“នាំ​ពន្លឺ​របស់​ព្រះគ្រីស្ត​ដល់​បង​ប្អូន”

អភិបូជា​ជា​មួយ​តំណាង​យុវជន​កាតូលិក​កម្ពុជា ទៅ​ចូល​រួម​ទិវា​យុវជន​ពិភព​លោក

នៅ​ព្រះវិហារ​សន្ត​យ៉ាកុប នៃ​ទីក្រុង​លីសស្បោន

ព័រទុយហ្គាល់ ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២៣

អត្ថបទ​ទី​១៖ សេរីភាព ៣៤,២៩-៣៥ពេល​ចុះ​ពី​ភ្នំ លោក​ពុំ​ដឹង​ថា​ផ្ទៃ​មុខ​របស់​លោក​បញ្ចេញ​រស្មី។ សរ ៣៤,២៩ដំណឹងល្អ៖ ម៉ាថាយ ១៣,៤៤-៤៦ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​កំណប់​ដែល​គេ​កប់​ទុក។ មថ ១៣,៤៤

បង​ប្អូន​ជា​ទី​ស្រឡាញ់!

ថ្ងៃ​នេះ នៅ​ក្នុង​អត្ថបទ​ទី​១ ម៉ូសេ​បាន​ឡើង​ទៅ​លើ​ភ្នំ​ជួប​ព្រះជាម្ចាស់ ហើយ​មុខ​របស់​គាត់​ឡើង​ភ្លឺ​ត្រចះ​ត្រចង់​រហូត​ដល់​ជន​ជាតិ​អ៊ីស្រាអ៊ែល​អត់​ហ៊ាន​មើល​ចំ ដោយសារ​គេ​ខ្លាច​ចាំង​ពន្លឺ​ខ្លាំង​ពេក។ ខ្ញុំ​គិត​ថា យើង​ទាំង​អស់​គ្នា​យើង​កំពុង​តែ​ឡើង​លើ​ភ្នំ​ដែរ ព្រះសហគមន៍​របស់​យើង​នៅ​ប្រទេស​កម្ពុជា​តូច តែ​យើង​មាន​ឱកាស​បាន​មក​ដល់​ព្រះសហគមន៍​ដែល​មាន​ប្រវត្តិ​យូរ​អង្វែង។ ដូច្នេះ ដូច​យើង​បាន​ឡើង​មក​ជួប​ព្រះសហគមន៍​ដ៏​ធំ ខ្ញុំ​សង្ឃឹម​ថា​ប្រហែល​ទៅ​វិញ​មុខ​របស់​យើង​ជះ​ពន្លឺ​ដូច​លោក​ម៉ូសេ។ សូម​ឲ្យ​យើង​ទទួល​ពន្លឺ​ដែល​មក​ពី​ព្រះជាម្ចាស់​ដូច​លោក​ម៉ូសេ ក្នុង​រយៈ​ពេល​១០​ថ្ងៃ​នេះ​យើង​ទទួល​បាន​បទ​ពិសោធន៍​យ៉ាង​ច្រើន អំពី​ជំនឿ​របស់​យើង។

យើង​បាន​ស្ដាប់​នៅ​ក្នុង​ការ​អប់រំ​របស់​លោក​អភិបាល​អូលីវីយ៉េ អំពី​ទិវា​យុវជន​ពិភពលោក​នេះ​ដែល​សម្ដេច​ប៉ាប​បាន​ជួយ​ឲ្យ​យើង​ទាំង​អស់​គ្នា យល់​កាន់​តែ​ច្បាស់​អំពី​របៀប​ដែល​យើង​ថែរក្សា​ពិភព​លោក​ដែល​ជា​ផ្ទះ​រួម​របស់​យើង។ របៀប​ដែល​ណែនាំ​ឱ្យ​យើង​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះជាម្ចាស់ មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ ការ​អភិវឌ្ឍន៍​ខ្លួន​ឯង​ឱ្យ​ទៅ​ជា​រូប​តំណាង​របស់​ព្រះជាម្ចាស់ ការ​ជួយ​ឲ្យ​អ្នក​ដទៃ​រីក​ចម្រើន​ក្នុង​ឋានៈ​ជា​មនុស្ស​ដ៏​ពេញ​លក្ខណៈ។ ទាំង​អស់​នេះ សុទ្ធ​តែ​ជា​មេរៀន​ដែល​ជួយ​ឱ្យ​យើង​ទាំង​អស់​គ្នា​បាន​ទទួល នៅ​ក្នុង​រយៈ​ពេល​ដែល​យើង​មក​ទី​នេះ។ ដូច្នេះ សូម​ឲ្យ​យើង​ចាប់​អារម្មណ៍ សូម​ឲ្យ​យើង​ទទួល​ដូច​លោក​ម៉ូសេ ពេល​ដែល​យើង​ត្រឡប់​ទៅ​វិញ​យើង​អាច​នាំ​សេចក្ដី​ទាំង​នេះ​ទៅ​ដល់​បង​ប្អូន​ឯទៀតៗ ដែល​យើង​ជួប​នៅ​ប្រទេស​កម្ពុជា។

ជា​ដំបូង​សូម​ឲ្យ​យើង​បើក​ចិត្ត​គំនិត​ជា​មុន​សិន ដើម្បី​ទទួល​សេចក្ដី​ដែល​យើង​ស្ដាប់​ឮ សេចក្ដី​យើង​មើល​ឃើញ សេចក្ដី​ដែល​យើង​បាន​ចែក​រំលែក​បទ​ពិសោធន៍​ដែល​យើង​ជួប​ជុំ​គ្នា​ទៅ​ទី​នេះ។ ពិត​ប្រាកដ​ហើយ ពេល​ណា​យើង​ជួប​ព្រះយេស៊ូ ពេល​ណា​យើង​បាន​ទទួល​អ្វីៗ​ដែល​ព្រះយេស៊ូ​នាំ​មក ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បាន​បំភ្លឺ​យើង បី​ដូច​ជា​កំណប់​ដ៏​មាន​តម្លៃ ត្បូង​ពេជ្រ​ដ៏​មាន​តម្លៃ​ដែល​គេ​កំពុង​ស្វែង​រក។ យើង​ស្វែង​រក​នៅ​ក្នុង​ជីវិត​របស់​យើង តើអ្វីទៅជាកំណប់​ដ៏​មានតម្លៃ? តើ​អ្វីទៅជាត្បូងពេជ្រដែលយើងកំពុងស្វែងរក? តើ​ពេលណាយើងស្វែងរកឃើញ? នៅ​ពេល​យើង​ចូល​រួម​ជា​មួយ​ក្រុម​តូច មាន​បង​ប្អូន​យើង​ខ្លះ​បាន​ស្វែង​រក​ឃើញ​កំណប់ ដែល​មាន​តម្លៃ​ដែល​យើង​បាន​ស្ដាប់​នៅ​ក្នុង​គម្ពីរ។ ថ្ងៃ​នេះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​អំពី​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ ព្រះរាជ្យ​ដែល​យើង​មើល​ឃើញ​តូច​នៅ​ក្នុង​ពិភព​លោក​ប៉ុន្តែ​ក្រោយ​មក​បាន​រីក​ធំ​ឡើង។ ព្រះរាជ្យ​ដែល​មិន​សូវ​មាន​គេ​មើល​ឃើញ ប៉ុន្តែ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​សម្ដែង យើង​បាន​មើល​ឃើញ​ព្រះរាជ្យ​នោះ យើង​ខិត​ខំ​ព្យាយាម​ចំណាយ​អ្វីៗ​ទាំង​អស់ ដើម្បី​ទទួល​ព្រះរាជ្យ​នោះ។ សូម​ឲ្យ​យើង​បាន​មើល​ឃើញ សូម​ឲ្យ​យើង​បាន​ទទួល​ព្រះរាជ្យ​នៅ​ក្នុង​ចិត្ត ក្រោយ​មក​យើង​អាច​ចែក​រំលែក​ពេល​ដែល​យើង​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ យើង​ចែក​ឲ្យ​គេ​បាន​ទទួល ឲ្យ​គេ​បាន​ឃើញ​សេចក្ដី​ទាំង​នោះ​ដែរ។

ខ្ញុំ​ចាប់​អារម្មណ៍​មេរៀន​របស់​លោក​អភិបាល អូលីវីយ៉េ អំពី​កូន​សោ គឺ​ការ​មើល៖

ទី​១ ការ​មើល​នេះ​គឺ​ឲ្យ​យើង​ទទួល​ស្គាល់​ព្រះជាម្ចាស់​ទត​ឃើញ​យើង ដូច​សំណួរ​នៅ​ព័រទុយម៉ៅ​គេ​សួរ​យើង​ថា តើយើងសុខចិត្តឲ្យព្រះជាម្ចាស់ទតឃើញយើង​ឬ​ទេ? មាន​ន័យ​ថា ទត​ឃើញ​យើង​ជា​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​ម្ដេច ទោះ​បី​យើង​ជា​មនុស្ស​បាប ជា​មនុស្ស​ដែល​មិន​សាក​សម​ជា​បុត្រ​ធីតា​របស់​ព្រះជាម្ចាស់ ក៏​ព្រះអង្គ​ទទួល​យើង​ក្នុង​ព្រះនាម​ព្រះគ្រីស្ត។ ដោយសារ យើង​ទុក​ឲ្យ​ព្រះអង្គ​មើល​ឃើញ ការ​ទត​ឃើញ​របស់​ព្រះអង្គ​នឹង​កែ​ប្រែ​ជីវិត​របស់​យើង ឲ្យ​ទៅ​ជា​ជីវិត​មួយ​ដែល​ពោរពេញ​ដោយ​អត្ថន័យ ហើយ​យើង​កែប្រែ​ដោយ​ធ្វើ​ដំណើរ​ទៅ​កាត់​ផ្លូវ​មួយ​ដ៏​ល្អ​ប្រសើរ និង​ភ្លឺ​ស្វាង​ជានិច្ច។

ទី​២ ពេល​ណា​យើង​ទុក​ឲ្យ​ព្រះអង្គ​ទត​មើល​ឃើញ​យើង ឲ្យ​យើង​ចេះ​មើល​ឃើញ​បង​ប្អូន​ដូច​ព្រះអង្គ​ទត​មើល​ដែរ។ មាន​ន័យ​ថា មើល​ឃើញ​នៅ​ចំណុច​ល្អ និង​ប្រសិន​បើ​យើង​ឃើញ​មាន​ចំណុច​ខ្វះ​ខាត​ឲ្យ​យើង​ជួយ​យោបល់​ល្អៗ ដើម្បី​កែប្រែ​បង​ប្អូន​យើង។ យើង​មាន​ភារៈ​កិច្ច ជួយ​អភិវឌ្ឍន៍​បង​ប្អូន​យើង​ឲ្យ​ចម្រើន​ឡើង ក្នុង​ឋានៈ​ជា​បុត្រ​ធីតា​របស់​ព្រះជាម្ចាស់​ដែរ។

នៅ​ក្នុង​ព្រះបន្ទូល​ដែល​យើង​ស្ដាប់​ថ្ងៃ​នេះ សូម​យើង​ទទួល​យក ឲ្យ​យើង​បាន​ទទួល​នូវ​ពន្លឺ​ដែល​មក​ពី​ព្រះអង្គ ឲ្យ​យើង​មាន​មុខ​ពោរពេញ​ទៅ​ដោយ​ពន្លឺ​របស់​ព្រះអង្គ ដើម្បី​ឲ្យ​យើង​អាច​នាំ​ពន្លឺ​នេះ​ដល់​បង​ប្អូន​យើង​ប្រទេស​កម្ពុជា​ពេល​យើង​ត្រឡប់​ទៅ​វិញ។ អាម៉ែន៕

+ លោក​អភិបាល សិលា សួន ហង្សលី

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​កំពង់ចាម

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ក្រុមសិល្បៈវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ទទួលបានលិខិតថ្លែងអំណរគុណ ក្នុងទិវាវប្បធម៌ជាតិ

ក្នុងស្មារតីលើកកម្ពស់ដួងព្រលឹងវប្បធម៌ខ្មែរ ក្រុមសិល្បៈនៃវិទ្យាល័យសន្តហ្វ្រង់ស្វ័រ បាននាំយកនូវទស្សនីយភាពរបាំបុរាណយ៉ាងជក់ចិត្តមកសម្តែងក្នុងឱកាសអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣មីនា» លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម កាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត។ នៅក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ លោកស្រី ឡៃ មករា នាយិការងវិទ្យាល័យសន្តហ្វ្រង់ស្វ័រ រួមជាមួយក្រុមសិល្បៈសិស្សានុសិស្ស បានទទួលលិខិតថ្លែងអំណរគុណផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមថែរក្សាវប្បធម៌។

ក្រុមបងស្រីនមស្ការ សម្ពោធគេហដ្ឋានថ្មីនៅភ្នំពេញ ដើម្បីពង្រីកបេសកកម្មជួយស្ត្រី និងកុមាររងគ្រោះ

ក្រុមបងស្រីនមស្ការ (Adoratrices) បានប្រារព្ធពិធីប្រទានពរ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហដ្ឋានថ្មីរបស់ខ្លួនក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្តល់ជម្រក និងការគាំទ្រដល់ស្ត្រី និងកុមារដែលរងគ្រោះដោយអំពើហិង្សា និងការបោះបង់។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ និងលោកអភិបាល សិលា សួន ហង្សលី ដោយមានការចូលរួមពីបុគ្គលិក និងគ្រីស្តបរិស័ទ​ អាជ្ញាធរដែនដី ភ្ញៀវជាតិ​និងអន្តរជាតិ​យ៉ាងច្រើន​កុះករ។ គេហដ្ឋានថ្មីនេះ គឺជាសមិទ្ធផលដែលកើតចេញពីចក្ខុវិស័យរបស់ក្រុមបងស្រីនមស្ការ ដែលបានមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២។

មរណសាក្សី​ជា​គ្រឹះ ជាកម្លាំង និងជា​សក្ខីកម្មនៃ​សន្តិភាព​សម្រាប់យើង

បន្ទាប់​ពី​បានប្រារព្ធពិធីបិទការស៊ើបអង្កេតជាផ្លូវការអំពីបេក្ខភាពនៃ “មរណសាក្សី” ដែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលមានលោក​អភិបាល​យ៉ូសែប ឆ្មារ សាឡាស់ និង​សហការី​ចំនួន​១១​រូប (បូជាចារ្យ បព្វជិត-ជិតា និង​គ្រហស្ថ) លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិកភូមិភាគ​ភ្នំពេញ បានធ្វើ​ជា​អធិបតី​ក្នុងពិធី​ថ្វាយអភិបូជា​រួមជាមួយលោកអភិបាល​សិលា សួន ហង្សលី និង​លោកបូជាចារ្យជាច្រើន​អង្គ​ ដើម្បី​អរព្រះគុណព្រះជាម្ចាស់ សម្រាប់ការស្រាវជ្រាវយ៉ាងហ្មត់ចត់អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ និងដើម្បីទូលអង្វរ​​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ សម្រាប់ដំណាក់កាលទីពីរនៃដំណើរការនេះនៅទីក្រុងរ៉ូម។ ថ្លែងក្នុងធម្មទេសនាទៅកាន់​គ្រីស្តបរិស័ទ​ប្រមាណ​៣០០នាក់ ដែលមកពី​តំបន់នានាក្នុងភូមិភាគ​ភ្នំពេញ

Subscribe to our newsletter

Don't miss new updates on your email