ថ្ងៃ​សុក្រ​ពិសិដ្ឋ ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០២១ ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម (តាកែវ) បុណ្យព្រះយេស៊ូសោយទិវង្គត

“តើកន្សែងកខ្វក់ដ៏តូចនេះ នឹងទៅជាយ៉ាងណា?”

ពួក​ទាហាន​និង​មេ​ដឹក​នាំ ព្រម​ទាំង​កង​រក្សា​ព្រះវិហារ​របស់​ជន​ជាតិ​យូដា នាំ​គ្នា​ចាប់​ព្រះយេស៊ូ​ហើយ​ចង​ព្រះអង្គ។

ពេល​នោះ លោក​ពីឡាត់​បង្គាប់​ឱ្យ​ទាហាន​យក​ព្រះយេស៊ូ​ទៅ​វាយ​នឹង​រំពាត់ ហើយ​គេ​ក៏​ទះ​កំផ្លៀង​ព្រះអង្គ។

ប្រជាជន​ស្រែក​ថា “សូម​ឆ្កាង​ទៅ! សូម​ឆ្កាង​ទៅ!”

គេ​ក៏​ឆ្កាង​ព្រះអង្គ​នៅ​ទី​នោះ។

បងប្អូន​ជា​ទី​ស្រឡាញ់

តាម​ពិត​ព្រះយេស៊ូ​មិន​បាន​លះបង់​ខ្លួន ព្រះយេស៊ូ​អត់​បាន​ចោល​តួនាទី​របស់​ព្រះអង្គ​នៅ​ក្នុង​សួន​កេតសេម៉ានី។ កាល​នៅ​ក្នុង​សួន​កេតសេម៉ានី ព្រះយេស៊ូ​បាន​សម្រេច​ចិត្ត​បំពេញ​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ ដែល​ជា​ព្រះបិតា​របស់​ព្រះអង្គ។ នៅ​ក្នុង​គម្ពីរ​របស់​សន្ត​យូហាន ស្ដី​អំពី​ការ​រង​ទុក្ខ​លំបាក​របស់​ព្រះយេស៊ូ ដែល​យើង​ស្ដាប់​អម្បាញ់​មិញ យើង​បាន​ឃើញ​រឿង​ព្រះយេស៊ូ​រហូត​ដល់​ចុង​បញ្ចប់ បាន​កើត​ឡើង​យ៉ាង​សាហាវ​បំផុត។ គេ​ចាប់​ព្រះយេស៊ូ គេ​មើល​ងាយ​ព្រះយេស៊ូ គេ​ចំអក​ព្រះយេស៊ូ គេ​បង្ហាញ​ការ​ស្អប់​ចំពោះ​ព្រះយេស៊ូ គេ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​រូបកាយ​របស់​ព្រះយេស៊ូ​ផ្ទាល់។ ចុង​ក្រោយ​បំផុត នៅ​ពេល​ព្រះយេស៊ូ​នៅ​លើ​ឈើ​ឆ្កាង ពួក​ទាហាន​យក​សម្លៀក​បំពាក់​របស់​ព្រះអង្គ​មក​ចែក​ជា​បួន​ចំណែក ដើម្បី​ចែក​គ្នា​ម្នាក់​មួយៗ។ រី​ឯ​អាវ​ក្រហម​ទុំ​ធំ ក៏ពួក​គេ​ចាប់​ឆ្នោត​ដើម្បី​ចែក​គ្នា​ដែរ។

យើង​នឹក​រលឹក​ម្ដង​ទៀត នៅ​ពេល​ព្រះយេស៊ូ​ទៅ​ដល់​ភូមិ​បេតថានី នៅ​ពេល​នោះ​គេ​ខ្លាច​ក្នុង​ការ​ចែក​រំលែក​ទឹក​ក្រអូប​យ៉ាង​ថ្លៃ។ ប៉ុន្តែ ថ្ងៃ​នេះ​គេ​មិន​ភ្លេច​ចែក​រំលែក​អាវ​កម្សត់​បំផុត​របស់​ព្រះយេស៊ូ​ដែល​ប្រឡាក់​ឈាម។ ខ្ញុំ​ជឿ​ថា​នៅ​ក្នុង​អាវ​ដែល​គេ​កំពុង​ចែក​រំលែក មាន​កន្សែង​ដោយ​តូច​ដែល​ព្រះយេស៊ូ​បាន​ប្រើ​ដើម្បី​ជូត​ជើង​របស់​ក្រុម​សាវ័ក នៅ​ក្នុង​កម្ម​វិធី​ជប់​លៀង​ចុង​ក្រោយ​ពី​យប់។ តាម​ពិត​កន្សែង​ដ៏​តូច​នេះ​ស្អុយ​និង​ប្រឡាក់ ដោយ​អំពើ​បាប​របស់​ពិភព​លោក​ក៏​ដូច​ជា​អំពើ​បាប​របស់​យើង​ដែរ។

បងប្អូន​ជា​ទី​ស្រឡាញ់

យប់​នេះ នៅ​ក្នុង​ភាព​ស្ងប់​ស្ងាត់​នៃ​ដួង​ចិត្ត​របស់​យើង នៅ​ក្នុង​ភាព​ស្ងៀម​ស្ងាត់​នៃ​ជីវិត​របស់​យើង​ជា​ពេល​វេលា​ដើម្បី​សម្លឹង​មើល​ព្រះយេស៊ូ​នៅ​លើ​ឈើ​ឆ្កាង។ កន្សែង​ដ៏​តូច​ដែល​ប្រឡាក់​និង​ស្អុយ ដោយសារ​អំពើ​បាប​នៃ​ពិភព​លោក ដោយសារ​អំពើ​បាប​របស់​យើង​ខ្ញុំ​នៅ​ពេល​នេះ ភ្ជាប់​នៅ​លើ​ឈើ​ឆ្កាង​ជា​មួយ​ព្រះយេស៊ូ។ ឈើ​ឆ្កាង​នេះ​ធ្ងន់​ណាស់ ព្រះយេស៊ូ​បាន​ដួល​បី​ដង ដោយសារ​ឈើ​ឆ្កាង​នេះ​គឺ​ជា​សញ្ញា​សម្គាល់​នៃ​អំពើ​ឃោរឃៅ អំពើ​សាហាវ អំពើ​ហិង្សា ការ​ស្អប់ ការ​ច្រណែន ដែល​ចេញ​ពី​ដួង​ចិត្ត​របស់​មនុស្ស​យើង។ ព្រះយេស៊ូ​បាន​លី​ឈើ​ឆ្កាង​នេះ នៅ​ពេល​នេះ​ព្រះយេស៊ូ​ក៏​ចាប់​ឈើ​ឆ្កាង​ហ្នឹង​ដែរ ។ នៅ​ក្បែរ​ឈើ​ឆ្កាង​នេះ មាន​តែ​ក្រុម​ស្ត្រី​ដែល​បាន​ធ្វើ​ដំណើរ​ជា​មួយ​ព្រះយេស៊ូ​ដោយ​មាន​ចិត្ត​ស្មោះ។ នៅ​ក្នុង​ក្រុម​ស្ត្រី​នោះ មាន​ព្រះនាង​ម៉ារី​ដែល​ជា​ព្រះមាតា​របស់​ព្រះយេស៊ូ និង​មាន​សាវ័ក​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះយេស៊ូ​ដែរ។ ទាំង​សាវ័ក​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះយេស៊ូ ទាំង​មាតា​របស់​ព្រះយេស៊ូ​កំពុង​ស្រក់​ទឹក​ភ្នែក ដោយ​មើល​ឃើញ​ទុក្ខ​លំបាក​របស់​បុត្រ​របស់​ព្រះនាង​ម៉ារី ដែល​កំពុង​សោយ​ទិវង្គត​នៅ​ក្នុង​ការ​ឈឺ​ចាប់​បំផុត។ ទុក្ខ​លំបាក​របស់​ម្ចាស់ និង​មិត្ត​សម្លាញ់​ដ៏​ពិសេស​របស់​លោក​យ៉ូហាន ដែល​កំពុង​សោយ​ទិវង្គត​នៅ​ក្នុង​ការ​ឈឺ​ចាប់​បំផុត។ ប៉ុន្តែ ព្រះយេស៊ូ​មើល​សាវ័ក​ដ៏​ជា​ទី​ស្រឡាញ់ មើល​ក្រុម​ស្ត្រី​ដែល​មាន​ព្រះនាង​ម៉ារី​ជា​​មាតា មើល​យើង​ទាំង​អស់​គ្នា​នៅ​ក្នុង​ដង្ហើម​ចុង​ក្រោយ​របស់​ព្រះយេស៊ូ។ ពេល​ព្រះយេស៊ូ​លាង​ជើង​ដោយ​កន្សែង​ដ៏​តូច ព្រះអង្គ​បាន​ចាប់​ផ្ដើម​ជម្រះ​ចិត្ត​គំនិត​របស់​យើង។ នៅ​ពេល​ហ្នឹង​មាន​តែ​ព្រះនាង​ម៉ារី ប្រហែល​មាន​តែ​លោក​យូហាន​ដែល​បាន​យល់ អំពី​សញ្ញា​សម្គាល់​ដែល​ព្រះយេស៊ូ​កំពុង​បង្ហាញ។ ហេតុ​នេះ​ហើយ ព្រះយេស៊ូ​គ្រីស្ត​នៅ​ក្នុង​ដង្ហើម​ចុង​ក្រោយ​សុខ​ចិត្ត​ប្រទាន​ព្រះនាង​ម៉ារី ធ្វើ​ជា​ព្រះមាតា​របស់​យើង សុខ​ចិត្ត​ប្រទាន​សាវ័ក​របស់​ព្រះអង្គ​ធ្វើ​ជា​គំរូ និង​ជា​មិត្ត​សម្លាញ់​របស់​យើង ដើម្បី​ណែនាំ​ឱ្យ​យើង​អាច​ចូល​នៅ​ក្នុង​អាថ៌កំបាំង​នៃ​ព្រះជន្ម​របស់​ព្រះបុត្រា​បន្តិច​ម្ដងៗ។

បងប្អូន​ជា​ទី​ស្រឡាញ់

យប់​នេះ​សូម​យើង​ឈរ​នៅ​ក្បែរ​ឈើ​ឆ្កាង កុំ​ឱ្យ​យើង​រត់​ចេញ កុំ​ឱ្យ​យើង​គេច​ខ្លួន។ សូម​ឱ្យ​យើង​ទាំង​អស់​គ្នា​មើល​អ្នក​ដែល​គេ​ចាក់ ឱ្យ​យើង​សម្លឹង​មើល​ព្រះយេស៊ូ​គ្រីស្ត​នៅ​លើ​ឈើ​ឆ្កាង។ យប់​នេះ សូម​ផ្ញើ​ជីវិត​របស់​យើង​ផ្ទាល់​ទៅ​លើ​ព្រះយេស៊ូ ដែល​ជា​ជីវិត​ពោរពេញ​ដោយ​ទុក្ខ​លំបាក និង​ពោរពេញ​ដោយ​អំណរ​សប្បាយ​ដែរ។ ជីវិត​របស់​យើង​ដែល​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ភ័យ​ខ្លាច ក៏​ប៉ុន្តែ​ពោរពេញ​ដោយ​សេចក្ដី​សង្ឃឹម​ដែរ។ ជីវិត​របស់​យើង​ដែល​ពោរពេញ​ទៅ​ដោយ​ចំណង ហើយ​ក៏​ពេញ​ដោយ​ក្ដី​សុបិន​និង​សេចក្ដី​សង្ឃឹម​សម្រាប់​ថ្ងៃ​អនាគត​ដែរ ។ សូម​កុំ​ឱ្យ​យើង​ភ័យ​ខ្លាច និង​ខ្លាច​ខ្ជះខ្ជាយ​ពេល​វេលា​របស់​យើង​នៅ​ក្បែរ​ឈើ​ឆ្កាង។ កុំ​ឱ្យ​យើង​ភ័យ​ខ្លាច​ដោយ​ទុក​ព្រះយេស៊ូ​ចោល​នៅ​លើ​ឈើ​ឆ្កាង តែ​ផ្ទុយ​ទៅ​វិញ​សូម​ឱ្យ​យើង​ទុក​ព្រះយេស៊ូ​លាង​ជើង​របស់​យើង​ដោយ​កន្សែង​ដ៏​តូច​របស់​ព្រះអង្គ។

រឿង​ព្រះយេស៊ូ​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង ដែល​យើង​កំពុង​ប្រារព្ធ​យប់​នេះ ជា​រឿង​មួយ​ដែល​កើត​ឡើង​កាល​ពី​ជាង​២០០០​ឆ្នាំ​មុន ។ ប៉ុន្តែ ជា​រឿង​ដែល​កំពុង​កើត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅ​ក្នុង​ពិភព​លោក​របស់​យើង។ សូម​រំឭក​អំពី​ធម្មទេសនា​របស់​ខ្ញុំ​កាល​ពី​ថ្ងៃ​អាទិត្យ ដែល​ខ្ញុំ​បាន​រំឭក​អំពី​អ្វី​ដែល​យើង​បាន​ចោល​ដោយ​ឥត​មាន​ប្រយោជន៍​នៅ​ក្នុង​ពិភព​លោក។ យើង​ចោល​ម្ហូប​អាហារ ទ្រព្យ​សម្បត្តិ សុខភាព លុយ​ដើម្បី​កសាង​អាវុធ ដាំ​ដំណាំ​ផលិត​គ្រឿង​ញៀន ដោយ​ចោល​និង​ស្អប់​នូវ​អ្វី​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន ជា​ពិសេស​ចូល​ពេល​វេលា​ដ៏​សំខាន់​ដែល​យើង​អាច​ទុក​សម្រាប់​ព្រះជាម្ចាស់ និង​សម្រាប់​បងប្អូន​ឯទៀតៗ​នៅ​ក្នុង​ជីវិត​របស់​យើង។

យប់​នេះ ចូរ​យើង​នាំ​គ្នាមើលព្រះយេស៊ូគេចាក់នៅលើឈើឆ្កាង ចូលផ្ញើប្រទេសនិងពិភពលោករបស់យើងដែលកំពុងប្រឆាំងនឹងកូវី-១៩។ ចូរយើងផ្ញើភាពអយុត្តិធម៌ និងការបាត់បង់តម្លៃថ្លៃថ្នូរនៃជីវិតរបស់មនុស្សមួយចំនួននៅក្នុងពិភពលោក។ ចូរផ្ញើប្រទេសភូមា និងប្រទេសនានាដែលកំពុងជាប់នឹងសង្រ្គាម។ ចូរផ្ញើស្ត្រីមេម៉ាយ មនុស្សកម្សត់ទុគ៌ត ក្មេងកំព្រាដែលគេកំពុងប្រើប្រាស់និងធ្វើបាបពីមួយថ្ងៃទៅមួយថ្ងៃ។ ចូរយើងផ្ញើយុវជនយុវនារីដែលគ្មានសេចក្ដីសង្ឃឹមនៅថ្ងៃអនាគត។ ផ្ញើចាស់ជរាដែលនៅក្នុងសង្គមបច្ចុប្បន្ននេះបានបោះបង់ចោល និងផ្ញើទុក្ខលំបាកទាំងអស់ទៅលើព្រះយេស៊ូនៅលើឈើឆ្កាង។

បងប្អូនជាទីស្រឡាញ់

យប់នេះយើងនាំគ្នាមើលព្រះយេស៊ូ ដែលត្រូវគេចាក់នៅលើឈើឆ្កាងដោយផ្ញើជីវិតរបស់យើងផ្ទាល់ ដែលជាជីវិតដ៏តូចតាចប៉ុន្តែជាជីវិតដែលមានតម្លៃ នៅក្នុងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ដែលជាព្រះបិតារបស់យើង។

យប់នេះយើងចូលនៅក្នុងភាពស្ងៀមស្ងាត់នៃផ្នូររបស់ព្រះយេស៊ូ និងប្រហែលយើងសួរខ្លួនឯងតើកន្សែងដ៏តូចតាចដែលប្រឡាក់នឹងស្អុយទៅជាយ៉ាងណា?

+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ

ប្រទេសកម្ពុជា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ក្រុមសិល្បៈវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ទទួលបានលិខិតថ្លែងអំណរគុណ ក្នុងទិវាវប្បធម៌ជាតិ

ក្នុងស្មារតីលើកកម្ពស់ដួងព្រលឹងវប្បធម៌ខ្មែរ ក្រុមសិល្បៈនៃវិទ្យាល័យសន្តហ្វ្រង់ស្វ័រ បាននាំយកនូវទស្សនីយភាពរបាំបុរាណយ៉ាងជក់ចិត្តមកសម្តែងក្នុងឱកាសអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣មីនា» លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម កាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត។ នៅក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ លោកស្រី ឡៃ មករា នាយិការងវិទ្យាល័យសន្តហ្វ្រង់ស្វ័រ រួមជាមួយក្រុមសិល្បៈសិស្សានុសិស្ស បានទទួលលិខិតថ្លែងអំណរគុណផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមថែរក្សាវប្បធម៌។

ក្រុមបងស្រីនមស្ការ សម្ពោធគេហដ្ឋានថ្មីនៅភ្នំពេញ ដើម្បីពង្រីកបេសកកម្មជួយស្ត្រី និងកុមាររងគ្រោះ

ក្រុមបងស្រីនមស្ការ (Adoratrices) បានប្រារព្ធពិធីប្រទានពរ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហដ្ឋានថ្មីរបស់ខ្លួនក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្តល់ជម្រក និងការគាំទ្រដល់ស្ត្រី និងកុមារដែលរងគ្រោះដោយអំពើហិង្សា និងការបោះបង់។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ និងលោកអភិបាល សិលា សួន ហង្សលី ដោយមានការចូលរួមពីបុគ្គលិក និងគ្រីស្តបរិស័ទ​ អាជ្ញាធរដែនដី ភ្ញៀវជាតិ​និងអន្តរជាតិ​យ៉ាងច្រើន​កុះករ។ គេហដ្ឋានថ្មីនេះ គឺជាសមិទ្ធផលដែលកើតចេញពីចក្ខុវិស័យរបស់ក្រុមបងស្រីនមស្ការ ដែលបានមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២។

មរណសាក្សី​ជា​គ្រឹះ ជាកម្លាំង និងជា​សក្ខីកម្មនៃ​សន្តិភាព​សម្រាប់យើង

បន្ទាប់​ពី​បានប្រារព្ធពិធីបិទការស៊ើបអង្កេតជាផ្លូវការអំពីបេក្ខភាពនៃ “មរណសាក្សី” ដែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលមានលោក​អភិបាល​យ៉ូសែប ឆ្មារ សាឡាស់ និង​សហការី​ចំនួន​១១​រូប (បូជាចារ្យ បព្វជិត-ជិតា និង​គ្រហស្ថ) លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិកភូមិភាគ​ភ្នំពេញ បានធ្វើ​ជា​អធិបតី​ក្នុងពិធី​ថ្វាយអភិបូជា​រួមជាមួយលោកអភិបាល​សិលា សួន ហង្សលី និង​លោកបូជាចារ្យជាច្រើន​អង្គ​ ដើម្បី​អរព្រះគុណព្រះជាម្ចាស់ សម្រាប់ការស្រាវជ្រាវយ៉ាងហ្មត់ចត់អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ និងដើម្បីទូលអង្វរ​​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ សម្រាប់ដំណាក់កាលទីពីរនៃដំណើរការនេះនៅទីក្រុងរ៉ូម។ ថ្លែងក្នុងធម្មទេសនាទៅកាន់​គ្រីស្តបរិស័ទ​ប្រមាណ​៣០០នាក់ ដែលមកពី​តំបន់នានាក្នុងភូមិភាគ​ភ្នំពេញ

Subscribe to our newsletter

Don't miss new updates on your email