លោកបូជាចារ្យសួន ហង្សលី៖ រួមជាមួយព្រះយេស៊ូ នៅជាប់នឹងព្រះអង្គ យើងនឹងបង្កើតផលបានបរិបូរណ៍

នៅ​ក្នុង​ពិធី​បុណ្យ​គោរព​ព្រះនាង​ម៉ារី​បង្ហាញ​ខ្លួន​នៅ​ហ្វាទីម៉ា នាថ្ងៃទី​១៣ ខែ​ឧសភា​ ឆ្នាំ​២០២០ លោក​ ​អូលីវី​យេ ជ្មិត​ហស្លេរ ជា​អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ និង​លោក​បូជាសួន ហង្ស​លី ជា​តំណា​ងពេញ​សិទ្ធិ​របស់​លោក​ បានរួម​គ្នា​ថ្វាយ​អភិបូជា​នៅ​ទឹក​ដី​មរណ​សាក្សី​នៅ​ភូមិ​តាំង​គោក ឃុំ​ស្រយ៉ូង ស្រុក​តាំង​គោក​ ខេត្តកំពង់ធំ ដែល​មាន​គ្រីស្ត​បរិស័ទ​ចូលរួម​ចំនួន​១០នាក់ និងផ្សាយតាមបណ្តាញ់សង្គម។

ជាទូទៅ​ ជារៀង​រាល់​ឆ្នាំ​ ព្រះសហគមន៍​កាតូលិក​តែ​ងតែ​ធ្វើ​ពិធី​បុណ្យ​ធំ​ នៅ​ក្នុង​ខែ​ឧសភា ដើម្បីរំលឹក​ដល់​មរណ​បុគ្គល​ដែល​បាន​បូជា​ជីវិត​ដោយ​សារ​ជំនឿ​នៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ប៉ុល​ពត ដោយ​មាន​ការ​ចូល​រួម​ពី​ព្រះសហគមន៍​គ្រប់​ទី​កន្លែង​ក្នុងប្រទេស​កម្ពុជា ក្រោម​អធិបតី​របស់​លោកអភិបាល​នៃ​ព្រះសហគមន៍​ទាំង​បី​អង្គ។ ប៉ុន្តែ​ដោយសារ​ កលយុគ​នៃ​កូវីដ១​៩ ព្រះសហគមន៍​ត្រូវ​ផ្អាក​ការ​ជួប​ជុំ​នេះ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ ដើម្បីការពារ​និង​បង្ការ​ការ​ឆ្លង​នៃ​មេរោគ​នេះ។

មុន​ពេល​អភិបូជា លោកអភិបាល​អូលីវីយេបាន​ណែនាំ​​ឲ្យ​គ្រីស្ត​បរិស័ទ​ចាប់​អារម្មណ៍​អំពី​មរណ​សាក្សី​ ដូច្នេះ​ថា យើង​ថ្វាយ​អភិបូជា​ នៅ​លើ​អាសនៈ​ពិសេស​ គឺ​គ្រែ​ ដែល​សាឡាស់ សាឡឹម និង​សំរើន ដែល​ធ្លាប់​ថ្វាយអភិបូជាចុង​ក្រោយលើ​គ្រែ​នេះ​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម ក្នុង​ឆ្នាំ​១៩៧៧។ លោក​បន្ថែម​ថា នេះជា​ឱកាសមួយ​ដើម្បី​នឹក​រលឹក​ដល់​មរណសាក្សី​របស់យើង ដោយ​ទូល​អង្វរ​ព្រះជាម្ចាស់​ ប្រទាន​ពរ​ដល់ព្រះសហគមន៍​របស់​យើង​ទាំង​មូល តាម​រយៈ​មរណសាក្សីរួម​ជាមួយ​ព្រះនាង​ម៉ារី នៅ​ទីក្រុង​ហ្វាទីម៉ា ដើម្បី​នៅ​ក្នុង​រដូវ​កូវីដ​១៩​នេះ យើង​ទទួល​អំណោយ​ទាន​មួយ​យ៉ាង​ពិសេស​ «គឺ​ជំនឿ សេចក្តីស្រឡាញ់ និង​សេចក្តី​សង្ឃឹម»។

ក្នុង​ធម្មទេសនា លោកបូជាចារ្យ​សួន ហង្សលី បាន​លើក​ឡើង​ពី​៣​ចំណុចសំខាន់ៗ​ ដែល​មាន​តាំង​ពី​ការ​សង្គ្រោះ​របស់​ព្រះបិតា ការ​រស់នៅ​របស់​គ្រីស្ត​បរិស័ទ​ជាប់​នឹង​ព្រះយេស៊ូ និង​ភាព​ជា​ធ្លុង​តែ​មួយ​ក្នុងជំនឿ​ជាគ្រីស្ត​បរិស័ទ។

១. ការ​សង្រ្គោះ​របស់​ព្រះបិតា ចំពោះ​មនុស្ស​លោក​តាម​រយៈ​ព្រះយេស៊ូ៖

លោក​បូជាចារ្យ​មាន​ប្រសាសន៍​ថា យើងនឹកដល់ព្រះបិតាដែលជាម្ចាស់ចម្ការទំពាំង​បាយជូរ ដែលក្នុង​គម្ពីរជាតិយូដា គេបានប្រៀបធៀបចម្ការទំពាំងបាយជូរទៅនឹងប្រជារាស្ត្ររបស់ព្រះជាម្ចាស់ គឺ​ប្រជារាស្ត្រអ៊ីស្រាអែលដែលព្រះអង្គបានជ្រើសរើស។

លោក​បន្ថែម​ថា «មានព្យាការីផ្សេងៗណែនាំឱ្យគេស្គាល់ព្រះជាម្ចាស់ និងរៀបចំគម្រោងការណ៍ផ្សេងៗដើម្បីសង្គ្រោះមនុស្សលោក។  ក្រោយមកព្រះបិតាបានចាត់ព្រះបុត្រាឱ្យមកសង្គ្រោះ។  តាមរយៈព្រះយេស៊ូ  ព្រះអង្គបានជ្រើសរើសយើងទាំងអស់គ្នាទៅជាប្រជារាស្ត្រថ្មីរបស់ព្រះជាម្ចាស់»។ 

លោក​បូជាចារ្យ​បញ្ជាក់​ថា ព្រះបិតាបានបង្កើតគម្រោងការណ៍នេះសម្រាប់មនុស្សលោក ជាពិសេសសម្រាប់គ្រីស្តបរិស័ទ ឱ្យស្ថិតនៅជាប់ជាមួយព្រះអង្គ ដើម្បីបង្កើតផលផ្លែ។​

២. របៀប​របស់​គ្រីស្តបរិស័ទ​​នៅ​ជាប់​ជាមួយព្រះ​យេស៊ូ​៖

លោក​តំណាង​ពេញ​សិទ្ធិ​របស់​អភិបាល​ភូមិភាគ​ភ្នំពេញ​បន្ត​ថា ក្នុងនាម​ជា​គ្រីស្ត​បរិស័ទ​ ដែលព្រះយេស៊ូ​ បានជ្រើសរើស ត្រូវ​រិះគិតពិចារណា  ដើម្បីឱ្យជីវិតរបស់ខ្លួន​ជាប់ជាមួយព្រះអង្គដែលជាដើមទំពាំងបាយជូរ។ លោក​បន្ថែម​ថា យើងដឹងថា ក្នុងពេលដែលយើងរស់នៅក្នុងសម័យកូវីដ១៩ យើងអត់មានឱកាសជួបជុំគ្នាបានទេ ប៉ុន្តែព្រះសហគមន៍បានទូន្មានយើងឱ្យចូលរួមអភិបូជាពីចម្ងាយបាន  «ដោយចិត្តគំនិតរបស់យើង ដោយវិញ្ញាណរបស់យើងដែលចូលរួមក្នុងម៉ោងជាមួយគ្នា ដែលផ្សាយតាមរយៈបណ្តាញឌីជីថលទំនើប […] ធ្វើឱ្យយើងទាំងអស់គ្នាស្ថិតនៅជាប់ជាមួយព្រះជាម្ចាស់»។  

លោក​បូជាចារ្យ​ហង្ស​លី បាន​ឲ្យ​ដឹង​អំពី​លទ្ធផល​នៃ​ជំនួប​ក្រុម​លោក​អភិបាល​ទាំង​បី​កាលពីម្សិលមិញថា «លោកអភិបាលអូលីវីយេបានរំលឹកថា  ព្រះសហគមន៍គួររកមធ្យោបាយ  ដើម្បីឱ្យគ្រីស្តបរិស័ទរបស់យើង អាចទទួលព្រះកាយដោយផ្ទាល់បាន មិនគ្រាន់តែទទួលតាមផ្លូវវិញ្ញាណប៉ុណ្ណោះ។  នេះមានន័យថា  ប្រហែលយើងអាចចែកជាក្រុមតូចៗ ចូលរួមអភិបូជាតាមច្បាប់របស់រដ្ឋាភិបាល  ប៉ុន្តែយើងមានមិនលើសពី១០នាក់  អាចចែកមួយថ្ងៃៗ»។ 

ជាមួយ​គ្នានេះ លោក​បាន​សង្កត់​ធ្ងន់​ថា «ព្រះកាយព្រះគ្រីស្តនៅក្នុងអគ្គសញ្ញាអរព្រះគុណនេះ  ដែលជាអាហារម្យ៉ាងដែលធ្វើឱ្យយើងមានជីវិតជាប់ជាមួយព្រះយេស៊ូ​ដែលជាដើមទំពាំងបាយជូរដើម្បីឲ្យយើងបង្កើតផលផ្លែបានច្រើន»។

៣.  ការ​រួបរួម​គ្នា​របស់​​គ្រីស្ត​បរិស័ទ​៖

លោក​បូជាចារ្យ​បន្ថែម​ត្រង់​ចំណុច​នេះ​ថា ពេលណាយើងនិយាយអំពី​ការ​ ជាប់​ជាមួយ​ដើម​ យើងនិយាយអំពីការរួបរួមគ្នារបស់ព្រះសហគមន៍ ការឯកភាពជាអង្គតែមួយរបស់យើងទាំងអស់គ្នា។ យើងជាគ្រីស្តបរិស័ទដែលមានសម្តេចប៉ាប  មានលោកអភិបាល  លោក​បូជាចារ្យ  ព្រមទាំងអស់អ្នកដែលបំពេញមុខងារសំខាន់ៗក្នុងព្រះសហគមន៍និងគ្រីស្តបរិស័ទទាំងអស់។  ដោយព្រះសហគមន៍មានរចនាសម្ពន្ធច្បាស់លាស់  នាំឱ្យយើងមានការរួបរួមគ្នាជាអង្គតែ​មួយជាមួយព្រះគ្រីស្ត។ 

លោក​បូជាចារ្យ​បញ្ជាក់​ទៀត​ថា លោកអភិបាលឆ្មារ សាឡាស់ លោកឆ្មារ សាឡឹម លោកទ្រឿងសំរើន ជា​គំរូ​នៃ​បុព្វបុរសនៃជំនឿរបស់យើងនៅប្រទេសកម្ពុជា។ ពេល​នឹក​ដល់​ពួកគាត់ គឺ​យើង​​ជាប់នឹងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា និង​ព្រះសហគមន៍សកល។ 

លោកលើក​អំពី​គំរូ​អស់​លោក​ដែល​បាន​ខិត​ខំ​​អស់​ពី​សមត្ថភាព​ដើម្បី ពង្រឹង​ជំនឿ​របស់​ខ្លួន និង​គ្រីស្ត​បរិស័ទ​ឯទៀតៗ ទោះ​បី​អស់​លោក​អាច​រត់​គេច​ពី​ការ​បៀត​បៀន​ក៏​ដោយ។ លោក​មាន​ប្រសាសន៍​ថា «អស់​លោក​មាន​ឱកាស​ចាក​ចេញ​ពី​ប្រទេសកម្ពុជា ប៉ុន្តែ​អស់​លោក​បាន​សុខ​ចិត្ត​រស់នៅ​ក្នុងប្រទេស​នេះ ដោយ​រួម​ស្លាប់​ជាមួយ​ហ្វូង​ចៀម​របស់​ព្រះជាម្ចាស់ ហើយ​បាន​បូជាជីវិត​មែន។ អស់​លោក​ព្យាយាម​ស្តាប់​ព្រះបន្ទូល​របស់ព្រះជាម្ចាស់ និង​ព្យាយាម​ថ្វាយ​អភិបូជា ដែល​មាន​គ្រែនេះជាទីសម្គាល់ និង​ជាសាក្សី​សម្រាប់​យើង សម្រាប់​បន្ត​ជំនឿ​ឲ្យ​យើង និង​ពង្រឹង​ជំនឿ​យើង»។

«ខ្ញុំ​គិត​ថា នេះ​ជា​គំរូ​មួយ​ពិសេស ដើម្បី​ឲ្យ​យើង​ជា​គ្រីស្ត​បរិស័ទ​នៅ​ប្រទេស​កម្ពុជាដែល​យើង​មានការ​លំបាក ឲ្យ​យើង​ព្យាយាមតទៅ​មុខទៀត ចូលរួម​ព្យាយាម​អធិដ្ឋាន​ ស្តាប់ព្រះបន្ទូល ចូលរួម​អភិបូជាពី​ចម្ងាយ​ ដើម្បី​ឲ្យ​ជីវិត​របស់​យើង​បាន​ជាប់​ជាមួយ​ព្រះជាម្ចាស់ ដើម្បី​ឲ្យ​យើង​បង្កើត​ផល​ផ្លែ» លោកបូជាចារ្យ​បន្ថែម។

លោក​បញ្ជាក់ទៀតថា យើង​ក៏​មាន​គំរូ​មួយទៀត​គឺ​ការ​បន្ត​ប្រគល់ខ្សែក​​ឈើ​ឆ្កាងរបស់​លោកអភិបាល​ពី​មួយ​ជំនាន់ទៅ​មួយ​ជំនាន់ រហូត​មក​ដល់ពេលនេះ ជាប្រវត្តិសាស្ត្រ និង​ជា​ការ​បង្ហាញ​ឯកភាព​របស់​ព្រះសហគមន៍​របស់​យើង។ «សូម​ឲ្យ​យើង​ក្នុងកាលៈទេសៈពិបាក​ ឲ្យ​ជាប់​ជាមួយ​ព្រះសហគមន៍ ជាប់​ជាមួយ​អ្នក​ដឹក​នាំ​ព្រះសហគមន៍ យើង​សង្ឃឹម​ថា យើង​អាច​បង្កើត​ផល​ផ្លែ។ ហើយ​ផល​ផ្លែ​របស់​យើង​គឺ​ការ​អធិដ្ឋាន ការសម្តេង​ព្រះហឫទ័យ​មេត្តាករុណារបស់ព្រះជាម្ចាស់​ដែល​យើង​ជួប​សព្វ​ថ្ងៃ ជាពិសេស​ក្នុង​ពេលកូវីដ១៩ […]ដើម្បី​ឲ្យ​មនុស្ស​លោក​លើក​តម្កើង​សិរី​រុង​រឿង​របស់​ព្រះជាម្ចាស់»។

មុន​បញ្ចប់​ពិធី​ថ្វាយ​អភិបូជា លោក​អភិបាល​អូលីវីយេ បាន​រំលឹក​អំពី​សក្ខីភាព​មួយ​ចំនួន​របស់​ព្រះនាង​ម៉ារី​នៅ​ទីក្រុង​ហ្វាទីម៉ា ទាក់​ទង​នឹង​សម្តេចប៉ាប​យ៉ូហាន​ប៉ូល​ទី​២ ដែល​ត្រូវ​បាន​​គេ​ធ្វើ​ឃាត​នៅ​ថ្ងៃ​បុណ្យ​រំលឹក​នេះ តែ​មិន​ប៉ះពាល់​ដល់​ជីវិត និង​សក្ខីកម្ម​មួយ​ទៀតពី​លោកបូជា​សួន ហង្ស​លី​ផ្ទាល់​ដែល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​តែ មិន​មាន​អ្វីកើត​ឡើង ដោយ​សារ​លោក​បាន​ដឹក​រូប​សំណាក​ព្រះនាងម៉ារី​នៅ​ហ្វាទីម៉ា​​រួម​ដំណើរ​ជាមួយ ហើយ​រូប​សំណាក​នោះ​ត្រូវ​បាន​ដាក់​បណ្តោះ​អាសន្ន​នៅ​តាម​ព្រះសហគមន៍​ជាច្រើន​រហូត​មក​ដល់​ពេលនេះ គឺ​នៅ​ព្រះសហគមន៍តាំង​គោក តម្កល់លើឡគ្រែ ដែលជាអសនៈ របសលោកអភិបាលឆ្មារ សាឡាញ់ រួមនឹងសហការីថ្វាយអភិបូជាចុងក្រោយ។

លោក​មាន​ប្រសាសន៍ទៀត​ថា «ខ្ញុំ​សូម​អញ្ជើញ​បង​ប្អូន​រួម​ជាមួយ​ព្រះនាង​ម៉ារី​នៃ​ទីក្រុង​ហ្វាទីម៉ា គឺ ត្រូវ​យក​ព្រះកាយ​ជាអាទិភាព​ក្នុងជីវិត​របស់​យើង ត្រូវ​តាំ​ងព្រះកាយព្រះគ្រីស្ត​ដើម្បី​បូជា​ជីវិត​របស់​យើង​រួម​ជាមួ​យ​ព្រះជាម្ចាស់​។ យក​ពេល​ផ្ញើ​ជីវិត​ទាំង​ស្រុង​ទៅ​លើ​ព្រះបេះដូងព្រះនាង​ព្រហ្មចារី​ម៉ារី និង​ឲ្យយើង​ទៅ​ជា​សាក្សីនៃ​ធម៌មេត្តា​ករុណា​ព្រះជាម្ចាស់»។

ក្នុងពេលនេះលោកអភិបាលអូលីថ្វាយថ្វាយពាក្យអង្វរទៅព្រះនាងម៉ារី សម្រាប់ពិភពលោក សម្រាប់ប្រទេសកម្ពុជា សម្រាប់ប្រជាជន អ្នកជំងឹ និងគ្រូពេទ្យទាំងអស់ក្នុងបរិបទ នៃកូវីដ១៩នេះ។

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email