ស្រឡាញ់​ដើម្បី​ឆ្លង​គ្រប់​ទុក្ខ​លំបាក

អភិបូជា​ទិវា​គ្រួសារ​សម្រាប់​មណ្ឌល​សកម្មភាព​តាកែវ

នៅ​ព្រះសហគមន៍​សន្តី​ម៉ារីញញឹម ចំការទៀង

តាកែវ ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២២

អត្ថបទ​ទី១៖ សាម៉ូអែល ទី២ ៥,១-៣
ទូល‌បង្គំ​ទាំង​អស់​គ្នា​ក៏​ជា​សាច់​សា​លោហិត​របស់​ព្រះ‌ករុណា។ ២សម ៥,១
អត្ថបទ​ទី១៖ កូឡូស ១,១២-២០
ព្រះ‌អង្គ​ជា​សិរសា​នៃ​ព្រះ‌កាយ​របស់​ព្រះ‌អង្គ។ កូឡ ១,១៨
ដំណឹងល្អ៖ លូកា ២៣,៣៥-៤៣
ឯង​មិន​កោត​ខ្លាច​ព្រះ‌ជា‌ម្ចាស់​ទេ​ឬ? លក ២៣,៤០

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ ជា​ថ្ងៃ​ពិសេស​បំផុត​សម្រាប់​ព្រះសហគមន៍​នៅ​ក្នុង​ពិភព​លោក ដែល​យើង​គោរព​ព្រះយេស៊ូ​ជា​ព្រះមហាក្សត្រ​នៃ​ផែនដី។ ថ្ងៃ​នេះ ជា​ថ្ងៃ​ពិសេស​បំផុត​ដែរ​សម្រាប់​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ នៅ​ក្នុង​មណ្ឌល​សកម្មភាព​តាកែវ។ យើង​ប្រមូល​បង​ប្អូន​ទាំង​អស់ ជា​គ្រួសារ ជា​គ្រីស្ត​បរិស័ទ ដើម្បី​លើក​តម្កើង​ទាំង​ព្រះយេស៊ូ ទាំង​គ្រួសារ​ដ៏​វិសុទ្ធ ដើម្បី​ទទួល​កម្លាំង​ថ្មី​សម្រាប់​ជីវិត​របស់​យើង ដែល​ជា​គ្រីស្ត​បរិស័ទ​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ផែន​ដី​នេះ។

អំបាញ់​មិញ នៅ​ពេល​ខ្ញុំ​ដើរ​ខ្ញុំ​ឃើញ​គ្រួសារ​របស់​យើង​មាន​គ្រប់​លក្ខ​ខណ្ឌ មាន​ប្ដី​ប្រពន្ធ​មាន​កូន មាន​គ្រួសារ​ខ្លះ​មេម៉ាយ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ អ្វី​ដែល​សំខាន់​ថ្ងៃ​នេះ​គឺ​ឲ្យ​យើង​យល់​ថា យើង​ជា​គ្រួសារ​នៅ​ក្នុង​ជីវិត​របស់​យើង​ផ្ទាល់។ មាន​ន័យ​ថា យើង​មាន​ប្ដី យើង​មាន​ប្រពន្ធ យើង​មាន​កូន មាន​ខ្លះ​ពិត​មែន​យើង​ជា​មេម៉ាយ មាន​ខ្លះ​យើង​បែក​គ្នា មាន​ខ្លះ​មាន​ទុក្ខ​លំបាក មាន​ខ្លះ​មាន​អំណរ​សប្បាយ មាន​ខ្លះ​កំពុង​គិត​អំពី​អនាគត ជា​ពិសេស​សម្រាប់​មេៗ​កាយរិទ្ធិ កំពុង​គិត​អំពី​អនាគត តើយើងបង្កើតគ្រួសារយ៉ាងដូចម្ដេច?

អ្វី​ដែល​យើង​ត្រូវ​ការ​នឹក​ឃើញ ថ្ងៃ​នេះ​យើង​មាន​គ្រួសារ​របស់​យើង​ផ្ទាល់ ប៉ុន្តែ​យើង​ទាំង​អស់​គ្នា​ជា​គ្រួសារ​មួយ​ដែរ។ នេះ​ជា​ការ​អស្ចារ្យ នៅ​ពេល​ដែល​យើង​ជួប​ជុំ​គ្នា​ជា​គ្រីស្ត​បរិស័ទ នៅ​ក្នុង​មណ្ឌល​សកម្មភាព​តាកែវ​ដែល​យើង​មាន​ប្រាំបី​កន្លែង យើង​ដឹង​ថា​មិន​មែន​តែ​គ្រួសារ​បង្កើត​របស់​យើង​ទេ​ដែល​យើង​នឹក​ឃើញ។ ថ្ងៃ​នេះ យើង​នឹក​ឃើញ​ដល់​ព្រះសហគមន៍​យើង ដែល​ជា​មហា​គ្រួសារ​មួយ ដែល​ជា​បុត្រា​បុត្រី​របស់​ព្រះជាម្ចាស់។ ថ្ងៃ​នេះ​ដែល​យើង​បាន​រៀប​ចំ​ផ្កា​យ៉ាង​ស្អាត​បំផុត យើង​បាន​ជូន​បង​ប្អូន​ទាំង​អស់ ដើម្បី​ឲ្យ​ផ្កា​នេះ​ណែនាំ​ឲ្យ​យើង​មើល​ឃើញ​សេចក្ដី​ស្រឡាញ់​ដែល​ព្រះជាម្ចាស់​មាន​សម្រាប់​យើង។ មើល​ឃើញ​ជីវិត​ដែល​យើង​បាន​ទទួល​ជា​បុត្រា​បុត្រី​របស់​ព្រះជាម្ចាស់ ជា​ពិសេស​ថ្ងៃ​នេះ​យើង​មាន​កូន​ក្មេង​ប្រាំ​នាក់ ដែល​នឹង​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក។ ថ្ងៃ​នេះ យើង​មើល​ឃើញ​ជីវិត​ដ៏​អស្ចារ្យ​ដែល​ព្រះជាម្ចាស់​បាន​រៀប​ចំ ស្អាត​ដូច​ផ្កា​ដែល​យើង​មាន​នៅ​ពេល​ហ្នឹង។

ថ្ងៃ​នេះ យើង​មើល​ព្រះយេស៊ូ យើង​មើល​ព្រះមាតា យើង​មើល​សន្ត​យ៉ូសែប ដែល​ជា​គ្រួសារ​ដ៏​វិសុទ្ធ។ គ្រួសារ​ដ៏​វិសុទ្ធ ដែល​កំពុង​សម្លឹង​មើល​យើង ប្រសិន​បើ​យើង​ងើប​មុខ​របស់​យើង នៅ​ពេល​យើង​មើល​គ្រួសារ​ដ៏​វិសុទ្ធ​នេះ ដែល​មាន​ដើម​ត្នោត​អម​សង​ខាង យើង​មើល​ឃើញ​ជីវិត​ដ៏​ពិសេស​ដែល​ព្រះជាម្ចាស់​បាន​រៀប​ចំ​សម្រាប់​យើង។ ទោះ​បី​ជិវិត​គ្រួសារ​របស់​យើង ជួប​ទុក្ខ​លំបាក ជួប​បញ្ហា​ខ្លះៗ ប៉ុន្តែ​យើង​ដឹង​ថា​យើង​មាន​គ្រួសារ​ដ៏​វិសុទ្ធ​ការពារ​ថែរក្សា​យើង​ជានិច្ច យើង​មាន​ព្រះនាង​ម៉ារី សន្ត​យ៉ូសែប ព្រះយេស៊ូ​ដែល​គង់​នៅ​ជា​មួយ​យើង​ជានិច្ច។ យើង​ដឹង​ថា នៅ​ក្នុង​គ្រប់​កាលៈទេសៈ​នៃ​ជីវិត​របស់​យើង យើង​អាច​ធ្វើ​ដំណើរ​ទៅ​មុខ​ដោយសារ​យើង​មាន​មហា​គ្រួសារ​មួយ​ដ៏​ពិសេស ដែល​ចេះ​ស្រឡាញ់ ដែល​ចេះ​ស្វាគមន៍ ដែល​ចេះ​អញ្ជើញ ដែល​ចេះ​ស្ដាប់​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ចេះ​អធិដ្ឋាន ដែល​ចេះ​សម្រុះ​សម្រួល​បញ្ហា​ដែល​យើង​ជួប​នៅ​ក្នុង​ជីវិត​ប្រចាំ។ ដូច្នេះ ថ្ងៃ​នេះ​ខ្ញុំ​ចង់​អញ្ជើញ​ឲ្យ​បង​ប្អូន​សម្លឹង​មើល ជា​ពិសេស​ព្រះនាង​ម៉ារី។ ព្រះនាង​ម៉ារី ដែល​ជា​ម្ដាយ​របស់​ព្រះយេស៊ូ ព្រះនាង​ម៉ារី​ដែល​ជា​ម្ដាយ​របស់​យើង ដែល​ជា​ម្ដាយ​របស់​ព្រះសហគមន៍​របស់​យើង។ ដូច្នេះ ពេល​យើង​មើល​ឃើញ​ព្រះនាង​ម៉ារី យើង​ត្រូវ​តែ​មើល​ឃើញ​របៀប​ដែល​យើង​ចង់​បង្កើត​គ្រួសារ​របស់​យើង គ្រួសារ​បង្កើត​និង​គ្រួសារ​នៅ​ក្នុង​ព្រះសហគមន៍។ គ្រួសារ​បង្កើត​និង​គ្រួសារ​នៅ​ក្នុង​ព្រះសហគមន៍ ដែល​មើល​ព្រះនាង​ម៉ារី៖

ទី​មួយ ព្រះនាងម៉ារីស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ នៅ​ពេល​ទេវ​ទូត​កាព្រីអែល បាន​ប្រាប់​ដំណឹង​ដល់​ព្រះនាង​ម៉ារី​ធ្វើ​ជា​មាតា​របស់​ព្រះជាម្ចាស់ ព្រះនាង​ម៉ារី​បាន​ស្ដាប់​ព្រះបន្ទូល​នេះ។ ព្រះនាង​ម៉ារី បាន​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម​ព្រះបន្ទូល​នេះ ព្រះនាង​ម៉ារី​ស្ដាប់​ព្រះកុមារ​យេស៊ូ ព្រះនាង​ម៉ារី​ស្ដាប់​ប្ដី​ផ្ទាល់​ខ្លួន។ ខ្ញុំ​គិត​ថា ដើម្បី​ឲ្យ​គ្រួសារ​របស់​យើង​រក​ឃើញ​សេចក្ដី​សុខ យើង​ជា​ប្ដី​ប្រពន្ធ យើង​ជា​ឪពុក​ម្ដាយ យើង​ជា​កូន យើង​ត្រូវ​តែ​ចេះ​ស្ដាប់​គ្នា​ទៅ​វិញ​ទៅ​មក។ ប្រហែល​មាន​គ្រួសារ​ខ្លះ​អត់​ដែល​យក​ពេល​ដើម្បី​និយាយ​គ្នា ដើម្បី​ចែក​យោបល់​គ្នា។ ដូច្នេះ ខ្ញុំ​សង្ឃឹម​យូរៗ​ម្ដង​យើង​ត្រូវ​ការ​អង្គុយ​ដើម្បី​និយាយ​គ្នា អំពី​ជីវិត អំពី​កូន អំពី​អនាគត អំពី​បញ្ហា​ដែល​យើង​មាន។ នៅ​ពេល​កូន​របស់​យើង​មក​ពី​សាលា​វិញ ត្រូវ​ការ​ស្ដាប់​កូន​ដែរ ដូច​នៅ​ពេល​សម័យ​កូវីដ​ឪពុក​ម្ដាយ​នៅ​សាលា​មត្តេយ្យ សាលា​បឋម​សិក្សា​របស់​យើង ឪពុក​ម្ដាយ​មួយ​អាទិត្យ​ម្ដង​បាន​ទៅ​ដល់​សាលា ដើម្បី​ទទួល​មេរៀន។ ក្រោយ​មក ពេល​ទៅ​ដល់​ផ្ទះ​វិញ​ឪពុក​ម្ដាយ​បាន​រក​ពេល​បង្រៀន​កូន ជួប​ជា​មួយ​កូន ដើម្បី​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​កូន។ ពេល​ផុត​កូវីដ​ហើយ ប្រហែល​យើង​លែង​នឹក​ឃើញ ដោយសារ​យើង​រវល់ ពេល​កូន​របស់​យើង​យំ​យើង​ឲ្យ​ទូរស័ព្ទ​ទៅ​កូន​លេង។ និង​ក្រោយ​មក​កូន​បាន​លេង​ទូរស័ព្ទ ពេល​កូន​ខឹង​បោះ​ចោល​ទូរស័ព្ទ​ថ្លៃៗ ធ្វើ​ឱ្យ​យើង​បាត់​បង់​លុយ​ដែល​ពិបាក​រក។ ប៉ុន្តែ ប្រសិន​បើ​យើង​យក​ពេល​ដើម្បី​និយាយ​ខ្លះៗ ដើម្បី​ស្ដាប់​កូន កូន​បាន​រៀន​មេរៀន​អ្វី បទ​ចម្រៀង​បទ​អ្វី ពាក្យ​កំណាព្យ​អ្វី បាន​គូស​រូប​អ្វី នោះ​ជីវិត​នៅ​ក្នុង​គ្រួសារ​បាន​រីក​ចម្រើន​បន្តិច​ម្ដងៗ ដូច​ព្រះនាង​ម៉ារី​បាន​ចេះ​ស្ដាប់។

ទីពីរ ពេល​យើង​មើល​ព្រះនាង​ម៉ារី​ដែល​កំពុង​សម្លឹង​មើល​ព្រះកុមារ​យេស៊ូ ព្រះនាងម៉ារីកំពុងយកចិត្តទុកដាក់​នឹង​កូន​ដែល​ទើប​តែ​កើត​ថ្មីៗ។ យើង​ដឹង​ហើយ នៅ​ពេល​ម៉ែ​មាន​កូន​កើត គាត់​យក​ចិត្ត​ទុក​ដាក់​ថែរក្សា។ ដូច្នេះ ការ​យក​ចិត្ត​ទុក​ដាក់​តាម​របៀប​ព្រះនាង​ម៉ារី ជា​បទ​ពិសោធន៍​ដែល​យើង​មាន​ពេល​នៅ​ធ្វើ​ជា​ម្ដាយ។ គ្រប់​ពេល​វេលា​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​កូន យក​ចិត្ត​ទុក​ដាក់​ជា​មួយ​ប្ដី ដើម្បី​ឲ្យ​គ្រួសារ​រក​ឃើញ​សេចក្ដី​សុខ។ យក​ចិត្ត​ទុក​ដាក់ និង​តស៊ូ​ច្រើន​ជាង​គេ​គឺ​ម៉ែ តស៊ូ​នៅ​ក្នុង​ការ​ពិបាក តស៊ូ​នៅ​ពេល​ខ្វះ​លុយ តស៊ូ​ពេល​កូនៗ​ឈឺ តស៊ូ​ពេល​កូន​មាន​បញ្ហា តស៊ូ​ពេល​ប្ដី​មាន​រឿង ម្ដាយ​តស៊ូ​ច្រើន ប៉ុន្តែ​ក៏​យក​ចិត្ត​ទុក​ដាក់​ច្រើន​ដែរ។ សព្វ​ថ្ងៃ ខ្ញុំ​ចាប់​អារម្មណ៍​ពេល​កូន​ឈឺ​គឺ​ប្ដី​ដែល​មើល​កូន​ឈឺ ដូច្នេះ​ប្រហែល​ប្ដី​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​កូន​ច្រើន​ដែរ។ សម័យ​មុន ម៉ែ​ធ្វើ​ម្ហូប ម៉ែ​សំអាត​ផ្ទះ ម៉ែ​បោក​ខោ​អាវ ម៉ែ​ចិញ្ចឹម​កូន… ឥលូវ​នេះ​ប្ដី​បាន​ជួយ​ខ្លះៗ​ដែរ ដូច​ជា​ជួយ​លាង​ចាន ជួយ​បោក​ខោអាវ ជួយ​បោស​សំរាម…។ ក្រោយ​មក​គ្រួសារ​យើង​សុខ​សាន្ត ដោយសារ​យក​ចិត្ត​ទុក​ដាក់ មិន​មែន​តែ​ម៉ែ​យក​ចិត្ត​ទុក​ដាក់ គឺ​ឪពុក​យក​ចិត្ត​ទុក​ដាក់​ដែរ។ ប៉ុន្តែ យើង​ក៏​ត្រូវ​បង្រៀន​កូន​ដែរ ដោយសារ​កូន​របស់​យើង​យូរៗ​ខ្ជិល​ណាស់ ណែនាំ​ឲ្យ​កូន​ចេះ​បម្រើ ចេះ​ជួយ។ ឪពុក​ខ្ញុំ​ធ្លាប់​និយាយ​ពេល​ខ្ញុំ​នៅ​ក្មេង​ថា កូន​ជា​អំណោយ​ទាន​របស់​ព្រះជាម្ចាស់​ដើម្បី​បម្រើ​ឪពុក​ម្ដាយ។ ដូច្នេះ នេះ​ជា​ពេល​វេលា​មួយ​ដើម្បី​ឲ្យ​យើង​ទាំង​អស់​គ្នា រៀន​យក​ចិត្ត​ទុក​ដាក់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​កូន​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​ឪពុក​ម្ដាយ ទាំង​ឪពុក​ម្ដាយ​យក​ចិត្ត​ទុក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក និង​ជា​មួយ​លោក​តា​លោក​យាយ​ដែរ។

ទី​បី ពេល​យើង​មើល​ព្រះនាង​ម៉ារី ព្រះនាងម៉ារីស្រឡាញ់ ប៉ុន្តែ​តើ​ស្រឡាញ់មានន័យ​ដូច​ម្តេច? តើស្រឡាញ់មានន័យថា យើងស្រឡាញ់នៅពេលយើងសប្បាយចិត្តតែប៉ុណ្ណឹង ឬយើងចេះស្រឡាញ់​គ្នានៅក្នុងគ្រប់កាលៈទេសៈ? ស្រឡាញ់​មាន​ន័យ​ថា​យើង​ចេះ​ស្រឡាញ់​នៅ​ក្នុង​គ្រប់​កាលៈទេសៈ​នៅ​ក្នុង​ជីវិត​របស់​យើង សេចក្ដី​ស្រឡាញ់​មិន​មែន​មាន​តែ​នៅ​ពេល​យើង​សប្បាយ​ចិត្ត។ បង​ប្អូន​ដែល​បាន​ទទួល​អគ្គ​សញ្ញា​អាពាហ៍​ពិពាហ៍​នៅ​ក្នុង​ព្រះសហគមន៍ យើង​បាន​ប្រកាស​ពាក្យ​សន្យា​ថា “បង​សូម​សន្យាថាស្រឡាញ់អូនអស់មួយជីវិត​របស់​បង ទាំង​គ្រាសប្បាយ ទាំង​គ្រាអាសន្ន”។ បង​ប្អូន​ជា​ប្ដី​ប្រពន្ធ ជា​ឪពុក​ម្ដាយ​យូរ​ឆ្នាំ​ហើយ យើង​ដឹង​យើង​មាន​អំណរ​សប្បាយ ប៉ុន្តែ​យើង​មាន​ទុក្ខ​លំបាក យើង​មាន​សេចក្ដី​សង្ឃឹម ប៉ុន្តែ​យើង​មាន​រឿង​ដែល​ណែនាំ​ឲ្យ​យើង​មាន​គ្រោះ​ថ្នាក់​ខ្លះៗ។ ប៉ុន្តែ សេចក្ដី​ស្រឡាញ់​អាច​ឆ្លង​ផុត​គ្រប់​បញ្ហា ម្ដាយ​ស្រឡាញ់​កូន​រហូត ទោះបី​កូន​ដែល​ខូច​ក៏​ដោយ​យើង​នៅ​តែ​ស្រឡាញ់​កូន។ នេះ​ជា​របៀប​ដែល​ព្រះនាង​ម៉ារី​បាន​បង្រៀន​យើង “ចេះស្រឡាញ់ដើម្បីឆ្លង​គ្រប់​ទុក្ខលំបាក”។ យើង​មើល​ព្រះនាង​ម៉ារី នៅ​ពេល​ព្រះកុមារ​យេស៊ូ​បាត់​បី​ថ្ងៃ ដោយសារ​កូន​ចូល​វិហារ​ដើម្បី​បង្រៀន​ដល់​ធម្មាចារ្យ។ ដូច្នេះ ម៉ែ​គាត់​ភ័យ​រត់​តាម​រក​កូន​បី​ថ្ងៃ​បី​យប់ ពេល​រក​ឃើញ​គាត់​មិន​វៃ មិន​ស្ដី​ឲ្យ​កូន​ឡើយ គាត់​គ្រាន់​តែ​និយាយ​ថា កូន​អើយ​ម៉ែ​ភ័យ​ណាស់ ម៉ែ​ព្រួយ​បារម្ភ​ណាស់ ព្រោះ​អត់​ដឹង​ថា​កូន​ទៅ​ណា។ ព្រះនាង​ម៉ារី​បាន​ធ្វើ​ដំណើរ​ជា​មួយ​ព្រះយេស៊ូ​រហូត​ដល់​ឈើ​ឆ្កាង ដែល​ព្រះយេស៊ូ​បាន​សោយ​ទិវង្គត។

ទី​បួន មហា​កំពូល​សម្រាប់​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ គឺ​ព្រះនាងម៉ារីបានអធិដ្ឋានជានិច្ច។ អធិដ្ឋាន​ជា​កម្លាំង​មួយ​យ៉ាង​ពិសេស ដោយសារ​ពេល​យើង​អធិដ្ឋាន​យើង​ដឹង​ថា យើង​រក​ឃើញ​កម្លាំង។ ដោយសារ យើង​ជាប់​ជា​មួយ​ព្រះជាម្ចាស់ ម្នាក់​ឯង​យើង​ដើរ​មិន​បាន​ទេ ប៉ុន្តែ​យើង​នៅ​ជា​មួយ​ព្រះជាម្ចាស់​យើង​ធ្វើ​ដំណើរ​ទៅ​មុខ​បាន។ ជា​មួយ​ព្រះជាម្ចាស់​នៅ​ក្នុង​ព្រះសហគមន៍ យើង​ធ្វើ​ដំណើរ​ទៅ​មុខ​បាន យើង​រក​ឃើញ​ការ​លើក​ទឹក​ចិត្ត​នៅ​ក្នុង​ព្រះសហគមន៍។ ថ្ងៃ​នេះ យើង​មាន​យាយៗ​ច្រើន​មក​ពី​សន្ត​ប៉ូល ខ្ញុំ​បាន​នឹក​ឃើញ​ថា យាយៗ​នៅ​តាម​ផ្ទះ​ក៏​ឯកោ​ដែរ អត់​សូវ​មាន​អ្នក​និយាយ​គ្នា អត់​សូវ​មាន​អ្នក​ណា​លើក​ទឹក​ចិត្ត។ ដូច្នេះ ពេល​យើង​ចូល​វិហារ​ម្ដងៗ យើង​មាន​កម្លាំង​ដែរ យើង​រក​ឃើញ​គ្រួសារ​មួយ​ដែល​ចេះ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ ណែនាំ​ឲ្យ​យើង​យល់​ថា យើង​មាន​ព្រះយេស៊ូ យើង​មាន​បង​ប្អូន ដែល​ជា​គ្រីស្ត​បរិស័ទ យើង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​នៅ​ក្នុង​សេចក្ដី​សុខ និង​អំណរ​សប្បាយ។ ខ្ញុំ​ជឿ​ថា នេះ​ជា​អត្ថន័យ​ដ៏​ពិសេស​នៃ​ព្រះសហគមន៍​របស់​យើង ព្រះសហគមន៍​របស់​យើង​ណែនាំ​ឲ្យ​យើង​កក់​ក្ដៅ។ ថ្ងៃ​នេះ ខ្ញុំ​បាន​ឃើញ​បង​ប្អូន​គ្រីស្ត​បរិស័ទ​មួយ​ចំនួន គ្រួសារ​មួយ​ចំនួន​ដែល​មិន​បាន​ជួប​ពី​យូរ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ព្រះយេស៊ូ​ក៏​សប្បាយ​ចិត្ត យើង​ជា​មហា​គ្រួសារ​តែ​មួយ​ក៏​សប្បាយ​ចិត្ត​មែន​ទែន។ ដែល​បាន​ធ្វើ​ដំណើរ​ជា​មួយ​គ្នា ដោយ​ដឹង​ថា​មួយ​រយៈ​កន្លង​មក​យើង​អត់​សូវ​ចូល​ព្រះវិហារ។ ប៉ុន្តែ ឥលូវ​នេះ​យើង​មក​ដើម្បី​ទទួល​ព្រះពរ​ពី​ព្រះជាម្ចាស់ ដោយសារ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង យើង​បាន​ថែរក្សា​ជំនឿ​របស់​យើង ដែល​បាន​ទទួល​ពី​ថ្ងៃ​ពិធី​ជ្រមុជ​ទឹក។ យើង​ដឹង​ថា ជំនឿ​នេះ​មិន​ទៅ​ណា​ទេ ដោយសារ​ព្រះជាម្ចាស់​គង់​នៅ​ជា​មួយ​យើង​ជានិច្ច។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​ជា​ពេល​វេលា​មួយ​យ៉ាង​ពិសេស ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់ ដែល​បាន​បង្កើត​យើង ដែល​បាន​ប្រទាន​សេចក្ដី​ស្រឡាញ់​ឲ្យ​យើង ដែល​បាន​ណែនាំ​ឲ្យ​យើង​ជា​គ្រួសារ​តែ​មួយ​នៅ​ក្នុង​ព្រះសហគមន៍ ដែល​បាន​ណែនាំ​ឲ្យ​យើង​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត ដើម្បី​ឆ្លង​គ្រប់​ឧបសគ្គ។ ប៉ុន្តែ ដើម្បី​ទៅ​ដល់​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ ដោយសារ​ថ្ងៃ​នេះ​នៅ​ក្នុង​គម្ពីរ​យើង​បាន​ស្ដាប់​ព្រះយេស៊ូ ដែល​មាន​ព្រះបន្ទូល​ថា “ខ្ញុំសូមប្រាប់ឲ្យអ្នកដឹងច្បាស់ថា ថ្ងៃនេះអ្នកបាននៅ​ស្ថាបរមសុខជាមួយខ្ញុំ”។ នេះ​ជា​ព្រះបន្ទូល​ដែល​យើង​ចង់​ស្ដាប់ ថ្ងៃ​នេះ​យើង​នឹង​នៅ​ជា​មួយ​ព្រះជាម្ចាស់​នៅ​ស្ថាន​បរម​សុខ។ ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​ចាប់​ផ្ដើម​ពី​ពេល​នេះ​ត​ទៅ ប៉ុន្តែ​លុះត្រាតែ​យើង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​គ្នា​ទៅ​វិញ​ទៅ​មក យក​ចិត្ត​ទុក​ដាក់​ថែរក្សា​គ្នា​ទៅ​វិញ​ទៅ​មក យក​ចិត្ត​ទុក​ដាក់​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក យក​ចិត្ត​ទុក​ដាក់​អធិដ្ឋាន​ជា​មួយ​ព្រះជាម្ចាស់ និង​អធិដ្ឋាន​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​នៅ​ស្ងៀម​ស្ងាត់ ដោយ​អរ​ព្រះគុណ​ព្រះជាម្ចាស់ ដោយ​ទូល​អង្វរ​ព្រះអង្គ សូម​ឲ្យ​ព្រះអង្គ​គង់​នៅ​ជា​មួយ​យើង ដើម្បី​បំភ្លឺ​ជីវិត​របស់​យើង​ជា​គ្រួសារ ដើម្បី​ឲ្យ​យើង​រួម​គ្នា​ពោរ​ពេញ​ដោយ​ព្រះពរ ពោរ​ពេញ​ដោយ​សេចក្ដី​សង្ឃឹម។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Share on facebook
Facebook
Share on twitter
Twitter
Share on linkedin
LinkedIn

Subscribe to our newsletter

Don't miss new updates on your email