គ្រីស្តបរិស័ទ១៨និកាយទទួលអាហារសាមគ្គីរួមគ្នា ដើម្បីមិត្តភាពនិងសុខដុមនីយកម្មអន្តរនិកាយ

រូបជុំគ្នានៅសណ្ឋាគារហ្គាឌែនស៊ីធីភ្នំពេញ - ២៧ កញ្ញា ២០១៧
 

រាជធានីភ្នំពេញ៖ ក្រុមប្រឹក្សានៃក្រុជំនុំ ក្រុមប្រឹក្សា​នៃព្រះវិហារ សហគមន៍គ្រីស្តបរិស័ទ ព្រះសហគមន៍កាតូលិក និង សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ត នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ចំនួន១៨ក្រុមបាន​មកជួបជុំ គ្នាទទួលអាហារសាមគ្គីរួមគ្នាដើម្បីមិត្តភាព និងសុខដុម​នីយកម្មអន្តរនិកាយ។ ពិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ​២០១៧ នៅសណ្ឋា​គារហ្គាឌែនស៊ីធីភ្នំពេញ ក្រោមអធិបតីរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ីម ឆែម រដ្ឋមន្ត្រី​ក្រសួង​​ធម្មការ និងសាសនា។

លោកអេដវើត ​ដោវ តំណាងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ត នៃពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ក្នុងនាមអ្នករៀបចំកម្មវិធី បានថ្លែងថា លោកសូមស្វាគមន៍​ បងប្អូនទាំងអស់ ដោយរីករាយ ដែលមកជួបជុំគ្នានៅថ្ងៃនេះ​ ។ លោកក៏អរគុណ ចំពោះការគាំទ្ររបស់​ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា លើកិច្ចការនានាដើម្បីសុខដុមរមនានៅកម្ពុជា។ លោកថា​គោលបំណងនៃការជួបជុំនៅថ្ងៃនេះគឺ ​ទទួលអាហាររួមគ្នាចែករំលែកសេចក្តី​ស្រឡាញ់ ស្គាល់គ្នាកាន់តែជិតស្និទ្ធ និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក។​

កិច្ចសន្ទនានានាជាអន្តរនិកាយ នៃគ្រីស្តបរិស័ទនៅកម្ពុជា តែងប្រារព្ធធ្វើឡើង​ក្នុងទម្រង់ផ្សេងៗគ្នា។​​ ក្នុងនោះ ក៏មានការជួបផ្ទាល់សំណេះសំណាល រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី​ ហ៊ីម ឆែម រដ្ឋមន្ត្រី ក្រសួង​ធម្មការ និងសាសនា បានលើកឡើងថា គ្រប់ព្រះនៃសាសនា ទាំងអស់សុទ្ធ​តែជួយឲ្យ​មនុស្សរស់នៅក្នុងសន្តិភាព សុខដុមនីយកម្ម នៅលើផែនដីនេះ។

ឯកឧត្តមបន្តថា នៅថ្ងៃនេះយើងជួបជុំគ្នានៅទីនេះមិនមែនត្រឹម​តែទទួល​ទាន​អាហារ​នោះទេ តែដើម្បីកសាង​សន្តិភាព សុខដុមនីយកម្ម តាមការប្រៀនប្រដៅរបស់ព្រះយេស៊ូ ជាព្រះរបស់បងប្អូន។ ​​ក្នុងលោកយើងនេះ មនុស្សអ្នក​ជឿ​ទាំងអស់​ស្រលាញ់សន្តិភាព​។​គ្មានអ្វីប្រសើរជាងសន្តិភាពទេ។ កម្ពុជាមានពិសោធន៍សង្គ្រាម យ៉ាងជូរចត់ហើយ។ គ្មានទេពេលវេលាជួបជុំគ្នាដូចថ្ងៃនេះ។​

ឯកឧត្តម ហ៊ីម ឆែម ក៏បានអធិដ្ឋានបួងសួង ដល់ព្រះយេស៊ូ សូមឲ្យយើងទាំង​អស់​គ្នា​​បាន​ពោរពេញដោយសន្តិភាព​។​ ចេះស្រលាញ់រាប់អានគ្នា និងរួមគ្នារក្សាសន្តិភាព និងសុខដុម​នីយកម្មនៅកម្ពុជា។​

ព័ត៌មានច្រើនទៀត
១៤ តុលា ២០១៧

រាជធានីភ្នំពេញ៖ “អ្នក​ណា​ស្តាប់​​ព្រះបន្ទូល​ហើយ​អនុវត្តតាម អ្នកនោះ​មានសុភមង្គលហើយ" នេះជា​​ប្រសាសន៍​របស់​លោក​អូលីវីយេ ក្នុងធម្មទេសនា ​អភិបូជា​បើក​ឆ្នាំ​សិក្សាថ្មីសាលាអប់រំ​ជំនឿ​​​​គ្រីស្ត​បរិស័ទ​សន្ត​ យ៉ូស្ទីន​ ឆ្នាំ​ទីពីរ ជំនាន់​ទី​៣ កាល​ពី​​ថ្ងៃទី​១៤ តុលា ២០១៨ នៅ​ព្រះ​វិហារ​​សន្ត សិលា និង​សន្ត ប៉ូល ភ្នំពេញថ្មី​​ ដោយមាន​និស្សិត និង​លោកបូជា​ចារ្យ​​ ដែលជា​សាស្ត្រាចារ្យ​តាមមុខវិជ្ជានានា​​ចូលរួម​ជា​ច្រើន​កុះករ។​

          ក្នុង​ឱកាសនេះផងដែរ លោក​អភិបាល បាន​ពន្យល់​ណែនាំ​គ្រីស្តបរិស័ទដែលជា​និស្សិត​ទាំងអស់​ ឲ្យ​យក​ចិត្ត​ទុក​ដាក់​ស្តាប់ និង​អនុវត្តតាមព្រះបន្ទូល​​របស់ព្រះជាម្ចាស់​នៅក្នុង​ជីវិត​រស់​នៅ​ប្រចាំថ្ងៃ​ ដោយលោក​បាន​លើក​ឡើង​នូវ​កម្មវិធី​សិក្សានានា​​របស់​សាលា​សន្ត​យ៉ូស្ទីន សុទ្ធ​តែជា​វិធី​ក្នុង​ការ​ស្តាប់ព្រះបន្ទូល​របស់ព្រះជាម្ចាស់​នៅក្នុងជីវិត​រស់​នៅ​ប្រចាំថ្ងៃ​ ដូចជា​សីលធម៌​ព្រះសហគមន៍​ ប្រវត្តិសាស្ត្រ អភិបូជាជារៀងរាល់ព្រឹក និងរបៀប​រស់នៅជាក្រុមជាដើម។ល។

          លោក​អូលីវីយេ បញ្ជាក់ទៀតថា ក្នុង​ឆ្នាំ​សិក្សាថ្មីនេះ ជាពេល​ដែលយើង​ត្រូវយកចិត្ត​ទុកដាក់ស្តាប់ព្រះបន្ទូល​​បន្ថែមទៀត​ដើម្បី៖ ១) ​ឲ្យ​ខ្លួនយើងម្នាក់ៗ និង​សាលា​របស់​យើង​មាន​ជីវិត​រីក​ចម្រើន​ថែមទៀត​ និងជាពិសេស​តាមរយៈទំនាក់ទំនង​របស់បងប្អូន។​ ២) ឲ្យ​អ្នក​ឯទៀតៗ​នៅជុំវិញ អាចស្តាប់​ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដែរ ជាពិសេស​តាមរយៈ​បណ្តាញ​សង្គមសម័យទំនើប។ ៣) យកចិត្តទុកដាក់​ចំពោះ​ក្រុមពន្លកថ្មី ដែលទើបតែទទួល​អគ្គសញ្ញាជ្រមុជទឹក និងជួយ​​ឲ្យយុវជន យុវនារី​យល់អំពីតម្លៃជីវិត​នៃការត្រាស់ហៅហើយ​​ក្លាហាន​ដើម្បី​ឆ្លើយតបចំពោះការត្រាស់ហៅនោះ។​

          កញ្ញា វ៉ាន់ នីឆៃអេង ជានិស្សិត​ឆ្នើម និង​ជាគ្រូអប់រំជំនឿនៃ​ព្រះវិហារ​សន្តសិលា និង​សន្តប៉ូល ភ្នំពេញថ្មី ​បាន​ឲ្យដឹងថា រយៈពេល​មួយ​ឆ្នាំ​កន្លង​ផុតទៅ សាលាអប់រំជំនឿ​គ្រីស្ត​បរិស័ទ សន្តយ៉ូស្ទីន​​ បានជួយ​ច្រើន​​ដើម្បី​ឲ្យ​ខ្ញុំយល់អំពី​គ្រីស្តសាសនាកាន់តែច្រើន ជាពិសេស​ជួយឲ្យ​ខ្ញុំ​មាន​គំនិត​ថ្មីៗ​ដើម្បី​អប់រំជំនឿ​ដល់​ក្មេងៗ។ ឆៃអេង បន្ថែមថា ក្នុង​ចំណោម​មុខវិជ្ជា​ទាំង​អស់គឺ​ចូលចិត្ត​មុខវិជ្ជា​ជីវិត​ខាង​ផ្លូវ​វិញ្ញាណ ដោយ​មុខវិជ្ជានេះ​ទាក់ទង​ខាងជីវិត​និង​ការរស់​នៅ​​ដែលជា​ទំនាក់​​​ទំនង​ជាមួយ​អ្នក​ដទៃ និង​ជាមួយ​ព្រះជាម្ចាស់​។

          សាលាអប់រំជំនឿគ្រីស្តបរិស័ទ សន្តយ៉ូស្ទីន បាន​បង្កើតឡើងនៅ​ចុង​ឆ្នាំ​២០១១ ដោយ​លោក​អភិបាល​អូលីវីយេ ជ្មីតអ៊ីស្ល៊ែរ ដោយ​មាន​មុខវិជ្ជា ព្រះគម្ពីរវិទ្យា ប្រវត្តិសាស្ត្រ​ព្រះសហគមន៍ ជីវិត​ខាងផ្លូវវិញ្ញាណ ទេវវិទ្យា គោលលិទ្ធិគ្រីស្តសាសនាតាមព្រះសហគមន៍​កាតូលិក សីលធម៌​ព្រះសគមន៍​កាតូលិក ព្រមទាំង​មានកម្មវិធីរិះគិតអំពីសង្គមតាមរយៈ​វាគ្មិន​នានា ជាពិសេស​សាលា​បាន​ផ្តល់ឱកាស​ឲ្យ​និស្សិត​បាន​ចុះកម្មសិក្សា ដើម្បី​ឈ្វេងយល់អំពី​ជីវិត​ព្រះសហគមន៍​នៅ​តាម​បណ្តាប្រទេសនានា​ជារៀងរាល់ឆ្នាំផងដែរ។ មើលរូបផ្សេងទៀត

          សរសេរ​ដោយ​ដាលីស

១១ តុលា ២០១៧

រាជធានីភ្នំពេញ៖ ទេវវិទ្យាល័យព្រះ​សហគមន៍កាតូលិក​កម្ពុជា នៅក្រុង​ភ្នំពេញ ទេវវិទ្យាល័យ​បាន​ប្រកាស​ទទួល​ បងប្រុស ប្រាក់​ ប៊ុនហុង និង​បងប្រុស វិន កាន់​ ជា​និស្សិត​ផ្លូវការនៅក្នុង​ថ្ងៃបើក​ឆ្នាំសិក្សាថ្មី​នេះ ដើម្បី​រៀន និង​ ​រិះគិត​អំពី​​ការ​ត្រាស់​ហៅ​របស់​ព្រះ​ជាម្ចាស់ជាបូជាចារ្យ​។

កម្មវិធី​នេះ​ធ្វើឡើង​ ក្រោម​អធិបតីភាព​របស់​លោក​អភិបាល​ព្រះ​សហគមន៍​កាតូលិក​ ភូមិ​ភាគ​ភ្នំពេញ អូលីវីយេ ជ្មីតអ៊ីស្ល៊ែរ លោក​អន់តូនី ស៊ូសៃរាជ្យ អភិបាល​នៃព្រះសហគមន៍​ភូមិភាគ​កំពង់ចាម​ និង​ជា​ប្រធាន​ទេវវិទ្យាល័យដោយ​មាន​​អ្នក​ចូលរួម​ជាច្រើននាក់​ នា​​ថ្ងៃទី​ ១១ តុលា ២០១៧​នេះ។

ក្នុង​ធម្មទេសនា​លោក​អភិបាលអន់តូនី​​ បាន​ចែករំលែក​នូវ​​បទពិសោធន៍​របស់លោក​ក្នង​នាមជា​អភិបាល​ព្រះ​សហគមន៍​ភូមិភាគកំពង់ចាម ព្រមទាំង​បានទទួល​ការលើក​ទឹកចិត្ត​ពី​​​សម្តេចប៉ាប​បេនេឌិកតូទី១៦ លោក​បង្ហាញថា ការលំបាក​របស់​យើងមាន​ឥទ្ធិពល​ច្រើន​មកលើជំនឿ និង​មាន​ការលំបាក​មិនអាចដោះស្រាយបញ្ហាផ្សេងៗ​បាន​ទាំងអស់​ក្តី​ តែត្រូវ​ទុកចិត្ត និង​ឲ្យ​ខិតខំព្យាយាមអធិដ្ឋានទោះបីជាមានការលំបាកក៏ដោយ សូមឲ្យ​យើង​ផ្ញើនូវ​រាល់​ទុក្ខ​លំបាក​ទាំងនោះ​ទៅព្រះជាម្ចាស់។

លោកអន់តូនី ក៏បានពន្យល់​អំពី អត្ថន័យ​នៃ​ធម៌ “ឱព្រះបិតា” ដែល​គ្រីស្ត​បរិស័ទ​​បានទទួលពីព្រះយេស៊ូ ដើម្បី​ឲ្យ​យើង​យក​ចិត្តទុកដាក់ទទួល​កម្លាំងពីព្រះជាម្ចាស់ និង​ឲ្យ​យើង​ចេះ​លើកលែងទោសឲ្យអ្នក​ដទៃផងដែរ។

លោក​បប់ ពីសេ ជា​នាយក​ទេវ​វិទ្យាល័យ​បាន​ស្នើ​សុំ​លោក​អភិបាល​ ដើម្បី​ទទួល​លោក​ ប្រាក់​ ប៊ុនហុង និងលោក វិន កាន់ជា​និស្សិត​ទេវវិទ្យាល័យជាផ្លូវការ ឬអាចហៅ​ថា​ជា​កូនសិស្ស​លោក​អភិបាល​ពេញ​សិទ្ធ។ លោក​បញ្ជាក់​ថា​បង​ប្រុស បាន​រៀន​នៅ​ទេវ​វិទ្យាល័យ​បី​ឆ្នាំ​កន្លង​មក​ គាត់​បាន​រិះ​គិត​អំពី​ការ​ត្រាស់​ហៅ​របស់​ព្រះ​ជាម្ចាស់​ និង​ត្រៀម​ខ្លួន​ចូល​ឆ្លើយ​តប​ទៅ​នឹង​ការ​ត្រាស់​ហៅ​នេះ​ដោយ​មាន​ទាំង​ចំណេះ​ដឹង​ និង​កាន់​អប្បកិរិយាមាយាទត្រឹមត្រូវ។ លោក​ក៏បាន​ស្នើឲ្យ​គ្រីស្តបរិស័ទ​ បន្ត​អធិដ្ឋាន សម្រាប់​និស្សិតទេវវិទ្យាល័យទាំងអស់។​

លោក​អូលីវីយេ​​ និង​ លោក​អន់តូនី បាន​ប្រកាស​សួរ​បេក្ខជន​ក្នុង​ការ​ស្ម័គ្រ​ចិត្ត ដើម្បី​ថ្វាយជីវិត​បម្រើព្រះសហគមន៍​ និង​ប្រជារាស្ត្រ​របស់ព្រះជាម្ចាស់​ ព្រោះតែ​ស្រឡាញ់​ព្រះយេស៊ូ​​ ដោយ​បន្ត​ទទួល​ការអប់រំ និង​ត្រៀមខ្លួន​ធ្វើជាបូជាចារ្យដើម្បី​បម្រើ​ភូមិភាគ​រៀងៗខ្លួន។​

បន្ទាប់​ពី​បេក្ខជនទាំងពីររូប បាន​ប្រកាស​យល់ព្រមស្ម័គ្រចិត្ត តាមការសាកសួរខាង​លើ លោកអភិបាលអូលីវីយេ និង​អលោកអភិបាល​អន់តូនី​ ​បានយល់ព្រមទទួល​បងប្រុស​ហុង និង​បងប្រុសកាន់​​ឲ្យ​ទៅជានិស្សិត​ផ្លូវការតាមប្រពៃណី​ព្រះសហគមន៍កាតូលិក ដោយ​មាន​លិខិតស្នាមត្រឹមត្រូវ។

បេក្ខជន វិន កាន់​ បានឲ្យ​ដឹង​អំពី​គោលបំណង​ និង​ការតស៊ូ​ដើម្បីទទួល​ការអប់រំ​ជា​បូជាចារ្យព្រោះ  ជីវិតជាលោកបូជាចារ្យគឺមានអំណរសប្បាយខ្លាំង មិនថាតាមលោកីយ៍ ឬ ខាងវិញ្ញាណនោះទេ ។ លើសពីនេះទៅទៀត​ បងប្រុសកាន់ ចាប់អារម្មណ៍ខ្លាំងអំពីបូជាចារ្យ ដែល​មានតួនាទីនាំសេចក្តីសុខសាន្ត  ព្រះពរ និង​ការសង្រ្គោះរបស់ព្រះយេស៊ូដល់មនុស្សឯទៀតៗ។  បងប្រុសថា បំណងជាបូជាចារ្យគឺ រស់នៅជាមួយព្រះយេស៊ូ  ត្រូវអធិដ្ឋាន​ ស្រឡាញ់កិច្ចការព្រះសហគមន៍ និងបំពេញតួនាទីរបស់ខ្លួនឲ្យបានគ្រប់គ្រាន់ ដែល​​ជាសញ្ញាដែលព្រះជាម្ចាស់កំពុងត្រាស់ហៅយើង។

ព្រះ​សហគមន៍​កាតូលិក ភូមិ​ភាគ​ភ្នំពេញ​បាន​ខិតខំ​រៀបចំ​ការអធិដ្ឋាន​សម្រាប់​ការ​ត្រាស់ហៅ​​​យុវជន​យុវនារី​ជា​រៀង​រាល់​ខែ។ ជាក់​ស្តែង​ការ​អធិដ្ឋាននេះ​បាន​ផ្តល់​នូវ​ផល​ផ្លែដោយ​មាន​យុវជនម្នាក់ថ្មី និង​និស្សិត​ចាស់​៨នាក់​ទៀតបាន​ស្ម័គចិត្ត​ចូល​ទេវវិទ្យាល័យ​ដើម្បី​រិះគិត​អំពី​ដំណើរ​ជីវិតជាបូជាចារ្យ ក្នុង​ឆឆ្នាំ២០១៧នេះ។ មើលរូបផ្សេងទៀត

សរសេរ​ដោយ​ ដាលីស

០៨ តុលា ២០១៧

រាជធានីភ្នំពេញ៖ នៅព្រះវិហារសន្តប៉ូល និងសន្តសិលា នៃមណ្ឌលសកម្មភាពភ្នំពេញថ្មី នាថ្ងៃ​អាទិត្យ ទី០៨ ខែតុលា ឆ្នាំ២០១៧នេះ គណៈកម្មការពលករ នៃព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញ បានរៀបចំកម្មវិធីមហោស្រពពលករមួយ ដែលទាក់ទងទៅនិងប្រធានបទ ពលកររួមគ្នាដើម្បីសិទ្ធិគ្រប់គ្រាន់ក្នុងការងារ។

          កម្មវិធីនេះ មានការចូលរួមជាកិត្តិយសពីសំណាក់លោកអភិបាល អូលីវីយេ និង​លោកបូជាចារ្យមួយចំនួន ដែលជួយនៅក្នុងគណៈកម្មការពលករ រួមនិងបងប្អូនកម្មករ កម្មការិនីប្រមាណជាង១០០នាក់។  កម្មវិធីនេះមានគោលបំណងជួបជុំជាមួយបងប្អូន​ជា​កម្មករ កម្មការិនី នៅតាមបណ្តារោងចក្រមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យពួកគេមាន​ឱកាស​កំសាន្តរួមគ្នា ចែករំលែកបទពិសោធន៍នៃជីវិតរស់នៅរបស់ពួកគេម្នាក់ៗ ដែលធ្លាប់​បានជួបប្រទះក្នុងជីវិតរស់នៅប្រចាំថ្ងៃ ។

          លោកអូលីវីយេ ជ្មីហស៊្លែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានមាន​ប្រសាសន៍​លើកទឹកចិត្តកម្មករ កម្មការិនី​ ដែលចូលរួមកម្មវិធីនាឱកាសនោះថា នេះជា​ឱកាស​មួយស្រាប់ព្រះសហគមន៍កាតូលិក ដើម្បីបង្ហាញពីការយកចិត្តទុកដាក់​សម្រាប់​កម្មករ ដែលសព្វថ្ងៃនេះនៅប្រទេសកម្ពុជាមានកម្មករប្រមាណជា៨០ម៊ឺននាក់។ បើទោះ​បីព្រះសហគមន៍កាតូលិកមិនមានសកម្មភាពច្រើនក្តី ប៉ុន្តែព្រះសហគមន៍បានរៀប​ចំ​​ឲ្យ​​មាន​​មណ្ឌលមួយ សម្រាប់ទទួលនិងជួយដល់កម្មករ កម្មការិនីខ្លះៗ ដែលធ្វើការតាម​រោងចក្រ។ យើងមានក្រុមចលនាយុវកម្មករគ្រីស្តបរិស័ទ ដើម្បីប្រមូលកម្មករ កម្មការិនី ដើម្បី​រិះគិតអំពីតម្លៃនៃជីវិត ដើម្បីរិះគិតអំពីអត្ថន័យនៃការងារ និងរិះគិតអំពីជីវិតនៃការ​រស់នៅ​ជាក្រុមជាដើម។

          លោកដឺហ្វុង យ៉ាន ជាអ្នកទទួលខុសត្រូវគណៈកម្មការពលករ នៃព្រះសហគមន៍​កាតូលិកភូមិភាគភ្នំពេញ បានឲ្យដឹងថា មហោស្រពពលករ គឺជារួមគ្នាររៀបចំឡើងដោយ​ក្រុម​កម្មករ ដែលភាគច្រើនពួកគេធ្វើការនៅតាមរោងចក្រ ។ ចំពោះប្រធាបទនាឆ្នាំនេះ​ គឺពួកគេបានជ្រើសរើសប្រធានបទ ពលកររួបរួមគ្នា ដើម្បីសិទ្ធិគ្រប់គ្រាន់នៅក្នុងការងារ ដែលប្រធានបទនេះ គឺចង់ផ្ញើសារទៅដល់ថ្នាក់ដឹកនាំរោងចក្រ គិតឲ្យបានវែងឆ្ងាយជាង​ហ្នឹងសម្រាប់អ្នកដទៃ គែសូមឲ្យថ្នាក់ដឹកនាំនៅតាមរោងចក្រនានា ត្រូវគោរពសិទ្ធិ​របស់ពួក​គាត់​ដែលជាកម្មករ។ ដូច្នេះហើយ កម្មករទាំងអស់ ពួកគាត់ទាមទារ និងចង់បានសិទ្ធិ​គ្រប់គ្រាន់​នៅក្នុងការងារទាំងនោះ។

          លោកឆោម សុធា អាយុ៣៣ឆ្នាំ ជាកម្មករនៅក្រុមហ៊ុនISI ក្នុងរាជធានីភ្នំពេញ ដែល​បាន​ចូលរួមកម្មវិធីនោះ បានចាប់អារម្មណ៍ថា កម្មវិធីជំនួបកម្មករ កម្មការិនី នាឱកាសនេះ គឺមានគោលបំណងជួយលើកទឹកចិត្តបងប្អូនកម្មករ ទាំងអស់ឲ្យមានការតស៊ូ និងចេះ​រួបរួម​គ្នា ដោយស្វែងយល់អំពីច្បាប់ការងារផ្សេងៗ និងចេះតស៊ូមតិ ដោយចេះទាមទារសិទ្ធិ​ការងាររបស់ខ្លួនដូចដែលមានចែងក្នុងច្បាប់ការងារ នៃព្រះរាជាណាចក្រកម្ពុជា​យើង។

          គួរបញ្ជាក់ថា គណៈកម្មការពលករ គឺជាគណៈកម្មការមួយ ដែលបានបង្កើត​ឡើង​ដោយព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ក្នុងគោលបំណង ជួយដល់បងប្អូនកម្មករ កម្មការិនី នៅតាមរោងចក្រមួយចំនួន ទាក់ទងទៅនិងសិទ្ធិការងារ ការរួបរួមគ្នា និងការ​តស៊ូមតិ ដើម្បីឲ្យមានការគោរពសិទ្ធិ និងគោរពច្បាប់ការងារជាដើម ។ 

          ការិយាល័យគណៈកម្មការពលករ ស្ថិតនៅផ្លូវរុងរឿង១ ភូមិទួលពង្រ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ម្តុំរោងចក្រដំបូលខៀវ ៕ មើលរូបផ្សេងទៀត

ដោយ ឡុង សម្ផស្ស

០៧ តុលា ២០១៧

រាជធានីភ្នំពេញ៖ គ្រីស្តបរិស័ទ ប្រមាណជាង ១០០០នាក់មកពីព្រះសហគមន៍នានា ទូទាំងប្រទេសកម្ពុជា ជាពិសេសគ្រីស្តបរិស័ទនៃ ព្រះសហគមន៍កាតូលិកសន្តយ៉ូសែបផ្សារតូច រាជធានីភ្នំពេញបានជួបជុំគ្នា ក្នុងពិធីបុណ្យអភិបូជាយ៉ាងឱឡារិក ដើម្បីអរព្រះគុណ និង​លើកតម្កើងព្រះជាម្ចាស់ សម្រាប់ខួប២៥ឆ្នាំនៃការកើតឡើងវិញរបស់ព្រះសហគមន៍នេះ។ ពិធីនេះប្រារពខួបធ្វើឡើង នៅទីតាំងព្រះសហគមន៍សន្តយូសែបផ្ទាល់ កាលពីរថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧កន្លងមក ក្រោមវត្តមានដ៍ខ្ពង់ខ្ពស់របស់លោកអភិបាល ព្រះសហគមន៍​កាតូលិក​ទាំង៣ភូមិភាគ។

          លោក រឿង ឆ័ត្រសិរី ជាបូជាចារ្យទទួលខុសត្រូវព្រះវិហារសន្តយ៉ូសែបផ្សារតូច និងមណ្ឌលសកម្មភាពភ្នំពេញខាងជើងនៃភូមិភាគភ្នំពេញ មានប្រសាសន៍ថា៖ ពិធីនេះឡើង​គឺជួយរំឭក គ្រីស្តបរិស័ទឲ្យនឹកឃើញព្រះសហគមន៍របស់ខ្លួន ដែលបានកើតឡើងវិញ ដោយ​ចេះចែករំលែកសកម្មភាពជាមួយគ្នា និងរួមចិត្តគំនិតគ្នាជាធ្លុងតែមួយ ដោយអរព្រះគុណ​ព្រះជាម្ចាស់ ដែលជួយក្នុងបង្កើតព្រះវិហារសន្តយ៉ូសែបនៃព្រះសហគមន៍ផ្សារតូចនៅ​ភ្នំពេញ​នេះ។ លោកបន្តថា៖ ដោយចាប់ផ្តើមមានជីវិតជាថ្មីក្រោយសង្គ្រាម និងរបបប្រល័យពូជ​សាសន៍​ប៉ុលពត។ ទាក់ទងនឹងប្រវត្តិព្រះសហគមន៍នេះ លោកបូជាចារ្យ រឿង ឆ័ត្រសិរី មាន​ប្រសាសន៍ថា៖ “បើយោងតាមឯកសារ យើងបានទទួលកម្មសិទ្ធិដី និងអាគារនៅទីនេះ​ឡើង​វិញ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ១៩៩២ គឺមានន័យថា ក្រោយពេលព្រះសហគមន៍ ត្រូវបានរដ្ឋ​អំណាចនៅសម័យនោះ ផ្តល់សិទ្ធិសេរីភាពក្នុងការគោរពបូជាតាមជំនឿរបស់ខ្លួនឡើងវិញ”។ ព្រះសហគមន៍កាតូលិកនៅកម្ពុជា ក៏ដូចជាប្រទេសជាតិទាំងមូលត្រូវបានបំផ្លាញដោយសារ​សង្គ្រាម​ស៊ីវិល ក្នុងរបបប្រល័យពូជសាសន៍។ អគារជាច្រើនដែលរួមមានព្រះវិហារ សាលា​រៀន អារាមអ្នកបួស មណ្ឌលស្នាក់នៅ ត្រូវបានកំទេចស្ទើរតែគ្មានសល់។ មិនតែប៉ុណ្ណោះ លោកអភិបាលព្រះសហគមន៍កាតូលិក អស់លោកបូជាចារ្យ និងគ្រីស្តបរិស័ទជាតិខ្មែរជាច្រើន​នាក់​ត្រូវបានស្លាប់ និងត្រូវបានគេសម្លាប់។ ក្រោយពីរបបខ្មៅងងឹតបានបញ្ចប់ទៅ គ្រីស្ត​បរិស័ទ​ដែលរស់រានមានជីវិតបានខិតខំប្រមូលគ្នាផ្តុំគ្នាបង្កើតព្រះសហគមន៍ឡើងវិញ។           តាមប្រវត្តិមុនសង្គ្រាមអគារព្រះវិហារនេះ គឺជាអតីតអនុទេវវិទ្យាល័យ អប់រំយុវជន ដែលស្វែងរកយល់អំពីជីវិតជាអ្នកបួស មុនពួកគេចូលទៅទេវវិទ្យាល័យ ក្រោយសង្គ្រាមអាគារ​ទាំងនេះត្រូវបានរដ្ឋាភិបាលប្រើប្រាស់ជាកន្លែងស្នាក់នៅ របស់សិស្សសាលាពេទ្យទាហាន។  ក្រោយទទួលបានការអនុញ្ញាត្តិពីរដ្ឋមកវិញ ព្រះវិហារនេះជាសេនាធិការដ្ឋាន នៃ​ព្រះសហគមន៍​កាតូលិកនៅកម្ពុជា។ មានសកម្មភាពជាច្រើន ដែលបានកើតចេញពីកន្លែងនេះ មានការរិះគិត កម្រោងការណ៍ ផែនការណ៍នានាក្នុងកសាងព្រះសហគមន៍នៅកម្ពុជា។

          ក្នុងធម្មទេសនា លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយេ ជ្មិតអីស៊្លែរ ក៏បាន រំលឹកគ្រឹស្តបរិស័ទអំពីសកម្មភាពជាច្រើន របស់ព្រសហគន៍សន្តយូសែបផ្សារតូច ដោយបានបង្កើត ដូចជាក្រុមយុវជន មណ្ឌលសុខភាព ក្រុមចំរៀង និងក្រុមគ្រួអប់រំជំនឿ​ជាដើម។ លោកបន្តថា៖ ក្នុងថ្ងៃនេះខ្ញុំសូមអរគុណយ៉ាងខ្លាំង ចំពោះវត្តមានលោកបូជាចារ្យ​មួយ​ចំនួន​ដែលបានធ្វើសកម្មភាពជាច្រើន ជួយឲ្យព្រះសហគមន៍នេះមានជីវិត្តយ៉ាងរស់រវើក ក្រោយរបបប្រល័យពូជសាសប៉ុលពតរហូតមកដល់បច្ចុប្បន្ននេះ។ ជាពិសេស វត្តមានលោក វីរៈជ័យ ដែលបានបំរើព្រះសហគមន៍ស្ទើរទាំងអស់ក្នុងប្រទេសកម្ពុជា។ លោកអភិបាល អូលីវីយេ បានបន្តទៀតថា នៅពេលនេះយើងបានជួបជុំគ្នាកោតសរសើ លើកតម្កើង​ព្រះជាម្ចាស់​យ៉ាងឪឡារឹក ដែលទ្រង់បានប្រទានគ្រប់សកម្មភាពរបស់ព្រះសហគមន៍ សន្ត​យ៉ូសែបផ្សារតូច រយៈពេល២៥ឆ្នាំកន្លងមកនេះ ដើម្បីប្រកាសដំណឹងល្អទៅមនុស្សទាំងអស់។ បងប្អូនជាទីស្រលាញ់ថ្ងៃនេះយើងរួមជាមួយសន្តយូសែប អរព្រះគុណព្រះជាម្ចាស់​សំរាប់​សេចក្តី​សុខសាន្តរបស់ព្រះសហគមន៍នៅក្នុងប្រទេសកម្ពុជាទាំងមូល។ លោកថា សព្វថ្ងៃ​នេះ​យើងមានព្រះសហគមន៍រច្រើនហូតដល់៩មណ្ឌលសកម្មភាព ដូចឆ្នេះហើយយើងជាគ្រីស្ត​បរិស័ទត្រូវរួមជាមួយសន្តយូសែប ដើម្បីបន្តប្រកាសដំណឹងល្អទៅមនុស្សទូទៅ​ឲ្យកាន់តែច្រើន​ឡើងៗ ក្នុងពេលនេះ និងពេលអនាគត់ ដោយមិនត្រឹមតែលឺសម្លេងខ្លាំងៗ ពីការច្រៀង​កោតសរសើ ការអធិដ្ឋាន។ យើងត្រូវបន្តសកម្មភាពឲ្យបានច្រើនជាងមុន ដូចជាក្រុមសង្ឃហៈ ក្រុមមេត្តាករុណ ចំពោះប្រជាជននៅក្នុងទីក្រុងភ្នំពេញទាំងមូល។

          អ្នកស្រី ឡេង សូនី គឺជាគ្រឹស្តបរិស័ទមួយរូប ក្នុងចំណោមគ្រឹស្តបរិស័ទ​ជាច្រើន​នៅ​ព្រះសហគមន៍ផ្សាតូចបានអោយដឹងថា អ្នកស្រីពិតជាសប្បាយចិត្តខ្លាំងណាស់ ដែល​ព្រះសហគមន៍នៅក្នុងប្រទេសកម្ពុជាបានសកម្មភាពឡើងវិញ ជាពិសេសព្រះសហគមន៍​ផ្សារតូចដែលបានប្រារពខួប២៥ឆ្នាំក្នុងថ្ងៃនេះ។ អ្នកស្រីបន្តថា យើងសង្កេតឃើញថាផលផ្លែ​ជាច្រើន​ដែលទទួលបាន ដូចជាចំនួនគ្រឹស្តបរិស័ទកើនឡើងជារៀងរាល់ឆ្នាំ សកម្មភាព​ដែលបង្ហាញពីសេចក្តីស្រលាញ់ជាច្រើននៅក្នុងសង្គម ព្រមជាមួយនិងសំណងអាគារថ្មី​ផងដែរ។ អ្នកស្រីបន្តទៀតថា៖ សកម្មភាពប្រកាស់ដំណឹងល្អរបស់ព្រះសហគមន៍នេះ បាន​ប្រម៉ែប្រមូលបងប្អូនគ្រឹស្តបរិស័ទដែលបោះបង់ព្រះវិហា អោយត្រឡប់មករួមរស់ជាមួយមហា​គ្រួសារយើងវិញ។ ដើម្បីរួមគ្នាលើកតម្កើងព្រះជាម្ចាស់ និងរួមគ្នាប្រកាសដំណឹងល្អ​អោយ​កាន់តែទូលំទូលាយ។

          សូមជម្រាបថា ព្រះសហគមន៍សន្តយូសែបផ្សារតូច មានអាស្ស័យដ្ឋានផ្ទះលេខ ១៧៨៨B ផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែរ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ព្រះសហគមន៍មានសកម្មភាពមកដល់ថ្ងៃនេះ ដោយមានវត្តមានលោកបូជាចារ្យចំនួន៥អង្គរគឺ លោកបូជាចារ្យ អេមីល ដេតម្ប ក្រោយមកជាអភិបាល លោកបូជាចារ្យ វីរៈជ័យ លោកបូជាចារ្យ បប់ ពិសេ លោកបូជាចារ្យ ប្រូណូ កូស៍ និងលោកបូជាចារ្យ រឿង ឆ័ត្រសិរី​នាពេលបច្ចុប្បន្ននេះ។ មើលរូបផ្សេងទៀត

          សរសេរ​ដោយ​ ឆាក លាំង

០៣ តុលា ២០១៧

រាជធានីភ្នំពេញ៖ ក្រុម​បព្វជិតា​បងស្រីព្រះមាលា បាន​បង្កើត​ឡើង​ក្នុងឆ្នាំ​១៨៣២ នៅ​ក្នុង​ប្រទេស​បារាំង​ត្រូវ​បាន​រំលាយ ក្នុង​ឆ្នាំ​២០១៧​នេះ។ បងស្រី​អាន ម៉ារីហ្គាលីស ជាអ្នកទទួល​ខុស​ត្រូ​វក្រុម​គ្រួសារ​បងស្រី​ព្រះមាលា ​នៅ​ប្រទេស​កម្ពុជា​មាន​ប្រសាសន៍​ថា “ដោយ​សារ​តែ​ក្រុម​យើង​មានតែ​មនុស្ស​ចាស់ៗ នៅ​បារាំង​អត់មាន​យុវនារី​ចង់​បួស​ក្នុងក្រុម​យើង ដូច្នេះ​ក្រសួង​បព្វ​ជិត-ជិតា​នៅ​ទីក្រុង​រ៉ូម​ស្នើ​សុំ​ឲ្យ​យើង​បញ្ចប់​សកម្មភាព”។ បងស្រី បានឲ្យ​ដឹង​ថា  ​សព្វ​ថ្ងៃ​នេះ នៅប្រទេស​បារាំង​មាន​សុទ្ធតែ​ដូន​ជី​ចាស់ៗ “ហើយ​អ្នក​ដែល​ក្មេង​ជាង​គេ​គឺ​ខ្ញុំ​និង​បងស្រី​ម្នាក់ទៀត។ ខ្ញុំ​មាន​​អាយុ​៦៩​ឆ្នាំ​ហើយ ក្រៅពីនោះ​គេ​ចាស់​ជាង​ខ្ញុំ​ច្រើន​ណាស់”។

          ក្រុម​គ្រួសារ​បងស្រី​ព្រះមាលា​ ​ ​បាន​បំពេញ​បេសកកម្ម​នៅ​ក្នុងទ្វីប​អាស៊ី និង​អាហ្រ្វិក។ ក្រុម​គ្រួសារ​នេះ មាន​វត្ត​មាន​នៅ​ប្រទស​កម្ពុជា ក្នុង​ឆ្នាំ​១៩៩៣ និងធ្លាប់​​មាន​បេសកកម្ម​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​នៅព្រំដែន ខ្មែរ ​ថៃ​ជា​ច្រើន​ឆ្នាំ គឺ​បងស្រី ហ្ស៊ីលបែត ម៉ាសុង​ជា​បេសកជន​​ដែល​មក​បំពេញ​កិច្ច​ការ​ងារ​មនុស្ស​ធម៌។​ 

 

          បងស្រី​អាន ម៉ារី បានរៀបបន្ត​ថា បេសកកម្ម​របស់​ក្រុម​គ្រួសារ​បងស្រី​ព្រះមាលា​នៅ​តាម​បណ្តាប្រទេស​នីមួយៗ ​គឺ​ធ្វើ​តាម​ជំនាញ​និង​សមត្ថភាព​របស់ខ្លួន​ដើម្បី​បម្រើ​ព្រះជាម្ចាស់ និង​ព្រះសហគមន៍​ក្នុងតំបន់។ កិច្ច​ការ​ទាំងនោះរួម​មាន អប់រំជំនឿ ធ្វើ​កិច្ច​ការងារ​ក្នុងព្រះសហគមន៍ ធ្វើកិច្ច​ការ​មនុស្ស​ធម៌​នៅ​ខាង​ក្រៅ ជួយ​ដល់​គ្រួសារ​ក្រីក្រ និង​កុមារ​ឲ្យ​ទទួល​បាន​ការសិក្សា​រៀន​សូត្រជាដើម។

          នៅ​ក្នុងប្រទេស​កម្ពុជា​​ក្រុម​បងស្រី​ព្រះមាលា​ មាន​សមាជិក​ចំនួន​៣​នាក់ គឺ​បងស្រី​អាន​ម៉ារី ហ្គាលីស, បងស្រី​ហ្ស៊ីលបែត ម៉ាសុង ដែលជាជនជាតិ​បារាំង និង​បងស្រី​ឃឹម សុខា ជាជន​ជាតិ​ខ្មែរដែលក្មេងខ្ចី។ បងស្រីអាន​ម៉ារី​មាន​ប្រសាសន៍ទៀត​ថា ពេល​លឺ​ដំណឹង​​រំលាយក្រុមនេះ គាត់មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ បងស្រី​អានម៉ារី​ ពោល​ទាំង​ក្រៀម​ក្រំ​ថា “ឈឹចាប់​មែន​ទែន ជាពិសេស​ចេញពី​សុខា ដូច​បោះ​ចោល​កូន​ សម្រាប់ខ្ញុំពិបាកៗ។ ប៉ុន្តែ​អ្វី​ដែល​យើង​កំពុង​អធិដ្ឋាន​រាល់ព្រឹក[ក្នុងអភិបូជា]​គឺ​អំពី​រឿង​​លោកអប្រាហំា។ ព្រះជាម្ចាស់​ត្រាស់ហៅ​គាត់​អាយុ​១០០​ឆ្នាំ គាត់​ឆ្លើយ​បាទ។ ឥឡូវនេះ​[ខ្ញុំ]ត្រូវ​និយាយ​ថា​"ចាស"។ អ្វី​ដែល​ខ្ញុំ​ដឹង​គឺ​ព្រះជាម្ចាស់​ស្រឡាញ់​ខ្ញុំ ព្រះជាម្ចាស់​ស្រឡាញ់​បងស្រី​សុខា”។

          បងស្រី​អានម៉ារី ហ្គាលីស​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ហើយ​កាល​ពី​ថ្ងៃទី​៣ តុលានេះ។​ រីឯ​បងស្រី​ហ្ស៊ីល​បែត​ ម៉ាសុង បច្ចុប្បន្ន​កំពុង​សម្រាកព្យាបាលជំងឺ​មហារីកនៅ​ក្នុងប្រទេសបារាំង។ បងស្រី​ឃឹម សុខា នឹង​ចាក​ចេញ​​ពី​ផ្ទះ​បងស្រី​ព្រះមាលា បន្តការ​ត្រាស់ហៅ​ក្នុងក្រុម​គ្រួសារ​បព្វជិតា​មក​ពី​កូរ៉េ​នៅ​ខេត្ត​ពោធិសាត់ ចាប់​ថ្ងៃទី​៤ តុលានេះ។

​          ពេល​ទៅ​ដល់​ប្រទេស​បារាំង​ បងស្រីអាន ម៉ារី​នឹង​ទទួល​បេសកកម្ម​ថ្មី​គឺ​មើល​ការ​ខុស​ត្រូវ​ក្រុម​គ្រួសាររបស់​បងស្រី​ព្រះមាលា​ដែល​មាន​ដូន​ជី​ចាស់ជរា និង​ខ្លះ​ៗ​កំពុង​មាន​ជំងឺ​។ បងស្រី ឲ្យ​ដឹងថា “ពេល[មុន]​ខ្ញុំ​​ទៅ​ផ្ទះ​បងស្រី​ចាស់​ ខ្ញុំ​រំភើប ព្រោះ​មាន​ខ្លះ​គេ​និយាយ​ អូយ!ឈឺនេះ ឈឺនោះ។ តែ​រាល់ថ្ងៃ​ខ្ញុំ​ថ្វាយ[ទៅព្រះជាម្ចាស់]​បងស្រីនៅ​ប្រទេសកម្ពុជានិង​ប្រទេស​អាហ្វ្រិក”។ បងស្រីប្រធាន​សង្កត់​ធ្ងន់ថា “មិន​មែន​និយាយ​ អូ!ឈឺ [តែ]ជីវិត​មានន័យ។ គេ​​អធិដ្ឋានៗ នេះ​ជា​អ្វីដែល​សំខាន់”។

          ក្នុងប្រទេស​កម្ពុជា​​ក្រុម​គ្រួសារ​បងស្រី​បាន​បង្កើត​អង្គការ​ពន្លក​ថ្មី គឺ​ជួយឧបត្ថម្ភ​​ដល់​គ្រួសារក្រីក្រ​ដើម្បី​ឲ្យ​កុមារ​ទទួល​បាន​ការ​សិក្សានៅ​តាម​សាលា​រដ្ឋ ជួយ​ដល់កិច្ចការងារ​របស់​ព្រះសហគមន៍​​ក្នុង​ភូមិភាគ​ភ្នំពេញ ជួយ​អប់រំជំនឿ និង​ធ្វើ​ការសហការ​ចង​ក្រង​សៀវភៅ​អប់រំ​ជំនឿ​សម្រាប់​អ្នក​ឈ្វេង​យល់ជំនឿ បង្កើត​កន្លែង​ស្នាក់នៅ​សម្រាប់​យុវនារី​ដើម្បីទទួល​បាន​ការ​សិក្សា​នៅ​វិទ្យាល័យ និង​សកលវិទ្យាល័យ។ ជាង២០ឆ្នាំនៅកម្ពុជា គ្រីស្តបរិស័ទ​ភាពច្រើន​បានស្គាល់ គឺបងស្រី ហ្ស៊ីប៊ែត ដែលបំពេញការងាររួមជាមួយលោកតា ប៉ុងសូរដ៍ នៅក្នុង​មណ្ឌល​អប់រំជំនឿកាតូលិកកម្ពុជា។

          ចំពោះ​អង្គការ​ពន្លក​ថ្មី​ បងស្រី​ឲ្យ​ដឹងថា អង្គការ​នេះ​នៅតែ​បន្ត​សកម្មភាព​របស់​ខ្លួន ព្រោះ​មាន​អ្នក​ទទួល​ខុស​ត្រូវ​ និង​បុគ្គលិក។ បងស្រី បន្ថែម​ថា មាន​មនុស្ស​ម្នាក់​គាត់​ជួយ​រក​ប្រាក់​ឧត្ថម្ភ​សម្រាប់អង្គការនេះ​ហើយ។ ចំណែក​បងស្រី​នឹង​បន្ត​ជួយ​តាម​សមត្ថភាព​របស់​គាត់​ ប្រសិន​បើ​អាច​ទៅរួច។ រីឯ​កន្លែង​ស្នាក់នៅ​សម្រាប់​យុវនារី នឹង​ត្រូវ​ផ្អាក​សកម្មភាព​ក្នុង​ឆ្នាំ​ក្រោយ។ រីឯកិច្ច​ការងារ​ផ្សេងៗ​​ទៀត​នឹង​ត្រូវ​បញ្ឈប់​ក្នុង​ឆ្នាំ​នេះ។

          បងស្រី ឃឹម​ សុខា ដែល​ទើប​នឹង​ថ្វាយពាក្យ​សច្ចា​បាន​ប្រមាណ​ជាង​២​ឆ្នាំ​ក្នុង​ក្រុម​គ្រួសារនេះ ត្រូវ​សម្រេច​ចិត្ត​ស្វែង​រក​ការ​ត្រាស់ហៅ​បន្ត​សម្រាប់ជីវិត​ជាអ្នកបួស​របស់គាត់។ បងស្រីមាន​ប្រសាសន៍​ថា “មាន​អារម្មណ៍​ថា ក្រុមនោះ​គឺជា​ផ្ទះ​របស់​ខ្ញុំ ខ្ញុំ​អត់ទាន់ដឹង​ច្បាស់ជា​ហេតុ​អ្វីខ្ញុំ​ទៅនៅដើម្បី​ខ្ញុំ​ឈ្វេង​យល់​ថា តើ​ព្រះជាម្ចាស់​ត្រាស់ហៅ​ខ្ញុំនៅទីនោះ​ឬអត់?”

បងស្រី​បន្ត​ថា "ខ្ញុំ​ត្រូវ​តែ​មាន​អំណរ​សប្បាយ និង​មាន​សេចក្តីសង្ឃឹម និង​ត្រូវ​តែ​ជឿ​ទុក​ចិត្ត​លើ​ព្រះជាម្ចាស់​ ទោះបី​ព្រះជាម្ចាស់​បាន​បិទ​ក្រុមនេះ​ក៏​ដោយ តែ​ព្រះអង្គ​មិន​បិទ​ការត្រាស់ហៅ​របស់ខ្ញុំ​ ដែល​ព្រះជាម្ចាស់​យកខ្ញុំទៅ​កន្លែង​ណាក៏ដោយគឺ​ខ្ញុំ​ឆ្លើយ​ចាស​និង​ធ្វើ​តាម​។ សូម​បងប្អូន​គ្រីស្តបរិស័ទទាំងអស់​អធិដ្ឋាន​សម្រាប់​ខ្ញុំ​”។

០១ តុលា ២០១៧

ក្រុងព្រះសីហនុ៖ "ជោគជ័យរបស់ខ្ញុំ" គឺជាប្រធានបទ សម្រាប់កម្មវិធីបោះជំរំ មេក្រុមកាយប្ញទ្ធិ​នៃព្រះសហគមន៍កាតូលិកភូមិភាគ​ភ្នំពេញ ដែលរៀបចំ​ដោយការិយាល័យ​យុវជន ជំទង់ និងកុមារ ភូមិភាគភ្នំពេញ។ កម្មវិធីបោះជំរំនេះបាន​ប្រព្រឹត្តទៅរយៈពេលបីថ្ងៃ​គឺពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ នៅព្រះសហគមន៍សន្តមីកាអែល​ក្រុងព្រះសីហនុ ដោយមានមេក្រុមកាយប្ញទ្ធិ​ចូលរួមប្រមាណជាង២០០នាក់។

          លោកបូជាចារ្យ អ៊ុន សុន ជាបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍​មណ្ឌល​សកម្មភាព​កំពង់សោម បានស្វាគមន៍មេក្រុមកាយប្ញទ្ធិទាំងអស់យ៉ាងកក់ក្តៅ និងបាន អរគុណមេក្រុមកាយប្ញទ្ធិដែលបានលះបង់ពេលវេលាខ្លួនឯង ដើម្បីជួយដល់កម្មវិធី​កាយ​ប្ញទ្ធិតាម​ព្រះសហគមន៍។ លោកថា  នេះជាអំណរសប្បាយសម្រាប់ព្រះសហគមន៍​​យើង ដែល​មានការិយាល័យយុវជន ជំទង់​ និងកុមារ ដើម្បីអប់រំណែនាំយុវជន និងមេក្រុមកាយ​ប្ញទ្ធិក្នុ​ង​ភូមិភាគភ្នំពេញ។

លោក ក៏បានលើកទឹកចិត្តពួកគេថា៖ “ជីវិតរបស់មនុស្សម្នាក់ៗ​ យើងមាន​ទំនាក់​ទំនង​​ជាមួយព្រះជាម្ចាស់ នេះ​ជាចំនុចមួយយ៉ាងសំខាន់ដែលចាប់ផ្តើម​ពីកូនង៉ែត​រហូតដល់​ស្លាប់។ ដូចគ្នា​នឹងប្អូនៗទាំងអស់ ដែលបានទទួលការត្រាស់ហៅឲ្យ​ធ្វើជាមេក្រុម​កាយប្ញទ្ធិ ដើម្បីបម្រើដល់កុមារផ្សេងៗនៅតាមព្រះសហគមន៍”។

នៅក្នុងធម្មទេសនានៃអភិបូជា​បិទកម្មវិធី​បោះជំរំមេក្រុមកាយប្ញទ្ធិ ​លោកបូជាចារ្យ អ៊ុន សុន បាន​ផ្តាំផ្ញើ​ដល់​មេក្រុមកាយប្ញទ្ធិទាំងអស់​​ថាត្រូវខិតខំអនុវត្ត ឲ្យបានច្រើនជាង​ទ្រឹស្តី។ លោកថា ៖“សូមឲ្យ​យើង​ទាំង​អស់គ្នា​ត្រូវពូកែធ្វើ ជាងពូកែ​និយាយ”។ លោកបន្តថា ៖ “ប្រសិន​បើ​គ្មានការ​អនុវត្តន៍គឺគ្មានផលផ្លែនោះទេ។ ​សូមកុំធ្វើ​នូវអ្វីៗដែលអ្នក​ដទៃធ្វើ​សម្រាប់​អ្នក​ ប៉ុន្តែចូរធ្វើ​អ្វីៗដែល​ព្រះជាម្ចាស់​ធ្វើ​សម្រាប់​អ្នក​។ មេក្រុមកាយប្ញទ្ធិទាំងអស់ ត្រូវ​តែយកចិត្តទុកដាក់លើកុមារ តាមរយៈកម្មវិធីកាយប្ញទ្ធិ”។

          លោក ស៊ាន់ សារឿន ជាអ្នកសម្រាបសម្រួលកម្មវិធីបោះជំរំ​កាយប្ញទ្ធិក្នុង​ភូមិភាគ​ភ្នំពេញ បានថ្លែងថា នេះជាពេលវេលាដែលមេក្រុមកាយប្ញទ្ធិ​ទាំង​អស់​ទទួលការអប់រំបន្ថែម និងទទួលប្រធានបទថ្មី ទៅអនុវត្តតាមព្រះសហគមន៍របស់ពួកគេ ព្រមទាំង បន្តជួយកុមារ​កាយប្ញទ្ធិដែលត្រូវការយើង ជាពិសេសកុមារ​ដែល​មិន​សូវ​មានអ្នកយកចិត្តទុកដាក់ កុមារ​ដែលគាត់ទំនេរ នៅថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ។

លោកសារឿន ក៏បានថ្លែងអំណរគុណដល់មេក្រុមកាយប្ញទ្ធិទាំងអស់ដែល​បាន​លះបង់ពេលវេលាផ្ទាល់ខ្លួន ដើម្បីជួយបង្ហាត់បង្រៀន ណែនាំដល់កុមារកាយប្ញទ្ធិទាំងអស់​ក្នុងភូមិភាគភ្នំពេញទាំង​មូល។

មេក្រុមកាយប្ញទ្ធិ ទាំងប្រាំបួនមណ្ឌលសកម្មភាពក្នុងភូមិភាគភ្នំពេញ​ បានថ្លែង​ស្រដៀង​គ្នាថា  រយៈពេលបីថ្ងៃនៃកម្មវិធីបោះជំរំមេក្រុមកាយប្ញទ្ធិនេះ  ពួកគេរៀនបានច្រើន​ទៅ​អំពី​ប្រធានបទ "ជោគជ័យរបស់ខ្ញុំ" ដោយបានទទួលនូវ​របៀប​ណែនាំកុមារ​កាយប្ញទ្ធិ​នៅ​តាម​កន្លែងនីមួយៗ ដើម្បីឲ្យកុមារទាំងអស់នោះមានអំណរ​សប្បាយ។

ម្យ៉ាងវិញទៀត ពួកគេ​​បានផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ដោយផ្តល់នូវអ្វី​ដែលគេមាន​ និងទទួល​យក​អ្វីដែលថ្មីៗសម្រាប់ការណែនាំ និងគ្រប់គ្រងក្រុមកាយប្ញទ្ធិ។

មេក្រុមទាំងអស់បានប្តេជ្ញាថា នឹងអនុវត្តតាមអ្វីដែលបានទទួលក្នុងកម្មវិធីនេះ ហើយ​ខិតខំ​ណែនាំកុមារ ព្រមទាំងធ្វើយ៉ាងណា ដើម្បីកម្មវិធីកាយប្ញទ្ធិ​នៅតាម​ព្រះសហគមន៍​រ​បស់ពួកគេ​មានការរីកចម្រើនជានិច្ច។

ពួកគេ ក៏មិនភ្លេច អរគុណដល់ការិយាល័យយុវជន ជំទង់ និងកុមារ ភូមិភាគភ្នំពេញ ដែលបានខិតខំបង្ហាត់បង្ហាញនូវរបៀបថ្មីៗ នូវមេរៀនថ្មី​ និងប្រធាន​បទថ្មីដល់ពួកគេផង​ដែរ​។​

កម្មវិធីកាយប្ញទ្ធិ សម្រាប់ព្រះសហគមន៍កាតូលិកភូមិភាគ​ភ្នំពេញ បានចាប់ផ្តើម​នៅព្រះសហគមន៍​សន្តីម៉ារីញញឹម​ចំការទៀង ខេត្តតាកែវ តាំងពី​ឆ្នាំ២០០៣ គឺដោយ​លោក​អភិបាលអូលីវីយេ កាលដែលលោក​នៅជាបូជាចារ្យ ទទួល​ខុស​ត្រូវ​ព្រះសហគមន៍​តំបន់​តាកែវ-កំពត មកម្ល៉េះ។ មើលរូបផ្សេងទៀត

២៧ កញ្ញា ២០១៧

រាជធានីភ្នំពេញ៖ ក្រុមប្រឹក្សានៃក្រុជំនុំ ក្រុមប្រឹក្សា​នៃព្រះវិហារ សហគមន៍គ្រីស្តបរិស័ទ ព្រះសហគមន៍កាតូលិក និង សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ត នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ចំនួន១៨ក្រុមបាន​មកជួបជុំ គ្នាទទួលអាហារសាមគ្គីរួមគ្នាដើម្បីមិត្តភាព និងសុខដុម​នីយកម្មអន្តរនិកាយ។ ពិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ​២០១៧ នៅសណ្ឋា​គារហ្គាឌែនស៊ីធីភ្នំពេញ ក្រោមអធិបតីរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ីម ឆែម រដ្ឋមន្ត្រី​ក្រសួង​​ធម្មការ និងសាសនា។

លោកអេដវើត ​ដោវ តំណាងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ត នៃពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ក្នុងនាមអ្នករៀបចំកម្មវិធី បានថ្លែងថា លោកសូមស្វាគមន៍​ បងប្អូនទាំងអស់ ដោយរីករាយ ដែលមកជួបជុំគ្នានៅថ្ងៃនេះ​ ។ លោកក៏អរគុណ ចំពោះការគាំទ្ររបស់​ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា លើកិច្ចការនានាដើម្បីសុខដុមរមនានៅកម្ពុជា។ លោកថា​គោលបំណងនៃការជួបជុំនៅថ្ងៃនេះគឺ ​ទទួលអាហាររួមគ្នាចែករំលែកសេចក្តី​ស្រឡាញ់ ស្គាល់គ្នាកាន់តែជិតស្និទ្ធ និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក។​

កិច្ចសន្ទនានានាជាអន្តរនិកាយ នៃគ្រីស្តបរិស័ទនៅកម្ពុជា តែងប្រារព្ធធ្វើឡើង​ក្នុងទម្រង់ផ្សេងៗគ្នា។​​ ក្នុងនោះ ក៏មានការជួបផ្ទាល់សំណេះសំណាល រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី​ ហ៊ីម ឆែម រដ្ឋមន្ត្រី ក្រសួង​ធម្មការ និងសាសនា បានលើកឡើងថា គ្រប់ព្រះនៃសាសនា ទាំងអស់សុទ្ធ​តែជួយឲ្យ​មនុស្សរស់នៅក្នុងសន្តិភាព សុខដុមនីយកម្ម នៅលើផែនដីនេះ។

ឯកឧត្តមបន្តថា នៅថ្ងៃនេះយើងជួបជុំគ្នានៅទីនេះមិនមែនត្រឹម​តែទទួល​ទាន​អាហារ​នោះទេ តែដើម្បីកសាង​សន្តិភាព សុខដុមនីយកម្ម តាមការប្រៀនប្រដៅរបស់ព្រះយេស៊ូ ជាព្រះរបស់បងប្អូន។ ​​ក្នុងលោកយើងនេះ មនុស្សអ្នក​ជឿ​ទាំងអស់​ស្រលាញ់សន្តិភាព​។​គ្មានអ្វីប្រសើរជាងសន្តិភាពទេ។ កម្ពុជាមានពិសោធន៍សង្គ្រាម យ៉ាងជូរចត់ហើយ។ គ្មានទេពេលវេលាជួបជុំគ្នាដូចថ្ងៃនេះ។​

ឯកឧត្តម ហ៊ីម ឆែម ក៏បានអធិដ្ឋានបួងសួង ដល់ព្រះយេស៊ូ សូមឲ្យយើងទាំង​អស់​គ្នា​​បាន​ពោរពេញដោយសន្តិភាព​។​ ចេះស្រលាញ់រាប់អានគ្នា និងរួមគ្នារក្សាសន្តិភាព និងសុខដុម​នីយកម្មនៅកម្ពុជា។​

២១ កញ្ញា ២០១៧

រាជធានីភ្នំពេញ៖ លោកអភិបាល អូលីវីយេ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងពេលលោកធ្វើជាអធិបតី​ក្នុងពិធីបុណ្យអភិបូជា នាឱកាសបុណ្យភ្ជុំ ព្រះវិហារសន្តយ៉ូសែបផ្សារតូច កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ ដោយមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។ បុណ្យ​ភ្ជុំ​បិណ្ឌ​ជាបុណ្យប្រពៃណីជាតិខ្មែរ ដែលមានតាំងពីយូរណាស់មកហើយ។ ព្រះសហគមន៍​កាតូលិក​នៅកម្ពុជាប្រារព្ធបុណ្យរួមជាមួយប្រជាពលរដ្ឋកម្ពុជា ដើម្បីនឹករឭកដល់មរណបុគ្គល​ទាំងឡាយ។ ព្រះសហគមន៍កាតូលិកសកលប្រារព្ធបុណ្យនឹករឭកដល់សន្តបុគ្គលនៅថ្ងែទី១ ខែវិច្ឆិការ តាមប្រតិទិនរបស់ខ្លួន។ តែព្រះសហគមន៍នៅកម្ពុជាបានទទួលការអនុញាតិ​ពី​សន្តអាសនៈ មានសិទ្ធិប្រារព្ធបុណ្យនេះនៅថ្ងៃបុណ្យភ្ជុំតែម្តង។

          នៅក្នុងធម្មទេសនា លោកអភិបាល បានណែនាំគ្រីស្តបរិស័ទដោយនឹករឭកដល់​បងប្អូន​ទាំងអស់​ដែលទទួលមរណភាព។ លោកថា ពេលមានមនុស្សស្លាប់ យើងនឹកឃើញ​ដល់ព្រះយេស៊ូដែលបានសោយទីវង្គត តែបីថ្ងៃក្រោយមកព្រះយេស៊ូមាន​ព្រះជន្មរស់ឡើង​វិញ​ដ៏រុងរឿង ដែលជាពេលមួយយើង នឹកដល់សេចក្តីស្លាប់ដែលជាដំណាក់កាលមួយនៅក្នុង​ជីវិតរបស់យើង មុននឹងទទួលជីវិតអស់កល្បជានិច្ច។

          លោកអភិបាលបញ្ជាក់​ថា ជីវិតរបស់យើងមិនមែនអស់កល្បជានិច្ចនៅផែនដីនេះទេ ដូច្នេះ ត្រូវត្រៀមខ្លួនជានិច្ចដើម្បី បង្ហាញខ្លួននៅមុខតុលាកាព្រះជាម្ចាស់ ហើយព្រះជាម្ចាស់​នឹង​ពិនិត្យមើលសេចក្តីស្រឡាញ់របស់យើងចំពោះមនុស្សទាំងអស់ គឺយើងត្រូវបង្ហាញអ្វីទាំង​អស់​ដែលយើងបានប្រព្រឹត្ត។ លើសពីនេះទៅទៀតលោកបានក្រើនរំឭក​គ្រីស្ត​បរិស័ទទាំង​អស់​ថា៖ ជីវិតរបស់យើងមិនទៀតទាត់ មិនដឹងថាស្លាប់នៅពេលណា? ដូច្នេះត្រូវប្រុងប្រៀប​ពន្លឺនៃជំនឿ ពន្លឺនៃក្តីសង្ឃឹម និងពន្លឺនៃធម៌មេត្តាករុណានៅក្នុងខ្លួន ដោយអធិដ្ឋានជានិច្ច ដើម្បី​ឲ្យ​ព្រះជាម្ចាស់ប្រទានជំនឿឲ្យរឹងមាំ ដូចមរណសាក្សីពីដើម។

          លោកអូលីវីយេ​បន្ថែមថា៖ ត្រូវមានក្តីសង្ឃឹមនឹងទទួលបានជីវិតអស់កលជានិច្ច ដែល​ជា​ជំនឿរបស់ព្រះសហគមន៍ និងបង្ហាញពីធម៌មេត្តាករុណាដោយយកចិត្តទុកដាក់​ចំពោះ​មនុស្ស​ឯទៀតៗដូចអ្នកម្តាយតេរេសា។
          ក្រោយពីអភិបូជាគ្រីស្តបរិស័ទទាំងអស់ រួមជាមួយលោកអភិបាល​បានទៅអធិដ្ឋាន​នៅ​មុខ​វិមានចេតិយ ដើម្បីឧទ្ទិសដល់មរណបុគ្គលទាំងឡាយ ដោយទូលសូមអង្វរ​ព្រះជាម្ចាស់​ឲ្យ​លើកលែងទោស និងទទួលពួកគេឲ្យនៅស្ថានបរមសុខរួមជាមួយព្រះអង្គ។

ដោយ ដាលីស

  1 2 3 4 5 6 7 8 9 10  ...   

© Copyright 2013 Catholic Phnom Penh - All rights reserved.