ជីវិត​ជា​អ្នក​បម្រើ​របស់​ព្រះជាម្ចាស់

អភិបូជាអគ្គសញ្ញាតែងតាំងជាបូជាចារ្យរបស់លោកបដ្ឋាក ម៉ាតាំង ជួរ ដាម៉ូ

នៅព្រះវិហារ​ព្រះជាម្ចាស់​លើក​ព្រះនាង​ម៉ារី​ឡើង​ស្ថាន​បរមសុខ

បាត់ដំបង ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២៣

បងប្អូនជាទីស្រឡាញ់!
ថ្ងៃនេះ ជាអំណរសប្បាយដ៏ពេញលក្ខណៈសម្រាប់យើងទាំងអស់គ្នា តាមរយៈក្រុមសហជីវិនរបស់ព្រះយេស៊ូ។ ពិតមែនបងប្អូនជាទីស្រឡាញ់ ថ្ងៃនេះជាអំណរសប្បាយយ៉ាងពិសេសសម្រាប់ក្រុមសហជីវិនរបស់ព្រះយេស៊ូ មិត្តសម្លាញ់នៅក្នុងព្រះជាម្ចាស់ទូទាំងពិភពលោកទាំងមូល ជាពិសេសសម្រាប់ក្រុមកូរ៉េនិងកម្ពុជាដែលជាម្ចាស់ផ្ទះនៅថ្ងៃនេះ។ ប៉ុន្តែ ជាអំណរសប្បាយដ៏ពេញលក្ខណៈសម្រាប់ព្រះសហគមន៍កម្ពុជាទាំងមូល ដែលថ្ងៃនេះទទួលស្វាគមន៍បូជាចារ្យថ្មីមួយរូប។ ឆ្នាំនេះ ជាឆ្នាំដ៏ពិសេសអស្ចារ្យដោយសារថ្ងៃនេះយើងទទួលបានបូជាចារ្យម្នាក់ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះយើងទទួលបូជាចារ្យបីនាក់ថែមទៀតនៅភ្នំពេញ។ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ យើងមានបងប្រុសហ្វ្រង់ស៊ីស្កូដែលធ្វើការប្រចាំនៅប្រទេសកម្ពុជា ទទួលអគ្គសញ្ញាតែងតាំងជាឧបដ្ឋាក។ យើងមានឧបដ្ឋាក ប៉ូល សាន ដែលនឹងទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។ ដូច្នេះ ឆ្នាំ២០២៣ជាឆ្នាំដ៏អស្ចារ្យដែលព្រះជាម្ចាស់ប្រទានអំណោយដល់ព្រះសហគមន៍យើងមែនទែន។

ថ្ងៃនេះ មុនគេបង្អស់ខ្ញុំសូមនិយាយថា “សូមស្វាគមន៍លោកដាម៉ូ ចូលនៅក្នុងក្រុមបូជាចារ្យ”។ ពិតមែនលោក ដាម៉ូ ម៉ាតាំង សម្រាប់សិរីរុងរឿងដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដ៏ធំធេង នៅពេលនេះលោកទៅជាអ្នកបម្រើរបស់ព្រះយេស៊ូ តាមព្រះយេស៊ូ។ អ្នកបម្រើតាមរយៈក្រុមជេស្វីត ដែលបានស្រឡាញ់ទ្វីបអាស៊ីយ៉ាងខ្លាំង យើងនឹកឃើញដល់ហ្វ្រង់ស្វ័រសាវីយ៉េ ដែលបានទៅដល់ប្រទេសឥណ្ឌា ប្រទេសជប៉ុនមុនគេបង្អស់។ យើងនឹកឃើញដល់ ម៉ាទីអូរីជី ដែលបានទៅប្រទេសចិន នឹកឃើញដល់លោកអាល់ប៊ែតតូវីល ដែលបានទៅទីប៉ែត នៅទីក្រុងឡាសាមុនគេបង្អស់។ ជាពិសេសថ្ងៃនេះ ខ្ញុំនឹកឃើញដល់ អេឡិចសង់ដឺរូត នៅប្រទេសវៀតណាម ជាលោកបូជាចារ្យដែលបានជូនយោបល់ដល់សម្ដេចប៉ាប ដើម្បីបង្កើតក្រុមសាសនាទូតក្រៅប្រទេសនាទីក្រុងប៉ារីស (MEP)។ គាត់ដែលបានជំរុញឲ្យអភិបាលភ្ជាប់ជាមួយសម្ដេចប៉ាប ដើម្បីទៅប្រកាសដំណឹងល្អនៅទ្វីបអាស៊ី។ ដូច្នេះ ថ្ងៃនេះខ្ញុំជឿថាអេឡិចសង់ដឺរូត ក៏សប្បាយចិត្តដែរ ដោយសារថ្ងៃនេះជាលោកអភិបាល (MEP) ចុងក្រោយបំផុតដែលតែងតាំងលោកជេស្វីតទីមួយ នៅលើទឹកដីប្រទេសកម្ពុជា។

សម្រាប់សិរីរុងរឿងដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ នៅពេលនេះទៅជាសាវ័ករបស់ព្រះយេស៊ូ ជាពិសេសដើម្បីដើរតាមព្រះយេស៊ូ។ ថ្ងៃនេះ បានជ្រើសរើសអត្ថបទគម្ពីរដំណឹងល្អដែលណែនាំឲ្យយើងយល់យ៉ាងច្បាស់ អំពីរបៀបដែលព្រះយេស៊ូបានអញ្ជើញយើងទៅជាអ្នកបម្រើ នៅពេលព្រះអង្គបានលាងជើងឱ្យក្រុមសាវ័ក។ នេះជាស្នាព្រះហស្តចុងក្រោយរបស់ព្រះយេស៊ូ នេះជាព្រះបន្ទូលចុងក្រោយរបស់ព្រះយេស៊ូ ជាមូយក្រុមសាវ័កនៅក្នុងពេលវេលាដែលព្រះយេស៊ូជិតស្និទ្ធជាមួយគេបំផុត។ លោកយូដាស់អ៊ីស្ការីយ៉ូតបានចេញហើយ ព្រះយេស៊ូនៅជាមួយក្រុមសាវ័កតែ១១នាក់ នៅពេលនោះព្រះយេស៊ូបានលុតជង្គង់ដើម្បីលាងជើងឱ្យគេ។ ព្រះអង្គមានព្រះបន្ទូលថា “សូមធ្វើតាមខ្ញុំ ដូចខ្ញុំបានលាងជើងដល់អ្នករាល់គ្នា សូមលាងជើងឲ្យគ្នាទៅវិញទៅមក”។ ជាពេលវេលាមួយពិសេស ដែលបន្តិចទៀតព្រះយេស៊ូត្រូវគេចាប់ ត្រូវគេកាត់ក្ដីដោយអយុត្តិធម៌ និងព្រះយេស៊ូត្រូវសោយទិវង្គតនៅឈើឆ្កាង នៅក្នុងរបៀបសាហាវបំផុត។

ខ្ញុំគិតថា ពេលវេលាចុងក្រោយរបស់ព្រះយេស៊ូជាមួយក្រុមសាវ័ក ជាពេលវេលាទីមួយរបស់សហជីវិនរបស់ព្រះយេស៊ូជាមួយសន្តអ៊ីញ៉ាស់។ នៅពេលក្រុមជេស្វីតអានគម្ពីរដំណឹងល្អ គេមានរបៀបពិសេសដើម្បីធ្វើសមាធិនៅក្នុងគម្ពីរដំណឹងល្អ។ គេអញ្ជើញនៅក្នុងគ្រប់វិស័យ ដើម្បីឲ្យយើងមើលឃើញ ឲ្យយើងស្ដាប់ឮ ឲ្យយើងដឹងក្លិន ឲ្យយើងចូលជាមួយខ្លួនរបស់យើងទាំងអស់អំពីគម្ពីរដំណឹងល្អនេះ។ ខ្ញុំបានគិតថា លោកអ៊ីញ៉ាស់ បានអញ្ជើញមិត្តសម្លាញ់របស់គាត់ដើម្បីដើរនៅក្នុងរបៀបរស់នៅថ្មី ដើម្បីបម្រើជាមួយព្រះយេស៊ូ ប្រហែលបាននឹកឃើញអំពីអត្ថបទគម្ពីរនេះ។ ដោយសារ តួនាទីរបស់លោកបូជាចារ្យគឺយើងជាអ្នកបម្រើ៖
ទី១ ជាអ្នកបម្រើព្រះបន្ទូលដំណឹងល្អ ព្រះបន្ទូលរបស់ព្រះជាម្ចាស់យើងត្រូវតែប្រកាស ព្រះបន្ទូលដែលយើងត្រូវការណែនាំជាពិសេសដល់កូនក្មេង ដល់យុវជន។ ព្រះបន្ទូលដែលយើងត្រូវការណែនាំដល់មនុស្សដែលគ្មានចំណេះដឹង ព្រះបន្ទូលដែលយើងត្រូវការប្រកាសនៅក្នុងគ្រប់កាលៈទេសៈនៃជីវិតរបស់យើង។

ទី២ យើងជាអ្នកបម្រើតាមផ្លូវវិញ្ញាណ ដើម្បីជួយឲ្យព្រលឹងរបស់មនុស្សលោកអាចចូលនៅក្នុងអាថ៌កំបាំងដ៏ជ្រៅផ្ទាល់ខ្លួន ដើម្បីទទួលអគ្គសញ្ញានានា ដើម្បីចិញ្ចឹមផ្លូវវិញ្ញាណឲ្យរីកចម្រើនបន្តិចម្ដងៗនិងជាប់ជាមួយព្រះជាម្ចាស់ជានិច្ច។

ទី៣ ជាអ្នកបម្រើនៃព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ ជួយឲ្យសត្រូវសម្រុះសម្រួលគ្នា ជួយអ្នកក្រីក្រ ជួយអ្នកជំងឺ ជួយអ្នកជាប់ក្នុងមន្ទីរឃុំឃាំង បម្រើជាពិសេសអ្នកតូចតាច និងបម្រើយុត្តិធម៌នៅក្នុងសង្គម។

បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះខ្ញុំជឿថាការតែងតាំងលោក ដាម៉ូ ដើម្បីបម្រើព្រះជាម្ចាស់ ដើម្បីបម្រើព្រះសហគមន៍ ដើម្បីបម្រើព្រលឹងនិងដួងចិត្តរបស់យើង ដើម្បីបម្រើបងប្អូនដ៏តូចតាច ជាពិសេសបងប្អូនដែលសង្គមដែលលះបង់ចោល។ បងប្អូនជាទីស្រឡាញ់ដែលជាគ្រីស្តបរិស័ទ បងប្អូនជាទីស្រឡាញ់ដែលកំពុងស្វែងយល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្វែងរកព្រះជាម្ចាស់ ជាពេលវេលាដើម្បីឲ្យយើងចូលយ៉ាងជ្រៅថែមទៀត យ៉ាងសកម្មថែមទៀតនៅក្នុងបេសកកម្មដែលយើងបានទទួល។ យើងជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ ដែលព្រះអង្គស្រឡាញ់និងលើកលែងទោសឲ្យជានិច្ច។

២សប្តាហ៍មុន រួមជាមួយបងប្អូនមួយចំនួនយើងបានចូលរួមទិវាយុវជនពិភពលោកជាមួយសម្ដេចប៉ាប នៅប្រទេសព័រទុយហ្កាល់ ជាមួយយុវជន១,៥០០,០០០នាក់។ កន្លែងដែលយើងជួបជុំគ្នានោះ គេបានទុកឈ្មោះមួយយ៉ាងពិសេសថា “ដីនៃព្រះអំណោយទានរបស់ព្រះជាម្ចាស់”។ មនុស្សជាង១,៥០០,០០០នាក់ដែលជាយុវជន ដែលជាគ្រីស្តបរិស័ទមកពីជុំវិញពិភពលោកទាំងមូល យើងបានអធិដ្ឋាន យើងបានលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ យើងបាននៅស្ងៀមស្ងាត់នៅក្បែរព្រះកាយព្រះគ្រីស្ត យើងបានសប្បាយដល់កំពូល រួមជាមួយសម្ដេចប៉ាប ជាមួយលោកអភិបាល ជាមួយលោកបូជាចារ្យ។ ប៉ុន្តែ ខ្ញុំបាននឹកឃើញកម្មវិធីដ៏អស្ចារ្យនេះបានជោគជ័យ ដោយសារព្រះជាម្ចាស់ស្រឡាញ់យើង ដោយសារព្រះនាងម៉ារីនៅទីក្រុងហ្វាទីម៉ាដែលបានធ្វើដំណើរជាមួយយើង ដោយសារភ្លើងនៃព្រះវិញ្ញាណដ៏វិសុទ្ធ។ ថ្ងៃនេះ នៅក្បែរឈើឆ្កាងយើងមានអណ្ដាតភ្លើងដ៏ធំណាស់ ជាភ្លើងនៃព្រះវិញ្ញាណដ៏វិសុទ្ធ ដែលបានជ្រើសរើសលោក ដាម៉ូ និងយើងទាំងអស់ទៅប្រកាសដំណឹងល្អ។ ប៉ុន្តែ កម្មវិធីនោះបានជោគជ័យដោយសារមានអ្នកបម្រើ អ្នកស្ម័គ្រចិត្ត ២៥,០០០នាក់ ដែលជាយុវជនមកពីជុំវិញពិភពលោក គេបានខិតខំបម្រើអស់ពីដួងចិត្ត ដើម្បីឲ្យកម្មវិធីរបស់យើងបានជោគជ័យ។

បងប្អូនជាទីស្រឡាញ់ នៅកន្លែងណាដែលមានព្រះសហគមន៍នៅកន្លែងហ្នឹងមានអ្នកបម្រើរបស់ព្រះជាម្ចាស់ នៅកន្លែងណាមានព្រះសហគមន៍នៅកន្លែងហ្នឹងមានអ្នកស្ម័គ្រស្លាប់សម្រាប់ព្រះជាម្ចាស់ និងសម្រាប់ព្រះយេស៊ូគ្រីស្តជាអម្ចាស់របស់យើងខ្ញុំ។ បន្តិចទៀត យើងអធិដ្ឋានដល់សន្តសន្តីបុគ្គលទាំងឡាយ ដែលបានយកចិត្តទុកដាក់បម្រើអស់ពីសមត្ថភាពរបស់គេ ដើម្បីឲ្យព្រះសហគមន៍សព្វថ្ងៃមានជីវិតដ៏ពេញលក្ខណៈ។ បន្តិចទៀត ខ្ញុំនឹងត្រៀបដៃដល់លោក ដាម៉ូ ដើម្បីទូលអង្វរព្រះវិញ្ញាណដ៏វិសុទ្ធ នៅពេលនោះឲ្យយើងទាំងអស់គ្នាត្រៀមខ្លួន ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលអញ្ជើញយើង “បងប្អូនអើយ! សូមទៅជាអ្នកបម្រើ”។ ប៉ុន្តែ ដោយដឹងថាយើងមិនមែនជាអ្នកបម្រើធម្មតារបស់ព្រះជាម្ចាស់ យើងជាអ្នកបម្រើដែលព្រះជាម្ចាស់គោរពនិងស្រឡាញ់ជាមិត្តសម្លាញ់។ នៅពេលសន្ត អ៊ីញ៉ាស់ បានបង្កើតក្រុមជេស្វីត គាត់បានបង្កើតក្រុមមិត្តសម្លាញ់នៅក្នុងព្រះយេស៊ូគ្រីស្តជាអម្ចាស់។

បងប្អូនជាទីស្រឡាញ់ ឲ្យយើងទៅជាអ្នកបម្រើនៅក្នុងអំណរសប្បាយដ៏ពេញលក្ខណៈ នៅក្នុងសេចក្ដីសង្ឃឹមជានិច្ច។ ប៉ុន្តែ យើងលុតជង្គង់នៅក្បែរឈើឆ្កាង ដោយសារឈើឆ្កាងត្រូវតែមាន តែនៅពេលយើងឆ្លងឈើឆ្កាងហើយ នៅពេលយើងលីឈើឆ្កាងហើយ នៅសល់សេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ។ នៅសល់អំណរសប្បាយដ៏ពេញលក្ខណៈ ដែលជាអំណរសប្បាយរបស់ព្រះយេស៊ូគ្រីស្ត។
ឲ្យយើងទៅជាអ្នកបម្រើនៅក្នុងការប្រណីសន្ដោស នៅក្នុងការសម្រុះសម្រួល និងឲ្យយើងហ៊ានលុតជង្គង់នៅក្បែរសត្រូវរបស់យើង ដើម្បីសម្រុះសម្រួលនៅក្នុងគ្រប់កាលៈទេសៈនៃជីវិត។ ឲ្យព្រះសហគមន៍យើង សង្គមយើង ទៅជាសង្គមដែលចេះតែស្រឡាញ់គ្នានៅក្នុងភាតរភាព។
ឲ្យយើងទៅជាអ្នកបម្រើនៃសុខសន្តិភាព នៅពេលនោះយើងត្រូវការតែលុតជង្គង់នៅកន្លែងដែលមានសង្គ្រាម នៅកន្លែងដែលមានអន់ចិត្តគ្នា នៅកន្លែងមានទំនាស់ នៅកន្លែងដែលមានការច្រណែនគ្នា ការស្អប់គ្នា នៅកន្លែងដែលមានការនិយាយដើមគ្នា ដើម្បីឲ្យសុខសន្តិភាពផុសចេញពីសេចក្ដីស្រឡាញ់ដែលមកពីព្រះជាម្ចាស់ ដែលយើងបានទទួលជាអ្នកបម្រើរបស់ព្រះអង្គ។
ឲ្យយើងទៅជាអ្នកបម្រើនៃជីវិត ដោយលុតជង្គង់ដូចព្រះយេស៊ូគ្រប់ពេលវេលា គ្រប់កាលៈទេសៈនៅក្បែរបងប្អូនរបស់យើង។ ជាពិសេស បងប្អូនតូចតាចដែលទន្ទឹងរង់ចាំស្នាមញញឹម សេចក្ដីស្រឡាញ់ ការថ្នាក់ថ្នម ការលើកទឹកចិត្តជានិច្ច។

សម្រាប់សិរីរុងរឿងដ៏ធំធេងរបស់ព្រះជាម្ចាស់ រួមជាមួយព្រះនាងម៉ារីដែលបានឡើងស្ថានបរមសុខ ឲ្យយើងចូលនៅក្នុងទំនុកតម្កើងរបស់ព្រះនាងម៉ារីពិតមែន “ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់ ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្រ្គោះរបស់ខ្ញុំ អំណឹះតទៅមនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកដែលមានសុភមង្គលដ៏ពិតប្រាកដមែន ព្រះអង្គបានសម្ដែងឬទ្ធិបារមី ព្រះអង្គបានទម្លាក់អ្នកកាន់អំណាចឱ្យចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង”។ ពិតមែន ឲ្យយើងចូលរួមជាមួយព្រះនាងម៉ារី និងលោក ដាម៉ូ សូមពោរពេញដោយអំណរសប្បាយជាមួយក្រុមជេស្វីតនៅលើទឹកដីប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោក។ សូមមានអំណរសប្បាយ រួមជាមួយព្រះសហគមន៍កម្ពុជាដែលលោកបានសម្រេចចិត្តបម្រើ ចាប់ពីពេលនេះតទៅ។ ជាពិសេស សូមមានអំណរសប្បាយដោយប្រទានជីវិតតាមរយៈអគ្គសញ្ញានានា ដែលបងប្អូនទន្ទឹងរង់ចាំ។ សូមមានអំណរសប្បាយ ដោយបម្រើអ្នកក្រីក្រអស់ពីដួងចិត្ត ពិតមែន ដាម៉ូអើយសូមមានអំណរសប្បាយរួមជាមួយព្រះយេស៊ូ។ ដែលថ្ងៃនេះបានប្រគល់ជីវិតនៅក្នុងព្រះហស្តរបស់ព្រះអង្គ ពីពេលនេះតរៀងទៅរហូតដល់ឡើងស្ថានបរមសុខ។

បងប្អូនជាទីស្រឡាញ់ យើងចូលនៅក្នុងអគ្គសញ្ញាតែងតាំងក្នុងអំណរសប្បាយ ដោយអរព្រះគុណព្រះជាម្ចាស់ ដោយទូលអង្វរព្រះអង្គតាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ សូមគង់នៅជាមួយលោក ដាម៉ូ គង់នៅជាមួយយើង ដើម្បីឲ្យព្រះសហគមន៍យើងមានជីវិតដ៏បរិបូណ៌។ អាម៉ែន៕

  • លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
    អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
    ភូមិភាគភ្នំពេញ
Share on facebook
Facebook
Share on twitter
Twitter
Share on linkedin
LinkedIn

Subscribe to our newsletter

Don't miss new updates on your email