ព្រះបិតា​ស្វាគមន៍​ឱ្យ​កែប្រែ​ចិត្ត​គំនិត

អភិបូជា​អាទិត្យ​ទី​៤​នៃ​រដូវ​អប់រំ​ពិសេស

ធ្វើ​នៅ​ព្រះសហគមន៍​សន្ត​យ៉ូសែប ជុំគិរី ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២២

អត្ថបទ​ទី​១៖ យ៉ូស៊ូអា ៥,៩ក.១០-១២
យើង​ដកគ​សេចក្ដី​អាម៉ាស់់​ចេញ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា​ហើយ។ យស ៥,៩
អត្ថបទ​ទី​២៖ កូរិនថូស​ទី​២ ៥,១៧-២១
ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ទៅ​ជា​តួ​បាប​សម្រាប់​យើង។ ២​ករ ៥,២១
ដំណឹង​ល្អ៖ លូកា ១៥,១-៣.១១-៣២
សូម​លោក​ឪពុក​ចាត់​ទុក​កូន​ជា​អ្នក​បម្រើ​ចុះ។ លក ១៥,១៩

“ព្រះបិតា​ស្វាគមន៍​ឱ្យ​កែប្រែ​ចិត្ត​គំនិត”

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ យើង​ចូល​នៅ​ក្នុង​អាទិត្យ​ទី​៤​នៃ​រដូវ​៤០​ថ្ងៃ ជា​ពេល​វេលា​ដើម្បី​ឱ្យ​យើង​បន្ត​ធ្វើ​ដំណើរ​នៅ​ក្នុង​ជីវិត​របស់​យើង ដែល​ព្រះសហគមន៍​អញ្ចើញ​យើង​ដើម្បី​ឱ្យ​យើង​កែប្រែ​ចិត្ត​គំនិត។ ជាពិសេស​ថ្ងៃ​នេះ ឱ្យ​យើង​មើល​ឃើញ​របៀប​ដែល​ព្រះជាម្ចាស់​ស្រឡាញ់​យើង របៀប​ដែល​ព្រះជាម្ចាស់​លើក​លែង​ទោស​ឱ្យ​យើង របៀប​ដែល​ព្រះជាម្ចាស់​ធ្វើ​ដំណើរ​ជា​មួយ​យើង ពី​ដើម​រៀង​មក។ ពីរ​ថ្ងៃ​មុន យើង​បាន​ចូល​នៅ​ក្នុង​ពិធី​មួយ​យ៉ាង​ពិសេស រួម​ជា​មួយ​សម្ដេចប៉ាប នៅ​ក្នុង​ឱកាស​ដែល​យើង​គោរព​ព្រះនាង​ម៉ារី ដែល​ទទួល​ដំណឹង​ពី​ទេវទូត​កាព្រីអែល​ទៅ​ជា​មាតា​របស់​ព្រះជាម្ចាស់។ នៅ​ពេល​នោះ សម្ដេច​ប៉ាប​បាន​អញ្ចើញ​ឱ្យ​ពិភព​លោក​ទាំង​មូល ជាពិសេស​លោក​អភិបាល លោកបូជាចារ្យ​ម្នាក់ៗ ឱ្យ​អធិដ្ឋាន​ជា​មួយ​គ្រីស្ត​បរិស័ទ សម្រាប់​សេចក្ដី​សុខ​សាន្ត។ បាន​ណែនាំ​ឱ្យ​យើង​ថ្វាយ​ពិភព​លោក​របស់​យើង ថ្វាយ​ប្រទេស​អ៊ុយក្រែន​និង​ប្រទេស​រុស្ស៊ី​ដែល​កំពុង​មាន​សង្គ្រាម​ទៅ​ដល់​ព្រះបេះដូង​ដ៏​និមល​របស់​ព្រះនាង​ម៉ារី។

ខ្ញុំ​បាន​ចាប់​អារម្មណ៍​ពី​បៀប​ដែល​សម្ដេច​ប៉ាប បាន​រៀប​ចំ​នៅ​ក្នុង​វិសាល​វិហារ​នៅ​សន្ត​សិលា ក្នុង​ទីក្រុង​រ៉ូម។ តាម​ពិត មុន​ចូល​នៅ​ក្នុង​ការ​អធិដ្ឋាន​មួយ​យ៉ាង​ពិសេស ដែល​យើង​បាន​ថ្វាយ​ពិភព​លោក ថ្វាយ​អ៊ុយ​ក្រែន​និង​រុស្ស៊ី ទៅ​ដល់​ព្រះនាង​ម៉ារី មាន​ពេល​វេលា​មួយ​យ៉ាង​យូរ ដើម្បី​អធិដ្ឋាន និង​ដើម្បី​សុំ​ការ​លើក​លែង​ទោស​ពី​ព្រះជាម្ចាស់ ដើម្បី​ទទួល​ស្គាល់​អំពើ​បាប​របស់​យើង។ នេះ​ខ្ញុំ​គិត​ថា នៅ​ក្នុង​រដូវ​៤០​ថ្ងៃ​ជា​ពេល​វេលា​មួយ ដែល​យើង​ត្រូវ​តែ​យក​ដើម្បី​មើល​ឃើញ​អំពើ​បាប​របស់​យើង ដើម្បី​មើល​ឃើញ​ទុក្ខ​លំបាក​របស់​យើង ដើម្បី​មើល​ឃើញ​ភាព​ងងឹត​នៅ​ក្នុង​ខ្លួន​របស់​យើង ដើម្បី​សុំ​ព្រះជាម្ចាស់​លើក​លែង​ទោស​ឱ្យ​យើង។ ប៉ុន្តែ នៅ​ពេល​សម្ដេចប៉ាប​បាន​ពន្យល់​គម្ពីរ​ដំណឹង​ល្អ​ថ្ងៃនោះ សម្ដេច​ប៉ាប​បាន​និយាយ​ថា “ទោះបីយើងមើលឃើញបាបរបស់យើង កុំ​ឱ្យ​យើងមើលឃើញតែបាបរបស់យើងតែប៉ុណ្ណឹង ដោយសារ​ប្រសិនបើ​យើងចេះតែមើលឃើញបាបរបស់យើង ហាក់បី​ដូច​ជា​យើងមើល​ផ្ទាល់​ខ្លួន​ដដែលៗ”។ ដោយ​ដឹង​ថា យើង​ជា​មនុស្ស​មាន​បាប​យើង​ទៅ​មុខ​យ៉ាង​មិច​បាន តាម​ពិត​ជា​ពេល​វេលា​ដើម្បី​មើល​ឃើញ​ព្រះជាម្ចាស់​តែ​ម្ដង ដើម្បី​ទទួល​ស្គាល់​ពិត​មែន​ព្រះជាម្ចាស់​ស្រឡាញ់​ខ្ញុំ ដើម្បី​ទទួល​ស្គាល់​នៅ​ពេល​ខ្ញុំ​ដឹង​អំពី​អំពើ​បាប​របស់​ខ្ញុំ ព្រះជាម្ចាស់​លើក​លែង​ទោស​ឱ្យ​ខ្ញុំ។ ដូច្នេះ នៅ​ពេល​យើង​ទទួល​អគ្គ​សញ្ញា​លើក​លែង​ទោស នៅ​ពេល​យើង​កំពុង​អង្គុយ​មើល​ឃើញ​បាប​របស់​យើង ជា​ពេល​វេលា​ដើម្បី​មើល​ឃើញ​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ដើម្បី​មើល​ឃើញ​របៀប​ព្រះជាម្ចាស់​ដែល​ស្រឡាញ់​យើង​ដោយ​គ្មាន​ព្រំដែន។

ថ្ងៃ​នេះ យើង​ចូល​នៅ​ក្នុង​អត្ថបទ​គម្ពីរ​មួយ ដែល​ណែនាំ​ឱ្យ​យើង​មើល​ឃើញ ដោយសារ​ឪពុក​ដែល​ទទួល​ស្វាគមន៍​កូន​គាត់​ដែល​វង្វេង ជា​និមិត្ត​រូប​នៃ​ព្រះបិតា​របស់​យើង។ នេះ​ជា​ឪពុក​ម្នាក់ ដូច្នេះ​បប្រសិនបើ​យើង​មើល​ឃើញ​ព្រះបិតា​ធំ​ជាង​ឪពុក​នេះ​ដល់​កម្រិត​ណា​ទៀត។ សូម​ចាប់​អារម្មណ៍ នៅ​ពេល​កូន​ពៅ​បាន​ត្រៀម​ខ្លួន​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយសារ​គាត់​បាន​វង្វេង​ផ្លូវ បាន​ប្រមូល​ទ្រព្យ​សម្បត្តិ​ពី​ឪពុក​ទាំង​អស់។ ក្រោយ​មក គាត់​ចាយ​ទ្រព្យ​សម្បត្តិ​នេះ​ក្នុង​របៀប​រញេរញ៉ៃ ពេល​គាត់​អស់​លុយ​ហើយ គាត់​នឹង​ទៅ​ជា​អ្នក​បម្រើ​របស់​គេ ដោយ​មាន​តែ​ចំណី​ជ្រូក​សម្រាប់​ហូប។ គាត់​ធ្លាក់​មែន​ទែន​នៅ​ក្នុង​ជីវិត​របស់​គាត់ ដូច្នេះ​គោល​ដៅ​របស់​គាត់​ប្រហែល​គាត់​មាន​ល្បិច​តិចៗ​ដែរ គាត់​បាន​នឹក​ឃើញ​ប្រសិនបើ​ខ្ញុំ​ទៅ​ផ្ទះ​ខ្ញុំ ខ្ញុំ​អាច​មាន​ម្ហូប​អាហារ​ញ៉ាំ ខ្ញុំ​មាន​កន្លែង​ស្នាក់​នៅ​ត្រឹម​ត្រូវ ខ្ញុំ​មិន​ត្រូវ​ការ​ធ្វើ​ជា​អ្នក​បម្រើ​គេ​ទេ។ ហេតុ​នេះ​ហើយ គាត់​គិត ថា​ឥលូវ​នេះ​ខ្ញុំ​ទៅ​ដល់​ផ្ទះ​ហើយ​ខ្ញុំ​សុំ​ឪពុក​លើក​លែង​ទោស​ឱ្យ​ខ្ញុំ ដោយ​ទទួល​ស្គាល់​អំពើ​បាប​របស់​ខ្ញុំ ដោយសារ ខ្ញុំ​បាន​ធ្វើ​ខុស។ ប៉ុន្តែ អ្វី​ដែល​កើត​ឡើង​គាត់​មិន​នឹក​ស្មាន​ទេ តាម​ពិត​ឪពុក​គាត់​ចេះ​តែ​ចាំ​ផ្លូវ ទោះ​បី​ឪពុក​គាត់​ចាស់​ក៏​ដោយ​នៅ​ចាំ​ផ្លូវ​កូន​ពី​យូរ​ហើយ ចាំ​ផ្លូវ​មើល​ឃើញ​កូន​របស់​គាត់។ នៅ​ពេល​នោះ “កាលឪពុកឃើញកូនពីចម្ងាយ គាត់មានចិត្តអាណិតអាសូរក្រៃលែង ក៏រត់ទៅទទួលកូន” ទោះ​បី​គាត់​ចាស់​ក៏​ដោយ គាត់​នៅ​តែ​រត់​ទៅ​ទទួល​កូន “ហើយ​ឱកូន ថើបកូនទៀត”។ មិន​មែន​ចាប់​កូន វាយ​កូន ឬ​ស្ដី​ឱ្យ បាន​ធ្វើ​អ្វី​នឹង​លុយ​ខ្ញុំ បាន​ធ្វើ​អ្វី​ដល់​មរតក​ដែល​ខ្ញុំ​បាន​ឱ្យ បាន​ដើរ​លេង​ជា​មួយ​ស្រីៗ បាន​ស៊ី​ផឹក…។ ប៉ុន្តែ ឪពុក​បាន​រត់​ទៅ​ដើម្បី​ទទួល​ស្វាគមន៍ ឱប​គាត់ ថើប​គាត់ និង​ក្រោយ​មក​រៀប​ចំ​ជប់​លៀង​ដើម្បី​បង្ហាញ​អំពី​អំណរ​សប្បាយ។ ជប់​លៀង​ដែល​គេ​ញ៉ាំ​ម្ហូប​ឆ្ងាញ់​បំផុត កូន​គោ​ដែល​គេ​បាន​ទុក​ពី​យូរ​ហើយ បំពាក់​អាវ​និង​ខោ​យ៉ាង​ស្អាត​បំផុត ដើម្បី​ឱ្យ​ទាំង​អស់​គ្នា​ជា​អ្នក​បម្រើ និង​កូន​បង​ចូល​រួម​នៅ​ក្នុង​អំណរ​សប្បាយ ដោយសារ រក​ឃើញ​កូន​ដែល​បាត់​បង់។

នេះ​ជា​ពាក្យ​ប្រស្នា​ដែល​ព្រះយេស៊ូ​កំពុង​បង្ហាញ​ឱ្យ​យើង ដើម្បី​ឱ្យ​យើង​មើល​ឃើញ​តិច​តួច​អំពី​របៀប​ដែល​ព្រះបិតា​ស្រឡាញ់​យើង។ ដូច្នេះ ឱ្យ​យើង​នឹក​ឃើញ​នេះ​កុំ​ឱ្យ​យើង​មាន​ល្បិច ដោយ​គិត​ថា​ឥលូវ​នេះ​យើង​ទៅ​ទទួល​ស្គាល់​អំពើ​បាប​របស់​យើង ដោយ​ដឹង​ថា​អត់​អី​ទេ ព្រះបិតា​លើក​លែង​ទោស​ឱ្យ​យើង ហើយ​យើង​នៅ​តែ​ធ្វើ​ទៀត។ តាម​ពិត យើង​ត្រូវ​តែ​ភ្ញាក់​ស្មារតី​អំពី​របៀប​ដែល​ឪពុក​បាន​ស្វាគមន៍​កូន និង​របៀប​ដែល​ព្រះបិតា​ស្រឡាញ់​យើង។ របៀប​ដែល​ព្រះបិតា​ចង់​ឱ្យ​យើង​ទៅ​ជា​មនុស្ស​ថ្មី របៀប​ដែល​ព្រះបិតា​មាន​ព្រះហឫទ័យ​ប្រណី​សន្តោស​ដ៏​ពិត​ប្រាកដ។ មិន​មែន​ប្រណី​សន្តោស​តិច​តួច មិន​មែន​ប្រណី​សន្តោស​ល្មមៗ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ទទួល​ស្គាល់​អំពើ​បាប​របស់​យើង​ដោយ​ពេញ​លក្ខណៈ នៅ​ពេល​នោះ​យើង​ទទួល​ការ​លើក​លែង​ទោស​ដ៏​ពេញ​លក្ខណៈ​ដែរ។

ថ្ងៃ​នេះ ជា​ពេល​វេលា​ដើម្បី​សម្លឹង​មើល​អំណរ​សប្បាយ​របស់​ព្រះជាម្ចាស់​ដែល​ជា​ព្រះបិតា​យើង នៅ​ពេល​ព្រះបិតា​ឃើញ​យើង​ដែល​កំពុង​ខិត​ខំ​អធិដ្ឋាន ខិត​ខំ​ចូល​ព្រះវិហារ។ ប្រសិនបើ ខ្ញុំ​មាន​មេក្រូ (ឧគ្ឃោសនាសព្ទ) ដូច​គេ​មាន​នៅ​វត្ត ប្រហែល​បង​ប្អូន​ដែល​អត់​ចូល​ព្រះវិហារ​ថ្ងៃ​នេះ ដែល​កំពុង​បេះស្វាយ​នៅ​ថ្ងៃ​ដែល​យើង​ត្រូវ​ការ​គោរព​ព្រះជាម្ចាស់ អាច​ឮ​សំលេង​ខ្ញុំ នឹង​អាច​ត្រឡប់​មក​វិញ​ភ្លាម ដោយ​គិត​ថា​ពិត​មែន​យើង​កំពុង​វង្វេង​អស់​ហើយ យើង​ទៅ​បេះ​ស្វាយ​​នៅ​ថ្ងៃ​ដែល​យើង​ត្រូវ​ទទួល​សេចក្ដី​ស្រឡាញ់​ពី​ព្រះជាម្ចាស់ នៅ​ក្នុង​អភិបូជា​ដោយ​ស្ដាប់​ព្រះបន្ទូល​និង​ទទួល​ព្រះកាយ​ព្រះគ្រីស្ត។ ដោយសារ នៅ​ពេល​ហ្នឹង​ព្រះបិតា​សប្បាយ​ចិត្ត​ជា​មួយ​យើង មាន​ព្រះហឫទ័យ​រំភើប មាន​ព្រះហឫទ័យ​ទទួល​ស្វាគមន៍ មាន​ព្រះហឫទ័យ​រៀប​ចំ​ជប់​លៀង​សម្រាប់​យើង។ ដោយសារ យើង​ចូល​អភិបូជា​តាម​ពិត​យើង​ចូល​នៅ​ក្នុង​ពិធី​ជប់​លៀង ជប់​លៀង​ដែល​បន្តិច​ទៀត​យើង​ធ្វើ​នៅ​លើ​តុ​អាសនៈ។ នៅ​ពេល​យើង​ទទួល​ព្រះកាយ​ព្រះគ្រីស្ត យើង​ទទួល​ជីវិត​របស់​ព្រះជាម្ចាស់ ជា​ពិធី​ជប់​លៀង​មហា​កំពូល ជា​ជប់​លៀង​ណែនាំ​ឱ្យ​យើង​មើល​ឃើញ​ពិធី​ជប់លៀង​អស់​កល្ប​ជានិច្ច ដែល​មាន​នៅ​ស្ថាន​បរម​សុខ​សម្រាប់​ថ្ងៃ​អនាគត​របស់​យើង។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ពី​ម្សិល​មិញ​ខ្ញុំ​បាន​ចូល​នៅ​ក្នុង​មណ្ឌល​កែប្រែ​ព្រៃស (ពន្ធនាគារ) ខ្ញុំ​បាន​ចូល​ទៅ​ថ្វាយ​អភិបូជា​សម្រាប់​បង​ប្អូន​មួយ​ចំនួន​ដែល​ជា​កាតូលិក។ នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ព្រៃស​ប្រហែល​មាន​មនុស្ស​ពី​៧០០០​ទៅ​១០០០០​នាក់។ ខ្ញុំ​រំភើប​ដែរ ដោយសារ​យើង​បាន​អាន​គម្ពីរ បាន​ថ្វាយ​អភិបូជា​មាន​ប្រហែល​៥០​នាក់​ដែល​ចូល​រួម។ ខ្ញុំ​បាន​ប្រាប់​គេ​ថា មើល​របៀប​ដែល​ព្រះជាម្ចាស់​ស្រឡាញ់​យើង យើង​ជាប់ ឃុំឃាំង​ដោយសារ​ច្បាប់​សង្គម។ ប៉ុន្តែ នៅ​ថ្ងៃ​ហ្នឹង​ដែល​យើង​ជួប​គ្នា​នៅ​ក្នុង​បន្ទប់​ដ៏​តូច​មួយ យើង​ដូច​ជា​បាន​ទទួល​អំណោយ​មួយ​យ៉ាង​ពិសេស​បំផុត គឺ​ព្រះជាម្ចាស់។ ព្រះជាម្ចាស់​កាត់​ក្ដី​យើង​របៀប​ផ្សេង មិន​មែន​កាត់​ក្ដី​យើង​ដូច​តុលាការ​ដែល​ទុក​ឱ្យ​យើង​នៅ​ក្នុង​ពន្ធនាគារ​មាន​៥​ឆ្នាំ ១០​ឆ្នាំ ខ្លះ​២០​ឆ្នាំ ខ្លះ​២៥​ឆ្នាំ ខ្លះ​៣០​ឆ្នាំ។ ប៉ុន្តែ ជា​មួយ​ព្រះជាម្ចាស់​ផ្សេង​ពេល​យើង​ទទួល​ស្គាល់​អំពើ​បាប​របស់​យើង​ដ៏​ពិត​ប្រាកដ យើង​ដឹង​ថា​ព្រះជាម្ចាស់​លើក​លែង​ទោស​ឱ្យ​យើង។ ដូច្នេះ ពេល​យើង​ចូល​នៅ​ក្នុង​បន្ទប់​ដ៏​តូច​នេះ​ដើម្បី​ថ្វាយ​អភិបូជា ជា​ពេល​វេលា​មួយ​ដូច​ជា​យើង​ទទួល​សេរីភាព។ ទោះបី​យើង​ជាប់​ក្នុង​ពន្ធ​នាគារ​ក៏​ដោយ យើង​ទទួល​សេរីភាព​នៅ​ក្នុង​ដួង​ចិត្ត​ដោយ​ដឹង​ថា ព្រះជាម្ចាស់​ស្រឡាញ់​យើង ព្រះជាម្ចាស់​ធ្វើ​ដំណើរ​ជា​មួយ​យើង។ យើង​ចូល​នៅ​ក្នុង​សក្ការៈបូជា ដែល​ជា​ពិធិ​ជប់លៀង​របស់​ព្រះជាម្ចាស់ ដូច​ជា​យើង​ចូល​នៅ​ក្នុង​កោះ​មួយ​ដ៏​តូច​ដែល​មាន​សេចក្ដី​ស្រឡាញ់​ដែល​មក​ពី​ព្រះជាម្ចាស់។

ថ្ងៃ​នេះ យើង​ចូល​នៅ​ក្នុង​ព្រះវិហារ​នៅ​ជុំគិរី ដូច​ជា​បង​ប្អូន​ទាំង​អស់​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ ជា​ពិសេស​សម្រាប់​បង​ប្អូន​ដែល​ធ្វើ​ពិធី​ជម្រះ​ចិត្ត​គំនិត​ទី​ពីរ។ ដោយសារ យើង​មាន​៩៥​នាក់​ដែល​ទទួល​ជំហាន​ទី​ពីរ ហើយ​ត្រៀម​ខ្លួន​ដើម្បី​ទៅ​ជា​គ្រីស្ត​បរិស័ទ​ខាង​មុខ​នេះ។ ថ្ងៃ​នេះ ជា​ពេល​វេលា​មួយ​ដើម្បី​ឱ្យ​យើង​នឹក​ឃើញ​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ របៀប​ដែល​ព្រះបិតា​អង្គុយ​ដើម្បី​មើល​ផ្លូវ។ របៀប​ដែល​ព្រះបិតា​មើល​យើង​ពី​ចម្ងាយ របៀប​ដែល​ព្រះបិតា​រត់​ដើម្បី​ទទួល​ស្វាគមន៍​យើង​នៅ​ពេល​យើង​ត្រឡប់​មក​វិញ របៀប​ដែល​ព្រះបិតា​ថើប​យើង​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ដ៏​ពេញ​លក្ខណៈ របៀប​ដែល​ព្រះបិតា​ណែនាំ​ឱ្យ​យើង​ទៅ​ជា​មនុស្ស​ថ្មី។ ដូច្នេះ យើង​ត្រូវ​តែ​អធិដ្ឋាន អធិដ្ឋាន​ម្ដង​ហើយ​ម្ដង​ទៀត​ដោយ​ទូល​អង្វរ​ព្រះជាម្ចាស់ សូម​ព្រះអង្គ​លើក​លែង​ទោស​ឱ្យ​យើង។ ប៉ុន្មាន​ថ្ងៃ​មុន យើង​បាន​អធិដ្ឋាន​រួម​ជា​មួយ​ព្រះនាង​ម៉ារី ព្រះនាង​ម៉ារី​ដែល​ជា​តារា​សមុទ្រ ព្រះនាង​ម៉ារី​ដែល​ជា​សម្ពន្ធ​រវាង​ព្រះជាម្ចាស់​នឹង​យើង ដើម្បី​ឱ្យ​យើង​ទទួល​ការ​លើក​លែង​ទោស។ ព្រះនាង​ម៉ារី ដែល​ជា​ព្រះមហា​ក្សត្រី​នៃ​ពិភព​លោក​ទាំង​មូល នៃ​ក្រុម​គ្រួសារ​របស់​យើង​នៅ​ក្នុង​មនុស្ស​លោក ព្រះនាង​ម៉ារី​ដែល​ជា​ព្រះមហា​ក្សត្រី​នៃ​សុខ​សន្តិភាព ណែនាំ​ឱ្យ​យើង​ធ្វើ​ដំណើរ។

ពី​ថ្ងៃ​ដែល​ព្រះយេស៊ូ​ចាប់​កំណើត​ជា​មនុស្ស ពី​ថ្ងៃ​ដែល​ព្រះយេស៊ូ​បាន​ប្រសូត ពី​ថ្ងៃ​ដែល​ព្រះយេស៊ូ​ចូល​នៅ​ក្នុង​មង្គល​ការ​កាណា ពី​ថ្ងៃ​ដែល​ព្រះយេស៊ូ​បាន​ចូលទៅ​ប្រកាស​ដំណឹង​ល្អ រហូត​ដល់​ថ្ងៃ​ដែល​ព្រះយេស៊ូ​ត្រូវ​គេ​ឆ្កាង។ នៅ​ពេល​នោះ ព្រះនាង​ម៉ារី​នៅ​ក្បែរ ព្រះនាង​ម៉ារី​ណែនាំ​ឱ្យ​យើង​មើល​ឃើញ របៀប​ដែល​ព្រះជាម្ចាស់​ស្រឡាញ់​មនុស្ស​លោក នៅ​ក្នុង​ព្រះយេស៊ូ​លើ​ឈើឆ្កាង។ របៀប​ដែល​ព្រះជាម្ចាស់​ណែនាំ​ឱ្យ​យើង​ទទួល​ជីវិត​ថ្មី ដោយសារ​នៅ​លើ​ឈើ​ឆ្កាង​យើង​មាន​ព្រះយេស៊ូ​នៅ​លើ​ឈើឆ្កាង​មែន ប៉ុន្តែ​នៅ​ពេល​នោះ​ព្រះយេស៊ូ​កំពុង​ប្រមូល​អំពើ​បាប​របស់​យើង​ទាំង​អស់។ ព្រះយេស៊ូ​បាន​សោយ​ទិវង្គត​ដោយ​អយុត្តិធម៌ ដោយសារ​ព្រះយេស៊ូ​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​អយុត្តិធម៌​ហ្នឹង​ព្រះយេស៊ូ​ណែនាំ​ឱ្យ​យើង​ទាំង​អស់​គ្នា ទទួល​ការ​សង្រ្គោះ​នៅ​ក្នុង​យុត្តិធម៌​របស់​ព្រះជាម្ចាស់ ដើម្បី​ឱ្យយើង​ទៅ​ជា​មនុស្ស​សុចរិត។ ព្រះយេស៊ូ​ជា​ព្រះ​ដ៏​សុចរិត​បំផុត ប៉ុន្តែ​នៅ​ក្នុង​ព្រះ​ឈើឆ្កាង​ហ្នឹង ព្រះយេស៊ូ​ណែនាំ​ឱ្យ​យើង​ទៅ​ជា​មនុស្ស​សុចរិត ទៅ​ជា​មនុស្ស​ថ្មី។ ដោយសារ ពី​ព្រះ​បេះដូង​របស់​ព្រះយេស៊ូ​បាន​ចេញ​ទឹក​នៃ​ជីវិត បាន​ចេញ​ឈាម​នៃ​សេចក្ដី​ស្រឡាញ់ ដើម្បី​ឱ្យ​មនុស្ស​លោក​ជា​ពិសេស​យើង​ផ្ទាល់ ទទួល​ជីវិត​អស់​កល្ប​ជានិច្ច។

យើង​អធិដ្ឋាន​ទូល​អង្វរ​ព្រះជាម្ចាស់ នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ឱ្យ​ព្រះអង្គ​បំភ្លឺ​យើង ដើម្បី​ឱ្យ​យើង​ទៅ​ជា​មនុស្ស​ថ្មី និង​ជាពិសេស​ដើម្បី​ឱ្យ​យើង​ទទួល​ស្គាល់​អំពី​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ចំពោះ​យើង​ផ្ទាល់។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

បេក្ខជន​ត្រៀម​ជ្រមុជទឹក​ក្នុងភូមិភាគ​ភ្នំពេញ​មាន​ជាង​១០០នាក់

មនុស្ស​ពេញ​វ័យ​ចំនួន​១២៧ នាក់​បាន​ទទួល​ពិធី​ត្រាស់ហៅ​ឲ្យទទួល​ពិធី​ជម្រុជទឹក​ពី​លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ កាលពីថ្ងៃទី​៨ ខែ​មីនាកន្លងទៅ នៅ​ព្រះវិហារ​សន្តសិលា និង​សន្ត​ប៉ូល ភ្នំពេញថ្មី នារាជធានីភ្នំពេញ។ ពិធី​ត្រាស់ហៅនេះ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​អនុញ្ញាត​ឲ្យ​បេក្ខជន​ដែល​បាន​សិក្សា​អំពី​ជំនឿ​អាច​ទទួល​អគ្គសញ្ញាជ្រមុជទឹក​ក្នុង​ឱកាស​បុណ្យ​ចម្លង​ខាង​មុខនេះ។ មុន​ចាប់​ផ្តើម​ពិធី​​នេះ លោកអភិបាល​អូលីវីយ៉េ បាន​អប់រំ​ណែនាំ​ដល់​បេក្ខជន​ទាំង​អស់ ដោយ​ផ្តោ​ត​សំខាន់​លើ​​ «ការរួម​ស្លាប់​និង​រួម​រស់ជាមួយព្រះយេស៊ូ​»។ លោក​បញ្ជាក់​ថា ពេល​យើង​ចូល​ទៅ​ក្នុងទឹក ឬ​ចាក់ទឹក​លើក្បាល នោះ​បង្ហាញថា «យើង​ជា​មនុស្ស​ថ្មី» ហើយ​ពេល​នោះ​ដែរ លោក​បូជាចារ្យ​លាប​ប្រេង​ឲ្យយើង

យុវជនរួមដំណើរឆ្ពោះទៅក្តីសង្ឃឹម

ការិយាល័យ​យុវជន ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ​បាន​រៀបចំ​កម្មវិធី​បូជនីយចរ​ប្រចាំ​ឆ្នាំ​ដែល​មាន​យុវជន​ចូលរួម​ចំនួន​៣០០នាក់​ លោក​បូជាចារ្យ និង​បព្វជិត-ជិតា ចូលរួម​ក្រោម​ប្រធាន​បទ បូជនីយេសក៏​ឆ្ពោះទៅសេចក្តីសង្ឃឹម ធ្វើ​នៅ​ព្រះសហគមន៍​ដាក់ដំាំ និងប៊ូស្រា​ ក្នុង​ខេត្ត​មណ្ឌល​គិរី​ ដែលមាន​​​បងប្អូន​ជនជាតិដើម​ភាគ​តិច​ព្នងរស់នៅ កាលពីថ្ងៃទី​២៨​ដល់​ថ្ងៃទី​០២ ខែ​មីនា​កន្លងទៅ។ លោក​ស៊ាន់ សារឿន ប្រធាន​ការិយាល័យ​យុវជន​ ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ មាន​ប្រសាសន៍​ថា កម្មវិធីនេះ បាន​រឿបចំ​ឡើង​រយៈ១៤​ឆ្នាំ​មក​ហើយ គឺ​នៅ​តាំងពី​ឆ្នាំ​២០១០។ លោក​បន្ថែម​ថា កម្មវិធី​នេះ គឺ​​ដើម្បីឲ្យយុវជនមានឱកាសបង្ហាញអំពីជំនឿ និងមានពេលវេលាដើម្បីធ្វើដំណើររួមគ្នា ចែករំលែកបទពិសោធន៍អំពី​​ការបម្រើរបស់ពួកគេនៅតាមព្រះសហគមន៍នីមួយៗ

ក្រុមពិធីបុណ្យអន្តរភូមិភាគនឹងចងក្រងពិធី អគ្គសញ្ញាអាពាហ៍ពិពាហ៍

ការិយាល័យពិធីបុណ្យអន្តរភូមិភាគ បាន​រៀបចំ​សិក្ខាសាលាស្តីអំពី «អគ្គសញ្ញាអាពាហ៍ពិពាហ៍» ដែលមានការចូលរួមពីលោកអភិបាល លោកបូជាចារ្យ ដូនជី និងគ្រីស្តបរិស័ទប្រមាណ៧០នាក់ មកពីព្រះសហគមន៍ទាំង៣ភូមិភាគ នាថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងសិក្សាអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ និងក្បួនប្រារព្ធពិធី​​តាមច្បាប់ព្រះសហគមន៍កាតូលិក និងតាមប្រពៃណីខ្មែរ។ លោកអភិបាល សិលា សួន ហង្សលី ទទួលបន្ទុកការិយាល័យពិធីបុណ្យអន្តរភូមិភាគបានឲ្យដឹងថា សិក្ខាសាលានេះមានគោលបំណងចង់ឲ្យលោកឪពុក បងប្រុស បងស្រី ព្រមទាំងតំណាងគ្រីស្តបរិស័ទយើងមានឱកាសជួបជុំគ្នាដើម្បីរិះគិតពិចារណាឡើងវិញអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ដែលយើងប្រារព្ធក្នុងព្រះសហគមន៍កាតូលិក ដោយសារការិយាល័យពិធីបុណ្យចង់ធ្វើសៀវភៅសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍នេះឲ្យបានសមរម្យ

Subscribe to our newsletter

Don't miss new updates on your email