លោកអភិបាល​សុំឲ្យ​គ្រីស្ត​បរិស័ទ​មាន​ចិត្ត​ថ្លើម​តែមួយ

ក្នុងអាទិត្យទី២​នៃ​រដូវរង់ចាំ លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ រំលឹក​ដល់​គ្រីស្ត​បរិស័ទ​ឲ្យ​យក​ចិត្ត​ទុកដាក់​បន្ថែម​លើការរួប​រួម​គ្នាជា​ធ្លុង​តែ​មួយ​ក្នុងព្រះសហគមន៍។

លោក​មានប្រសាសន៍ថា ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​គឺ​បងប្អូន​ចេះ​ទទួល​ស្វាគមន៍​គ្នា​ដោយ​រាក់ទាក់ ដូច​ព្រះគ្រីស្ត​ទទួល​បងប្អូនដែរ។ ទោះបីនៅ​សង្គម​ខាង​ក្រៅ ការ​សហការគ្នា​បាន​បាត់បង់​ខ្លះ​ក៏ដោយ តែ​ព្រះសហគមន៍​ត្រូវ​តែ​បន្ត​ ជា​គ្រួសារ​មួយ​ដែល​ចេះ​ជួយ​គ្នាទៅវិញ​ទៅមក​ ដែលចេះ​រាក់ទាក់​គ្នាទៅវិញទៅមក​ ដើម្បី​បង្កើត​គ្រួសារតែ​មួយ​ដែលជា​ធ្លុងតែ​មួយ ចិត្ត​គំនិត​តែ​មួយ ចិត្ត​ថ្លើម​តែ​មួយ​ សំឡេង​តែមួយ។

មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យទី​៤ខែ​ធ្នូ​កន្លងទៅ លោក​អភិបាល​បានរំលឹក​ថា នៅក្នុងភូមិភាគ​ភ្នំពេញ​មាន​សាសនទូត​ពី​ប្រទេស​ផ្សេងៗ​ជា​ច្រើនមក​បម្រើ ប៉ុន្តែ​នៅក្នុង​ព្រះសហគមន៍​​ដោយសារ​យើង​មាន​ព្រះគ្រីស្ត​ជា​សិរិសា «យើង​ធ្វើ​ដំណើរ​ជាមួយគ្នា​ ដោយ​ចិត្ត​គំនិត​តែ​មួយ ដោយ​សំឡេង​តែ​មួយ​ ដើម្បីបម្រើ​ព្រះសហគមន៍​របស់​យើង។»

ការ​ចូលរួម​ជាមួយ​គ្នា​ក្នុង​កិច្ច​ការ​មួយ​រួម​ គឺ​ជា​របៀប​នៃ​គ្រួសារ​ដែល​ចេះ​សហការគ្នា ប៉ុន្តែ​យើង​ត្រូវការ​មាន​កំលាំង​ដើម្បីទៅមុខ​នោះ​គឺ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ មាន​ប្រសាសន៍​ទៅកាន់​គ្រីស្ត​បរិស័ទ​ដែល​នឹង​ទទួល​អគ្គសញ្ញាលាប​ថ្ងាសនៅព្រះវិហារ​សន្ត​យ៉ូសែប ជុំគិរី​ក្នុង​ខេត្ត​កំពត​ លោក​អភិបាល​អូលីវីយ៉េ បាន​រំលឹកថា​ កំលាំង​របស់យើង​ គឺមក​ពី​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ ដែល​បំភ្លឺនិងឲ្យ​យើង​គោរព​កោតខ្លាចព្រះជាម្ចាស់​។

លោក​បញ្ជាក់ថា ការ​កោតខ្លាច​ព្រះជាម្ចាស់​គឺ​ត្រូវ​ចូលរួម​អភិបូជា​ជារៀង​រាល់​ថ្ងៃ​អាទិត្យ  មិន​មែន​ធ្វើ​តាម​អំពើចិត្ត​របស់យើង​ឡើយ។

«ថ្ងៃអាទិត្យជាថ្ងៃទី​៧ ដែលព្រះជាម្ចាស់​សម្រាក​ មិន​មែន​ជាពេលដេក តែ​ជាពេល​ទុក​ឲ្យ​គ្រីស្ត​បរិស័ទ​មាន​ពេលវេលា​កោត​សរសើរ​ព្រះជាម្ចាស់​ លើក​តម្កើង​ព្រះនាម​ព្រះអង្គ​ក្នុង​វិហារ​ ដើម្បីទទួល​កំលាំង​ថ្មី​ ជា​ពិសេស​កំលាំង​ថ្មីពីព្រះបន្ទូលរបស់​ព្រះជាម្ចាស។» លោក​អភិបាល​បញ្ជាក់។

លោក​អភិបាល​ពន្យល់ថា ​ព្រះកាយ​របស់​ព្រះគ្រីស្ត​គឺ​ជា​កំលាំង​មួយ​ ដើម្បី​ឲ្យ​យើង​ទៅជាគ្រួសារ​តែមួយ។ ពេល​​បងប្អូន​ទទួល​ព្រះកាយ​តូច​មួយ គឺទទួល​​ព្រះយេស៊ូ​ពេញ​លក្ខណៈ ដែល​ឲ្យ​យើង​ទៅ​ជា​រូបកាយព្រះយេស៊ូ។ «យើង​ជា​គ្រួសារ​តែ​មួយ​មែន​ទែន ដោយសារ​យើង​រៀងៗខ្លួន​បានទទួលព្រះយេស៊ូ​ផ្ទាល់។»

ក្នុងរដូវ​រង់ចាំនេះ លោកអភិបាល​សូម​បងប្អូន​ត្រៀម​ខ្លួន​រៀបចំ​ចិត្ត​គំនិត​ ​ លើកិច្ច​ការ​ដែល​​ត្រូវ​ធ្វើ​ក្នុង​អាទិត្យ​ខាង​មុខៗទៀត។ លោក​អភិបាល​បាន​ស្នើ​សុំ​ឲ្យ​គ្រីស្ត​បរិស័ទ​ម្នាក់ៗ​រៀបចំ​កន្លែង​ទទួល​ព្រះកុមារ​យេស៊ូ​នៅ​តាម​ផ្ទះ​របស់​ខ្លួន មាន​ដូចជា​ ទៀន និង​រោង​ព្រះយេស៊ូ​ផងដែរ។

លោក​ក៏​ស្នើ​ឲ្យ​ព្រះវិហារ​នីមួយៗ​រៀបចំ​​កម្មវិធី​បុណ្យព្រះយេស៊ូប្រសូត​ឲ្យ​បាន​ល្អ​ប្រសើរ ជា​ពិសេស​ការ​សម្តែង​រឿង​ ដើម្បី​ប្រកាសដំណឹងល្អ​តាម​រយៈ​សិល្បៈ ទោះបីមាន​គ្នា​ច្រើនឬតិច​ក្តី គឺដើម្បី​ឲ្យ​​ប្រជាជន​ក្នុងភូមិ​​មាន​អំណរសប្បាយ​រួម​ជាមួយគ្រីស្ត​បរិស័ទ។

«អ្វីដែលយើង​សាបព្រោះ​ អាចមាន​ផ្លែ​យ៉ាង​ច្រើន​ដែល​ណែនាំ​ឲ្យ​ព្រះរាជ្យ​របស់ព្រះជាម្ចាស់​ពិតមែនជិត​មកដល់​ហើយ។» លោក​អភិបាល​បន្ថែម។

ក្នុង​ឱកាស​នោះ មាន​គ្រីស្ត​បរិស័ទចំនួន​១៨នាក់​ទទួល​អគ្គសញ្ញា​លាប​ថ្ងាស និង​មាន​២នាក់ទទួល​ព្រះកាយព្រះគ្រីស្ត​លើក​ដំបូង។

លោក​ហុក ចិត្រា អាយុ​១៩​ឆ្នាំ សព្វ​ថ្ងៃកំពុង​រៀន​នៅ​មហាវិទ្យាល័យ​នាទីក្រុង​ភ្នំពេញ​ បាន​​​ទទួល​ពិធីជ្រមុជទឹក​ក្នុង​ឆ្នាំ​២០១៣ តាម​​ឪពុក​ម្តាយ​របស់​គាត់​ ដែល​បានផ្លាស់​ប្តូរជំនឿ​​ជាគ្រីស្ត​បរិស័ទ។

ចិត្រា ទើប​ទទួល​អគ្គសញ្ញាលាប​ថ្ងាស​ក្នុង​ថ្ងៃនេះ បាន​ឲ្យដឹងថា​ការ​រស់នៅ​ជាគ្រីស្ត​បរិស័ទ នៅពេលមាន​ទុក្ខលំបាក​ណាមួយ​គាត់តែ​ង​នឹក​ដល់​ព្រះយេស៊ូ​ជានិច្ច ដើម្បីទទួល​បាន​សេចក្តីសង្ឃឹម​និង​ទំនុកចិត្ត​។

ក្នុងនាម​ជាគ្រីស្តបរិស័ទ​ ចិត្រា​បាន​ជួយ​សកម្មភាព​មួយ​ចំនួន​ក្នុងព្រះសហគមន៍​របស់គាត់​។  «ខ្ញុំ​ចូល​ក្នុងព្រះសហគមន៍​តាំង​ពីតូច​ដូច​ជា​ ចូលក្នុង​ក្រុម​កាយឫទ្ធិ​ជា​យុវជន ជាជំទង់ និង​ជា​គ្រូកាយឫទ្ធិ និង​ជា​អ្នក​បម្រើ​អាសនៈ៕»

ដោយ​ កែវ កញ្ញា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

បេក្ខជន​ត្រៀម​ជ្រមុជទឹក​ក្នុងភូមិភាគ​ភ្នំពេញ​មាន​ជាង​១០០នាក់

មនុស្ស​ពេញ​វ័យ​ចំនួន​១២៧ នាក់​បាន​ទទួល​ពិធី​ត្រាស់ហៅ​ឲ្យទទួល​ពិធី​ជម្រុជទឹក​ពី​លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ កាលពីថ្ងៃទី​៨ ខែ​មីនាកន្លងទៅ នៅ​ព្រះវិហារ​សន្តសិលា និង​សន្ត​ប៉ូល ភ្នំពេញថ្មី នារាជធានីភ្នំពេញ។ ពិធី​ត្រាស់ហៅនេះ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​អនុញ្ញាត​ឲ្យ​បេក្ខជន​ដែល​បាន​សិក្សា​អំពី​ជំនឿ​អាច​ទទួល​អគ្គសញ្ញាជ្រមុជទឹក​ក្នុង​ឱកាស​បុណ្យ​ចម្លង​ខាង​មុខនេះ។ មុន​ចាប់​ផ្តើម​ពិធី​​នេះ លោកអភិបាល​អូលីវីយ៉េ បាន​អប់រំ​ណែនាំ​ដល់​បេក្ខជន​ទាំង​អស់ ដោយ​ផ្តោ​ត​សំខាន់​លើ​​ «ការរួម​ស្លាប់​និង​រួម​រស់ជាមួយព្រះយេស៊ូ​»។ លោក​បញ្ជាក់​ថា ពេល​យើង​ចូល​ទៅ​ក្នុងទឹក ឬ​ចាក់ទឹក​លើក្បាល នោះ​បង្ហាញថា «យើង​ជា​មនុស្ស​ថ្មី» ហើយ​ពេល​នោះ​ដែរ លោក​បូជាចារ្យ​លាប​ប្រេង​ឲ្យយើង

យុវជនរួមដំណើរឆ្ពោះទៅក្តីសង្ឃឹម

ការិយាល័យ​យុវជន ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ​បាន​រៀបចំ​កម្មវិធី​បូជនីយចរ​ប្រចាំ​ឆ្នាំ​ដែល​មាន​យុវជន​ចូលរួម​ចំនួន​៣០០នាក់​ លោក​បូជាចារ្យ និង​បព្វជិត-ជិតា ចូលរួម​ក្រោម​ប្រធាន​បទ បូជនីយេសក៏​ឆ្ពោះទៅសេចក្តីសង្ឃឹម ធ្វើ​នៅ​ព្រះសហគមន៍​ដាក់ដំាំ និងប៊ូស្រា​ ក្នុង​ខេត្ត​មណ្ឌល​គិរី​ ដែលមាន​​​បងប្អូន​ជនជាតិដើម​ភាគ​តិច​ព្នងរស់នៅ កាលពីថ្ងៃទី​២៨​ដល់​ថ្ងៃទី​០២ ខែ​មីនា​កន្លងទៅ។ លោក​ស៊ាន់ សារឿន ប្រធាន​ការិយាល័យ​យុវជន​ ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ មាន​ប្រសាសន៍​ថា កម្មវិធីនេះ បាន​រឿបចំ​ឡើង​រយៈ១៤​ឆ្នាំ​មក​ហើយ គឺ​នៅ​តាំងពី​ឆ្នាំ​២០១០។ លោក​បន្ថែម​ថា កម្មវិធី​នេះ គឺ​​ដើម្បីឲ្យយុវជនមានឱកាសបង្ហាញអំពីជំនឿ និងមានពេលវេលាដើម្បីធ្វើដំណើររួមគ្នា ចែករំលែកបទពិសោធន៍អំពី​​ការបម្រើរបស់ពួកគេនៅតាមព្រះសហគមន៍នីមួយៗ

ក្រុមពិធីបុណ្យអន្តរភូមិភាគនឹងចងក្រងពិធី អគ្គសញ្ញាអាពាហ៍ពិពាហ៍

ការិយាល័យពិធីបុណ្យអន្តរភូមិភាគ បាន​រៀបចំ​សិក្ខាសាលាស្តីអំពី «អគ្គសញ្ញាអាពាហ៍ពិពាហ៍» ដែលមានការចូលរួមពីលោកអភិបាល លោកបូជាចារ្យ ដូនជី និងគ្រីស្តបរិស័ទប្រមាណ៧០នាក់ មកពីព្រះសហគមន៍ទាំង៣ភូមិភាគ នាថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងសិក្សាអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ និងក្បួនប្រារព្ធពិធី​​តាមច្បាប់ព្រះសហគមន៍កាតូលិក និងតាមប្រពៃណីខ្មែរ។ លោកអភិបាល សិលា សួន ហង្សលី ទទួលបន្ទុកការិយាល័យពិធីបុណ្យអន្តរភូមិភាគបានឲ្យដឹងថា សិក្ខាសាលានេះមានគោលបំណងចង់ឲ្យលោកឪពុក បងប្រុស បងស្រី ព្រមទាំងតំណាងគ្រីស្តបរិស័ទយើងមានឱកាសជួបជុំគ្នាដើម្បីរិះគិតពិចារណាឡើងវិញអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ដែលយើងប្រារព្ធក្នុងព្រះសហគមន៍កាតូលិក ដោយសារការិយាល័យពិធីបុណ្យចង់ធ្វើសៀវភៅសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍នេះឲ្យបានសមរម្យ

Subscribe to our newsletter

Don't miss new updates on your email