ពិធីរំលឹកមរណបុគ្គលនៅតាំងគោក

កាលពី​ថ្ងៃ​ម្សិល​មិញនេះ ព្រះសហគមន៍​កាតូលិក​កម្ពុជា​បាន​ប្រារព្ធ​កម្មវិធី​រំលឹក​វិញ្ញាណក្ខន្ធជន​រង​គ្រោះ​ និងការ​ឈឺចាប់​ពី​ឧក្រិដ្ឋកម្ម​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុល​ពត​ នៅ​ព្រះសហគមន៍​តាំង​គោក​ ក្នុង​ខេត្ត​កំពង់ធំ ដោយ​មាន​លោក​អភិបាល​អូលីវីយេ ជ្មីតអីស្ល៊ែរ, លោកអភិបាល​អន់តូនីសាមី ស៊ូសៃរាជ្យ, លោក​អភិបាល​អេនរីគេ ហ្វីការេដូ រួម​នឹង​បូជាចារ្យ​ អ្នកបួស និង​គ្រីស្ត​បរិស័ទជាង​២០០០នាក់​ចូលរួម។

នៅក្នុង​ធម្មទេសនា លោកអភិបាល​អូលីវីយេ មាន​ប្រសាសន៍​ថា យើង​ត្រូវ​រួម​ជាមួយ​គ្នា​ ដើម្បីទទួល​ខុស​ត្រូវនៅ​លើ​ព្រះសហគមន៍​កម្ពុជា​ ដែល​យើង​ទទួល​ជាមរតក ដើម្បីរៀបចំ​អនាគត​នៃព្រះសហគមន៍។ លោកអភិបាល​បញ្ជាក់​ទៀត​ថា ការ​ទទួល​ខុស​ត្រូវ​នោះ​ត្រូវ​​​បម្រើដូច​ព្រះយេស៊ូនៅ​ក្នុង​ព្រះសហគមន៍​ដែល​ជាផ្ទះផ្ទាល់​របស់​យើងនៅ​ក្នុង​មហា​គ្រួសារ​ ដោយ​ឲ្យ​អ្នកដទៃ​រក​ឃើញ​សេចក្តីសុខទទួល​ស្វាគមន៍ ដោយ​ញញឹម​ និង​ស្រលាញ់ ជាពិសេស​គឺ​ផ្តល់​ក្តី​សង្ឃឹម។​

លោក​អភិបាល​បាន​ប្រសាសន៍ទៅកាន់​ក្រុម​អ្នក​បួស​​ថា «ដូច្នេះ​សម្រាប់​យើង​នៅ​ថ្ងៃនេះ  យើង​ត្រូវ​នឹក​ឃើញ​ការ​ទទួល​ខុស​ត្រូវ​របស់​យើង។ ជាពេល​ដែល​យើង​នឹក​ឃើញ​ ឲ្យ​ងាប់​នូវ​ទម្លាប់​អាក្រក់ បណ្តេញ​អ្វី​ៗដែលនាំ​យើង​ឲ្យ​ទៅ​ឆ្ងាយពី​ព្រះជាម្ចាស់។ ជាពិសេស​ជា​ពេល​ដែល​ធ្វើ​ឲ្យងាប់​នូវ​វប្បធម៌​របស់​យើង​ផ្ទាល់ អំពីទស្សនៈ​​ អំពី​ពិភពលោក​ដែល​យើង​មាន ដើម្បី​បញ្ចូល​នៅ​ក្នុង​ទឹក​ដីនិង​ដើម្បី​កើត​សារជាថ្មី ដោយ​មាន​ភ្នែក​ថ្មី ដួង​ចិត្ត​ថ្មី»។

លោកអភិបាល​បញ្ជាក់ទៀតថា «ឲ្យ​យើង​មើល​ឃើញ​វប្បធម៌​របស់យើង​ជា​វប្បធម៌​ខ្មែរ ដោយ​កើត​សារជាថ្មីជាមួយប្រជារាស្ត្រដែល​អង្គុយ​នៅ​ទីនេះ ដែល​ទៅជា​ប្រជារាស្ត្រ​របស់​យើង​ផ្ទាល់»។

លោកអភិបាលក៏បានជំរុញ និងលើកទឹកចិត្តដល់យុវជន និង​គ្រីស្ត​បរិស័ទ​ទាំងអស់ឲ្យបំពេញនូវគម្រោងការនិងក្ដីសុបិនរបស់ខ្លួន និង​ត្រូវ​ចូលរួម​ប្រកាសដំណឹងល្អ។

លោក​បន្ថែម​ថា ថ្ងៃនេះ យើង​បន្ត​ស្តាប់​សំលេង​របស់​អ្នក​បម្រើ​របស់​ព្រះជាម្ចាស់​ដែល​បាន​បូជាជីវិត​​នៅ​ក្នុងអំឡុង​របប​ប៉ុល​ពត ដែល​ជា​គំរូ​នៃ​ជំនឿ​ ស្តែង​ចេញ​ដោយ​សារ​បម្រើ​ អធិដ្ឋាន​នៅ​ក្នុងភាព​ស្ងៀម​ស្ងាត់​និង​លាក់​កំបាំង។

នៅ​ក្នុង​​របប​ប្រល័យ​ពូជសាសន៍​ប៉ុល​ ពត អ្វី​ៗ​គ្រប់​យ៉ាង​ត្រូវ​បាន​បំផ្លាញ​ រួម​ទាំង​សាសនា​ផងដែរ ដែល​មនុស្ស​ជាច្រើន​បាន​ហៅ​ថា «ឆ្នាំ​សូន្យ»។ ប្រជាជន​គ្មាន​សេរីភាព គ្មាន​ការ​អប់រំ គ្មាន​ការ​ប្រតិបត្តិ​សាសនា គ្មាន​គ្រួសារ​ គឺ​អ្វីៗ​ត្រូវ​ស្ថិត​ក្រោម​ការគ្រប់​គ្រង​ដោយ​អង្គការ។ ប្រជាជន​ត្រូវ​ធ្វ​ើការ​ងារ​យ៉ាង​ទម្ងន់​នៅ​លើ​វាល​ស្រែ​ដោយ​ខ្វះ​ខាត​អាហារ។

លោក​អភិបាល​ខ្មែរ​ យ៉ូសែប ឆ្មារសាឡាស់ និង​សហការី​របស់​គាត់​, លោក​អភិបាល​ទេព​អ៊ីម សុត្ថា រួម​និង​បូជាចារ្យ និង​បងប្រុស បងស្រី ត្រូវ​បាន​ស្លាប់​និង​សម្លាប់​នៅ​ក្នុង​របប​វាល​ពិឃាត​មួយនេះ។ តាម​ការ​ឲ្យដឹង​របស់​រដ្ឋាភិបាល​ ក្នុង​របប​នេះ មាន​អ្នក​ស្លាប់​ចំនួន​ប្រមាណ​ជិត​២លាននាក់។

ជាមួយ​គ្នា​នេះដែរ លោកអភិបាល​អូលីវីយេ បានសុំ​ឲ្យ​គ្រីស្ត​បរិស័ទ​ចេះ​ស្វែង​រក​អ្នក​ក្រីក្រដែល​ស្រេក​ឃ្លាន ដែល​មិន​ត្រឹម​តែ​រូបកាយ​ប៉ុណ្ណោះទេ តែ​ជា​វិញ្ញាណ ដែល​រួម​ជាមួយ​ព្រះជាម្ចាស់។

មុន​ពេល​បិទ​បញ្ចប់​ធម្ម​ទេសនា លោ​ក​អភិបាល​បាន​ចោទ​សំណួរ​បី ដើម្បី​ឲ្យ​គ្រីស្ត​បរិស័ទ​ឆ្លើយ​តប។ លោក​អភិបាល​អូលីវីយេ «គ្រីស្ត​បរិស័ទ​ត្រូវ​សុខចិត្តទទួលខុសត្រូវព្រះសហគមន៍របស់ខ្លួន អស់ពីជំនឿ និងសេចក្ដីក្លាហាន, សុខចិត្តប្រកាសដំណឹងល្អ ដោយលះបង់ចោលមាសាតាំង និងអ្វីដែលរារាំងផ្លូវក្នុងការប្រកាសដំណឹងល្អ,  សុខចិត្តបើកដួងចិត្តយ៉ាងពិតប្រាកដ ដើម្បីមានចិត្តស្រឡាញ់ អាណិតមេត្តាដល់មនុស្សតូចតាចនៅក្នុងសង្គម»។

បងស្រី ស្រី សុជាតិ ​ជា​ដូនជី​ក្នុងក្រុម​គ្រួសារ​ស្រលាញ់​ឈើ​ឆ្កាង​ព្រះយេស៊ូ​មាន​ប្រសាសន៍​ថា វា​ជា​រឿង​សំខាន់​ណាស់​ដែល​យើង​ប្រារព្ធ​ពិធី​រំលឹក​អំពី​អ្នកស្លាប់​ដោយ​ជំនឿនៅថ្ងៃនេះ។ បងស្រី សុជាតិ «ពួកគាត់​គឺ​ជា​គំរូ​ និង​ជា​គ្រឹះ​នៃ​ជំនឿរបស់​យើង ដែល​នាំ​ឲ្យ​យើង​ទាំង​អស់​គ្នាមាន​គ្រឹះ​រឹង​មាំ​បន្ត​ជំនឿ​នេះនៅ​ក្នុងព្រះសហគមន៍​រហូត​មក​ដល់​សព្វ​ថ្ងៃ»។

លោក​អឹង​ ទ្រី អាយុ​៧៦​ឆ្នាំ ជា​គ្រីស្ត​បរិស័ទ​​ បាន​ឲ្យ​ដឹងថា​ គាត់​មិន​ដែល​បំភ្លេច​បទ​ពិសោធ​ក្នុង​របប​ប៉ុលពត​នោះ​ទេ។ លោក​បន្តថា លោក​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការងារ​លើក​ទំនប់​ដោយ​គ្មាន​អាហារ​គ្រប់​គ្រាន់។ លោក​ថា «៣កំប៉ុង មនុស្ស​មួយ​កងចល័ត​ ​៤០នាក់​»។

ក្នុងរបប​នេះ ​លោក​ទ្រី​បាន​បាត់​បង់​ញាតិ​សន្តាន​ប្រមាណ​ជា​១៥នាក់។​ គាត់​និយាយ​ថា ដោយ​សារ​ជំនឿ​ចំពោះ​ព្រះជាម្ចាស់​ គាត់​បាន​អត់​ទោស​ឲ្យ​ពួកគេ​ដែល​បាន​ធ្វើ​បាប​រូប​លោក​និង​សាច់​ញាតិ។ លោក​អឹង​ទ្រី «ដោយ​សារយើងជឿ​លើ​ព្រះបន្ទូល​ យើង​មាន​មេត្តាករុណា​។ យើង​អត់​មាន​ចង​កំហឹងលើ​គាត់​ទៀត​ទេ។ (អធិដ្ឋាន)ទៅ​ព្រះជាម្ចាស់​ទទួល​គាត់​ផងដែរ»៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email