហ្វេរណាន់ដូ សាប៉ាតា ជាបូជាចារ្យ​ទទួល​ខុសត្រូវ​មណ្ឌល​សកម្មភាព​តាកែវ បាន​ឲ្យ​ដឹងថា​ រាល់ពេល​ដែល​ពួក​យើង​បាន​ចុះទៅ​សួរសុខទុក្ខពួកគាត់ ខ្ញុំ​ឃើញ​ថា​ពួកគាត់​មាន​អំណរសប្បាយ និង​មាន​ភាព​ញឹម​ជានិច្ច​។ លោក​បន្ត​ថា​ អ្វី​ដែល​យើង​បាន​មើល​ឃើញ​ទាំង​នេះគឺ​​ជា​​ចលករ​​មួយ​​ ដែល​ណែនាំ​ឲ្យ​យើង​​ប្រកាស​ដំណឹងល្អ​​អស់​ពី​កម្លាំង​កាយ​ចិត្ត​ ហើយ​កិច្ចការ​​ដែល​យើង​កំពុង​តែ​ចែក​រំលែកទាំងនេះ គឺ​ចេញ​ពី​ព្រះ​វិហារ​ព្រះ​ត្រៃឯក។

          បូជាចារ្យ ជាគង្វាលព្រះសហគមន៍​រូបនេះ បានបញ្ជាក់​ថា ការ​សម្តែង​ធម៌​មេត្តាករុណា ចំពោះ​បង​ប្អូន​ឯទៀតៗ ពិត​ជា​មាន​សារសំខាន់ណាស់​នៅក្នុង​ព្រះសហគមន៍​កាតូលិក និង​ជា​ពិសេស​​នៅ​គិរីវង់នេះ ព្រោះ​ដែល​យើង​បាន​ទទួល​គឺ​ជា​ការទទួលស្វាគមន៍​រាក់ទាក់​យ៉ាង​កក់​ក្តៅ​​​ពី​បងប្អូន​ទាំងនោះ ដែល​ខុស​ពី​ប៉ុន្មានឆ្នាំមុន​​ព្រះសហគមន៍ត្រូវបាន​គេរើស​អើង ប្រកាន់​សាសនា​​ មិនសូវមាន​អ្នក​ចូលចិត្ត​។ លោក​ថានេះ​ហើយ​ជាគំរូ​​នៃ​ផលផ្លែ​ដែល​យើង​ទទួលបាន​ពី​ព្រះយេស៊ូ​ផ្ទាល់ ដែលជា​ព្រះ​បរមគ្រូនៃយើង បាន​ណែ​នាំ​ឲ្យ​​ព្រះ​សហគមន៍ពង្រឹង​ជំនឿ​ដល់​អ្នក​ដែល​ស្ម័គ្រចិត្ត​ក្នុង​សកម្មភាពមេត្តាករុណានេះផងដែរ។

ក្រុមមេត្តាករុណា នៃព្រះ​សហគមន៍​គិរីវង់ ព្រះ​វិហារ​ព្រះ​ត្រៃឯក​ តែង​តែ​ចុះ​សួរសុខទុក្ខ​និង​ធ្វើជា​ស្ពាន​ជួយ​ដល់​អ្នក​ដែល​ពិបាក អស់​សង្ឃឹម​។ ក្រុមនេះ​មាន​សកម្មភាព​ជារៀង​រាល់​សប្តាហ៍ ហើយ​ក្នុង​មួយ​ខែបាន​ចុះសួរសុខទុក្ខ​ជន​ទាំងងនោះ​ចំនួន​៧គ្រួសារ។

ដាលីស

 

១៦ កក្កដា ២០១៧

ព្រះវិហារ​សន្តី​ម៉ារី​ម៉ាដាឡាគីឡូម៉ែត្រលេខ១១ បាន​ប្រារព្វពិធី​បុណ្យ​ដើម្បី​នឹករឭកដល់​ឧបការី​នីនៃព្រះ​សហគមន៍​កាតូលិក។ គ្រីស្តបរិស័ទទីនោះជឿថា​ជា​សន្តី​ដែល​បាន​ថែរក្សា និង​ទូលអង្វរ​ព្រះជាម្ចាស់​សម្រាប់​ព្រះសហគមន៍នេះ។

កម្មវិធីនេះ​ត្រូវបាន​ធ្វើឡើង​នៅ​ភូមិ​ស្វាយប៉ាក ខ័ណឫស្សីកែវ រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី១៦ កក្តដា ២០១៧ ក្រោម​អធិបតីភាព លោកអភិបាល​អូលីវីយេ និងមានគ្រីស្តបរិស័ទចូលរួម​យ៉ាងច្រើនកុះករ ដែល​មកពី​ព្រះ​សហគមន៍​​នានា​ក្នុង​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាងជើង ។​

          ឆ្លៀតក្នុង​ឱកាសនេះដែរ លោក​អូលីវីយេ បានមាន​ប្រសាសន៍លើកទឹកចិត្ត​គ្រីស្ត​បរិស័ទ​​ ថា ​ថ្ងៃនេះ ​យើងគោរព​សន្តី​ម៉ារី​ម៉ាដាឡា ទោះបីជាយើង​មិនអាចមានក្បួន​ហែរបានដោយ​សារ​ផ្លូវពិបាក​​តែ​យើង​ដឹងថា​ព្រះជាម្ចាស់គង់នៅជាមួយយើង។ លោក​អភិបាល​បានរំឭកថា​ សន្តី​ម៉ារី​​ម៉ាដាឡា ជាគំរូមួយរបស់គ្រីស្ត​បរិស័ទពីដើម និងមាន​ឈ្មោះនៅក្នុង​អត្ថបទគម្ពីរ​ជា​ច្រើន ​ដោយសារ​គាត់​បាន​ដើរតាមព្រះយេស៊ូ​អស់ពីជំនឿ​របស់​​គាត់​។

          នៅក្នុង​ធម្មទេសនា លោក​អភិបាលថា ថ្ងៃនេះ​យើង​គោរពសន្តី ម៉ារីម៉ាដាឡា គឺ​ជាឱកាសមួយ​ដើម្បី​នឹកឃើញ​ដល់ជីវិត​សន្តី​ម៉ារីម៉ាដាឡា នឹកឃើញ​ដល់ទំនាក់ទំនង​នាងជាមួយ​ព្រះ​យេស៊ូ គឺ​ជារបៀប​មួយ​ពិសេស​និងជិតស្និទ្ធជាមួយព្រះយេស៊ូ ដែល​ធ្វើឲ្យ​នាង​ទៅជាសាវ័កទីមួយ​ដែល​ធ្វើជាសាក្សីប្រកាសថាព្រះយេស៊ូ​ រស់ឡើងវិញ។ 

តាមរយៈសន្តី​ម៉ារីម៉ាដាឡា លោកអូលីវីយេ​បាន​ជំរុញ​គ្រីស្ត​បរិស័ទ​​គិត​ដល់ជីវិត​ព្រះ​សហ​​​គមន៍​សព្វថ្ងៃ និង​អំពីរបៀប​​បង្ហាញអំពីជីវិត​ដែល​មាន​វត្តមានព្រះយេស៊ូ​គង់នៅ​ជា​មួយ គឺ ១) បំពាក់ព្រះយេស៊ូ នៅ​ពេល​យើងទទួលអគ្គសញ្ញាជ្រមុជទឹក យើងបំពាក់អាវស ទទួលជីវិតថ្មី​ដោយជិត​ស្និទ្ធ​ជាមួយ​ព្រះ​យេស៊ូ។ ២) ភ្ជាប់ជាមួយ​ព្រះបន្ទូល ដោយ​អាន និង​ស្តាប់ព្រះបន្ទុលជារៀងរាល់ថ្ងៃ។ ៣) អធិដ្ឋាន ដោយដឹងថា​ដួងចិត្ត​របស់​យើងជាវិហារតូចមួយដើម្បីទូលអង្វរព្រះជាម្ចាស់​សម្រាប់​គ្រួសារ និង​សង្គម។ ៤) ថែរក្សាសេចក្តីស្រឡាញ់ជានិច្ច ដោយ​បង្កើត​ទំនាក់ទំនង​ល្អនៅក្នុង​ភូមិនិង​ស្រឡាញ់បងប្អូនឯទៀតៗ។ ៥) លើកលែងទោស​ ជាតួនាទីគ្រីស្ត​បរិស័ទ​ត្រូវតែ​លើកលែង​ទោស​ជានិច្ច​ដើម្បី​ផ្តល់សក្ខីភាព​។ និង​៦) មានសេចក្តី​ក្លាហាន ដើម្បី​បង្ហាញពីជំនឿ​​ព្រោះ​ថា​ព្រះហឫទ័យ​ស្រឡាញ់​របស់ព្រះយេស៊ូ​ មានព្រះវិញ្ញាណដ៏វិសុទ្ធ​​ជំរុញយើងឲ្យ​ធ្វើជាសាក្សី និង​ធ្វើជាគ្រីស្ត​បរិស័ទ​សកម្ម។

ប្រធានយុវជន ឡុង រតនា​ នៃព្រះវិហារសន្តីម៉ារីម៉ាដាឡា បានឲ្យដឹងថា សន្តីនេះ​ជាគំរូមួយដែលល្អ​សម្រាប់ភូមិនេះ ព្រោះពីមុនភូមិនេះ​សំបូរណ៍ទៅដោយ​ស្ត្រីបម្រើការកំសាន្ត ដែលជាហេតុព្រះសហគមន៍​ជ្រើស​រើស​សន្តី​ម៉ារីម៉ាដាឡា​ដើម្បីជាគំរូ និង​ជួយដល់ពួកគេ​ក្នុង​ការ​កែប្រែ​ចិត្ត​គំនិត និង​ជឿលើ​ព្រះ​ជា​ម្ចាស់​​​។ យុវជននេះបន្តថា ពីមុន​គ្រីស្ត​បរិស័ទ​យើងតិច ដោយសារ​មនុស្សនៅទីនេះ​គិតអំពីការងារចិញ្ចឹមជីវិតមិនសូវមកព្រះវិហារ​ តែឥឡូវ​តាមរយៈ​គំរូសន្តីម៉ារី​ម៉ាដាឡា បាន​ជួយឲ្យ​មនុស្សនៅទីនេះ​ រួមទាំងយុវជន​ចេះកែប្រែចិត្ត​គំនិត​ គិតអំពីព្រះជាម្ចាស់ និង​មាន​សេចក្តី​សង្ឃឹម​នៅក្នុង​ជីវិតឡើងវិញ​។​

ដាលីស​

០៥ កក្កដា ២០១៧

 អតីតតំណាងពេញសិទ្ធិ​របស់លោកអភិបាល ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ លោក​បូជាចារ្យ​ ម៉ារីយ៉ូ ហ្គេហ្ស៊ី ត្រៀម​នឹង​ចាកចេញ​ពី​ព្រះសហគមន៍ប្រទេសកម្ពុជា ស្របតាម​សេចក្តី​ត្រូវការ​របស់​ក្រុម​សាសនទូត​ពីមេ(PIME) ដែល​តម្រូវ ឲ្យ​លោក​ទៅ​បំពេញ​បេសកកម្ម​នៅប្រទេសអ៊ីតាលីវិញ ជាអ្នកគ្រប់គ្រងមណ្ឌលវប្បធម៌កាតូលិក​នៅក្រុង​មីឡាន(Milano)។​លោក​នឹងចាកចេញនៅ ​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ។ លោកបូជាចារ្យម៉ារីយ៉ូ ក៏អ្នកទទួលខុសត្រូវមណ្ឌល​សកម្មភាពតាខ្មៅ​​នៃព្រះសហគមន៍ភូមិភាគភ្នំពេញ។ 

    អំពីការចាកចេញទៅបំពេញមុខងារថ្មីលោកបូជាចារ្យ ម៉ារីយ៉ូ ​បានឲ្យដឹងថាតាមពិត​ក្រុម​សាសនទូត​ពីមេ(PIME) បាន​ស្នើសុំឲ្យ​លោក​ទៅ​អ៊ីតាលីតាំងពី ៧ឆ្នាំមុនម្ល៉េះ តែលោក​ចេះតែមាន​ហេតុផលផ្សេងៗ​ដើម្បី​បន្ត​បេសកកម្មនៅកម្ពុជា។ ពេល​នេះ​​លោក​បាន​សម្រេច​ចិត្ត​ចាក​ចេញ ដោយមាន​ប្រសាន៍ថា “ពីមុន​ចិត្តរបស់ខ្ញុំ​​ហាក់បីដូចជាធ្វើសង្គ្រាម​ជាមួយ​ខ្លួនឯង​ជា​ច្រើន​ខែ​ តែឥឡូវ​ខ្ញុំ​​សម្រេចចិត្ត​ថា​បញ្ឈប់សង្គ្រាមនោះ ដោយព្រមត្រឡប់ទៅវិញ”។

          រំឭកដល់អតីតកាល ​លោកសាសនទូតរូបនេះបានរៀបរាបថា ពេលលោក​បាន​មកដល់​កម្ពុជាដំបូងក្នុងឆ្នាំ២០០០ លោក​ស្ទើរតែ​គ្មាន​សង្ឃឹមថា​នឹងអាចរៀន​ភាសារខ្មែរចេះនោះទេ ហើយ​វប្បធម៌និងការគិត​របស់លោក​គឺ​ខុសពី​បងប្អូន​នៅ​អាស៊ី​ ក៏ប៉ុន្តែ​យូរៗទៅតាមរយៈទំនាក់ទំនងលោកបាន​ព្យាយាម​ខិតខំ​ និងអាចសម្របខ្លួន​បាន​ដោយ​មានការចូលរួម​សហការ​​របស់​បងប្អូន​ខ្មែរ ព្រមទាំងអាចឈ្វេងយល់អំពីចិត្តគំនិត និងវប្បធម៌ខ្មែរបាន​យ៉ាងស៊ីជម្រៅ​ផង​ដែរ។​

ឆ្លងកាត់បទពិសោធន៍ក្នុងការបម្រើព្រះសហគមន៍កម្ពុជា​ ​រយៈពេលជិត១៧ឆ្នាំមកនេះ លោកបូជាចារ្យ​បាន​ផ្តល់សក្ខីភាពថា៖ “ខ្ញុំបានឃើញ​សកម្មភាព​របស់ព្រះជាម្ចាស់ច្រើនណាស់​នៅ​ទីនេះ ព្រោះ​នៅពេលខ្ញុំ​បាន​ចាប់ផ្តើម​ទាំងនៅបឹងទំពុននិង​នៅ​តាខ្មៅ គឺខ្ញុំ​មិនដែល​មាន​គម្រោងការណ៍ណាមួយទេ គឺគ្រាន់តែឃើញសញ្ញារបស់ព្រះជាម្ចាស់​តាមរយៈក្មេងៗ ហើយ​ខ្ញុំធ្វើ​តាម​ ក៏ទទួលបានជោគជ័យ”។​ លោកបន្ថែមថា “​អ្វីដែលកំពុងធ្វើ​គឺ​​សាបព្រួស​ដំណឹងល្អ និង​សង្ឃឹម​ថាថ្ងៃណាមួយ​ក្មេងៗ​ទាំង​នោះ​នឹងយល់ ហើយដើមឈើនៃជំនឿនឹង​ដុះឡើង​​មានផ្លែមានផ្កាផងដែរ”។​​

ទន្ទឹមនឹងបទពិសោធន៍ទាំងនេះ លោក ម៉ារីយ៉ូ យល់ឃើញអំពី​ជំនឿរបស់គ្រីស្តបរិស័ទ​មាន​ការរីកចម្រើនជាងមុន ដោយ​មានប្រសាសន៍ថា “ពេលខ្ញុំចាប់ផ្តើមនៅបឹងទំពុនពុំសូវ​មាន ​គ្រីស្ត​បរិស័ទពេញវ័យ​នោះទេ តែឥឡូវមានច្រើន ហើយពួកគេ​គឺ​ជាគ្រឹះនៃព្រះសហគមន៍​សព្វថ្ងៃ​ និង​នាពេលអនាគត រីឯ​កូនៗដែលគ្រីស្តបរិស័ទយកមកព្រះវិហារទទួល​អគ្គសញ្ញា​នានា​ពេលនេះទៅជាគ្រីស្តបរិស័ទពេញលក្ខណៈដែរ។ លោកបញ្ជាក់ថា រាល់សកម្មភាពមេត្តា​ករុណា​​​របស់​ព្រះសហគមន៍គឺ​ជា​ពន្លឺ​មួយ​ទោះបីតូចក្តី ធំក្តី ជាពិសេសគឺពិធីបុណ្យដែលបាន​រៀបចំល្អជាងច្រើន និង​អាចញ៉ាំងបរិយាកាសក្នង​ការ​អធិដ្ឋាន​ដែល​ជាកម្លាំង​សម្រាប់​ជំរុញ​ជំនឿ​បងប្អូន​គ្រីស្ត​បរិស័ទ។

លោក​ម៉ារីយ៉ូ ហ្គេហ្ស៊ី ជា​បូជាចារ្យ​ជនជាតិ​អ៊ីតាលី នៃ​ក្រុមសាសនទូត​ពីមេ បាន​មកដល់​ប្រទេសកម្ពុជា​នាឆ្នាំ២០០០។ លោករៀនភាសាខ្មែរ​ នៅភ្នំពេញនិងនៅភូមិភាគបាត់ដំបង ក្រោយមកលោក​បាន​ទទួលខុសត្រូវ​ព្រះសហគមន៍​បឹងទំពុន និងបាន​សាងសង់ព្រះវិហារព្រះកុមារយេស៊ូ មណ្ឌល​​​ថែទាំសុខភាពអេលីសាប៊ែត អាគារសន្តអាំប្រុស​សម្រាប់អង្គការ​ម៉ារីណុលបង្រៀន​អក្ខរកម្ម សាលាមត្តេយ្យសន្តីលូស៊ី លោកណែនាំក្រុមសន្តមីកាអែលជាក្រុមយុវជនរិះគិត​ពីជីវិត​ត្រាស់​ហៅ​​ជាបូជាចារ្យ លោកបម្រើការនៅទេវវិទ្យាល័យ ​លោក​បង្កើត​មណ្ឌល​ហ្វ្រង់ស៊ីស្កូសម្រាប់​សិស្សក្រីក្រដែលមករៀន​នៅ​ភ្នំពេញ ព្រមទាំង​ស្វែងរកដៃគូសហការ​តាម​រយៈ​​អង្គការនានា ដើម្បី​ជួយដល់​កុមារឲ្យចូលរៀន ។ លោក ជួយ​យុវជន និង​ស្ត្រី​​ឲ្យមាន​ចំណេះ​និង​ជំនាញច្បាស់លាស់ដើម្បីផ្គត់ជីវភាពរស់នៅ ។

លោកត្រូវចាត់ឲ្យទទួលខុសត្រូវ មណ្ឌល​សកម្មភាព​ភ្នំពេញខាងត្បូង​ដែលមាន​ព្រះសហគមន៍បឹងទំពុន តួតាំងនិង​កោះ​នរាហ៍ និង​ជួយ​សម្របសម្រួសមណ្ឌលនិស្សិតកាតូលិកកម្ពុជា។​

នៅ​ដើម​ឆ្នាំ២០១៤ លោក​អភិបាលអូលីវីយេ បាន​ចាត់​លោក​ម៉ារីយ៉ូ​​ឲ្យ​​ទៅ​បង្កើត​ព្រះសហគមន៍​ថ្មី​មួយ​ទៀត​នៅតាខ្មៅ និង​ទទួលខុសត្រូវ​មណ្ឌល​សកម្មភាព​​តាខ្មៅដែលមាន​ព្រះសហគមន៍​ចំនួន​៣ផងដែរ រួមមាន ព្រះសហគមន៍តាខ្មៅ អំពៅព្រៃ និង​គងនយ។

លោកបំពេញមុខងារជាតំណាងពេញសិទ្ធិរបស់លោកអភិបាល ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ចាប់តាំងពីឆ្នាំ​២០១០ ​​រហូតមកដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧នេះ។

 

ដាលីស

០២ កក្កដា ២០១៧

បេក្ខជន១៩រូប នៃព្រះវិហារព្រះកុមាយេស៊ូ​ បឹងទំពុន បានទទួលអគ្គសញ្ញាលាបថ្ងាស ដែលជាការបញ្ជាក់ពីការពេញវ័យ​ក្នុង​ជំនឿ​ និងទទួលព្រះវិញ្ញណដ៏វិសុទ្ធ ដែលផ្តល់កម្លាំង ក្នុងធ្វើជាសាក្សី​នៃធម៌មេត្តាករុណា​របស់​ព្រះ​ជាម្ចាស់ ចំពោះមនុស្ស​ទាំងឡាយ។

ពិធីនេះប្រារព្ធកាលថ្ងៃទី០១ កក្តដា ២០១៦នេះ នៅព្រះសហគមន៍កាតូលិក បឹងទំពុនក្រុងភ្នំពេញ ដោយ​មានលោក​អភិបាល​អូលីវីយេ ជ្មីតហស្ល៊ែរជាអធិបតី ។

ក្នុង​ធម្មទេសនា​ លោក​អភិបាល​អូលី​វី​យេ បានណែនាំដោយ​ដាក់ជាសំណួរដល់​​គ្រីស្ត​បរិស័ទ​ ឲ្យរិះគិត​អំពី​អនាគត ថា​ចង់​ទៅ​ជាមនុស្ស​បែបណា? តើព្រះជាម្ចាស់​មានគម្រោងការអ្វីសម្រាប់​ជីវិត​ខ្ញុំ?

លោកអភិបាល​បន្ត​ថា៖​ គម្រោងការព្រះយេស៊ូគឺជា​កម្លាំងមួយពិសេស​ និង​ព្រះអង្គបានឲ្យ​យើងជ្រើសរើសទ្រង់ជា​អាទិភាព​នៅក្នុង​ជីវិត​របស់យើង ជាពិសេស​ប្អូនៗដែល​ទទួលព្រះវិញ្ញាណ​ដ៏វិសុទ្ធ​នៅថ្ងៃនេះ​ គឺកើត​សាជាថ្មីនៅក្នុង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ ហើយ​គម្រោងការរបស់ព្រះជាម្ចាស់គឺ​ឲ្យ​យើង​ទៅជាបុត្រធីតារបស់ព្រះអង្គ។

លោក​អូលីវីយេបន្ថែមថា៖ ព្រះយេស៊ូ​បាន​ណែនាំ​ឲ្យ​យើង​យកចិត្ត​ទុកដាក់​ខិត​ខំ​ឆ្លើយតប​សេចក្តី​ត្រូវការ​របស់​អ្នក​ដទៃ នាំឲ្យ​គេយល់ថា​គេមានតម្លៃនៃជីវិត និង​មាន​សេចក្តីសង្ឃឹម។ លើស​ពី​នេះ​ទៅទៀត​ ទ្រង់ឲ្យ​យើង​រើសយកអ្នក​តូចតាច ដែល​កំពុង​មានទុក្ខលំបាក។ មិនតែ​ប៉ុណ្ណោះ ក្នុង​នាម​សាវ័កព្រះយេស៊ូ​ គឺយើង​មិនមែនជាអ្នក​បម្រើ តែជាមិត្តសម្លាញ់​របស់​ព្រះយេស៊ូ។

លោកអភិបាល​អូលីវីយេ​ បាន​មា​នប្រសាសន៍​អំពីសេចក្តី​សង្ឃឹម​ថា​ ព្រះសហគមន៍នៅទីនេះ​នឹងអាចទៅជាកន្លែងមួយ​ដែល​អាច​ឲ្យ​គេរកឃើញ​ភាពកក់ក្តៅ​ និង​សេចក្តីសង្ឃឹម​ ព្រោះ​ថា​ទោះបី​ជាគេមានលុយរាប់លានក៏ដោយ ប្រសិនបើ​គេខ្វះ​ទំនាក់ទំនង​​ក៏មិនប្រាកដថា​ គេអាចរកឃើញ​ផ្លូវ​ដើម្បី​ចិញ្ចឹម​ដួងចិត្តគេបានឡើយ​។​

មុន​ធ្វើ​អគ្គសញ្ញា​​​លោក​អភិបាល​បាន​សួរ​បញ្ជាក់​ម្តងទៀត​​អំពី​ជំនឿ​របស់​បេក្ខជនលើ​ព្រះ​ជាម្ចាស់ ហើយ​ពួកគេ​ទាំង​នោះ​បាន​ផ្តល់​សាក្ខី​ភាព​អំពីជំនឿ​របស់​ខ្លួន​ដោយ​សុខ​ចិត្ត​លះបង់​ចោល​នូវ​អំពើបាប និង​ជឿ​ថា​ព្រះ​ជាម្ចាស់តាម​ការ​ប្រកាស​ជំនឿ​របស់​​ព្រះ​សហគមន៍​កាតូលិក ដោយ​យល់​ថា​ព្រះជាម្ចាស់​​​បាន​ត្រាស់​ហៅ​ពួកគេ​ឲ្យ​រស់​នៅជាមួយ​ព្រះ​អង្គ និង​ជឿ​ថា​ព្រះ​ជាម្ចាស់​យាង​មក​ក្នុង​លោក​យើង​នេះ​ដើម្បី​ណែនាំមនុស្ស​ឲ្យ​ទី​កាន់​ព្រះ​បិតា​ និង​ជឿលើព្រះ​វិញ្ញាណដ៏សុទ្ធ​។

ក្រោយ​មក​បេក្ខជន បេក្ខនារីទាំងនោះ​បាន​ឡើង​ទៅមុខអសនៈ ទទួលអគ្គសញ្ញាលាបថ្ងាស​ដោយ​លោកអភិបាល​បាន​យក​ប្រេងព្រះពរ​គូសសញ្ញាឈើឆ្កាង​នៅលើថ្ងាសរបស់ពួកគេម្នាក់ៗ។​

អ្នក​ស្រី​​ដុក ស្រីម៉ិច បាន​ឲ្យ​ដឹង​ថា ថ្ងៃនេះ​ខ្ញុំ​ជា​មាន​អំណរ​សប្បាយ​ដោយ​បានក្លាយជាគ្រីស្តបរិស័ទ​ពេញ​លក្ខណៈ​ និង​​ទទួល​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​។ អ្នកស្រីប្តេជ្ញា ​ប្រកាសដំណឹងល្អ​ដោយ​​ចាប់ផ្តើម​ពី​ការ​រៀបចំគ្រួរសារដោយក្តីស្រឡាញ់​តាមរបៀប​កាតូលិក គ្មានអំពើរហិង្សា ក៏ដូចជាការ​ចូលរួម​សកម្មភាព​ផ្សេងៗនៅក្នុង​សង្គម។ ​ចំពោះជាអ្នក​ជិតខាង​គឺចែករំលែកអំពី​សេចក្តីស្រឡាញ់​ដល់​ពួក​គាត់​ ក្នុង​ការបង្ហាញការរស់នៅ​ជាគ្រីស្ត​បរិស័ទ​។​​

ដោយដាលីស

០១ កក្កដា ២០១៧

លោកអភិបាលអូលីវីយេ បានផ្តល់អគ្គសញ្ញាលាបថ្ងាសសម្រាប់បេក្ខជនចំនួន២៤រូប ដែលជាគ្រីស្តបរិស័ទមកពី ព្រះសហគមន៍ព្រះបេះដូងព្រះយេស៊ូកោះនរា និងព្រះសហគមន៍សន្តីម៉ារីតួតាំង កាលពីល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ​២០១៧។ កម្មវិធីនេះ បានប្រារព្ធធ្វើនៅព្រះសហគមន៍សន្តីម៉ារីតួតាំង ដោយមានការចូលរួមពីលោកបូជាចារ្យ បងប្រុស និង​បងប្អូន​គ្រីស្តបរិស័ទទាំងពីរព្រះសហគមន៍ ប្រមានជាង២០០នាក់ ដោយមានលោកអភិបាលអូលីវីយេ ជាអធិបតី។

ថ្លែងក្នុងធម្មទេសនា លោកអភិបាល អូលីវីយេ បានណែនាំដល់បេក្ខជនដែលទទួលអគ្គសញ្ញាលាបថ្ងាស និងគ្រីស្តបរិស័ទ​ទាំងអស់ថា ព្រះយេស៊ូចង់ឲ្យយើងជ្រើសរើសព្រះអង្គជាអាទិភាពដើម្បីដឹកនាំជីវិតរបស់យើង ព្រោះយើងបានទទួលអ្វីៗ​ទាំង​អស់​ពី​ព្រះជាម្ចាស់ ដូច្នេះយើងជ្រើសរើសព្រះយេស៊ូ ជាមូលដ្ឋានគ្រីះនៃជីវិតរបស់យើង។ លោកអភិបាលបានបន្តថា ថ្ងៃនេះព្រះយេស៊ូបានអញ្ជើញយើង ឲ្យយើងធ្វើជាសាវ័ករបស់ព្រះអង្គ ដើម្បីឲ្យយើងធ្វើដំណើរពីមួយថ្ងៃទៅមួយថ្ងៃ​ដើម្បីប្រកាសដំណឹងល្អ។ បងប្អូនដែលទទួលព្រះវិញ្ញាណដ៏វិសុទ្ធថ្ងៃនេះ  គឺមានន័យថាឲ្យយើងកសាងព្រះសហគមន៍​របស់យើងនៅទីនេះ ដោយយល់ថា ទីមួយយើងជាសាវ័ករបស់ព្រះយេស៊ូ ដោយភ្ជាប់ជាមួយព្រះយេស៊ូជាអាទិភាពនៃ​ជីវិត​យើង ទីពីរ យើងត្រូវតែធ្វើតាមព្រះយេស៊ូពីមួយថ្ងៃទៅមួយថ្ងៃក្នុងជីវិតរបស់យើង គឺឲ្យទឹកត្រជាក់មួយកែវដល់អ្នកតូចតាច​ដែលមានសេចក្តីត្រូវដោយនាមព្រះយេស៊ូ។ យើងជាគ្រីស្តបរិស័ទត្រូវតែអានព្រះគម្ពីរជារៀងរាល់ថ្ងៃ ដើម្បីឲ្យព្រះបន្ទូល​របស់ព្រះជាម្ចាស់ចិញ្ចឹមជីវិតយើង និងដើម្បីបន្តបម្រើព្រះសហគមន៍របស់យើង។ បេក្ខជនដែលនឹងទទួលអគ្គសញ្ញា​លាបថ្ងាស ក្លាយជាមនុស្សថ្មីដែលអាចនឹងមានសញ្ញាផ្សេងៗ ដើម្បីណែនាំឲ្យព្រះសហគមន៍របស់យើងរស់នៅដោយ​សេចក្តី​សុខសាន្តរបស់ព្រះយេស៊ូ ដោយសារព្រះយេស៊ូយាងមក ដើម្បីចែករំលែកសេចក្តីសុខសាន្តដែលមកពីព្រះបិតា​ផ្ទាល់។

បន្ទាប់ពីបញ្ចប់ធម្មទេសនា លោកអភិបាល អូលីវីយេ ក៏បានឲ្យបេក្ខជនប្រកាសជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ថែមទាំង​ផ្តល់​សាក្ខី​ភាព​អំពីជំនឿ​របស់​ខ្លួន ​ដោយ​សុខ​ចិត្ត​លះបង់​ចោល​នូវ​អំពើបាប និង​ជឿ​លើ​ព្រះ​ជាម្ចាស់ តាម​ការ​ប្រកាស​ជំនឿ​របស់​​ព្រះ​សហគមន៍​កាតូលិក ដោយ​យល់​ថា​ព្រះជាម្ចាស់​​​បាន​ត្រាស់​ហៅ​ពួកគេ​ឲ្យ​រស់​នៅជាមួយ​ព្រះ​អង្គ និង​ជឿ​ថា​ព្រះ​ជា​ម្ចាស់​យាង​មក​ក្នុង​លោក​យើង​នេះ ​ដើម្បី​ណែនាំមនុស្សលោកទៅ​កាន់​ព្រះ​បិតា​ និង​ជឿលើព្រះ​វិញ្ញាណដ៏សុទ្ធ​។ ក្រោយមក​លោកអភិបាល ក៏បានផ្តល់អគ្គសញ្ញាលាបថ្ងាសដល់បេក្ខជន ទាំង២៤រូប ដោយយក​ប្រេង​គូសសញ្ញាឈើឆ្កាង​នៅលើ​ថ្ងាសរបស់ពួកគេម្នាក់ម្តងៗ។

​ចុងបញ្ចប់កម្មវិធី ក៏មានតំណាងបេក្ខជនដែលបានទទួលអគ្គសញ្ញាលាបថ្ងាស ឡើងថ្លែងអំណរគុណដល់លោកអភិបាល លោកបូជាចារ្យ គ្រូអប់រំជំនឿ បងប្អូនគ្រីស្តបរិស័ទ និងសូមឲ្យអស់លោកទាំងអស់អធិដ្ឋានសម្រាប់បេក្ខជន ដែលបាន​ទទួលអគ្គសញ្ញាលាបថ្ងាសទាំងអស់ ដើម្បីឲ្យមានជំនឿរឹងមាំលើព្រះគ្រីស្ត ដោយហ៊ានចេញទៅប្រកាសដំណឹងល្អដល់​មនុស្សទាំងឡាយ។

២៧ មិថុនា ២០១៧

លោកអភិបាល​ និងអស់លោកបូជាចារ្យព្រះសហគមន៍ភូមិភាគភ្នំពេញ បាន​ប្រារព្វពិធី​បុណ្យ គោរព​សន្តសិលា និងសន្ត​ប៉ូល នាថ្ងៃទី​២៧ មិថុនា ២០១៧ នៅព្រះវិហារ​សន្ត​សិលា និង​សន្ត​ប៉ូល នៃ​មណ្ឌលសកម្មភាព​ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ដោយមាន​គ្រីស្ត​បរិស័ទចូលរួម​ជាច្រើន។

នៅក្នុង​អភិបូជានេះ លោកអភិបាល​អូលីវីយេ​បាន​ ជាអធិបតីមានប្រសាសន៍​ថា៖ សន្តសិលា​និង​សន្ត​ប៉ូល​ ​ គឺជាគ្រឹះ​នៃ​ព្រះសហគមន៍។ លោកថា​នៅព្រះវិហារ​សន្តសិលា សន្តប៉ូល មាន​ធាតុ​របស់​សន្ត​សិលា ហើនៅខាងមុខព្រះវិហារ​យើង​មាន​រូបសំណាក​​សន្ត​​សិលា​មាន​និម្មិត​​សញ្ញា​​​កាន់​​កូនសោរ​ដែល​មិនត្រឹមតែកូនសោរ​សម្រាប់ ​បើកទ្វារ​ស្ថាន​បរម​សុខ​ប៉ុណ្ណោះទេ​គឺជា​កូនសោរ​សម្រាប់​បើកទ្វារដួងចិត្ត​របស់យើង។ ជាពិសេស​សោរនេះ​គឺដើម្បី​ណែនាំ​ឲ្យ​មនុស្ស​មួយ​ចំនួន​អាចទទួលជីវិត​ថ្មី​តាមព្រះហឫទ័យ​ប្រណីសន្តោស​​របស់ព្រះ​ជាម្ចាស់​ ​​ដោយ​ស្រាយ​អំពើ​បាប​របស់​ដែរ​។ ​សន្ត​ប៉ូល​មាននិម្មិត​សញ្ញា​កាន់​ដាវ​មុត​​ស្រួច​ ដូច​ព្រះបន្ទូល​ដែល​ត្រូវ​ការ​ណែនាំ​ឲ្យ​ភ្ញាក់​ស្មារតី​​។

លោក​អភិបាល​បន្តថា ថ្ងៃនេះ​យើងបាន​ប្រជុំបូជាចារ្យ​គឺជា​ឱកាសមួយ​ដើម្បី​ឲ្យ​យើង​សម្លឹងមើល​ព្រះសហគមន៍​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅភូមិភាគ​ភ្នំពេញ​ដែលជា​ព្រះ​សហគមន៍​ចាស់ផង​មានអាយុកាលជាង៤៦០ឆ្នាំ ហើយក៏ជា​ព្រះសហគមន៍​ក្មេងខ្ចីដែរ។ ​

លោកលើកឡើងថា យើង​រស់នៅជាមួយ​គ្រីស្ត​បរិស័ទ​​ជំនាន់​ទី​មួយ​​ច្រើន​ នាំឲ្យយើង​នឹក​ឃើញ​ប្រវត្តិ​សាស្ត្រ​ព្រះ​សហគមន៍​​ដែល​មាន​អាយុកាល​ជាង​២០០០​ឆ្នាំ​ ដែល​មាន​ប៉ុន្មាន​ប្រទេស​ដែល​មាន​គ្រីស្ត​បរិស័ទ​​ច្រើន​ជំនាន់​ ប៉ុន្តែ​ព្រះសហគមន៍​របស់​យើង ​ដូច​លោក​សិលា និង​លោក​ប៉ូល​ និង​ក្រុម​គ្រីស្ត​ទូត​​ធ្លាប់​ស្គាល់ពីដើម​ ដោយ​មាន​គ្រីស្ត​បរិស័ទ​ថ្មីៗ​​ តាមរយៈ​ការ​សាបព្រួស​។ ​រាល់ឆ្នាំ​យើងមាន​រាប់រយនាក់​ដែល​សុំ​ដើរ​តាម​ព្រះ​យេស៊ូ​ ហើយ​នៅ​ភូមិភាគ​ភ្នំពេញ​យើង​មាន​៨០០​នាក់​​ដែល​កំពុង​ឈ្វេងយល់​ពីព្រះជាម្ចាស់ដែរ។​

លោក​អភិបាល​រំឭក​​ថា​ ជីវិត​របស់​លោក​ប៉ូល​គឺ​ខិត​ខំធ្វើ​ និង​យក​ចិត្ត​ទុក​ដាក់​តាម​ព្រះ​ហឫទ័យ​ស្រឡាញ់​របស់ព្រះគ្រីស្ត ដោយពីមុនគាត់ជាអ្នក​ស្អប់ព្រះយេស៊ូ​ តែគាត់បានទទួល​បទពិសោធន៍​នៃការលើកលែងទោស​របស់ព្រះយេស៊ូ​ ហើយបាន​កែ​ប្រែចិត្តគំនិត​ទៅជាមនុស្ស​ថ្មី​ដើម្បី​ប្រកាស​ដំណឹងល្អអស់មួយជីវិរ។ រីឯលោក​សិលា ព្រះ​យេស៊ូ​បាន​ធ្វើ​ឲ្យ​លោក​ដែល​មាន​អំពើបាប​ ជាមនុស្ស​ទន់ខ្សោយ​ ឲ្យ​ទៅជា​សិលា​ដ៏រឹងមាំ។ លោកបន្ត​ថា​ក្រុមគ្រីស្ត​ទូត​ទាំង​នេះ​គឺជា​មូលដ្ឋាន​គ្រឹះ​របស់​ព្រះ​សហគមន៍​ ដែលនាំ​ឲ្យ​យើង​ដឹង​ថា​ព្រះយេស៊ូ​បាន​លើក​លែងទោស​ឲ្យ​យើង​ ដូចលើកលែងទោសឲ្យលោក​សិលាដែរ។​

ជាមួយ​គ្នានេះ​ដែរ​ លោក​អភិបាល ក៏បាន​ផ្តាំផ្ញើរថា ជីវិត​របស់​យើង​គឺ​បន្ត​ព្រះ​សហគមន៍​​បន្ត​ពី​ក្រុមគ្រីស្ត​ទូត និង​យើង​គឺ​ជា​អ្នក​​មាន​បាប​ដែល​ត្រូវ​បានលើកលែងទោសពីព្រះជាម្ចាស់ ដែលនាំ​ឲ្យ​យើងមានកម្លាំង​ដើម្បី​បន្ត​ប្រកាស​ដំណឹងល្អ​គ្រប់ទី​កន្លែង។ លោកអូលីវីយេ បាន​បញ្ជាក់ទៀត​ថា ជីវិត​នៃក្តីស្រឡាញ់ និង​ការលើកលែងទោស​របស់​ព្រះជាម្ចាស់​កើត​ឡើង​នៅ​គ្រប់​ទីកន្លែងដែល​យើង​រស់នៅ។​

នៅ​ចុង​បញ្ចប់​នៃ​អភិបូជា​នេះ លោក​អូលីវីយេ ក៏បាន​​ថ្លែងអំណរគុណ​ដល់​អស់លោកបូជាចារ្យ​ទាំងឡាយ​ដែល​បានខិតខំ​បំពេញ​កិច្ចបម្រើដោយយកចិត្តទុកដាក់។ អភិបាលក៏បានអបអរលោកបូជាចារ្យដែល​ទទួលអគ្គសញ្ញាតែងតាំង​ជាបូជាចារ្យ​នៅក្នុង​ខែមិថុនា ព្រមទាំង​អបអរសាទរដល់​លោកបូជាចារ្យដែល​បាន​យក​សន្តសិលា និង​សន្តប៉ូល​ជាសន្ត​គំរូ​ប្រចាំជីវិត។

លើសពីនេះទៅទៀតលោកក៏បានឆ្លៀតឱកាស​ដើម្បី ប្រកាស​នាមលោក​បូជាចារ្យ​ សួនហង្សលីជាតំណាងពេញសិទ្ធិថ្មីរបស់​លោក​អភិបាល និង​​​ថ្លែងអំណរគុណដល់​លោក​បូជាចារ្យ ម៉ារីយ៉ូ ហ្គេហ្ស៊ី ដែលបាន​ជួយ​បម្រើព្រះសហគមន៍​នៅ​ព្រះសហគមន៍កម្ពុជា និង​ជាតំណាង​ពេញសិទ្ធិរបស់លោកអភិបាលរយៈពេល៧ឆ្នាំកន្លងមកនេះ ហើយត្រូវវិល​ត្រឡប់​ទៅ​ប្រទេសអ៊ីតាលីវិញ​តាមតម្រូវការនៃក្រុមបុព្វជិតពីមេ នាខែកញ្ញាខាងមុខនេះដែរ។​

          ដាលីស

២៥ មិថុនា ២០១៧

ក្រោមអាកាសធាតុត្រជាក់លាយឡំដោយដំណក់ទឹកភ្លៀងរលឹមផ្សែងក្រូច បេក្ខជនចំនួន ៤៦នាក់ បានទទួលអគ្គសញ្ញាលាបថ្ងាសនៅព្រះសហគមន៍សន្តីម៉ារីញញឹម ភូមិចំការទៀង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧។ 

កម្មវិធីនេះ មានការចូលរួមពីគ្រីស្តបរិស័ទនៅព្រះសហគមន៍សន្តីម៉ារីញញឹម និងដំណាងគ្រីស្តបរិស័ទនៅតាមព្រះសហគមន៍នានាក្នុងមណ្ឌលសកម្មភាពព្រះសហគមន៍ខេត្តតាកែវ ប្រមាណជាង៣០០នាក់ ក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយេ។

ក្នុងធម្មទេសនា លោកអភិបាល អូលីវីយេ បានថ្លែងថា បងប្អូនដែលនឹងទទួលអគ្គសញ្ញាលាបថ្ងាសថ្ងៃនេះ បានទទួលខុសត្រូវមួយយ៉ាងសំខាន់បំផុត គឺធ្វើដូចម្តេចដើម្បីឲ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ អាចឲ្យមនុស្សទាំងអស់នៅក្នុងខេត្តតាកែវស្តាប់លឺ។ នៅក្នុងចំណោមប្រជាជនជាង៨០០,០០០នាក់ក្នុងខេត្តតាកែវ យើងជាគ្រីស្តបរិស័ទមួយចំនួនតូចដែលទទួលខុសត្រូវខ្ពស់ ដូចព្រះយេស៊ូមានព្រះបន្ទូលថា៖ “នៅពេលយើងសាបព្រោះតិច យើងច្រូតតិច នៅពេលយើងសាបព្រោះច្រើន យើងច្រូតច្រើន”។ 

លោកអភិបាលបានបន្តថា ព្រះវិញ្ញាណដ៏វិសុទ្ធដែលជាកម្លាំងរបស់ព្រះជាម្ចាស់ ព្រះវិញ្ញាណដ៏វិសុទ្ធណែនាំឲ្យយើងមានប្រាជ្ញាឈ្លៀសវៃ ឲ្យយើងចេះពិចារណាដឹងខុសដឹងត្រូវ ឲ្យយើងដឹងសេចក្តីពិត ឲ្យយើងមានយោបល់ល្អ ឲ្យយើងមានសេចក្តីអង់អាច ឲ្យយើងធ្វើតាមព្រះវិញ្ញាណតែម្តង និង ឲ្យយើងចេះគោរពកោតខ្លាចព្រះជាម្ចាស់ជានិច្ច។ 

ជាចុងក្រោយលោកអភិបាលបានផ្តាំដល់បេក្ខជនដែលទទួលអគ្គសញ្ញាលាបថ្ងាសថា នៅតាមកន្លែងដែលបងប្អូនរស់នៅ ឲ្យបងប្អូនទទួលស្គាល់ថាយើងជាមេម្ស៉ៅនៅក្នុងម្សៅនៃជីវិត ទោះយើងជាមេតូចប៉ុន្តែជាមេដែលមានឥទ្ធិពលនៃសេចក្តីស្រឡាញ់។ ឲ្យបន្តប្រកាសដំណឹងល្អរួមជាមួយព្រះយេស៊ូដែលមានព្រះបន្ទូលថា៖ “ព្រះរាជ្យរបស់ព្រះជាម្ចាស់ជិតមកដល់ហើយ ចូរកែប្រែចិត្តគំនិត ហើយជឿលើដំណឹងល្អចុះ”។

លោក ឯម និល ជាគ្រីស្តបរិស័ទមកពីព្រះសហគមន៍ក្រុងដូនកែវបានថ្លែងថា បន្ទាប់ពីបានទទួលអគ្គសញ្ញាលាបថ្ងាស ធ្វើឲ្យលោកមានអំណរសប្បាយរីករាយ ដោយសារបានក្លាយជាគ្រីស្តបរិស័ទពេញលក្ខណៈមួយរូប។ ក្នុងជីវិតជាគ្រីស្តបរិស័ទ លោកបានខិតខំបង្ហាញសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ តាមរយៈការអនុវត្តព្រះបន្ទូលនៅក្នុងជីវិតប្រចាំថ្ងៃរបស់លោក។ លោក ឯម និល ក៏បានបញ្ជាក់ថា លោកនឹងព្យាយាមផ្សព្វផ្សាយដំណឹងល្អរបស់ព្រះជាម្ចាស់អស់ពីសមត្ថភាព ដើម្បីឲ្យប្រជាពលរដ្ឋដទៃទៀតបានយល់ និងដើម្បីឲ្យប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាព ដោយចេះស្រឡាញ់គ្នា និងជួយគ្នាទៅវិញទៅមក ដូចព្រះជាម្ចាស់ដែលបានស្រឡាញ់មនុស្សលោក។

លោកស្រី គង់ សំណាង ជាគ្រីស្តបរិស័ទនៅព្រះសហគមន៍សន្តីម៉ារីញញឹមចំការទៀង បានប្រាប់ថា៖ នៅពេលបានទទួលអគ្គសញ្ញាលាបថ្ងាសហើយ នៅក្នុងជីវិតរបស់លោកស្រីហាក់បីដូចជាបានទទួលនូវជំនឿមួយយ៉ាងច្បាស់ និងមានសេចក្តីសង្ឃឹមថ្មីដោយបង្កើតឲ្យភាពសេរីរុងរឿងនៅក្នុងក្រុមគ្រួសាររបស់លោកស្រី។ ដើម្បីប្រកាសដំណឹងល្អលោកស្រីបានខិតខំធ្វើអំពើល្អជាមួយអ្នកដទៃ ដូចជាការសួរសុខទុក្ខ និងលើកទឹកចិត្តឲ្យគេមានសេចក្តីសង្ឃឹមនៅក្នុងជីវិតជាពិសេសអស់អ្នកដែលសង្គមបោះបង់ចោល ដូចជាអ្នកជំងឺ ជនពិការជាដើម។ 

លោកស្រី បានបន្ថែមថា សព្វថ្ងៃលោកស្រីបានខិតខំបង្កើតទំនាងទំនងល្អជាមួយពុទ្ធបរិស័ទ និងបងប្អូនដទៃទៀត ដើម្បីពន្យល់អំពីព្រះសហគមន៍ឲ្យគេយល់ ជាពិសេសសមាជិកនៅក្នុងក្រុមគ្រួសារលោកស្រីតែម្តង គឺលោកស្រីសង្ឃឹមថាពួកគាត់នឹងយលអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយនឹងដើរតាមមាគ៌ារបស់ព្រះអង្គដូចលោកស្រីដែរ។

បន្ទាប់ពីបញ្ចប់អភិបូជា លោកអភិបាល អូលីវីយេ បានដឹកនាំគ្រីស្តបរិស័ទទាំងអស់ ដើម្បីដង្ហែរព្រះកាយព្រះគ្រីស្ត ទៅតាមផ្ទះគ្រីស្តបរិស័ទដែលស្ថិតក្នុងភូមិពងទឹកខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ គឺមានចម្ងាយប្រហែល៣គីឡួម៉ែត្រពីព្រះសហគមន៍សន្តីម៉ារីញញឹមចំការៀង។ ក្នុងដំណើរនៃជំនឿ លោកអភិបាល លោកបូជាចារ្យ បងប្រុសបងស្រី និងបងប្អូនគ្រីស្តបរិស័ទទាំងអស់ បានធ្វើដំណើរក្រោមដំណក់ភ្លៀងដើម្បីនាំព្រះកាយព្រះគ្រីស្តដល់ផ្ទះគ្រីស្តបរិស័ទ ដែលបានទន្ទឹងរងចាំទទួលស្វាគមន៍ដោយជំនឿ និងអំណរសប្បាយ។

  1 2 3 4 5 6 7 8 9 10  ...   

© Copyright 2013 Catholic Phnom Penh - All rights reserved.