រស់​នៅ​តាម​ព្រះបេះដូង​ព្រះយេស៊ូ

អភិបូជា​សម្រាប់​ក្រុម​ព្រះបេះដូង​ព្រះយេស៊ូ​ប្រកាស​ពាក្យ​សច្ចា​ប្រចាំ​ឆ្នាំ

នៅ​ព្រះសហគមន៍​សន្ត​យ៉ូសែប ស្អាង

ទន្លេ​បាសាក់ ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៣

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ នៅ​ក្នុង​អត្ថបទ​គម្ពីរ​ដំណឹង​ល្អ​ក៏​ដូច​ជា​នៅ​ក្នុង​អត្ថបទ​ទី​១​និង​អត្ថបទ​ទី​២ គឺ​ពិត​ជា​ស៊ី​ជម្រៅ​សម្រាប់​ក្រុម​បេះដូង​ព្រះយេស៊ូ​ដែល​ត្រៀម​ដើម្បី​ប្រកាស​ពាក្យ​សច្ចា​សាជាថ្មី។ ពាក្យ​សច្ចា មាន​ចិត្ត​ស្មោះ​ចំពោះ​ព្រះជាម្ចាស់​និង​ព្រះសហគមន៍ មាន​ចិត្ត​អធិដ្ឋាន មាន​ចិត្ត​បម្រើ​អ្នក​ក្រីក្រ​យ៉ាង​ពិសេស នេះ​ជា​អ្វី​ដែល​បន្តិច​ទៀត​បង​ប្អូន​នឹង​ប្រកាស។

នៅ​ពេល​យើង​ស្តាប់​អត្ថបទ​ទី​១ យើង​បាន​ស្តាប់​ថា “ប្រសិន​បើ​កូន​មាន​បំណង​ប្រតិបត្តិ​តាម​វិន័យ​របស់​ព្រះអម្ចាស់ នោះ​កូន​មុខ​ជា​ប្រតិបត្តិ​តាម​បាន កូន​អាច​ស្មោះ​ត្រង់​នឹង​ព្រះអង្គ​បាន​តាម​ការ​សម្រេច​ចិត្ត​របស់​កូន ព្រះអង្គ​ដាក់​ទឹក​និង​ភ្លើង​នៅ​មុខ​កូន កូន​អាច​លូក​ដៃ​ជ្រើស​រើស​យក​មួយ​ណា​ក៏​បាន តាម​ចិត្ត​កូន​ប្រាថ្នា”។ អំបាញ់​មិញ នៅ​ពេល​យើង​ស្តាប់​របាយ​ការណ៍​ពី​មុន​យើង​មាន​សមាជិក​ក្រុម​ព្រះបេះដូង​ព្រះយេស៊ូ​ចំនួន​៤០០​នាក់ ប៉ុន្តែ​សព្វ​ថ្ងៃ​នៅ​សល់​តែ​២៤១​នាក់ មាន​ន័យ​ថា​យើង​បាន​សម្រេច​ចិត្ត​តាម​ប្រាថ្នា​ចង់​បាន។ ដូច​ព្រះជាម្ចាស់​បាន​បំភ្លឺ​យើង​នៅ​ក្នុង​អត្ថបទ​ទី​១ ជីវិត​របស់​យើង​មាន​សេរីភាព ដើម្បី​ជ្រើស​រើស​ដើរ​តាម​ផ្លូវ​ដែល​យើង​ចង់​បាន។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ប៉ុន្មាន​ថ្ងៃ​កន្លង​មក​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​១​ក្នុង​អភិបូជា​ប្រចាំ​ថ្ងៃ អំពី​កំណើត​ពិភព​លោក។ កំពូល​នៃ​កំណើត​ពិភព​លោក​គឺ ព្រះជាម្ចាស់​បាន​បង្កើត​បុរស​និង​ស្ត្រី នៅ​ពេល​នោះ​ព្រះជាម្ចាស់​បាន​ដាក់​ពួក​គេ​នៅ​ក្នុង​សួន​អេដេន។ នៅ​ក្នុង​សួន​អេដេន​មាន​ដើម​ឈើ​២​ប្រភេទ មាន​ដើម​ឈើ​មួយ​ដែល​ណែនាំ​ឱ្យ​យើង​ដឹង​អំពី​អ្វី​ដែល​អាក្រក់​និង​អំពី​អ្វី​ដែល​ល្អ និង​មាន​ដើម​ឈើ​មួយ​ទៀត​ដែល​ណែនាំ​ឱ្យ​យើង​មាន​ជីវិត​អស់​កល្ប​ជានិច្ច។ ព្រះជាម្ចាស់​បាន​ហាម​អាដាំ​និង​អេវ៉ា មិន​ឱ្យ​បរិភោគ​ផ្លែ​ដែល​ដឹង​អំពី​អ្វី​ដែល​ល្អ​និង​អ្វី​ដែល​អាក្រក់។ ប៉ុន្តែ ដោយសារ​អេវ៉ា​បាន​ចាញ់​ការ​ល្បួង និង​អាដាំ​បាន​ធ្វើ​តាម ដូច្នេះ​ទាំង​ពីរ​នាក់​បាន​បរិភោគ​ផ្លែ​ឈើ​ហ្នឹង។ តើ​បង​ប្អូន​ដឹង​ថា មូល​ហេតុ​អ្វី​ព្រះជាម្ចាស់​បាន​ហាម​បរិភោគ​ផ្លែ​ឈើ​ដឹង​ខុស​ដឹង​ត្រូវ​នេះ​ឬ​ទេ? គឺ​ដោយសារ​ព្រះជាម្ចាស់​ស្គាល់​ចិត្ត​មនុស្ស ព្រះជាម្ចាស់​បាន​បង្កើត​យើង ព្រះអង្គ​ដឹង​និង​ស្គាល់​យើង​យ៉ាង​ច្បាស់​។ ប្រសិន​បើ​យើង​មាន​សេរីភាព​ដើម្បី​ជ្រើស​រើស​ផ្លូវ​ល្អ និង​ផ្លូវ​មិន​ល្អ មាន​មនុស្ស​ខ្លះ​គេ​ដើរ​តាម​ផ្លូវ​ល្អ មាន​មនុស្ស​ខ្លះ​គេ​ដើរ​តាម​ផ្លូវ​អាក្រក់ ណែនាំ​ឱ្យ​ចាប់​ផ្តើម​មាន​បញ្ហា​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល។

នេះ​ជា​អ្វី​ដែល​បាន​កើត​ឡើង ពេល​យើង​មើល​ប្រវត្តិ​សាស្ត្រ​នៃ​មនុស្ស​យើង ពី​សម័យ​ដើម​រហូត​ដល់​សម័យ​បច្ចុប្បន្ន​នេះ នៅ​ក្នុង​សង្គម​ណា​ក៏​ដោយ អ្នក​កាន់​សាសនា​ណា​ក៏​ដោយ នៅ​តែ​មាន​មនុស្ស​ខ្លះ​គេ​ដើរ​តាម​ផ្លូវ​ដ៏​ល្អ​ប្រសើរ​សម្រាប់​ផ្ទាល់​ខ្លួន និង​សម្រាប់​បង​ប្អូន​ឯទៀតៗ និង​មាន​មនុស្ស​ខ្លះ​ដើរ​តាម​ផ្លូវ​អាក្រក់ តាម​ចិត្ត​ប្រាថ្នា​ចង់​បាន។

ថ្ងៃ​នេះ បង​ប្អូន​បាន​សម្រេច​ចិត្ត​ដើម្បី​ប្រកាស​ពាក្យ​សច្ចា​ធ្វើ​ជា​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះបេះដូង​របស់​ព្រះជាម្ចាស់។ ដែល​ចង់​បម្រើ​បង​ប្អូន​ឯទៀតៗ​អស់​ពី​សមត្ថភាព ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ដល់​អ្នក​ដទៃ។ ដែល​យក​ចិត្ត​ទុក​ដាក់​អធិដ្ឋាន និង​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដើម្បី​ឱ្យ​ព្រះជាម្ចាស់​គង់​នៅ​ជា​មួយ​យើង ឱ្យ​យើង​មាន​កម្លាំង ដើម្បី​បម្រើ​អ្នក​ដទៃ បម្រើ​ក្រុម​គ្រួសារ​របស់​យើង និង​បម្រើ​ព្រះសហគមន៍។ ថ្ងៃ​នេះ យើង​បាន​សម្រេច​ចិត្ត​យក​ទឹក​ដ៏​ត្រជាក់​ដែល​ព្រះជាម្ចាស់​ប្រទាន ទឹក​ដ៏​មាន​ជីវិត​ដើម្បី​ឱ្យ​យើង​រស់​នៅ​ដោយសារ​ដង្ហើម​របស់​ព្រះជាម្ចាស់ ដោយសារ​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ដោយសារ​កម្លាំង​ដែល​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់។ ប្រសិន​បើ យើង​ជ្រើស​រើស​ភ្លើង​អាច​ធ្វើ​ឱ្យ​យើង​ឆេះ​បាន ភ្លើង​នៃ​នរក ភ្លើង​ដែល​ណែនាំ​ឱ្យ​យើង​បាត់​បង់​អ្វីៗ​ទាំង​អស់ ដែល​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត​របស់​យើង គឺ​សេចក្តី​ស្រឡាញ់ សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះជាម្ចាស់ និង​សេចក្តី​ស្រឡាញ់​ចំពោះ​បង​ប្អូន​ឯទៀតៗ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​ជា​ពេល​វេលា​ដើម្បី​ពិចារណា តើ​យើង​ត្រូវ​ជ្រើស​រើស​អ្វី​ខ្លះ? មិន​មែន​តែ​ក្រុម​ព្រះបេះដូង​ព្រះយេស៊ូ​ទេ គឺ​សម្រាប់​យើង​ទាំង​អស់​ដែល​ជា​លោក​អភិបាល ដែល​ជា​លោក​បូជាចារ្យ ដែល​ជា​គ្រូ​គង្វាល ដែល​ជា​បង​ប្រុស​បង​ស្រី ដែល​ជា​គ្រីស្ត​បរិស័ទ​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​យើង។ តើ​យើង​ជ្រើស​រើស​ប្រាជ្ញា​របស់​ព្រះជាម្ចាស់ ឬ​ប្រាជ្ញា​របស់​មនុស្ស​លោក? នៅ​ថ្ងៃ​នេះ​យើង​បាន​ស្តាប់​អត្ថបទ​ទី​២​យ៉ាង​ច្បាស់​គឺ “ប្រាជ្ញា​ម្យ៉ាង​ដែរ តែ​មិន​មែន​ជា​ប្រាជ្ញា​របស់​មនុស្ស​លោក គឺ​ជា​ប្រាជ្ញា​របស់​អ្នក​គ្រប់​គ្រង​មនុស្ស​លោក​នោះ​ទេ ពួក​គេ​នឹង​ត្រូវ​បាត់​អំណាច​ជា​មិន​ខាន យើង​និយាយ​អំពី​ប្រាជ្ញា​របស់​ព្រះជាម្ចាស់ ដែល​ព្រះអង្គ​បង្គាប់​ទុក​តាម​គម្រោង​ការ​ដ៏​លាក់​កំបាំង​របស់​ព្រះអង្គ គឺ​ព្រះអង្គ​បាន​គ្រោង​ទុក​ប្រាជ្ញា​នេះ​តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម្ល៉េះ ដើម្បី​ប្រទាន​សិរីរុងរឿង​មក​យើង​ដែរ”។ នេះ​ជា​អ្វី​ដែល​យើង​ចង់​បាន យើង​ចង់​ដើរ​តាម​ប្រាជ្ញា​របស់​ព្រះជាម្ចាស់​ផ្ទាល់ មិន​មែន​តាម​ប្រាជ្ញា​របស់​មនុស្ស​លោក​ទេ។ ប្រាជ្ញា​របស់​មនុស្ស​ដែល​មាន​អំណាច​ដែល​ចង់​បង្ហាញ​ថា​គេ​ចេះ គេ​ដឹង គេ​អាច​ដឹក​នាំ​ប្រទេស​បាន គេ​ដឹក​នាំ​ពិភព​លោក​បាន យើង​ទាំង​អស់​ត្រូវ​ការ​ធ្វើ​តាម។ ប៉ុន្តែ យូរៗ​ទៅ​ប្រាជ្ញា​តាម​លោកីយ​ត្រូវ​ការ​សាប​សូន្យ ទៅ​ជា​ប្រាជ្ញា​ដែល​បាត់​បង់​អ្វីៗ​ទាំង​អស់​ជា​មិន​ខាន។

បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​មាន​សំណាង​ដោយ​សារ​ព្រះជាម្ចាស់​បាន​ជ្រើស​រើស​យើង​ឱ្យ​ទៅ​ជា​បុត្រា​បុត្រី​របស់​ព្រះអង្គ។ យើង​មាន​សំណាង ដោយសារ​ព្រះជាម្ចាស់​បាន​ណែនាំ​នៅ​ក្នុង​ពិធី​ជ្រមុជ​ទឹក ឱ្យ​យើង​ភ្ជាប់​ជា​មួយ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ យើង​មាន​សំណាង ដោយសារ​យើង​បាន​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស ដែល​ជា​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដ៏​ពេញ​លក្ខណៈ​របស់​ព្រះជាម្ចាស់ ដើម្បី​ដឹង​អ្វី​ដែល​ល្អ អ្វី​ដែល​មិន​ល្អ ដើម្បី​ទទួល​ខុស​ត្រូវ ដើម្បី​មាន​ប្រាជ្ញា​ឈ្លាង​វៃ ដើម្បី​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​គ្រប់​កាលៈទេសៈ​នៃ​ជីវិត​របស់​យើង។ នេះ​ជា​លក្ខណៈ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ យើង​ជា​គ្រីស្ត​បរិស័ទ​ដែល​ភ្ជាប់​នឹង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ អាទិត្យ​មុន ពេល​ខ្ញុំ​បាន​ធ្វើ​អគ្គ​សញ្ញា​លាប​ថ្ងាស​ឱ្យ​២៤​នាក់​នៅ​អរិយក្សត្រ ខ្ញុំ​បាន​រំលឹក “ខ្ញុំ​ដៅ​ដោយ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដែល​ជា​ព្រះអំណោយ​ទាន​របស់​ព្រះជាម្ចាស់”។

សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ យើង​បាន​ទទួល​អំណោយ​ទាន​នេះ ជា​អំណោយ​ទាន​ដែល​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​ជីវិត​របស់​យើង ដើម្បី​ដឹក​នាំ​ចិត្ត​គំនិត​និង​បំណង​ប្រាថ្នា​របស់​យើង​យ៉ាង​ត្រឹម​ត្រូវ​។ កុំ​ឱ្យ​យើង​វង្វេង​ភ្នែក​ជា​មួយ​លោកីយ វង្វេង​ជា​មួយ​មនុស្ស​ដែល​ថា​ខ្លួន​មាន​អំណាច គេ​ដឹង​អ្វី​ដែល​ល្អ​សម្រាប់​យើង វង្វេង​ជា​មនុស្ស​ដែល​ចង់​គ្រប់​គ្រង​យើង​នៅ​គ្រប់​កាលៈទេសៈ​នៃ​ជីវិត​របស់​យើង។ បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​ជា​កូន​របស់​ព្រះជាម្ចាស់ ដោយ​នាម​ជា​កូន​របស់​ព្រះជាម្ចាស់​យើង​មាន​សិទ្ធិ​សេរីភាព ដើម្បី​ប្រឆាំង​នឹង​អ្វី​ដែល​យើង​មិន​ពេញ​ចិត្ត។ កុំ​ឱ្យ​យើង​ភ្លេច ព្រះយេស៊ូ​យាង​មក​ដើម្បី​បំពេញ​ធម៌​វិន័យ​ដ៏​ពេញ​លក្ខណៈ នេះ​ជា​អត្ថបទ​គម្ពីរ​ដំណឹង​ល្អ​ដែល​យើង​ស្តាប់​ថ្ងៃ​នេះ។ ប៉ុន្តែ បំពេញ​ធម៌​វិន័យ​ដ៏​ពេញ​លក្ខណៈ មិន​មែន​ដើម្បី​ណែនាំ​ឱ្យ​មនុស្ស​យើង​ទៅ​ជា​មនុស្ស​ដែល​ខ្វាក់ មើល​មិន​ឃើញ ជា​មនុស្ស​ពិការ​ដើរ​មិន​រួច ជា​មនុស្ស​ថ្លង់​ស្តាប់​មិន​លឺ នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ដើម្បី​ឱ្យ​យើង​ទៅ​ជា​មនុស្ស​ដែល​មើល​ឃើញ​យ៉ាង​ច្បាស់ ឆ្វេង​យល់​យ៉ាង​ច្បាស់ ជា​មនុស្ស​ដែល​ស្តាប់​លឺ។ ជា​មនុស្ស​ដែល​មាន​ដួង​ចិត្ត​យ៉ាង​ពិសេស ដើម្បី​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​គម្រោង​ការ​នៃ​ជីវិត​ដែល​ព្រះជាម្ចាស់​បាន​រៀប​ចំ​សម្រាប់​យើង ដើម្បី​ឱ្យ​យើង​មាន​សិទ្ធិ​សេរីភាព ដើម្បី​ឱ្យ​យើង​ជ្រើស​រើស​ផ្លូវ​ដ៏​ល្អ​ប្រសើរ។ នៅ​ពេល​ព្រះយេស៊ូ​បំពេញ​ធម៌​វិន័យ​ដ៏​ពេញ​លក្ខណៈ​គឺ ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ព្រះយេស៊ូ​បាន​ស្រឡាញ់​យើង។ ដូច្នេះ យើង​ឥត​មាន​អ្វី​ផ្សេង​ទេ យើង​មិន​មែន​ទៅ​ជា​អ្នក​ដែល​បម្រើ​វិន័យ គឺ​វិន័យ​បម្រើ​យើង វិន័យ​ណែនាំ​ឱ្យ​យើង​ដើរ​តាម​ផ្លូវ​យ៉ាង​ត្រឹម​ត្រូវ ណែនាំ​ឱ្យ​យើង​ដើរ​តាម​ព្រះជាម្ចាស់ ដោយសារ​មាន​តែ​ព្រះជាម្ចាស់​ទេ​ដែល​ធ្វើ​ឱ្យ​យើង​មាន​ជីវិត ជីវិត​ដ៏​ពេញ​លក្ខណៈ។

ដើម​ឈើ​ទី​២ ដែល​ព្រះជាម្ចាស់​ហាម​មិន​ឱ្យ​បរិភោគ​ផ្លែ​វា​ជា​ដាច់​ខាត គឺ​ដើម្បី​នៃ​ជីវិត​អស់​កល្ប​ជានិច្ច ដោយសារ​ព្រះជាម្ចាស់​មិន​ចង់​ឱ្យ​យើង​មាន​ជីវិត​អស់​កល្ប​ជានិច្ច​ដូច​ព្រះអង្គ​ទេ។ យើង​មិន​មែន​ជា​ព្រះជាម្ចាស់ យើង​ជា​មនុស្ស​ដែល​ខិត​ខំ​ដើរ​ដោយ​ភាព​ទន់​ខ្សោយ​របស់​យើង ប៉ុន្តែ​យើង​អាច​ដើរ​បាន។ ពី​ម្សិល​មិញ ខ្ញុំ​បាន​ប្រជុំ​ជា​មួយ​តំណាង​យុវជន​យុវនារី​ដែល​ត្រៀម​ខ្លួន​ទៅ​ចូល​រួម​ទិវា​យុវជន​ពិភព​លោក​ឆ្នាំ​២០២៣ នៅ​ប្រទេស​ប៉ទុយហ្គាល់។ យើង​មាន​៤៥​នាក់ ដែល​កំពុង​រិះ​គិត​ពិចារណា​យើង​ជា​គ្រីស្ត​បរិស័ទ យើង​ជា​កូន​របស់​ព្រះជាម្ចាស់ យើង​យក​ព្រះនាង​ម៉ារី​ជា​គម្រូ ដើម្បី​ឈរ​ឡើង ដើម្បី​ប្រញាប់​ប្រញាល់​ទៅ​ប្រកាស​ដំណឹង​ល្អ។ ដូច​ពី​ដើម​រៀង​មក នៅ​ពេល​ព្រះនាង​ម៉ារី​បាន​ទទួល​ដឹង​ធ្វើ​ជា​មាតា​របស់​ព្រះជាម្ចាស់ ព្រះនាង​ម៉ារី​បាន​ប្រញាប់​ប្រញាល់​ទៅ​ចែក​អំណរសប្បាយ​នេះ​ទៅ​យាយ​អេលីសាប៊ិត និង​ដើម្បី​បម្រើ​យាយ​អេលីសាប៊ិត​ទៀត។

ដូច្នេះ នេះ​ជា​តួនាទី​របស់​យើង​នៅ​ក្នុង​ពិភព​លោក​នេះ កុំ​ឱ្យ​យើង​ចាញ់​លោកីយ កុំ​ឱ្យ​យើង​ចាញ់​អំណាច​ដែល​ដឹក​នាំ​និង​គ្រប់​គ្រង​យើង ដែល​ណែនាំ​ឱ្យ​យើង​បាត់​បង់​សេរីភាព។ ឱ្យ​យើង​ទៅ​ជា​គ្រីស្ត​បរិស័ទ ជា​បរិស័ទ​របស់​ព្រះយេស៊ូ​គ្រីស្ត​ពោរ​ពេញ​ដោយ​សិទ្ធិ​សេរីភាព ដើម្បី​ដើរ​តាម​ផ្លូវ​ដ៏​ល្អ​ប្រសើរ ដើម្បី​កសាង​ជីវិត​យើង កសាង​គ្រួសារ​យើង កសាង​ព្រះសហគមន៍​របស់​យើង កសាង​សង្គម​ថ្មី​ដែល​យើង​កំពុង​ទន្ទឹង​រង់​ចាំ។ ព្រះនាង​ម៉ារី​ជា​គម្រូ​សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ សម្រាប់​បង​ប្អូន​ដែល​ជា​ក្រុម​ព្រះបេះដូង​ព្រះយេស៊ូ។ ព្រះនាង​ម៉ារី​បាន​ប្រញាប់​ប្រញាល់​រឿង​ពីរ រឿង​ទី​១​គឺ​ដើម្បី​ចែក​រំលែក​ដំណឹង​ល្អ​ដល់​យាយ​អេលីសាប៊ិត រឿង​ទី​២​ដើម្បី​បម្រើ​យាយ​អេលីសាប៊ិត ដែល​កំពុង​មាន​ផ្ទៃ​ពោះ​ជិត​ឆ្លង​ទន្លេ។ នេះ​ជា​សេចក្តី​សរុប​សម្រាប់​ជីវិត​របស់​យើង គឺ​ឱ្យ​យើង​ប្រញាប់​ប្រញាល់​ដើម្បី​ប្រកាស​ដំណឹង​ល្អ អំពី​ព្រះយេស៊ូ​គ្រីស្ត​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ តាម​រយៈ​ការ​បម្រើ។ ក្រុម​ព្រះបេះដូង​ព្រះយេស៊ូ​ត្រូវ​ការ​បង្ហាញ​អំពី​ព្រះហឫទ័យ​ស្រឡាញ់ មាន​ន័យ​ថា​អំពី​ធម៌​មេត្តា​ករុណា​របស់​ព្រះជាម្ចាស់​ដល់​បង​ប្អូន​ឯទៀតៗ។ ប៉ុន្តែ យើង​អាច​ធ្វើ​បាន​លុះត្រាតែ​យើង​យក​កម្លាំង​ពី​ព្រះជាម្ចាស់ លុះត្រាតែ​យើង​បើក​ដួង​ចិត្ត​របស់​យើង ដើម្បី​ឱ្យ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​យាង​ចូល​ដ៏​ពេញ​លក្ខណៈ។ នៅ​ពេល​ពេញ​ហើយ នោះ​វា​នឹង​ហៀរ​ចេញ​ដើម្បី​ចែក​រំលែក​ជា​មួយ​បង​ប្អូន​ឯទៀតៗ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​យើង​ត្រូវ​ការ​សម្រេច​ចិត្ត តើ​យើង​ទទួល​ទឹក ឬ​យើង​ទទួល​ភ្លើង​នៅ​ក្នុង​ជីវិត​របស់​យើង? តើ​យើង​ទទួល​ជីវិត ឬ​ទទួល​សេចក្តី​ស្លាប់​នៅ​ក្នុង​ជីវិត​របស់​យើង? អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Share on facebook
Facebook
Share on twitter
Twitter
Share on linkedin
LinkedIn

Subscribe to our newsletter

Don't miss new updates on your email