ព្រះអំណោយទាន​នៃ​ព្រះយេស៊ូ​ប្រសូត ផ្លាស់​ប្ដូរ​ពិភព​លោក

អភិបូជា​រាត្រី​អបអរសាទរ​ព្រះយេស៊ូ​ប្រសូត

នៅ​ព្រះសហគមន៍​ព្រះកុមារ​យេស៊ូ បឹង​ទំពន់

ភ្នំពេញ​ខាង​ត្បូង ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២២

បង​ប្អូន​ជា​ទី​ស្រឡាញ់

មុន​ចាប់​ផ្ដើម​ចែក​រំលែក​អំពី​បុណ្យ​ដ៏​ពិសេស ដែល​យើង​គោរព​ថ្ងៃ​នេះ​គឺ “ព្រះយេស៊ូប្រសូត”។ ខ្ញុំ​សូម​ស្វាគមន៍​បង​ប្អូន​ទាំង​អស់ ដែល​មក​យ៉ាង​ច្រើន​កុះករ​នៅ​ក្នុង​យប់​ដ៏​សុខ​សាន្ត​នេះ យើង​មាន​បង​ប្អូន​ដែល​ធ្លាប់​ចូល​ព្រះវិហារ​ព្រះកុមារយេស៊ូ បឹង​ទំពុន ជា​ប្រចាំ យើង​មាន​បង​ប្អូន​ដែល​ប្រហែល​មក​ពី​កន្លែង​ផ្សេងៗ​ដែល​បាន​ចូល​រួម​ជា​មួយ​យើង។ ប្រហែល​យើង​មាន​បង​ប្អូន​គ្រីស្ត​បរិស័ទ រួម​ជា​មួយ​ពុទ្ធ​បរិស័ទ​ខ្លះៗ ដែល​បាន​ចូល​នៅ​ក្នុង​អំណរ​សប្បាយ​របស់​ព្រះសហគមន៍​កាតូលិក​យើង។

ថ្ងៃ​នេះ យើង​ឃើញ​មាន​បង​ស្រី​មេត្តា​ករុណា​យ៉ាង​ច្រើន ខ្ញុំ​សូម​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ចំពោះ​បង​ស្រី ជូសែប ដែល​ជា​បង​ស្រី​បន្ត​តួនាទី​ទទួល​ខុស​ត្រូវ​ក្រុម​បង​ស្រី​មេត្តា​ករុណា​នៅ​ក្នុង​ពិភព​លោក​ពី​ម្ដាយ​តេរេសា។ ដូច្នេះ ថ្ងៃ​នេះ​ជា​មោទនភាព​និង​ជា​កិត្តិយស​របស់​យើង នៅ​ក្នុង​អំណរ​សប្បាយសូម​ទទួល​ស្វាគមន៍​បង​ស្រី។

ថ្ងៃ​នេះ ឈាន​ចូល​១៤​ឆ្នាំ​ដែល​សម្ដេច​ប៉ាប​បាន​ប្រកាស​លោក អូលីវីយ៉េ ជា​អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០០៩ ម៉ោង​៦​ល្ងាច។ បង​ប្អូន​ជា​ទី​ស្រឡាញ់ ពិត​មែន​យើង​បាន​ស្ដាប់​សេចក្ដី​របស់​ក្រុម​ទេវ​ទូត “ច្រៀងលើកតម្ដើងសិរីរុងរឿងរបស់ព្រះជាម្ចាស់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត ហើយសូមឲ្យមនុស្សលោកដ៏ជាទីស្រឡាញ់របស់ព្រះអង្គបានប្រកប​ដោយសេចក្ដីសុខសាន្តនៅលើផែនដី”។ យប់​នេះ យើង​ចេញ​ពី​ការ​ធ្វើ​ដំណើរ​របស់​យើង​អស់​រយៈពេល​៤​អាទិត្យ នៅ​ក្នុង​រដូវ​រង់​ចាំ។ យើង​ចេញ​ពី​ភាព​ងងឹត​នៃ​ដួង​ចិត្ត​របស់​យើង យើង​ចេញ​ពី​កម្លាំង​ដែល​យើង​បាន​ប្រមូល ដើម្បី​ខិតខំ។ ដូច​ខ្ញុំ​បាន​អញ្ជើញ​បង​ប្អូន​ប៉ុន្មាន​ដង​នៅ​ក្នុង​៤​អាទិត្យ​នេះ ខិត​ខំ​ដើម្បី​កែ​ប្រែ​ចិត្ត​គំនិត ប្រែ​របៀប​រស់​នៅ ប្រែ​របៀប​ដែល​យើង​មើល​ឃើញ​ស្ថាន​ភាព​នៅ​ក្នុង​ពិភព​លោក ដើម្បី​មើល​ឃើញ​ស្ថាន​ភាព​នៃ​ពិភព​លោក​ដោយ​ភ្នែកថ្មី។ ភ្នែក​របស់​ព្រះជាម្ចាស់​ផ្ទាល់ ព្រះនេត្រា​របស់​ព្រះអង្គ​ផ្ទាល់ ដើម្បី​ណែនាំ​ឲ្យ​ផ្កា​ឈូក​ដែល​យើង​មាន​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ដែល​ជាប់​ភក់​នៃ​ភាព​ងងឹត អាច​រីក​ចម្រើន​លូត​លាស់​នៅ​ក្រោម​ព្រះអាទិត្យ​របស់​ព្រះជាម្ចាស់ ទៅ​ជា​ផ្កា​មួយ​ដ៏​ស្អាត​បំផុត​ដែល​ទាំង​អស់​គ្នា​ចង់​បេះ​នៅ​ក្នុង​យប់​ដ៏​សុខ​សាន្ត​នេះ។

ពិត​មែន យប់​នេះ​ជា​ពេល​វេលា​ដើម្បី​មើល​ឃើញ​ដោយ​ភ្លែក​របស់​យើង​ផ្ទាល់ ផ្កាយ​មួយ​ដ៏​ពិសេស ពន្លឺ​ដ៏​ត្រចះ​ត្រចង់​មួយ​យ៉ាង​ពិសេស ដែល​កំពុង​រះ​ឡើង​នៅ​ក្នុង​ផ្ទៃ​មេឃ​របស់​យើង។ យប់​នេះ គឺ​ព្រះជាម្ចាស់​ដែល​បង្ហាញ​អំពី ព្រះហឫទ័យ​ប្រណី​សន្ដោស​របស់​ព្រះអង្គ​ដល់​មនុស្ស​លោក។ យប់​នេះ យើង​អាច​ប្រកាស​ថា “ព្រះសង្គ្រោះបានប្រសូតហើយ”។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ដើម្បី​មើល​ឃើញ​ការ​អស្ចារ្យ​ដែល​កំពុង​កើត​ឡើង​នៅ​ពេល​ហ្នឹង ដើម្បី​មើល​ឃើញ​ព្រះសង្គ្រោះ​ប្រសូត​សម្រាប់​យើង​នៅ​ក្នុង​យប់​នេះ។ យើង​មាន​សញ្ញា​ដ៏​តូច​តាច សាមញ្ញ​បំផុត ដែល​តាម​ពិត​ភ្នែក​របស់​យើង​មើល​មិន​ឃើញ។ ដោយសារ ដើម្បី​មើល​ឃើញ​ព្រះសង្គ្រោះ​ប្រសូត៖

សញ្ញាទី ដែល​យើង​មាន​គឺ មាន​ផ្កាយ​មួយ​ដែល​ភ្លឺ​ជាង​គេ​នៅ​ក្នុង​ចំណោម​ផ្កាយ​ទាំង​ឡាយ។ ផ្កាយ​មួយ​ដ៏​តូច មាន​តែ​ហោរាចារ្យ​បាន​មើល​ឃើញ មើល​ឃើញ​នៅ​ក្នុង​ចំណោម​ផ្កាយ​រាប់​ពាន់​លាន មាន​តែ​មួយ​ដែល​ប្លែក មាន​តែ​មួយ​ដែល​ភ្លឺ​ជាង​គេ។

សញ្ញាទី ដែល​យើង​ទទួល​យប់​នេះ គឺ​កូន​ង៉ែត​ដែល​បាន​កើត នៅ​ក្នុង​ចំណោម​កូន​ង៉ែត​ច្រើន​ណាស់។ ដោយសារ ពី​មួយ​យប់​ទៅ​មួយ​យប់​មាន​កូន​ង៉ែត​ប៉ុន្មាន​លាន​នាក់​ដែល​កើត​ជា​រៀង​រាល់​ថ្ងៃ។ នៅ​ក្នុង​ចំណោម​កូន​ង៉ែត​នេះ មាន​មួយ​ដែល​ព្យាការី​អាណា បាន​មើល​ឃើញ ដែល​ស៊ីមេអង់ បាន​មើល​ឃើញ។ នៅ​ក្នុង​ចំណោម​កូន​ង៉ែត​ទាំង​អស់ នៅ​ពេល​លោក​តាស៊ីមេអង់​បាន​មើល​ឃើញ​ព្រះឱរស​ព្រះយេស៊ូ បាន​យល់​ថា នេះ​ជា​ព្រះពន្លឺ​ដែល​យាង​មក។

ពិត​មែន បង​ប្អូន​ជា​ទី​ស្រឡាញ់​ដើម្បី​មើល​ឃើញ​សញ្ញា​សម្គាល់​ដ៏​ពិសេស​នៅ​យប់​នេះ ជា​សញ្ញា​សម្គាល់​ដែល​សាមញ្ញ​បំផុត។ យើង​ត្រូវ​ការ​លាង​ជម្រះ​ចិត្ត​គំនិត​របស់​យើង ដើម្បី​ទទួល​ចិត្ត​គំនិត​និង​ជា​ពិសេស​បេះដូង​ដូច​កូន​ក្មេង​ម្នាក់ ដែល​ចេះ​មើល​ឃើញ​ការ​អស្ចារ្យ​ដ៏​តូច​តាច។

បង​ប្អូន​ជា​ទី​ស្រឡាញ់ យប់​នេះ​ជា​ពេល​វេលា​ដើម្បី​ធ្វើ​តេស្ត អំពី​របៀប​ដែល​យើង​បាន​រៀបចំ​បុណ្យ​ព្រះយេស៊ូ​ប្រសូត​អស់​រយៈពេល​៤​អាទិត្យ។ តើយើងកំពុងមើលឃើញ​អ្វី​ខ្លះ នៅក្នុងភាពងងឹតនៃចិត្តគំនិត​របស់យើង? តើយើងកំពុងស្ដាប់​អ្វី​ខ្លះ នៅក្នុងត្រចៀករបស់យើង? ខ្ញុំ​ជឿ​ថា ចម្លើយ​របស់​យើង​ស៊ី​សង​លើ​របៀប ដែល​យើង​យក​ចិត្ត​ទុក​ដាក់​ត្រៀប​អស់​រយៈពេល​៤​អាទិត្យ ដើម្បី​ទទួល​ស្វាគមន៍​ព្រះពន្លឺ​កើត​ជា​មនុស្ស​នៅ​ក្នុង​យប់​នេះ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​៤​អាទិត្យ​កន្លង​មក ខ្ញុំ​បាន​មើល​ឃើញ​សញ្ញា​ច្រើន ខ្ញុំ​បាន​ស្ដាប់​ឮ​អំណរ​សប្បាយ​ដ៏​ពិសេស ខ្ញុំ​បាន​រំភើប​ចិត្ត​យ៉ាង​ច្រើន​តាម​កន្លែង​នីមួយៗ​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ។

ខ្ញុំ​នឹក​ឃើញ​បង​ប្អូន​២០០​នាក់​ដែល​បាន​មក​ហូប​បាយ​នៅ​បឹងទំពន់​នេះ ដើម្បី​ចូល​រួម​មហា​ជប់​លៀង​នៃ​បុណ្យ​ព្រះយេស៊ូ​ប្រសូត។ ខ្ញុំ​នឹក​ឃើញ​អំណរ​សប្បាយ ដែល​គេ​មាន​នៅ​ពេល​យើង​បាន​ស្វាគមន៍​គេ​យ៉ាង​កក់​ក្ដៅ​នៅ​ព្រះសហគមន៍​ព្រះកុមារ​យេស៊ូ​យើង។

ខ្ញុំ​បាន​នឹក​ឃើញ​កូន​ក្មេង​សាលា​មត្តេយ្យ ដែល​បាន​បញ្ចប់​ការ​សិក្សា​របស់​គេ បន្ទាប់​ពី​មិន​បាន​រៀន​អស់​រយៈ​ពេល​ពីរ​ឆ្នាំ ដោយសារ​កូវីដ-១៩។ ពេល​ខ្ញុំ​ស្ដាប់​ឮ​កូន​ក្មេង​ដែល​បាន​ប្រកាស​យ៉ាង​ច្បាស់​លាស់ នៅ​ថ្ងៃ​អនាគត​ខ្ញុំ​ចង់​ធ្វើ​ជា​លោក​គ្រូ​អ្នក​គ្រូ ចង់​ធ្វើ​ជា​ប៉ូលីស ចង់​ធ្វើ​ជា​គ្រូ​ពេទ្យ។ ខ្ញុំ​នឹក​ឃើញ​សញ្ញា​នៃ​វត្តមាន​របស់​ព្រះយេស៊ូ​ពិត​មែន។

នៅ​ពេល​ខ្ញុំ​បាន​ស្ដាប់​ឮ​សំឡេង​អស្ចារ្យ​នៃ​អំណរ​សប្បាយ ដែល​ហៀរ​ពី​ដួង​ចិត្ត​របស់​សិស្សានុសិស្ស​របស់​សាលាវិទ្យាល័យ​ចំណេះ​ទូទៅ​សន្ត​ហ្រ្វង់ស្វ័រ និងវិទ្យាល័យបច្ចេកទេសសន្តហ្វ្រង់ស្វ័រ។ ពី​ម្សិល​មិញ បាន​ជាប់​បាក់​ឌុប ១០០% ខ្ញុំ​បាន​ឃើញ​វត្តមាន​របស់​ព្រះជាម្ចាស់​ដែល​បាន​កើត​ឡើង។

នៅ​ពេល​ខ្ញុំ​បាន​ស្ដាប់​ឮ​ឪពុក​ម្ដាយ​នៃ​កូន​ក្មេង​អូទីសឹម ដែល​បាន​ជួប​ជុំ​គ្នា​ពី​ម្សិល​មិញ​នៅ​បឹងទំពន់​នេះ។ នៅ​ពេល​ខ្ញុំ​ស្ដាប់​ឮ​សេចក្ដី​សង្ឃឹម​របស់​ពួក​គាត់ សុបិន​របស់​ពួក​គាត់ ដែល​ឃើញ​កូន​របស់​គេ​ដែល​កំពុង​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ នៅ​ក្នុង​របៀប​តូច​តាច​មែន ប៉ុន្តែ​ការ​រីក​ចម្រើន​នេះ​ជា​អំណរ​សប្បាយ​របស់​ពួក​គាត់ នៅ​ក្នុង​សាលា​អប់រំ​ពិសេស​ដើម្បី​ការ​លូត​លាស់។

នៅ​ពេល​ខ្ញុំ​ឃើញ​កូន​ក្មេង ប៉ុន្មាន​ថ្ងៃ​មុន​នៅ​គ្រួសារ​ពន្លឺ​មិត្តភាព នៅ​ពេល​នោះ​ខ្ញុំ​បាន​ឃើញ​កូន​ក្មេង​សប្បាយ​ណាស់។ នៅ​ពេល​គេ​ឃើញ​ឪពុក​ម្ដាយ ដែល​ជា​កម្មករ​ផ្ដល់​សក្ខីភាព​អំពី​កម្លាំង​ដែល​គេ​មាន ដើម្បី​បន្ត​តស៊ូ ដើម្បី​បន្ត​ឈ្នះ​ឧបសគ្គ​នានា​សម្រាប់​កូន​គេ​ឲ្យ​មាន​អនាគត។

នៅ​ពេល​ខ្ញុំ​បាន​ទៅ​កោះកុង ខ្ញុំ​បាន​ឃើញ​គ្រួសារ​ក្រីក្រ​ដែល​ជួប​ជុំ​គ្នា​ជា​មួយ​ព្រះសហគមន៍​របស់​យើង។ មាន​ប៉ុន្មាន​នាក់​ជា​មនុស្ស​ឯកោ​មែន​ទែន ប៉ុន្តែ​នៅ​ពេល​ហ្នឹង​គេ​បាន​ទទួល​បទ​ពិសោធន៍​នៃ​គ្រួសារ​ដ៏​កក់​ក្ដៅ ដែល​ស្វាគមន៍​និង​ស្រឡាញ់​គេ។

នៅ​ពេល​ខ្ញុំ​មើល​ឃើញ តាម​ព្រះសហគមន៍​នីមួយៗ​នៅ​ក្នុង​ភូមិភាគ របៀប​ដែល​បាន​រៀប​ចំ​ការ​សម្ដែង​រឿង​ព្រះយេស៊ូ​ប្រសូត​សម្រាប់​យប់​នេះ។ ឆ្នាំ​នេះ បាន​ខិត​ខំ​មែន​ទែន ទាំង​៥០​កន្លែង​ដែល​យើង​មាន​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ ដើម្បី​ឲ្យ​ការ​សម្ដែង​រឿង​ព្រះយេស៊ូ​ប្រសូត​ទៅ​ជា​អំណរ​សប្បាយ​សម្រាប់​មហា​ជន ដែល​កំពុង​មក​ដើម្បី​កំពុង​ជួប​គ្នា​នៅ​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​ពី​ម្សិល​មិញ ថ្ងៃ​នេះ ថ្ងៃ​ស្អែក។

នៅ​ពេល​ខ្ញុំ​បាន​មើល​ឃើញ​ភ្នែក​របស់​កូន​ក្មេង ដែល​កំពុង​ពោរ​ពេញ​ដោយ​អំណរ​សប្បាយ ដោយសារ​គេ​សម្លឹង​មើល​រោង​ព្រះយេស៊ូ​ប្រសូត គេ​សម្លឹង​មើល​ពន្លឺ​ដែល​យើង​បាន​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​មែន​ទែន។ នៅ​ឆ្នាំ​នេះ នៅ​ក្នុង​ព្រះសហគមន៍​នីមួយៗ​យើង​មាន​ភូមិ​បេថ្លេហិម​ដែល​បាន​កើត​ឡើង។ ខ្ញុំ​សូម​អរគុណ​ដល់​ព្រះសហគមន៍​ទាំង​អស់​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​មែន​ទែន ដើម្បី​បង្ហាញ​អំណរ​សប្បាយ​ដែល​យើង​មាន តាម​រយៈ​សញ្ញា​ដ៏​តូច​តាច។

ពិត​មែន​បង​ប្អូន​ជា​ទី​ស្រឡាញ់ សញ្ញា​សំគាល់​នេះ​ទាំង​អស់ ណែនាំ​ឲ្យ​យើង​រំភើប ណែនាំ​ឲ្យ​យើង​ចូល​រួម​ជា​មួយ​ព្រះនាង​ម៉ារី​និង​សន្ត​យ៉ូសែប ដើម្បី​សម្លឹង​មើល​ព្រះយេស៊ូ​ដែល​ប្រសូត​ហើយ។ ខ្ញុំ​ជឿ​ថា​បង​ប្អូន​ទាំង​អស់​មាន​សញ្ញា​ផ្សេងៗ ដែល​បាន​មើល​ឃើញ​ដែរ ណែនាំ​ឲ្យ​យប់​នេះ​ដួង​ចិត្ត​របស់​យើង​ភ្លឺ​ដ៏​អស្ចារ្យ។ ដែល​ណែនាំ​យប់​នេះ ឲ្យ​ចិត្ត​គំនិត​របស់​យើង​ទៅ​ជា​ចិត្ត​គំនិត​ដែល​ពោរពេញ​ដោយ​សេចក្ដី​សង្ឃឹម​និង​កម្លាំង​ថ្មី។ ដោយសារ​យប់​នេះ ក្ដី​សុបិន​របស់​យើង​ដែល​ចង់​មាន​ពិភព​លោក​ប្រកប​ដោយ​សេច​ក្ដី​សុខ​សាន្ត ប្រកប​ដោយ​សុខដុមរមនា យល់​ថា​អាច​កើត​ឡើង​បាន។ ដោយសារ​យប់​នេះ សេចក្ដី​សង្ឃឹម​របស់​យើង​ដូច​ជា​កើត​សាជាថ្មី នៅ​ក្នុង​គោល​បំណង​ឲ្យ​យើង​មាន​ពិភព​លោក​មួយ​ប្រកប​ដោយ​យុតិ្តធម៌ ដែល​ចេះ​គោរព​ព្រះជាម្ចាស់។

ខ្ញុំ​ចង់​សួរ​ដល់​បង​ប្អូន​ខ្ញុំ​និយាយ​ពិត​ឬ​អត់? តើ​បង​ប្អូន​កំពុង​មាន​ក្ដី​សង្ឃឹម​ថ្មី? តើ​បង​ប្អូន​កំពុង​ជឿ​ថា​ក្ដី​សុបិន​របស់​យើង​កើត​ឡើង​បាន? ដោយសារ​នេះ​ជា​ការ​អស្ចារ្យ​នៃ​អាថ៌​កំបាំង ដែល​យើង​កំពុង​ប្រារព្ធ​យប់​នេះ គឺ​ព្រះយេស៊ូ​ប្រសូត​ហើយ។ ដោយសារ​យប់​នេះ គឺ​ព្រះជាម្ចាស់​ផ្ទាល់​ដែល​ប្រទាន​កាដូ​មួយ​ដ៏​អស្ចារ្យ​មែន​ទែន អំណោយ​ទាន​មួយ​ដ៏​អស្ចារ្យ​មែន​ទែន គឺ​ព្រះអំណោយ​ទាន​របស់​ព្រះជាម្ចាស់​ផ្ទាល់ ដើម្បី​ឲ្យ​យើង​រស់​នៅ​បច្ចុប្បន្ន​នេះ​នៅ​ក្នុង​លោកីយ៍​នេះ​បាន នៅ​ក្នុង​សេចក្ដី​សុខ។ ទោះ​បី​ពិភព​លោក​របស់​យើង មាន​មនុស្ស​យ៉ាង​ច្រើន​ដែល​កំពុង​កំសត់​ទុរគត ដែល​កំពុង​យំ​សោក។ ទោះ​បី​ពិភព​លោក​របស់​យើង មាន​ការ​ស្អប់​គ្នា ការ​ច្រណែន​គ្នា​យ៉ាង​ច្រើន យើង​ដឹង​ថា​យប់​នេះ​នៅ​ក្នុង​ចិត្ត​យើង យើង​មាន​សេចក្ដី​សង្ឃឹម យើង​មាន​កម្លាំង​ថ្មី ដោយសារ ព្រះយេស៊ូ​ប្រសូត​ហើយ។ យប់​នេះ​រួម​ជា​មួយ​ព្រះនាង​ម៉ារី​និង​សន្ត​យ៉ូសែប រួម​ជា​មួយ​គ្រូ​គង្វាល​និង​ទេវ​ទូត​ទាំង​ឡាយ ជា​ពេល​វេលា​ដើម្បី​ទទួល​ព្រះអំណោយ​ទាន​របស់​ព្រះជាម្ចាស់​ដ៏​បរិបូណ៌ ពេញ​ខ្លួន​ដើម្បី​មាន​កម្លាំង​ថ្មី ថាមពល​ថ្មី ដើម្បី​ជម្រះ​ចិត្ត​គំនិត​របស់​យើង ដើម្បី​ឲ្យ​យើង​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា ពោរ​ពេញ​ដោយ​សេចក្ដី​ក្លាហាន ពោរពេញ​ដោយ​ចិត្ត​អង់​អាច។ ដោយ​ដឹង​ថា កុំ​ឲ្យ​ខ្លាច​អី យើង​បាន​ស្ដាប់​ហើយ ដោយ​មាន​យុត្តិធម៌​នៅ​ក្នុង​ចិត្ត​យើង ដោយ​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ ដើម្បី​ឱ្យ​ឆ្នាំ​ថ្មី​ដែល​ជិត​បើក​ហើយ​ទៅ​ជា​ឆ្នាំ​ដ៏​អស្ចារ្យ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ព្រះជាម្ចាស់​ប្រទាន​ឱ្យ​យើង​ច្រើន​ណាស់ និង​យើង​បាន​ទទួល​ស្វាគមន៍។ ប៉ុន្តែ អ្វីៗ​ទាំង​អស់​ស៊ី​សង​យើង​ផ្ទាល់ ស៊ី​សង​ឆន្ទៈ​របស់​យើង ស៊ី​សង​ចិត្ត​គំនិត​របស់​យើង។ តើ​យើង​ឯកភាព​ដើម្បី​ដូរ​របៀប​ដែល​យើង​រស់​នៅ​ប្រចាំ​ថ្ងៃ​ឬ​ទេ? តើ​យើង​ឯកភាព​ដើម្បី​ដូរ​ភ្នែក​របស់​យើង ដើម្បី​មើល​ឃើញ​ស្ថានភាព​នៅ​ក្នុង​របៀប​ថ្មី​ឬ​ទេ? តើ​យើង​ឯកភាព​ដូរ​របៀប​ដែល​យើង​ស្រឡាញ់ និង​ស្វាគមន៍​បង​ប្អូន​ឯទៀតៗ ជា​ពិសេស​មនុស្ស​តូច​តាច​ឬ​ទេ? ពិត​មែន ព្រះជាម្ចាស់​ប្រទាន​ការ​សង្រ្គោះ ព្រះជាម្ចាស់​ប្រទាន​សេចក្តី​សុខសាន្ត​ដល់​មនុស្ស​ដែល​ព្រះអង្គ​ស្រឡាញ់។ យប់​នេះ យើង​ជា​ប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់ យើង​ជា​បុរស​និង​ស្ត្រី​ដែល​ព្រះជាម្ចាស់​បាន​បង្កើត ដែល​ព្រះជាម្ចាស់​ស្រឡាញ់។ ប៉ុន្តែ អ្វីៗ​ទាំង​អស់​ស៊ី​សង​លើ​យើង យើង​ទទួល​ឬ​មិន​ទទួល យើង​ដូរ​ឬ​មិន​ដូរ យើង​កែ​ប្រែ​ឬ​មិន​កែ​ប្រែ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ រៀងៗ​ខ្លួន​នៅ​ក្នុង​រាត្រី​ដ៏​សុខសាន្ត​នេះ យើង​មាន​ក្តី​សង្ឃឹម យើង​មាន​សុបិន​សម្រាប់​ជីវិត​របស់​យើង​ផ្ទាល់ សម្រាប់​គ្រួសារ​របស់​យើង សម្រាប់​សង្គម​របស់​យើង​បច្ចុប្បន្ន​នេះ។ ដោយ​ព្រះ​អំណោយ​ទាន​របស់​ព្រះជាម្ចាស់ យើង​មាន​សមត្ថភាព​ដើម្បី​ឱ្យ​ក្តី​សុបិន​របស់​យើង​កើត​ឡើង​បាន។ ប៉ុន្តែ លុះត្រាតែ​យើង​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់ តស៊ូ ស្រឡាញ់ និង​យក​ព្រះជាម្ចាស់​ជា​ទី​ពឹង ជា​អាទិភាព​នៅ​ក្នុង​ជីវិត​របស់​យើង។ យើង​ដឹង​ថា ប៉ុន្មាន​ថ្ងៃ​ទៀត​យើង​ឆ្លង​ឆ្នាំ​ចូល​ឆ្នាំ​២០២៣ ដូច្នេះ​ជា​ពេល​វេលា​ដើម្បី​ជូន​ពរ​គ្នា​ទៅ​វិញ​ទៅ​មក ឱ្យ​មាន​សុខភាព​ល្អ ឱ្យ​មាន​សេចក្តី​សុខ​សាន្ត…។ យើង​មាន​ពាក្យ​ពិរោះៗ​យ៉ាង​ច្រើន​ដើម្បី​ជូន​ពរ​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ ការ​ជូន​ពរ​របស់​យើង​ដែល​បាន​ជូន​ដល់​បង​ប្អូន​ឯទៀតៗ អាច​កើត​ឡើង​បាន​នៅ​ក្នុង​ព្រះយេស៊ូ​យប់​នេះ លុះត្រាតែ​យើង​យក​ចិត្ត​ទុក​ដាក់​អស់​ពី​សមត្ថភាព។

នរណា​ក៏​ចង់​មាន​សុខភាព​ល្អ ប៉ុន្តែ​តើ​យើង​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​រូប​កាយ​របស់​យើង​ឬ​ទេ? តើ​យើង​យក​ចិត្ត​ទុក​ដាក់​នឹង​ម្ហូប​អាហារ​ដែល​យើង​បរិភោគ​ប្រចាំ​ថ្ងៃ​ឬ​ទេ? សុខភាព​ល្អ មិន​មែន​ដោយសារ​ថ្នាំ​ទេ។

យើង​ចង់​ក្លាយ​ជា​អ្នក​មាន​ដែល​រក​ស៊ី​បាន​ស្រួល ប៉ុន្តែ​លុះត្រាតែ​ក្មេង​យើង​យក​ចិត្ត​ទុក​ដាក់​រៀន លុះត្រាតែ​បង​ប្អូន​ដែល​កំពុង​ធ្វើ​ការ​ខិតខំ​ធ្វើ​ការ​ដោយ​សេចក្តី​ស្រឡាញ់ ដោយ​ការ​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់។ មិន​អាច​ក្លាយ​ជា​អ្នក​មាន​ដោយសារ​យើង​ទៅ​ខ្ចី​លុយ​គេ។

មាន​សេចក្តី​សុខសាន្ត និង​ទំនាក់​ទំនង​យ៉ាង​ល្អ​រវាង​គ្នា​នឹង​គ្នា​បាន លុះត្រាតែ​យើង​អធិដ្ឋាន​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក លុះត្រាតែ​យើង​ខិត​ខំ​ស្វាគមន៍​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​តស៊ូ​នៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់។ ក៏​ប៉ុន្តែ កុំ​សង្ឃឹម​លើ​ខិត​ប័ណ្ណ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​រាល់​ថ្ងៃ​ដើម្បី​បង្កើត​ទំនាក់​ទំនង​ល្អ។

យើង​ចង់​មាន​ព្រះសហគមន៍​ដែល​បើក​ចិត្ត​គំនិត ដែល​ចេះ​ប្រកាស​ដំណឹង​ល្អ ដែល​បំភ្លឺ​ដល់​បងប្អូន​ឯទៀតៗ​នៅ​ក្នុង​ភូមិ នៅ​កន្លែង​ដែល​យើង​នៅ​បាន លុះត្រាតែ​យើង​យក​ចិត្ត​ទុក​ដាក់​ទៅ​អភិបូជា​ជា​រៀង​រាល់​អាទិត្យ យើង​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​និង​អនុវត្ត​តាម​ព្រះបន្ទូល​នេះ។ យើង​យក​ចិត្ត​ទុក​ដាក់​ចូល​នៅ​ក្នុង​បេសកកម្ម និង​សកម្មភាព​តាម​ក្រុម​នានា​ដែល​យើង​មាន​នៅ​តាម​ព្រះសហគមន៍​នីមួយៗ។ ប៉ុន្តែ ប្រសិន​បើ​យើង​សង្ឃឹម​តែ​លើ​លោក​ឪពុក បងស្រី និង​ឧបដ្ឋាក​តែ​ប៉ុណ្ណឹង ព្រះសហគមន៍​របស់​យើង​មិន​អាច​លូត​លាស់ និង​រីក​ចម្រើន​ដើម្បី​ប្រកាស​ដំណឹង​ល្អ​បាន​ទេ។

យើង​ចង់​មាន​គ្រួសារ​ដ៏​សុខ​សាន្ត​បាន លុះត្រាតែ​យើង​យក​ចិត្ត​ទុក​ដាក់​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក យើង​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​កូន​របស់​យើង។ សួរ​កូន​របស់​យើង តើ​ថ្ងៃ​នេះ​បាន​រៀន​អ្វី​ខ្លះ? តើ​ថ្ងៃ​នេះ​បាន​ធ្វើ​អ្វី​ខ្លះ? ប៉ុន្តែ ប្រសិន​បើ​នៅ​ពេល​យើង​ជួប​ជុំ​គ្នា​ជា​គ្រួសារ រៀងៗ​ខ្លួន​យើង​រវល់​តែ​មើល​ទូរស័ព្ទ​របស់​យើង គ្រួសារ​ដ៏​សុខសាន្ត​មិន​អាច​កើត​ឡើង​បាន​ទេ។

យើង​ចង់​មាន​ការ​ត្រាស់​ហៅ​យ៉ាង​ច្រើន​នៅ​ក្នុង​ព្រះសហគមន៍ ជា​ពិសេស​នៅ​ឆ្នាំ​២០២២​យើង​មាន​ឧបដ្ឋាក​៣​រូប ដែល​មាន​លោក​បូជាចារ្យ​ម្នាក់ ដែល​មាន​លោក​អភិបាល​ខ្មែរ​១​រូប។ យើង​អាច​ធ្វើ​បាន លុះត្រាតែ​យើង​ជា​លោក​អភិបាល ជា​បូជាចារ្យ ជា​ឧបដ្ឋាក ជា​បង​ប្រុស​បង​ស្រី យើង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ផ្តល់​សក្ខីភាព​អំពី​អំណរ​សប្បាយ​ដែល​យើង​មាន ដើម្បី​បម្រើ​ព្រះសហគមន៍ និង​បម្រើ​ព្រះជាម្ចាស់។ យើង​មិន​អាច​មាន​ការ​ត្រាស់​ហៅ​យ៉ាង​ច្រើន ដោយសារ​យើង​បើក​ការិយាល័យ​ការ​ត្រាស់​ហៅ​នោះ​ទេ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ យប់​នេះ​យើង​ស្តាប់​ហើយ​ស្តាប់​ទៀត “សូម​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់​នៅ​ស្ថាន​ដ៏​ខ្ពង់​ខ្ពស់​បំផុត ហើយ​សូម​ឱ្យ​មនុស្ស​លោក​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ បាន​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត​នៅ​លើ​ផែនដី​នេះ”។ សូម​ឱ្យ​បទ​ចម្រៀង​នេះ ចូល​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង​ពេញ​មួយ​ឆ្នាំ​រួម​ជា​មួយ​ទេវទូត។ នៅ​ពេល​នេះ ខ្ញុំ​សូម​ជូន​ពរ​ដល់​បង​ប្អូន​ទាំង​អស់ ឱ្យ​យើង​មាន​ពិធី​និង​អំណរ​សប្បាយ​នៅ​ក្នុង​ព្រះយេស៊ូ​ប្រសូត​ដ៏​អស្ចារ្យ ដើម្បី​ឱ្យ​ដួង​ចិត្ត​របស់​យើង​ដែល​ទទួល​ស្វាគមន៍​អំណោយ​ទាន​ពី​ព្រះកុមារ​យេស៊ូ ណែនាំ​ឱ្យ​ក្តី​សុបិន​របស់​យើង​អាច​ក្លាយ​ទៅ​ជា​ការ​ពិត។ និង​ដើម្បី​ឱ្យ​សេចក្តី​សង្ឃឹម​របស់​យើង​នៅ​ក្នុង​ឆ្នាំ​២០២៣ ទៅ​ជា​សេចក្តី​សង្ឃឹម​មួយ​ដ៏​អស្ចារ្យ​មែន​ទែន ដែល​ផ្ទុះ​ដូច​កាំជ្រួច ដើម្បី​ឱ្យ​ជីវិត​របស់​យើង​ទៅ​ជា​ជីវិត​ដ៏​អស្ចារ្យ​នៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់។

ជយោព្រះយេស៊ូប្រសូត!

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Share on facebook
Facebook
Share on twitter
Twitter
Share on linkedin
LinkedIn

Subscribe to our newsletter

Don't miss new updates on your email