សម្ព័នអង្គការកាតូលិក ដើម្បីមេត្តាករុណានិងការអភិវឌ្ឍ ឈ្វេងយល់អំពីការការពារបរិស្ថាន ធម្មជាតិ

មណ្ឌលសកម្មភាពព្រះសហគមន៍កាតូលិកភ្នំពេញថ្មី - ១៥ មករា ២០១៨
 

 សម្ព័នអង្គការកាតូលិក ដើម្បីមេត្តាករុណានិងការអភិវឌ្ឍ ចំនួនជាង២០ ស្ថាប័ន បានជួបជុំក្នុងជំនួបប្រចាំឆ្នាំរបស់ខ្លួន នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨។ ការជួបជុំនេះ បានប្រព្រឹត្តទៅនៅមណ្ឌលសកម្មភាពព្រះសហគមន៍កាតូលិកភ្នំពេញថ្មី ក្រោមអធិបតីភាពលោកអូលីវីយេ ជ្មីតហស្ល៊េរ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងលោករ័ត្ន វីរៈ ទីប្រឹក្សានៃក្រសួងបរិស្ថាន។ កិច្ចប្រជុំនេះ បានរិះគិតលើប្រធានបទអំពីការការពារបរិស្ថាន “Laudato Si ” and the Journey to care for Enviroment ដោយមានការណែនាំដោយវាគ្មិន សំខាន់ៗមកក្រសួងបរិស្ថាន និងលោកបូជាចារ្យកាព្រីអែល មកពីក្រុមគ្រួសារសហជីវិនព្រះយេស៊ូ ។

 ជាកិច្ចស្វាគមន៍លោក អូលីវីយេ ជាអធិបតី បានមានប្រសាសន៍ស្វាគមន៍ ប្រកបដោយភាពកក់ក្តៅចំពោះវត្តមាន នៃតំណាងអង្គការទាំងអស់ដែលបានអញ្ជើញចូលរួម។ លោកថា នេះជាអំណរសប្បាយដែលជួបជុំគ្នា ប្រចាំឆ្នាំ។ ពេលជួបជុំគ្នាយើងតែងរិះគិតលើប្រធានបទមួយ ថ្ងៃនេះយើងរិះគិតអំពីធម្មជាតិ និងបរិស្ថាន។ លោកបន្តថា ព្រះសហគមន៍កំនត់យកឆ្នាំនេះ ជាឆ្នាំគ្រួសារ ពិតណាស់វាមានការទាក់ទងគ្នា។ គ្រួសារនិមួយៗរស់យ៉ាងជិតស្និទ្ធនឹងបរិស្ថានធម្មជាតិ ដែលជាព្រះអំណោយទានរបស់ព្រះជាម្ចាស់។ នាំឲ្យយើងនឹកឃើញព្រះជាម្ចាស់ ប្រទានឲ្យគ្រួសារដំបូង បង្កើតកូនចៅដូចហ្វូងផ្កាយនៅលើមេឃ និងទទួលខុសត្រូវទាំងស្រុងលើធម្មជាតិ និងបរិស្ថាន។ នាសព្វថ្ងៃនេះមាតាបិតាទាំងអស់មានតួនាទីអប់រំកូនចៅឲ្យស្រលាញ់បរិស្ថាន។ ក្នុងនោះដែរដោយមានវត្តមានមន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន លោកអភិបាលក៏បានថ្លែងអំណរគុណម្តងទៀត ដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថានបានប្រគល់វិហារដ៏ចំណាស់លើភ្នំបូកគោ ឲ្យមកព្រះសហគមន៍ដើម្បីថែរក្សា និងកាន់កាប់ទុកជាប្រយោជន៍ប្រតិបត្តិតាមជំនឿសាសនា។

 ក្នុងពេលនេះដែរលោកបូជាចារ្យ ការព្រីអែល មកពីក្រុមគ្រួសារសហជីវិនព្រះយេស៊ូ បានបង្ហាញចំនុចមួយចំនួននៅក្នុសារលិខិតរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ ដែលមានចំណងជើងថា “ សូមកោតសរសើរព្រះជាម្ចាស់របស់ខ្ញុំ” ដែលជាលិខិតដែលវែងជាងគេចំណោមលិខិតទាំងឡាយរបស់សម្តេចប៉ាប ដែលរិះគិតអំពីបរិស្ថានធម្មជាតិ។ លោកបូជាចារ្យបានលើកយកជំពូកទីមួយមកនិយាយ ដែលសម្តេចប៉ាបលើកឡើងថា “យើងមានបញ្ហា” គឺយើងមើលមិនឃើញអ្វីៗដែលបានកើតឡើងនៅជុំវិញពិភពលោកទាំងមូល។ ហើយសកម្មភាពតូចៗជាច្រើនអាចធ្វើឲ្យមានឥទ្ធិពលយ៉ាងខ្លាំង។ អ្នកដែលនឹងរងគ្រោះពីឥទ្ធិពលនេះមុនគេ និងខ្លាំងជាងគេគឺ អ្នកក្រីក្រជាងគេ។ ក្នុងលិខិតនេះដែរចំនុចដែលជាបញ្ហាគឺយើងទាំងអស់គ្នា មិនចេះប្រើកម្លាំង ឬបច្ចេកទេសដែលយើមាន ដោយយុត្តិធម៌ ប្រាជ្ញា និង មនសិការ ។ លោកបូជាចារ្យក៏បានលើកឡើងនូវគន្លឹះ ដែលយើងម្នាក់ៗតែយកចិត្តទុកដាក់ គឺ រុក្ខជាតិ សត្វ និងអ្វីៗទាំងអស់ព្រះជាម្ចាស់ជាអ្នកបង្កើត វាមានតម្លៃ និងឯករាជ្យភាពរបស់វា។ យើងទាំងអស់គ្នាត្រូវបានរួមបញ្ចូលយ៉ាងជិតស្និទ្ធជាមួយគ្នា។

 បញ្ហាសង្គម និង បរិស្ថានគឺជាបញ្ហាតែមួយ។ ហេតុនេះម្នាក់ៗអាចធ្វើបានចំពោះកិច្ចការរួម គឺ យកពេលខ្លះគយគន់សោភណ្ឌភាពនៅជុំវិញខ្លួន។ អ្វីៗដែលបង្រៀន និងរៀន ក្នុងក្រុមគ្រួសារ គឺមានសារៈសំខាន់សម្រាប់សង្គមរបស់យើង។ សកម្មភាពនៃការបង្ការ និងការពារបរិស្ថាន គឺជាការងារដ៏ថ្លៃថ្នូមួយ។ សូមពិនិត្យមើលវប្បធម៌ទំនើប មិនកុំឆាប់ទទួលអ្វី ដែលអ្នកមើលឃើញក្នុងសង្គមថាល្អ ១០០%។ សូមពិនិត្យមើលបែបផែននៃជីវិតរស់នៅផ្ទាល់ខ្លួន។ តើរបៀបដែលអ្នកធ្វើប៉ះពាល់ដល់បរិស្ថាន និងអ្នកដទៃឬទេ? ។

 អង្គប្រជុំក៏បានឈ្វេងយល់អំពីផែនការសកម្មភាពជាតិស្តីពីបរិស្ថាន ឆ្នាំ២០១៦­-២០២៣ ដែលមានគោលដៅយុទ្ធសាស្ត្រ ជំរុញការកែទម្រង់ស៊ីជម្រៅនិងការធ្វើទំនើបកម្មការគ្រប់គ្រង និងការអភិរក្សបរិស្ថាន និងធនធានធម្មជាតិតាមរយៈសកម្មភាព មានផែនការច្បាស់លាស់និងអនុវត្តបានត្រឹមត្រូវ ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពនិងផលិតភាពនៃការប្រើប្រាស់ធនធាន យន្តការហិរញ្ញប្បទាននិរន្តភាព និងកាត់បន្ថយកាកសំណល់ និងការបំពុល ព្រមទាំងធ្វើឲ្យប្រសើរឡើងនូវសុខមាលភាពប្រជាពលរដ្ឋ ។ ការបង្វែការគ្រប់គ្រង និង ផ្តល់ជូនដីសប្បទានសេដ្ឋកិច្ចទៅក្នុងសមត្ថកិច្ចរបស់ក្រសួងកសិកម្មក៏ជាផ្នែកមួយ នៃកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងបរិស្ថានដែរ ដើម្បីធ្វើឲ្យមានភាពច្បាសលាស់។ ក្រសួងបរិស្ថានគ្រប់គ្រងតែតំបន់ព្រៃអភិរក្ស និងឧទ្យានជាតិ ដែលសព្វថ្ងៃមានផ្ទៃដីប្រមាណជា ២លានហិតា។ ក្នុងស្មារតីនៃការ ពារ ថែរក្សាបរិស្ថាន ។ សិក្ខាកាមទាំងអស់មិនគ្រាន់តែអង្គុយស្តាប់ទទួលយកខ្លឹមសារនៃបទបង្ហាញជាទ្រឹស្តី គឺបានរួមគ្នាដាំដើមឈើរួមគ្នាផងដែរ ក្នុងបរិវេណនៃមណ្ឌលសកម្មភាពព្រះសហគមន៍កាតូលិកភ្នំពេញថ្មី នៃភូមិភាគភ្នំពេញ ក្នុងបរិយាកាសសប្បាយរីករាយនិងស្និទ្ធស្នាល។

 គួរបញ្ជាក់ថា សម្ព័នអង្គការកាតូលិក ដើម្បីមេត្តាករុណា និងការអភិវឌ្ឍ តែងតែជួបប្រជុំគ្នាជាប្រចាំ ចំនួន៣ដងក្នុងមួយឆ្នាំ ដើម្បីចែករំលែកអំណរសប្បាយ និងភាតរភាពរវាងគ្នានិងគ្នា។ ក្នុងអង្គប្រជុំនីមួយៗ តែងរិះគិតទៅលើប្រធានផ្សេងៗ ដែលស៊ីជម្រៅទៅនឹងបេសកកម្មរបស់ខ្លួនកំពុងបំពេញនៅក្នុងប្រទេសកម្ពុជា ៕

ព័ត៌មានច្រើនទៀត
១៨ មករា ២០១៨

 ព្រះសហគមន៍កាតូលិកនៅខេត្តព្រះសីហនុ ដែលមានលោកបូជាចារ្យអ៊ុន សុន ជាអ្នកទទួលខុសត្រូវ បានរៀបចំដំណើរ​សួរសុខទុក្ខបងប្អូនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែខេត្តព្រះសីហនុ នាព្រឹកថ្ងៃទៅ១៨ ខែមករា ឆ្នាំ២០១៨នេះ ដោយមានតំណាងសាសនាធំៗនៅក្នុងខេត្តព្រះសីហនុចូលរួមមានដូចជា ព្រះពុទ្ធសាសនាថេរវាទ ព្រះសហគមន៍​កាតូលិក ក្រុមជំនុំ ព្រះពុទ្ធសាសនាមហាយាន និងឥស្លាមសាសនា។

​ ពិធីនេះបានប្រព្រឹត្តក្រោមអធិបតីភាពរបស់លោក អូលីវីយេ ជ្មីតអីស្ល៊ែរអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ព្រះធម្មធម៌ចាន់ សុវណ្ណ មេគណខេត្តព្រះសីហនុ លោកឧត្តមអគារនុរក្សថ្នាក់លេខពីរ សំ សុផល ប្រធានមណ្ឌលអប់រំកែប្រែខេត្តព្រះសីហនុ។

​ ជាកិច្ចចាប់ផ្តើមកម្មវិធីលោក សំ សុផល ប្រធានមណ្ឌលអប់រំកែប្រែ ខេត្តបានមានមតិស្វាគមន៍គណៈប្រតិភូទាំងអស់យ៉ាងកក់ក្តៅ និងរាក់ទាក់ជាទីបំផុត។ លោកក៏បានអរគុណដល់ប្រតិភូសាសនាទាំងអស់ដែលបានយកចិត្តទុកដាក់ មកសួរសុខទុក្ខបងប្អូនជាប់ឃុំ តាំងពីឆ្នាំ២០១២មក។ ក្នុងពេលនោះលោកក៏បានរំលឹកដល់បងប្អូនជាប់ឃុំទាំងអស់ ឲ្យចិត្តទុកដាក់ស្តាប់ថេរដីកា និងប្រសាសន៍ប្រៀនប្រដៅនានារបស់មេដឹកនាំសាសនា។ យើងគ្មានអីតបស្នងសងគុណដល់ពួកគាត់មានតែស្តាប់ និងខិតខំកសាងខ្លួនឲ្យសើរឡើង កុំប្រព្រឹត្តបទល្មើសបន្ថែមទៀតក្នុងពន្ធនាគារ។  តាមប្រសាសន៍របស់លោកឧត្តមអគារនុរក្ស ជនជាប់ឃុំទាំងអស់មានចំនួនប្រមាណ ១០៥២នាក់  ក្នុងនោះស្ត្រីមានចំនួន ១០២នាក់។

 ព្រះសង្ឃ ចាន់ សុវណ្ណ មានសង្ឃដីកាថា សត្វលោកទាំងអស់សុទ្ធតែមានបំណងប្រាថ្នា សុច្ឆន្ទៈ ចង់មានសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្ត។ តាមព្រះឱវាតរបស់ព្រះសាម្មាសម្ពុទ្ធបាន​ប្រៀនប្រដៅ បើចង់បានសេចក្តីសុខត្រូវលះបង់សេចក្តីអាក្រក់ ដើម្បីទទួលបាននូវសេចក្តីសុខមកវិញ។ បុណ្យ មិនបានភ្លេចនូវម្ចាស់ដែលបានបំពេញទង្វើជាកុសលនោះឡើយ។ ចំពោះអំពើបាបក៏មិនបានបំភ្លេចនូវម្ចាស់ដែលបានប្រព្រឹត្តនូវអំពើបាប គឺបានទទួលបាននូវអ្វីដែល​ខ្លួនបានប្រព្រឹត្តដែរ។ លោកក៏បានពន្យល់អំពីអត្ថន័យនៃអភ័យទានផងដែរ ដែលជាប្រភពនៃសេចក្តីសុខ គឺការមិនលួច មិនសម្លាប់ មិនចងគំនុំគ្នាទៅវិញទៅមក។ ជាពិសេសលោកមានសង្ឃដីកាសង្កត់ធ្ងន់ថា៖ “មានព្រះនៅក្នុងចិត្ត គឺយើងមានសេចក្តីសុខហើយ”។

 ក្នុងពេលនោះដែរលោកអភិបាលព្រះសហគមន៍កាតូលិក អូលីវីយេ ជ្មីតអីស្ល៊ែរ មានប្រសាសន៍ទៅកាន់បងប្អូនជាប់ឃុំអំពីអ្វីជាសេចក្តីសុខ។ តាមមនុស្សជា ច្រើនបានគិតថា សេចក្តីសុខគឺកើតមានដោយសារមានលុយច្រើន។ តែលោកអភិបាលបានមានប្រសាសន៍ថា សេចក្តីសុខគឺមានបានដោយសារយើងមានសេចក្តីស្រឡាញ់។ លោកបន្តថា មានមនុស្សជាច្រើនបានឲ្យតម្លៃសេចក្តីសុខលើលុយ គឺមានលុយ មានសេចក្តីសុខ។ តែដើម្បីមានលុយត្រូវការ ធ្វើការច្រើន គ្មានពេលវេលាល្មមដើម្បីនៅជាមួយក្រុមគ្រួសារប៉ុន្មានទេ។ មានអ្វីផ្សេងទៀត ដោយដឹងថា មានគេស្រឡាញ់យើង មានគេយកចិត្តទុកដាក់នឹងយើង លើកទឹកចិត្តយើង គេស្តាប់យើង គេចាប់អារម្មណ៍លើយើង មានគេនឹកយើង។ លោកន្ថែមថា សេចក្តីសុខចេញពីសេរីភាព។ បងប្អូនមានសេរីភាពនៅទីនេះ  តែតាមរូបកាយបងប្អូនមានព្រំដែន ។ ប៉ុន្តែបងអាចកសាងសេរីភាពក្នុងខ្លួនម្នាក់ៗ តាមផ្លូវចិត្ត តើខ្ញុំរៀបចំខ្លួនដូចម្តេច នៅក្នុងមណ្ឌលអប់រំកែប្រែនេះ  ធ្វើជាមនុស្សល្អទៅៗ គឺយើងត្រូវជួយគ្នាទៅវិញទៅមក លើកទឹកចិត្តគ្នាទៅវិញទៅមក។ លោកអភិបាលបន្តថា ពេលនេះមានមេដឹកនាំសាសនាទាំងអស់មកជួបបងប្អូន ជាមហាគ្រួសារតែមួយ ចែកសេចក្តីស្រលាញ់ជាមួយបងប្អូន។ បងប្អូននៅទីនេះប្រហែលគិតថាឯកា គ្មាននរណារវីរវល់តទៅទៀត តែកុំភ្លេចយើងមានព្រះ។ តាមព្រះពុទ្ធសាសនា យើងមានព្រះធម៌។ គ្រីស្តសាសនា មានព្រះយេស៊ូដែលស្រលាញ់យើង ។ ឥស្លាមសាសនាមានអាឡោះដែលលើកទឹកចិត្តយើង មានព្រះជាម្ចាស់ដែលបានបង្កើតយើង ជាបុរស ជាស្ត្រីដើម្បីមានសេចក្តីសុខនៅក្នុងសេចក្តីស្រឡាញ់។ ទាំងនេះជាកម្លាំងពិសេសសម្រាប់យើង។ ពេលខ្លះមិនចេះនិយាយគ្នាសូមនិយាយទៅព្រះទៅ ដើម្បីលើកទឹកចិត្តយើង។

 បន្ទាប់ពីសំណេះសំណាលជាមួយបបងប្អូនជាប់ឃុំ ព្រះសង្ឃបានសូត្រធម៌បោះព្រំលើបងប្អូន ហើយតាមកាតូលិកលោកអភិបាល រួមនិងគ្រីស្តបរិស័ទទាំងអស់អធិដ្ឋាន និងបាចទឹកព្រះពរលើបងប្អូនផងដែរ។ ក្រោយមកក៏មានចែកអាហារជានិមិត្តរូបដល់បងប្អូន និងសម្ភារៈមួយចំនួនសម្រាប់កុមារដែលស្នាក់នៅជាមួយម្តាយដែលជាប់ឃុំ។

 ព្រះសហគមន៍កាតូលិក នៅប្រទេសកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចការ សន្ទនាជាអន្តរសាសនា ដើម្បីសុខដុមរមនីយ៍កម្មសាសនា និងសន្តិភាពក្នុងប្រទេស ក្នុងតំបន់ និងពិភពលោកទាំងមូល។

១៥ មករា ២០១៨

 សម្ព័នអង្គការកាតូលិក ដើម្បីមេត្តាករុណានិងការអភិវឌ្ឍ ចំនួនជាង២០ ស្ថាប័ន បានជួបជុំក្នុងជំនួបប្រចាំឆ្នាំរបស់ខ្លួន នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨។ ការជួបជុំនេះ បានប្រព្រឹត្តទៅនៅមណ្ឌលសកម្មភាពព្រះសហគមន៍កាតូលិកភ្នំពេញថ្មី ក្រោមអធិបតីភាពលោកអូលីវីយេ ជ្មីតហស្ល៊េរ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងលោករ័ត្ន វីរៈ ទីប្រឹក្សានៃក្រសួងបរិស្ថាន។ កិច្ចប្រជុំនេះ បានរិះគិតលើប្រធានបទអំពីការការពារបរិស្ថាន “Laudato Si ” and the Journey to care for Enviroment ដោយមានការណែនាំដោយវាគ្មិន សំខាន់ៗមកក្រសួងបរិស្ថាន និងលោកបូជាចារ្យកាព្រីអែល មកពីក្រុមគ្រួសារសហជីវិនព្រះយេស៊ូ ។

 ជាកិច្ចស្វាគមន៍លោក អូលីវីយេ ជាអធិបតី បានមានប្រសាសន៍ស្វាគមន៍ ប្រកបដោយភាពកក់ក្តៅចំពោះវត្តមាន នៃតំណាងអង្គការទាំងអស់ដែលបានអញ្ជើញចូលរួម។ លោកថា នេះជាអំណរសប្បាយដែលជួបជុំគ្នា ប្រចាំឆ្នាំ។ ពេលជួបជុំគ្នាយើងតែងរិះគិតលើប្រធានបទមួយ ថ្ងៃនេះយើងរិះគិតអំពីធម្មជាតិ និងបរិស្ថាន។ លោកបន្តថា ព្រះសហគមន៍កំនត់យកឆ្នាំនេះ ជាឆ្នាំគ្រួសារ ពិតណាស់វាមានការទាក់ទងគ្នា។ គ្រួសារនិមួយៗរស់យ៉ាងជិតស្និទ្ធនឹងបរិស្ថានធម្មជាតិ ដែលជាព្រះអំណោយទានរបស់ព្រះជាម្ចាស់។ នាំឲ្យយើងនឹកឃើញព្រះជាម្ចាស់ ប្រទានឲ្យគ្រួសារដំបូង បង្កើតកូនចៅដូចហ្វូងផ្កាយនៅលើមេឃ និងទទួលខុសត្រូវទាំងស្រុងលើធម្មជាតិ និងបរិស្ថាន។ នាសព្វថ្ងៃនេះមាតាបិតាទាំងអស់មានតួនាទីអប់រំកូនចៅឲ្យស្រលាញ់បរិស្ថាន។ ក្នុងនោះដែរដោយមានវត្តមានមន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន លោកអភិបាលក៏បានថ្លែងអំណរគុណម្តងទៀត ដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថានបានប្រគល់វិហារដ៏ចំណាស់លើភ្នំបូកគោ ឲ្យមកព្រះសហគមន៍ដើម្បីថែរក្សា និងកាន់កាប់ទុកជាប្រយោជន៍ប្រតិបត្តិតាមជំនឿសាសនា។

 ក្នុងពេលនេះដែរលោកបូជាចារ្យ ការព្រីអែល មកពីក្រុមគ្រួសារសហជីវិនព្រះយេស៊ូ បានបង្ហាញចំនុចមួយចំនួននៅក្នុសារលិខិតរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ ដែលមានចំណងជើងថា “ សូមកោតសរសើរព្រះជាម្ចាស់របស់ខ្ញុំ” ដែលជាលិខិតដែលវែងជាងគេចំណោមលិខិតទាំងឡាយរបស់សម្តេចប៉ាប ដែលរិះគិតអំពីបរិស្ថានធម្មជាតិ។ លោកបូជាចារ្យបានលើកយកជំពូកទីមួយមកនិយាយ ដែលសម្តេចប៉ាបលើកឡើងថា “យើងមានបញ្ហា” គឺយើងមើលមិនឃើញអ្វីៗដែលបានកើតឡើងនៅជុំវិញពិភពលោកទាំងមូល។ ហើយសកម្មភាពតូចៗជាច្រើនអាចធ្វើឲ្យមានឥទ្ធិពលយ៉ាងខ្លាំង។ អ្នកដែលនឹងរងគ្រោះពីឥទ្ធិពលនេះមុនគេ និងខ្លាំងជាងគេគឺ អ្នកក្រីក្រជាងគេ។ ក្នុងលិខិតនេះដែរចំនុចដែលជាបញ្ហាគឺយើងទាំងអស់គ្នា មិនចេះប្រើកម្លាំង ឬបច្ចេកទេសដែលយើមាន ដោយយុត្តិធម៌ ប្រាជ្ញា និង មនសិការ ។ លោកបូជាចារ្យក៏បានលើកឡើងនូវគន្លឹះ ដែលយើងម្នាក់ៗតែយកចិត្តទុកដាក់ គឺ រុក្ខជាតិ សត្វ និងអ្វីៗទាំងអស់ព្រះជាម្ចាស់ជាអ្នកបង្កើត វាមានតម្លៃ និងឯករាជ្យភាពរបស់វា។ យើងទាំងអស់គ្នាត្រូវបានរួមបញ្ចូលយ៉ាងជិតស្និទ្ធជាមួយគ្នា។

 បញ្ហាសង្គម និង បរិស្ថានគឺជាបញ្ហាតែមួយ។ ហេតុនេះម្នាក់ៗអាចធ្វើបានចំពោះកិច្ចការរួម គឺ យកពេលខ្លះគយគន់សោភណ្ឌភាពនៅជុំវិញខ្លួន។ អ្វីៗដែលបង្រៀន និងរៀន ក្នុងក្រុមគ្រួសារ គឺមានសារៈសំខាន់សម្រាប់សង្គមរបស់យើង។ សកម្មភាពនៃការបង្ការ និងការពារបរិស្ថាន គឺជាការងារដ៏ថ្លៃថ្នូមួយ។ សូមពិនិត្យមើលវប្បធម៌ទំនើប មិនកុំឆាប់ទទួលអ្វី ដែលអ្នកមើលឃើញក្នុងសង្គមថាល្អ ១០០%។ សូមពិនិត្យមើលបែបផែននៃជីវិតរស់នៅផ្ទាល់ខ្លួន។ តើរបៀបដែលអ្នកធ្វើប៉ះពាល់ដល់បរិស្ថាន និងអ្នកដទៃឬទេ? ។

 អង្គប្រជុំក៏បានឈ្វេងយល់អំពីផែនការសកម្មភាពជាតិស្តីពីបរិស្ថាន ឆ្នាំ២០១៦­-២០២៣ ដែលមានគោលដៅយុទ្ធសាស្ត្រ ជំរុញការកែទម្រង់ស៊ីជម្រៅនិងការធ្វើទំនើបកម្មការគ្រប់គ្រង និងការអភិរក្សបរិស្ថាន និងធនធានធម្មជាតិតាមរយៈសកម្មភាព មានផែនការច្បាស់លាស់និងអនុវត្តបានត្រឹមត្រូវ ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពនិងផលិតភាពនៃការប្រើប្រាស់ធនធាន យន្តការហិរញ្ញប្បទាននិរន្តភាព និងកាត់បន្ថយកាកសំណល់ និងការបំពុល ព្រមទាំងធ្វើឲ្យប្រសើរឡើងនូវសុខមាលភាពប្រជាពលរដ្ឋ ។ ការបង្វែការគ្រប់គ្រង និង ផ្តល់ជូនដីសប្បទានសេដ្ឋកិច្ចទៅក្នុងសមត្ថកិច្ចរបស់ក្រសួងកសិកម្មក៏ជាផ្នែកមួយ នៃកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងបរិស្ថានដែរ ដើម្បីធ្វើឲ្យមានភាពច្បាសលាស់។ ក្រសួងបរិស្ថានគ្រប់គ្រងតែតំបន់ព្រៃអភិរក្ស និងឧទ្យានជាតិ ដែលសព្វថ្ងៃមានផ្ទៃដីប្រមាណជា ២លានហិតា។ ក្នុងស្មារតីនៃការ ពារ ថែរក្សាបរិស្ថាន ។ សិក្ខាកាមទាំងអស់មិនគ្រាន់តែអង្គុយស្តាប់ទទួលយកខ្លឹមសារនៃបទបង្ហាញជាទ្រឹស្តី គឺបានរួមគ្នាដាំដើមឈើរួមគ្នាផងដែរ ក្នុងបរិវេណនៃមណ្ឌលសកម្មភាពព្រះសហគមន៍កាតូលិកភ្នំពេញថ្មី នៃភូមិភាគភ្នំពេញ ក្នុងបរិយាកាសសប្បាយរីករាយនិងស្និទ្ធស្នាល។

 គួរបញ្ជាក់ថា សម្ព័នអង្គការកាតូលិក ដើម្បីមេត្តាករុណា និងការអភិវឌ្ឍ តែងតែជួបប្រជុំគ្នាជាប្រចាំ ចំនួន៣ដងក្នុងមួយឆ្នាំ ដើម្បីចែករំលែកអំណរសប្បាយ និងភាតរភាពរវាងគ្នានិងគ្នា។ ក្នុងអង្គប្រជុំនីមួយៗ តែងរិះគិតទៅលើប្រធានផ្សេងៗ ដែលស៊ីជម្រៅទៅនឹងបេសកកម្មរបស់ខ្លួនកំពុងបំពេញនៅក្នុងប្រទេសកម្ពុជា ៕

២៩ តុលា ២០១៧

រាជធានីភ្នំពេញ៖ បេក្ខជន បេក្ខនារីចំនួន២៦នាក់ មកពីព្រះវិហារព្រះមាតានៃសន្តិភាព (អរិយក្សត្រ) ព្រះវិហារសន្តសិលា(ពោធិ៍ធំ) ព្រះវិហារសន្តយ៉ូសែប(ក្តីកណ្តាល) និងព្រះវិហារ​សន្តីម៉ារី(តួតាំង) បានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីផ្តល់កម្លាំងក្នុងការចេញទៅប្រកាស​ដំណឹងល្អ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នៅព្រះវិហារព្រះមាតានៃសន្តិភាព (អរិយក្សត្រ) ដោយមានលោក អូលីវីយេ ជ្មីតអ៊ីស្ល៊ែរ ជាអធិបតី និងមានបងប្អូន គ្រីស្តបរិស័ទ​ចូល​រួមជាច្រើនកុះករ។
          លោកអូលីវីយេ  បានមានប្រសាសន៍ថា៖ នេះជាថ្ងៃចុងក្រោយសម្រាប់ឆ្នាំនេះ ក្នុងការ​ធ្វើ​អគ្គសញ្ញាលាបថ្ងាស ហើយគឺជាឱកាសមួយដើម្បីជួបជាមួយគ្រីស្តបរិស័ទ ជួបជាមួយ​បេក្ខជនផ្ទាល់ និងក៏ជាឱកាសដើម្បីផ្តល់កម្លាំងដល់ព្រះសហគមន៍ផងដែរ។ ពេលទៅតាម​មណ្ឌល​សកម្មភាព គឺខ្ញុំរំឭកដល់គ្រីស្តបរិស័ទឲ្យនឹកឃើញថាព្រះវិញ្ញាណដ៏វិសុទ្ធ​ដែលយាង​មក គឺមិនសម្រាប់តែបងប្អូនដែលកំពុងទទួលអគ្គសញ្ញាតែប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺសម្រាប់ពួក​យើងទាំងអស់គ្នា ដើម្បីទទួលខុសត្រូវខ្ពស់នៃជីវិតព្រះសហគមន៍។

          លោកអភិបាល បានបញ្ជាក់បន្ថែមអំពីផលផ្លែនៃព្រះវិញ្ញាណដ៏វិសុទ្ធ ជាពិសេសគឺ ព្រះវិញ្ញាណផ្តល់ សេចក្តីស្រឡាញ់ ជំនឿ សេចក្តីសុខសាន្ត និងចិត្តអត់ធ្មត់ ដែលណែនាំឲ្យ​យើង​បង្កើតសង្គមយើងទៅជាព្រះសហគមន៍។
          លោកបានរំឭកថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជួយ៖ ១)ណែនាំឲ្យយើងទទួលអំណរ​សប្បាយ ដោយស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ២)ណែនាំឲ្យយើងទៅជាគ្រីស្តបរិស័ទ​ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់ ដើម្បីធ្វើជាគំរូដល់បងប្អូនឯទៀតៗ រួមទាំងបងប្អូនដែលជាគ្រីស្ត​បរិស័ទ​ដែលលែងបានចូលព្រះវិហារ និងបងប្អូនដែលមិនទាន់ស្គាល់ព្រះយេស៊ូ។ ៣) ត្រូវ​ស្រឡាញ់​ព្រះជាម្ចាស់អស់ពីដួងចិត្ត អស់ពីប្រាជ្ញា និងអស់ពីកម្លាំងរបស់ពួកយើង និង​ស្រឡាញ់​បងប្អូនឯទៀតៗដូចព្រះយេស៊ូបានស្រឡាញ់យើងដែរ។ លោកថា ទាំងនេះជា​គោល​ដៅសម្រាប់ជីវិតយើង ដោយដឹងថាព្រះសហគមន៍មានជីវិត និងរីកចម្រើនប្រសិន​បើ​យើងយកចិត្តទុកដាក់ប្រតិបត្តិតាមព្រះ អំណោយទានដែលយើងទទួលតាមរយៈ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ។ សម្រាប់បងប្អូនថ្មី ត្រូវចេញសកម្មភាពធ្វើជាគម្រូ ដល់បងប្អូនឯទៀតៗ ត្រូវអធិដ្ឋាន បម្រើ និង ស្រឡាញ់។

          បន្ទាប់ពីធម្មទេសនាលោកអភិបាល បានសួរបញ្ជាក់អំពីជំនឿរបស់បេក្ខជនចំពោះ ព្រះជាម្ចាស់នៅក្នុងពិធីទទួលអគ្គសញ្ញាលាបថ្ងាស និងប្រកាសធម៌ជឿរួមជាមួយគ្រីស្តបរិស័ទ​ទាំងអស់ រួចទូលអង្វរព្រះជាម្ចាស់រួមជាមួយសន្តបុគ្គលទាំងអស់ ដើម្បីសូមព្រះវិញ្ញាណយាង​មក​គង់សណ្ឋិតជាមួយបេក្ខជនទាំងនោះ ដើម្បីឲ្យពួកគេទទួលបានផលផ្លែនៃព្រះវិញ្ញាណ។
ព្រះសហគមន៍កាតូលិកបានប្រកាសថា៖ អគ្គសញ្ញាលាបថ្ងាសនេះ គឺបញ្ជាក់បន្ថែមថា ជា​គ្រីស្តបរិស័ទពេញលក្ខណៈ ព្រះជាម្ចាស់ត្រាស់ហៅឲ្យ ទទួលព្រះវិញ្ញាណដ៏វិសុទ្ធដើម្បីបញ្ជាក់​ជំនឿរបស់ខ្លួន និងចាត់ឲ្យបងប្អូនចេញទៅ ប្រកាសដំណឹងល្អអំពីជំនឿរបស់ខ្លូន ធ្វើជាសាក្សី​នៃធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ ដល់មនុស្សដែលនៅជុំវិញយើង។ មើលរូបផ្សេងទៀត


សរសេរដោយ ដាលីស

២២ តុលា ២០១៧

រាជធានីភ្នំពេញ៖ យុវជន​២៥នាក់​ បាន​មកទេវវិទ្យាល័យ​កាតូលិកកម្ពុជា នៅ​ទួលគោក រាជធានីភ្នំពេញ​​ចំនួន២៤ម៉ោង ដើម្បី​រិះគិត​អំពី​ជីវិត​នៃ​ការត្រាស់ហៅដោយ​ដឹកនាំ​ដោយ​លោក​បូជាចារ្យ អ៊ុន សុន ក្រោម​ប្រធានបទ “​ទំនាក់​ទំនង​ខ្ញុំ​ជាមួយ​ព្រះជាម្ចាស់”​ត្រូវ​បាន​​ចាប់​ផ្តើម​ពី​រសៀល​ថ្ងៃទី​២១​រហូតដល់​រសៀល​ថ្ងៃទី២២ តុលា ២០១៦នេះ ។​

          តាម​ប្រសាសន៍​របស់​លោកអ៊ុន សុន ជា​​បូជាចារ្យ​ដឹកនាំ​ក្រុមនេះ បាន​ឲ្យ​ដឹងថា៖ ការរិះគិត​អំពី​​​ការ​ត្រាស់ហៅ​របស់ព្រះជាម្ចាស់ គឺ​ជា​សំណួរដ៏សំខាន់​ដើម្បីពិនិត្យ​មើល​​​ទំនាក់​ទំនង​ជាមួយ​ព្រះ​ជា​ម្ចាស់​​។ លោក​​​ បន្ត​ថា៖ ​លើកទីប្រាំមួយ​ក្នុង​ឆ្នាំ​២០១៧នេះ យើង​ធ្វើ​នៅ​​ទេវវិទ្យាល័យ គឺ​ដើម្បី​ជួយ​ដល់​យុវជន​ទាំង​​​នេះ​​ធ្វើ​ការ​ផ្សារភ្ជាប់​ជាមួយ​ទេវវិទ្យល័យ​ ដោយ​បាន​ឃើញ​ជាក់ស្តែង​អំពី​ការអប់រំ និង​ជីវិត​រស់នៅ​ក្នុង​ទេវវិទ្យាល័យ។​

          លោក​លោក​​បូជាចារ្យ សុន​​ បាន​ឲ្យ​ដឹងទៀតថា៖ ព្រះសហគមន៍​មាន​តួនាទី​ជួយ​ដល់​ប្អូន​ៗ​ក្នុង​ការ​រិះគិត​អំពី​ការ​ត្រាស់​ហៅ ដោយ​មាន​ភារកិច្ច​សាប​ព្រោះ​ បណ្តុះ​បណ្តាល​ និង​បើក​ទ្វារ​ដួងចិត្ត​​ពួកគេឲ្យ​ស្តាប់​ព្រះបន្ទូល​ ដើម្បី​រក​ផ្លូវ​នៅក្នុង​ជីវិត​ដែលជាកត្តាដ៏សំខាន់​ ហើយ​លទ្ធផល​យ៉ាងណា​គឺ​ទុកឲ្យ​ប្អូនៗជាអ្នក​សម្រេចចិត្ត​ខ្លួនឯង។

          រយៈពេល​២៤ម៉ោងនេះ​ លោក​ សុន បាន​ឃើញ​ថា​យុវជន​ទាំង​នេះ​យក​ចិត្ត​ទុកដាក់​ចូលរួម​ និង​សប្បាយ​​នៅក្នុង​ការរិះគិត​ពីជំនឿ និង​ការ​ជ្រើស​រើស​ផ្លូវ​នៃ​ជីវិតរបស់ខ្លួន។ រយៈពេល​នេះដែរ ក៏មាន​ការ​ផ្តល់នូវសក្ខីភាពរបស់​និស្សិត​ទេវវិទ្យាល័យពីររូប អំពី​ជីវិត​របស់​ខ្លួន​ផ្ទាល់​នៅក្នុង​ការត្រាស់​ហៅ និង​រស់នៅក្នុង​ទេវវិទ្យល័យ​ផងដែរ។

          យុវជន ខ្វេត រ៉ាណេត មកពីព្រះសហគមន៍​ប៊ូស្រា និង​ស្នាក់នៅ​ក្នុង​មណ្ឌល​សន្ត មីកាអែលនៅបឹងទំពន់ បាន​យល់​ឃើញ​ថា៖ រយៈពេល​មួយឆ្នាំមកនេះ​ក្រុម​អេម៉ាណូអែល​បាន​ជួយ​ច្រើន​នៅក្នុង​ការរិះគិតជីវិត​ជាបូជាចារ្យ​ និង​បាន​ទទួល​បទពិសោធន៍​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រិះគិត​ថែមទៀត​ថា "តើព្រះជាម្ចាស់​ចង់​ត្រាស់​ហៅខ្ញុំឲ្យ​ធ្វើអ្វី​នាពេលអនាគត?”។​ រ៉ាណេត បញ្ជាក់ថា “​ទំនាក់​ទំនង​ខ្ញុំ​ជាមួយព្រះជាម្ចាស់ ពិត​ជាមាន​សារសំខាន់ណាស់​សម្រាប់​ខ្ញុំ ព្រោះថាគ្រីស្ត​បរិស័ទ​ត្រូវ​មាន​ទំនាក់​ទំនងជាមួយព្រះជាម្ចាស់ និង​យល់ថា​​ជីវិត​របស់​យើង​មានព្រះយេស៊ូ​ណែនាំ​ឲ្យ​ដើរទៅមុខ ដែល​ធ្វើ​ឲ្យ​មាន​ភាព​ស្និទ្ធស្នាល   និង​ស្គាល់​ពី​សេចក្តី​ស្រឡាញ់​របស់ព្រះជាម្ចាស់កាន់​តែខ្លាំងឡើងៗ តាម​រយៈព្រះសហគមន៍។​

          ក្រុម​អេម៉ាណូអែលនៅភូមិភាគ​ភ្នំពេញ​​ តែងតែ​មាន​ការជួបជុំគ្នា​៦ដងក្នុង​មួយឆ្នាំ ក្នុង​នោះ​ផងដែរក៏មាន​ការជួបជុំជាលក្ខណៈអន្តរភូមិភាគចំនួនពីរដង គឺ​ក្នុង​ទិវានៃ​ការត្រាស់ហៅ​ក្នុង​ខែឧសភា និង​បោះជំរំនៃការត្រាស់ហៅក្នុង​ខែកញ្ញា។​ ក្រុមនេះ​បាន​កកើត​មានឡើង​តាំងពី​ឆ្នាំ​២០០០មកម្ល៉េះ ហើយ​ក្រុមនេះ​បាន​ជួយ​ដល់​យុវជន​ជា​ច្រើន​ឲ្យ​យល់ពី​ជីវិត​នៃ​ការ​ត្រាស់​ហៅ​​ជាបូជាចារ្យ។ ជាក់ស្តែង​មាន​បូជាចារ្យ​៤រូបហើយ​ដែល​ជាផលផ្លែ​ចេញមកពី​ក្រុមនេះ។​

          សរសេរដោយ ដាលីស

២២ តុលា ២០១៧

រាជធានីភ្នំពេញ៖ បេក្ខជន បេក្ខនារីចំនួន ៣០នាក់មកពីព្រះវិហារ​សន្តសិលានិង​សន្ត ប៉ូល​ព្រះវិហារ​សន្ត​ សិលា​(ពោធិ៍ចិនតុង) និងព្រះវិហារ​សន្តយ៉ូសែប​(កំពង់ស្ពឺ) បានទទួល អគ្គសញ្ញាលាបថ្ងាស ដើម្បី​ផ្តល់កម្លាំង​ក្នុង​ការ​ចេញទៅប្រកាស​ដំណឹងល្អ​កាលពីថ្ងៃទី ២២ ខែតុលា​២០១៧ នៅ​ព្រះវិហារ​សន្ត​ សិលានិងសន្តប៉ូល​ នៃ​មណ្ឌល​សកម្មភាពភ្នំពេញថ្មី​​ដោយ​មានលោក អូលីវីយេ ជ្មីតអ៊ីស្ល៊ែរ ជាអធិបតី និងមានបងប្អូន គ្រីស្តបរិស័ទចូលរួមជា​ច្រើន​កុះករ។​

នៅក្នុងធម្មទេសនាលោកអូលីវីយេ ​ បាន​មា​នប្រសាសន៍ទៅ​កាន់​បេក្ខជនថា“នេះជា​ឱកាស​មួយ​ដើម្បីយកព្រះគ្រីស្តជាទីពឹង”។ លោកបញ្ជាក់បន្ថែម​ថាគ្រីស្ត​បរិស័ទ​គឺ​ជា​បរិស័ទ​ដែល​​ជាប់​ជាមួយព្រះគ្រីស្តផ្ទាល់ ប្រសិនបើគ្មានព្រះគ្រីស្តដឹកនាំ​ជីវិត​យើង​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​និងអំណរសប្បាយនោះយើង​មិនខុសពីអង្គការមនុស្សធម៌ឡើយតែយើង​ខុសគ្នាដោយសារយើងមានព្រះគ្រីស្ត​ជាផ្លូវជាជីវិតនិងជាសេចក្តីពិត។​

លើសពីនេះទៅទៀត​ លោក​អូលីវីយេក៏បាន​ផ្តាំផ្ញើរដល់បេក្ខជននិង​គ្រីស្ត​បរិស័ទ​ទាំង​អស់​ ដោយលើកយកពីរចំនុច​នៃ​​សារលិខិតសម្តេចប៉ាបហ្វ្រង់ស៊ីស្កូក្នុង​ឱកាសទិវាប្រកាស​ដំណឹងល្អ​៖ ១)​​ឲ្យ​យកចិត្ត​ទុកដាក់​ធ្វើជា​គ្រូគង្វាល​ដ៏សប្បុរសដោយស្រឡាញ់ ថែទាំ​គ្នា​ទៅវិញ​ទៅមក​ និង​ចេះលើកទឹកចិត្តគ្នាជាពិសេស​ដល់បងប្អូន​ដែល​លែង​ចូលព្រះវិហារ។​ ២)​​ត្រូវធ្វើជា​អ្នក​សប្បុរសដូច​ជនសាម៉ារី ដោយណែនាំ​សេចក្តីស្រឡាញ់​ដែលជាថ្នាំ​ព្យាបាន​គ្រប់​ជំងឺ ​ដល់​បងប្អូន​មួយ​ចំនួន​ដែល​មិនមែន​ជា​គ្រីស្តបរិស័ទ​​ និងគ្មាន​សេចក្តីសង្ឃឹម។​

បន្ទាប់​ពី​ធម្មទេសនា​លោក​អភិបាល​​បាន​សួរ​បញ្ជាក់​អំពី​ជំនឿ​របស់​បេក្ខជន​ចំពោះ​ព្រះជា​ម្ចាស់​​​នៅក្នុង​ពិធី​ទទួល​អគ្គសញ្ញាលាបថ្ងាស និង​ប្រកាស​ធម៌ជឿ​រួមជាមួយ​គ្រីស្ត​បរិស័ទ​ទាំងអស់ រួចទូលអង្វរព្រះ​ជាម្ចាស់​រួម​ជាមួយ​សន្ត​បុគ្គល​ទាំងអស់​ដើម្បី​សូម​ព្រះ​វិញ្ញាណ​​យាង​មក​គង់​សណ្ថិត​ជាមួយ​បេក្ខជន​ទាំង​នោះ ដើម្បីឲ្យ​ពួកគេ​ទទួល​បាន​ផលផ្លែ​នៃព្រះ​វិញ្ញាណ​គឺ ១) មាន​ប្រាជ្ញាឈ្លាសវៃ។ ២) ដឹងខុសដឹងត្រូវ​។ ៣) ដឹងអំពី​សេចក្តីពិត។ ៤) មាន​យោបល់ល្អ។ ៥) មាន​សេចក្តី​អង់អាច។ ៦) ប្រព្រឹត្តតាម​ការណែនាំ​របស់​ព្រះវិញ្ញាណ​។ និង​៧) ចេះគោរពកោតខ្លាចព្រះបិតា។

បេក្ខនារីឈៀងរចនាជាបុគ្គលិក​នៃអង្គការផ្នែក​ត្រចៀក​នៅកម្ពុជា​ បាន​និយាយ​​ថា “ថ្ងៃនេះ​ ខ្ញុំ​បានទទួលកម្លាំង​ដ៏រឹងមាំ ដើម្បី​បន្តដំណើរ​​ទៅមុខជាមួយព្រះយេស៊ូដើម្បី​បន្ត​ប្រកាស​​​​ដំណឹងល្អ​ ដោយ​មានគម្រោង​ប្រមូលកុមារនៅតំបន់​អង្គស្នួលជាមួយ​បងស្រី​កាមែល​ ​ឲ្យស្គាល់​ព្រះជាម្ចាស់​​តាមរយៈ​អំណរ​សប្បាយជាមួយយើង”។ រចនាបានស្គាល់​ព្រះសហគមន៍​​នៅឆ្នាំ២០១១ តាមរយៈបព្វជីតាកាតូលិក​នៅសាលាពេទ្យដោយ​ចាប់​អារម្មណ៍​​​​លើ​ភាពជិតស្និទ្ធ​ដែលជាសេចក្តីស្រឡាញ់​​ប្តកបដោយភាពកក់ក្តៅទើប​អាច​ទទួលអគ្គសញ្ញាជ្រមុជទឹកនិង​លាបថ្ងាស​នៅ​ឆ្នាំ​២០១៧នេះ។​

តាមឯកសារអប់រំជំនឿនៃព្រះសហគមន៍កាតូលិកបាននិយាយថា ៖ អ្នកដែលទទួល​អគ្គសញ្ញា លាបថ្ងាស គឺអស់អ្នកដែលទទួលអគ្គសញ្ញាជ្រមុជទឹករួចហើយ។ អគ្គសញ្ញានេះ គឺបញ្ជាក់បន្ថែមថា បងប្អូនជាគ្រីស្តបរិស័ទ ពេញលក្ខណៈ ព្រះជាម្ចាស់ត្រាស់ហៅ បងប្អូន​ឲ្យ​ទទួលព្រះវិញ្ញាណដ៏វិសុទ្ធ​ដើម្បីបញ្ជាក់ជំនឿរបស់ខ្លួន និងចាត់ឲ្យបងប្អូនចេញ​ទៅ ប្រកាស ដំណឹងល្អអំពីជំនឿរបស់ខ្លូន ​ធ្វើជាសាក្សី​នៃធម៌មេត្តាករុណា​របស់​ព្រះ​ជាម្ចាស់​​ ដល់​មនុស្ស ដែលនៅជុំវិញយើង។ មើលរូបផ្សេងទៀត

សរសេរដោយ ដាលីស

១៤ តុលា ២០១៧

រាជធានីភ្នំពេញ៖ “អ្នក​ណា​ស្តាប់​​ព្រះបន្ទូល​ហើយ​អនុវត្តតាម អ្នកនោះ​មានសុភមង្គលហើយ" នេះជា​​ប្រសាសន៍​របស់​លោក​អូលីវីយេ ក្នុងធម្មទេសនា ​អភិបូជា​បើក​ឆ្នាំ​សិក្សាថ្មីសាលាអប់រំ​ជំនឿ​​​​គ្រីស្ត​បរិស័ទ​សន្ត​ យ៉ូស្ទីន​ ឆ្នាំ​ទីពីរ ជំនាន់​ទី​៣ កាល​ពី​​ថ្ងៃទី​១៤ តុលា ២០១៨ នៅ​ព្រះ​វិហារ​​សន្ត សិលា និង​សន្ត ប៉ូល ភ្នំពេញថ្មី​​ ដោយមាន​និស្សិត និង​លោកបូជា​ចារ្យ​​ ដែលជា​សាស្ត្រាចារ្យ​តាមមុខវិជ្ជានានា​​ចូលរួម​ជា​ច្រើន​កុះករ។​

          ក្នុង​ឱកាសនេះផងដែរ លោក​អភិបាល បាន​ពន្យល់​ណែនាំ​គ្រីស្តបរិស័ទដែលជា​និស្សិត​ទាំងអស់​ ឲ្យ​យក​ចិត្ត​ទុក​ដាក់​ស្តាប់ និង​អនុវត្តតាមព្រះបន្ទូល​​របស់ព្រះជាម្ចាស់​នៅក្នុង​ជីវិត​រស់​នៅ​ប្រចាំថ្ងៃ​ ដោយលោក​បាន​លើក​ឡើង​នូវ​កម្មវិធី​សិក្សានានា​​របស់​សាលា​សន្ត​យ៉ូស្ទីន សុទ្ធ​តែជា​វិធី​ក្នុង​ការ​ស្តាប់ព្រះបន្ទូល​របស់ព្រះជាម្ចាស់​នៅក្នុងជីវិត​រស់​នៅ​ប្រចាំថ្ងៃ​ ដូចជា​សីលធម៌​ព្រះសហគមន៍​ ប្រវត្តិសាស្ត្រ អភិបូជាជារៀងរាល់ព្រឹក និងរបៀប​រស់នៅជាក្រុមជាដើម។ល។

          លោក​អូលីវីយេ បញ្ជាក់ទៀតថា ក្នុង​ឆ្នាំ​សិក្សាថ្មីនេះ ជាពេល​ដែលយើង​ត្រូវយកចិត្ត​ទុកដាក់ស្តាប់ព្រះបន្ទូល​​បន្ថែមទៀត​ដើម្បី៖ ១) ​ឲ្យ​ខ្លួនយើងម្នាក់ៗ និង​សាលា​របស់​យើង​មាន​ជីវិត​រីក​ចម្រើន​ថែមទៀត​ និងជាពិសេស​តាមរយៈទំនាក់ទំនង​របស់បងប្អូន។​ ២) ឲ្យ​អ្នក​ឯទៀតៗ​នៅជុំវិញ អាចស្តាប់​ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដែរ ជាពិសេស​តាមរយៈ​បណ្តាញ​សង្គមសម័យទំនើប។ ៣) យកចិត្តទុកដាក់​ចំពោះ​ក្រុមពន្លកថ្មី ដែលទើបតែទទួល​អគ្គសញ្ញាជ្រមុជទឹក និងជួយ​​ឲ្យយុវជន យុវនារី​យល់អំពីតម្លៃជីវិត​នៃការត្រាស់ហៅហើយ​​ក្លាហាន​ដើម្បី​ឆ្លើយតបចំពោះការត្រាស់ហៅនោះ។​

          កញ្ញា វ៉ាន់ នីឆៃអេង ជានិស្សិត​ឆ្នើម និង​ជាគ្រូអប់រំជំនឿនៃ​ព្រះវិហារ​សន្តសិលា និង​សន្តប៉ូល ភ្នំពេញថ្មី ​បាន​ឲ្យដឹងថា រយៈពេល​មួយ​ឆ្នាំ​កន្លង​ផុតទៅ សាលាអប់រំជំនឿ​គ្រីស្ត​បរិស័ទ សន្តយ៉ូស្ទីន​​ បានជួយ​ច្រើន​​ដើម្បី​ឲ្យ​ខ្ញុំយល់អំពី​គ្រីស្តសាសនាកាន់តែច្រើន ជាពិសេស​ជួយឲ្យ​ខ្ញុំ​មាន​គំនិត​ថ្មីៗ​ដើម្បី​អប់រំជំនឿ​ដល់​ក្មេងៗ។ ឆៃអេង បន្ថែមថា ក្នុង​ចំណោម​មុខវិជ្ជា​ទាំង​អស់គឺ​ចូលចិត្ត​មុខវិជ្ជា​ជីវិត​ខាង​ផ្លូវ​វិញ្ញាណ ដោយ​មុខវិជ្ជានេះ​ទាក់ទង​ខាងជីវិត​និង​ការរស់​នៅ​​ដែលជា​ទំនាក់​​​ទំនង​ជាមួយ​អ្នក​ដទៃ និង​ជាមួយ​ព្រះជាម្ចាស់​។

          សាលាអប់រំជំនឿគ្រីស្តបរិស័ទ សន្តយ៉ូស្ទីន បាន​បង្កើតឡើងនៅ​ចុង​ឆ្នាំ​២០១១ ដោយ​លោក​អភិបាល​អូលីវីយេ ជ្មីតអ៊ីស្ល៊ែរ ដោយ​មាន​មុខវិជ្ជា ព្រះគម្ពីរវិទ្យា ប្រវត្តិសាស្ត្រ​ព្រះសហគមន៍ ជីវិត​ខាងផ្លូវវិញ្ញាណ ទេវវិទ្យា គោលលិទ្ធិគ្រីស្តសាសនាតាមព្រះសហគមន៍​កាតូលិក សីលធម៌​ព្រះសគមន៍​កាតូលិក ព្រមទាំង​មានកម្មវិធីរិះគិតអំពីសង្គមតាមរយៈ​វាគ្មិន​នានា ជាពិសេស​សាលា​បាន​ផ្តល់ឱកាស​ឲ្យ​និស្សិត​បាន​ចុះកម្មសិក្សា ដើម្បី​ឈ្វេងយល់អំពី​ជីវិត​ព្រះសហគមន៍​នៅ​តាម​បណ្តាប្រទេសនានា​ជារៀងរាល់ឆ្នាំផងដែរ។ មើលរូបផ្សេងទៀត

          សរសេរ​ដោយ​ដាលីស

១១ តុលា ២០១៧

រាជធានីភ្នំពេញ៖ ទេវវិទ្យាល័យព្រះ​សហគមន៍កាតូលិក​កម្ពុជា នៅក្រុង​ភ្នំពេញ ទេវវិទ្យាល័យ​បាន​ប្រកាស​ទទួល​ បងប្រុស ប្រាក់​ ប៊ុនហុង និង​បងប្រុស វិន កាន់​ ជា​និស្សិត​ផ្លូវការនៅក្នុង​ថ្ងៃបើក​ឆ្នាំសិក្សាថ្មី​នេះ ដើម្បី​រៀន និង​ ​រិះគិត​អំពី​​ការ​ត្រាស់​ហៅ​របស់​ព្រះ​ជាម្ចាស់ជាបូជាចារ្យ​។

កម្មវិធី​នេះ​ធ្វើឡើង​ ក្រោម​អធិបតីភាព​របស់​លោក​អភិបាល​ព្រះ​សហគមន៍​កាតូលិក​ ភូមិ​ភាគ​ភ្នំពេញ អូលីវីយេ ជ្មីតអ៊ីស្ល៊ែរ លោក​អន់តូនី ស៊ូសៃរាជ្យ អភិបាល​នៃព្រះសហគមន៍​ភូមិភាគ​កំពង់ចាម​ និង​ជា​ប្រធាន​ទេវវិទ្យាល័យដោយ​មាន​​អ្នក​ចូលរួម​ជាច្រើននាក់​ នា​​ថ្ងៃទី​ ១១ តុលា ២០១៧​នេះ។

ក្នុង​ធម្មទេសនា​លោក​អភិបាលអន់តូនី​​ បាន​ចែករំលែក​នូវ​​បទពិសោធន៍​របស់លោក​ក្នង​នាមជា​អភិបាល​ព្រះ​សហគមន៍​ភូមិភាគកំពង់ចាម ព្រមទាំង​បានទទួល​ការលើក​ទឹកចិត្ត​ពី​​​សម្តេចប៉ាប​បេនេឌិកតូទី១៦ លោក​បង្ហាញថា ការលំបាក​របស់​យើងមាន​ឥទ្ធិពល​ច្រើន​មកលើជំនឿ និង​មាន​ការលំបាក​មិនអាចដោះស្រាយបញ្ហាផ្សេងៗ​បាន​ទាំងអស់​ក្តី​ តែត្រូវ​ទុកចិត្ត និង​ឲ្យ​ខិតខំព្យាយាមអធិដ្ឋានទោះបីជាមានការលំបាកក៏ដោយ សូមឲ្យ​យើង​ផ្ញើនូវ​រាល់​ទុក្ខ​លំបាក​ទាំងនោះ​ទៅព្រះជាម្ចាស់។

លោកអន់តូនី ក៏បានពន្យល់​អំពី អត្ថន័យ​នៃ​ធម៌ “ឱព្រះបិតា” ដែល​គ្រីស្ត​បរិស័ទ​​បានទទួលពីព្រះយេស៊ូ ដើម្បី​ឲ្យ​យើង​យក​ចិត្តទុកដាក់ទទួល​កម្លាំងពីព្រះជាម្ចាស់ និង​ឲ្យ​យើង​ចេះ​លើកលែងទោសឲ្យអ្នក​ដទៃផងដែរ។

លោក​បប់ ពីសេ ជា​នាយក​ទេវ​វិទ្យាល័យ​បាន​ស្នើ​សុំ​លោក​អភិបាល​ ដើម្បី​ទទួល​លោក​ ប្រាក់​ ប៊ុនហុង និងលោក វិន កាន់ជា​និស្សិត​ទេវវិទ្យាល័យជាផ្លូវការ ឬអាចហៅ​ថា​ជា​កូនសិស្ស​លោក​អភិបាល​ពេញ​សិទ្ធ។ លោក​បញ្ជាក់​ថា​បង​ប្រុស បាន​រៀន​នៅ​ទេវ​វិទ្យាល័យ​បី​ឆ្នាំ​កន្លង​មក​ គាត់​បាន​រិះ​គិត​អំពី​ការ​ត្រាស់​ហៅ​របស់​ព្រះ​ជាម្ចាស់​ និង​ត្រៀម​ខ្លួន​ចូល​ឆ្លើយ​តប​ទៅ​នឹង​ការ​ត្រាស់​ហៅ​នេះ​ដោយ​មាន​ទាំង​ចំណេះ​ដឹង​ និង​កាន់​អប្បកិរិយាមាយាទត្រឹមត្រូវ។ លោក​ក៏បាន​ស្នើឲ្យ​គ្រីស្តបរិស័ទ​ បន្ត​អធិដ្ឋាន សម្រាប់​និស្សិតទេវវិទ្យាល័យទាំងអស់។​

លោក​អូលីវីយេ​​ និង​ លោក​អន់តូនី បាន​ប្រកាស​សួរ​បេក្ខជន​ក្នុង​ការ​ស្ម័គ្រ​ចិត្ត ដើម្បី​ថ្វាយជីវិត​បម្រើព្រះសហគមន៍​ និង​ប្រជារាស្ត្រ​របស់ព្រះជាម្ចាស់​ ព្រោះតែ​ស្រឡាញ់​ព្រះយេស៊ូ​​ ដោយ​បន្ត​ទទួល​ការអប់រំ និង​ត្រៀមខ្លួន​ធ្វើជាបូជាចារ្យដើម្បី​បម្រើ​ភូមិភាគ​រៀងៗខ្លួន។​

បន្ទាប់​ពី​បេក្ខជនទាំងពីររូប បាន​ប្រកាស​យល់ព្រមស្ម័គ្រចិត្ត តាមការសាកសួរខាង​លើ លោកអភិបាលអូលីវីយេ និង​អលោកអភិបាល​អន់តូនី​ ​បានយល់ព្រមទទួល​បងប្រុស​ហុង និង​បងប្រុសកាន់​​ឲ្យ​ទៅជានិស្សិត​ផ្លូវការតាមប្រពៃណី​ព្រះសហគមន៍កាតូលិក ដោយ​មាន​លិខិតស្នាមត្រឹមត្រូវ។

បេក្ខជន វិន កាន់​ បានឲ្យ​ដឹង​អំពី​គោលបំណង​ និង​ការតស៊ូ​ដើម្បីទទួល​ការអប់រំ​ជា​បូជាចារ្យព្រោះ  ជីវិតជាលោកបូជាចារ្យគឺមានអំណរសប្បាយខ្លាំង មិនថាតាមលោកីយ៍ ឬ ខាងវិញ្ញាណនោះទេ ។ លើសពីនេះទៅទៀត​ បងប្រុសកាន់ ចាប់អារម្មណ៍ខ្លាំងអំពីបូជាចារ្យ ដែល​មានតួនាទីនាំសេចក្តីសុខសាន្ត  ព្រះពរ និង​ការសង្រ្គោះរបស់ព្រះយេស៊ូដល់មនុស្សឯទៀតៗ។  បងប្រុសថា បំណងជាបូជាចារ្យគឺ រស់នៅជាមួយព្រះយេស៊ូ  ត្រូវអធិដ្ឋាន​ ស្រឡាញ់កិច្ចការព្រះសហគមន៍ និងបំពេញតួនាទីរបស់ខ្លួនឲ្យបានគ្រប់គ្រាន់ ដែល​​ជាសញ្ញាដែលព្រះជាម្ចាស់កំពុងត្រាស់ហៅយើង។

ព្រះ​សហគមន៍​កាតូលិក ភូមិ​ភាគ​ភ្នំពេញ​បាន​ខិតខំ​រៀបចំ​ការអធិដ្ឋាន​សម្រាប់​ការ​ត្រាស់ហៅ​​​យុវជន​យុវនារី​ជា​រៀង​រាល់​ខែ។ ជាក់​ស្តែង​ការ​អធិដ្ឋាននេះ​បាន​ផ្តល់​នូវ​ផល​ផ្លែដោយ​មាន​យុវជនម្នាក់ថ្មី និង​និស្សិត​ចាស់​៨នាក់​ទៀតបាន​ស្ម័គចិត្ត​ចូល​ទេវវិទ្យាល័យ​ដើម្បី​រិះគិត​អំពី​ដំណើរ​ជីវិតជាបូជាចារ្យ ក្នុង​ឆឆ្នាំ២០១៧នេះ។ មើលរូបផ្សេងទៀត

សរសេរ​ដោយ​ ដាលីស

០៨ តុលា ២០១៧

រាជធានីភ្នំពេញ៖ នៅព្រះវិហារសន្តប៉ូល និងសន្តសិលា នៃមណ្ឌលសកម្មភាពភ្នំពេញថ្មី នាថ្ងៃ​អាទិត្យ ទី០៨ ខែតុលា ឆ្នាំ២០១៧នេះ គណៈកម្មការពលករ នៃព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញ បានរៀបចំកម្មវិធីមហោស្រពពលករមួយ ដែលទាក់ទងទៅនិងប្រធានបទ ពលកររួមគ្នាដើម្បីសិទ្ធិគ្រប់គ្រាន់ក្នុងការងារ។

          កម្មវិធីនេះ មានការចូលរួមជាកិត្តិយសពីសំណាក់លោកអភិបាល អូលីវីយេ និង​លោកបូជាចារ្យមួយចំនួន ដែលជួយនៅក្នុងគណៈកម្មការពលករ រួមនិងបងប្អូនកម្មករ កម្មការិនីប្រមាណជាង១០០នាក់។  កម្មវិធីនេះមានគោលបំណងជួបជុំជាមួយបងប្អូន​ជា​កម្មករ កម្មការិនី នៅតាមបណ្តារោងចក្រមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យពួកគេមាន​ឱកាស​កំសាន្តរួមគ្នា ចែករំលែកបទពិសោធន៍នៃជីវិតរស់នៅរបស់ពួកគេម្នាក់ៗ ដែលធ្លាប់​បានជួបប្រទះក្នុងជីវិតរស់នៅប្រចាំថ្ងៃ ។

          លោកអូលីវីយេ ជ្មីហស៊្លែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានមាន​ប្រសាសន៍​លើកទឹកចិត្តកម្មករ កម្មការិនី​ ដែលចូលរួមកម្មវិធីនាឱកាសនោះថា នេះជា​ឱកាស​មួយស្រាប់ព្រះសហគមន៍កាតូលិក ដើម្បីបង្ហាញពីការយកចិត្តទុកដាក់​សម្រាប់​កម្មករ ដែលសព្វថ្ងៃនេះនៅប្រទេសកម្ពុជាមានកម្មករប្រមាណជា៨០ម៊ឺននាក់។ បើទោះ​បីព្រះសហគមន៍កាតូលិកមិនមានសកម្មភាពច្រើនក្តី ប៉ុន្តែព្រះសហគមន៍បានរៀប​ចំ​​ឲ្យ​​មាន​​មណ្ឌលមួយ សម្រាប់ទទួលនិងជួយដល់កម្មករ កម្មការិនីខ្លះៗ ដែលធ្វើការតាម​រោងចក្រ។ យើងមានក្រុមចលនាយុវកម្មករគ្រីស្តបរិស័ទ ដើម្បីប្រមូលកម្មករ កម្មការិនី ដើម្បី​រិះគិតអំពីតម្លៃនៃជីវិត ដើម្បីរិះគិតអំពីអត្ថន័យនៃការងារ និងរិះគិតអំពីជីវិតនៃការ​រស់នៅ​ជាក្រុមជាដើម។

          លោកដឺហ្វុង យ៉ាន ជាអ្នកទទួលខុសត្រូវគណៈកម្មការពលករ នៃព្រះសហគមន៍​កាតូលិកភូមិភាគភ្នំពេញ បានឲ្យដឹងថា មហោស្រពពលករ គឺជារួមគ្នាររៀបចំឡើងដោយ​ក្រុម​កម្មករ ដែលភាគច្រើនពួកគេធ្វើការនៅតាមរោងចក្រ ។ ចំពោះប្រធាបទនាឆ្នាំនេះ​ គឺពួកគេបានជ្រើសរើសប្រធានបទ ពលកររួបរួមគ្នា ដើម្បីសិទ្ធិគ្រប់គ្រាន់នៅក្នុងការងារ ដែលប្រធានបទនេះ គឺចង់ផ្ញើសារទៅដល់ថ្នាក់ដឹកនាំរោងចក្រ គិតឲ្យបានវែងឆ្ងាយជាង​ហ្នឹងសម្រាប់អ្នកដទៃ គែសូមឲ្យថ្នាក់ដឹកនាំនៅតាមរោងចក្រនានា ត្រូវគោរពសិទ្ធិ​របស់ពួក​គាត់​ដែលជាកម្មករ។ ដូច្នេះហើយ កម្មករទាំងអស់ ពួកគាត់ទាមទារ និងចង់បានសិទ្ធិ​គ្រប់គ្រាន់​នៅក្នុងការងារទាំងនោះ។

          លោកឆោម សុធា អាយុ៣៣ឆ្នាំ ជាកម្មករនៅក្រុមហ៊ុនISI ក្នុងរាជធានីភ្នំពេញ ដែល​បាន​ចូលរួមកម្មវិធីនោះ បានចាប់អារម្មណ៍ថា កម្មវិធីជំនួបកម្មករ កម្មការិនី នាឱកាសនេះ គឺមានគោលបំណងជួយលើកទឹកចិត្តបងប្អូនកម្មករ ទាំងអស់ឲ្យមានការតស៊ូ និងចេះ​រួបរួម​គ្នា ដោយស្វែងយល់អំពីច្បាប់ការងារផ្សេងៗ និងចេះតស៊ូមតិ ដោយចេះទាមទារសិទ្ធិ​ការងាររបស់ខ្លួនដូចដែលមានចែងក្នុងច្បាប់ការងារ នៃព្រះរាជាណាចក្រកម្ពុជា​យើង។

          គួរបញ្ជាក់ថា គណៈកម្មការពលករ គឺជាគណៈកម្មការមួយ ដែលបានបង្កើត​ឡើង​ដោយព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ក្នុងគោលបំណង ជួយដល់បងប្អូនកម្មករ កម្មការិនី នៅតាមរោងចក្រមួយចំនួន ទាក់ទងទៅនិងសិទ្ធិការងារ ការរួបរួមគ្នា និងការ​តស៊ូមតិ ដើម្បីឲ្យមានការគោរពសិទ្ធិ និងគោរពច្បាប់ការងារជាដើម ។ 

          ការិយាល័យគណៈកម្មការពលករ ស្ថិតនៅផ្លូវរុងរឿង១ ភូមិទួលពង្រ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ម្តុំរោងចក្រដំបូលខៀវ ៕ មើលរូបផ្សេងទៀត

ដោយ ឡុង សម្ផស្ស

  1 2 3 4 5 6 7 8 9 10  ...   

© Copyright 2013 Catholic Phnom Penh - All rights reserved.