បេក្ខជនបេក្ខនារីចំនួន៧៧នាក់ត្រូវបានស្វាគមន៍ចូលក្នុងព្រះសហគមន៍ក្នុងជំហានទី១

បេក្ខជនបេក្ខនារី​ចំនួន៧៧នាក់មកពីព្រះសហគមន៍កាតូលិកនានា នៃមណ្ឌលសកម្មភាពតាកែវ ត្រូវ​បាន​ទទួល​ស្វាគមន៍យ៉ាងកក់ក្តៅចូលក្នុងព្រះសហគមន៍កាតូលិក​ក្នុង​ជំហានទី១ ដើម្បីបន្តដំណើរឈ្វេងយល់អំពីព្រះបន្ទូល រហូតទទទួលអគ្គសញ្ញាជ្រមុជទឹក។

ពិធីទទួល​ប្រព្រឹត្តឡើង​កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅព្រះវិហារសន្តី ម៉ារីញញឹម ភូមិចំការទៀង ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមអធិបតី​អភិបាលភូមិភាគភ្នំពេញ លោក អូលីវីយ៉េ ​ជ្មីត​អ៊ី​ស្ល៊ែរ ។      

ក្នុងពិធីនេះ ​លោក​អូលីវីយ៉េ ​​ រួមជាបងប្អូនគ្រីស្តបិរស័ទ បាន​ទទួលស្វាគមន៍​បងប្អូន​ទាំង៧៧រូបនេះ​យ៉ាងកក់ក្តៅ និងឱឡារិកបំផុត ក្រោយពេលបានដឹងអំពីគោលបំណងយ៉ាង​ច្បាស់លាស់​របស់​បងប្អូនដែលបានសុំចូលព្រះសហកមន៍។

មានប្រសាសន៍ទៅកាន់បងប្អូនជំហានទី១ទាំងនេះ លោកអភិបាលអូលីវីយេ បាន​ថ្លែងថា ៖ «ខ្ញុំរំភើប​ណាស់​ដែលមានបងប្អូនច្រើនដូចនេះសុំចូលក្នុងព្រះសហគមន៍។ ខ្ញុំរំភើប ដែលចម្លើយ​របស់បងប្អូន​សុំចូល​ព្រះសហ​គមន៍គឺ ខ្ញុំសុំជំនឿ និងជំនឿនេះណែនាំ​ឲ្យខ្ញុំ​ទទួលជីវិត​អស់​កល្បជានិច្ច»។

លោកអភិបាលភូមិភ្នំពេញរូបនេះបាន​បន្តទៀតថា គ្រប់គ្នា​មាន​គោលដៅជីវិត ដែល​គោលដៅនៃជីវិតនេះ​មិន​មែន​​នៅលើផែនដីនេះទេ ប៉ុន្តែសម្រាប់ត្រៀមខ្លួន​ឲ្យបានទៅ​ដល់ស្ថាន​បរមសុខ។

លោកបានបញ្ជាក់ថា ៖ «នៅក្នុងព្រះយេស៊ូ យើងអាចរកឃើញផ្លូវនៃជីវិតអស់កល្បជានិច្ច។ ផ្លូវនេះចាប់ផ្តើម​ពេលនេះ​ យើងសុខចិត្ត​ដើរតាមព្រះយេស៊ូ»។

ដំណើរនេះនាំឲ្យមាន​ការ​​កែប្រែចិត្តគំនិត បន្តិចម្តងៗដើម្បីចូលក្នុងជីវិតរបស់ព្រះយេស៊ូ ដើម្បី​ចូល​ក្នុងជីវិត​ព្រះស​ហ​គ​ម​ន៍ ដើម្បីឲ្យព្រះបន្ទូលចូលក្នុងដួងចិត្តរបស់យើង ណែនាំឲ្យយើងរស់នៅតាមព្រះបន្ទូល​ដែល​យើង​បាន​ស្តាប់​​ពី​មួយ​ថ្ងៃទៅមួយថ្ងៃ ដើម្បីទទួលអំណរសប្បាយ និងជីវិតថ្មី។ នេះបើតាមការលើកឡើងរបស់​លោក​អភិ​បាល​​អូលីវីយ៉េ។

លោកក៏បានរំឭកឲ្យបងប្អូន ចេះ​ចែករំលែកអំណរសប្បាយ​និងធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់​ដល់​បង​ប្អូន​ឯ​ទៀ​តៗ។ ជាពិសេសសូមឲ្យបេក្ខជនបេក្ខនារី​ចេះអធិដ្ឋាន ទូលអង្វរព្រះជាម្ចាស់ ដោយពោលពាក្យថា «ឱព្រះ​អម្ចា​ស់​អើយ! សូមអាណិតអាសូរមកដល់ទូលបង្គំផង» ព្រះជាម្ចាស់ជាសេចក្តីស្រលាញ់​ព្រះអង្គស្តាប់​ពាក្យ​អង្វរ​បស់យើង។

​លោកអូលីវីយ៉េ ក៏បាន​រំឭកបងប្អូនត្រូវទទួលស្គាល់ភាពទន់ខ្សោយរបស់ខ្លួន ដោយសារ​ព្រះជាម្ចាស់​មានព្រះ​ហឫទ័យអាណិតអាសូរ ព្រះអង្គនឹងណែនាំឲ្យបងប្អូនធ្វើដំណើរបន្តិចម្តងៗក្នុងជីវិតថ្មីនៃធម៌របស់ព្រះជាម្ចាស់ លើទឹកដីកម្ពុជា។

បេក្ខជនបេក្ខនារី​ទាំង៧៧រូបនេះ​ ជាមនុស្សពេញវ័យមកពីព្រះសហគមន៍កាតូលិក ព្រះវិហារគ្រួសារដ៏វិសុទ្ធ ក្រុង​ដូន​កែវ ព្រះវិហារសន្តប៉ូលអង្គគគីរ ព្រះវិហារសន្តយ៉ូសែប ត្រពាំងក្រញ៉ូង ព្រះវិហារសន្តីម៉ារីកំពង់អំពិល និង ព្រះវិហារសន្តីម៉ារីញញឹមចំការទៀង។

បន្ទាប់ពីធម្មទេសនា បេក្ខជនបេក្ខនារីទាំងនេះបាន​ប្រកាសនៅមុខឈើឆ្កាងថា ៖ « ខ្ញុំសូមយក​ព្រះយេ​ស៊ូជា​ទីពឹង ខ្ញុំសូមយកព្រះបន្ទូលជាទីពឹង ខ្ញុំសូមយកព្រះសហគមន៍ជាទីពឹង»។

 យុវជន រុំ ឧត្តម បេក្ខជនដែល​បាន​ទទួលជំហានទី១ បាននិយាយថា លោកបាន​សម្រេចចិត្តដើរតាម​ព្រះយេស៊ូ​ដោយទទួល​អប់ជំ​នឿ ហើយលោក​ក៏​ចង់ស្គាល់ច្បាស់​ពីដំណើរ​ជីវិតរបស់ព្រះជាម្ចាស់ ព្រះសហគមន៍ និងចូល​បម្រើ​​ព្រះសហគមន៍​ដូចបងប្អូនគ្រីស្តបរិស័ទផ្សេងទៀត។

យុវជនរូបនេះបាន​រំឭកឱ្យ​ដឹងថា ដំបូងឡើយលោកគ្មានការចាប់អារម្មណ៍អ្វី ​ដោយលោក​គ្រាន់តែ​ចូលរួម​ច្រៀង​ចម្រៀងក្នុងព្រះវិហារ ស្តាប់ព្រះបន្ទូល និងស្តាប់ការពន្យល់​ច្រើន​របស់លោកអភិបាល ដែលធ្វើ​ឱ្យ​យុវជន​រូប​នេះ​ជឿនិងចង់ក្លាយជាគ្រីស្តបរិស័ទ។ បើទោះបីជាលោកឧត្តមទទួលរងនូវការរិះគន់​ពី​អ្នក​ជិតខាងក្នុងភូមិរបស់​លោក ថា ​«ចូលសាសនាដទៃ មិនល្អទេ» ប៉ុន្តែ​បែរជាគ្រូសាររបស់លោក​មិន​បាន​ហាមគាត់ឬរិះគន់​ទៅលើ​ការ​ចូល​ខ្លួន​បំរើ​ព្រះជាម្ចាស់​ឡើយ ដោយឪពុកម្តាយរបស់​លោក​បាន​និយាយថា «ឲ្យតែកូនសប្បាយចិត្ត សូមធ្វើចុះ»។

​ចំណែក​បេក្ខនារី ពៅ ស្រីម៉ី  បានឱ្យ​ដឹងដែរថា ដំបូងឡើយនាងមានគំនិតស្ទាក់ស្ទើរ ប៉ុន្តែ​ក្រោយចូល​សិក្ខា​សា​លា​​ការត្រាស់ហៅកាល​ពី​ចុងឆ្នាំ២០១៩ បេក្ខនារីរូបនេះ​បាន​ចាប់​មានជំនឿលើព្រះជាម្ចាស់​ ហើយបន្តទទួល​ការ​អប់រំជំនឿ។

បេក្ខនារីស្រីម៉ី បានប្រាប់ថា ៖ «ខ្ញុំធ្លាប់មានចិត្ត​ចង់​បោះបង់​នូវការចូលរួម​ដំណើរជាមួយ​ព្រះជាម្ចាស់ ប៉ុន្តែខ្ញុំ​បាន​សម្រេចចិត្ត​មកបន្តទទួលការ​អប់រំជំនឿឡើងវិញ ដោយ​មាន​ការ​​ចូលរួមជាមួយ​ក្រុមសិល្បៈព្រះសហគមន៍ ក្នុង​ការ​សម្តែងកម្មវិធី​បុណ្យផ្សេងៗរហូត​មកដល់​ពេល​នេះ»។

មុនពេល​ទទួលអគ្គសញ្ញាជ្រមុជទឹក ក្លាយជាគ្រីបរិស័ទពេញលេញ ពួក​គេ​ត្រូវទទួលការ​​អប់រំជំនឿយ៉ាងតិច២ឆ្នាំ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email