ព្រះយេស៊ូ​ជា​គ្រូ​គង្វាល​ដ៏​សប្បុរស ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២១ ពី​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម (តាកែវ)

យើង​ជា​អ្នក​បម្រើ​មិន​មែន​ជា​អ្នក​ស៊ី​ឈ្នួល

បងប្អូន​ជាទី​ស្រឡាញ់​

បងប្អូន​ដែល​កំពុង​ជាប់​ជា​មួយ​យើង នៅ​តាម​ហ្វេសប៊ុក តាម​យូធូប កាតូលិក​ភ្នំពេញ ជាពិសេស​ហ្វេសបុក​ភេច (https://www.facebook.com/LiveCatholicChannel) ដែល​យើង​បាន​បង្កើត​ថ្មីៗ​នេះ​ដើម្បី​ធ្វើ​ដំណើរ​ជា​មួយ​បង​ប្អូន​នៅ​ក្នុង​ទុក្ខ​លំបាក​នៃ​ជំងឺ​កូវីដ-១៩។ យើង​បាន​ស្ដាប់​អត្ថបទ​គម្ពីរ នៅ​ក្នុង​រដូវ​បុណ្យ​ចម្លង​សប្តាហ៍​ទី​៤ ដែល​ជា​ពេល​វេលា​ដើម្បី​គោរព​ព្រះយេស៊ូ ព្រះយេស៊ូ​ដែល​ជា​គ្រូ​គង្វាល​សប្បុរស។ នៅ​ក្នុង​អត្ថបទ​ទី​២ ដែល​យើង​បាន​ស្ដាប់​អម្បាញ់​មិញ​ពិត​មែន​ព្រះអង្គ​ស្រឡាញ់​យើង​រហូត​ដល់​ហៅ​យើង​ថា ជា​បុត្រ​ធីតា​របស់​ព្រះអង្គ។ នេះ​ជា​ដំណឹង​មួយ ដែល​យើង​សប្បាយ​ចិត្ត​ស្ដាប់​នៅ​ក្នុង​ពេល​វេលា​ដ៏​ពិបាក​នេះ ដោយ​ដឹង​ថា​ទោះ​បី​យើង​ពិបាក​ក៏​ដោយ ទោះបី​ជា​យើងមាន​អារម្មណ៍​ថា​ឯកោ​ក៏​ដោយ ទោះបី​យើង​មាន​អារម្មណ៍​ថា​យើង​មិន​ដឹង​ទៅ​ណា។ សព្វថ្ងៃ​ យើង​មិន​ដឹង​ថា​ពេល​ណា​កូវីដ-១៩ លែង​រាតត្បាត​នៅ​លើ​ទឹកដី​យើង ថ្ងៃ​នេះ​យើង​បាន​ស្ដាប់​ព្រះបន្ទូល​ថា “ព្រះអង្គស្រឡាញ់យើង រហូតដល់ហៅយើងថាជាបុត្រធីតារបស់ព្រះអង្គ”។ នៅ​ពេល​យើង​ដឹង​ថា យើង​ជា​បុត្រ​ធីតា​របស់​ព្រះអង្គ យើង​យល់​ថា​ពិត​មែន​យើង​ជា​បុត្រា​បុត្រី​របស់​ព្រះបិតា ដែល​ស្រឡាញ់​យើង​មែន​ទែន។

ដូច្នេះ ថ្ងៃ​នេះ​នៅ​ពេល​ដែល​យើង​ឃើញ​ព្រះយេស៊ូ​ដែល​ជា​គ្រូ​គង្វាល​សប្បុរស ដូច​យើង​បាន​រៀបចំ​នៅ​ក្នុង​ព្រះវិហារ​របស់​យើង ដែល​មាន​គ្រូ​គង្វាល​មួយ​ដ៏​ស្អាត​កំពុង​បី​កូន​ចៀម​មួយ និង​មាន​កូន​ចៀម​នៅ​ជុំ​វិញ។ ជា​គ្រូ​គង្វាល​សប្បុរស ដែល​ស្គាល់​កូន​ចៀម​ទាំង​អស់ ដែល​ស្គាល់​ឈ្មោះ ដែល​ស្គាល់​សំឡេង ដែល​ស្គាល់​ពី​អារម្មណ៍ ដែល​ស្គាល់​ការ​ពិបាក ការ​សប្បាយ ដែល​ស្គាល់​សេចក្តី​សង្ឃឹម។ គ្រូ​គង្វាល​ដ៏​សប្បុរស​នេះ បាន​ស្គាល់​យើង​យ៉ាង​ច្បាស់ តើយើងស្គាល់គ្រូគង្វាលប្បុរសដែលស្រឡាញ់យើងដល់កំរិតណា? តាម​ពិត​ព្រះយេស៊ូ​ជា​គ្រូ​គង្វាល​សប្បុរស ដែល​សុខ​ចិត្ត​ស៊ូ​ប្ដូរ​ជីវិត ជា​អ្វី​ដែល​យើង​បាន​គោរព​នៅ​ថ្ងៃ​បុណ្យ​ចម្លង ព្រះយេស៊ូ​បាន​សោយ​ទិវង្គត និង​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ ថ្ងៃ​នេះ គឺ​ព្រះយេស៊ូ​ដែល​ស្រឡាញ់​យើង​ដល់​កំពូល ព្រះយេស៊ូ​ដែល​បម្រើ​យើង ព្រះយេស៊ូ​ដែល​មាន​ព្រះហឫទ័យ​ស្មោះ​ត្រង់​ចំពោះ​យើង ព្រះយេស៊ូ​ដែល​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​សុបិន​ដ៏​ពិសេស ដែល​ព្រះជាម្ចាស់​មាន​សម្រាប់​ពិភព​លោក។

បងប្អូន​ជាទី​ស្រឡាញ់ នៅ​ពេល​យើង​បាន​ស្ដាប់​ព្រះបិតា​ស្រឡាញ់​យើង រហូត​ដល់​អាច​និយាយ​ថា​យើង​ជា​បុត្រា​បុត្រី​របស់​ព្រះបិតា យើង​យល់​ថា​ព្រះបិតា​មាន​ព្រះគម្រោងការណ៍​សម្រាប់​យើង​ទាំង​អស់​គ្នា។ ព្រះគម្រោងការណ៍​របស់​ព្រះបិតា​សម្រាប់​យើង​ទាំង​អស់ គឺ​ឱ្យ​យើង​ពោរពេញ​ដោយ​សុភមង្គល​នៅ​លើ​ផែនដី​នេះ ឱ្យ​យើង​ពោរពេញ​ដោយ​សេចក្តី​សុខសាន្ត​នៅ​លើ​ផែនដី​នេះ។ ណែនាំ​ឱ្យ​យើង​ទាំង​អស់​គ្នា ចូល​រួម​នៅ​ក្នុង​ព្រះគម្រោងការណ៍​នេះ ដោយ​ទៅ​ជា​អ្នក​កសាង​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​នៅ​លើ​ផែនដី​នេះ។

បងប្អូន​ជា​ទី​ស្រឡាញ់ យើង​មិន​មែន​អ្នក​ស៊ី​ឈ្នួល​ទេ អ្នក​ស៊ី​ឈ្នួល​មិន​ស្គាល់​ចិត្ត​ម្ចាស់ អ្នក​ស៊ី​ឈ្នួល​ចេះ​តែ​រក​ប្រាក់​ខែ​តែ​ប៉ុណ្ណឹង។ អ្នក​ស៊ី​ឈ្នួល មិន​រវីរវល់​នឹង​បញ្ហា​ណា​មួយ​ដូច​យើង​បាន​ស្ដាប់​នៅ​ក្នុង​ព្រះគម្ពីរ ពេល​មាន​ចចក​មក​ខាំ​ស៊ី​កូន​ចៀម អ្នក​ស៊ី​ឈ្នួល​រត់​ចេញ​ដោយសារ​មិន​មែន​ជា​ចៀម​ផ្ទាល់​ខ្លួន មិន​មែន​ជា​ហ្វូង​សត្វ​ផ្ទាល់​ខ្លួន។ គាត់​មិន​រវីរវល់​ទេ គាត់​មើល​តាម​ម៉ោង​របស់​គាត់ ស៊ី​ប្រាក់​ខែ​ហើយ​ទៅ​ដេក​សម្រាក ទោះបី​មាន​បញ្ហា​ណា​មួយ​កើត​ឡើង​ក៏​គាត់​នៅ​តែ​ដេក​លក់​ដដែល។ ពិត​មែន យើង​មិន​មែន​ជា​អ្នក​ស៊ី​ឈ្នួល​ទេ​យើង​គឺ​ជា​អ្នក​បម្រើ យើង​ជា​អ្នក​បម្រើ​របស់​ព្រះជាម្ចាស់ យើង​ជា​បុត្រា​បុត្រី​របស់​ព្រះជាម្ចាស់ ដែល​ព្រះអង្គ​បាន​ជ្រើស​រើស។ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​នៅ​ក្នុង​ទិវា​ទី​៥៨ ដែល​យើង​អធិដ្ឋាន​សម្រាប់​ការ​ត្រាស់​ហៅ សម្ដេច​ប៉ាប ហ្វ្រង់ស៊ីស្កូ បាន​សរសេរ​សារ​ជូន​ដល់​គ្រីស្ត​បរិស័ទ​យើង​ទាំង​អស់ ជូន​ដល់​យុវជន​យុវនារី​យើង​ទាំង​អស់​។ នៅ​ក្នុង​សារ​របស់​សម្ដេច​ប៉ាប ព្រះអង្គ​បាន​យក​សន្ត​យ៉ូសែប​ដែល​ជា​អ្នក​សុចរិត សន្ត​យ៉ូសែប​ដែល​ជា​ស្វាមី​របស់​ព្រះនាង​ម៉ារី សន្ត​យ៉ូសែប​ដែល​ជា​ឪពុក​របស់​ព្រះយេស៊ូ សន្ត​យ៉ូសែប​ដែល​ជា​ឧបការី​នៃ​ព្រះសហគមន៍​របស់​យើង ទៅ​ជា​គំរូ​ដើម្បី​ឱ្យ​យើង​យល់​អំពី​ព្រះគម្រោងការណ៍​របស់​ព្រះជាម្ចាស់​សម្រាប់​យើង​ទាំង​អស់។

ពេល​យើង​មើល​សន្ត​យ៉ូសែប យើង​ដឹង​ថា​ព្រះជាម្ចាស់​ឈ្វេង​យល់​ដួង​ចិត្ត​របស់​យើង ព្រះជាម្ចាស់​ដឹង​អំពី​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​យើង។ ព្រះជាម្ចាស់​ចង់​សូន​ដួង​ចិត្ត​របស់​យើង ដើម្បី​ឱ្យ​ដួង​ចិត្ត​របស់​យើង​ភ្ជាប់​នឹង​ព្រះហឫទ័យ​របស់​ព្រះអង្គ ដើម្បី​ឱ្យ​យើង​ទាំង​អស់​គ្នា​ចូល​នៅ​ក្នុង​ព្រះគម្រោងការណ៍​របស់​ព្រះអង្គ​សម្រាប់​ពិភព​លោក។ ជាពិសេស នៅ​ក្នុង​កាលៈទេសៈ​ដ៏​ពិបាក​នេះ ដែល​បងប្អូន​របស់​យើង​បាត់​បង់​សេចក្តី​សុខ ដែល​បងប្អូន​របស់​យើង​កំពុង​ភ័យ​ខ្លាច​មែន​ទែន ដែល​បងប្អូន​របស់​យើង​មួយ​ចំនួន​អត់​មាន​ម្ហូប​អាហារ ដែល​បងប្អូន​របស់​យើង​មួយ​ចំនួន​ធំ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បាន​ទទួល​មរណៈភាព​ទូទាំង​ពិភព​លោក​ក្តី នៅ​ប្រទេស​កម្ពុជា​ក្តី ដូច​ពី​ម្សិលមិញ​យើង​មាន​១០​នាក់ ដែល​បាន​ទទួល​មរណៈភាព​ដោយសារ​ជំងឺ​កូវីដ-១៩​នៅ​ប្រទេស​កម្ពុជា​យើង។ នេះ​យើង​មិន​បាន​គិត​ដល់​បងប្អូន ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​នានា ឬ​ដោយសារ​សង្គ្រាម ឬ​ដោយសារ​ទុក្ខ​លំបាក​នៅ​ក្នុង​ពិភព​លោក។

បងប្អូន​ជាទី​ស្រឡាញ់ ព្រះជាម្ចាស់​មាន​ព្រះគម្រោងការណ៍ និង​ព្រះអង្គ​ឈ្វេង​យល់​ដួង​ចិត្ត​របស់​យើង ដោយសារ​ប្រសិន​បើ​ខ្ញុំ​សួរ​ដល់​យុវជន​យុវនារី​ម្នាក់ៗ តើអនាគតប្អូនចង់ធ្វើអ្វី? ប្រហែល​មាន​ខ្លះ គាត់​ចង់​ធ្វើ​ជា​គ្រូ​បង្រៀន មាន​ខ្លះ​គាត់​ចង់​ធ្វើ​ជា​គ្រូ​ពេទ្យ មាន​ខ្លះ​គាត់​ចង់​ធ្វើ​ការ​នៅ​ក្នុង​ការិយាល័យ។ ជាពិសេស អនាគត​យើង​ចង់​មាន​សុភមង្គល​ដ៏​ពិត​ប្រាកដ អនាគត​យើង​ចង់​មាន​គ្រួសារ​ដែល​ពោរពេញ​ទៅ​ដោយ​សេចក្តី​សុខ និង​អនាគត​ប្រហែល​មាន​បងប្អូន​ខ្លះ​ចង់​បម្រើ​ព្រះសហគមន៍​អស់​មួយ​ជីវិត (ដោយ​ធ្វើ​ជា​បូជាចារ្យ ឬ​បង​ស្រី)។

យើង​បាន​ស្ដាប់​សក្ខីភាព​របស់​បង​ស្រី សូភី ថ្ងៃ​នេះ​បង​ស្រី​សូភី​គាត់​មិន​បាន​រៀប​រាប់ អំពី​ការ​ត្រាស់​ហៅ​របស់​គាត់​ពី​ដើម។ ប៉ុន្តែ ថ្ងៃ​នេះ​បង​ស្រី​សូភី​គាត់​បាន​បង្ហាញ​អំពី​ផ្លែ​នៃ​ការ​ត្រាស់​ហៅ​របស់​គាត់ អំពី​អំណរ​សប្បាយ​ដែល​គាត់​មាន ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​គាត់។ នៅ​ក្នុង​កាលៈទេសៈ​ដ៏​ពិបាក​នេះ បង​ស្រី​សូភី​ដែល​បាន​ភ្ជាប់​ជា​មួយ​ព្រះជាម្ចាស់ បម្រើ​ព្រះគម្រោងការណ៍​របស់​ព្រះជាម្ចាស់​អស់​ពី​សមត្ថភាព ដោយ​បាន​បម្រើ​នៅ​ក្នុង​សេចក្តី​ស្រឡាញ់ ជា​ពិសេស​ក្មេងៗ​ពិការ​នៅ​តាម​ភូមិ នៅ​តាម​ផ្ទះ និង​បាន​ខិតខំ​រៀប​ចំ​ព្រះវិហារ​របស់​យើង​ឱ្យ​ស្អាត​បំផុត ដើម្បី​បងប្អូន​ដែល​អត់​មាន​ឱកាស​ចូល​ព្រះវិហារ អាច​ចូល​រួម​ជា​មួយ​ពួក​យើង​នៅ​ក្នុង​សេចក្តី​សុខ និង​ដើម្បី​ឱ្យ​ព្រះជាម្ចាស់​មាន​សេចក្តី​សុខ​សាន្ត នៅ​ក្នុង​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដែរ។ នេះ​ជា​ផ្លែ​នៃ​ការ​ត្រាស់​ហៅ ការ​ត្រាស់​ហៅ​ដើម្បី​បម្រើ និង​ដើម្បី​ទូល​អង្វរ​ព្រះជាម្ចាស់ នេះ​ជា​បេសកកម្ម​របស់​ក្រុម​របស់​បង​ស្រី​សូភី។ ខ្ញុំ​សង្ឃឹម​និង​ជឿ​ថា យើង​នឹង​មាន​យុវជន​យុវនារី​ជា​ពិសេស​យុវនារី​មួយ​ចំនួន ទោះ​បី​ជា​យុវនារី​ចាស់​ក៏​ដោយ ដោយសារ​នេះ​មិន​មែន​តែ​សម្រាប់​យុវនារី​ថ្មីៗ យើង​មាន​យុវនារី​មួយ​ចំនួន​អាយុ​៣០​ឆ្នាំ ឬ​៤០​ឆ្នាំ ដែល​មិន​ទាន់​បាន​យក​ប្ដី​ដល់​ពេល​វេលា ដើម្បី​ចូល​នៅ​ក្នុង​ក្រុម​បម្រើ​ព្រះយេស៊ូ​អស់​ពី​ដួង​ចិត្ត ដើម្បី​ឱ្យ​ព្រះសហគមន៍​របស់​យើង​មាន​ជីវិត ដើម្បី​ឱ្យ​យើង​មាន​សញ្ញា​សម្គាល់​មួយ​ប្លែក យើង​ជា​ជនជាតិ​ខ្មែរ​យើង​បម្រើ​ព្រះសហគមន៍​របស់​យើង តាម​កាលៈទេសៈ។

កាលៈទេសៈ​ដ៏​ពិបាក​នេះ គឺ​ស្រឡាញ់​តាម​របៀប​ប្លែកៗ កាលៈទេសៈ​ដ៏​ពិបាក​នេះ​គឺ​អធិដ្ឋាន​តាម​របៀប​ប្លែកៗ។ អម្បាញ់មិញ យើង​បាន​ឃើញ​យុវជន​របស់​យើង​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​ទាំង​មូល ដែល​បាន​អធិដ្ឋាន​តៗ​គ្នា (បពិត្រ​ព្រះនាង​ម៉ារី ឱ​ព្រះបិតា​អើយ) នេះ​ជា​កម្លាំង​សម្រាប់​យើង។

ពី​ម្សិញមិញ ខ្ញុំ​បាន​ប្រជុំ​ជា​មួយ​ប្រធាន​យុវជន​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​ទាំង​មូល ជា​ពិសេស​នៅ​ក្នុង​តំបន់​ភ្នំពេញ​ថ្មី ភ្នំពេញ​ខាង​ជើង ភ្នំពេញ​ខាង​ត្បូង តាខ្មៅ បាសាក់ មេគង្គ ដែល​កំពុង​ពិបាក​ជាង​គេ​ដោយសារ​ជំងឺ​កូវីដ-១៩។ យើង​បាន​ប្រជុំ​ចំនួន​៤០​នាក់ ដែល​កំពុង​ចែក​រំលែក​ទុក្ខ​លំបាក សេចក្តី​សង្ឃឹម និង​ដែល​បង្ហាញ​ការ​លើក​ទឹក​ចិត្ត​នៅ​ពេល​យើង​ជួប​ជុំ​គ្នា​នេះ។ ទោះ​បី​យើង​នៅ​ឆ្ងាយ​ពី​គ្នា យើង​មាន​ឱកាស​ដោយ​ដឹង​ថា​យើង​បាន​អធិដ្ឋាន​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។

បងប្អូន​ជា​ទី​ស្រឡាញ់ នេះ​ជា​ពេល​វេលា​ដើម្បី​សួរ​ខ្លួន​ឯង តើព្រះជាម្ចាស់មានព្រះគម្រោងការណ៍​អ្វីសម្រាប់ខ្ញុំ? ជា​ពេល​វេលា​ដើម្បី​មើល​សន្ត​យ៉ូសែប ជា​ពេល​វេលា​ដើម្បី​មើល​គ្រូ​គង្វាល​ដ៏​សប្បុរស​ដែល​បាន​ស្រឡាញ់​យើង​អស់​ពី​ដួង​ចិត្ត។ សន្ត​យ៉ូសែប ដូច​សម្ដេច​ប៉ាប​បាន​រំលឹក​នៅ​ក្នុង​សារ​លិខិត​របស់​ព្រះអង្គ នៅ​ក្នុង​សុបិន​និមិ្មត​របស់​សន្ត​យ៉ូសែប គាត់​បាន​ឃើញ​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​គាត់​ថា “សូមយកព្រះនាងម៉ារី​ធ្វើ​ជាប្រពន្ធ” ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​​គាត់​ម្ដង​ទៀត​ថា “សូមចេញពីអ៊ីស្រាអែលទៅប្រទេសអេហ្ស៊ីប​មួយ​រយៈ ដើម្បីការពារថែរក្សាក្រុមគ្រួសារដ៏វិសុទ្ធ” ដោយសារ​ស្ដេច​ហេរ៉ូឌ​ចង់​សម្លាប់​កូន​ង៉ែត​ទាំង​អស់។ សន្ត​យ៉ូសែប បាន​ធ្វើ​តាម​សុបិន​និម្មិត​នេះ ដើម្បី​ចូល​នៅ​ក្នុង​ព្រះគម្រោងការណ៍​របស់​ព្រះជាម្ចាស់។ ដូច្នេះ ឱ្យ​យើង​ជ្រាប​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង តើយើងមានសុបិននិមិ្មត​អ្វីខ្លះ? តើសុបិននិម្មិតនេះមិនមានជាសុបិននិមិ្មត​ដែលមកពីព្រះជាម្ចាស់ផ្ទាល់​ទេ​ឬ? ដែល​ព្រះអង្គ​ចង់​ឱ្យ​យើង​ចូល​នៅ​ក្នុង​ព្រះគម្រោងការណ៍​របស់​ព្រះអង្គ ដើម្បី​កសាង​ពិភព​របស់​យើង​ឱ្យ​បាន​ពោរពេញ​ដោយ​សេចក្តី​សុខ​សាន្ត។

សន្ត​យ៉ូសែប​ជា​អ្នក​បម្រើ ជា​អ្នក​បម្រើ​អស់​មួយ​ជីវិត ជា​អ្នក​បម្រើ​ព្រះជាម្ចាស់ ជា​អ្នក​បម្រើ​ព្រះនាង​ម៉ារី​ដោយ​ធ្វើ​ជា​ស្វាមី ជា​អ្នក​បម្រើ​របស់​ព្រះយេស៊ូ​ដោយ​ធ្វើ​ជា​ឪពុក បម្រើ​ក្រុម​គ្រួសារ​របស់​គាត់​ជា​មេ​គ្រួសារ បម្រើ​ការងារ​ជា​ជាង​ឈើ បម្រើ​អ្នក​ភូមិ​ជា​អ្នក​រស់​នៅ​ក្នុង​ភូមិ​ណាសារ៉េត។ បម្រើ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​តែ​ធ្វើ យើង​មិន​មាន​ជា​អ្នក​ស៊ី​ឈ្នួល យើង​ជា​អ្នក​បម្រើ​ដែល​មាន​ចិត្ត​ស្រឡាញ់ ដែល​មាន​ចិត្ត​អាណិត ដែល​មាន​ចិត្ត​មេត្តា ដែល​មាន​ចិត្ត​លើក​លែង​ទោស ដែល​មាន​ចិត្ត​លើក​ទឹក​ចិត្ត ដែល​មាន​ចិត្ត​ធ្វើ​ដំណើរ រហូត​ដល់​សុខ​ចិត្ត​ស៊ូ​ប្ដូរ​ជីវិត​សម្រាប់​បងប្អូន​ឯទៀតៗ។ យើង​បាន​ឃើញ សព្វថ្ងៃ​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ យើង​បាន​ខិតខំ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។

ខ្ញុំ​បាន​បង្កើត​យុទ្ធ​សាស្ត្រ សម្រាប់​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ ដើម្បី​ឱ្យ​យើង​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​ទុក្ខ​លំបាក​របស់​បង​ប្អូន នៅ​ក្នុង​រាជធានី​ភ្នំពេញ​និង​ទីក្រុង​តាខ្មៅ។ ដូច្នេះ ខ្ញុំ​សូម​រំលឹក​សព្វ​ថ្ងៃ​យើង​មិន​អាច​ជួយ​សង្គ្រោះ​មនុស្ស​ទាំង​អស់​បាន​ទេ គឺ​មាន​រដ្ឋាភិបាល​ដែល​បាន​នឹង​កំពុង​ធ្វើ​ការ​អស់​ពី​សមត្ថភាព មាន​អង្គការ​មនុស្ស​ធម៌​មួយ​ចំនួន​ដែល​កំពុង​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​។ ក្នុង​នេះ យើង​មាន​អង្គការ​កាតូលិក​យ៉ាង​ច្រើន​ដែល​​ជា​ដៃ​គូ​យ៉ាង​ជិតស្និទ្ធ ជា​មួយ​ព្រះសហគមន៍​កាតូលិក។ ប៉ុន្តែ ជា​ពិសេស​នៅ​ក្នុង​នេះ​យើង​មាន​គ្រីស្ត​បរិស័ទ​ម្នាក់ៗ នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ទីក្រុង​តាខ្មៅ ខ្ញុំ​សូម​រំលឹក​ថ្ងៃ​នេះ​ដល់​គ្រីស្ត​បរិស័ទ​ដែល​កំពុង​ស្ដាប់​ខ្ញុំ សូម​បើក​ភ្នែក បើក​ត្រចៀក បើក​បេះដូង ប្រសិនបើ​បង​ប្អូន​បាន​ឃើញ​អ្នក​ជិត​ខាង​ដែល​កំពុង​ពិបាក ប្រសិន​បើ​បងប្អូន​បាន​ឃើញ​គ្រួសារ​ដែល​កំពុង​រង​ទុក្ខ​លំបាក ប្រសិន​បើ​បង​ប្អូន​បាន​ឃើញ​បង​ប្អូន​ដែល​គ្មាន​កន្លែង​ស្នាក់​នៅ​នៅ​ក្បែរ​កន្លែង​យើង សូម​ទូរសព្ទ​ទាក់ទង​ជា​មួយ​លោក​បូជាចារ្យ​តាម​មណ្ឌល​សកម្មភាព​នីមួយៗ ដែល​មាន​លេខ​ទូរសព្ទ៖

១ លោក​បូជាចារ្យ សួន ហង្សលី (អ្នក​សម្រប​សម្រួល​មណ្ឌល​សកម្មភាព​ភ្នំពេញ​ថ្មី) ០៨៩ ៨៤ ៩៨ ៣៣

២ លោក​បូជាចារ្យ រឿង ឆ័ត្រសិរី (អ្នក​សម្រប​សម្រួល​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង) ០៩៦ ៣៤ ២២ ១៤៤

៣ លោក​បូជាចារ្យ ដាមីញាំង ហ្វាន័រ (អ្នក​សម្រប​សម្រួល​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ត្បូង) ០៧៧ ៤៣ ៣៥ ៩៧

៤ លោក​បូជាចារ្យ ស្រ៊ីប្រាម៉ុង វីរៈជ័យ (អ្នក​សម្រប​សម្រួល​មណ្ឌល​សកម្មភាព​ទន្លេ​មេគង្គ) ០៩៧ ៧៨ ៤០ ៥៤០

៥ លោក​បូជាចារ្យ ជីអូវ៉ាន់នី ទូលីណូ (អ្នក​សម្រប​សម្រួល​មណ្ឌល​សកម្មភាព​តាខ្មៅ) ០៨៥ ៧៩ ៤៩ ៧៨។

សូម​ទូរសព្ទ​ដើម្បី​ផ្ដល់​សក្ខីភាព ប្រសិន​បើ​យើង​ជា​គ្រីស្ត​បរិស័ទ​យើង​មិន​ចេះ​មើល តើមានអ្នកណាដែលមើលអ្នកតូចតាច? ប្រសិន​បើ​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ​មិន​ចេះ​មើល​អ្នក​កំពុង​រង​ទុក្ខ​លំបាក តើអ្នកណាចេះមើល? បងប្អូន​ជា​ទី​ស្រឡាញ់​សូម​មើល ជា​ពិសេស​យុវជន​យុវនារី ជា​ពិសេស​បងប្អូន​ដែល​ជា​គ្រីស្ត​បរិស័ទ​កាតូលិក នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ផ្ដល់​ព័ត៌មាន ដើម្បី​ឱ្យ​យើង​រៀប​ចំ។ សព្វ​ថ្ងៃ យើង​បាន​ខិត​ខំ​រៀប​ចំ​តាម​សមត្ថភាព យើង​បាន​ទទួល​លុយ​មួយ​ចំនួន សម្រាប់​បង​ប្អូន​ដែល​ចង់​ផ្ញើ​លុយ​តាម​រយៈ​ធនាគារ​អេប៊ីអេ (ABA: Account Name: Hiem Channy Account Number: 002039900) ដើម្បី​ជួយ​បង​ប្អូន​ដែល​ខ្វះ​ខាត។ សព្វថ្ងៃ នៅ​តាម​ជនបទ តាម​ខេត្ត នៅ​តាម​ព្រះសហគមន៍​ដែល​យើង​មាន​យើង​បាន​ខិត​ខំ​ធ្វើ​ច្រើន​ណាស់។

ពី​ដើម​មាន​អ្នក​ខ្លះ​បាន​និយាយ​ថា តើលោកអភិបាលធ្វើកសិដ្ឋានដើម្បីអ្វី? លោក​អភិបាល​គួរ​តែ​ប្រកាស​ដំណឹង​ល្អ​ទៅ។ លោក​អភិបាល​មិន​ត្រូវ​ការ​ដាំ​បន្លែ​ទេ ឱ្យ​លោក​អភិបាល​ទៅ​និយាយ​អំពី​ព្រះយេស៊ូ​ទៅ។ លោក​អភិបាល​មិន​ត្រូវ​ការ​ចិញ្ចឹម​ជ្រូក​ទេ ឱ្យ​លោក​អភិបាល​ទៅ​សម្រុះ​សម្រួល​អំពី​ធម្មទេសនា​ទៅ។ លោក​អភិបាល​មិន​ត្រូវ​ការ​ដាំ​អំពៅ​ឬ​ដាំ​ដើម​ស្វាយ​ទេ ឱ្យ​លោក​អភិបាល​ធ្វើ​អគ្គ​សញ្ញា​ទៅ។ ប៉ុន្តែ ព្រះយេស៊ូ​បាន​គិត​ទាំង​ម្ហូប​អាហារ ទាំង​អធិដ្ឋាន។ ពី​យូរ​ឆ្នាំ​ហើយ យើង​មាន​កន្លែង​ភ្នំ​វល្លិ៍ ដែល​សព្វ​ថ្ងៃ​ខ្ញុំ​ហៅ​កសិដ្ឋាន​ឋាន​សួគ៌ ដែល​យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់ ដោយសារ​យើង​មាន​បន្លែ​ច្រើន ហើយ​នៅ​ថ្ងៃ​ច័ន្ទ​ខាង​មុខ​នេះ​ខ្ញុំ​នឹង​ផ្ញើ​​បន្លែ​រាប់​រយ​គីឡូ។ ពី​ប៉ុន្មាន​ខែ​កន្លង​មក យើង​បាន​ជម្រុញ​ឱ្យ​បង្កើត​រោង​បន្លែ ដែល​យើង​មាន​យ៉ាង​ច្រើន​សព្វ​ថ្ងៃ​នៅ​ខាង​សាលា​បច្ចេកទេស​សន្ត​ហ្រ្វង់ស្វ័រ វិទ្យាស្ថាន​សន្ត​ប៉ូល នៅ​តាម​ភូមិ នៅ​តាម​វត្ត ដែល​កំពុង​ដាំ​បន្លែ និង​បាន​ប្រមូល​ទៅ​រាជធានី​ភ្នំពេញ។ ដោយសារ សព្វ​ថ្ងៃ​នៅ​ភ្នំពេញ​គេ​បាន​បិទ​ផ្សារ ដូច្នេះ​យើង​ត្រូវ​តែ​អរគុណព្រះជាម្ចាស់​ដែល​បាន​ប្រទាន​ម្ហូប​អាហារ។ យើង​មាន​ជ្រូក យើង​មាន​អំពៅ យើង​មាន​ស្រូវ សព្វ​ថ្ងៃ​យើង​កំពុង​កិន​ស្រូវ​ច្រើន​ដើម្បី​ផ្ញើ​អង្ករ​រាប់​តោន​ទៅ​ភ្នំពេញ។

ដូច្នេះ នេះ​ជា​គ្រួសារ​មួយ​ដែល​កំពុង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ជាក់​ស្ដែង សេចក្តី​ស្រឡាញ់​គ្មាន​ព្រំដែន សមត្ថភាព​ដែល​យើង​មាន​មាន​ព្រំដែន។ ប៉ុន្តែ រួម​ជា​មួយ​ព្រះជាម្ចាស់​ពេល​យើង​ចូល​នៅ​ក្នុង​ព្រះគម្រោងការណ៍​របស់​ព្រះជាម្ចាស់ ព្រំដែន​ដូច​ជា​បាន​អស់​ហើយ។ ដោយសារ ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់​គ្មាន​ព្រំដែន​ណា​មួយ​សោះ។ បងប្អូន​ជា​ទី​ស្រឡាញ់ យើង​បន្ត​ចូល​រួម​នៅ​ក្នុង​ព្រះគម្រោងការណ៍​របស់​ព្រះជាម្ចាស់ ប៉ុន្តែ​យើង​ត្រូវ​តែ​ជា​អ្នក​មាន​ចិត្ត​ស្មោះ​ត្រង់ ដូច​សន្ត​យ៉ូសែប​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះជាម្ចាស់ ជាពិសេស​នៅ​ក្នុង​ការ​អធិដ្ឋាន នៅ​ក្នុង​ការ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច្នេះ យើង​មិន​មែន​ត្រឹម​តែ​ចិញ្ចឹម​ក្រពះ ប៉ុន្តែ​ព្រះសហគមន៍​ត្រូវ​ការ​គិត​យ៉ាង​ច្បាស់​លាស់ គឺ​យើង​ធ្វើ​ដូច​ម្ដេច​ដើម្បី​ឱ្យ​យើង​លើក​ទឹក​ចិត្ត​បងប្អូន ដែល​កំពុង​ភ្ជាប់​នៅ​ក្នុង​បន្ទប់​ដ៏​តូច​មួយ ជាប់​នៅ​ក្នុង​ផ្ទះ​ដែល​មិន​អាច​ទៅ​ព្រះវិហារ​​បាន​ទេ មិន​អាច​ទៅ​អធិដ្ឋាន មិន​អាច​ជួប​គ្នា​ជា​មួយ​បង​ប្អូន​ដទៃ​ទៀត មិន​អាច​ដើរ​លេង មិន​អាច​ធ្វើ​អ្វី​សោះ។ គេ​ភ្ជាប់​នៅ​ក្នុង​បន្ទប់ ពី​ព្រឹក​ដល់​យប់ ពី​យប់​ដល់​ព្រឹក គេ​ប្រកាស​ថា​រហូត​ដល់​ថ្ងៃទី​២៨ ខែ​មេសា​នេះ ប៉ុន្តែ​ឥឡូវ​នេះ​យើង​បាន​ឃើញ គេ​បាន​ថែម​ពីរ​អាទិត្យ​ហើយ​ពីរ​អាទិត្យ​ទៀត និង​ប្រហែល​មួយ​ខែ​ទៀត ថ្ងៃ​នេះ យ៉ាង​តិច​មាន​៦០០​នាក់​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ-១៩។

បងប្អូន​ជា​ទី​ស្រឡាញ់ យើង​បាន​បង្កើត (https://www.facebook.com/LiveCatholicChannel) ដែល​ជា​ហ្វេសបុក​ភេច ដើម្បី​ជួយ​ឱ្យ​យើង​ទាំង​អស់​គ្នា​អាច​មាន​ឱកាស​អធិដ្ឋាន មើល​រឿង​ព្រះយេស៊ូ ស្តាប់​ព្រះគម្ពីរ ចូល​អធិដ្ឋាន​ជា​មួយ​សម្ដេច​ប៉ាប។ (https://www.facebook.com/LiveCatholicChannel) ជា​ឱកាស​មួយ​ដើម្បី​ឱ្យ​យើង​មាន​ពេល​វេលា​នៅ​ក្នុង​មួយ​ថ្ងៃ ភ្ជាប់​ជា​មួយ​ព្រះជាម្ចាស់​ថែម​ទៀត។ ដូច្នេះ ខ្ញុំ​សូម​អញ្ជើញ​បង​ប្អូន​ចូល​រួម​មើល​ផ្ទាល់​ដល់​ម៉ោង ឬ​ក្រោយ​ម៉ោង​ក៏​បាន​ដែរ ជា​មួយ​កូនៗ​យើង​មាន​រឿង​តុក្កតា​ដែរ ដើម្បី​ឱ្យ​យើង​រួម​គ្នា​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត ដោយ​បង្ហាញ​ថា​យើង​ជា​គ្រីស្ត​បរិស័ទ ដែល​បាន​ធ្វើ​ដំណើរ​នៅ​ក្នុង​គ្រប់​វិស័យ​នៃ​សង្គម​បច្ចុប្បន្ន​នេះ នៅ​ក្នុង​គ្រប់​វិស័យ​ដែល​ជា​អាទិភាព​សម្រាប់​មនុស្ស ផ្លូវ​កាយ ផ្លូវ​ចិត្ត ផ្លូវ​វិញ្ញាណ ដើម្បី​ឱ្យ​យើង​រួម​គ្នា​មិន​បាត់បង់​សេចក្តី​សង្ឃឹម កុំ​ឱ្យ​យើង​បាត់​បង់​សេច​ក្តី​សង្ឃឹម។

បងប្អូន​ជា​ទី​ស្រឡាញ់ យើង​មិន​មែន​ជា​អ្នក​ស៊ី​ឈ្នួល​ទេ យើង​ជា​អ្នក​បម្រើ​ដែល​ស្រឡាញ់ ដែល​អាណិត ដែល​អធិដ្ឋាន។ យើង​មើល​សន្ត​យ៉ូសែប ដែល​ជា​គំរូ​សម្រាប់​យើង យើង​ទូល​អង្វរ​ព្រះយេស៊ូ​ដែល​ជា​គ្រូ​គង្វាល​ដ៏​សប្បុរស តាមរយៈ​សន្ត​យ៉ូសែប។ ឱ្យ​យើង​ទាំង​អស់​គ្នា មើល​ឃើញ​ព្រះគម្រោងការណ៍​របស់​ព្រះជាម្ចាស់​សម្រាប់​យើង ជា​ពិសេស​យុវជន​យុវនារី។ យើង​អធិដ្ឋាន​ដើម្បី​ឱ្យ​យើង​ទាំង​អស់​គ្នា ទៅ​ជា​អ្នក​បម្រើ​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះជាម្ចាស់ ដើម្បី​ឱ្យ​យើង​ឈ្នះ​ហើយ​ចេញ​ផុត​ពី​ទុក្ខ​លំបាក​ដែល​យើង​កំពុង​ជួប។ ប៉ុន្តែ ដោយ​ដឹង​ថា​នៅ​ក្នុង​ពេល​វេលា​ដ៏​ពិបាក​នេះ នៅ​ក្នុង​កាលៈទេសៈ​ដ៏​ពិបាក​នេះ យើង​ជា​គ្រីស្ត​បរិស័ទ យើង​​ជា​ព្រះសហគមន៍​កាតូលិក យើង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​សម្ដែង​ធម៌​មេត្តា​ករុណា ដោយសារ​ពិត​មែន​ព្រះជាម្ចាស់​ជា​ព្រះបិតា​ដែល​មាន​ព្រះហឫទ័យ​មេត្តា​ករុណា​គ្រប់​ពេល​វេលា។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីត​ហស្លេ
អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ
ប្រទេសកម្ពុជា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

ការអប់រំសីលធម៌តាមបែបសាសនាជួយបង្ការនិងទប់ស្កាត់ការជួញដូរមនុស្សសម័យទំនើប

ព្រះសហគមន៍កាតូលិក​ រួមជាមួយសាសនា​ នានា​​ ចូលរួមទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស​  ២០​ សីហា​ ឆ្នាំ២០២៤​ ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា​ បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស​ សម័យឌីជីថល» នាថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០២៤​ នៅមជ្ឈមណ្ឌលសន្និបាត​ និងពិព័ណ៌អន្តរជាតិជ្រោយចង្វារ​ (OCIC)​ ដោយមានពិធីសូត្រធម៌​ និងអធិដ្ឋានបញ្ជូនសាររបស់សាសនានីមួយៗ។ ជំជួបរវាង​សាសនាក្នុងទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរមនុស្ស​ នៅថ្ងៃនេះ​ មាន​អ្នក​ចូលរួម​ប្រមាណជាង​២០០០នាក់ ដែលមានមេដឹកនាំ​សាសនា​ និងសាសនិក​ជាច្រើន​ដែលមាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​​ចូលរួម អាជ្ញាធរដែនដី

បិទខួប១៦០ឆ្នាំ គ្រីស្តបរិស័ទត្រូវបើកចិត្តគំនិតថ្មី

នាថ្ងៃទី​១៤ ខែ​ឧសភានេះ លោកអភិបាល​នៃព្រហសហគមន៍​ទាំង​បី​ភូមិភាគ​ក្នុងប្រទេស​កម្ពុជា បាន​ធ្វើ​ជា​អធិបតី ក្នុងពិធីបុណ្យ​បិទខួប​១៦០ឆ្នាំ​នៃ​ការ​បង្កើត​ព្រះសហគមន៍​អ្នកលឿងដែលស្ថិត​នៅ​ក្នុងភូមិ​៦ ឃុំព្រែកខ្សាយ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ដោយ​មាន​គ្រីស្តបរិស័ទ​ចូលរួម​ជា​ច្រើន​កុះករ​។ ក្នុងធម្មទេសនាក្នុងឱកាសនោះ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញមាន​ប្រសាសន៍ថា អស់រយៈកាល​ពេញ​មួយ​ឆ្នាំ​ដែល​គ្រីស្ត​បរិស័ទនៅទីនេះ បាន​ខិតខំ​អធិដ្ឋាន រិះគិត​ពិចារណាអំពីជំនឿ និង​នឹកឃើញ​អំពី​តួនាទីជាគ្រីស្តបរិស័ទ​។ លោក​អភិបាល​បាន​បន្ថែមថា យើង​មិន​ត្រឹមតែ​នឹក​ឃើញ​អំពី​ជីវិត​គ្រីស្តបរិស័ទ​ពីដើម តែ​យើងត្រូវ​នឹក​ឃើញ​អំពី​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​នាពេលបច្ចុប្បន្ន​នេះ ហើយ​ត្រូវ​សម្រេចចិត្ត​បន្ត​ថែរក្សាជំនឿ និង​សេចក្តីសង្ឃឹម ជា​ពិសេស​បន្ត​សម្ដែងធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់។ លោកថា ពិធី​បិទខួប​១៦០ឆ្នាំរបស់​ព្រះសហគមន៍នេះ​​

Subscribe to our newsletter

Don't miss new updates on your email