ក្រុមបងស្រីនមស្ការ សម្ពោធគេហដ្ឋានថ្មីនៅភ្នំពេញ ដើម្បីពង្រីកបេសកកម្មជួយស្ត្រី និងកុមាររងគ្រោះ

ក្រុមបងស្រីនមស្ការ (Adoratrices) បានប្រារព្ធពិធីប្រទានពរ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហដ្ឋានថ្មីរបស់ខ្លួនក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្តល់ជម្រក និងការគាំទ្រដល់ស្ត្រី និងកុមារដែលរងគ្រោះដោយអំពើហិង្សា និងការបោះបង់។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ និងលោកអភិបាល សិលា សួន ហង្សលី ដោយមានការចូលរួមពីបុគ្គលិក និងគ្រីស្តបរិស័ទ​ អាជ្ញាធរដែនដី ភ្ញៀវជាតិ​និងអន្តរជាតិ​យ៉ាងច្រើន​កុះករ។

គេហដ្ឋានថ្មីនេះ គឺជាសមិទ្ធផលដែលកើតចេញពីចក្ខុវិស័យរបស់ក្រុមបងស្រីនមស្ការ ដែលបានមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២។ ដំបូងឡើយ ក្រុមបងស្រីបានចាប់ផ្ដើមបេសកកម្មនៅខេត្តសៀមរាបក្នុងឆ្នាំ២០០៧ តាមរយៈការបង្កើតអង្គការ “Renacer Walk with Women” ដើម្បីជួយសង្គ្រោះស្ត្រីដែលរងគ្រោះដោយអំពើហិង្សា ស្រ្តីមានផ្ទៃពោះដែលត្រូវបានគេបោះបង់ និងអ្នកដែលចង់ចាកចេញពីរបរពេស្យាចារ ឱ្យមានឱកាសកសាងជីវិតជាថ្មី។ នៅឆ្នាំ២០១៧ ក្រុមបងស្រីបានពង្រីកសកម្មភាពមកកាន់ទីក្រុង​ភ្នំពេញ ដោយស្នាក់នៅក្នុងផ្ទះជួល រហូតដល់សម្រេចបាននូវការសាងសង់គេហដ្ឋានផ្ទាល់ខ្លួននាពេលនេះ។

លោកអភិបាល សិលា សួន ហង្សលី អភិបាល​ឧបត្ថម្ភកៈ​ភូមិភាគ​ភ្នំពេញ បានមានប្រសាសន៍ក្នុងឱកាសនោះថា គេហដ្ឋាននេះមិនត្រឹមតែជាអគារសម្រាប់ស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែជាគ្រឹះដ៏សំខាន់សម្រាប់ជួយស្ត្រី និងកុមារដែលសង្គមបោះបង់ឱ្យរកឃើញតម្លៃនៃជីវិត និងអាចរស់នៅក្នុងសង្គមវិញបាន។ លោកបានបញ្ជាក់ទៀតថា ទីតាំងនេះក៏ជាកន្លែងផ្ដល់ការពិគ្រោះយោបល់ផ្លូវចិត្ត និងការអប់រំសម្រាប់កុមារផងដែរ។

លោកអភិបាល​លី សង្កត់​ធ្ងន់​ថា «កិច្ចការដែលក្រុមបងស្រីធ្វើ​នៅទីនេះ ណែនាំឱ្យបងប្អូនក្នុងប្រទេសកម្ពុជាបានទទួលការសង្គ្រោះ និងមានរបៀបរស់នៅឱ្យបានល្អប្រសើរ ដើម្បីឱ្យមានសុខដុមនីយកម្មក្នុងក្រុមគ្រួសារ និងក្នុងចំណោមបងប្អូនដែលរស់នៅទីនេះ។»

បច្ចុប្បន្ន គេហដ្ឋាននេះមានស្ត្រីចំនួន ៥ នាក់ និងកុមារចំនួន ៧នាក់កំពុងស្នាក់នៅ។ កញ្ញា សេង សុវណ្ណ បុគ្គលិកវេនយប់ដែលបានធ្វើការនៅទីនោះអស់រយៈពេល ៤ឆ្នាំ បានរៀបរាប់ពីការទទួលខុសត្រូវរបស់ខ្លួនថា ក្រៅពីការមើលថែទាំទូទៅ ក្រុមការងារក៏បានផ្ដល់ការបង្រៀនបន្ថែមនូវមុខវិជ្ជាភាសាអង់គ្លេស និងគណិតវិទ្យាដល់កុមារ ដើម្បីធានាថា ពួកគេទទួលបានការអប់រំត្រឹមត្រូវ។

បងស្រី ពីឡា កាសាស​ ណាវ៉ារ៉ូ ជា​ប្រធាន​ក្រុមបងស្រីនមស្ការទូទាំង​ពិភពលោក និង​ជា​ប្រធាន​នៃអង្គការ​ Renacer Walk with Women បានបញ្ជាក់ថា ការរចនាគេហដ្ឋានថ្មីនេះគឺសង្កត់ធ្ងន់លើ “ភាពបើកចំហ” ដោយប្រើប្រាស់ជញ្ជាំងកញ្ចក់ជំនួសឱ្យជញ្ជាំងបិទជិត។ បងស្រី​បានពន្យល់ថា នេះគឺជាសារមួយផ្ញើទៅកាន់ស្ត្រីរងគ្រោះថា ពួកគេត្រូវ “បើកចិត្ត” ដើម្បីទទួលយកជីវិតថ្មី ស្របតាមអត្ថន័យនៃឈ្មោះ “Renacer” ដែលមានន័យថា “ការកើតជាថ្មី”។

បងស្រី​ប្រធាន​រូបនេះ បន្ថែមថា គេហដ្ឋាននេះគឺជាសុបិនដែលក្លាយជាការពិតសម្រាប់ទាំងក្រុមបងស្រី និងស្ត្រីរងគ្រោះ «យើងមិនមែននៅទីនេះគ្រាន់តែដើម្បីធ្វើការ ឬធ្វើគម្រោងនោះទេ ប៉ុន្តែយើងនៅទីនេះដើម្បីបេសកកម្ម។ បេសកកម្មនោះគឺការស្រឡាញ់ និងការបម្រើ។ គេហដ្ឋានថ្មីនេះគឺជាសុបិនរបស់យើង… ដើម្បីឱ្យពួកគេ (ស្ត្រី និងកុមារ) មានអារម្មណ៍ថាដូចជានៅក្នុងផ្ទះ នៅក្នុងគ្រួសារ។ នេះគឺជាចំណុចសំខាន់បំផុតសម្រាប់ពួកគេ ដើម្បីស្វែងរកសេចក្តីថ្លៃថ្នូរ សេចក្តីសង្ឃឹម និងជីវិតថ្មី។»

ទន្ទឹមនឹងនេះ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ​អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីនោះ បានសង្កត់ធ្ងន់ពីតម្លៃនៃវត្តមានរបស់ក្រុមបងស្រីនៅក្នុងសហគមន៍ថា «វត្តមានរបស់បងស្រីនៅទីនេះ គឺជាសក្ខីភាពនៃប្រវត្តិសាស្ត្រព្រះសហគមន៍យើង ដែលរស់ឡើងវិញ និងបន្តបេសកកម្មរបស់ព្រះយេស៊ូ។ គេហដ្ឋាននេះនឹងក្លាយជាកន្លែងដែលនាំមកនូវពន្លឺ និងក្តីសង្ឃឹមសម្រាប់អ្នកដែលកំពុងស្ថិតក្នុងភាពងងឹត។»

លោកអភិបាល អូលីវីយ៉េ ក៏បានបន្ថែមថា កិច្ចការដែលក្រុមបងស្រីកំពុងធ្វើ គឺជាការដើរទន្ទឹមគ្នាជាមួយនឹងព្រះសហគមន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មនុស្សដែលងាយរងគ្រោះបំផុតក្នុងសង្គម។

បច្ចុប្បន្ន​​ក្រុមបងស្រី​នមស្ការ​មាន​បេសកកម្ម​ចំនួន​២​កន្លែង មួយគឺនៅ​ខេត្ត​បន្ទាយមានជ័យមានសមាជិក​ចំនួន​២​រូប និងមួយទៀត​គឺនៅ​ភ្នំពេញមាន​សមាជិក​ចំនួន​៥​រូប​។​

ពិធីសម្ពោធនេះបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាលបំផុត ដោយមានការចូលរួមអបអរសាទរពីសំណាក់លោកអភិបាលទាំងពីរ​អង្គ លោកបូជាចារ្យ បព្វជិត-ជិតា និងគ្រីស្តបរិស័ទជាច្រើនកុះករ​ ដែលជាសញ្ញានៃសាមគ្គីភាពក្នុងការគាំទ្រដល់កិច្ចការមនុស្សធម៌នៅកម្ពុជា៕

ដោយ កែវ កញ្ញា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email