អភិបូជា​អាទិត្យ​ទី​១​នៃ​រដូវ​រង់​ចាំ

ពី​ព្រះសហគមន៍​សន្ត​យ៉ូសែប

ផ្សារតូច ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១

“ចូរ​ប្រុង​ស្មារតី ​និង​ទូល​អង្វរ​គ្រប់​ពេល​វេលា”

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ យើង​ចូល​នៅ​ក្នុង​អាទិត្យ​ទី​១​នៃ​រដូវ​រង់ចាំ រដូវ​អបអរ​សាទរ​ព្រះយេស៊ូ​គ្រីស្ត​យាង​មក។ នៅ​ពេល​យើង​ស្តាប់​ពាក្យ រដូវ​អបអរ​សាទរ​ណែនាំ​ឱ្យ​យើង​យល់​ថា យើង​ចូល​នៅ​ក្នុង​រដូវ​មួយ​ដែល​ត្រូវ​តែ​ណែនាំ​ឱ្យ​យើង​ពោរពេញ​ដោយ​សុភមង្គល​និង​សេចក្តី​សុខ​សាន្ត។ នៅ​ក្នុង​អត្ថបទ​ទី​១​យើង​បាន​ស្តាប់​ថា “យើង​នឹង​សម្រេច​តាម​ពាក្យ​ដែល​យើង​បាន​សន្យា គឺ​ណែនាំ​ឱ្យ​បង​ប្អូន​ពោរពេញ​ដោយ​សុភមង្គល​ជា​មួយ​ជនជាតិ​អ៊ីស្រាអែល​និង​ប្រជាជន​យ៉ូដា នៅ​ពេល​នោះ​មាន​ស្តេច​មួយ​ដែល​គ្រប់​គ្រង​ស្រុក​ដោយ​សុចរិត​និង​យុត្តិធម៌”។ នេះ​ជា​សេចក្តី​សង្ឃឹម​របស់​យើង នេះ​ជា​អំណរ​សប្បាយ​ដែល​យើង​ថែរក្សា​នៅ​ក្នុង​រដូវ​អប់អរ​សាទរ ដើម្បី​ណែនាំ​ឱ្យ​យើង​រៀប​ចំ​ចិត្ត​គំនិត​ទទួល​ស្វាគមន៍​ស្តេច​របស់​យើង។ គឺ​ព្រះយេស៊ូ​គ្រីស្ត​ផ្ទាល់ ដែល​យាង​មក​ដើម្បី​ណែនាំ​ឱ្យ​ពិភព​លោក​របស់​យើង ពោរពេញ​ដោយ​យុត្តិធម៌ ពោរពេញ​ដោយ​ភាព​សុចរិត និង​ពោរពេញ​ដោយ​សេចក្តី​សុខសាន្ត។

នេះ​ជា​សេចក្តី​សង្ឃឹម​របស់​យើង ហេតុ​នេះ​ហើយ​នៅ​ពេល​យើង​និយាយ​អំពី​រដូវ​រង់ចាំ ឬ​រដូវ​អបអរ​សាទរ យើង​ដឹង​ថា ជា​ពេល​វេលា​ដើម្បី​រង់ចាំ ជា​ពេល​វេលា​ដើម្បី​រៀប​ចំ​ចិត្ត​គំនិត ជា​ពេល​វេលា​ដើម្បី​ទទួល​ព្រះពរ​ពី​ព្រះជាម្ចាស់។ ដូច្នេះ នៅ​ពេល​យើង​នឹក​ឃើញ​នេះ​យើង​ចូល​នៅ​ក្នុង​អាថ៌​កំបាំង​នៃ​ជំនឿ​របស់​យើង ដោយសារ​នៅ​ក្នុង​រាត្រី​ព្រះយេស៊ូ​ប្រសូត​យើង​មើល​យ៉ាង​ជាក់​ស្តែង ព្រះជាម្ចាស់​ដែល​ជា​ព្រះបិតា​បាន​ស្រឡាញ់​មនុស្ស​លោក​យ៉ាង​ខ្លាំង។ ហេតុ​នេះ​ហើយ បាន​ជា​ព្រះអង្គ​ចាត់​ព្រះបុត្រា​ដ៏​ជាទី​ស្រឡាញ់​របស់​ព្រះអង្គ ឱ្យ​យាង​មក​ដើម្បី​សង្រ្គោះ​មនុស្ស​លោក។ នេះ​ជា​អ្វី​ដែល​យើង​កំពុង​រៀប​ចំ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ដើម្បី​ស្វាគមន៍​ព្រះយេស៊ូ​ដែល​ជា​ព្រះសង្គ្រោះ ដែល​ជា​ជីវិត ដែល​ជា​សុភមង្គល​ដ៏​ពិត​ប្រាកដ​របស់​យើង។

បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​យើង​ចូល​នៅ​ក្នុង​រដូវ​រង់​ចាំ​នេះ យើង​ដូច​ជា​បាន​ចេញ​ផុត​ពី​ការ​ភ័យ​ខ្លាច​ដែល​យើង​មាន​ពី​ប៉ុន្មាន​ខែ​កន្លង​មក​ពី​ជំងឺ​កូវីដ-១៩។ ណែនាំ​ឱ្យ​យើង​មាន​អារម្មណ៍​ថា ឥលូវ​នេះ​សង្គម​របស់​យើង​ដូច​ជា​បាន​បើក​ទ្វារ​ទូលំ​ទូលាយ បើក​ទ្វារ​ព្រំដែន​ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ ក៏​ដូចជា​ជន​បរទេស​អាច​ធ្វើ​ដំណើរ​ចេញ​ចូល​បាន ករណី​គេ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​រួច​ហើយ។ បាន​បើក​ទ្វារ​នៅ​ក្នុង​សង្គម​របស់​យើង យើង​អាច​ចេញ​ចូល​នៅ​គ្រប់​ទី​កន្លែង​លុះត្រាតែ​យើង​បាន​ចាក់​វ៉ាក់សាំង និង​បន្ត​អនុវត្ត​៣​កុំ​៣​ការពារ។ ប៉ុន្តែ បង​ប្អូន​ជា​ទី​ស្រឡាញ់​យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន ដោយសារ​ការ​សប្បាយ​តាម​លោកិយ​មិន​មែន​ជា​ការ​សប្បាយ​តាម​ស្ថាន​បរម​សុខ។ នៅ​ពេល​យើង​ស្តាប់​អត្ថបទ​គម្ពីរ​ដំណឹង​ល្អ យើង​បាន​ឮ​ហើយ​ថា កុំ​ឱ្យ​យើង​រវល់​នឹង​អំណរ​សប្បាយ​លើ​លោកិយ​នេះ កុំ​ឱ្យ​យើង​រវល់​នឹង​អំណរ​សប្បាយ​ដែល​ណែនាំ​ឱ្យ​យើង​វង្វេង​ស្មារតី។ យើង​ចូល​នៅ​ក្នុង​រដូវ​អបអរ​សាទរ ដើម្បី​ចូល​នៅ​ក្នុង​ជម្រៅ​នៃ​អំណរ​សប្បាយ​ដ៏​ពេញ​លក្ខណៈ​ដែល​យើង​អាច​ទទួល​ពី​ព្រះជាម្ចាស់។

ហេតុ​នេះ​ហើយ នៅ​ក្នុង​រដូវ​រង់​ចាំ​នេះ​កុំ​ឱ្យ​យើង​គិត​ថា​ពេល​នេះ​សង្គម​របស់​យើង យើង​អាច​ដើរ​លេង​តាម​ចិត្ត​យើង​ភ្លេច​ខ្លួន។ ប្រសិន​បើ យើង​មើល​នៅ​ទ្វីប​អឺរ៉ុប​គេ​កំពុង​ភ័យ​ខ្លាច​សាជាថ្មី ដោយសារ​ជំងឺ​កូវីដ-១៩​បម្លែង​ខ្លួន ដែល​ចេញ​ពី​អាហ្វ្រិក​ប៉ុន្មាន​ថ្ងៃ​មុន ដែល​អាច​នឹង​ចូល​នៅ​ក្នុង​សង្គម​របស់​យើង​ដែរ។ ដូច្នេះ ដើម្បី​ត្រៀម​ខ្លួន​ទទួល​ស្វាគមន៍​ព្រះយេស៊ូ​ប្រសូត យើង​ចូល​នៅ​ក្នុង​អ្វី​ដែល​លោក​ប៉ូល​បាន​និយាយ​នៅ​ក្នុង​អត្ថបទ​ទី​២ “បង​ប្អូន​បាន​រៀន​ពី​យើង​អំពី​របៀប​រស់​នៅ ដែល​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់ ហើយ​បាន​ប្រព្រឹត្ត​តាម​ទៀត​ផង”។ លោក​ប៉ូល​បាន​និយាយ​ទៅ​ជនជាតិ​ថេស្សាឡូនិក ដូច​ជា​គេ​ដឹង​អស់​ហើយ​អំពី​របៀប​ដែល​យើង​ត្រូវ​ការ​ធ្វើ ដើម្បី​ឱ្យ​ព្រះជាម្ចាស់​ពេញ​ចិត្ត​នឹង​យើង។ ដើម្បី​ឱ្យ​ព្រះជាម្ចាស់​ពោរពេញ​ដោយ​ព្រះហឫទ័យ ដោយសារ​យើង​ជា​គ្រីស្ត​បរិស័ទ​បាន​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ជា​មនុស្ស​ដ៏​វិសុទ្ធ។

យើង​បាន​ស្តាប់​លោក​ប៉ូល​បាន​និយាយ​អស់​ហើយ បាន​បង្ហាញ​ឱ្យ​យើង​យល់​ច្បាស់​ថែម​ទៀត “សូម​ព្រះអម្ចាស់​ប្រទាន​ឱ្យ​បង​ប្អូន​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ស្រឡាញ់​មនុស្ស​ទាំង​អស់​កាន់​តែ​ខ្លាំង​ឡើងៗ​ជា​អនេក ដូច​យើង​បាន​ស្រឡាញ់​បង​ប្អូន​ដែរ”។ លោក​ប៉ូល​បាន​សង្ខេប អ្វី​ដែល​យើង​ត្រូវ​ការ​ទន្ទឹង​រង់​ចាំ និង​ត្រៀម​នៅ​ក្នុង​រដូវ​រង់​ចាំ​នេះ គឺ​ធ្វើ​ដូច​ម្តេច​ដើម្បី​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក និង​ដើម្បី​ស្រឡាញ់​មនុស្ស​ទាំង​អស់។ មិន​មែន​តែ​ស្រឡាញ់​គ្នា​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ មិន​មែន​តែ​ស្រឡាញ់​គ្នា​យើង​នៅ​ក្នុង​ក្រុម​គ្រួសារ​ផ្ទាល់​ខ្លួន មិន​មែន​តែ​ស្រឡាញ់​គ្នា​យើង​ដែល​ជា​មិត្ត​សម្លាញ់ ប៉ុន្តែ​យើង​ស្រឡាញ់​មនុស្ស​ទាំង​អស់។ យើង​ក៏​មាន​បទ​ពិសោធន៍​នៅ​ក្នុង​ពេល​វេលា​កូវីដ-១៩​ដែរ នៅ​ពេល​បង​ប្អូន​បាន​រង​ទុក្ខ​លំបាក​យើង​បាន​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ជួយ​ជានិច្ច។ ដោយ​នាម​ជា​បុត្រា​បុត្រី​របស់​ព្រះជាម្ចាស់ ដោយ​ព្រះនាម​ព្រះយេស៊ូ​គ្រីស្ត​ជា​ព្រះបុត្រា​របស់​ព្រះអង្គ ដែល​បាន​បង្កើត​យើង​ជា​គ្រួសារ​តែ​មួយ។ បង​ប្អូន​ដែល​បាន​ឃើញ​សកម្មភាព​របស់​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ ក្នុង​ពេល​វេលា​កូវីដ-១៩​យើង​បាន​ឃើញ​ជាក់​ស្តែង។ ប៉ុន្មាន​ដង​ប៉ុន្មាន​សា យើង​បាន​ប្រាប់​ថា​យើង​ជា​គ្រួសារ​តែ​មួយ ដោយសារ​យើង​មាន​ព្រះបិតា​តែ​មួយ យើង​មាន​ព្រះបុត្រា​តែ​មួយ ដែល​បាន​ស្វាគមន៍​យើង​ចូល​រួម​នៅ​ក្នុង​គ្រួសារ​នេះ។

ថ្ងៃ​នេះ​យើង​បាន​យល់​ហើយ ដូច​លោក​ប៉ូល​បាន​រំឮក​ដល់​យើង “ឱ្យ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ស្រឡាញ់​មនុស្ស​ទាំង​អស់ ដើម្បី​ឱ្យ​បង​ប្អូន​មាន​ជំហរ​រឹង​ប៊ឹង ដើម្បី​ឱ្យ​បង​ប្អូន​បាន​វិសុទ្ធ​ឥត​សៅ​ម៉ង នៅ​ចំពោះ​ព្រះភ័ក្រ្ត​ព្រះជាម្ចាស់”។ នេះ​ជា​របៀប ដែល​យើង​អាច​រក​ឃើញ​សុភមង្គល​ដ៏​ពិត​ប្រាកដ នេះ​ជា​របៀប​ដែល​យើង​អាច​រក​ឃើញ​អំណរ​សប្បាយ​ដ៏​ពិត​ប្រាកដ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង។ ហេតុ​នេះ​ហើយ នៅ​ក្នុង​រដូវ​រង់​ចាំ​នេះ​ជា​ពេល​វេលា​ដើម្បី​អនុវត្ត​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ថែម​ទៀត ដូច​លោក​ប៉ូល​បាន​និយាយ “សូម​ឱ្យ​បង​ប្អូន​បាន​ប្រសើ​លើស​នេះ​ទៅ​ទៀត”។ កុំ​ឱ្យ​យើង​គិត​ថា ឥលូវ​នេះ​យើង​ល្មម​ហើយ កុំ​ឱ្យ​យើង​គិត​ថា​ឥលូវ​នេះ​យើង​ជា​គ្រីស្ត​បរិស័ទ​ដែល​ពោរពេញ​ដោយ​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ ដែល​ចេះ​ស្រឡាញ់ ដែល​ចេះ​អធិដ្ឋាន មិន​ទាន់​ល្មម​ទេ។ “សូម​ឱ្យ​បង​ប្អូន​បាន​ប្រសើ​លើស​នេះ​ទៅ​ទៀត” ដើម្បី​ចូល​នៅ​ក្នុង​អំណរ​សប្បាយ​រួម​ជា​មួយ​ព្រះនាង​ម៉ារី រួម​ជា​មួយ​សន្ត​យ៉ូសែប រួម​ជា​មួយ​យាយ​អេលីសាបែត និង​ជា​មួយ​បង​ប្អូន​ទាំង​អស់​ដែល​ទទួល​ស្វាគមន៍​ព្រះយេស៊ូ​ពី​សម័យ​ដើម។ ជា​ពេល​វេលា​ដើម្បី​រៀប​ចំ​ចិត្ត​គំនិត ឱ្យ​ព្រះយេស៊ូ​យាង​មក​រក​ឃើញ​គ្រីស្ត​បរិស័ទ​រឹងមាំ រក​ឃើញ​គ្រីស្ត​បរិស័ទ​ដែល​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ប្រសិន​បើ​ព្រះយេស៊ូ​ត្រលប់​មក​វិញ​ថ្ងៃ​នេះ ព្រះអង្គ​នឹង​ទត​ឃើញ​នៅ​ក្នុង​ប៉ុន្មាន​ប្រទេស​មាន​ព្រះវិហារ​យ៉ាង​ស្អាត​បំផុត ឃើញ​អាគារ​ដែល​បាន​សាង​សង់​ច្រើន។ ប៉ុន្តែ តើ​ព្រះយេស៊ូ​រក​ឃើញ​គ្រីស្ត​បរិស័ទ ដែល​កំពុង​អធិដ្ឋាន​ទូល​អង្វរ​ព្រះជាម្ចាស់​នៅ​ក្នុង​អាគារ​ទាំង​នោះ​ឬ​ទេ? តើ​ព្រះយេស៊ូ​រក​ឃើញ​គ្រីស្ត​បរិស័ទ​ដែល​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក និង​ដែល​ផ្តល់​សក្ខីភាព​ជា​ប្រចាំ​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ​ឬ​ទេ? សប្តាហ៍​មុន​ខ្ញុំ​បាន​ទៅ​ព្រះវិហារ​ពោធិ៍ធំ ខ្ញុំ​បាន​និយាយ​ថា​នេះ​ជា​ព្រះសហគមន៍​ប្រវត្តិ​សាស្ត្រ​នៃ​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ។ ពី​សម័យ​ដើម នៅ​ព្រះសហគមន៍​នោះ យើង​មាន​គ្រីស្ត​បរិស័ទ​ខ្មែរ​ដែល​បាន​ចាប់​ផ្តើម​រស់​នៅ​តាម​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ ជា​កន្លែង​ដែល​យើង​មាន​អភិបូជា​ចុង​ក្រោយ នៅ​ពេល​បុណ្យ​ចម្លង​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៧៥ ដោយ​លោក​ឪពុក ឆ្មារ សាឡឹម។ ជា​កន្លែង​លោក ឆ្មារ សាឡាស់ ទទួល​ការ​ត្រាស់​ហៅ​ធ្វើ​ជា​បូជាចារ្យ ជា​កន្លែង​ដែល​យើង​មាន​គ្រីស្ត​បរិស័ទ​ពី​ដើម។ ឥលូវ​នេះ យើង​បាន​សាង​សង់​អាគារ​យ៉ាង​ស្អាត ប៉ុន្តែ​តើ​ព្រះសហគមន៍​របស់​យើង​ពោរពេញ​ដោយ​ជីវិត​ឬ​អត់?

ថ្ងៃ​នេះ ដែល​ខ្ញុំ​មក​ដើម្បី​ប្រសិទ្ធី​ពរ​លើ​ថ្ម​ដំបូង​ដើម្បី​សាង​សង់​ព្រះវិហារ​ថ្មី​នៅ​ផ្សារតូច​នេះ បន្តិច​ទៀត​យើង​នឹង​មាន​ព្រះវិហារ​យ៉ាង​ស្អាត​បំផុត។ ប៉ុន្តែ ទោះ​បី​យើង​មាន​សាង​សង់​អាគារ​ស្អាត​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ព្រះយេស៊ូ​ត្រលប់​មក​វិញ​អាច​រក​ឃើញ​គ្រីស្ត​បរិស័ទ​យ៉ាង​ច្រើន ដែល​កំពុង​អង្គុយ​អធិដ្ឋាន។ យើង​សង្ឃឹម​ថា ទោះ​បី​យើង​មាន​អាគារ​ថ្មី​ដែល​ថ្ងៃ​នេះ​យើង​ប្រសិទ្ធី​ពរ​លើ​ថ្ម​ដំបូង នៅ​ថ្ងៃ​អនាគត​យើង​មាន​គ្រីស្ត​បរិស័ទ​ថែម​ទៀត ដើម្បី​ទៅ​ជា​ពន្លឺ​ដ៏​តូច​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​ការ​នឹក​ឃើញ​ជានិច្ច ពី​សម័យ​ដើម​យើង​មាន​ព្រះវិហារ​ព្រះមាតា​នៅ​ក្បែរ​នេះ យើង​មាន​អាសនៈ​វិហារ​ព្រះយេស៊ូ​ជា​ព្រះមហាក្សត្រ​នៃ​ពិភព​លោក​នៅ​ក្បែរ​នេះ​ដែរ។ យើង​មាន​ព្រះវិហារ​ធំ​មួយ​នៅ​ឬស្សី​កែវ ពេល​យើង​ឆ្លង​ទន្លេ​យើង​មាន​ព្រះវិហារ​ធំ​មួយ​ទៀត​នៅ​ជាប់​អារាម​បង​ស្រី​សម្ងាត់។ ពី​ដើម នៅ​ទី​នេះ​យើង​មាន​អនុ​ទេវវិទ្យាល័យ​ដើម្បី​ប្រមូល​កូន​ក្មេង យុវជន​យ៉ាង​ច្រើន ដែល​កំពុង​គិត​អំពី​ការ​ត្រាស់​ហៅ។

សព្វ​ថ្ងៃ អាគារ​របស់​យើង​អស់​ហើយ ប៉ុន្តែ​អ្វី​ដែល​ជា​មោទនភាព​នៃ​ព្រះសហគមន៍​របស់​យើង គឺ​យើង​មាន​គ្រីស្ត​បរិស័ទ​ដែល​ជា​ថ្ម​ដ៏​មាន​ជីវិត។ ដែល​បាន​ថែរក្សា​ជំនឿ ដែល​បាន​ឆ្លង​ទុក្ខ​លំបាក ដែល​សព្វ​ថ្ងៃ​រស់​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ ដើម្បី​ណែនាំ​ឱ្យ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ “សូម​ស្រឡាញ់​មនុស្ស​ទាំង​អស់” ទៅ​ជា​ព្រះបន្ទូល​ដែល​យើង​មើល​ឃើញ​យ៉ាង​ជាក់​ស្តែង។ ដូច្នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​កុំ​ឱ្យ​យើង​គិត​ថា​ថ្ងៃ​នេះ​យើង​សាង​សង់​ព្រះវិហារ​ថ្មី និង​ថ្ងៃ​ស្អែក​យើង​លែង​ចូល​ព្រះវិហារ។

ខ្ញុំ​បាន​មក​ប្រទេស​កម្ពុជា​នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩៩៨ ខ្ញុំ​បាន​សរសេរ​អត្ថបទ​ទៅ​មិត្ត​ភ័ក្ត​ខ្ញុំ​នៅ​ប្រទេស​បារាំង​ដើម្បី​ចែក​រំលែក​បទ​ពិសោធ​ដែល​ខ្ញុំ​មាន​នៅ​ទី​នេះ។ ក្នុង​នោះ​ខ្ញុំ​បាន​និយាយ​អំពី​អភិបូជា​នៅ​ក្នុង​ព្រះវិហារ​សន្ត​យ៉ូសែប​តូច​នៅ​ផ្សារតូច​នេះ ខ្ញុំ​បាន​សរសេរ​ថា​រាល់​អភិបូជា​មាន​មនុស្ស​ច្រើន​ណាស់ មាន​៥០​នាក់​ឡើង។ ប៉ុន្តែ នៅ​សព្វ​ថ្ងៃ​នេះ​យើង​មាន​ប៉ុន្មាន​នាក់​ដែល​ចូល​រួម​អភិបូជា​ប្រចាំ​ថ្ងៃ​ពេល​ព្រឹក នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​ការ​គិត​ពិចារណា។ ខ្ញុំ​ចង់​និយាយ​ដល់​គ្រីស្ត​បរិស័ទ​របស់​យើង​ទាំង​អស់​ដែល​នៅ​ទី​នេះ តើ​យើង​អាច​យក​មួយ​ថ្ងៃ​ក្នុង​មួយ​អាទិត្យ ដើម្បី​ចូល​អភិបូជា​ក្នុង​ថ្ងៃ​ធម្មតា​ក្រៅ​ពី​ថ្ងៃ​អាទិត្យ​បាន​ទេ? ដើម្បី​ស្តាប់​ព្រះបន្ទូល​ថែម​ទៀត ដើម្បី​អធិដ្ឋាន​ថែម​ទៀត ដើម្បី​ទៅ​ជា​មនុស្ស​ប្រសើ​លើស​ពី​នេះ​ទៀត។ ខ្ញុំ​សង្ឃឹម​ថា នៅ​ក្នុង​រដូវ​រង់​ចាំ​នេះ​ឱ្យ​យើង​ជា​គ្រីស្ត​បរិស័ទ​សម្រេច​ចិត្ត​មួយ​អាទិត្យ​ម្តង ចូល​អភិបូជា​ផ្សេង​ពី​ថ្ងៃ​អាទិត្យ ដើម្បី​បង្ហាញ​ថា​ខ្ញុំ​ជា​គ្រីស្ត​បរិស័ទ​ដែល​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ នៅ​ពេល​ខ្ញុំ​ពោរពេញ​ដោយ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ខ្ញុំ​មាន​ស្មារតី​ថ្មី​ដើម្បី​អនុវត្ត​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​ប្រចាំ​ថ្ងៃ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​មាន​តែ​បួន​អាទិត្យ​ដើម្បី​ត្រៀម​ខ្លួន ដើម្បី​ប្រុង​ស្មារតី​និង​ទូល​អង្វរ​គ្រប់​ពេល​វេលា ដើម្បី​ឱ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង​ឆ្លង​ផុត​ពី​ហេតុការណ៍​ទាំង​ឡាយ ដែល​កើត​ឡើង​សព្វ​ថ្ងៃ​នៅ​ក្នុង​ពិភព​លោក​របស់​យើង នៅ​ក្នុង​ជីវិត​របស់​យើង។ ដោយ​សារ​ហេតុការណ៍​ដែល​ព្រះយេស៊ូ​និយាយ​នៅ​ក្នុង​គម្ពីរ នៅ​ពេល​យើង​មើល​កូវីដ-១៩ នៅ​ពេល​យើង​មើល​បង​ប្អូន​ប៉ុន្មាន​នាក់​ដែល​បាន​ទទួល​មរណៈភាព​ថ្មីៗ​នេះ ដោយសារ​សង្រ្គាម ដោយសារ​គ្រោះ​ធម្មជាតិ ដោយសារ​ជំងឺ​នានា។ អ្វី​ដែល​យើង​ដឹង អ្វី​ដែល​យើង​ជឿ គឺ​នៅ​ក្នុង​រដូវ​រង់ចាំ​នេះ​ពិត​មែន​ព្រះយេស៊ូ​គ្រីស្ត​ធ្វើ​ដំណើរ​ដើម្បី​យាង​ចូល​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង និង​អញ្ជើញ​យើង​ឱ្យ​យើង​ទៅ​ជា​គ្រីស្ត​បរិស័ទ​ប្រសើ​ឡើងៗ ដើម្បី​បង្ហាញ​អំពី​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់​សម្រាប់​មនុស្ស​លោក។ អាស្រ័យ​លើ​យើង​ទាំង​អស់​គ្នា “ដោយសារ​ព្រះអម្ចាស់​ជា​ស្តេច​សុចរិត​របស់​យើង​ពិត​មែន ព្រះអម្ចាស់​យាង​មក​ដើម្បី​សង្រ្គោះ​យើង​ពិត​មែន”។ ប៉ុន្តែ ព្រះជាម្ចាស់​ទន្ទឹង​រង់​ចាំ​យើង​ដែរ ដូច​យើង​ទន្ទឹង​រង់​ចាំ​ព្រះយេស៊ូ​គ្រីស្ត​យាង​មក ព្រះជាម្ចាស់​ទន្ទឹង​រង់​ចាំ​យើង​ឱ្យ​យើង​ទៅ​ជា​មនុស្ស​ថ្មី​ប្រសើ​ឡើងៗ ដើម្បី​បង្ហាញ​ធម៌​មេត្តា​ករុណា​នៅ​ក្នុង​គ្រប់​កាលៈទេសៈ​នៃ​ជីវិត​របស់​យើង។

យើង​អធិដ្ឋាន​ទូល​អង្វរ​ព្រះអង្គ ដើម្បី​ឱ្យ​ព្រះសហគមន៍​របស់​យើង​ដែល​បន្តិច​ទៀត​មាន​ព្រះវិហារ​ថ្មី ទៅ​ជា​ព្រះសហគមន៍​របស់​ព្រះយេស៊ូ​គ្រីស្ត ដែល​ជា​ថ្ម​ពោរពេញ​ដោយ​ជីវិត ដើម្បី​ណែនាំ​ឱ្យ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​កើត​ឡើង នៅ​ក្នុង​គ្រប់​កាលៈទេសៈ​នៃ​ជីវិត​របស់​យើង។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Share on facebook
Facebook
Share on twitter
Twitter
Share on linkedin
LinkedIn

Subscribe to our newsletter

Don't miss new updates on your email