លោកអភិបាល អូលីវីយ៉េ ៖ «កូវីដ១៩ ណែនាំ​ឱ្យ​យើង​ចេះ​យក​ចិត្ត​ទុក​ដាក់»

នៅ​ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​និង​សួរ​សុខ​ទុក្ខ​បុគ្គលិកនិង​សិស្សានុស្ស​នៃ​សាលា​ឡាវ៉ាឡា កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២១ អភិបាល​ព្រះសហគមន៍​កាតូលិកភូមិភាគ​ភ្នំពេញ លោក​អភិ​បាល អូលីវីយ៉េ បាន​​លើក​ឡើងថា ជំងឺ​កូវីដ១៩ ជួយណែនាំឱ្យគ្រប់គ្នា​ចេះយកចិត្តទុកដាក់។

លោកបាន​បន្ត​ថា លោក​ព្រួយ​បារម្ភ​ខ្លាច​មិន​បាន​មកទីនេះ​​ដោយសារ​ជំងឺ​កូវីដ១៩ ដែល​កំពុង​រាត​ត្បាត​ក្នុង​សហគមន៍​សារជាថ្មី ប៉ុន្តែ​​ដោយសារ​កូវីដ១៩ បាន​បង្រៀនមនុស្ស​​ឱ្យ​ចេះ​យក​ចិត្ត​ទុក​ដាក់​លើវិធាន​អនាម័យ ការសិក្សា ការធ្វើ​ទំនាក់ទំនង ​ការ​យកចិត្តទុក​ដាក់លើ​ជី​វិត​ខាង​ផ្លូវ​វិ​ញ្ញា​ណ និង​ចំណុចជាច្រើនទៀត។

លោក​អភិបាល អូលីវីយ៉េបាន​បញ្ជាក់​បន្ថែមថា៖ «កូវីដ១៩​បាន​បង្រៀនឱ្យ​យើងចេះ​យក​ចិត្ត​ទុ​ក​​ដាក់​លើ​អនាម័យ ដែល​ពី​មុន​យើង​មិន​សូវ​រវីរវល់​លាង​ដៃ ពាក់ម៉ាស់​ឡើយ ប៉ុន្ត​សព្វ​ថ្ងៃ​មិន​ថា​នៅ​កន្លែង​ណា​យើង​មាន​ទម្លាប់​លាងដៃនិង​ពាក់ម៉ាស់ ដែល​ណែនាំ​ឱ្យ​យើង​កែប្រែ​របៀប​នៃការ​រស់​​​នៅ​របស់យើង»។

លោកបន្តថា ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​សិក្សា ពេល​គ្រប់គ្នា​សម្រាក​​នៅ​ផ្ទះ​មួយ​រយៈ​ដោយ​សា​រជំងឺ​​កូវីដ១៩ បាន​ណែនាំ​ឱ្យ​[យើង]​យល់​ថា​ការ​សិក្សា​សំខាន់​ណាស់ [យើង]​បាន​យល់​អំពី​តម្លៃ​ការ​សិក្សា​ពេល​មិន​មាន​​សាលា។

លោកអភិបាល​ដដែលរូបនេះ​បាន​មានប្រសាសន៍ថា ៖ «យើង​បាន​យក​ចិត្ត​ទុក​ដាក់​លើ​មិត្ត​សម្លា​​ញ់​របស់​យើង យក​ចិត្ត​ទុក​ដាក់​លើ​ទំនាក់​ទំនង យើង​បាន​មក​រៀន​នៅ​ទី​នេះ​ណែនាំ​ឲ្យ​យើង​មាន​មិត្តភ័ក្តិ​ច្រើន ​បង្កើត​ទំនាក់​ទំនង-​មិត្តភាព។ ការ​យក​ចិត្ត​ទុក​ដាក់​លើ​បរិស្ថាន​ធម្មជាតិ សាលា​របស់​យើង​មាន​សួន​ច្បារ​ស្អាត​ណាស់ មាន​ផ្កា មាន​ស្មៅ មាន​ដើម​ឈើ មាន​សត្វ… ពេល​យើង​យក​ចិត្ត​ទុក​ដាក់​លើ​ធម្មជាតិ ធ្វើ​​ឱ្យ​យើង​មាន​សេចក្តី​សុខ​និង​សុខដុមរមនា»។

ចំណុចសំខាន់មួយទៀតដែល​លោក​អភិ​បាល អូលីវីយ៉េ បាន​លើកឡើងក្នុងឱកាសនោះដែរ គឺ​កា​រ​យក​ចិត្ត​ទុក​ដាក់​គោរព​ចាស់​ទុំ។ ការ​​គោរព​លោក​គ្រូ​អ្នក​គ្រូ បង​ប្រុស ពូ​ មីង និង​មនុស្ស​ចា​ស់​​ទុំ​ផ្សេងៗទៀត​ ធ្វើ​ឱ្យ​ការ​សិក្សា​​របស់​ពួក​គេ​ទៅ​មុខ​រហូត​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ជីវិ​ត។

អភិ​បាល អូលីវីយ៉េ បាន​មានប្រសាសន៍ថា ៖ «ការ​យក​ចិត្ត​ទុក​ដាក់​លើ​ជីវិត​ខាង​ផ្លូវ​វិញ្ញាណ ទោះ​បី​យើង​កាន់​សាសនា​អ្វី​ក៏​ដោយ ​យើង​មាន​ផ្លូវ​វិញ្ញាណ​ដែរ។ ផ្លូវ​វិញ្ញាណ​សំខាន់​ណាស់​ដែល​ណែ​នាំ​​ឱ្យ​យើង​នឹក​ឃើញ​ថា យើង​ជា​មនុស្ស​ដែល​កើត​ពី​ព្រះជាម្ចាស់ ណែនាំ​ឲ្យ​យើង​ទាំង​អស់​គ្នា​ស្រលាញ់គ្នាដូច​​​ជា​បងប្អូន»។

នាពេល​នោះ​ផងដែរ លោក​អភិបាល​ក៏​បាន​រំលឹក​ដល់​បងប្រុស ធៀរី ដែល​ជា​ស្ថាបនិក​សាលា​ឡាវ៉ាឡា​នេះ​ថា បងប្រុស​ជា​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​ធម្មជាតិ​ គាត់​ចង់​ឱ្យ​កន្លែង​នេះ​ទៅ​ជា​កន្លែង​កក់ក្តៅ​សម្រាប់​មនុស្ស​ទាំង​អស់ ជា​ពិសេស​សម្រាប់​កុមារ​មាន​ពិការភាព។ លោកថា​ ប្រ​ហែល​ពេល​នេះ​បងប្រុស ធៀរី នៅ​ឋាន​លើ​ដើម្បី​ជួយ​មើល​និង​តាម​ថែរក្សា​ទាំងអស់គ្នា​។

កុមារី នី ចន្ថា ជា​តំ​ណាង​សិស្ស​សាលា​ឡាវ៉ាឡា បាន​ថ្លែង​ពី​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​ថា នៅ​ក្នុង​ភូមិ​មិន​សូវ​មិន​គេ​រាប់​រក​​គាត់​​ទេ ​ដោយសារ​តែ​ពិការ​ភាព​របស់​គាត់ ហើយ​ពេល​ដែល​កុមារីរូបនេះ​​​មក​រៀន​នៅ​ទី​នេះ​ដំបូង គាត់​មាន​អារម្មណ៍​ថា​ភ័យ​ខ្លាច។

កុមារី​ចន្ថាបាន​ប្រាប់ថា៖ «ដំបូង​ភ័យខ្លាច ប៉ុន្តែ​នៅ​មិន​បាន​យូរ​ប៉ុន្មាន​ផង​ធ្វើ​ឲ្យ​ខ្ញុំ​​មាន​អារម្មណ៍​សប្បាយ​ចិត្ត ដោយសារ​មាន​មិត្ត​ភ័ក្ត​ច្រើន មាន​លោក​គ្រូ​អ្នក​គ្រូ​ដ៏​សែន​ល្អ»។
កុមារីដដែល​រូបនេះ​បាន​បន្ត​ថា គាត់​​ចង់​រៀន​ឱ្យ​បាន​ខ្ពស់​ជា​ពិសេស​លើ​មុខ​វិជ្ជា​គណិត​វិទ្យា និង​ភា​សា​អង់គ្លេស ដើម្បី​បំពេញ​បំណង​ធ្វើ​ការ​ងារ​ជា​គណនី។

គួរ​បញ្ជាក់​ផង​ដែរ​ថា សាលា​ឡាវ៉ាឡា បង្កើត​ឡើង​ដោយ​ក្រុម​គ្រួសារ​បងប្រុស​ម៉ារីស្ស​នៅ​ឆ្នាំ​១៩៩៨ ដើម្បី​ផ្គត់ផ្គង់​ដល់​កុមារ​និង​យុវជន​ដែល​មាន​ពិការ​ភាព​រាងកាយ។ សាលានេះ​​​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ព្រែករាំង សង្កាត់​កំពង់សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ក្រុមសិល្បៈវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ទទួលបានលិខិតថ្លែងអំណរគុណ ក្នុងទិវាវប្បធម៌ជាតិ

ក្នុងស្មារតីលើកកម្ពស់ដួងព្រលឹងវប្បធម៌ខ្មែរ ក្រុមសិល្បៈនៃវិទ្យាល័យសន្តហ្វ្រង់ស្វ័រ បាននាំយកនូវទស្សនីយភាពរបាំបុរាណយ៉ាងជក់ចិត្តមកសម្តែងក្នុងឱកាសអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣មីនា» លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម កាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត។ នៅក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ លោកស្រី ឡៃ មករា នាយិការងវិទ្យាល័យសន្តហ្វ្រង់ស្វ័រ រួមជាមួយក្រុមសិល្បៈសិស្សានុសិស្ស បានទទួលលិខិតថ្លែងអំណរគុណផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមថែរក្សាវប្បធម៌។

ក្រុមបងស្រីនមស្ការ សម្ពោធគេហដ្ឋានថ្មីនៅភ្នំពេញ ដើម្បីពង្រីកបេសកកម្មជួយស្ត្រី និងកុមាររងគ្រោះ

ក្រុមបងស្រីនមស្ការ (Adoratrices) បានប្រារព្ធពិធីប្រទានពរ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហដ្ឋានថ្មីរបស់ខ្លួនក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្តល់ជម្រក និងការគាំទ្រដល់ស្ត្រី និងកុមារដែលរងគ្រោះដោយអំពើហិង្សា និងការបោះបង់។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ និងលោកអភិបាល សិលា សួន ហង្សលី ដោយមានការចូលរួមពីបុគ្គលិក និងគ្រីស្តបរិស័ទ​ អាជ្ញាធរដែនដី ភ្ញៀវជាតិ​និងអន្តរជាតិ​យ៉ាងច្រើន​កុះករ។ គេហដ្ឋានថ្មីនេះ គឺជាសមិទ្ធផលដែលកើតចេញពីចក្ខុវិស័យរបស់ក្រុមបងស្រីនមស្ការ ដែលបានមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២។

មរណសាក្សី​ជា​គ្រឹះ ជាកម្លាំង និងជា​សក្ខីកម្មនៃ​សន្តិភាព​សម្រាប់យើង

បន្ទាប់​ពី​បានប្រារព្ធពិធីបិទការស៊ើបអង្កេតជាផ្លូវការអំពីបេក្ខភាពនៃ “មរណសាក្សី” ដែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលមានលោក​អភិបាល​យ៉ូសែប ឆ្មារ សាឡាស់ និង​សហការី​ចំនួន​១១​រូប (បូជាចារ្យ បព្វជិត-ជិតា និង​គ្រហស្ថ) លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិកភូមិភាគ​ភ្នំពេញ បានធ្វើ​ជា​អធិបតី​ក្នុងពិធី​ថ្វាយអភិបូជា​រួមជាមួយលោកអភិបាល​សិលា សួន ហង្សលី និង​លោកបូជាចារ្យជាច្រើន​អង្គ​ ដើម្បី​អរព្រះគុណព្រះជាម្ចាស់ សម្រាប់ការស្រាវជ្រាវយ៉ាងហ្មត់ចត់អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ និងដើម្បីទូលអង្វរ​​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ សម្រាប់ដំណាក់កាលទីពីរនៃដំណើរការនេះនៅទីក្រុងរ៉ូម។ ថ្លែងក្នុងធម្មទេសនាទៅកាន់​គ្រីស្តបរិស័ទ​ប្រមាណ​៣០០នាក់ ដែលមកពី​តំបន់នានាក្នុងភូមិភាគ​ភ្នំពេញ

Subscribe to our newsletter

Don't miss new updates on your email