លោកអភិបាល អូលីវីយ៉េ៖ ទិវា​នៃ​​ការត្រាស់ហៅ​ ជាពេលវេលាដើម្បីអធិដ្ឋានរួមគ្នា បង្កើតទំនាក់ទំនងជាមួយ​ព្រះជាម្ចាស់​

កាល​ពី​ចុងខែមេសា ឆ្នាំ​២០២៣កន្លងមកនេះ ព្រះសហគមន៍កាតូលិកកម្ពុជា បានប្រារព្ធ​ទិវា​នៃ​​ការត្រាស់ហៅអន្តរភូមិភាគ ដែលធ្វើឡើងនៅ​ព្រះសហគមន៍សន្តីម៉ារីញញឹម​ចំការទៀង​ ខេត្ត​តា​កែវ ​នៃ​ភូមិភាគភ្នំពេញ ក្រោមប្រធាន​បទ ​«ផ្លូវនាំខ្ញុំទៅដល់ព្រះជាម្ចាស់»​។

កម្មវិធីនេះមានការ​ចូលរួមជាអធិបតីភាព​ ពី​លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ​ អភិបាលនៃព្រះ​សហគមន៍កាតូលិកភូមិភាគភ្នំពេញ និងលោកអភិបាល សិលា សួន ហង្សលី អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម រួមជាមួយលោកបូជាចារ្យ​​ លោកឧ​បដ្ឋាក ក្រុមបព្វជិត បព្វជីតា និងយុវជនចូលរួមប្រមាណជា៤៣០នាក់។​​

ថ្លែងនៅក្នុងកម្មវិធីនេះ​ លោកអភិបាលអូលីវីយ៉េ ​បានលើកឡើងថា ទិវានៃការត្រាស់ហៅកំពុងតែ​សាបព្រោះ​ព្រះបន្ទូលព្រះជាម្ចាស់សម្រាប់​បងប្អូន​មាន​​ឱកាសដើម្បីជួបជុំគ្នា ​​ស្ដាប់ព្រះបន្ទូល ​​​អធិដ្ឋាន ​​ជួបជាមួយបព្វជិតបព្វជិតា ដែលមានអំណោយទានផ្សេងៗពីគ្នា ដែលមានសម្រាប់​អ្ន​កក្រីក្រ សម្រាប់អ្នក​ជំងឺ សម្រាប់ការសិក្សា ​សម្រាប់ព្រះសហគមន៍ទូទៅ ដូច្នេះការត្រាស់​ហៅ​​ត្រូ​វតែ​មាន​​វិន័យ ត្រូវមានការលះបង់ ការបូជានឹងស្ដាប់បង្គាប់។​

លោកមានប្រសាសន៍ថា ៖ «នេះជាទិវានៃ​ការត្រាស់ហៅលើកទី៦០នៅក្នុងពិភពលោក និងស​ម្រាប់​ព្រះសហគមន៍កាតូលិកក្នុងប្រទេសកម្ពុជាបានប្រមូលយុវជន​យុវនារីទាំង៣ភូមិភាគ ជាពេលវេលាដើម្បីអធិដ្ឋានរួមគ្នា​ ​បង្កើតទំនាក់ទំនងជាកូនចៅរបស់ព្រះជាម្ចាស់ ជាបុត្រាបុត្រីរបស់ព្រះបិតា»។​

លោកឧបដ្ឋាក វី សំណាង ដែលជា​គណៈកម្មានៃការរៀបចំកម្មវិធីត្រាស់ហៅអន្តរភូមិភាគ បានលើកឡើង​នាឱកាសនោះដែរថា ​ជារៀងរាល់ឆ្នាំព្រះសហគមន៍កាតូលិកនៅទូទាំងពិភពលោ​ក រួមទាំង​ព្រះសហគមន៍​កាតូលិកក្នុងប្រទេសកម្ពុជានៅអាទិត្យទី៤នៃបុណ្យចម្លងគឺអ​ធិដ្ឋាន ​ពិសេស​សម្រាប់​ការត្រាស់ហៅជីវិតជាអ្នកថ្វាយខ្លួន។

លោកបានបន្តថា ៖ «ដូច្នេះ កម្មវិធីបានប្រមូលយុវជនមកចូលរួមដើម្បី​ជួយ​​ឱ្យពួកគាត់រិះគិតអំ​ពីជីវិតផ្ទាល់ខ្លួន អំពីជីវិតជាអ្នកបួស ជីវិតដែលត្រូវកសាងគ្រួសារ ដែល​ទាំងអស់​​នេះ​សុទ្ធតែជាការត្រាស់ហៅរបស់ព្រះជាម្ចាស់ ​ប៉ុន្តែចង់ពួកគាត់ផ្ដោតសំខាន់ទៅលើ​ជីវិតជាអ្នកថ្វាយខ្លួន»។

លោក វី សំណាង បានបន្តទៀតថា រយៈពេល២ថ្ងៃ លោក​សង្កេតឃើញថា យុវជនមានការចា​ប់​អារម្មណ៍​ខ្លាំង​ជាមួយប្រធានបទដែលអប់រំដោយលោកអភិបាល ហើយយុវជនមានពេលវេ​លា​ដើរតាមស្តង់ដែលក្រុមបព្វជិតបព្វជីតាប្រមាណជា ១២ ក្រុមផងដែរ។​

«ឆ្នាំនេះ ជាឆ្នាំដែលលោកអភិបាលសុំឱ្យព្រះសហគមន៍ទាំងបីភូមិភាគចាប់អារម្មណ៍ទៅលើ២​ចំណុច គឺជិវិតគ្រួសារ និងការត្រាស់ហៅ ហើយសង្ឃឹមថាឆ្នាំនេះ ជាឆ្នាំមួយដែលពោរពេញ​ដោ​យ​​​​ព្រះ​អំណោយទាន​របស់ព្រះជាម្ចាស់សម្រាប់យុវជនក្លាហាន​ក្នុង​ការ​ឆ្លើយ​តប​ទៅនឹងការ​ត្រាស់​ហៅដើម្បីក្លាយជាបព្វជិត បព្វជិតា និងក្លាយជាបូជាចារ្យ»។​ នេះបើតាមការបញ្ជាក់បន្ថែមពីលោកឧបដ្ឋាក វី សំណាង។​

​ជាមួយគ្នានេះ ដូនជី តេរេសា ហេង ផល្លា​ ជាក្រុមគ្រួសារបងស្រីអ្នកបម្រើសេ​ចក្ដី​ស្រលាញ់​ដ៍និមលរបស់ព្រះនាងម៉ារី ក៏​បានលើកទឹកចិត្តដល់យុវជន យុវនារីដែលបានមក​ចូលរួម​កម្មវិធី​ទិ​វាត្រាស់ហៅនេះផងដែរ។

ដូនជី តេរេសា ហេង ផល្លា បានថ្លែងថា ៖ «​កុំមានការភ័យខ្លាចក្នុងការឆ្លើយតបជាមួយព្រះជាម្ចាស់ ព្រោះការត្រាស់ហៅ ព្រះជាម្ចាស់បានត្រាស់ហៅឱ្យក្លាយជាគ្រីស្តបរិស័ទ ជាអ្នកបួស ជាអ្នក​មាន​គ្រួសារ ដោយព្រះជាម្ចាស់បានធ្វើការជាមួយយើងម្នាក់ៗ គ្រាន់តែមានសេចក្ដីក្លាហាន និងមាន​ការអធិដ្ឋាន»។​

ទន្ទឹងនេះដូនជី បេនីឌីតា ឡាវ៉ាន សៀន យ៉ាគល់ ជាក្រុមគ្រួសារព្រះហឬទ័យ​របស់ព្រះយេស៊ូ​ក្រុងបាងកក បាននិយាយដែរថា ដូនជីសង្ឃឹមថាកម្មវិធីត្រាស់ហៅបានជួយដល់យុវជនកូន​ខ្មែរ​ទាំងអស់ហ៊ានបើកចិត្តស្ដាប់ព្រះបន្ទូលនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់ដែលទ្រង់​បានហៅយុវជនម្នាក់ៗតាមបទពិសោធន៍រៀងៗខ្លួន។

ចំណែក យុវជន ចាន់ វិជ្ជា វ័យ២០ឆ្នាំ មកពីព្រះសហគមន៍សន្ត​យ៉ូហាន​សៀមរាប នៃភូមិភាគបាត់ដំបង បាននិយាយថា ទិវានៃការត្រាស់ហៅគឺល្អសម្រាប់​លោកដោយសារបានដាស់តឿនលោកជាច្រើនជាមួយនឹងការថ្វាយខ្លួនទៅលើព្រះជាម្ចាស់ ទោះលោក​មិនបានថ្វាយខ្លួនជាអ្នកបួស​ ជាលោកបូជាចារ្យ ប៉ុន្តែអាចក្លាយខ្លួនជាអ្នកបម្រើក្នុង​ព្រះសហគមន៍​ ជាគ្រីស្តបរិស័ទមួយដ៍ល្អផងដែរ។​

​ជាមួយគ្នានេះ យុវជនវ័យ​២៥ ឆ្នាំ ម៉ៅ សឿម ​មកពីព្រះសហគមន៍ភ្នំពេញថ្មីនៃភូមិភាគភ្នំពេញបា​ន​ផ្ញើសារ​ខ្លីដល់យុវជន យុវនារីថា ៖​ «សូមកុំខ្លាចជាមួយនឹងការឆ្លើយតបព្រះហឬទ័យរបស់ព្រះ​ជាម្ចាស់ ​សម្រាប់ជីវិតផ្ទាល់ខ្លួន​ម្នាក់ៗ ហើយត្រូវចាំថាព្រះជាម្ចាស់គង់នៅជាមួយ ព្រះជាម្ចាស់ ​ជាព្រះបិតាដែលពោរពេញដោយសេចក្ដីស្រលាញ់ ដែលទ្រង់បានបង្កើតមនុស្សលោកឱ្យមាន​ចិត្តតស៊ូ ការលះបង់ ការហ៊ានបូជា ​មានវិន័យក្នុងខ្លួន​​ និង​ចេះស្ដាប់បង្គាប់»៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email