ក្រុមសិល្បៈវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ទទួលបានលិខិតថ្លែងអំណរគុណ ក្នុងទិវាវប្បធម៌ជាតិ

ក្នុងស្មារតីលើកកម្ពស់ដួងព្រលឹងវប្បធម៌ខ្មែរ ក្រុមសិល្បៈនៃវិទ្យាល័យសន្តហ្វ្រង់ស្វ័រ បាននាំយកនូវទស្សនីយភាពរបាំបុរាណយ៉ាងជក់ចិត្តមកសម្តែងក្នុងឱកាសអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣មីនា» លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។

ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម កាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត។

នៅក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ លោកស្រី ឡៃ មករា នាយិការងវិទ្យាល័យសន្តហ្វ្រង់ស្វ័រ រួមជាមួយក្រុមសិល្បៈសិស្សានុសិស្ស បានទទួលលិខិតថ្លែងអំណរគុណផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមថែរក្សាវប្បធម៌។

លោកស្រីបានបង្ហាញនូវក្តីរំភើបយ៉ាងខ្លាំងក្នុងនាមជាគ្រីស្តបរិស័ទមកពីសាលាកាតូលិក ដោយលោកស្រីបានសង្កត់ធ្ងន់ថា ទោះបីជាយើងមានជំនឿសាសនាផ្សេងគ្នាក៏ពិតមែន ប៉ុន្តែយើងមានវប្បធម៌តែមួយ គឺវប្បធម៌ខ្មែរ ដែលទាមទារឱ្យមានការចូលរួមលើកស្ទួយ និងថែរក្សារបាំខ្មែរឱ្យបានគង់វង្សជារៀងរហូត។

លោកស្រីនាយិការងបានបន្ថែមទៀតថា ភាពជោគជ័យនៃក្រុមសិល្បៈរបស់សាលា កើតចេញពីការបណ្តុះបណ្តាលតាមស្តង់ដាត្រឹមត្រូវ ដោយមានលោកគ្រូអ្នកគ្រូជំនាញៗដែលសុទ្ធសឹងតែអញ្ជើញមកពីសាលាវិចិត្រសិល្បៈខេត្តតាកែវផ្ទាល់។ ជាក់ស្តែង នៅក្នុងអង្គពិធីទាំងមូល ក្រុមការងារទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ខណៈដែលការសម្តែងរបស់សិស្សកម្រិតអនុវិទ្យាល័យ ត្រូវបានគេវាយតម្លៃថាមានសមត្ថភាពខ្ពស់ដូចអ្នកអាជីព និងមានការទាក់ទាញជាខ្លាំងពីសំណាក់គណៈអធិបតី និងសាធារណជន។

ពាក់ព័ន្ធនឹងបច្ចេកទេសសម្តែង លោក អ៊ំ សាមាន អ្នកសម្របសម្រួលការិយាល័យសិល្បៈរបស់ព្រះសហគមន៍ បានឱ្យដឹងថា ក្រុមសិល្បៈបានលើកយករបាំចំនួនពីរមកបង្ហាញ គឺល្ខោនខោល និងរបាំនេសាទ ដែលសុទ្ធតែទទួលបានការសាទរយ៉ាងខ្លាំងតាមរយៈស្នូរទះដៃកងរំពង។

លោកបានបញ្ជាក់ថា សាលាសន្តហ្វ្រង់ស្វ័រមានកម្មវិធីសិក្សាសិល្បៈច្បាស់លាស់សម្រាប់សិស្សពីថ្នាក់ទី១ ដល់ទី១១ ដោយមានទាំងផ្នែករបាំបុរាណ-ប្រពៃណី ភ្លេងពិណពាទ្យ យីកេ បាសាក់ និងភ្លេងសម័យ ទៅតាមជំនាញរបស់សិស្សម្នាក់ៗ។

ជាចុងក្រោយ លោកស្រី ឡៃ មករា ក៏បានផ្ញើសារដាស់តឿនដល់យុវជនជំនាន់ក្រោយថា មរតកវប្បធម៌ដែលដូនតាបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារ គឺស្ថិតនៅលើដៃរបស់ក្មួយៗទាំងអស់គ្នា។ ទោះបីមានសាសនាផ្សេងគ្នា ប៉ុន្តែយើងជាខ្មែរតែមួយ ដូច្នេះត្រូវរួមគ្នារក្សា និងផ្សព្វផ្សាយឱ្យសកលលោកបានឃើញពីភាពអស្ចារ្យនៃដួងព្រលឹងខ្មែរ។

គួររំលឹកផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមសិល្បៈសាលាសន្តហ្វ្រង់ស្វ័របានបង្ហាញខ្លួន ពួកគេធ្លាប់បានចូលរួមក្នុងព្រឹត្តិការណ៍ធំៗជាច្រើនដងរួចមកហើយ ទាំងក្នុងកម្រិតខេត្ត និងកម្រិតជាតិ៕

ដោយ​ឆាក លាំង

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email