ឱ​ព្រះអម្ចាស់​យេស៊ូ​គ្រីស្ត​អើយ! ខ្ញុំ​ស្រឡាញ់​ព្រះអង្គ​ខ្លាំង​ណាស់

អភិបូជា​គោរព​ព្រះនាង​ម៉ារី​ជា​មាតា​របស់​ព្រះជាម្ចាស់

និង​គោរព​វិញ្ញាណ​ក្ខន្ធ​របស់​សម្តេច​ប៉ាប បេណេឌិកតូ ទី១៦

នៅ​ព្រះសហគមន៍​ក្សត្រី​នៃ​សន្តិភាព អរិយក្សត្រ

ភ្នំពេញ​ខាង​ជើង ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០២៣

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ ជា​ពេល​វេលា​មួយ​ដែល​យើង​ត្រូវ​ការ​ស្តាប់​សំលេង​របស់​សម្តេច​ប៉ាប បេណេឌិកតូ ទី​១៦ ដែល​បាន​ជូន​ដល់​ព្រះសហគមន៍​នៅ​ប្រទេស​កម្ពុជា កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៣ នៅ​ក្នុង​សារ​វីដេអូ ដែល​ព្រះអង្គ​បាន​ផ្ញើ​ដល់​យើង។ នៅ​ចុង​បញ្ចប់​នៃ​សារ​វីដេអូ សម្តេច​ប៉ាប​ទ្រង់​មាន​ព្រះបន្ទូល​ថា “សូម​ព្រះនាង​ម៉ារី ដែល​ជា​ព្រះមហា​ក្សត្រី​នៃ​ទន្លេ​មេគង្គ នៅ​ក្នុង​កាយ​វិការ​ដ៏​សុភាព​រាបសារ​និង​ភក្តី​ភាព​ចំពោះ​ព្រះជាម្ចាស់ បំភ្លឺ​ជីវិត​របស់​យើង​នៅ​ក្នុង​ឆ្នាំ​នៃ​ជំនឿ”។

ពិត​មែន ថ្ងៃ​នេះ​យើង​ជួប​ជុំ​គ្នា​ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់ សម្រាប់​ជីវិត​ដែល​មាន​ផ្លែ​យ៉ាង​ច្រើន​របស់​សម្តេច​ប៉ាប​ដ៏​ជា​ទី​គោរព​ស្រឡាញ់​របស់​យើង គឺ​សម្តេច​ប៉ាប បេណេឌិកតូ ទី​១៦។ ជា​ពេល​វេលា​សម្រាប់​យើង ដែល​ជា​ព្រះសហគមន៍​កាតូលិក​នៅ​ប្រទេស​កម្ពុជា ដើម្បី​ទូល​អង្វរ​ព្រះជាម្ចាស់ សូម​ព្រះអង្គ​ទទួល​វិញ្ញាណ​ក្ខន្ធ​របស់​សម្តេច​ប៉ាប នៅ​ក្នុង​ព្រះរាជ​នៃ​ព្រះពន្លឺ​របស់​ព្រះជាម្ចាស់​។ សម្តេច​ប៉ាប បេណេឌិកតូ ទី​១៦ បាន​សោយ​ទិវង្គត​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២២ គឺ​មួយ​ថ្ងៃ​មុន​ព្រះសហគមន៍​គោរព​ព្រះនាង​ម៉ារី​ជា​ព្រះមាតា​របស់​ព្រះជាម្ចាស់។

តាម​ពិត ព្រះនាង​ម៉ារី​បាន​ទៅ​ជា​គំរូ​របស់​លោក​ឪពុក យ៉ូសែប អាឡូស៊ីស រ៉ាតហ្ស៊ីង័រ (Joseph Aloisius Ratzinger) ដែល​ជា​ទស្សនៈទូត ដែល​ជា​បូជាចារ្យ ដែល​ជា​លោក​អភិបាល រហូត​ក្លាយ​ទៅ​ជា​គ្រូ​គង្វាល​សម្រាប់​ព្រះសហគមន៍​ទាំង​មូល ដោយ​មាន​ព្រះនាម​ថ្មី គឺ​សម្តេច​ប៉ាប បេណេឌិកតូ ទី​១៦ (Pope Benedict XVI)។ យ៉ូសែប រ៉ាតហ្ស៊ីង័រ បាន​កើត​នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​១៩២៧ ដូច្នេះ​សូម​បង​ប្អូន​ចាប់​អារម្មណ៍ យើង​បាន​រក​ឃើញ​រូប​សំណាក​ព្រះនាង​ម៉ារី​នៃ​ទីក្រុង​លួដ៍ ដែល​យើង​មាន​នៅ​អរិយក្សត្រ​នេះ​ដោយ​អ្នក​នេសាទ​ជន​ជាតិ​អ៊ីស្លាម​ម្នាក់ នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០០៨ គឺ​សម្រប​ពេល​ដែល​សម្តេច​ប៉ាប បេណេឌិកតូ ទី១៦ ប្រារព្ធ​ខួប​កំណើត​គម្រប់​៨១​ព្រះវស្សា​។ ខ្ញុំ​គិត​ថា នេះ​ជា​សញ្ញា​មួយ​យ៉ាង​ពិសេស​ដែល​សម្តេច​ប៉ាប​បាន​ប្រទាន​ដល់​ព្រះសហគមន៍​យើង​ខ្ញុំ​នៅ​ប្រទេស​កម្ពុជា តាម​រយៈ​ព្រះនាង​ម៉ារី​និង​ព្រះជាម្ចាស់។

ថ្ងៃ​នេះ យើង​ខ្ញុំ​សូម​អធិដ្ឋាន​អរព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​ជីវិត​របស់​សម្តេច​ប៉ាប ព្រះអង្គ​បាន​យក​ចិត្ត​ទុក​ដាក់​យក​ព្រះជាម្ចាស់​ជា​ទី​ពឹង​តែ​មួយ​គត់។ សម្តេច​ប៉ាប ដែល​មាន​ព្រះប្រាជ្ញាញាណ ដែល​ជឿ​លើ​ប្រាជ្ញា​ដែល​ណែនាំ​ជំនឿ​របស់​យើង។ សម្តេច​ប៉ាប ជា​បុរស​ម្នាក់​ដែល​ស្រឡាញ់​សេចក្ដី​ពិត។ យប់​នេះ ខ្ញុំ​រំភើប​ចិត្ត​នៅ​ពេល​ខ្ញុំ​នឹក​ឃើញ​អំណោយ​ដែល​សម្តេច​ប៉ាប​បាន​ប្រទាន​ដល់​ខ្ញុំ។ តាម​ពិត គឺ​ជា​សម្តេច​ប៉ាប បេណេឌិកតូ ទី​១៦ ដែល​បាន​តែងតាំង​ខ្ញុំ​ជា​លោក​អភិបាល ឧបត្ថម្ភ​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ នៅ​រាត្រី​ព្រះយេស៊ូ​ប្រសូត​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០០៩ គឺ​ជា​រាត្រី​ដែល​ព្រះជាម្ចាស់​ដាក់​ខ្លួន ដើម្បី​ចាប់​កំណើត​ជា​មនុស្ស។ នៅ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១០ ព្រះអង្គ​បាន​តែង​តាំង​ខ្ញុំ​ជា​លោក​អភិបាល​ពេញ​សិទ្ធិ សម្រាប់​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ។ នៅ​ថ្ងៃ​ដែល​យើង​គោរព​សន្តី​តេរេសា​នៃ​ព្រះកុមារ​យេស៊ូ ដែល​ជា​ឧបការិនី​សម្រាប់​អ្នក​ប្រកាស​ដំណឹង​ល្អ។ ជា​ពិសេស គឺ​ជា​សន្តី​ដែល​តូច​តាច​មួយ​រូប ដោយ​បាន​លាក់​ខ្លួន​នៅ​ក្នុង​អារាម​សំងាត់។

នៅ​ពេល​ព្រះអង្គ​បាន​ទទួល​តួនាទី​ជា​សម្តេច​ប៉ាប ទ្រង់​មាន​ព្រះបន្ទូល​ថា “ជីវិត​របស់​ខ្ញុំ​គឺ​ជា​ជីវិត​សាមញ្ញ​ធម្មតា ដែល​ដាក់​ខ្លួន​ដើម្បី​ទៅ​ជា​កម្មករ​នៅ​ក្នុង​ចម្ការ​ទំពាំងបាយជូរ​របស់​ព្រះជាម្ចាស់”។

បង​ប្អូន​ជា​ទី​ស្រឡាញ់ សូម​ចាប់​អារម្មណ៍​អំពី​របៀប​ដែល​សម្តេច​ប៉ាប​បាន​យក​ចិត្ត​ទុក​ដាក់ ដល់​ព្រះសហគមន៍​កាតូលិក​កម្ពុជា​ដ៏​តូច​តាច​របស់​យើង។ នៅ​ឆ្នាំ​២០១២ ពេល​ខ្ញុំ​ចូល​រួម​នៅ​ក្នុង​មហា​សន្និបាត​នៅ​ទីក្រុង​រ៉ូម សម្រាប់​ការ​ប្រកាស​ដំណឹង​ល្អ​សាជាថ្មី។ នៅ​ពេល​សម្តេច​ប៉ាប បាន​បញ្ចប់​មហា​សន្និបាត​នេះ ព្រះអង្គ​បាន​បញ្ចេញ​យោបល់​ខ្លះៗ​ដែល​ចេញ​ពី​ដួង​ចិត្ត​របស់​សម្តេច​ប៉ាប​តែ​ម្តង​។ ព្រះអង្គ​បាន​លើក​អំពី​ព្រះសហគមន៍​កាតូលិក​នៅ​ប្រទេស​កម្ពុជា ដែល​បាន​ផ្តល់​សក្ខីភាព​អំពី​ព្រះសហគមន៍​ដែល​កំពុង​កើត​ឡើង​ដូច​នៅ​សម័យ​ក្រុម​គ្រីស្ត​ទូត។ តាម​ពិត ព្រះអង្គ​បាន​ស្តាប់​និង​ចាប់​អារម្មណ៍​អំពី​អ្វី​ដែល​ខ្ញុំ​បាន​ចែក​រំលែក​នៅ​ក្នុង​មហា​សន្និបាត​នោះ នៅ​ក្នុង​ចំណោម​លោក​អភិបាល​រាប់​រយ​អង្គ។

ប៉ុន្មាន​ថ្ងៃ​មុន ដែល​ព្រះអង្គ​សុំ​ចូល​និវត្តន៍​ឈប់​តួនាទី​ជា​សម្តេច​ប៉ាប ទ្រង់​បាន​ផ្ញើ​សារ​ជា​វីដេអូ​ដល់​ព្រះសហគមន៍​កាតូលិក​កម្ពុជា។ ព្រះអង្គ​បាន​ផ្ញើ​សារ​វីដេអូ​តិច​បំផុត នៅ​ក្នុង​កាល​ដែល​ព្រះអង្គ​កាន់​តួនាទី​ជា​សម្តេច​ប៉ាប។ ប៉ុន្តែ សារ​វីដេអូ​ចុង​ក្រោយ​របស់​ព្រះអង្គ គឺ​សម្រាប់​ព្រះសហគមន៍​កាតូលិក​កម្ពុជា​យើង ព្រះអង្គ​បាន​ទូល​អង្វរ​ព្រះនាង​ម៉ារី​នៃ​ទន្លេ​មេគង្គ ឱ្យ​ការពារ​ថែរក្សា​ព្រះសហគមន៍​របស់​យើង និង​ការពារ​ថែរក្សា​ជំនឿ​របស់​យើង។

សម្តេច​ប៉ាប​ជា​ទី​ស្រឡាញ់ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ ខ្ញុំ​បាន​ថ្វាយ​អភិបូជា​ជា​មួយ​បង​ស្រី​មេត្តា​ករុណា នៅ​ចោម​ចៅ រួម​ជា​មួយ​បង​ស្រី យ៉ូសែហ្វ ដែល​ជា​បង​ស្រី​ប្រធាន​ដោយ​បាន​ទទួល​តួនាទី​ពី​អ្នក​ម្តាយ​តេរេសា​ដែរ។ នៅ​ពេល​នោះ ខ្ញុំ​រួម​ជា​មួយ​បង​ស្រី​ក៏​បាន​អធិដ្ឋាន​សម្រាប់​សម្តេច​ប៉ាប ខ្ញុំ​ក៏​បាន​ទូល​អង្វរ​មិត្ត​សម្លាញ់​ពិសេស​ទាំង​ពីរ​របស់​សម្តេច​ប៉ាប ដែល​សព្វ​ថ្ងៃ​ជា​សន្ត​សន្តី។ គឺ​សម្តេច​ប៉ាប យ៉ូហាន​ប៉ូល ទី​២ ដែល​ព្រះអង្គ​បាន​ស្រឡាញ់​និង​បម្រើ​អស់​ពី​កម្លាំង​កាយ​កម្លាំង​ចិត្ត និង​អ្នក​ម្តាយ​តេរេសា ដែល​ព្រះអង្គ​បាន​ជួប​យ៉ាង​ច្រើន។ នៅ​ក្នុង​សារ​លិខិត​របស់​សម្ដេច​ប៉ាប បេណេឌិកតូ ទី​១៦ ប៉ុន្មាន​ដង​បាន​លើក​អ្នក​ម្តាយ​តេរេសា​ដែល​ជា​គំរូ​មួយ​យ៉ាង​ពិសេស ដើម្បី​ឱ្យ​យើង​មើល​ឃើញ​ធម៌​មេត្តា​ករុណា​របស់​ព្រះជាម្ចាស់​យ៉ាង​ជាក់​ស្តែង។ នៅ​ពេល​នោះ ខ្ញុំ​បាន​អធិដ្ឋាន​សុំ​ឱ្យ​សន្ត​សន្តី​ទាំង​ពីរ​បើក​ទ្វារ​នៃ​ស្ថាន​បរម​សុខ ដើម្បី​ទទួល​ស្វាគមន៍​ព្រះអង្គ​។

ព្រះបន្ទូល​ចុង​ក្រោយ​របស់​សម្តេច​ប៉ាប នៅ​ក្នុង​វេលា​ដែល​ត្រូវ​ទទួល​មរណៈភាព គឺ “ឱ​ព្រះយេស៊ូ​អើយ ខ្ញុំ​ស្រឡាញ់​ព្រះអង្គ​យ៉ាង​ខ្លាំង”។

ខ្ញុំ​គិត​ថា នេះ​ជា​ពាក្យ​សង្ខេប​នៃ​ព្រះជន្ម​របស់​សម្តេច​ប៉ាប​ដ៏​ពិត​ប្រាកដ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ យប់​នេះ​ឱ្យ​យើង​ស្តាប់​ម្តង​ទៀត​អំពី​ការ​អប់​រំ​របស់​សម្តេច​ប៉ាប បេណេឌិកតូ ទី​១៦ ដែល​បាន​ជម្រុញ​យើង​ដើម្បី​ឱ្យ​យើង​បន្ត​បេសកកម្ម​របស់​ព្រះជាម្ចាស់។ នៅ​ក្នុង​នេះ​មាន​៥​ចំណុច​ដ៏​សំខាន់​គឺ​៖

ចំណុច​ទី​១ ព្រះជាម្ចាស់​ជា​សេចក្តី​ស្រឡាញ់ នេះ​ជា​សារ​លិខិត​ដំបូង​របស់​សម្តេច​ប៉ាប​ផ្ញើ​ជូន​ដល់​ពិភព​លោក “ព្រះជាម្ចាស់​ជា​សេចក្តី​ស្រឡាញ់”។

ចំណុច​ទី​២ ជំនឿ​ដែល​បំភ្លឺ​ជីវិត​របស់​យើង សម្តេច​ប៉ាប​បាន​សរសេរ​សៀវភៅ​រាប់​រយ​ក្បាល នៅ​ពេល​ព្រះអង្គ​ធ្វើ​ជា​គ្រូ​បង្រៀន​ទេវវិទ្យា ធ្វើ​ជា​លោក​អភិបាល និង​ធ្វើ​ជា​សម្តេច​ប៉ាប។ ជា​ពិសេស សៀវភៅ​មួយ​ក្បាល​ដែល​បាន​បង្ហាញ​អំពី​ជំនឿ​របស់​គ្រីស្ត​បរិស័ទ​ម្សិល​មិញ និង​ថ្ងៃ​នេះ ដែល​ជា​ពន្លឺ​ពិសេស​សម្រាប់​ជំនឿ​របស់​យើង។

ចំណុច​ទី​៣ សេចក្តី​ពិត​ជា​ផ្លូវ​នៃ​ជីវិត​របស់​យើង តាម​ពិត​ប្រសិន​បើ​យើង​មើល​សាជាថ្មី ការ​សរសេរ ការ​អប់រំ ការ​ណែនាំ ការ​បង្រៀន​របស់​សម្តេច​ប៉ាប បេណេឌិកតូ ទី​១៦ យើង​មើល​ឃើញ​ខ្សែ​ដែល​បាន​ណែនាំ​ចិត្ត​គំនិត​និង​ការ​អប់រំ​របស់​ព្រះអង្គ គឺ​សេចក្តី​ពិត​ជា​ផ្លូវ​នៃ​ជីវិត​របស់​យើង។

ចំណុច​ទី​៤ មាន​តែ​ព្រះយេស៊ូ​គ្រីស្ត​ដែល​អាច​សង្រ្គោះ​យើង ទោះ​បី​ព្រះអង្គ​ជា​សម្តេច​ប៉ាប ក៏​ព្រះអង្គ​បាន​រក​ឃើញ​ពេល​ដើម្បី​សរសេរ​សៀវភៅ​៣​ក្បាល សម្រាប់​បង្ហាញ​អំពី​ព្រះយេស៊ូ​គ្រីស្ត​បាន​កើត​ជា​មនុស្ស ជីវិត​របស់​ព្រះយេស៊ូ​គ្រីស្ត និង​ព្រះយេស៊ូ​គ្រីស្ត​មាន​ព្រះជន្ម​រស់​ឡើង​វិញ។

ចំណុច​ទី​៥ អំណាច​នៃ​សេចក្តី​ស្រឡាញ់​អាច​ឈ្នះ​អំពើ​អាក្រក់ អំពើ​ឃោរឃៅ​នៅ​ក្នុង​ពិភព​លោក នេះ​ជា​អ្វី​ដែល​សម្តេច​ប៉ាប​បាន​បង្ហាញ​នៅ​ក្នុង​សារ​លិខិត​របស់​ព្រះអង្គ។

ពិត​មែន យើង​មិន​អាច​សង្ខេប​ទាំង​គំនិត ទាំង​ជីវិត ទាំង​ស្នាដៃ​របស់​សម្តេច​ប៉ាប បេណេឌិកតូ ទី​១៦ ដោយ​ពាក្យ​ខ្លីៗ​បាន​ទេ។ ប៉ុន្តែ ខ្ញុំ​គិត​ថា​យប់​នេះ​ឱ្យ​យើង​ស្តាប់​អត្ថន័យ​នៃ​ជីវិត​របស់​សម្តេច​ប៉ាប​គឺ “ប្រសិន​បើ​យើង​ចង់​ឱ្យ​ពិភព​លោក​របស់​យើង​មាន​ជីវិត​សាជាថ្មី ប្រសិន​បើ​យើង​ចង់​ឱ្យ​ពិភព​លោក​របស់​យើង​ទទួល​ការ​សង្រ្គោះ​ដ៏​ពិត​ប្រាកដ មាន​ផ្លូវ​តែ​មួយ គឺ​ឱ្យ​យើង​រក​ឃើញ​ព្រះជាម្ចាស់​សាជាថ្មី”។ មាន​តែ​ព្រះជាម្ចាស់​ដែល​ណែនាំ​យើង​បាន យើង​ឃើញ​សព្វ​ថ្ងៃ​ពិភព​លោក​ដើរ​ឆ្ងាយ​ពី​ព្រះជាម្ចាស់ ប៉ុន្តែ​មាន​តែ​ទំនាក់​ទំនង​ដែល​យើង​មាន​ជា​មួយ​ព្រះជាម្ចាស់ ទើប​អាច​ណែនាំ​ឱ្យ​យើង​រក​ឃើញ​ផ្លូវ​នៃ​សុភមង្គល​ដ៏​ពិត​ប្រាកដ​លើ​ផែនដី​នេះ ដើម្បី​រៀប​ចំ​ទទួល​ជីវិត ជីវិត​អស់​កល្ប​ជានិច្ច​នៅ​ស្ថាន​បរម​សុខ​បាន។

បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​បាន​អបអរ​សាទរ​ព្រះយេស៊ូ​ប្រសូត​ថ្មីៗ​នេះ នៅ​ពេល​នោះ​យើង​បាន​សំលឹង​មើល​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​យ៉ាង​ជាក់​ស្តែង នៅ​ក្នុង​រោង​ព្រះយេស៊ូ​ប្រសូត។ ពិត​មែន ព្រះយេស៊ូ​ប្រសូត ជា​ព្រះបន្ទូល​សន្យា​របស់​ព្រះជាម្ចាស់​ដែល​កើត​ជា​មនុស្ស​ដ៏​ពិត​ប្រាកដ គឺ​យើង​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច។ កុំ​ឱ្យ​យើង​យល់​ច្រឡំ តាម​ពិត​អំណរ​សប្បាយ​ដ៏​ពិត​ប្រាកដ សុភមង្គល​ដ៏​ពិត​ប្រាកដ មិន​មែន​ស៊ីសង​យើង​ជា​អ្នក​មាន​ឬ​យើង​ជា​អ្នក​ក្រីក្រ។ មិន​មែន​ស៊ីសង​លើ​ទ្រព្យ​សម្បត្តិ​របស់​យើង​លើ​លោកីយ៍​នេះ​ទេ សុភមង្គល​ដ៏​ពិត​ប្រាកដ​គឺ​ជា​ឥរិយា​បថ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង។ ប្រសិន​បើ យើង​ចេះ​ទទួល​ស្វាគមន៍​វត្តមាន​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ដួង​ចិត្ត​យើង ប្រសិន​បើ​យើង​ចេះ​ចែក​រំលែក​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​ដល់​បង​ប្អូន​ឯទៀតៗ នោះ​យើង​អាច​ដើរ​តាម​ផ្លូវ​នៃ​សុភមង្គល​ដ៏​ពិត​ប្រាកដ​បាន។

ម្សិល​មិញ ខ្ញុំ​បាន​ទទួល​សំបុត្រ​មួយ​ច្បាប់​ដ៏​ខ្លី​ពី​អ្នក​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង​ម្នាក់ គាត់​បាន​ជូន​ពរ​ថ្ងៃ​ព្រះយេស៊ូ​ប្រសូត​ដល់​ខ្ញុំ។ គាត់​បាន​សរសេរ​ថា “សព្វ​ថ្ងៃ​ខ្ញុំ​ពោរពេញ​ដោយ​សុភមង្គល ដោយសារ​ខ្ញុំ​មាន​ទំនាក់​ទំនង​យ៉ាង​ល្អ​ជា​មួយ​បង​ប្អូន​ដែល​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង​ជា​មួយ​ខ្ញុំ ដោយសារ​ខ្ញុំ​មាន​ទំនាក់​ទំនង​យ៉ាង​ល្អ​ជា​មួយ​អ្នក​ដែល​ការពារ​និង​សន្តិសុខ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង និង​ដោយសារ​រាល់​ថ្ងៃ​ខ្ញុំ​បាន​អធិដ្ឋាន​ផ្គាំ​និង​អាន​គម្ពីរ​ដំណឹង​ល្អ”។ ខ្ញុំ​គិត​ថា នេះ​ជា​អំណោយ​មួយ​យ៉ាង​ពិសេស សុភមង្គល​ដ៏​ពិត​ប្រាកដ​មក​ក្នុង​ដួង​ចិត្ត​របស់​យើង លុះត្រាតែ​យើង​ចេះ​ស្រឡាញ់​ព្រះជាម្ចាស់ និង​យើង​បម្រើ​បង​ប្អូន​ឯទៀតៗ។ នេះ​ជា​ផ្លូវ ដែល​សម្តេច​ប៉ាប បេណេឌិកតូ ទី​១៦ បាន​ណែនាំ​និង​ជូន​យើង​ឱ្យ​យើង​ដើរ​រហូត​ដល់​សព្វ​ថ្ងៃ។

នៅ​ពេល​នេះ ខ្ញុំ​នឹក​ឃើញ​ដោយ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង​នូវ​ភាព​សំងាត់​ដល់​កំពូល​នៅ​ឆ្នាំ​២០១១ ពេល​យើង​បាន​ជួប​ជុំ​គ្នា​ជា​មួយ​សម្តេច​ប៉ាប នៅ​ទី​ក្រុង​ម៉ាដ្រីឌ​ជា​មួយ​យុវជន​យុវនារី​ជាង​១​លាន​នាក់។ នៅ​ពេល​នោះ សម្តេច​ប៉ាប​បាន​លុត​ជង្គង់​នៅ​មុខ​ព្រះកាយ ហើយ​យើង​ទាំង​អស់​គ្នា​បាន​ថ្វាយ​បង្គំ​នៅ​មុខ​ព្រះកាយ​នៅ​ក្នុង​ភាព​ស្ងៀម​ស្ងាត់​មែន​ទែន ដោយ​សំលឹង​មើល​ព្រះជាម្ចាស់។ ទោះ​បី​ព្រះអង្គ​មាន​ព្រះជន្ម​ច្រើន​ហើយ​ក៏​ដោយ ក៏​សម្តេច​ប៉ាប​បាន​ណែនាំ​ឱ្យ​យុវជន​នៅ​ក្នុង​ពិភព​លោក ចេះ​មើល​ឃើញ​អ្វី​ដែល​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត​របស់​យើង គឺ​ព្រះយេស៊ូ​គ្រីស្ត​ផ្ទាល់។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ឱ្យ​យើង​ទុក​ពាក្យ​ចុង​ក្រោយ​របស់​សម្តេច​ប៉ាប បេណេឌិកតូ ទី​១៦ ដើម្បី​រស់​នៅ​ក្នុង​សេចក្តី​សុខសាន្ត​ដែល​ព្រះជាម្ចាស់​ប្រទាន​មក​យើង។ ព្រះអង្គ​អញ្ជើញ​យើង​ឱ្យ​យើង​ដើរ​តាម​គំរូ​របស់​ព្រះអង្គ ឱ្យ​យើង​ដើរ​តាម​ផ្លូវ​នៃ​សេចក្តី​ស្រឡាញ់​ដោយ​សុខ​ចិត្ត​លះបង់​ចោល​ជីវិត​របស់​យើង ដើម្បី​ផល​ប្រយោជ​សម្រាប់​បង​ប្អូន​ឯទៀតៗ នៅ​ក្នុង​ការ​ដាក់​ចិត្ត​គំនិត​យ៉ាង​ទាប​បំផុត។ ពិត​មែន ដើរ​ឆ្ពោះ​ទៅ​រក​ព្រះជាម្ចាស់​បន្តិច​ម្តងៗ គឺ​ជា​សុភមង្គល​ដ៏​ពេញ​លក្ខណៈ។ នៅ​ពេល​នេះ សម្តេច​ប៉ាប​ជា​ទី​គោរព​ស្រឡាញ់​របស់​យើង បាន​ទៅ​ដល់​វេលា​ដើម្បី​មើល​ឃើញ​ព្រះភ័ក្ត្រ​របស់​ព្រះជាម្ចាស់។ ព្រះភក្រ្ត​ដែល​ព្រះអង្គ​បាន​នឹក​ឃើញ នៅ​ពេល​ទ្រង់​បាន​ស្រាវ​ជ្រាវ​ជា​ទេវវិទូ ជា​លោក​បូជាចារ្យ ជា​លោក​អភិបាល ជា​សម្តេច​ប៉ាប​ដែល​ដឹក​នាំ​ព្រះសហគមន៍​នៅ​ក្នុង​ពិភព​លោក។ ជា​ពិសេស ១០​ឆ្នាំ​ចុង​ក្រោយ​ជា​លោក​ឪពុក​ដែល​អធិដ្ឋាន​នៅ​ក្នុង​ភាព​ស្ងៀម​ស្ងាត់ សម្រាប់​ព្រះសហគមន៍​នៅ​ក្នុង​ពិភព​លោក ដើម្បី​រៀប​ចំ​ជីវិត​អស់​កល្ប​ជានិច្ច។

ឱ​ព្រះអម្ចាស់​យេស៊ូ​គ្រីស្ត​អើយ! ខ្ញុំ​ស្រឡាញ់​ព្រះអង្គ​ខ្លាំង​ណាស់ សម្តេច​ប៉ាប​ជា​ទី​ស្រឡាញ់​សូម​អធិដ្ឋាន​សម្រាប់​យើង​ខ្ញុំ សូម​ទូល​អង្វរ​ដល់​សន្ត​បុគ្គល​ទាំង​ឡាយ​ដែល​ជា​មិត្ត​សម្លាញ់​របស់​ព្រះអង្គ សម្រាប់​ព្រះសហគមន៍​កាតូលិក​ប្រទេស​កម្ពុជា​ដ៏​តូច​តាច​របស់​យើង​ខ្ញុំ​ផង”។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Share on facebook
Facebook
Share on twitter
Twitter
Share on linkedin
LinkedIn

Subscribe to our newsletter

Don't miss new updates on your email