មណ្ឌលនិស្សិតព្រះសហគមន៍កាតូលិកកម្ពុជាបើកឆ្នាំសិក្សាថ្មី

មណ្ឌល​និស្សិត​ព្រះសហ​គមន៍​កាតូលិក​កម្ពុជា បានបើក​ឆ្នាំ​សិក្សា​ថ្មី​ក្នុង​ឆ្នាំ​ ២០២០-២០២១ នា​ល្ងាច​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១នេះ​ នៅ​មណ្ឌល​និស្សិត​ព្រះសហគមន៍​កាតូលិក​កម្ពុជា ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការមក រាជធានី​ភ្នំពេញ។​

កម្មវិធី​នេះ​ធ្វើ​ឡើង​ក្រោម​អធិប​តី​ភាព​លោក​អូលីវី​យ៉េ ជ្មីត​អ៊ី​ស្ល៊ែរ អភិបាល​ព្រះសហគ​ម​ន៍​​កាតូលិក​ភូមិ​ភាគ​ភ្នំពេញ ព្រម​ទាំងមាន​មាតាបិតា និង​អាណាព្យាបាល​និស្សិតឆ្នាំ​ទីមួយ​ចូល​រួម​ជា​ច្រើន​កុះ​ករ។​

លោក​អភិបាល​ អូលីវីយ៉េ បាន​មាន​ប្រសាសន៍​​​​រំឭក​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ ក្នុង​ការ​អនុវត្ត​តាម​ការវិធាន​ការ​ប្រតិបត្តិការស្តង់ដារអនាម័យ​របស់​ក្រសួង​សុខា​ភិបាល។ លោក​ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​ឪពុក​ម្ដាយ​របស់​និស្សិត​ថា កុំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​កូន​ដែល​​បាន​ចេ​​ញ​​ពី​​ផ្ទះ​មក​​មក​បន្ត​ការ​សិក្សា​នៅ​ទី​ក្រុង​ភ្នំពេញ ​និង​ស្នាក់​នៅ​ក្នុង​មណ្ឌល​ដោយ​និស្សិត​​នេះ។

លោក​អភិបាល​បានថ្លែងថា ៖ «មណ្ឌល​និស្សិត ជា​មណ្ឌល​មួយ​ដែល​យក​ចិត្ត​ទុក​ដាក់​អប់​រំ​និស្សិត​ឱ្យ​ទៅ​ជា​មនុស្ស​ពេញ​លក្ខណៈ គឺចេះ​រស់​នៅ​ក្នុង​សង្គម​យ៉ាង​ត្រឹម​ត្រូវ​ ​ចេះ​គោរព​គ្នា​​​ទៅ​វិញ​ទៅ​មក​ ចេះ​បង្កើត​ទំនាក់​ទំនង​ជាមួយ​អ្នក​ដទៃ ក៏ដូចជា​ជាមួយ​ព្រះ​ជាម្ចាស់​ដែរ​ ហើ​យ​​ថែរក្សា​ជី​វិត​ដែល​ព្រះជាម្ចាស់​ប្រទាន​ឱ្យ​យើង»។​

លោក​អូលីវីយ៉េសង្ឃឹមថា​ឆ្នាំ​នេះ​ និស្សិត​ទាំងអស់​​ចេះ​រស់​នៅ​ជា​មនុស្ស​ដែល​ចេះ​បត់​បែន និង​យក​ចិត្ត​ទុក​ដាក់​រៀន ទោះ​បី​តាម​បណ្ដាញ​សង្គម​ក៏ដោយ។​

លោក​ប៊ុន សុបិន្ត ជំនួយ​ការ​សម្រប​សម្រួល​មណ្ឌល​និស្សិត្យ​ព្រះសហគមន៍​កាតូលិក​កម្ពុជា បាន​លើក​ឡើងផងដែរ​ថា ឆ្នាំ​នេះ​មណ្ឌល​​បើក​ឆ្នាំ​សិក្សា​យឺត​ ដោយសារ​​បញ្ហា​នៃ​ការ​រីក​រាលដាលនៃ​ជំងឺ​កូវីដ១៩​។

លោក​​បានប្រាប់​ឱ្យដឹងថា៖«អ្វី​ដែល​ជា​គោល​ការណ៍​របស់​មណ្ឌល​និស្សិត​បើក​ឆ្នាំ​សិ​ក្សា​​ ​​គឺ​ ដើម្បី​ឱ្យ​អាណាព្យាបាល​ឆ្នាំ​ទី​មួយ​បាន​ស្គាល់​ពី​មណ្ឌល​ ដែល​ជា​កន្លែង​​កូនៗ​របស់​គាត់​​​មក​រស់​នៅ​»។

លោកប៊ុន សុបិន្តបានបញ្ជាក់បន្ថែមថា ​ឆ្នាំ​នេះមណ្ឌលនិស្សិត​ព្រះសហគ​មន៍​កាតូ​លិ​ក​កម្ពុជា​ទទួល​និស្សិត​ជំនាន់​ទី​២៣​ចំនួន​១៧​នាក់​ មកពី​​​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ព្រះសហគមន៍​កាតូលិក​ទាំងបីភូមិភាគ​។

ជំនួយ​ការរូបនេះ​បាន​បន្តថា មណ្ឌល​និស្សិត​មាន​៤​ចំណុច​ដើម្បីជួយ​ដល់​និស្សិត​ក្នុង​ការ​ទទួល​ការ​សិក្សា​ដោយ​ជោគជ័យគឺ ការ​សិក្សា​ផ្ទាល់​ខ្លួន​របស់​ពួក​គាត់​ម្នាក់ៗ, ការ​អភិវឌ្ឍខ្លួន​ទៅ​តាម​ទេពកោសល្យនិង​អំណោយ​ទាន​ធម្មជាតិ,​ ជីវិត​រួមគឺ​រស់​នៅ​ជា​ក្រុម​ដោយ​ចេះសម្រប ឥរិយាបទចំពោះ​គ្នា​ទៅវិញ​ទៅមកដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ការ​នៅក្នុង​សង្គម។

លោក​បន្តថា ​ចំណុច​ចុងក្រោយ​​គឺ​ការ​រីក​ចម្រើន​ផ្លូវ​វិញ្ញាណរបស់​និស្សិត​ម្នាក់ៗ ដោយ​និស្សិត​ជាកាតូលិកត្រូវ​ចូល​រួម​កម្មវិធី​អភិបូជានិង​អាន​អត្ថ​បទ​ព្រះគម្ពីរ រីឯនិស្សិត​ដែល​ជា​ពុទ្ធ​សាសនិក​យើង​មាន​កម្មវិធី​សម្មាធិរៀង​រាល់​ល្ងាច​ថ្ងៃ​សុក្រផងដែរ។​

មណ្ឌល​និស្សិតព្រះសហគមន៍​​កាតូលិក​កម្ពុជា បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៨ និង​បាន​ជួយ​ដល់​និស្សិត​ក្រី​ក្រ​​ដែល​មកពី​​​ចម្រុះ​ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា​​ ឱ្យ​រៀន​នៅ​ក្នុង​សាកល​វិទ្យា​ល័យ​​នានា​ក្នុង​ទី​ក្រុង​ភ្នំពេញ​សរុប​៣៧៤នាក់​ និង​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​ចំនួន​៣៥៧នាក់។ បច្ចុប្បន្ន​ មណ្ឌល​នេះ​មាន​និស្សិត​កំពុង​ស្នាក់​នៅ​ចំនួន​៦៤​នាក់ ក្នុង​នោះ​មាន​និស្សិត​ស្រី​ចំនួន​៣៤នាក់ ហើយ​និស្សិត​ឆ្នាំ​ទីមួយ​មាន​ចំនួន​១៧នាក់​ផងដែរ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ក្រុមសិល្បៈវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ទទួលបានលិខិតថ្លែងអំណរគុណ ក្នុងទិវាវប្បធម៌ជាតិ

ក្នុងស្មារតីលើកកម្ពស់ដួងព្រលឹងវប្បធម៌ខ្មែរ ក្រុមសិល្បៈនៃវិទ្យាល័យសន្តហ្វ្រង់ស្វ័រ បាននាំយកនូវទស្សនីយភាពរបាំបុរាណយ៉ាងជក់ចិត្តមកសម្តែងក្នុងឱកាសអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣មីនា» លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម កាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត។ នៅក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ លោកស្រី ឡៃ មករា នាយិការងវិទ្យាល័យសន្តហ្វ្រង់ស្វ័រ រួមជាមួយក្រុមសិល្បៈសិស្សានុសិស្ស បានទទួលលិខិតថ្លែងអំណរគុណផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមថែរក្សាវប្បធម៌។

ក្រុមបងស្រីនមស្ការ សម្ពោធគេហដ្ឋានថ្មីនៅភ្នំពេញ ដើម្បីពង្រីកបេសកកម្មជួយស្ត្រី និងកុមាររងគ្រោះ

ក្រុមបងស្រីនមស្ការ (Adoratrices) បានប្រារព្ធពិធីប្រទានពរ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហដ្ឋានថ្មីរបស់ខ្លួនក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្តល់ជម្រក និងការគាំទ្រដល់ស្ត្រី និងកុមារដែលរងគ្រោះដោយអំពើហិង្សា និងការបោះបង់។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ និងលោកអភិបាល សិលា សួន ហង្សលី ដោយមានការចូលរួមពីបុគ្គលិក និងគ្រីស្តបរិស័ទ​ អាជ្ញាធរដែនដី ភ្ញៀវជាតិ​និងអន្តរជាតិ​យ៉ាងច្រើន​កុះករ។ គេហដ្ឋានថ្មីនេះ គឺជាសមិទ្ធផលដែលកើតចេញពីចក្ខុវិស័យរបស់ក្រុមបងស្រីនមស្ការ ដែលបានមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២។

មរណសាក្សី​ជា​គ្រឹះ ជាកម្លាំង និងជា​សក្ខីកម្មនៃ​សន្តិភាព​សម្រាប់យើង

បន្ទាប់​ពី​បានប្រារព្ធពិធីបិទការស៊ើបអង្កេតជាផ្លូវការអំពីបេក្ខភាពនៃ “មរណសាក្សី” ដែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលមានលោក​អភិបាល​យ៉ូសែប ឆ្មារ សាឡាស់ និង​សហការី​ចំនួន​១១​រូប (បូជាចារ្យ បព្វជិត-ជិតា និង​គ្រហស្ថ) លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិកភូមិភាគ​ភ្នំពេញ បានធ្វើ​ជា​អធិបតី​ក្នុងពិធី​ថ្វាយអភិបូជា​រួមជាមួយលោកអភិបាល​សិលា សួន ហង្សលី និង​លោកបូជាចារ្យជាច្រើន​អង្គ​ ដើម្បី​អរព្រះគុណព្រះជាម្ចាស់ សម្រាប់ការស្រាវជ្រាវយ៉ាងហ្មត់ចត់អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ និងដើម្បីទូលអង្វរ​​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ សម្រាប់ដំណាក់កាលទីពីរនៃដំណើរការនេះនៅទីក្រុងរ៉ូម។ ថ្លែងក្នុងធម្មទេសនាទៅកាន់​គ្រីស្តបរិស័ទ​ប្រមាណ​៣០០នាក់ ដែលមកពី​តំបន់នានាក្នុងភូមិភាគ​ភ្នំពេញ

Subscribe to our newsletter

Don't miss new updates on your email