ទិវានៃការត្រាស់ហៅលើកទី៥៤នៃព្រះសហគមន៍កាតូលិកកម្ពុជា

. - ០៧ ឧសភា ២០១៧
 

យុវជន យុវនារី ជាង២៥០នាក់មកពីបណ្តាព្រះសហគមន៍នានា ក្នុងភូមិភាគទាំងបី បានជួបជុំគ្នាក្នុងទិវានៃការត្រាស់ហៅលើកទី៥៤ នៅព្រះវិហាសន្តប៉ូលសន្តសិលា នៃមណ្ឌលសកម្មភាពភ្នំពេញថ្មី ។
 
ទិវានេះបានប្រារព្ធទៅ កាលពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ឧសភា ២០១៧នេះ ដើម្បី​រិះគិត​អំពីអនាគតនៃជីវិតរបស់ខ្លួន និងការឆ្លើតតបចំពោះការត្រាស់ហៅ​របស់​ព្រះជាម្ចាស់ ក្នុងជីវិត ជាបព្វជិត បព្វជីតា  ដែលរៀបចំដោយ គណៈកម្មការអន្តរភូមិភាគសម្រាប់ការត្រាស់ហៅ និងមានលោកអភិបាលអូលីវីយេ ជ្មីតអ៊ីស៊្លែរ ជាអធិបតី។
 
នៅក្នុងពេលអភិបូជា លោកអភិបាល អូលីវីយេ បានមានប្រសាសន៍ទៅកាន់យុវជន យុវនារី និងគ្រីស្តបរិស័ទទាំងអស់ថាព្រះសហគមន៍កាតូលិកទូទាំងពិភពលោក គោរពទិវានៃការត្រាស់ហៅលើកទី៥៤ គឺជាកាសដើម្បីអធិដ្ឋានឲ្យយុវជន យុវនារី ត្រៀមខ្លួនចូលក្នុងការត្រាស់ហៅ ដោយចែករំលែកអំណរសប្បាយ​នៃជីវិតរបស់យើង​ទៅដល់បងប្អូនឯទៀតៗ ដូចដែលសម្តេចប៉ាប់ បានសសេរនៅក្នុងសៀវភៅ ចែករំលែកអំណរសប្បាយ ។ លោកបានមានប្រសាសន៍បន្តថា សូមឲ្យយើងរកឃើញនូវអំណរសប្បាយនៃជីវិត គឺព្រះយេស៊ូផ្ទាល់ ដែលជាគង្វាលដ៏សប្បុរស។
 
ក្នុងធម្មទសនា លោកអភិបាលភូមិភាគភ្នំពេញបានរំឭកដល់អ្នកចូលរួមទាំងអស់ថា ពេលយើងនឹកដល់បូជាចារ្យជាច្រើនក្រុមបងស្រី និងគ្រហស្ថជាសាសនទូត សរុប១៩៤នាក់ គឺសុទ្ធតែជាក្រុមសាសនទូត។ លោកថា “ហេតុអ្វីបានជាយើងត្រូវការ យុវជន យុវនារី​​ ឆ្លើយតបទៅចំពោះការត្រាស់ហៅបន្ថែមទៀត?” លោកបន្តថា បើធៀបជាមួយនឹងចំនួនគ្រីស្តបរិស័ទជាងជាពីរម៉ឺននាក់តិចតួច នៅក្នុងប្រទេសកម្ពុជា យើងមានបូជាចារ្យដែលកើតចេញពីទីនេះតែ៩នាក់ប៉ុណ្ណោះ។
 
លោកបន្ថែមថា “ខ្ញុំទន្ទឹងរង់ចាំជួយដើម្បីឲ្យព្រះសហគមន៍ចាក់ឫសយ៉ាងជ្រៅ​នៅក្នុង​ទឹកដីកម្ពុជា”។ លោកអូលីវីយេក៏បានស្នើដល់ទំពាំងទាំងអស់ឲ្យអធិដ្ឋាន ដោយសម្លឹង​មើលព្រះយេស៊ូ ដើម្បីស្តាប់ព្រះសូរសៀង និងចូលនៅក្នុងទំនាក់ទំនង​យ៉ាងជ្រៅ​ជាមួយព្រះយេស៊ូដែលជាមិត្តសម្លាញ់។
 
ក្រោយពីធម្មទេសនាបានបញ្ចប់ បងស្រី ព្រុំ សុភី ជាបងស្រីតែម្នាក់គត់ នៃ អ្នកបម្រើព្រះយេស៊ូ ដែលបានបង្កើតឡើងដោយលោកអភិបាល អូលីវីយេ សម្រាប់ភូមិភាគពេញ។ សព្វដូនជីរូបនេះបម្រើការនៅក្នុងមណ្ឌល ភូមិសុខសាន្ត ជាកន្លែងស្វាគមន៍ កុមារពិការ ធ្ងន់ ពិការសតិបញ្ញា និងជាភូមិដែលមានបងប្អូន ផ្ទុក និងអ្នកជំងឺអេដស៍រស់នៅ។
 
 ដូនជីព្រំ សុភីបានចែករំលែកអំពីអំណរសប្បាយនៅក្នុងជីវិតជាដូនជីថា ស្នាមញញឹមរបស់បងប្អូនបានធ្វើឲ្យបងស្រីមានអំណរ ទោះបីជាគ្មានសមាជិក តែរបៀបរស់នៅជាមួយអ្នកភូមិសុខសាន្ត និងរបៀបនៃការបម្រើបងប្អូនឯទៀតៗពិតជាធ្វើឲ្យដូនជីរូបនេះមានអំណរសប្បាយនៅក្នុងជីវិតជាអ្នកបួស ដោយមានព្រះជាម្ចាស់គង់នៅជាមួយ។ 

លើសពីនេះទៅទៀត បងស្រីបានផ្តាំទៅកាន់យុវជនទាំងអស់ថា តាមពិតព្រះជាម្ចាស់ត្រាស់ហៅយើងគ្រប់ពេលវេលាហើយយើងក៏អាចឆ្លើយតបទៅព្រះអង្គវិញបានប្រសិនបើយើងចង់។ នៅក្នុងឱកាសនេះដែរ បងស្រីសុភី ក៏បានប្រកាសពាក្យសច្ចារបស់ខ្លួន ឡើងវិញ សម្រាប់រយៈមួយឆ្នាំ ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ។នេះជាឆ្នាំទី៤របស់បងស្រីដោយស្ម័គ្រចិត្តរស់នៅតាមព្រហ្មចារីធម៌ ជាអ្នកក្រីក្រ និងស្តាប់បង្គាប់លោកអភិបាល នៅចំពោះមុខឈើឆ្កាង និងគ្រីស្តបរិស័ទទាំងអស់ផងដែរ។

បន្ទាប់ការជួបជុំបានបន្តជួយយុវជនរិះគិត អំពីជីវិតរបស់អ្នកបួស ដោយមានសក្ខីភាព ពីលោកបូជាចារ្យសែ សាត និងមានសំណួរចម្លើយផ្សេងៗ ដែលទាក់ទង់នឹងរបៀបរស់នៅ និងប្រវត្តិការត្រាស់ហៅរបស់លោកបូជាចារ្យ​និង​ដូនជី ដែលមានវត្តមានក្នុងអង្គប្រជុំ។

ព្រះសហគមន៍កាតូលិកនៅកម្ពុជាបានយកចិត្តទុកដាក់ជួយយុវជនក្នុងការរិះគិត អំពីជំនឿ ការត្រាស់ហៅ ដែលមានក្រុម អេម៉ានូអែល ក្រុមសាម៉ូអែល និងក្រុមដំណឹងល្អជាដើម។
 
ដោយដាលីស

ព័ត៌មានច្រើនទៀត
១០ កញ្ញា ២០១៧

រាជធានីភ្នំពេញ៖ លោក​បូជា​ចារ្យ​ ម៉ារីយ៉ូ ហ្គេហ្ស៊ី បាន​ថ្វាយ​អភិបូជាលាគ្រីស្តបរិស័ទ​ទាំងរស់ទាំងស្លាប់​ជាលើកចុង​ក្រោយ​មុននឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ ដើម្បី​វិល​ត្រឡប់ទៅ​បម្រើព្រះ​សហ-គមន៍​​ប្រទេស​អ៊ី​តាលី ស្រប​តាម​សេចក្តី​ត្រូវ​ការ​របស់​ប្រធាន​ក្រុម​សាសនទូត​ពីមេ(PIME) កាល​ពី​ថ្ងៃទី​១០ កញ្ញា ២០១៧នេះ នៅព្រះ​វិហារ​ព្រះ​កុមារ​យេស៊ូ បឹង​ទំពុន ដោយ​មាន​គ្រីស្ត​បរិស័​ទ​ចូលរួម​ជា​ច្រើន​កុះករ។​

          ជាកិច្ច​ចាប់ផ្តើម​ អ្នកស្រី ងួន​ផល្លា តំណាង​គ្រីស្ត​បរិស័ទ បាន​ថ្លែង​អំណរគុណ​ដល់​លោក​ម៉ារីយូ ចំំពោះ​កិច្ចការ​​ប្រកាស​ដំណឹង​របស់លោក​រយៈពេល​១៧ឆ្នាំមកនេះ និង​សម្តែង​នូវ​ការ​​សោកស្តាយ​ចំពោះ​ការវិល​ត្រឡប់​ទៅវិញ។ អ្នក​ស្រី​បន្ថែមថា ព្រះ​សគមន៍​នៅកម្ពុជា​នឹង​អធិដ្ឋាន ទូលសូមអង្វរព្រះ​ជាម្ចាស់ឲ្យ​ចាត់​លោក​មក​បម្រើនៅ​កម្ពុជាវិញ​ក្រោយ​ពែល​លោក​បញ្ចប់​បេសកកម្ម​នៅ​អ៊ីតាលី។​

          នៅក្នុង​ធម្មទេសនា​លើក​ចុង​ក្រោយ​នេះ​ លោក​បាន​ផ្តាំ​ដល់​គ្រីស្ត​បរិស័ទ​ទាំង​អស់​ថា យើង​ជា​បងប្អូនគ្នា គឺ​ដោយ​សារ​​យើង​មាន​ជំនឿតែមួយ ជាព្រះកាយ​ព្រះ​គ្រីស្ត​តែមួយ។ លោក​បាន​រំឮក​ថា​ ពេល​យើង​ទទួលពិធី​ជ្រមុជទឹក​គឺ​យើង​បាន​ចូលរួម​នៅក្នុង​ព្រះ​សហគមន៍​មួយ​ដែល​ជា​ព្រះកាយព្រះ​គ្រីស្ត​តែម្តង តែ​ព្រះ​កាយ​នេះ​ពេល​ខ្លះ​​ត្រូវ​ជួបនឹង​ឧបស័គ្គខ្លះៗ​ ដែល​នាំ​ឲ្យ​មាន​ការ​បែក​ចែក​ជា​ច្រើន​បំណែក​ ដោយ​សារតែបញ្ហាផ្សេងៗ​ចេញ​ចិត្ត​របស់​មនុស្ស គឺ​​យើង​មិនចេះ​ស្រឡាញ់គ្នាទៅវិញទៅមក និង​ដោយ​ការច្រណែនគ្នា​ជាដើម។​

          លើសពីនេះ​ទៅ​ទៀត លោក​បាន​បញ្ជាក់ថា ដើម្បី​រក្សា​ភាព​ជាធ្លុងតែមួយ យើងត្រូវ​ធ្វើតាមព្រះ​បន្ទូល គឺ​ជួបមុខផ្ទាល់​រាល់ពេលមានបញ្ហា ហើយ​ប្រសិនបើ​មាន​ម្ខាងមិន​ចង់ស្តាប់ គឺ​ត្រូវរកសាក្សី​ពីរឬបីនាក់​ដើម្បី​សម្រុះសម្រួលគ្នា​។ លោក​ថា​យើង​ត្រូវ​សម្រេចចិត្ត​ជារៀង​រាល់​ថ្ងៃ​ថា​ត្រូវ​បំពេញ​តួនាទី​ជាគ្រីស្ត​បរិស័ទ ​ដោយ​ស្រឡាញ់គ្នា​ទៅវិញ​ទៅមក​ និង​ចេះ​សម្រុះ​សម្រួល​ដោយ​ការលើកលែងទោសឲ្យគ្នាទៅវិញ​ទៅមក។ លោក​សង្កត់ធ្ងន់ថា ប្រសិនបើ​យើង​ច្រណែនគ្នា ដណ្តើម​អំណាចគ្នា ប្រព្រឹត្ត​អំពើពុករលួយ តើមាន​ប្រយោជន៍អ្វី​ចំពោះ​ព្រះ​សហគមន៍​និង​ចំពោះសង្គម?​

          នៅក្នុង​អភិបូជា​លើកចុងក្រោយ​នេះ លោក​បាន​ផ្តល់អគ្គសញ្ញា​ជ្រមុជទឹក​ដល់​កុមារី​អេលី​សាប៊ែត ហើយ​មុននឹង​បញ្ចប់​អភិបូជាលោក​ម៉ារីយ៉ូ បាន​ថ្លែងថា “​ខ្ញុំសូម​អរ​គុណ​យ៉ាង​ច្រើន​ដល់​បងប្អូន​គ្រីស្ត​បរិស័ទ​ទាំង​អស់​ដែល​បាន​ទទួល​ខ្ញុំ​ដោយ​កក់ក្តៅ និង​មាន​ភាព​អត់ធ្មត់​ជាមួយ​ខ្ញុំ​កន្លង​មក ហើយ​អំណរសប្បាយ​ជាងគេសម្រាប់ជីវិត​ខ្ញុំ​គឺ​១៧ឆ្នាំ​នៅស្រុកខ្មែរ”។​

          រីឯលោក​ដាមីញ៉ាំង ហ្វានឺរ បាន​អាន​លិខិត​របស់​សន្ត​ប៉ូល​មុនពេលលោក​ចេញ​ពីក្រុង​អេភេសូ ដែល​បាន​ផ្តល់​សក្ខីភាព​អំពី​ដំណឹងល្អ​ និង​ព្រះ​ហឬទ័យ​ប្រណី​សន្តោស​របស់​ព្រះ​ជាម្ចាស់។ លោក​បូជាចារ្យ​ដាមីញ៉ាំង បាន​ប្រៀប​ប្រដូច​លោក​ម៉ារីយ៉ូទៅ​នឹង​បេសកកម្ម​របស់​សន្ត​ប៉ូល និង​បាន​ថ្លែង​អំណរគុណ​ជាមួយ​នឹង​ពាក្យ​ចងចាំដែល​លោក​ម៉ារី​យ៉ូ​បាន​លើក​ទឹកចិត្ត​​ខណៈពេល​ដែលលោក​មក​បម្រើព្រះ​សហគមន៍​កម្ពុជា និង​រៀនភាសាខ្មែរ​​ដំបូង​ថា “គ្មាន​កិច្ចការអ្វី​​ដែល ព្រះជាម្ចាស់​ធ្វើមិនកើត​នោះទេ”។​

          នៅទីបញចប់នៃ​អភិបូជា លោក​ម៉ារី​យ៉ូ រួមជាមួយលោក​ដាមីញាំង និង​គ្រីស្ត​បរិស័ទ​បាន​អធិដ្ឋាន​រួមគ្នា​នៅមុខចេតិយ និង​ទទួលទានអាហារសម្រន់​ជាមួយគ្នា​ដើម្បី​លាដំណើរ​មុន​នឹង​​ត្រប់ទៅកាន់ប្រទេសអ៊ីតាលី នាថ្ងៃទី​១៥​ កញ្ញា ២០១៧​ ខាងមុខនេះ។

          ដោយ ដាលីស

០៥ កញ្ញា ២០១៧

តាកែវ៖ អ្នកគ្រូសាលាមតេ្តយ្យ ដែលមកពីសាលាមត្តេយ្យនានា ទាំង៩មណ្ឌលកម្មភាព និងអង្គការ​មួយចំនួនរបស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ចំនួន៥៤នាក់ បានចូលរួម សិក្ខាសាលា​រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅព្រះសហគមន៍កាតូលិក​សន្តី​ម៉ារីញញឹម ភូមិចំកាទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ សិក្ខាសាលាសម្រប​សម្រួល​ដោយ អ្នកស្រី ង៉ុយ ច័ន្ទគឹមដាវី គ្រួបង្គោលមកពីរក្រសួងអប់រំយុវជន និងកីឡា និងជាអ្នកសម្រប​សម្រួលសាលាមត្តេយ្យរបស់ព្រះសហគមន៍ភូមិភាគភ្នំពេញ។ 

          បើតាមប្រសាសន៍របស់អ្នកស្ត្រី ឡៃ មករា ជានាយិការការិយាល័យសិក្សា​របស់​ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ឲ្យដឹងថាព្រះសហគមន៍តែងរៀបចំសិក្ខាសាលា​ក្នុង​មួយ​ឆ្នាំ២ដង។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលដៅ៖ ជួយរំលឹកដល់អ្នកគ្រូមតេ្តយ្យទាំងអស់​ឲ្យ​ចេះ​រៀបចំរបាយការណ៍បង្រៀនរបស់ខ្លួន ការតុបតែងថ្នាក់រៀនឲ្យមានការចាប់អារម្មណ៍ ការ​ទំនាក់​ទំនងជាមួយកុមារ ក៏ដូចជាគរុកោសល្យក្នុងការបង្រៀនកុមារឲ្យឆាប់ចាប់បាន។ លោកស្រី​ឡៃមករា បានបន្តថា ការជួបជុំនេះដែរ គឺជាពេលវេលមួយដែលអ្នកគ្រូទាំងអស់ ចែករំលែកបទ​ពិសោធន៍គ្នាទៅវិញទៅមកជុំវិញការបង្រៀន និងព្យាយាមស្វែងរកមូលហេតុ​ដែលនាំឲ្យកូនក្មេង​រៀនមិនពូកែ ឬមិនចង់រៀនជាដើម។  ក្នុងនោះ ក៏មានការបូកសរុបការងារ​របស់អ្នកគ្រូទាំងអស់​ក្នុង​រយៈពេលកន្លងមកផងដែរ។ លោកស្រី មករា បានបន្តថា ថ្នាក់សាលាមតេយ្យរបស់​ព្រះសហគមន៍​យើងមានចំនួន ៣កំរិត គឺកំរិតខ្ពស់ កំរិតទាប និងចំរុះ ដែលមានចំនួនថ្នាក់រៀន​សរុប​ចំនួន២៧ថ្នាក់។  ក្នុងឆ្នាំសិក្សាថ្មី ដែលត្រូវចាប់ផ្តើមក្នុងដើមខែតុលាខាងមុខនេះ និងបង្កើត​ថ្នាក់សាលាមត្តេយ្យមួយបន្ថែមទៀត។ 

          នាយិការ ការិយាល័យអប់រំរូបនេះបានបញ្ជាក់ថា៖ សព្វថ្ងៃនេះគ្រូសាលាមត្តេយ្យរបស់​ព្រះសហគមន៍ មានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការបង្រៀន។ ទោះប្បីជាមាន​អ្នកគ្រួ​ខ្លះរៀនសូត្របានតិចតួច ឬមិនមានសញ្ញាប័ត្របាក់ឌុបក៏ដោយ។ ក៏ប៉ុន្តែអ្នកគ្រូសាលា​មតេ្តយ្យ​ទាំងអស់ បានទទួលការបណ្តុះបណ្តាលផ្នែកបង្រៀន ឬហៅថាគរុកោសល្យ ពីអង្គរកា​គ្រួសា​យើងដែលជាអង្គរកាមួយទទួលស្គាល់ដោយ ក្រសួងអប់រំយុវជន និងកីឡា ជុំវិញ​ចំណេះ​និងជំនាញទាក់ទងនិងការបង្រៀន។ 

          លោកស្រីបន្តទៀតថា សម្រាប់អនាគត ព្រះសហគមន៍ មានគំរោង រៀបចំសិក្ខាសាលា​បន្ថែមទៀត ដើម្បីជួយឲ្យអ្នកគ្រូទាំងអស់កាន់តែមានជំនាញខ្ពស់ក្នុងបង្រៀន និងចេញវិញ្ញាប័ន​ប័ត្រ​ឲ្យអ្នកគ្រួទាំងអស់ ដែលនេះជាការបញ្ជាក់អំពីរសមត្ថភាព​ក្នុងការបំពេញការងាររបស់​ពួក​គាត់ ក្នុងពេលបច្ចុប្បន្ននេះ។ លោកស្រីបញ្ជាក់ថា វិញ្ញាប័នប័ត្រនេះ ពួកគាត់អាចប្រើប្រាស់​បាន​នៅ​ថ្ងៃក្រោយទៀត ក្នុងករណីស្វែងរកការងារខាងក្រៅពីព្រះសហគមន៍កាតូលិក។ 

          សូមបញ្ជាក់ថា ព្រះសហគមន៍កាតូលិកក្នុងប្រទេសកម្ពុជា បានយកចិត្តទុកដាក់បណ្តុះ​បណ្តាល​ចំណេះដឹងដល់កុមារ និងយុវជនកម្ពុជា ជាពិសេសអស់អ្នក ដែលនៅតាមទីដាច់​ស្រយាល ឲ្យមានឱកាសបានចូលរៀន ដោយបង្កើតសាលាមត្តេយ្យជាច្រើនកន្លែង ថ្នាក់វិទ្យា​ល័យ​និងថ្នាក់ឧត្តមសិក្សា ព្រមទាំងថ្នាក់ជំនាញ់វិជ្ជាជីវៈផងដែរ។

០២ កញ្ញា ២០១៧

រាជធានីភ្នំពេញ៖ ក្រោយបានបង្រៀន និងណែនាំកុមារនិងយុវជនដែលមកដើម្បីទទួលការ​អប់រំជំនឿ​កាតូលិក​មួយឆ្នាំកន្លងមក ក្រុមគ្រូអប់រំជំនឿព្រះសហគមន៍កាតូលិកនៃមណ្ឌលសកម្មភាពភ្នំពេញ​ខាងជើង បានយកពេលវេលាមួយថ្ងៃមកជួបជុំគ្នា គឺនៅថ្ងៃសៅរ៍ទី០២ ខែកញ្ញា ឆ្នាំ២០១៧ ដែលរៀបចំដោយលោកបូជាចារ្យ រឿង ឆ័ត្រសិរី ជាបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាព​ភ្នំពេញខាងជើង សហកាជួយលោកតា ប៉ុងសូរដ៏ នៅផ្ទះសំណាក់​ធម៌ជ្រោយចង្វា​រ ​(អតីតផ្ទះ​លោកអភិបាលអេមីល)។

          បើតាមប្រសាសន៍លោកបូជាចារ្យ រឿង ឆ័ត្រសិរី បានអោយដឹងថា៖ នៅព្រឹកនោះ ក្រុម​ពួក​គាត់បាន​សំណាក់​ធម៌​ជា​មួយលោកតា ប៉ុងសូរដ៍ ដោយអធិដ្ឋាន​និងរិះគិតអំពី​ព្រះបន្ទូលរួម​ជា​មួយ​គ្នា។ ការជួមជុំគ្នានេះ គឺដើម្បីឲ្យការផ្សព្វផ្សាយដំណឹងល្អរបស់ព្រះជាម្ចាស់ ទៅបងប្អូន​ឯទៀតៗ​កាន់តែមានប្រសិទ្ធិភាព បងស្រីចំនួន៣នាក់ គឺបងស្រី ឡាវ៉ាន់ បងស្រី នុជចារ៉ា និង​បងស្រី​សារិន បានជួយរៀបចំមេរៀននិងឯកសារមួយចំនួនទៀត ដែលទាក់ទងនឹងការបង្រៀន​អប់រំជំនឿ ដែលនេះបានផ្តល់ភាពងាយស្រួលដល់ក្រុមគ្រូព្រះសហគមន៍ទាំងមូល។ លោកបូជា​​ចារ្យ ឆ័ត្រសិរី បានបន្តថា ក្រោមពីបានអធិដ្ឋាន និងសំណាក់ធម៌រួមគ្នា ក៏ដូចជាការ​ចែករំលែក​បទពិសោធន៍ អង្គប្រជុំក៏ស្វែងរកវិធីសាស្ត្រនានា ដើម្បីឲ្យការប្រកាស​ដំណឹងល្អតាមរយៈ​ការ​អប់រំ​ជំនឿនេះទទួលបានទទួលនូវជោគជ័យខ្ពស់។ នៅពេលរសៀលថ្ងៃដដែល មានកិច្ចប្រជុំពិភាក្សា​អំពី​កិច្ច​ការផ្ទៃក្នុងរបស់ក្រុមគ្រូអប់រំជំនឿ និង​បាន​បោះឆ្នោតជ្រើសរើស ប្រធានក្រុម អនុប្រធាន និង​លេខាធិការថ្មី ពោលគឺបានទៅលើអ្នកគ្រូ សាវ៉េត ជាប្រធានក្រុម អ្នកគ្រូ រស្មី ជាអនុ​ប្រធាន​ក្រុម និងអ្នកគ្រូ បញ្ញា ជាលេខាធិការរបស់ក្រុមថ្មីផងដែរ។ ក្រោយមកគេបានធ្វើការបែកចែកថ្នាក់​ដើម្បីបង្រៀនសម្រាប់ឆ្នាំសិក្សាថ្មីដែលនឹងចាប់ផ្តើមនៅខែតុលា ឆ្នាំ២០១៧នេះ។

          ជាចុងក្រោយអង្គប្រជុំទាំងមូលសង្ឃឹមថា ឆ្នាំសិក្សាថ្មីខាងមុខនេះ ពួកគេនឹងខិតខំពង្រឹង​សកម្ម​ភាព​ការណែនាំកុមារក៏ដូចជាយុវជន​ដែលមកទទួលការអប់រំជំនឿទាំងអស់ ដើម្បីឲ្យពួក​គេ​ទទួលបានជីវិត ភាពស្និតស្នាលជាមួយព្រះជាម្ចាស់ដោយមានជំនឿ និងស្រឡាញ់ចំពោះព្រះអង្គ តាមរយៈការស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការអធិដ្ឋាន។ លោកបូជាចារ្យ រឿងឆ័ត្រសិរី ក៏បានថ្លែងអំណរគុណដល់លោកតា ប៉ុងសូរដ៍ ដែលបានជួយណែនាំក្រុមគ្រូអប់រំជំនឿក្នុង​ឱកាសនោះ និងបានអរគុណ អ្នកមីង ប្រាកដ និងលោក ហាង ដែលជួយរៀបចំកន្លែងប្រជុំ ម្ហូប​អាហារ និងអ្វីៗជាច្រើនទៀតដែលណែនាំឲ្យការជួបជុំគ្នានេះ ប្រព្រឹត្តិទៅយ៉ាងរលូន។

          សូមបញ្ជាក់ថា៖ ព្រះសហគមន៍កាតូលិកសន្តយ៉ូសែបផ្សារតូច មានអាស័យដ្ឋាន​ផ្ទះលេខ​១៧៨៨B ស្ថិតនៅលើផ្លូវជាតិលេខ៥ សង្កាតទួលសង្កែរ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

០១ កញ្ញា ២០១៧

តាកែវ៖ បើទោះបីជាគម្រោងខ្លះទើបតែចាប់ផ្តើមដុះពន្លក ខ្លះមិនទាន់ដំណើរការបានពេញលេញ គម្រោងខ្លះ​កំពុងដំណើរការ ប៉ុន្តែទស្សនៈទានដ៏វែងឆ្ងាយមួយដែលមាននៅកម្ពុជា កំពុងតែធ្វើឲ្យ​ប្រជាពលរដ្ឋកម្ពុជាជាច្រើននៅភូមិភាគនិរតី ទទួលបាននូវផលប្រយោជន៍ និងមានក្តីសង្ឃឹម​ប្រកប​ដោយសុទិដ្ឋិនិយម​សម្រាប់​អនាគតមួយដ៏ត្រចះត្រចង់នៅពេលអនាគត។​    នៅក្នុងដំណើរប្រមាណជា ៨០គីឡូម៉ែត្រ បើយើងចេញពីអ័ក្សនៃរាជធានីភ្នំពេញ​គឺនៅ​រមណី​ដ្ឋានវត្តភ្នំ ហើយធ្វើដំណើរឆ្ពោះមកមហាវិថីសហព័ន្ទរុស្ស៊ី ដោយកាត់តាមព្រលានយន្ត​ហោះ​អន្តរជាតិភ្នំពេញ ហើយបន្តដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ មកជិតដល់ទីប្រជុំជន​មួយ​នៃស្រុកត្រាំកក់ ខេត្តតាកែវ​ ពោលគឺមុនពេលទៅដល់ផ្សារអង្គតាសោម ប្រមាណជា១គីឡូ​ម៉ែត្រ ងាកមកស្តាំដៃទីនោះ​គេនឹងឃើញមានសំណង់រាងប្លែក​ពីសំណង់គេហដ្ឋាន​និងភូមិស្រុក​របស់ប្រជាពលរដ្ឋ ទីនោះគឺវិទ្យាស្ថានសន្តប៉ូល ដែលនៅទីនោះមានកូនខ្មែរជាច្រើន​កំពុងតែ​ទទួល​ការ​អប់រំជាន់ខ្ពស់​លើមុខជំនាញមួយចំនួនដូចជា៖ ព័ត៌មានវិទ្យា អក្សរសាស្ត្រអង់គ្លេស គ្រប់គ្រង​ទេសចរណ៍ ក្សេត្រសាស្ត្រ និងសង្គមកិច្ច និងថ្នាក់បរិញ្ញាបត្ររង លើជំនាញ អភិវឌ្ឍន៍កម្មវីធីកុំព្យុទ័រ គ្រប់គ្រងប្រព័ន្ធនិងបណ្តាញកុំព្យុទ័រ ភាសាអង់គ្លេស សណ្ឋាគារ​និង​បដិសណ្ឋាកិច្ច ផលិតកម្មដំណាំឈើហូបផ្លៃនិងបន្លែ ជំនាញកែច្នៃចំណីអាហារ ប្រព័ន្ធ​កសិកម្ម​ចម្រុះ និងវេជ្ជសាស្ត្រសត្វ។  នៅក្បែរនោះចម្ងាយប្រមាណជា១០០ម៉ែត្រ មានសំណង់មួយ ដែលកំពុងតែសាងសង់លេចចេញរូបរាង ក្រោមស្ថាបត្យកម្មមួយផ្សារភ្ជាប់រវាងបរិស្ថាន វប្បធម៌ និងសង្គម ហើយមានលក្ខណៈស្តង់ដាទំនើបនៅលើដីវាលដ៏ខៀវស្រងាត់មួយ មានទំហំ៥០០​ម៉ែត្រគុណ ​និង៤០០ម៉ែត្រ ហើយអាច​ត្រូវបានអ្នកដំណើរឆ្ងល់ថា ទីនោះជាអ្វី? សាងសង់ដើម្បីអី្វ​? មូលហេតុអ្វីបានជាគេសាងសង់ឡើងនៅទីនោះ ?

          ជុំវិញគម្រោងទាំងនេះ លោក អូលីវីយេ ​ជ្មិតហ​ស្ល៊ែរ​  អភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគភ្នំពេញ ​បានមានប្រសាសន៍ថា នេះគឺជាសំណង់អាគារថ្មីនៃវិទ្យាល័យឯកទេស​សន្ត​ហ្វ្រង់ស័្វរ ដែលកំពុង​តែផ្តល់ការសិក្សាដល់យុវជននិងយុវនារីខ្មែរប្រមាណជា៦០នាក់ លើជំនាញ​កសិកម្ម ហើយនៅពេលសំណង់សាលានេះសាងសង់រួចនឹងមាន ឯកទេសទេសចរណ៍មួយទៀត សម្រាប់ផ្តល់ការអប់រំដល់យុវជននិងយុវនារី។​ លោកបានថ្លែងថា សំណង់ នេះត្រូវបានសាងសង់​ឡើង ដោយសារតែសាលាចាស់ ដែល​មាន​ទីតាំងនៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់  មាន​លក្ខណៈចង្អៀត។​​

          លោកបានមានប្រសាសន៍បន្តថា នៅទីតាំងថ្មី យើងកំពុងតែរៀបចំឲ្យមានសួនកសិកម្មគំរូ ដោយមានស្រះ មានវាលស្រែ ដែលនឹងអាចឲ្យយុវសិស្សអាចដកស្រង់​បទពិសោធន៍ជាក់ស្តែង​លើមុខជំនាញ បន្ទាប់ពីគេចំណាយពេល​ សិក្សាឯកទេសដែលពួកគេជ្រើសរើស ប្រមាណ​ជា​២២ម៉ោង​និង១០ម៉ោង​ លើមុខវិជ្ជាចំណេះទូទៅ។

          នៅក្នុងបរិវេណសាលា ដែលទើបតែកំពុងសាងសង់នេះនឹងមាន ដូចជាកសិដ្ឋានគំរូ​សម្រាប់​​ចិញ្ចឹមសត្វ ដាំដំណាំនិងបន្លែ ធ្វើស្រែ មានស្រះចិញ្ចឹមត្រីជាដើម ហើយនិង​មាន​ភោជនីយដ្ឋាន និងបន្ទប់ស្នាក់នៅគំរូសម្រាប់​ជំនាញទេសចរណ៍ ក្រៅពីនោះគឺមានបន្ទប់ស្នាក់​របស់សិស្សទាំងពីរភេទដាច់ពីគ្នា សាលសហស្វ័យសិក្សា  បន្ទប់ទឹក អាគារសិក្សា...។ល។​

          លោកអភិបាលបានបន្តថា សាលានេះគឺសាង​សង់ឡើងនៅទីតាំងមួយនៅកណ្តាល​វិទ្យា​ល័យ​រដ្ឋមួយចំនួន​នៅក្នុងស្រុកត្រាំកក់នេះ និងជាប់វិទ្យាស្ថានសន្តប៉ូល ដើម្បីផ្តល់ការងាយស្រួល​នៅ​ក្នុង​ការស្វែងរកគ្រួល្អៗ​​និងមានសមត្ថភាព និងមានភាពងាយស្រូលដល់សិស្ស​នៅក្នុង​សហគមន៍ ។​

          លោកអូលីវីយេបានបញ្ជាក់ថា “សព្វថ្ងៃវិទ្យាល័យឯកទេសសន្តហ្វ្រង់ស័្វរ គឺជាវិទ្យាល័យ​ដ៏​លេចធ្លោរមួយ​នៅក្នុងចំណោមវិទ្យាល័យឯកទេសប្រាំនៅកម្ពុជា ហើយនៅពេលទីតាំងនិង​សំណង់​សាលា​ថ្មី​​សាងសង់រួចនៅក្នុងពេលឆាប់ៗ​នេះ សាលាយើងនឹងកាន់តែលេចធ្លោរ” ។​

          គួររំលឹកថា សាលាវិទ្យាល័យឯកទេសនេះ ត្រូវបានបើកដំណើរការឡើងនៅក្នុងគោល​គំនិត​ជួយ​ដល់ការអប់រំលើជំនាញដ៏ពិតប្រាកដមួយ ដល់យុវជននិងយុវនារីកម្ពុជា ដែលពួកគេ​មានការលំបាកនៅក្នុ​ងការចាប់យកការអប់រំ នៅសាលាអប់រំចំណេះទូទៅ ប៉ុន្តែពូកគេមានគោល​បំណង​និងមានការប្តេជ្ញាចិត្តចាប់យកជំនាញពិតប្រាកដណាមួយ សម្រាប់ជំនាញអនាគត​របស់​ពួកគេ។​ ពួកគេអាចនឹងសម្រេចចិត្តចូលសិក្សាសាលាវិទ្យាល័យឯកទេស​នេះបាន ប្រសិនបើ​ពួក​គេ​ចាប់អារម្មណ៍ ហើយពូកគេត្រូវបញ្ចប់ការសិក្សានៅសាលាចំណេះទូទៅ ចាប់ពីថ្នាក់ទី៩ឡើង គឺត្រូវប្រលងជាប់សញ្ញាប័ត្រ មធ្យមសិក្សាកំរិតមួយ(ឌីប្លម)។​

          លោក អូលីវីយេ បានថ្លែងបញ្ជាក់ថា “សាលាវិទ្យាល័យឯកទេសសន្តហ្រ្វង់ស័្វរ​យើង​ដំណើរ​ការបានពីរឆ្នាំហើយ យើងមិនបានប្រឡងជ្រើសរើសទេ តែ យើងមានគណកម្មការ​សម្រាប់​សំភាសន៍រាល់យុវសិស្សដែលចាប់អារម្មណ៍ ចង់រៀនជំនាញ” ។​

          កន្លែងនោះ គឺជាទស្សនៈទាននៃការចូលរួមការអភិវឌ្ឈន៍ប្រកបដោយសុទិដ្ឋិនិយមមួយ សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់ ប៉ុន្តែគម្រោងការណ៍នេះមិនមែនមានតែប៉ុណ្ណឹងនោះទេ បន្ទាប់​ពី​គម្រោងនោះ យើងអាចចេញដំណើរបន្តពីទី​នោះ ប្រមាណជាជាង១៥គីឡូម៉ែត្រ តាមបណ្តោយ​ផ្លូវជាតិលេខ៣​ មកដល់ទីប្រជុំជនតូចមួយ ដែលអ្នកស្រុកគេហៅថា ផ្សារឫស្សីស្រុកស្ថិតនៅ​តាម​បណ្តោយផ្លូវជាតិ នៅក្នុងភូមិសាស្រ្តនៃភូមិឫស្សីស្រុក ឃុំញ៉េងញ៉ង ស្រុកត្រាំកក់ដដែល ជាពិសេស​នៅ​ក្លោងទ្វាវត្តអង្គមេត្រី ចូលទៅចម្ងាយប្រមាណជា​៤គីឡូម៉ែត្រ គឺមានចំណង់មួយ​ចំនួន​កំពុងតែមានការដ្ឋានសាងសង់មួយចំនួន ដូចជា អាគារសាលាមតេយ្យ អាគារសិល្បៈ ជាពិសេសគឺ មណ្ឌលសិប្បកម្មមួយ ដែល​ទីនោះអាចនឹងក្លាយមណ្ឌលទេសចរណ៍​មួយដ៏មាន​សក្តានុពល សម្រាប់អ្នកទេសចរទាំងឡាយណា​ ​ដែលធ្វើដំណើរពីភ្នំពេញទៅកំសាន្ត​នៅភូមិភាគ​និរតី​​នៅតាមរមណីដ្ឋានានា ដូចជានៅឋានសួគ៌បូកគោ រមណីដ្ឋានទឹកធ្លាក់ធម្មជាតិនានា នៅ​ភ្នំ​វល្លិ៍ ធម្មជាតិព្រមទាំងវប្បធម៌នៅខេត្តកំពត និងឆ្នេរកែប...។​ នៅមជ្ឈមណ្ឌលសិប្បកម្មនេះ គឺបាន​លេចចេញជារូបរាង​សឹងតែរួចរាល់ នៅតែបំពាក់សំភារៈ និង រៀបចំបន្តិចបន្តួចបន្ថែមប៉ុណ្ណោះ។ ដែល​ទីនោះ គឺមានសិប្បកម្មតម្បាញសូត្រ ហូល ក្រម៉ា កន្លែងកាត់ដេរ កន្លែងតាំងពិពណ៌ មានឆាកសម្តែងសិល្បៈ មានកន្លែងផលិតតែពីស្លឹកគ្រៃ ពីខ្ញី និងផ្កាម្លិះ កន្លែងស្កគ្រាប់ដូង ស្កគ្រាប់​ចេក ស្កគ្រាប់ម្នាស់ កន្លែងផលិតសាប៊ូ ភោជនីយដ្ឋាន និង ហាងលក់​ផលិតផលនានា​នៅក្នុងសហគមន៍​ដែលផលិតផលទាំងនេះគឺធម្មជាតិសុទ្ធសាធ ។

          លោក អូលីវីយេ បានមានប្រសាសន៍ថា កន្លែងនេះត្រូវបានរៀបចំឡើងគឺសម្រាប់ឲ្យភ្ញៀវ​​ទេសចរ​ដែលមកពីភ្នំពេញកាត់តាមផ្លូវនេះអាចមកលេង មកស្គាល់ផលិតផលធម្មជាតិ​របស់​ព្រះសហគមន៍​​កាតូលិករបស់យើង ហើយក៏អាច​នឹងក្លាយជាកន្លែងកម្មសិក្សាសម្រាប់យុវសិស្ស​នៅសាលាឯកទេស និងពីវិទ្យាស្ថានសន្តប៉ូលរបស់យើង ។​

          បន្ទាប់ពីចាកចេញពីទីនោះ ទីនោះភ្ញៀវទេសចរអាចនឹងបន្តដំណើរតាមបណ្តោយ​ផ្លូវជាតិ​លេខ​បី​​ទៅតាមរមណីដ្ឋានានានៅក្នុងខេត្តកំពត និងខេត្តកែប ប៉ុន្តែនៅក្នុងអនាគតដ៏ខ្លីខាងមុខ​នេះ សូមកុំភ្លេចបង្កើតកម្មវិធីទេសចររបស់អស់ លោកទៅរមណីដ្ឋានមួយ​នៅរមណីដ្ឋានធម្មជាតិ​ភ្នំវល្លិ៍។ នៅទីនោះភ្ញៀវទេសចរអាចនឹងចំណាយពេលមួយថ្ងៃ ចាប់ពីម៉ោង៨ព្រឹក ដល់ ម៉ោង ៤​រសៀល ដើម្បីដកស្រង់បទពិសោធន៍ និងរីករាយកំសាន្តជាមួយនឹងផ្ទាំងទស្សនីភាព ធម្មជាតិ និង ស្នាដៃរបស់មនុស្ស នៅលើផ្ទៃដីប្រមាណជា៧០ហិចតា។ បច្ចុប្បន្ននៅទីនោះ គឺមានសួន​បន្លែ​ធម្មជាតិ មានចំការពោត ចំការម្រេច ចម្ការស្វាយវង្វេងពូជ ចំការផ្លែស្រកានាគ ចំការម្រុំ កសិដ្ឋាន​ចិញ្ចឹមទា កសិដ្ឋាន​ចិញ្ចឹមពពែ កសិដ្ឋានចិញ្ចឹមគោ កសិដ្ឋានចិញ្ចឹមជ្រូក ...។

          លោក អូលីវីយេ  បានមានប្រសាសន៍ថា នៅទីនេះយើងកំពុងតែរៀបចំឲ្យក្លាយជាសួន​កសិកម្ម​និងទេសចរណ៍ធម្មជាតិមួយ សម្រាប់អ្នកទេសចរដែលចាប់អារម្មណ៍មកកំសាន្ត​នៅភូមិ​ភាគ​និរតី​ ឲ្យពួកគេអាចទទួលយកនូវបទ​ពិសោធន៍និងការកំសាន្តដ៏មានប្រយោជន៍មួយ ហើយ​ក៏ជា​កន្លែង​យើងរៀបចំធ្វើជាកន្លែងកម្មសិក្សាដកស្រង់បទពិសោធន៍ សម្រាប់យុវសិស្ស​និងយុវ​និស្សិត​នៅសាលាវិទ្យាល័យឯកទេស និងវិទ្យាស្ថាន​។ លោកបានថ្លែងទៀតថា នៅទីនេះអ្វីៗ​គឺ​ធម្មជាតិ​ទាំងអស់ សូម្បីតែការចិញ្ចឹមជ្រូក  ដោយយើងយកពោត យកផលិតផល​នៅទីនេះ​ធ្វើជា​ចំណី​របស់វាតែម្តង។​ លោកបានបន្តទៀតថា នៅថ្ងៃអនាគតខាងមុខ នៅទីនេះនឹងមាន​ភោជនី​ដ្ឋាន​ធម្មជាតិ​មួយដែល​លក់តែផលិតផលនៅក្នុងកសិដ្ឋានេះ ហើយនឹងមានកន្លែងមួយមើល​ទេស​ភាពចំការដំណាំ ជ្រលង​ភ្នំដ៏ស្រស់ស្អាត ទទួលខ្យល់បរិសុទ្ធ ថែមទៀតផង ។  

​        លោកអូលីវីយេ បញ្ជាក់ថា​ រាល់សកម្មភាព គម្រោងទាំងនេះគឺ ដើម្បីជួយ ប្រជាពលរដ្ឋក្នុង​សហគមន៍ជាពិសេសអ្នកក្រីក្រ តូចតាច​ អ្នកខ្វះលទ្ធភាព ឲ្យមានចំណេះដឹង ជំនាញពិតប្រាកដ មានការងារធ្វើ ដែលអាចចិញ្ចឹមជីវិតរបស់​គេបានដោយសមរម្យ ចូលរួមអភិវឌ្ឍន៍សង្គមកម្ពុជា​ឲ្យចម្រើនឡើងថែមទៀត។

០១ កញ្ញា ២០១៧

ភ្នំពេញថ្មី៖ កុមារចំនួន១៦០នាក់ មកពីមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង បានចូលរួមកម្មវិធីបោះជំរុំ​កុមារ ក្រោមប្រធានបទ “គ្រួសារនៃសុភមង្គល” ដែលធ្វើឡើងនៅព្រះវិហារសន្ត សិលា និងសន្ត​ប៉ូលភ្នំពេញថ្មី។  កម្មវិធីនេះ ប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ សីហា ដល់ថ្ងៃទី១ កញ្ញា ២០១៧ ដែលមានការដឹកនាំដោយលោកបូជាចារ្យ ទទួលបន្ទុកមណ្ឌលសកម្មភាំពភ្នំពេញ​ខាង​ត្បូង ដាមីញ៉ាំង ហ្វារនឺ។ គោបំណងនៃការបោះជំរុំនេះ គឺដើម្បីជួយឲ្យកុមារឈ្វេងយល់បន្ថែមអំពី​ការរស់នៅដោយមានទំនាក់ទំនងល្អនៅក្នុងគ្រួសារ តាមរយៈការណែនាំអំពីរបៀបនៃការរស់​នៅ​ប្រចាំថ្ងៃ សកម្មភាពគូគំនូរ និងល្បែងកំសាន្តនានាដែលបង្កប់ដោយការអប់រំ។

          តាម​ប្រសាសន៍ លោកដាមីញាំង បានឲ្យដឹងថា  ព្រះសហគមន៍បានជ្រើសរើស​ប្រធាន​បទ​ក្នុងឆ្នាំនេះ “គ្រួសារនៃសុភមង្គល”  ពិតជាមានសារៈសំខាន់ណាស់។ លោកថា ក្រុមគ្រួសារ គឺជាកត្តាដ៏សំខាន់សម្រាប់សង្គម សម្រាប់ព្រះសហគមន៍ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា។
 លោក​បូជាចារ្យបន្តថា យើងចាប់អារម្មណ៍អំពីកុមារទាំងនេះដោយសារ ពួកគេពូកែចាំ ដែលជា​ហេតុដែលព្រះសហគមន៍ចង់បង្រៀនឲ្យពួកគេ យល់អំពីទំនាក់ទំនងដ៏ល្អ និងតម្លៃនៅក្នុង​គ្រួសារ។ តែលោកបានបង្ហាញនូវការសោកស្តាយបន្តិចថា  ប្រសិនបើឪពុកម្តាយបាននៅ​នោះរឹត​តែល្អ ដើម្បីឲ្យពួកគេយល់ពីសារៈសំខាន់នៃទំនាក់ទំនងនៅក្នុងក្រុមគ្រួសារកាន់តែខ្លាំង។ លោក​បូជាចារ្យបានរៀបរាប់បញ្ជាក់ទៀតថា ព្រះសហគមន៍តែងតែយកចិត្តទុកដាក់ជាមួយកុមារ និងធ្វើ​កម្មវិធីបោះជំរំ ដូចព្រះយេស៊ូមានព្រះបន្ទូលថា “ចូរឲ្យក្មេងៗមករកខ្ញុំចុះ” ហើយព្រះរាជ្យនៃ​ស្ថាន​បរម​សុខគឺសម្រាប់អ្នកដែលមានចិត្តដូចក្មេងៗ មានន័យថាសម្រាប់អ្នកដែលមានចិត្តទូលាយ ចិត្តសមញ្ញ និងបរិសុទ្ធដូចក្មេង។

          រីឯលោក វ៉ាន់ ដឹវិន ជាអ្នកសម្របសម្រួលកម្មវិធី បានមានប្រសាសន៍ថា៖ ប៉ុន្មានថ្ងៃនេះ​លោក​សង្កេតឃើញថាការបោះជំរំនៅក្នុងឆ្នាំនេះពិតជាមានអត្ថន័យ ដោយបានជួយឲ្យកុមារ បាន​ស្គាល់គ្នា ចេះមានទំនាក់ទំនងល្អ និងចូលរួមជាមួយគ្នាយ៉ាងសកម្ម ចេះគោរពគ្នា​ទៅវិញ​ទៅមក​ដោយមិនប្រកាន់ពូជសាន៍ និងសាសនានោះឡើយ។ ជាពិសេសប៉ុន្មានថ្ងៃនេះ​លោកបាន​ឃើញពួកគេចូលរួមអធិដ្ឋានយ៉ាងសកម្ម។ លោកថានេះជាវិធីណែនាំឲ្យពួកគេមានរបៀបរស់នៅ​ក្នុងគ្រួសារ និងក្នុងសង្គមឲ្យបានល្អ។

          កុមារដែលមកចូលរួមកម្មវិធីបោះជំរំនេះ មកពីបឹងទំពន់ ៥០នាក់ បឹងត្របែក៥០នាក់ តួតាំង​និងកោះនរាហ៍៦០នាក់។

ដោយដាលីស

៣១ សីហា ២០១៧

តាកែវ៖ ក្រុមសង្គហៈ ព្រះសហគមន៍ព្រះត្រៃឯកគីរីវង់ ជួយជួសជុលតំបូលផ្ទះជូនគ្រួសារក្រីក្រ នៅក្នុងភូមិអណ្តូងធំ ឃុំគោគព្រិច ស្រុកគីរីវង់ ខេត្តតាកែវ ក្នុងមណ្ឌលសកម្មភាពតាកែវ។ សកម្មភាពនៃការជួសជុលដំបូលផ្ទះនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ដោយមានការចូលរួមពី ក្រុមសង្គហៈរបស់ព្រះសហគមន៍ព្រះត្រៃឯកគីរីវង់ផ្ទាល់ សហការ​ជា​មួយ​អ្នកភូមិមួយចំនួនទៀត។

          បើតាមប្រសាសន៍របស់លោក អ៊ូ ចយ ប្រធានក្រុមប្រឹក្សា ព្រះសហគមន៍ព្រះត្រៃឯក​គីរីវង់​បានឲ្យដឹងថា៖ ក្រោយពីទទួលបានដំណឹងពីក្រុមយុវជនព្រះសហគមន៍ថា មានគ្រួសារ​តាយាយក្រីក្រនៅក្នុងភូមិខាងលើ កំពង់តែជួយនៅការលំបាក់ជាខ្លាំងនៅក្នុងការរស់នៅ​ប្រចាំ​ថ្ងៃ គ្មានកូនចៅ រស់នៅក្នុងផ្ទះតូចមួយ តំបូលប្រក់មេឃ ពេលមានភ្លៀងម្តងៗ​រកកន្លែង​សម្រាក​មិនគ្មាន។ លោកចយបន្តថា គណៈកម្មការសង្គហៈព្រះសហគមន៍កាតូលិកគីរីវង់ រួម​ជា​មួយលោកបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍ បានជួបជុំគ្នា ពិភាក្សារដើម្បីរកដំណោះ​ស្រាយ​ជួយ​គ្រួសារនោះ។ បន្ទាប់ពីរជួយពិភាក្សារគ្នារួមមក ព្រះសហគមន៍យើងបានសំរេច​ជួយ​ជួស​ជុលតំបូលផ្ទះជូនពួកគាត់ ដើម្បីជួយសំរួលការលំបាកនេះ។ ប្រធានក្រុមប្រឹក្សា​ព្រះសហគមន៍​កាតូលិករូបនេះបានបន្តថា ជារៀងរាល់ខែ ព្រះសហគមន៍កាតូលិកគីរីវង់ តែង​តែ​មាន​សកម្មភាពមនុស្សធម៌ជាច្រើននៅក្នុងភូមិជិតឆ្ងាយនៅក្នុងតំបន់​ នេះក្នុងគោលដៅ​បង្ហាញ​វត្តមានរបស់ព្រះជាម្ចាស់ទៅដល់មនុស្សទូទៅ ដោយមិនប្រកាន់ជាតិសាសន៍ ឬ​សាសនា​នោះឡើយ។ លោកបន្តថា តាមគំរោងការណ៍ក្នុងមួយខែៗ ក្រុមសង្គហៈ​ព្រះសហគមន៍​យើង ត្រូវជួយគ្រួសារក្រីក្រចំនួន៥គ្រួសារដែលជួបការលំបាក់។ ព្រះសហ-គមន៍​នេះមានសកម្មភាពជាក់ស្តែង ដែលកំពុងតែធ្វើនាពេលសព្វថ្ងៃនេះគឺ ការចុះទៅសួរសុខ​ទុក្ខ​ប្រជាជនក្នុងភូមិ សួរសុខទុក្ខអ្នកជំងឺ ចាស់ជរា និងកុមារកំព្រា ជួយសង់ផ្ទះ ជួសជុល​សាលារៀន ធ្វើផ្លូវ ធ្វើស្ពាន ធ្វើអណ្តូងទឹក និងជួយកសាងសាលារៀនជាច្រើនកន្លែង ផ្តល់ការ​ឧបត្ថមកូនអ្នកក្រីក្រឲ្យទទួលបានការសិក្សាជាច្រើននាក់ ចាប់ពីថ្នាកមត្តេយ្យសិក្សា រហូតដល់​ថ្នាក់​ឧត្តមសិក្សា។

          លោក អ៊ូ ចយ បញ្ជាក់ថា យើងជាគ្រីស្តបរិស័ទ ជាតំណាងរបស់ព្រះជាម្ចាស់ត្រូវតែ​ចាប់អារម្មណ៍ទៅលើការលំបាក និងសេចក្តីត្រូវការរបស់អ្នកដទៃ ព្រមទាំងព្យាយាមរក​ដំណោះ​ស្រាយ និងជួយបងប្អូនទាំងនោះឲ្យអស់ពីចិត្ត ព្រោះសេចក្តីស្រលាញ់ ដែលយើង​ជាគ្រីស្តបរិស័ទបានទទួល គឺជាសេចក្តីស្រលាញ់ដ៏ធំធេងមកពីព្រះអង្គរ ដោយមិនចេះរីងស្ងួត​ ហើយអ្នកដទៃក៏ទទួលបានការស្រលាញ់នេះដូចគ្នាដែរ។

          សូមបញ្ជាក់ដែរថា ព្រះសហគមន៍ព្រះត្រៃឯកគីរីវង់ ស្ថិតនៅក្នុងភូមិព្រៃជើង ឃុំគោគ​ព្រេច ស្រុកគីរីវង់ ខេត្តតាកែវ ជាព្រះសហគមន៍មួយក្នុងចំណោមព្រះសហគមន៍ទាំង៨ ក្នុង​មណ្ឌល​សកម្មភាពតាកែវ ក្នុងខេត្តតាកែវ។

២៧ សីហា ២០១៧

ប្រទេសថៃ៖ សន្និសិទ ASEACCU លើកទី២៥ ដែលមាន​រយៈ​ពេល១សប្តាហ៍ គឺចាប់ពីថ្ងៃទី២១ ខែ​សីហា ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ បានបញ្ចប់ទៅដោយជោគជ័យ ជាមួយ​នឹង​បរិយា​កាស​ដ៏សប្បាយរីករាយយ៉ាងក្រៃលែង បានធ្វើនៅសាកលវិទ្យាល័យ Assumption នៃប្រទេស​ថៃ។ សន្និសិទទាំងមូល គឺមានការអញ្ជើញចូលរួមពីសំណាក់ ស្ថាប័នសរុបទាំងអស់ចំនួន៤៧ ដែលបានចុះឈ្មោះជាផ្លូវការ ក្នុងនោះរួមមាននិស្សិតចំនួន៧៦នាក់ សាស្ត្រាចារ្យ បុគ្គលិក នាយក នាយករង ចំនួន៩៣នាក់ និង៣៥នាក់ផ្សេងទៀត បានចូលរួមក្នុងកិច្ចប្រជុំសម្រាប់ អ្នកទទួលខុសត្រូវអប់រំជីវិតនិស្សិត ក្នុងសាកលវិទ្យាល័យ។​ ក្នុងចំណោមអ្នកចូលរួមទាំងនោះ​ក៏មានការអញ្ជើញចូលរួមពីអ្នកតំណាងវិទ្យាស្ថានសន្តប៉ូល ដែលមាននិស្សិតចំនួន២រូប និង​នាយករង​នៃវិទ្យាស្ថាន២​រូបផងដែរ។ ក្រុមពិភាក្សាទាំងអស់ គឺផ្តោតសំខាន់និយាយអំពី​សាកល​វិទ្យាល័យកាតូលិកនិងការរួមបញ្ចូលគ្នានៃការអប់រំ។

២៧ សីហា ២០១៧

ខេត្តកណ្តាល៖ កុមារ​១០២នាក់​ ដែលមាន​អាយុប្រាំបួនឆ្នាំ ដល់​ដប់ប្រាំឆ្នាំ​មក​ពី​តំបន់​អរិយ៍ក្សត្រ តាស្គ ក្តីកណ្តាល និង​ពោធិ៍ធំ បាន​ចូល​រួម​ក្នុង​កម្មវិធី​បោះ​ជំរំកុមារ​នៅ​ព្រះ​វិហារសន្ត​សិលា ពោធិ៍ធំ ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បី​ឈ្វេងយល់​អំពី “​មិត្តភាព”​។

កម្មវិធី​នេះ​បានធ្វើឡើង​រយៈពេល​ប្រាំ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ ក្រោម​ការដឹកនាំដោយ​លោក​បូជាចារ្យ​ទទួល​បន្ទុក​​ព្រះសហគមន៍​ក្នុង​តំបន់​ទាំង​នោះ​ អាដ្រីយ៉ាន បេនីតេស ហ្គូស្តាវ៉ូ។

តាមប្រសាសន៍​ណែនាំរបស់​លោក​បូជាចារ្យ​​ចំពោះ​កុមារទាំង​អស់ នៅ​ក្នុង​ថ្ងៃទីពីរនៃ​កម្មវិធី​​នេះ​ថា ថ្ងៃនេះ​យើងបាន​រៀន​អំពី​សេចក្តី​ស្រឡាញ់ សាមគ្គីភាព និងសេចក្តី​ជាច្រើន​ទៀត​ដើម្បី​​ថែរក្សាមិត្តភាព​ និង​សូមអរព្រះគុណព្រះជាម្ចាស់​ ដែលកូនបាន​ទទួល​ការយល់ដឹងទាំងនេះ ព្រោះ​ពេលខ្លះ​យើង​មាន​ការ​បះទង្គិចគ្នា មានការស្អប់គ្នា។ លោក​ថា មាន​មិត្ត​ភាព គឺមាន​ន័យ​ថា​ត្រូវ​ចេះ​ស្រឡាញ់  លើកលែងទោស ថែរក្សា នៅជាមួយ មិនប្រកាន់វណ្ណៈ ឋានៈ ពូជសាសន៍ និង​ជួយគ្នាទៅវិញទៅមក ទាំងនេះ​​ដែល​ជា​មិត្ត​ភាព​ល្អ​ដូចព្រះយេស៊ូ ​ដែលជាមិត្ត​​ល្អ និង​ជាគំរូ​របស់​យើង​។​​

លោកហ្គូស្តាវ៉ូ​ ក៏​បាន​ឲ្យ​ដឹង​ផងដែរថា កុមារ​ទាំងអស់​ក៏​ត្រូវការ​មិត្ត​ដែលជាជីវិត​របស់​មនុស្ស​​ ហេតុនេះ​ទើបព្រះសហគមន៍​ចង់ឲ្យ​កុមារទាំងនោះ​រិះ​គិត​អំពី​សារៈ​សំខាន់​នៃ​មិត្ត​ភាព ដោយមាន​ការរិះគិតជាក្រុម​ និ​ងចែករំលែកអំពី​អត្ថន័យ​នៃ​មិត្ត​ភាព​ ។ លោក​បន្តរថា​រយៈ​ពេល​ពីរថ្ងៃមក​នេះ​ពួកគេបាន​យល់​អំពី​មិត្តភាព ដែលជា​កត្តាមួយ​ដែល​ផ្តល់​ឲ្យ​អត្ថន័យ​នៃ​​ជីវិត​របស់​យើង​មាន​តម្លៃ​ គឺ​មានន័យថា​យើង​មិនឯកោ​តែឯងនោះទេ តែយើង​នៅមាន​អ្នក​ដែល​អាច​ទុកចិត្តបាន។

លោកបាន​បញ្ជាក់​ថាតាមរយៈ​មិត្តភាព​នេះ​ គឺ​អាច​ជួយ​ឲ្យ​យើង​អាច​ប្រកាស​ដំណឹង​បាន​ ដូចជាក្រុម​គ្រីស្ត​ទូត​នៅក្នុង​ព្រះគម្ពីរគឺ​ជាមានមិត្តភាព​រវាងគ្នានិង​គ្នា។ លោក​ថា​តាមរយៈ​មិត្តភាពនេះ​ជាមិត្ត​ភាពល្អ​គឺ​មកពី​ព្រះជាម្ចាស់​ដែល​ណែនាំ​ឲ្យ​យើង​ធ្វើជាមិត្តល្អ អាចជួយ​ផ្តល់​កម្លាំង​ឲ្យគ្នាទៅវិញទៅមក ដែលជាសាក្ខីភាព​របស់​យើងជាគ្រីស្តបរិស័ទ​ក្នុង​ការបង្ហាញ​សេចក្តី​ស្រឡាញ់​​របស់​យើង​ចំពោះអ្នកដទៃ។​ លោកថា តាំងពីម្សិល​ឃើញ​កុមារ​សប្បាយចិត្ត​ និង​ចូលរួម​ក្នុង​ការរិះគិត​ ដែលជា​ប្រយោជន៍​សម្រាប់​ប្អូនៗ​ក្នុង​ការចែករំលែកសេចក្តីស្រឡាញ់​ជាលក្ខណៈមិត្តភាព​នេះ​បន្តទៀតនាពេលអនាគត។​

យុវជន​ ម៉ៅវាសនា ជាអ្នក​រៀបចំកម្មវិធីនេះ​បាន​និយាយថា ប្រធានបទនេះ​បាន​ចាក់ដោត​ក្នុង​បេះ​ដូង ព្រោះ​យុវជន​​ និងកុមារនៅតាម​តំបន់​ទាំង​នេះភាគច្រើន​មាន​ការ​រើស​អើង​​ពូជសាសន៍គ្នា។ ហេតុនេះ​ទោះ​គណៈកម្មការ​របស់​យើង​បាន​ជ្រើស​រើស​​ប្រធានបទ​មិត្ត​ភាព​​​នេះ​ឡើង ដើម្បី​ជួយ​បណ្តុះ​គំនិត​របស់កុមារឲ្យ​ចេះ​ចងក្រង និង​ថែរក្សា​​មិត្តភាព​​​។ វាសនា​បន្តថា ប្រធានបទនេះ​ នឹង​ជួយឲ្យ​កុមារ​មាន​ចិត្ត​ទូលាយ លះ​បង់​ចិត្ត​អាត្មា​និយម​របស់​ខ្លួន​ ព្រោះ​​មិត្តភាព​ធ្វើ​ឲ្យ​យើង​មិនរើសអើង ហើយ​មកស្រឡាញ់គ្នាវិញ​។ នេះ​ជាលើកទី​បួនហើយ​ ដែលព្រះសហគមន៍​នេះ​បាន​រៀបចំកម្មវិធី​បោះជំរំ​របៀបនេះ ហើយ​កុមារក្នុងតំបន់នេះ។​

ដោយដាលីស

  1 2 3 4 5 6 7 8 9 10  ...   

© Copyright 2013 Catholic Phnom Penh - All rights reserved.