ធម្មទេសនារបស់លោកអភិបាលអូលីវីយេ អភិបូជាអន្តរជាតិនៅផ្សារតូច ថ្ងៃទី០៤ មិថុនា ២០១៧

ធម្មទេសនារបស់លោកអភិបាលអូលីវីយេ

អភិបូជាអន្តរជាតិនៅផ្សារតូច

ថ្ងៃទី០៤ មិថុនា ២០១៧

អត្ថបទទី១៖ កក ២,១-១១

អត្ថបទទី២៖ ១ករ ១២,៣ខ-៧.១២-១៣

ដំណឹងល្អ៖ យហ ២០,១៩-២៣

 

បងប្អូនជាទីស្រឡាញ់!

ថ្ងៃនេះយើងមានអំណរសប្បាយ យើងជួបជុំគ្នាជាមហាគ្រួសាររបស់ព្រះគ្រីស្ត នៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ។ នៅពេលយើងស្តាប់ចម្រៀង ស្តាប់អត្ថបទគម្ពីរភាសាផ្សេងៗ​គ្នា នាំឲ្យយើងនឹកឃើញដល់ក្រុមគ្រីស្តទូតពីដើម ដែលនិយាយភាសាផ្សេងៗគ្នា។ ខ្ញុំសូម​ស្វាគមន៍លោកឪពុក និងបងប្អូនទាំងអស់ ដែលមកពីសហគមន៍ផ្សេងៗ មានបារាំង កូរ៉េ អង់គ្លេស...ជាដើម។

មុនព្រះយេស៊ូយាងឡើងស្ថានបរមសុខ ព្រះអង្គមានព្រះបន្ទូលបីដ៏សំខាន់ដល់ក្រុម​គ្រីស្តទូត “សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត / ដូចព្រះបិតាដែលបាន​ចាត់ខ្ញុំឲ្យមកយ៉ាងណា ខ្ញុំឲ្យអ្នករាល់គ្នាទៅយ៉ាងនោះដែរ / ចូរទទួលព្រះវិញ្ញាណ”។ យើង​អាចនិយាយថា ព្រះបន្ទូលទាំងបីនេះ គឺជាលក្ខខណ្ឌដែលព្រះយេស៊ូទុកឲ្យក្រុមគ្រីស្តទូត ដែលជាអ្នកបន្តបេសកកម្មពីព្រះអង្គ ជាបេសកកម្មដែលព្រះអង្គបានចាប់ផ្តើម។ ព្រះយេស៊ូ​បានប្រទានសេចក្តីសុខសាន្តនេះឲ្យគេ ដោយសារសេចក្តីសុខសាន្តនេះមកពីព្រះជាម្ចាស់ ជាមូលដ្ឋានគ្រឹះនៃគ្រប់បេសកកម្មក្នុងជីវិតរបស់គេ និងរបស់យើងដែរ។ សព្វថ្ងៃ ប្រសិនបើ​ក្នុងដួងចិត្តរបស់យើងឥតមានសេចក្តីសុខសាន្ត នោះយើងមិន អាចកសាងសេចក្តីសុខ​សាន្តនៅក្នុងពិភពលោកបានទេ ហើយបើពិភពលោកឥតមានសេចក្តីសុខសាន្តទេ នោះ​ពិភពលោកយើងក៏មិនអាចអភិវឌ្ឍបានដែរ។ ប្រសិនបើយើងឥតមានសេចក្តីសុខសាន្ត​រវាង​គ្នានឹងគ្នានៅក្នុងព្រះសហគមន៍ នោះព្រះសហគមន៍យើងក៏មិនអាចមានជីវិតបានដែរ។

ពេលនេះ ប្រសិនបើយើងត្រឡប់មើលទៅថ្ងៃដំបូងដែលព្រះជាម្ចាស់បង្កើតពិភព​លោក នោះយើងឃើញថា កាលនោះពិភពលោកមានសេចក្តីសុខសាន្ត និងសុខដុមរមនា​រវាងគ្នានឹងគ្នាខ្លាំងណាស់។ ប៉ុន្តែបន្ទាប់មក មានអាដាំនិងអេវ៉ាដែលចាប់ផ្តើមមានចិត្ត​លោភ​លន់។ អាដាំនិងអេវ៉ា ជាតំណាងឲ្យមនុស្សជាតិ បានចាប់ផ្តើមតាំងខ្លួនស្មើនឹងព្រះជាម្ចាស់ ហើយមនុស្សបានខិតខំសាងសង់កំពូល ប្រាសាទបាបែលដើម្បីបង្ហាញថា ខ្លួនមានអំណាច​លើសព្រះជាម្ចាស់ ដែលនៅពេលនោះព្រះជាម្ចាស់បានបំបែកគេ ដើម្បីបង្កើតសេចក្តី​សុខសាន្តសាជាថ្មី។ ក្រោយមកមានទឹកជំនន់លិចពិភព លោកទាំងមូល និងបន្ទាប់ពីទឹក​បានស្រកចុះ មានសញ្ញាមួយទៀតគឺព្រាបសដែលហើរចេញពីសំពៅលោកណូអេ បាន​ត្រឡប់មកវិញដើម្បីបង្ហាញថា សេចក្តីសុខសាន្តបានមកវិញហើយ។

ដូច្នេះតាំងពីដើមរៀងមក ព្រះជាម្ចាស់បានបង្កើតសេចក្តីសុខសាន្តសម្រាប់មនុស្ស​យើង ជាអ្វីដែលពិភពលោករបស់យើងត្រូវការយ៉ាងខ្លាំង។ នៅក្នុងពិភពលោករបស់យើង​សព្វថ្ងៃ ប្រទេសមហាអំណាចកំពុងតែទាស់គំនិតគ្នា ក្នុងការការពារពិភពលោក ការពារ​ធម្មជាតិ និងការពារអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានប្រទានឲ្យយើងទុកជាលំនៅដ្ឋាន​រួម។ កាលពីប៉ុន្មានឆ្នាំកន្លងទៅ មេដឹកនាំប្រទេសធំៗក្នុងពិភពលោក បានចុះហត្ថលេខា​ឯកភាពគ្នាលើការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ តែឥឡូវនេះ គេបែកបាក់គ្នាលើគោលការណ៍​នេះ។ ព្រឹកមិញនៅប្រទេសអង់គ្លេសមានភេវរកម្មកើតឡើង... ទាំងអស់នេះបង្ហាញថា ដោយសារតែទំនាក់ទំនងគ្នារបស់មនុស្សយើងខ្វះសេចក្តីសុខសាន្ត ដូច្នេះយើងមិនខ្វះទេ​ការស្អប់គ្នា ការនិយាយដើមគ្នា ការបង្កររឿងដាក់គ្នាទាំងនៅក្នុងសង្គម និងទាំងនៅក្នុង​ព្រះសហគមន៍ដែរ។

ប៉ុន្តែថ្ងៃនេះ ព្រះយេស៊ូមានព្រះបន្ទូលយ៉ាងច្បាស់មកយើងថា “សូមសេចក្តីសុខ​សាន្ត​គង់នៅជាមួយបងប្អូន” ដែលមានន័យថា សូមឲ្យបងប្អូនទទួលយកសេចក្តីសេចក្តី​សុខសាន្តទុកក្នុងខ្លួន ដើម្បីកសាងជីវិតរបស់ខ្លួនផ្ទាល់ ដើម្បីកសាងទំនាក់ទំនងល្អរវាងគ្នា​នឹងគ្នា ដើម្បីកសាងព្រះសហគមន៍ និងពិភពលោករបស់យើង។ ដូច្នេះ សូមឲ្យយើងយក​ចិត្តទុកដាក់រក្សាសេចក្តីសុខសាន្តដែលព្រះជាម្ចាស់បានប្រទានឲ្យយើង ដ្បិតមានតែ​សេចក្តីសុខសាន្តនេះទេ ដែលណែនាំឲ្យជីវិតរបស់យើងរីកចម្រើន និងឲ្យពិភពលោករបស់​យើងអភិវឌ្ឍយ៉ាងពិតប្រាកដ។ នៅពេលយើងពោរពេញដោយ សេចក្តីសុខសាន្ត ពេល​នោះ​យើងនឹងអាចទទួលព្រះបន្ទូលមួយថែមទៀតគឺ “ដូចព្រះបិតាបានចាត់ ខ្ញុំឲ្យមកយ៉ាង​ណា ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅយ៉ាងនោះដែរ” ដែលមានន័យថាព្រះអង្គចាត់យើងឲ្យទៅ​បំពេញបេសកកម្មជាពិសេសព្រះបន្ទូលនេះ គឺសម្រាប់បងប្អូនដែលនឹងទទួលអគ្គសញ្ញា លាបថ្ងាសនៅពេលនេះ គឺព្រះយេស៊ូចាត់បងប្អូនឲ្យទៅប្រកាសដំណឹងល្អដូចព្រះអង្គដែរ។ ព្រះយេស៊ូបានជ្រើសរើសយើងទាំងអស់គ្នា ឲ្យទទួលបេសកកម្មដូចព្រះអង្គបានទទួលពី​ព្រះបិតា។ យើងបន្តបេសកកម្មរបស់ព្រះយេស៊ូ ដោយយើងបន្តប្រកាសដំណឹងល្អ​នៅលើ​ផែនដីនេះតាមការ រស់នៅរបស់យើង។ បងប្អូនត្រូវគិតអំពីរបៀបដែលយើងត្រូវប្រកាស​ដំណឹងល្អ ដោយកុំគិតស្មានថាយើងត្រូវប្រកាសតាមរបៀបដ៏អស្ចារ្យ តាមពិតគឺ​យើង​ប្រកាស​តាមរបៀបធម្មតាក្នុងជីវិតប្រចាំថ្ងៃរបស់យើង ដោយឲ្យយើងចេះបង្ហាញសេចក្តី​ស្រឡាញ់​នៅក្នុងគ្រួសារ នៅក្នុងសាលា នៅកន្លែងធ្វើការ...។ ដោយឲ្យយើងចេះ​បម្រើ​គ្នា​ទៅ​វិ​ញ​ទៅមក ដូចព្រះយេស៊ូប្រទានសញ្ញាចុងក្រោយមុនពេល ព្រះអង្គសោយទិវង្គតគឺ​ព្រះអង្គបានលាងជើងក្រុមសាវ័ក ដោយមានព្រះបន្ទូលថា “សូមបម្រើ គ្នាទៅវិញទៅមក”។ សេចក្តីស្រឡាញ់ពិតប្រាកដ គឺនៅពេលណាយើងបម្រើគ្នាទៅវិញទៅមក។ ចុងក្រោយ ដោយ​ឲ្យយើងយកចិត្តទុកដាក់លើកលែងទោសគ្នាទៅវិញទៅមក គឺលើកលែងទោស យ៉ាង​ជ្រៅពីក្នុងដួងចិត្តរបស់យើង ដោយទទួលការលើកលែងទោសពីគេ និងយកចិត្តទុក​ដាក់​លើកលែងទោសឲ្យគេដែរ។ ទាំងអស់នេះ គឺជាការបំពេញបេសកកម្មដ៏អស្ចារ្យ ដែល​យើង​បានទទួលពីព្រះយេស៊ូ ដើម្បីប្រកាសដំណឹងល្អ អំពីព្រះរាជ្យព្រះជាម្ចាស់តាមរយៈ​ជីវិត​ប្រចាំថ្ងៃរបស់យើង។

ព្រះយេស៊ូទ្រង់ឈ្វេងយល់ថា មនុស្សយើងមិនមានកម្លាំងល្មមដើម្បីធ្វើកិច្ចការទាំង​នេះទេ ហេតុដូចនេះហើយ បានជាព្រះអង្គមានព្រះបន្ទូលថា “ចូរទទួលព្រះវិញ្ញាណ” ដើម្បី​ទទួល​កម្លំាងពីព្រះអង្គ។  ព្រះយេស៊ូមិនទុកឲ្យយើងឯកាដោយពឹងលើកម្លាំងខ្លួនឯងផ្ទាល់ ដើម្បីស្រឡាញ់ ដើម្បីបម្រើ ដើម្បីលើកលែងទោស ដើម្បីធ្វើជាគំរូដ៏វិសុទ្ធដល់គេនោះទេ តែ​ព្រះអង្គបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដើម្បីជួយយើង។ ព្រះវិញ្ញាណដ៏វិសុទ្ធដែល​ព្រះ​យេស៊ូ​​ប្រទានឲ្យយើង ជាព្រះវិញ្ញាណដ៏វិសុទ្ធដែល ណែនាំយើងឲ្យទៅជាធ្លុងមួយ ដូច​ព្រះបិតា ព្រះបុត្រា ជាធ្លុងតែមួយ ដើម្បីឲ្យព្រះសហគមន៍របស់ យើងទៅជាក្រុមគ្រួសារ​តែមួយ។ ថ្ងៃនេះនៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ យើងទទួលសេចក្តីសុខសាន្ត សម្រាប់​ព្រះសហគមន៍របស់យើង ដើម្បីឲ្យព្រះសហគមន៍របស់យើងទៅជាគ្រួសារមួយ ដែលយើង សប្បាយចិត្តពេលយើងជួបជុំគ្នា ដែលយើងសប្បាយចិត្តពេលយើងអធិដ្ឋានជាមួយគ្នា ដែលយើង សប្បាយចិត្តដ្បិតយើងជាបងប្អូនបង្កើតនឹងគ្នា។

ឆ្នាំនេះនៅភូមិភាគភ្នំពេញ យើងមានបេក្ខជន១៥០នាក់បានទទួលអគ្គសញ្ញា​ជ្រមុជ​ទឹក ដែលមានទាំងលោកយាយចាស់ៗ មានទាំងគ្រូបង្រៀន មានទាំងប្រជាជនធម្មតា មានទាំងកូនង៉ែត មានទាំងយុវជន។ ពួកគេបានទទួលព្រះបន្ទូលទុកនៅក្នុងជីវិតរបស់គេ គេបានរកឃើញគ្រួសារមួយ ដែលចេះស្រឡាញ់គ្នាទៅវិញទៅមក ដែលចេះគោរពគ្នា​ទៅវិញទៅមក ដែលចេះលើកលែងទោស ឲ្យគ្នាទៅវិញទៅមក។ គ្រួសារដែលចេះ​ស្រឡាញ់​គ្នា​ទៅវិញទៅមក គឺជាគ្រួសារដែលចេះទទួលបងប្អូនជានិច្ច ពេលមានបងប្អូន​ខ្លះ​វង្វេងផ្លូវ ពេលមានបងប្អូនខ្លះទៅឆ្ងាយពីព្រះយេស៊ូទាំងមិនដឹងខ្លួន ប៉ុន្តែឪពុកម្តាយគឺជា​ព្រះសហគមន៍នៅតែទទួលស្វាគមន៍គេជានិច្ច ទាំងលើកលែងទោសឲ្យគេផង។ យើង​ទទួល​អំណាចដើម្បីលើកលែងទោសឲ្យគេ ដូចយើងបានស្តាប់នៅថ្ងៃនេះថា “ព្រះវិញ្ញាណ ដ៏វិសុទ្ធណែនាំឲ្យយើងមានសិទ្ធិលើកលែងទោសឲ្យគេ”។ យើងមានការពិសោធអំពីការ​លើកលែងទោសនេះ ដោយដឹងថាយើងមានសមត្ថភាពលើកលែងទោសឲ្យគេ ដោយសារ​ព្រះវិញ្ញាណដ៏វិសុទ្ធផ្តល់កម្លាំងឲ្យយើង ដើម្បីឲ្យយើងបង្កើតគ្រួសារដ៏សុខសាន្តមួយ​នៅក្នុង​ព្រះសហគមន៍។

សូមព្រះវិញ្ញាណដ៏វិសុទ្ធយាងមក សណ្ឋិតលើព្រះសហគមន៍ សណ្ឋិតលើពិភព​លោក លើសង្គមរបស់យើង ដើម្បីឲ្យយើងរកឃើញសេចក្តីសុខសាន្ត ឲ្យយើងបំផ្លាញការ​ស្អប់គ្នា ការមើលងាយគ្នា ការនិយាយដើមគ្នាដែលគ្មានប្រយោជន៍។ ព្រះវិញ្ញាណដ៏វិសុទ្ធ​សកម្ម ប៉ុន្តែបើយើងមិនសកម្មព្រះ វិញ្ញាណដ៏វិសុទ្ធមិនអាចសកម្មបានទេ។ ព្រះវិញ្ញាណ​ដ៏វិសុទ្ធអាចសកម្ម ប្រសិនបើយើងជាអ្នក ទទួលខិតខំអនុវត្តពិតប្រាកដមែន ដោយបម្រើ ដោយស្រឡាញ់ ដោយលើកលែងទោស តែបើយើងដេកលក់ យើងបិទត្រចៀក បេះដូង ភ្នែក... នោះព្រះវិញ្ញាណដ៏វិសុទ្ធមិនអាចសកម្មបានទេ។ ហេតុនេះហើយ នៅថ្ងៃនេះយើង​សូមអធិដ្ឋាន សូមព្រះវិញ្ញាណដ៏វិសុទ្ធមានឥទ្ធិពលលើព្រះ សហគមន៍របស់យើង លើពិភពលោករបស់យើង ដោយដឹងថាអ្វីៗទាំងអស់ អាស្រ័យលើយើងបើកចិត្តគំនិត បើកភ្នែក បើកត្រចៀក ដើម្បីឲ្យព្រះវិញ្ញាណដ៏វិសុទ្ធមានសកម្មភាពនៅក្នុងពិភពលោក យើង ដើម្បីឲ្យពិភពលោករបស់យើងទទួលសេចក្តីសុខសាន្ត ដូចព្រះយេស៊ូមានព្រះបន្ទូល​ថា “សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត”។ អាម៉ែន។


© Copyright 2013 Catholic Phnom Penh - All rights reserved.