បុណ្យចម្លង ថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​២០២១ ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម (តាកែវ)

អាលេលូយ៉ា! អាលេលូយ៉ា!

បងប្អូន​ជាទី​ស្រឡាញ់​ !

នៅពេល​នេះ​យើង​ពោរពេញ​ដោយ​អំណរសប្បាយ ជាពិសេស​រួម​ជាមួយ​នាង​ម៉ារី​​ម៉ាដាឡា នាង​​ម៉ារី​​​​​​ដែល​ជាម្ដាយ​លោក​យ៉ាកុប នាង​សាឡូមេដែល​បាន​ទិញ​គ្រឿង​ក្រអូប ​យក​ទៅ​អប់​ព្រះ​សព​ព្រះយេស៊ូ។

នៅថ្ងៃស្អែកពេលព្រឹក យើងនឹង​ស្តាប់អត្ថបទពីសន្តយ៉ូហាន ដែលស្ដីអំពីសាវ័កពីរនាក់ គឺ​លោក​សិលា​ និង​លោក​យ៉ូហាន ​ដែល​ធ្វើ​ដំណើរ​ទៅ​​ដល់ផ្នូរ​របស់ព្រះ​យេស៊ូ។ នៅពេលគេ​មើល​ឃើញ​​ផ្នូរ​ហើយ ​គេ​មិន​ឃើញ​សព​ព្រះយេស៊ូ​ទេ។ គេសម្លឹង​មើល​សំពត់​ស្នប​នៅទីនោះ​  និង​ក្រណាត់​​​​​ដែល​​​គេ​គ្រប​ព្រះសិរសាព្រះអង្គ​មូលទុកដោយឡែក។

នៅពេលដែលយើងស្ដាប់​ក្រុម​ស្ត្រីៗ ដែល​កំពុង​ទិញ​ទឹក​ក្រអូប​ម្ដង​ទៀត គឺ​ដូចនៅក្នុង​ភូមិ​បេតថានី ដែល​មាន​រឿង​ទាក់ទងទៅ​នឹង​ទឹក​ក្រអូប​ម្ដង​ទៀត។ ​នៅ​ពេលយើង​​​ស្ដាប់រឿង​ក្រុមគ្រីស្ត​ទូត​ដែលចូល​នៅ​ក្នុង​ផ្នូរ​​ឃើញ​តែ​សំពត់​មួយ​ និង​ក្រណាត់​ដែល​គេ​គ្រប​ព្រះសិរសាព្រះយេស៊ូ។ ប្រហែលជាយើងគិតថា ​លោក​អភិបាលមាន​រឿង​មួយ​ទៀត​ដែល​ទាក់ទងទៅនឹង​ក្រណាត់​​ដ៏តូចតាចដែល​ស្អុយ។ ​តាមពិត នៅ​ក្នុង​រាត្រី​ដ៏​ពិសិដ្ឋ​នេះ ​យើង​បាន​ចូល​នៅ​ក្នុង​ភាព​ងងឹត​នៃ​ភាព​ស្ងៀម​ស្ងាត់​របស់​ព្រះយេស៊ូដែល​សោយទិវង្គត ។​ យប់នេះ​ យើង​ជួប​ជុំ​គ្នា​នៅ​ខាង​មុខ​ភ្លើង ​  ​បន្តិច​ទៀត​យើង​ជួបជុំគ្នា​នៅ​មុខ​ទឹក​ដើម្បី​ប្រារព្វ​ពិធី​ដ៏​អស្ចារ្យ​មួយ​​គឺ អាថ៌កំបាំង​នៃជំនឿ​របស់​យើង ​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ គឺ​បាន​រស់​ឡើង​វិញ​ពី​ចំណោម​មនុស្ស​ស្លាប់​ទាំងអស់។

បងប្អូន​ជាទី​ស្រឡាញ់!

យើង​បាន​ទទួល​ជីវិត​ថ្មី​តាមរយៈ​ភ្លើង​អម្បាញ់​មិញ​ ភ្លើង​ដែល​ជម្រះ​ចិត្ត​គំនិត ​បន្តិច​ទៀត​យើង​ទទួល​ជីវិតថ្មី​តាមរយៈទឹក​ ដែល​នាំ​ឱ្យ​យើង​គិត​សារជាថ្មី។ ពិតមែនរាត្រីដ៏វិសុទ្ធនេះ ​យើង​ពោរពេញ​ដោយ​អំណរសប្បាយ​ដ៏ពេញ​លក្ខណៈ ដោយ​​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​យើង​ចូល​នៅ​ក្នុង​ ភាព​​ក្បត់​ អំពើ​ហិង្សា​ អំពើស្អប់​ និង​ទុក្ខលំបាក​របស់​ព្រះ​យេស៊ូ​។ ប៉ុន្តែ​យប់​នេះ ​គឺ​ជាក្ដីសង្ឃឹម ជា​​ជីវិត​ ជាកម្លាំងកាយកម្លាំងចិត្ត ដែលមកពីព្រះជាម្ចាស់នៅក្បែរយើង ។​

យប់នេះទឹកក្រអូបដែលស្ត្រីបានប្រើនៅភូមិបេតថានី ទៅជាទឹក​ក្រអូប​របស់​ព្រះ​យេស៊ូ​​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅពេញពិភពលោក នៅទីនេះ និង​នៅពេលនេះ។​

ដូច្នេះ​យើង​មិន​ត្រូវ​ការទិញ​​ទឹក​ក្រអូប​ថែម​ទៀត​ ដើម្បី​​ជូត​ជើង​ព្រះយេស៊ូ​ទេ​ តាម​ពិត​យើង​អត់​ត្រូវ​ការក្រុម​​ស្ត្រីៗ ​​ដើម្បីយក​ទឹក​ក្រអូបមកអប់ព្រះសព​ព្រះយេស៊ូ​ទេ ​ដោយសារ​នៅ​ពេល​នេះ​ផ្នូរ​នៅ​ទទេ​ហើយ។

តាមពិត​កំណាត់​​ដ៏​តូច​ដែល​ស្អុយ ​ដែល​ព្រះយេស៊ូ​បាន​ប្រើ​ដើម្បី​លាង​ជើង​របស់​ក្រុម​សាវ័ក​​ ដែល​ប្រើ​រាល់​ថ្ងៃដើម្បី​លាង​ជើង​របស់​យើង ​​នៅ​ពេលនេះ​កំណាត់​សំពត់​នោះ​នៅ​ក្នុង​ផ្នូរ​ហើយ​។ ប៉ុន្តែ ​នៅ​ពេលនេះ​ក្រណាត់​នោះដូចយើង​​មាន​ព្រះភ័ក្រ្ត​របស់​ព្រះយេស៊ូ​ យើងមាន​រូបកាយ​របស់​ព្រះយេស៊ូ ដែលភ្ជាប់​ទៅនឹង​​ក្រ​ណាត់​សំពត់ហ្នឹង។ ហេតុ​នេះ​ហើយ យើង​មិន​ការ​លាង​កំណាត់សំពត់​នេះ យើង​មិន​ត្រូវ​ការជម្រះ​ក្រណាត់​នេះ។ ​ដោយសារក្រណាត់​​​នេះ ​បាន​ភ្ជាប់​ជាមួយ​នឹង​រូប​កាយ​ និង​ព្រះភ័ក្រ្ត​របស់​ព្រះយេស៊ូ​ និងនៅពេលនេះ​រូបកាយ​របស់​ព្រះយេស៊ូ ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ នៅពេលនេះ​រូបកាយ​ និង​ព្រះភ័ក្រ្ត​របស់​ព្រះយេស៊ូ​ជាប់​នៅ​លើក្រណាត់​នេះ​អស់កល្បជានិច្ច ។​

បងប្អូនជាទីស្រឡាញ់

យប់នេះ យើងឆ្លងពីភាពងងឹតឆ្ពោះទៅរក​ពន្លឺ​នៃ​ព្រះអាទិត្យ គឺ​ព្រះយេស៊ូ​​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ យប់នេះយើង​ឆ្លង​ពីអំពើ​បាប​ដែល​សម្លាប់​យើង​ពី​មួយ​ថ្ងៃ​​ទៅមួយ​ថ្ងៃ ដើម្បី​ចូល​ទៅ​ក្នុង​ជីវិតថ្មី​ដែល​ជា​ជីវិត​អស់កល្បជានិច្ច​។ ជាពិសេស​ សម្រាប់​បង​ប្អូន​ដែល​បានធ្វើជំហានទី២ ​​បន្តិច​ទៀតបងប្អូន​នឹង​​ទទួលអគ្គសញ្ញាជ្រមុជទឹក នៅ​​​ក្នុង​ទឹ​កដ៏​មានជីវិត នៅក្នុង​ភ្លើង​នៃ​ព្រះវិញ្ញាណ​​ដ៏វិសុទ្ធ ។

ពិតមែនបងប្អូន​ដែល​ជា​បេក្ខជន បន្តិច​ទៀត​នឹង​មាន​ក្លិនដ៏ក្រអូប​បំផុត​ ដោយសារ​ទទួល​ប្រេង​ពិសិដ្ឋ​ ដែល​ជា​ប្រេង​ដែល​មិន​អាច​ដាក់​តម្លៃលក់បាន  ជា​ប្រេង​ដែល​​យើងក្បត់​មិន​បាន​។ ​ដោយសារ​ប្រេង​នេះ នាំឱ្យ​ព្រះហស្ថ​របស់ព្រះអង្គ​ ​សញ្ញា​សម្គាល់​របស់ព្រះអង្គ តាមរយៈ​អគ្គសញ្ញាជ្រមុជទឹក បាន​ឆ្លាក់​នៅក្នុងខ្លួនរបស់​យើង​អស់កល្ប​ជានិច្ច ​ដែលយើង​លុបមិនបាន។ បន្តិចទៀតបងប្អូននឹងស្អាត​បំផុត​ ដោយសារ​បំពាក់​អាវស​​ដែល​គ្មាន​ប្រឡាក់​ ជា​អាវស​ដែលមាន​តែ​រូបរបស់​ព្រះយេស៊ូ​ផ្ទាល់​ រូបកាយរបស់ព្រះយេស៊ូ​ ព្រះសិរសា​របស់​ព្រះយេស៊ូ​ដែលមាន​ព្រះជន្មរស់ឡើងវិញ។ ​អាវស​នេះ ​បំពាក់​ដើម្បី​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច​ និង​ជាពិសេស​ទទួល​ព្រះ​កាយ​ព្រះ​គ្រីស្ត​នៅ​លើកទី​មួយ​ នៅក្នុង​អគ្គសញ្ញា​ទទួលព្រះកាយព្រះគ្រីស្ត​នៅ​ក្នុង​យប់​នេះ។

ដូច្នេះនៅពេលនេះ ខ្ញុំអធិដ្ឋានអធិដ្ឋានយ៉ាងជិតស្និទ្ធ​បំផុត ​ជាមួយ​បងប្អូន​ដែលជា​បេក្ខជន​​​ទទួលពិធីជ្រមុជទឹកនៅក្នុងយប់ដ៏សុខសាន្ត​នេះ យប់​ដ៏​វិសុទ្ធ​នេះ។  ជាពិសេស ខ្ញុំ​អធិដ្ឋាន​សម្រាប់​បងប្អូន​ដែលទទួលអគ្គសញ្ញាជ្រមុជទឹកមិនបាន ​ដោយសារកូវីដ​-១៩​ បាន​ផ្ទុះ​កាលពី​ថ្ងៃទី២០​ ខែកុម្ភៈ ឆ្នាំ២០២១​ ជាពិសេសនៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល និង​ខេត្ត​ព្រះសីហនុ​។ ខ្ញុំ​អធិដ្ឋាន​សម្រាប់បងប្អូន​ទាំងអស់ ​ដែល​កំពុង​ភ្ជាប់ជាមួយយើងខ្ញុំ​តាម​ហ្វេសប៊ុក​ តាមយូធូប ដែល​មិនមាន​ឱកាស​ចូល​អភិបូជា​ដើម្បី​អធិដ្ឋាន និងជាពិសេស​នៅក្នុង​រាត្រីដ៏វិសុទ្ធនេះ​។​ ខ្ញុំ​អធិដ្ឋាន​រួមជាមួយ​លោកឪពុកជាទីស្រឡាញ់ ដែល​យប់នេះ​លោក​ឪពុក​បាន​ថ្វាយ​អភិបូជា​តែម្នាក់ឯង​ ឬជាមួយ​បងប្អូន​គ្រីស្ត​បរិស័ទ​បន្តិច​បន្ទួច ខ្ញុំ​អធិដ្ឋាន​ជាមួយ​ក្រុម​គ្រួសារ ដែលភ្ជាប់​ជាមួយ​យើង ដែលនៅ​សល់​តែ​អភិបូជា​ដែល​យើងកំពុង​ផ្សព្វ​ផ្សាយ​​​ ដើម្បី​ចូល​នៅក្នុង​ជីវិតថ្មី​ដែល​យើងទទួល​ពីព្រះជាម្ចាស់។ ប៉ុន្តែ ទោះបីយប់នេះ​យើង​មានការភ័យខ្លាច មានការឈឺចាប់ មានឧបសគ្គនានាជា​ច្រើន ដែលជំងឺ​កូវីដ-១៩​​ បាន​កើត​ឡើង​នៅក្នុងជីវិតរបស់យើង ក្នុងសង្គមរបស់យើង។ ប៉ុន្តែ យប់នេះ​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ អាលេលូយ៉ា! អាលេលូ​យ៉ា​!។

នៅក្នុងប្រទេសកម្ពុជា​ក៏ដូចជាពិភពលោកទាំងមូល ដែលត្រូវការ​បិទ​ភ្លើង ​មិន​ចេញ​ធ្វើ​ដំណើរ​ពីម៉ោង​៨​យប់ដល់ម៉ោង៦ព្រឹក ក៏​យើង​នៅ​តែ​មិន​អាច​បិទ​ដំណឹង​ល្អដែលប្រកាសថា ​ព្រះ​យេស៊ូ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ អាលេលូយ៉ា! អាលេលូយ៉ា!។

ពិតមែនដំណឹងល្អនេះ​ ណែនាំឱ្យ​យើង​ពោរ​ពេញ​ដោយសេចក្ដី​សង្ឃឹម និង​រំពេច​នោះ​ភាពងងឹត​​នៃ​ស្បៃរាត្រីនេះ​នឹងភ្លឺ​។ ដោយ​ភាពងងឹត​នៃជីវិត​របស់យើង​រលត់​អស់​ហើយ ​​ដោយសារ​យើងដឹងថា​ យើងជឿថា​ព្រះជាម្ចាស់មិនលះបង់ចោលយើង​ ព្រះជាម្ចាស់​បានឱ្យ​ព្រះយេស៊ូ​មានព្រះជន្មរស់ឡើងវិញ និង​យើង​អាចទីពឹងលើ​ព្រះជាម្ចាស់​នៅ​គ្រប់កាលៈទេសៈ​នៃ​ជីវិតរបស់យើង ដើម្បីការពារថែរក្សាសេចក្ដីសង្ឃឹម​តទៅមុខទៀត​។

ជីវិតត្រូវតែបន្ត នៅក្នុងយប់នេះ​​ពន្លឺ​យ៉ាង​​ត្រចះត្រចង់ ​រួម​ជាមួយ​បងប្អូនដែលនឹងទទួលពិធីជ្រមុជទឹក ដែល​ជាសញ្ញាមួយដ៏ស្អាតបំផុត​ ដែលណែនាំឱ្យ​យើង​មើលឃើញព្រះហឫទ័យ​ស្រឡាញ់​របស់ព្រះជាម្ចាស់​។  យប់នេះយើងលែងភ័យខ្លាចហើយ ​យប់នេះ​យើងពោរពេញដោយសេចក្ដី​ក្លាហាន​ ពោរពេញដោយចិត្តអង់អាច គំនិតថ្មីៗ​ច្នៃ​ប្រឌិត​​ដើម្បី​ឱ្យសេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ អាចកើតឡើង​នៅពេលនេះ ​នៅថ្ងៃនេះ​ នៅទីនេះ ​តាមរយៈសិរីភាពដែលយើងផ្ដល់នៅក្នុងព្រះសហគមន៍នីមួយៗ តាមភូមិនីមួយៗ​របស់យើង​ គឺ​ដល់​​បងប្អូនថែមទៀត។

យប់នេះយើងមានកម្លាំង ដោយសារ​យើងមាន​សេចក្ដីសង្ឃឹម​ យើងដឹងថាជីវិតបានភ្ជាប់​សេចក្ដីសង្ឃឹម​នេះ។​ នៅក្នុង​ភូមិភាគ​ភ្នំពេញ​ទាំងមូលនៅ​ថ្ងៃនេះ ​ខ្ញុំអញ្ជើញ​យ៉ាង​​ឱឡារឹក​ដល់​​បូជាចារ្យទាំងអស់ ក្រុម​បុព្វជិ​ត​បុព្វជីតាទាំងអស់ ព្រះសហគមន៍នីមួយៗ​​នៅ​ក្នុង​ភូមិភាគ​យើងទាំង៤៩​កន្លែង  យុវជន យុវនារី កូនក្មេង ជំទង់ ការិយាល័យនីមួយៗ ការិយាល័យ​​​អប់រំជំនឿ​ ការិយាល័យផ្សព្វផ្សាយព័ត៌មាន ការិយាល័យអប់រំ​សិក្សា សិល្បៈ​ សហគ្រិនសង្គម គ្រីស្តបរិស័ទ​ដែល​ជា​អ្នក​ស្ម័គ្រចិត្ត​បម្រើព្រះសហគមន៍ និង​អង្គការ​នីមួៗ ឱ្យ​​​ភ្ញាក់ឡើង​ដើម្បី​នៅក្នុងខែខាងមុខនេះ​ ឱ្យ​យើង​ទៅជាតួអង្គយ៉ាងសកម្មបំផុត ​ដើម្បី​សាងសង់​សារជាថ្មី​នូវ​ វិស័យការសិក្សា វិស័យ​សង្គម វិស័យ​សេដ្ឋកិច្ច វិស័យ​វប្បធម៌ និង​ជាពិសេស​តាមផ្លូវវិញ្ញាណ​ទូទាំងប្រទេសកម្ពុជា​ នៅ​កន្លែង​ដែល​យើងរស់​នៅ។ តាមពិត យើង​រៀងៗ​ខ្លួន​នៅ​ក្នុងជំនាញ​របស់យើងផ្ទាល់​ មានសមត្ថភាព​ជា​ច្រើន ​ដើម្បីណែនាំឱ្យ​​បងប្អូនដែលបាត់បង់​នូវសេចក្ដីសង្ឃឹម ឆ្លងផ្លូវ​នៃ​ភាពងងឹត​ ដើម្បី​រក​ឃើញ​ជីវិតសាជាថ្មី​។ យើងជាមនុស្ស​ ដែលមានសមត្ថភាពជាច្រើន ដើម្បីណែនាំ​បងប្អូន​ដែលបាត់បង់អ្វីៗ​​ទាំងអស់ ដោយសារកូវីដ-១៩​ អាចរកឃើញ​សេចក្ដីសង្ឃឹមសាជាថ្មី។

ខ្ញុំ​សង្ឃឹម​នៅក្នុងភូមិភាគភ្នំពេញរបស់​យើង​ទាំងមូល​ ព្រះសហគមន៍​របស់យើង​ទៅ​ជាសញ្ញាសម្គាល់​នៃ​ជីវិត ដែល​យប់​នេះ​យើង​ប្រារព្វ​ដោយភ្លើង​ដែលនាំឱ្យ​យើងមានកម្លាំង​ដ៏​ពេញលក្ខណៈ ដើម្បីទៅជា​មិត្តសម្លាញ់​របស់ព្រះយេស៊ូ និងគ្រីស្តទូតដែល​ប្រកាស​ដំណឹង​ល្អ​ដ៏​ពិតប្រាកដមែន។

ដូច្នេះនៅក្នុងភូមិភាគភ្នំពេញទាំងមូល តាមស្ថាប័ននីមួយៗ តាម​ព្រះសហគមន៍​នីមួយៗ តាមការិយាល័យនីមួយៗ តាមកម្លាំង​ដែល​យើង​មាន​គ្រប់ទីកន្លែង យើងនឹង​រៀបចំ​ផែនការ​យ៉ាងច្បាស់លាស់ នៅពេលបរិយាកាសដ៏ពិបាកនៃកូវីដ-១៩​កន្លង​ផុតទៅ ដើម្បីឱ្យ​​ជីវិត​ឈ្នះ ឈ្នះ និង​ឈ្នះ​ទៀត។

អាលេលូយ៉ា! អាលេលូយ៉ា!​ ព្រះយេស៊ូគ្រីស្ត​មាន​ព្រះជន្មរស់​ឡើង​វិញ ​​សូមឱ្យ​ក្លិន​ក្រអូប​របស់​ព្រះអង្គ​នៅ​ពេញ​ខ្លួនខ្ញុំ សូមឱ្យក្រណាត់​​​បរិសុទ្ធ​ដែល​មាន​រូបរាង​របស់​ព្រះយេស៊ូផ្ទាល់ នៅលើខ្លួនរបស់ខ្ញុំអស់តជានិច្ច​។ អាលេលូយ៉ា! អាលេលូយ៉ា!៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីត​ហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ

ប្រទេសកម្ពុជា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email