លោកអភិបាល

 

លោក​អភិ​បាល​ អូលី​វីយេ ​ជ្មិត​ហស្លេរ​

 

           លោក​អ​ភិបាល​​ ​អូលីវីយេ ​ជ្មិតហ​ស្លេរ​ កើត​នៅ​ថ្ងៃ​ទី​២៦​ ខែ​មិថុនា​ ឆ្នាំ​ ​១៩៧០​ ​នៅ​អូស្រ្តា​សប៊ូ​ ប្រទេស​បារាំង​ ។ ​ឪពុក​លោក​ជា ឧប​ដ្ឋាក​ប្រចាំ​នៅ ​អគ្គ​ភូមិ​ភាគ​ស្រ្តាស​ប៊ូ​ ប្រទេស​បារាំង ​។​ ពី​ឆ្នាំ​​១៩៩១​-១៩៩៤​        លោក​បាន​ទៅ​ធ្វើ​ការ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​បា​រាំង​នៅ​សកល​វិទ្យា​ល័យ ​សន្ត​ ​ថូ​ម៉ាស​ ក្នុង​ទីក្រុង​អូសាកា​ ប្រទេស​ជប៉ុន​ ។

 

​           លោក​ បាន​ទទួល​ការ​អប់​រំ​ជា ​បូជា​ចារ្យ​នៅ​ប្រទេស​បារាំង​ ។​​ ​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​ ឆ្នាំ​ ១៩​៩៨​ លោក​ទទួល​អគ្គ​សញ្ញា​តែងតាំង​ជាបូ​ជា​ចារ្យ​ ក្នុង​ក្រុម​សាសន​ទូត​ក្រៅ ​ប្រទេស​ ក្រុង​ប៉ារីស ​។​ លោក​ទទួល​បេស​កម្ម​ជា​ សាសន​ទូត​ចូល​មក​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ដដែល​ ។

 

​          លោក​ រៀន​ភាសា​រខ្មែរ​ រហូត​ដល់​ឆ្នាំ​២០០២​ ។ ​លោក​អភិ​បាល​ ព្រះ​សហគមន៍​ភូមិ​ភាគ​ភ្នំពេញ​ ចាត់​លោក​ឲ្យ​ទៅ​ទទួល​ខុស​ត្រូវ​ព្រះ​សហគមន៍​ មណ្ឌល​សកម្មភាព​ តា​កែវ​ និង​កំពត ។​ នៅ​ក្នុង​មណ្ឌល​សកម្មភាព​នេះ ​លោក​បាន​យក​ចិត្ត​ទុក​ដាក់​ អស់​ពី​កំ​លាំង​កាយ ​កំលាំង​ចិត្ត​ ពោរ​ពេញ​ដោយ​ជំនឿ​ក្នុង​ការ​បំរើ​បង​ប្អូន​ នាំ​ដំណឹង​ល្អ​ដល់​អ្នក​ដែល​មិនទាន់​ស្តាប់​ព្រះ​សហគមន៍​កាតូ​លិក​ ​និង​មិន​ទាន់​ស្គាល់​ព្រះ​​យេ​ស៊ូ​គ្រីស្ត ។​ លោក​បាន​បង្កើត​កម្ម​វិធី​នានា​ ដើម្បី​ជួយ​អោយ​យុវជ​ន​ យុវនារី​ និង​កុមារា​ កុមារី​បាន​ទទួល​ការ​អប់​រំ ​តាមរយៈ​ការ​កសាង​ សាលា​មត្តេយ្យ​ អនុ​វិទ្យាល័យ​ ​វិទ្យា​ល័យ​ និង​វិទ្យា​ស្ថាន​បច្ចេក​ទេស​ជាន់​ខ្ពស់​ ព្រម​ទាំង​មណ្ឌល​ បណ្តុះប​ណ្តាល​វិជ្ជាជីវៈ​ ដល់​ស្រ្តី​មេម៉ាយ​ យុវ​នារី​ក្នុង​ភូមិ​ជន​បទ​ ។ ​លោក​ក៏បាន​ គាំ​ពារ​ដល់​អ្នក​ទន់​ខ្សោយ​ ​ដែល​គ្មា​ន​ទីពឹង​ ជា​ពិសេស ​គ្រួសា​រ​អ្នក​ផ្ទុក​មេ​រោគ​អេដស៍​ ​និង​​អ្នក​ជម្ងឺ​​អេដស៍​ ដោយ​សាង​សង់​ជា​មណ្ឌល​ដើម្បី​ទទួល​ពួក​គេ​ទាំង​នោះ ​ឲ​មាន​សង្ឃឹម​ និង​លំនឹង​ក្នុង​ជីវិត​ ព្រម​ទាំង​ផ្តល់​ឪកាស​ ដល់​កូន​ៗ​របស់​អ្នក​ទាំង​នោះ​បាន​រៀន​សូត្រ​ កសាង​អនា​គត​រ​បស់​គេ​ផង​ដែរ​ ។​

 

         ពី​ឆ្នាំ​២០០២​រហូត​មក​ លោក​ជា អ្នក​ទទួល​ខុស​ត្រូវ​ការ​អប់រំ​ចំណេះ​ដឹង​ទូទៅ​ក្នុង​ព្រះសហគមន៍​ភូមិ ​ភាគ​ភ្នំពេញ ។​ ពី​ឆ្នាំ​២០០៣​-២០០៥​ លោក​ជាសា​ស្រ្តាចារ្យ​បង្រៀន​ប្រវត្តិ​សាស្ត្រ​ព្រះសហគមន៍​ដល់​និស្សិត​ទេវ​ វិទ្យាល័យ​កម្ពុជា​ ។ ​នៅ​ឆ្នាំ​២០០៧​ ​លោក​ត្រូវ​ជ្រើស​រើស​ជា​តំណាង​ពេញ​សិទ្ធិ​ លោក​អភិ​បាល​ព្រះសហគមន៍​ភូមិ​ភាគ​ភ្នំ​ពេញ​ ។

 

​        នៅ​ ថ្ងៃ​ទី២៤​ ខែ​ធ្នូ ​ឆ្នាំ២០០៩​ សម្តេច​ប៉ាប​ បេណេឌីក​ ទី១៦​ បាន​តែង​តាំង​លោក​ជា​អភិបាល​ឧបត្ថម្ភក​ នៅ​ព្រះសហគមន៍​ ភូមិ​ភាគ​ភ្នំពេញ ​ហើយ​នៅថ្ងៃ​ទី២០​ ខែមីនា ​ឆ្នាំ​២០​១០​ លោក​ទទួល​អគ្គស​ញ្ញា​តែង​តាំង​ជាអភិបាល ។​

 


 

លោក​អភិ​បាល​ អេមីល​ ដេត​ម្ប

 

        លោក​ អេមីល​ ដេម្ប ​ កើត​នៅ​ថ្ងៃទី​ ១៥​ខែ​សីហា​ ឆ្នាំ​១៩៣៥​ នៅរុង្ក​ ​ប្រទេស​បារាំង ​។​ លោក​រៀន​នៅទេវ​វិទ្យាល័យ​​ សមាគម​សាសនទូត​ក្រៅ​ប្រទេស​នៅ​បារាំង​ ពី​ឆ្នាំ​១៩៥៣​ ដល់​ឆ្នាំ ​១៩៦១​ និង​រៀន​ទស្សន​វិជ្ជា​ នៅ​ម​ហា​វិទ្យាល័យ​ស័រប៊​ណ​ (ក្រុង​ប៉ារីស​) ​។

 

     ​លោក​ ទទួល​អគ្គ​សញ្ញា​តែង​តាំង​ជា​បូជាចារ្យ​ នៅ​ថ្ងៃ​ទី២១​ ខែ​ធ្នូ​​ឆ្នាំ​១៩៦១។​ ​លោក​ទទួល​មុខងារ​ជា​សាសន​ទូត​មក​រស់​នៅ ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៦៤ ។​ ​

 

         នៅ​​ ឆ្នាំ​​​១​៩​៧៥​​ ​ពេល​​ខ្មែរ​​ក្រហម​​ដណ្តើម​​បាន​​ទីក្រុង​​ភ្នំពេញ​​ លោ​ក​​ត្រូវ​បាន​​បង្ខំ​​អោយ​​ចាក​ចេញ​​ ពី​ប្រទេស​​កម្ពុជា​​  រួម​​ជា​​មួយ​​សាសន​ទូត​​ផ្សេង​​ទៀត ។​​ ​លោក​​បាន​វិល​ចូល​ប្រទេស​កម្ពុជា ​នៅឆ្នាំ​១៩៨៩​ ក្នុង​នាម​ជា​បេសកជន​ដែល​បំរើ​ការងារ​អោយ​ អង្គការ​ការី​តាស​អន្តរ​ជាតិ​  ។ ក្នុ​ង​មុខងារ​នេះ ​លោក​បូជា​ចារ្យ​មាន​លទ្ធភាព​ស្វែង​រក​  និង​ទៅ​សួរ​សុខ​ទុក្ខ​គ្រី​សបរិ​ស័ទ​ នៅ​បាត់​ដំបង​ និង​​ចំ​ណោម​ ព្រម​ទាំង​កន្លែង​ជិត​ៗផ​ង​ដែរ​ ។​​ នៅ​ថ្ងៃ​ទី​១៤​ខែមេសា ​ឆ្នាំ​១៩៩០​ លោក​បាន​ថ្វាយ​អភិបូជា​ជា​លើក​ដំបូង​ ជា​មួយ​គ្រីស្ត​បរិស័ទ​រាប់​ពាន់​នាក់​ និង​មាន​តំណាង​បក្ស​ប្រជាជន​ចូល​រួម​ជាកិត្តិ​យស​ផង​ដែរ​ បន្ទាប់​ពី​ព្រះ​សហគមន៍​ត្រូវ​គ្រប​បាំង​ដោយ​សង្គ្រាម​ ​ទុក្ខ​វេទ​នា​ និង​ការ​ប្រល័យ​ពូជ​សាសន៍​។

 

​         លោក​អេមីល​ ​​ដេម្ប​ ទទួល​អគ្គ​សញ្ញា​ជា​ អភិ​បាល​ព្រះ​សហគមន៍​ នៅ​ថ្ងៃ​ទី៥​ ខែ​តុលា ​ឆ្នាំ ​១៩៩​៧ ។​ ថ្ងៃ​ទី១៤​ខែមេ​សា​ ឆ្នាំ​២០០​១​ ទទួល​មុខ​ងារ​ជា​អភិ​បាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ ។​

 

       ក្នុង​មុខងារ​ជា​ អភិបាល​ព្រះ​សហ​គមន៍​ភូមិ​ភាគ​ភ្នំ​ពេញ​ លោក​បាន​ខិត​ខំ​យ៉ាង​ខ្លាំង​ ដើម្បី​ដំណឹង​ល្អ ​និង​សាង​ព្រះ​សហ​គមន៍​លោក​បាន​លើក​យក​ការ​អប់​រំ​ (អប់រំ​ជំនឿ​ និង​ចំណេះ​ដឹង​ទូទៅ​)​ ជា​ចំណុច​អាទិ​ភាព​ ។​ លោក​បាន​នាំព្រះ​សហគមន៍​ ចាប់​អារ​ម្មណ៍​ពី​លក្ខណៈ​ខ្លួន​ជាខ្មែរ​។ ​លោក​ក៏បាន​លើទឹក​ចិត្ត​កុមារា​ កុមារី​ ជាតិ​វៀត​ណាម​ ដែល​កើត​លើ​ទឹក​ដីខ្មែរ​ ឲ្យ​រៀន​អក្សរ​សាស្រ្ត​ខ្មែរ​​។ល និង​ ល។​ ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ក្រីក្រ​ និង​អ្នក​ជំងឺ​ ក៏​ស្ថិត​ក្នុង​លំដាក់​នេះ​ដែរ​ ។​

 

 


 

លោក​អភិ​បាល​ យ៉ូសែប​ ឆ្មា​សឡាស់​​ ១៩៧៥​-១៩៧៧​

 

          លោក​ យ៉ូសែប​ ឆ្មារ​ សា​ឡាស់​ កើត​នៅ​ឆ្នាំ​១៩​៦០​ នៅ​ភ្នំពេញ​ ។​ ​លោក​រៀន​នៅវិ​ទ្យា​ល័យ​​ ​ទេវ​វិ​ទ្យាល័យ​ក្រុង​ប៉ារីស​ ​ប្រទេស​បារាំង​​ ហើយ​ទទួល​អគ្គ​សញ្ញា​តែង​តាំង​ជាបូ​ជា​ចារ្យ​នៅ​ឆ្នាំ​១៩៦៤ ​។​

 

         លោក​ ទទួល​ភារ​កិច្ចប​ង្រៀន​គ្រូ ​អប់​រំជំ​នឿ​ នៅ​ព្រះ​សហគមន៍ ​ខេត្ត​បាត់​ដំបង ​។​ លោក​ទទួល​អគ្គ​សញ្ញា ​តែង​តាំង​ជា​អភិបាល​ព្រះសហគមន៍​ នៅ​ថ្ងៃ​ទី​១៤​ ខែមេសា​ ឆ្នាំ​១៩៧៥ ​។ ​លោក​ទទួល​មុខ​ងារជា​អភិបាល​ឧបត្ថម្ភក​ ​នៃ​លោក​អភិបាល​ អ៊ីវ​ រ៉ាមូស ​។ ​មុន​ទទួល​អគ្គ​សញ្ញា​តែង​តាំង​ជាអភិបាល​ លោក​ សា​ឡាស់​ ​កំពុង​ស្នាក់​នៅ​ឯ​ប្រទេស​បារាំង ​។ ​ពេល​ទទួល​លិខិត​របស់​លោក​អភិបាល​ព្រះ​សហគមន៍ ​ភូមិ​ភាគ​ភ្នំ​ពេញ​អោយ​វិល​ ត្រលប់​មក​កម្ពុជា​វិញ​ ​លោក​ក៏​ត្រ​លប់​មក​ភ្លាម ​។​ ​លោក​ហាក់​ដូចជា​ដឹង​ច្បាស់​ថា​ ពេល​លោក​ត្រលប់​មក​វិញ​នឹង​បាត់​បង់​ជីវិត​ ​នៅ​ក្នុង​ប្រទេស​ខ្លួន​ ដែល​កំពុង​មាន​សង្គ្រាម​យ៉ាង​សន្ធោរ​សន្ធៅ​នោះ ។​ ប៉ុន្តែ​ លោក​ស្ម័គ្រ​ចិត្ត​ដោយ​ស្តាប់​បង្គាប់​ ត្រល​ប់​មក​វិញ​​ ​និង​ស្ម័គ្រ​រស់​នៅ​ជាប់​នឹង​ជំនឿ ​ព្រម​ទាំង​រង​ទុក្ខ​លំបាក​រួម​ជា​មួយ​បងប្អូន​គ្រីស្ត​បរិស័ទ​ផង​ដែរ​​ ។​

 

         នៅ​ថ្ងៃ ​ទី១៨​ ​ខែមេ​សា ​ឆ្នាំ​១៩៧៥​ ក្រុង​ភ្នំ​ពេញ​ត្រូវ​កាន់​កាប់​ដោយ​អង្គការ​ខ្មែ​រ​ក្រហម​ ​លោក​ត្រូវ​គេ​កៀរ​ទៅ​តាំង​គោក​ ស្រុក​បារាយ​ ខេត្ត​កំពង់​ធំ ​។​

 

           លោក​ ត្រូវ​បង្ខំ​អោយ​ធ្វើការ​ជា​ ទម្ងន់​នៅ​តាម​ការ​ដ្ឋាន​នានា​ ក្នុង​តំបន់​ ស្រុក​បារាយ ។​ ​ពេល​ធ្វើ​ការ​នៅ​ការ​រដ្ឋាន​លោក​សង្ឃឹម​ថា​ នឹង​បាន​ជួ​​ប​គ្រីស្ត​បរិស័ទ​ខ្លះ ​ដើម្បី​លើក​ទឹក​ចិត្ត​គេ ​តែ​មិន​សម្រេច​ឡើយ ​។​ នៅ​ឆ្នាំ​១៩៧៧​ លោក​អភិបាល​​ យ៉ូ​សែប​ ឆ្មា​សា​ឡាស់​ ទទួល​មរណ​ភាព​ ដោយ​ការ​បាក់​កំលាំង​ នៅ​វត្ត​ថ្លា ​ឃុំ​ស្រយូង​ ស្រុក​បារាយ​ ខេត្ត​កំពង់​ធំ ។​

 

 

 

 


 

លោកអភិបាល  អ៊ីវ​ រ៉ាមូស ១៩៦៣-​២០០១

 

          លោក អ៊ីវ រ៉ាមូស កើត ​នៅ​ថ្ងៃ​ទី​២៣​​ ខ្មែរ​កុម្ភៈ​ ឆ្នាំ​១៩២៨​​ ក្នុង​​ភូមិ​សែម​បា​ដេល​ ​ប្រទេស​បារាំង​ លោក​ចូល​សមាគម​សាសន​ទូត​ក្រៅ​  ប្រទេស​នា​ក្រុង​ប៉ារីស​ (MEP) ​។​​ លោក​បាន​បំពេញ​ការ​សិក្សា​ ​​នៅ​មហា​វិទ្យា​ល័យ​ ទេវ​វិទ្យា​​ក្រេ​កូរ៉ី​យ៉ាណា​-រ៉ូម​ និង​មហាវិទ្យា​ល័យ​ទេវវិទ្យា​ប៉ារីស​ ។ ​លោក​ទទួល​អគ្គ​សញ្ញា​តែងតាំង​ជាបូជា​ចារ្យ ​នៅ​ថ្ងៃ​ទី៤​ ខែ​មេសា​ ឆ្នាំ​១៩៥៣​ ។ ​ថ្ងៃទី​២៤​ ​ខែកុម្ភៈ​ ​ឆ្នាំ​១៩៦​៣ ​លោក​ទទួល​អគ្គសញ្ញា​តែង​តាំង​ជាអភិ​បាល​ទទួល​ខុស​ត្រូវ​លើ​ព្រះសហគមន៍​ភូមិ ​ភាគ​ភ្នំពេញ ។​

 

         លោក​ ត្រូវ​បណ្តេញ​ចេញ​ពីប្រទេស​កម្ពុជា ​នៅថ្ងៃ​ទី៣០​ ខែមេសា ​ឆ្នាំ១​៩៧៥ ​។​ នៅឆ្នាំ​១៩៧៦​ លោក​សុំលា​មុខ​តំណែង​ ផ្ទេរ​អោយ​លោក​អភិបាល​ឧបត្ថម្ភក​យ៉ូសែប​ ឆ្មារ​ សឡាស់ ។​

 

          នៅថ្ងៃ​ ​ ខែ​កុម្ភៈ​ ឆ្នាំ​១៩៨​៣​ ដោយ​សា​​រ​លោក​អភិបាល ​យ៉ូសែប​ ឆ្មា​សា​ឡាស់​ ​បាន​ទទួល​មរណ​ភាព​ សម្តេច​ប៉ាប​ក៏​បាន​ប្រគល់​ឲលោក​ អ៊ីវ​ រ៉ាមូស​ ទទួល​ខុស​ត្រូ​វ​លើ​គ្រីស្ត​បរិស័ទ​ជាតិ​កម្ពុជា​ នៅ​គ្រ​ប់​ទីកន្លែង​ដែល​គេ​រស់​នៅ ​ព្រម​ទាំង​ឲ​លោក​មាន​ភារ​កិច្ច​ជា​ អភិបាល​ពេញ​សិទ្ធិ​ ក្នុង​ប្រទេស​ទាំង​មូល​ផង​។

 

​         នៅ​ថ្ងៃ​ទី​២៥​ ខែ​ក​ក្ក​ដា ​ឆ្នាំ​១​​៩៩២​ សន្ត​អាសនៈ​ក៏បាន​ប្រគល់​ឲ្យ ​លោក​ធ្វើ​ជា​អភិ​បាល​ទទួល​ខុស​ត្រូវ​  លើ​ភូមិ​ភាគ​ភ្នំពេញ​សារ​ជា​ថ្មី​​ម្តង​ទៀត​ ។​ ​នៅ​ថ្ងៃ​ទី២១​ ​ខែធ្នូ​ ឆ្នាំ​១៩៩២​ លោក​ទទួល​មុខងារ​ជា អ្នក​ណែនាំ​ ភូមិ​ភាគ​បាត់​ដំបង​រហូត​ដល់​ឆ្នាំ​២០០០​ ។ ​ លោក​បាន​លាលែង​ពីមុខ​ ​តំណែង​ជា ​អភិបាល​ភូមិ​ភាគ​ភ្នំ​ពេញ ​នៅ​ថ្ងៃ​ទី​១៤​ ខែ​មេ​សា​ ឆ្នាំ​២០០១​ ។​

 

        ពី​ឆ្នាំ​១៩​៩​២​ ​រហូត​ដល់​ឆ្នាំ​២០០១​ លោក​បាន​ខិត​ខំ​អស់​ពីកំ​លាំង​កាយ​ចិត្ត​ ​ដើម្បី​ប្រមែ​ប្រមូល​គ្រីស្ត​បរិស័ទ​ដែល​បាន​ ​​​ខ្ចាត់​ខ្ចាយ​នៅ​គ្រប់​ទីកន្លែង​ ​ឲ្យមាន​ការ​រួប​រូម​គ្នា​ឡើង​វិញ ។​ លោក​ក៏លោក​ទឹក​ចិត្ត​គេ ​ឲ្យរស់​នៅ​ក្នុង​សេចក្តី​សង្ឃឹម ​និង​មាន​ជំនឿ​ទៅ​លើ​ព្រះ​ជា​ម្ចាស់​ជាបិតា​ និង​ព្រះ​យេ​ស៊ូ​គ្រី​ស្ត​ជា​អម្ចាស់ ។​

© Copyright 2013 Catholic Phnom Penh - All rights reserved.