ធម្មទេសនា​លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ ក្នុង​ពិធី​បុណ្យព្រះវិញ្ញាណ​យាងមក​និង​អគ្គសញ្ញាលាបថ្ងាស​ដល់​បេក្ខជន​ចំនួន​២៣នាក់​ នៅ​ព្រះវិហារ​​សន្ត​មីកាអែល ក្រុង​ព្រះសីហនុ ថ្ងៃទី​០៨ ខែ​មិថុនា ឆ្នាំ​២០២៥

ថ្ងៃនេះ​យើង​បាន​ស្តាប់ព្រះបន្ទូលរបស់​ព្រះយេស៊ូ​យ៉ាង​ពិសេស ដែល​ព្រះយេស៊ូ​មាន​ព្រះបន្ទូលថា «សូម​បងប្អូន​ប្រកបដោយសេចក្តីសុខសាន្ត»។ នេះ​ជា​ព្រះបន្ទូលរបស់​ព្រះយេស៊ូ​នៅពេលដែល​ព្រះអង្គបង្ហាញខ្លួន​ ក្រោយពេល​មានព្រះជន្មរស់ឡើងវិញ​ក្នុងរយៈពេល​៤០ថ្ងៃ។ ហើយ​គ្រប់ពេល​ដែល​ព្រះអង្គ​បង្ហាញខ្លួន​ ព្រះអង្គ​មិន​ជម្រាបសួរ​ ឬនិយាយសួរ​​សុខទុក្ខ ប៉ុន្តែ​​មាន​បន្ទូលតែ​មួយគត់​គឺ​ «​សូម​បងប្អូន​ប្រកបដោយសេចក្តីសុខសាន្ត» ហើយ​ថ្ងៃនេះ ក្រោយនិយាយ​រួច​ហើយ ព្រះយេស៊ូ​ផ្តល់​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​មក​ឲ្យយើង​​។

បងប្អូន​ជាទីស្រឡាញ់​នៅពេលនេះ​ យើង​អរព្រះគុណ​ព្រះជាម្ចាស់​ សម្រាប់​ជីវិត​របស់​ព្រះសហគមន៍​របស់​យើង​អស់​រយៈ​ពេល​ជាង​៦០ឆ្នាំ។ ទោះបី​រយៈ​ពេល​៦០ឆ្នាំ​នេះ យើង​ជាប់​ជាមួយ​សម័យ​ប៉ុលពត សម័យងងឹត ដែល​គ្រីស្តបរិស័ទ​ជួប​ជុំ​គ្នា​មិន​បាន​ និង​អត់​សូវ​មាន​ប្រវត្តិសាស្ត្រ​របស់​គ្រីស្តបរិស័ទ​របស់​យើង​ក្នុងក្រុងព្រះសីហនុពីឆ្នាំ​១៩៧៥-១៩៩០ តែ​យើង​នៅតែ​អរព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​ព្រះសហគមន៍របស់​យើង​ដែលនៅតែ​បន្ត​​ទោះបី​បាត់​បង់​អ្វីៗទាំងអស់ តែ​យើង​ដឹងថា ព្រះយេស៊ូ​គង់នៅជាមួយយើង។ យើង​បាន​ឃើញ​ជាក់ស្តែង​នៅពេលនេះ នៅពេល​ព្រះយេស៊ូ​យាង​ឡើង​ស្ថានបរមសុខ​ ព្រះយេស៊ូ​មាន​ព្រះបន្ទូលថា ខ្ញុំ​គង់នៅ​ជាមួយបងប្អូន​រហូតដល់​អវសានកាលនៃ​ពិភពលោក​​។

ថ្ងៃនេះ យើង​គោរព​ថ្ងៃទី​៥០ បន្តពីព្រះយេស៊ូ​មាន​ព្រះជន្មរស់ឡើងវិញ។​​ ១០ថ្ងៃក្រោយពេល​ព្រះយេស៊ូ​យាងលើងស្ថានបរមសុខ ព្រះអង្គ​បំពេញព្រះបន្ទូលសន្យា​របស់​ព្រះអង្គ​ដោយ​ប្រទាន​ព្រះវិញ្ញាណ​ដល់​ក្រុម​គ្រីស្តទូត និង​ក្រុម​សាវ័ក​មួយចំនួន​​នៅក្រុងយេរូសាឡឹម ហើយ​បន្ត​អស់​រយៈពេល​ជាង​២០០០ឆ្នាំ​មក​ហើយ​ ដល់​យើង​នៅ​ក្នុង​ថ្ងៃនេះ ដោយដឹងថា យើង​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ ជា​ពិសេស​ប្អូន​ៗ​២៣នាក់​  ដែល​ទទួល​អគ្គសញ្ញា​លាបថ្ងាសនៅ​ថ្ងៃនេះ។

ម្សិលមិញ​ខ្ញុំ​បាន​សួរ​ក្មេងៗ​និង​ចាស់ៗ​ដែលនឹងទទួល​អគ្គសញ្ញាលាបថ្ងាស តើយើង​ត្រូវ​ពន្យល់​ឲ្យ​បាន​ច្បាស់​លាស់​​អំពី​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ដែល​យើង​ទទួល​នៅ​ថ្ងៃនេះ នៅ​ពេល​យើង​ទៅរៀន​នៅ​សាលា​ ទៅ​ផ្សារ​​ នៅ​ពេល​នៅ​ជាមួយ​បងប្អូន​ដែលមិន​មែន​ជា​គ្រីស្តបរិស័ទយ៉ាង​ដូចម្តេច​​?​។ តើយើង​ត្រូវ​និយាយ​និង​ពន្យល់​ប្រាប់​ដល់​ពួកគាត់​យ៉ាងដូចម្តេច​ ថា​ថ្ងៃនេះ​យើង​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ?

យើង​បាន​ស្តាប់​ក្នុងអត្ថបទទី២​នៅថ្ងៃនេះ​ សន្តប៉ូលមានប្រសាសន៍​សម្រាប់យើង​ទាំងអស់គ្នា​ ​ដោយ​សារ​ព្រះវិញ្ញាណ​នេះ យើង​បន្លឺសំឡេង​ឡើងថា «អប្បា» ឱព្រះបិតាអើយ! គឺព្រះវិញ្ញាណ​ផ្ទាល់​ដែល​ផ្តល់​សក្ខីភាព ឱ្យវិញ្ញាណរបស់យើងដឹងថា យើងពិតជាបុត្រធីតារបស់ព្រះជាម្ចាស់មែន (រ៉ូម៨,១៥-១៦)។ ​វិញ្ញាណ​របស់​យើង​នៅពេលនេះ​ ភ្ជាប់​ជាមួយ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ផ្ទាល់​ ដើម្បី​ឲ្យយើង​អា​ច​អធិដ្ឋាន​យ៉ាង​ពិតប្រាកដ អស់​ពី​ដួង​ចិត្ត អស់​ពី​ជំនឿ។ ប្រហែល​រាល់ពេល​យើង​ចូល​វិហារ​ យើង​អធិដ្ឋានធម៌​ឱព្រះបិតា យើង​ភ្លេច​នឹក​ឃើញថា ​យើង​កំពុង​និយាយ​ទៅព្រះជាម្ចាស់​ផ្ទាល់​ ហើយ​យើង​មិន​ហៅ​ព្រះជាម្ចាស់​ដ៏មានឫទ្ធានុភាព​សព្វ​ប្រការ​ដែល​ឆ្ងាយពី​យើង នៅ​ពេលហ្នឹង​យើង​និយាយ​ ឱព្រះបិតាអើយ។ ជា​ភាសាខ្មែរ​វា​ហាក់​ដូចជា​ខ្ពង់ខ្ពស់​បន្តិច​ហើយ ឆ្ងាយបន្តិច ​តែ​ភាសា​របស់​ព្រះយេស៊ូ​ពីដើម គឺ​ អប្បា ហើយ​បើ​យើង​បក​ប្រែ​តាមរបៀប​ត្រឹម​ត្រូវ គឺ​មានន័យ​ថា «ប៉ាប៉ា» យើ​ងកំពុង​និយាយ​ថា ប៉ាប៉ា ទៅ​ព្រះជាម្ចាស់​។ ខ្ញុំ​ចាំ​ថា នៅ​ឆ្នាំ​២០១៣ ពេល​ចេញ​ដំណើរ​ទៅ​អ៊ីស្រាអែល ខ្ញុំ​អង្គុយលើ​យន្ត​ហោះ​ កៅអីសងខាង​មាន​កូនស្រីម្នាក់ និង​ឪពុករបស់​គាត់ជា​ជនជាតិ​យូដា។ ក្មេងស្រីនោះ ហៅ​ឪពុកគាត់ អប្បា អប្បា ហើយពេលនោះ​ខ្ញុំ​ភ្ញាក់ ដោយ​ដឹងថា អូហ៍ តាមពិត​ជា​កូនដែល​កំពុង​និយាយទៅកាន់​ឪពុកគាត់​។ ពេល​ព្រះយេស៊ូ​បង្រៀន​យើង​ឲ្យអធិដ្ឋាន​ ឱព្រះបិតា​យើង​ខ្ញុំ​អើយ ព្រះអង្គ​និយាយ​អប្បា ដើម្បីបង្ហាញ​ថា ចាប់​ពី​ពេល​នេះ​តទៅ យើង​មាន​ទំនាក់ទំនង​ថ្មីជា​មួយព្រះជាម្ចាស់​ជាប៉ា​របស់​យើង​។ ព្រះជាម្ចាស់​ណែនាំ​ឲ្យយើង​ទៅជា​បុត្រាបុត្រី​របស់​ព្រះអង្គ។ ហើយ​នៅក្នុងព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ដែល​ចូលក្នុង​វិញ្ញាណ​ កម្លាំង​ និង​ជីវិត​របស់​យើង​ ​​ យើង​អាច​បង្កើត​ទំនាក់ទំនង​ពិសេស​ជាមួយព្រះជាម្ចាស់​។ បងប្អូនជាទីស្រឡាញ់ សូម​យើង​នឹក​ឃើញ​នេះ។ គ្រប់​ពេល​វេលា​​ដែលយើង​អធិដ្ឋាន​ ចូលអភិបូជា យើង​ភ្ជាប់​ជាមួយ​ព្រះជាម្ចាស់​ថែម​ទៀត ដោយ​សារ​យើងបាន​ទទួល​ព្រះវិញ្ញាណ​របស់​ព្រះអង្គ។ នេះ​មិន​មែន​ជា​វិញ្ញាណរបស់​យើង​ដែលតែង​តែ​​ជាប់​ជាមួយ​លោកិយ៍​​ តែ​ជា​វិញ្ញាណ​ដែល​ជាប់​ជាមួយព្រះវិញ្ញាណ​ ដង្ហើម​ និង​ជីវិត​របស់​ព្រះជាម្ចាស់​ បាន​ចូល​ក្នុង​យើង។ នេះអស្ចារ្យ​ណាស់​។

ទី១​ យើង​ត្រូវ​ដឹងថា ក្នុងព្រះវិញ្ញាណ​ដ៏វិសុទ្ធយើង​ជាប់​ជាមួយព្រះជាម្ចាស់​ដែល​ជា​ប៉ារបស់​យើង​ក្នុង​របៀប​ថ្មី យើង​ភ្ជាប់​ជាមួយ​ព្រះយេស៊ូគ្រីស្ត​ដែល​ជា​ព្រះបុត្រា​ និង​យើង​ជា​បុត្រធីតារបស់​ព្រះអង្គដែរ​។ នៅ​ពេលនេះ​ក្នុងព្រះវិញ្ញាណ​ដ៏វិសុទ្ធ ​យើង​មើល​ឃើញ​ជាក់ស្តែង ខ្ញុំ​ផ្ទាល់​នៅជាមួយ​ព្រះជាម្ចាស់​ និង​ព្រះយេស៊ូ​គ្រីស្ត​ផ្ទាល់ ខ្ញុំ​ទៅជា​អង្គ​ព្រះគ្រីស្ត។​

បន្តិចទៀត​យើង​ទទួល​ព្រះកាយព្រះគ្រីស្ត ហើយ​ពេល​ខ្លះ​យើង​ភ្លេច​ខ្លួន​ដែរ ចេះ​តែ​ទទួល​ដោយ​ឆ្លើយ​ថា​ អាម៉ែនៗតែប៉ុណ្ណឹង ហើយ​ទៅ​អង្គុយ​ដោយ​នឹកឃើញអីផ្សេង។ ប៉ុន្តែ​តាម​ពិត​នៅ​ពេល​យើង​ទទួល​ព្រះកាយព្រះគ្រីស្ត​ យើ​ងទទួល​ព្រះយេស៊ូ​គ្រីស្ត​ផ្ទាល់​ ដែល​ចូល​នៅក្នុងខ្លួនរបស់​យើង​ យើងទៅ​ជា​អង្គ​តែ​មួយជាមួយព្រះយេស៊ូ​ និងព្រះវិញ្ញាណ​ដ៏វិសុទ្ធ។ ​នេះ​ជា​ការ​អស្ចារ្យពិសេសណាស់។

ទី២​យើង​ជា​ព្រះសហគមន៍ ជា​មហាគ្រួសារ​របស់​ព្រះជាម្ចាស់​នៅលើ​ផែន​ដីនេះ។ យើង​មាន​មិន​ត្រឹម​តែ​គ្រួសាររបស់​យើង​បង្កើត​ តែ​នៅក្នុង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ តាម​រយៈ​ពិធី​ជ្រមុជទឹក តាមរយៈ​អគ្គសញ្ញា​ដែល​យើង​ទទួល​ថ្ងៃនេះ(លាបថ្ងាស) យើង​ជា​គ្រួសារ​មួយ យើង​ជាបងប្អូន​ពិតៗ​។ គ្រួសារ​របស់​យើង​ធំណាស់ ដែលមាន​ចំនួន​១៤០០លាននាក់​ ហើយ​នេះ​បើ​ថែមនិកាយ​ផ្សេងៗទៀត​ដែលជឿលើព្រះយេស៊ូ​ យើង​មាន​ច្រើន​ណាស់។ យើង​ជា​បងប្អូន​បង្កើត ហើយ​បង​របស់យើង​គឺ​ព្រះយេស៊ូ​គ្រីស្ត ប៉ា​របស់​យើង​គឺ​ព្រះបិតាផ្ទាល់។ ដោយ​សារ​យើង​ជា​បងប្អូន​នៅទូទាំង​ប្រទេស យើង​ទទួល​តួនាទី​មួយពិសេស​ គឺ​បង្ហាញ​ភាតរភាព មានន័យថា យើង​ជាគ្រួសារ​មួយ​ដែល​ចេះ​ស្រឡាញ់​បងប្អូន​ឯទៀតៗ​​ ចេះ​ស្រឡាញ់​បងប្អូន​ដែល​កាន់សាសនាដទៃ។ ធ្វើដូច្នេះ យើង​អាច​ភ្ជាប់​ជា​មួយ​បងប្អូន​របស់​យើង​នៅ​ក្នុងពិភពលោក​ជា​គ្រួសារតែ​មួយ ដើម្បីកសាងសេចក្តីសុខសាន្ត​ សុខសន្តិភាព​ដែលយើង​បាន​ស្តាប់​នៅ​ក្នុងថ្ងៃនេះ។

«សូម​បងប្អូនប្រកបដោយសេចក្តីសុខសាន្ត។»

​          ប្រសិន​បើ​យើង​ចេះ​ស្រឡាញ់​គ្នានិង​គោរព​គ្នា​​ទៅវិញ​មក​ជាបងប្អូន នោះ​យើង​លែ​ងមាន​សង្គ្រាម លែ​ង​មាន​បញ្ហានៅ​ព្រំដែន ដូច​យើង​បាន​ឃើញ​ពី​ម្សិលមិញ ដោយសារ​យើង​ចេះ​មើល​គ្នា​ជា​បងប្អូន មិន​មែន​មើល​គ្នា​ជាសត្រូវ គ្មាននរណា​ចង់បាញ់​និង​សម្លាប់​បងឬ​ប្អូន​របស់​ខ្លួនទេ។ ដូច្នេះ​បើ​យើង​ទទួល​ស្គាល់បងប្អូន​ឯទៀតៗ​ដែល​ជា​សាសន៍​និង​សាសនាផ្សេងពី​យើង ថា​ជា​បងប្អូន​ពិតៗ ណែនាំ​ឲ្យយើង​អាច​កសាងសុខសន្តិភាព​នៅ​ក្នុងពិភពលោក។

ថ្ងៃនេះ​ជា​ពេល​វេលា​ដើម្បីអធិដ្ឋាន​មែនទែន។ នៅក្នុង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​យើង​ទទួល​សមត្ថភាព​ដើម្បី​បង្កើត​សេចក្តី​សុខសាន្ត​នៅ​ក្នុង​ពិភពលោក។ កាលពី​មុន​យើង​ធ្លាប់​និយាយ​នៅ​ហ្គាហ្សា ដែល​នៅ​ឆ្ងាយ ជា​ទឹកដី​របស់​ព្រះយេស៊ូ​ផ្ទាល់ដែលកំពុង​មាន​សង្គ្រាម​សព្វ​ថ្ងៃ ប៉ុន្តែ​ពេលនេះ សង្គ្រាម​នៅ​ក្បែរ​ព្រំដែន​យើង​ ដែលកំពុង​ប្រមូលអាវុធ និង​កម្លាំង​ទាហាន​ទាំង​សងខាង។ នេះ​បង្ហាញថា មនុស្ស​យើង​មិន​ទាន់​ទទួល​ស្គាល់​ យើង​ជា​គ្រួសារ​តែ​មួយ ដែល​ត្រូវ​តែ​រស់នៅ​ក្នុង​សេចក្តីស្រឡា្ញញ់​ដែល​យើង​ទទួល​ពី​ព្រះយេស៊ូ។ ហើយ​ថ្ងៃនេះ ជាឱកាស​មួយ​ដើម្បី​ឲ្យយើង​ទៅ​ជា​ពន្លឺដ៏តូច​មួយ មានន័យ​ថា​នៅ​ក្នុងគ្រួសារយើង​ផ្ទាល់ ត្រូវ​ស្រឡាញ់​គ្នាទៅវិញ​ទៅមក ឲ្យកូន​ស្រឡាញ់​ឪពុកម្តាយ ឲ្យ​ឪពុកម្តាយ​ស្រឡាញ់​កូន​ ​ឲ្យ​ប្តី​ប្រពន្ធ​ត្រូវគ្នា ឲ្យកូនៗ​គោរព​តាយាយ។ នេះ​ជា​គ្រួសាររបស់យើង​ផ្ទាល់ ហើយ​ក្នុ​ង​ព្រះសហគមន៍ក៏ដូចគ្នាដែរ ត្រូវ​ចេះ​គោរព​គ្នា​ ជា​មួយ​លោកឪពុក បងស្រី គណៈកម្មការ​ អភិបាល​​ ក្មេងចាស់​ប្រុសស្រី ឲ្យយើង​ចេះ​បង្កើត​សេចក្តីសុខសាន្ត ​ឲ្យយើង​ទៅ​ជា​ពន្លឺដ៏តូច​មួយ។

នៅ​ពេល​យើង​បាន​ទទួល​ដី​នេះ​ពី​ព្រះមហាក្សត្រ សីហនុ នៅ​ឆ្នាំ​១៩៦៤ ដីនេះ​ពិសេសគឺ​នៅលើភ្នំឆ្ងាយ​ពី​ក្រុង​កំពង់​សោម​បន្តិច​ ហើយ​វា​ប្រៀប​ដូចជា​ពន្លឺ​មួយ​សម្រាប់​ទីក្រុង​ទាំង​មូល។ យើងនៅ​ខ្ពស់​ជាង​កន្លែង​ផ្សេងៗ។ ទោះ​បី​សព្វ​ថ្ងៃមាន​អគារ​ខ្ពស់ៗ​ក៏ដោយ ឲ្យយើង​ទៅ​ជា​ពន្លឺមួយ ដែល​ពន្លឺនេះ មិន​ត្រឹម​តែ​ពន្លឺ​ដែលចេញពី​ព្រះវិហារ​របស់យើង តែ​ពេលយើង​ចេញ​ពី​ព្រះវិហារ​ទៅ​ ក្រោយពេល​យើង​បាន​ស្តាប់​ព្រះបន្ទូល និង​ទទួល​ព្រះកាយ​ ក្រោយ​ពេល​យើង​បាន​អធិដ្ឋាន និង​ជាប់​ជា​មួយ​ព្រះនាង​ម៉ារី ហើយ​ពេល​យើង​ទៅ​ផ្ទះ​វិញ ឲ្យយើង​ទុក​ពន្លឺ​ដែល​យើង​បាន​ទទួល ដើម្បី​ចែក​ទៅដល់​បងប្អូន​ឯទៀតៗ។

ទី៣ យើង​ត្រូវ​ចែក​អំណរសប្បាយ​របស់យើង​​ដែល​បាន​ទទួល​ពី​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ តែ​មិន​មែន​អំណរសប្បាយ​មួយភ្លែតៗក្នុង​វិហារ តែ​ពេលយើង​ចេញពី​វិហារ​នេះ។ យើង​ចូល​ក្នុង​វិហារ យើង​បាន​ចេញពី​លោកិយ៍ដើម្បី​ជាប់​ជាមួយព្រះជាម្ចាស់​ ហើយ​យើងចេញពីវិហារ​​ ដោយ​​ចូលក្នុង​លោកិយ៍សារជាថ្មីវិញ​ ដើម្បី​បង្ហាញ​សេចក្តីស្រឡាញ់​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​សម្រាប់យើង​ទាំងអស់​គ្នា​។

ដូច្នេះ​បងប្អូនជា​ទីស្រឡាញ់ ចុង​ក្រោយ នៅពេលយើង​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ យើង​ដូច​ព្រះយេស៊ូ​គ្រីស្ត ដូច​ព្រះជាម្ចាស់​ដែលមាន​ចិត្ត​មេត្តា​ករុណា។ «សូម​មាន​ចិត្ត​មេត្តា ដូចព្រះបិតា​មាន​ព្រះហឫទ័យ​មេត្តាករុណា» សូម​ទុកសេចក្តីនេះ ក្នុងពេល​ដែលយើង​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​នៅ​ក្នុងថ្ងៃនេះ។ ពេល​យើង​ចេញពី​វិហារ​ យើង​ពោរពេញ​ដោយ​ធម៌មេត្តាករុណា​ដែល​មក​ពី​ព្រះជាម្ចាស់ ហើយក្នុង​ជីវិត​របស់​យើង​ ឲ្យយើង​ខិតខំ​អនុវត្តដើម្បីក្លាយជា​គ្រីស្ត​បរិស័ទ​សកម្ម​ មិន​ត្រឹម​តែ​បម្រើ​ក្នុង​ក្រុម​ចម្រៀង បម្រើ​អាសនៈ និង​ក្នុង​ក្រុម​គណៈកម្មការនានា ឬកាយឫទ្ធិនោះ​ទេ តែ​សកម្មដោយ​សារ​នៅ​ក្នុងជីវិត​របស់យើង​ផ្ទាល់ យើង​ខិតខំ​ស្រឡាញ់ លើក​ទឹកចិត្ត លើក​លែង​ទោស និង​ខិត​ខំ​កសាង​សន្តិភាព​នៅក្នុ​ងគ្រួសារ​របស់​យើង​ និង​កន្លែង​ដែលយើង​រស់នៅ​ជា​ប្រចាំ​។ ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​បានប្រទានសមត្ថភាព​ ដើម្បី​ឲ្យយើង​ទៅ​ជា​គ្រីស្តបរិស័ទ​សកម្ម។ អសកម្ម មានន័យថា ជា​គ្រីស្តបរិស័ទ​ដែលដេកលក់​មិន​ដឹងខ្លួន។ សកម្ម គឺ​ជា​គ្រីស្តបរិស័ទ​ដែល​យកចិត្ត​ទុកដាក់​គ្រប់ទីកន្លែង ដោយសារ​យើង​ជា​គ្រីស្តបរិស័ទ​គ្រប់​ទីកន្លែង​គ្រប់​ទិសទី ជាមួយព្រះយេស៊ូគ្រីស្ត​ដែល​ផ្ញើ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​នៅ​ក្នុង​ថ្ងៃនេះ។

បងប្អូន​ជាទីស្រឡាញ់​ នៅក្នុង​អំណោយ​​ទាន​ដែលយើង​ទទួល​ពី​ព្រះជាម្ចាស់​ តាមរយៈ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ គឺ​សេចក្តី​ក្លាហាន ការទទួល​ខុស​ត្រូវ សេចក្តីពិត គំនិត​ល្អ ធ្វើតាម​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ កោតខ្លាច​ព្រះជាម្ចាស់​ដោយសារស្រឡាញ់​ព្រះអង្គ ណែនាំ​ឲ្យយើង​រស់នៅ​ជាគ្រីស្តបរិស័ទ​សកម្ម​នៅ​ក្នុងសង្គមនេះ ហើយ​សកម្មដើម្បី​កសាងគ្រួសាររបស់​យើង​ ដោយដឹងថា ពិតមែន នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ ​វិញ្ញាណ​របស់​យើង​អា​ចហៅ​ព្រះជាម្ចាស់​បាន​ថា​ «អប្បា ឱព្រះបិតាអើយ!»៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

លោកអភិបាល​អូលីវីយ៉េ​ សូម​ឲ្យ​គ្រីស្តបរិស័ទ​ទៅ​ជា​ពន្លឺថ្មីសម្រាប់សហគមន៍ និងសង្គម

ក្នុងពិធីបុណ្យព្រះវិញ្ញាណយាង​មក​នៅ​ព្រះវិហារ​សន្ត​មីកាអែល​ក្រុង​ព្រះសីហនុ នាថ្ងៃទី​ ​០៨ ខែ​មិថុនា​កន្លងទៅ លោក​អភិបាលអូលីវីយ៉េ ជ្មីត​ហស្លេ​ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​បានប្រាប់​ដល់គ្រីស្តបរិស័ទ​អំពី​ចំណុច​សំខាន់​បី​ ជាមគ្គុទេសក៍ក្នុងជីវិតជាគ្រីស្តបរិស័ទសកម្ម។ ទី​១. ជាប់ជាមួយព្រះជាម្ចាស់​ក្នុងរបៀបថ្មី លោក​អភិបាលបានបង្ហាញថា តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ យើងត្រូវបានភ្ជាប់ជាមួយព្រះជាម្ចាស់ យើង​ទៅ​ជា​បុត្រានិង​បុត្រី​របស់​ព្រះអង្គ។ ពេលយើងទទួលព្រះកាយព្រះគ្រីស្ត យើងមិនត្រឹមតែទទួល​ប៉ុណ្ណោះទេ តែជាការទទួលព្រះយេស៊ូផ្ទាល់ និង​ស្ថិត​ក្នុង​អង្គតែមួយជាមួយព្រះអង្គ។ លោក​អភិបាលសង្កត់ធ្ងន់ថា «យើងទៅ​ជា​អង្គ​តែ​មួយជាមួយព្រះយេស៊ូ​ និងព្រះវិញ្ញាណ​ដ៏វិសុទ្ធ។» ទី២. យើង​ជា​គ្រួសារដ៏ធំបំផុតនៅលើផែនដី និងជា​​ពន្លឺ​ ដើម្បីរម្លឹក​ដល់​បេក្ខជន​ចំនួន​២៣នាក់

លោកអភិបាលភ្នំពេញឲ្យគ្រីស្តបរិស័ទយកគំរូតាមកាឡូសអាគូទីស

ក្នុង​ពិធីប្រសិទ្ធិពរលើតុសក្ការៈថ្មី និងអរព្រះគុណព្រះជាម្ចាស់ខួប ៦០ ឆ្នាំរបស់ព្រះសហគមន៍សន្តមីកាអែល នៅក្រុងព្រះសីហនុ លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ ជំរុញ​ឲ្យ​គ្រីស្តបរិស័ទ​យកគំរូ​តាម​អ្នក​មាន​សុភមង្គល​កាឡូស​អាគូទីស ដែល​អធិធាតុរបស់​គាត់​ត្រូវ​បាន​បញ្ចុះ​ក្នុង​តុអាសនៈថ្មី​នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ។ លោកអភិបាល​អូលីវីយ៉េ បញ្ជាក់ថា គ្រប់​ពេល​វេលា​ដែលយើង​ចូល​ក្នុងអភិបូជា​ យើងត្រូវ​នឹកឃើញ​អំពីជីវិត​របស់​យើង​ដែល​ទទួល​កម្លាំង​និង​ព្រះពរ​ពី​ព្រះកាយព្រះគ្រីស្ត ដែល​ជា​កំពូលនិង​ជា​ប្រភព​នៃ​ជីវិត​របស់​យើង​។ លោក​អភិបាល​បាន​និយាយ​ពី​ កាឡូស​អាគូសទីស ជា​យុវជន​ម្នាក់​ដែលកើត​​ក្នុង​ឆ្នាំ​១៩៩១ ហើយ​បាន​ស្លាប់​នៅ​ក្នុង​ឆ្នាំ​២០០៦ មាន​គុណធម៌​ចំនួន​៥​ដែល​យើង​ជា​គ្រីស្ត​បរិស័ទត្រូវ​អនុវត្ត​តាម។ ​ទី១ លោក​ថា រៀងរាល់ថ្ងៃ​

លោកអភិបាលព្រះសហគមន៍កម្ពុជាស្វាគមន៍ព្រះមន្ត្រីសង្ឃជាន់ខ្ពស់ ប្រារព្ធពិធីបង្សុកូលថ្វាយអតីតសម្តេចប៉ាប

ក្នុងថ្ងៃចុងក្រោយដែលព្រះសហគមន៍សកលអធិដ្ឋានរំលឹកវិញ្ញាណក្ខន្ធរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញបាន ទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាល ចំពោះព្រះដំណើរសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះអគ្គមហាសង្ឃរាជធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងព្រះមន្ត្រីសង្ឃចំនួន៤២អង្គ បាននិមន្តបង្សុកូលថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ និងនាំយកព្រះរាជសារ រំលែកទុក្ខរបស់សម្តេចព្រះអគ្គមហាសង្ឃរាជ នន្ទ ង៉ែត ជូនលោក​អភិបាល អូលីវីយ៉េ នារសៀល

Subscribe to our newsletter

Don't miss new updates on your email