អភិបូជា​នៅ​ព្រះសហគមន៍​ព្រះត្រៃឯក គិរីវង់ ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ​២០២២

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​១​ថា “ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​សក្ការៈ​ថ្វាយ​ព្រះអម្ចាស់​នៃ​យើង មិន​ត្រូវ​កើត​ទុក្ខ​ព្រួយ​ឡើយ ព្រោះ​អំណរ​ដែល​មក​ពី​ព្រះអម្ចាស់​ជា​កម្លាំង​របស់​អ្នក​រាល់​គ្នា”។ ពិត​មែន ថ្ងៃ​នេះ​ជា​ថ្ងៃ​អាទិត្យ ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​យើង​ថ្វាយ​បង្គំ ជា​ពេល​វេលា​ដែល​គ្រីស្ត​បរិស័ទ​ជួប​ជុំ​គ្នា​ដើម្បី​អធិដ្ឋាន ដើម្បី​ស្តាប់​ព្រះបន្ទូល ជាពិសេស​ដើម្បី​ទទួល​អំណរ​សប្បាយ​ដែល​មក​ពី​ព្រះជាម្ចាស់​។ ខ្ញុំ​គិត​ថា​សម្រាប់​យើង​ដែល​ជា​ក្មេងៗ​ជំទង់ ដែល​បាន​មក​ពី​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ខេត្ត​តាកែវ ក្នុង​រយៈ​ពេល​២​ថ្ងៃ​កន្លង​មក​យើង​បាន​ទទួល​បទ​ពិសោធន៍​អំពី​អំណរ​សប្បាយ។ អំណរ​សប្បាយ​ដោយសារ​យើង​បាន​ជួប​ជុំ​គ្នា អំណរ​សប្បាយ​ដោយសារ​យើង​បាន​ស្គាល់​មិត្ត​សម្លាញ់​ថ្មីៗ អំណរ​សប្បាយ​ដោយសារ​យើង​បាន​រិះ​គិត​ទៅ​លើ​ប្រធាន​បទ “មិត្ត​សម្លាញ់​នៃ​ជីវិត”។

ប៉ុន្តែ ប្រភព​នៃ​អំណរ​សប្បាយ​គឺ​ព្រះយេស៊ូ​ផ្ទាល់ ជា​ព្រះយេស៊ូ​ដែល​បាន​ហៅ​យើង​មក​ជួប​ជុំ​គ្នា ព្រះយេស៊ូ​ជា​មិត្ត​សម្លាញ់​ដ៏​ពិសេស​បំផុត​របស់​យើង ដែល​បាន​ធ្វើ​ដំណើរ​ជា​មួយ​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ថ្ងៃ​នេះ យើង​បាន​ឃើញ​យ៉ាង​ជាក់​ស្តែង គឺ​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​យើង​ជួប​ជុំ​គ្នា ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​យើង​មាន​អំណរ​សប្បាយ។ ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​យើង​ស្គាល់​គ្នា ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​យើង​ធ្វើ​ជា​គ្រួសារ​មួយ។ ខ្ញុំ​សង្ឃឹម​លើ​លោក​ឪពុក អ្វី​ដែល​បាន​កើត​ឡើង​ថ្ងៃ​នេះ​យើង​ត្រូវ​ការ​ថែរក្សា​ជា​រៀង​រាល់​អាទិត្យ កុំ​ឱ្យ​មាន​តែ​កម្មវិធី​ជា​មួយ​ការិយាល័យ​យុវជន​មួយ​ឆ្នាំ​ម្តង។ រាល់​អាទិត្យ តាម​កន្លែង​របស់​យើង​រៀងៗ​ខ្លួន​ជា​ឱកាស​មួយ​ដើម្បី​ជួប​គ្នា ដូច​យើង​បាន​ស្តាប់​ពី​ព្រឹក​មិញ តាម​រយៈ​ក្រុម​កាយ​រិទ្ធិ តាម​រយៈ​ពិធី​បុណ្យ តាម​រយៈ​ក្រុម​សង្គហៈ…។

ថ្ងៃ​នេះ នៅ​ក្នុង​អត្ថបទ​ទី​២​បាន​បំភ្លឺ​យើង​ថា យើង​ជា​គ្រួសារ​តែ​មួយ ប៉ុន្តែ​យើង​បី​ដូច​ជា​រូប​កាយ​មួយ​។ នៅ​ក្នុង​រូប​កាយ​របស់​យើង យើង​មាន​ភ្នែក មាន​ត្រចៀក មាន​ច្រមុះ មាន​មាត់ មាន​ដៃ មាន​ជើង…។ ប្រសិន​បើ​រូប​កាយ​យើង​មាន​តែ​ត្រចៀក តើ​យើង​មើល​ឃើញ​ឬ​ទេ? ប្រសិន​បើ​រូប​កាយ​យើង​មាន​តែ​ភ្នែក តើ​យើង​ស្តាប់​ឮ​ឬ​ទេ? ប្រសិន​បើ​រូប​កាយ​យើង​មាន​តែ​មាត់ យើង​មើល​មិន​ឃើញ​ស្តាប់​មិន​ឮ​ទេ។ ហេតុ​នេះ​ហើយ ដើម្បី​ឱ្យ​យើង​ទៅ​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​អំណរ​សប្បាយ យើង​ត្រូវ​ការ​មាន​ភ្នែក​ដើម្បី​មើល​ឃើញ មាន​ត្រចៀក​ដើម្បី​ស្តាប់​ឮ មាន​មាត់​ដើម្បី​និយាយ មាន​ដៃ​ដើម្បី​ធ្វើ​ការ មាន​ជើង​ដើម្បី​ធ្វើ​ដំណើរ…។ ព្រះសហគមន៍​ក៏​ដូច​គ្នា​ដែរ យើង​ម្នាក់ៗ​សំខាន់​ណាស់ យើង​ជា​ជំទង់​១៦០​នាក់​នៅ​ទី​នេះ ម្នាក់ៗ​សំខាន់​ណាស់ ម្នាក់ៗ​មាន​សមត្ថភាព​រៀងៗ​ខ្លួន។ មាន​ខ្លះ​ពូ​កែ​ច្រៀង មាន​ខ្លះ​ពូកែ​ដឹកនាំ មាន​ខ្លះ​ពូកែ​លេង​ភ្លេង… នេះ​ជា​គ្រួសារ​របស់​យើង​ដែល​ត្រូវ​ការ​មាន​ទាំង​អស់​ដើម្បី​មាន​អំណរ​សប្បាយ។ យើង​មាន​អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា និង​អំណោយ​ទាន​នីមួយៗ​សំខាន់​ណាស់។

ថ្ងៃ​នេះ យើង​បាន​ជូន​ពរ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សរសេរ​លើ​ក្រដាស​ដែល​បិទ​នៅ​លើ​ខ្នង យើង​ឃើញ​ម្នាក់​ៗ​បាន​សរសេរ​ច្រើន និង​ម្នាក់ៗ​ក៏​បាន​ទទួល​ច្រើន​ដែរ។ ការ​ជូន​ពរ​នេះ​ជា​កម្លាំង​មួយ ដែល​យើង​បាន​ទទួល​ពី​មិត្ត​ភក្តិ​របស់​យើង ប៉ុន្តែ​ពេល​យើង​ចូល​នៅ​ក្នុង​អភិបូជា​យើង​ទទួល​ព្រះពរ​ដែល​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់។ ដើម្បី​ណែនាំ​ពេល​យើង​ទៅ​វិញ យើង​មាន​សេចក្តី​សុខ យើង​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត​ដើម្បី​ទៅ​មុខ​ត​ទៅ​ទៀត។ ពី​ម្សិល​មិញ​យើង​បាន​រៀន​អំពី ទំនាក់​ទំនង​សំខាន់​ណាស់ មិត្ត​សម្លាញ់​នៃ​ជីវិត​គឺ​ទំនាក់​ទំនង​ដូច​យើង​បាន​រិះ​គិត។ ប៉ុន្តែ នៅ​ក្នុង​ពេល​វេលា​កូវីដ-១៩​នេះ អ្វី​ដែល​សំខាន់​និង​ណែនាំ​ឱ្យ​យើង​ភ្ញាក់​ស្មារតី​គឺ​សុខភាព។

យើង​ត្រូវ​តែ​បន្ត​អនុវត្ត​៣​កុំ​៣​ការពារ ការ​សិក្សា​ក៏​សំខាន់​នៅ​ក្នុង​អ្វី​ដែល​យើង​បាន​រិះ​គិត​ពី​ម្សិល​មិញ​។ ពេល​វេលា​ដែល​យើង​ត្រូវ​ការ​ចែក​ឱ្យ​ត្រឹម​ត្រូវ ពេល​វេលា​ដើម្បី​សិក្សា ពេល​វេលា​ដើម្បី​សប្បាយ ពេល​វេលា​ដើម្បី​សម្រាក ពេល​វេលា​ដើម្បី​អធិដ្ឋាន​និង​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ពេល​វេលា​ដើម្បី​ថែរក្សា​សុខភាព…។ ដូច្នេះ នៅ​ក្នុង​មួយ​ថ្ងៃ​ដែល​យើង​មាន​២៤​ម៉ោង ប្រសិន​បើ​យើង​ដេក​៨​ម៉ោង​យើង​នៅ​សល់​១៦​ម៉ោង​ទៀត យើង​ត្រូវ​តែ​ចែក​ពេល​វេលា​របស់​យើង​ឱ្យ​ត្រឹម​ត្រូវ ដើម្បី​រក​ឃើញ​សេចក្តី​សុខ​និង​អំណរ​សប្បាយ។

មិត្ត​ភក្តិ​សំខាន់​ណាស់ យើង​ថែរក្សា​មិន​មែន​តែ​ទំនាក់​ទំនង​ទូទៅ ប៉ុន្តែ​មិត្ត​ភាព​ជា​មួយ​មិត្ត​ភក្តិ​ថ្មីៗ។ សព្វ​ថ្ងៃ យើង​ស្រួល​ក្នុង​ការ​រក្សា​ទំនាក់​ទំនង​រវាង​គ្នា​នឹង​គ្នា ពេល​យើង​បែក​គ្នា​ថ្ងៃ​នេះ​យើង​មាន​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ដូច​ជា​ហ្វេសបុក តេឡេក្រាម វ៉ាត់អែប…។ អ្វី​ដែល​ព្រះជាម្ចាស់​ប្រទាន​ឱ្យ​យើង​គឺ​ធម្មជាតិ បរិស្ថាន​ដែល​យើង​មាន ដូច​យើង​បាន​ឃើញ​នៅ​ទី​នេះ​មាន​ផ្កា​ច្រើន​ណាស់។ មាន​ផ្កា​ក្រដាស់​នេះ​ខ្ញុំ​បាន​ដាំ​ពី​ឆ្នាំ​២០១០ នៅ​តែ​បន្ត​មាន​ជីវិត​ទោះ​ដី​នេះ​ជា​ប្រភេទ​ដី​ដែល​គ្មាន​ជីវជាតិ ប៉ុន្តែ​ឥឡូវ​នេះ​ជា​ដី​ដ៏​មាន​ជីវិត​ដោយសារ​យើង​បាន​ថែរក្សា​បរិស្ថាន បាន​ថែរក្សា​ធម្មជាតិ​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ឱ្យ។

ចំណុច​មួយ​ទៀត​ដែល​សំខាន់​បំផុត គឺ​ឱ្យ​យើង​មាន​ចិត្ត​មេត្តា​ករុណា​នៅ​ក្នុង​សីលធម៌ នៅ​ក្នុង​របៀប​រស់​នៅ​ជា​មួយ​បង​ប្អូន​ឯទៀតៗ ឱ្យ​យើង​មាន​ចិត្ត​អាណិត​មេត្តា​ដូច​ព្រះយេស៊ូ​មាន​ព្រះហឫទ័យ​អាណិត​មេត្តា។ ថ្ងៃ​នេះ នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ យើង​បាន​ស្តាប់​ព្រះយេស៊ូ​ដែល​បាន​ប្រកាស​អំពី​ឆ្នាំ​នៃ​ធម៌​មេត្តា​ករុណា។ ដែល​ព្រះជាម្ចាស់​គង់​នៅ ដែល​ព្រះជាម្ចាស់​ជូន​ដំណឹង​ល្អ​ដល់​អ្នក​ក្រីក្រ ដែល​ព្រះជាម្ចាស់​ណែនាំ​ឱ្យ​មនុស្ស​ខ្វាក់​មើល​ឃើញ អ្នក​ដែល​ជាប់​មន្ទីរ​ឃុំឃាំង​ឱ្យ​គេ​មាន​សេរីភាព។ មនុស្ស​ដែល​អស់​សង្ឃឹម ដោយសារ​មាន​គេ​សង្កត់​សង្កិន គឺ​ជា​មនុស្ស​ដែល​បាន​ទទួល​ជីវិត​ថ្មី នេះ​ជា​អំណរ​សប្បាយ​ដែល​យើង​បាន​ស្តាប់​ថ្ងៃ​នេះ នេះ​ជា​កម្លាំង​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់​ថ្ងៃ​នេះ។ ដោយ​ដឹង​ថា ព្រះបន្ទូល​ដែល​យើង​គោរព​ថ្ងៃ​អាទិត្យ​នេះ ព្រះបន្ទូល​នេះ​ទៅ​ជា​រូប​រាង​នៅ​មុខ​យើង គឺ​ព្រះយេស៊ូ​ផ្ទាល់។ ព្រះយេស៊ូ​ផ្ទាល់ ដែល​បាន​ធ្វើ​ដំណើរ​ជា​មួយ​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដើម្បី​ឱ្យ​យើង​មាន​សេចក្តី​សុខ​និង​សុភមង្គល។

បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​បាន​ទទួល​អំណោយ​យ៉ាង​ច្រើន​នៅ​ពេល​យើង​ទៅ​តាម​កន្លែង​យើង​រៀងៗ​ខ្លួន​វិញ ឱ្យ​យើង​គិត​សារជាថ្មី តើ​ខ្ញុំ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បម្រើ​អ្នក​ដទៃ ដើម្បី​បម្រើ​សង្គម ដើម្បី​បម្រើ​ព្រះសហគមន៍? តើ​ខ្ញុំ​ធ្វើ​ដូចម្តេច​ដើម្បី​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែល​ចិញ្ចឹម​ជីវិត​របស់​ខ្ញុំ? តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ទៅ​ជា​មិត្ត​ភក្តិ​របស់​ព្រះជាម្ចាស់ ដើម្បី​ទៅ​ជា​មិត្ត​ល្អ ទៅ​ជា​កូន​ល្អ ទៅ​ជា​ពលរដ្ឋ​ល្អ​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ?

មិត្ត​សម្លាញ់​នៃ​ជីវិត យើង​បាន​មើល​អ្វី​ដែល​ជា​សារៈ​សំខាន់​សម្រាប់​ជីវិត​របស់​យើង ឱ្យ​យើង​ថែរក្សា និង​ឱ្យ​យើង​គិត​ដោយ​ពិចារណា​ថា តើ​សម្រាប់​ខ្ញុំ​ផ្ទាល់​មាន​អ្វី​ខ្លះ​ដែល​សំខាន់​បំផុត? តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​ឱ្យ​ឆ្នាំ​២០២២​នេះ ខ្ញុំ​រីក​ចម្រើន​លូត​លាស់? តើ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ឱ្យ​អនាគត​របស់​យើង ទៅ​ជា​អនាគត​ដែល​ពោរពេញ​ដោយ​សេចក្តី​សុខ ពោរពេញ​ដោយ​កម្លាំង​កាយ​កម្លាំង​ចិត្ត? កុំ​ឱ្យ​យើង​បាត់​បង់​សេចក្តី​សង្ឃឹម​ដោយសារ​និយាយ​អំពី​កូវីដ-១៩ យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ឱ្យ​សុភមង្គល​ដែល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សន្យា ទៅ​ជា​រូប​រាង​នៅ​ក្នុង​ជីវិត​របស់​យើង​ផ្ទាល់ នៅ​ក្នុង​ឆ្នាំ​២០២២​នេះ។

យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់ សូម​ព្រះអង្គ​ប្រទាន​ពរ​ដល់​យើង​ទាំង​អស់​គ្នា៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះវិហារថ្មីបំផុតនិងធំបំផុតនៅភូមិភាគភ្នំពេញមួយត្រូវបានឆ្លង

គ្រីស្តបរិស័ទរាប់រយនាក់មកពីព្រះសហគមន៍កាតូលិកនានាក្នុងភូមិភាគទាំងបីនៅក្នុងប្រទេស រួមនឹង​ភ្ញៀវជាតិ​និង​អន្តរជាតិ បានជួបជុំគ្នាប្រារព្ធពិធីឆ្លងព្រះវិហាររបស់​ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញ​កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ពីធីឆ្លងនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់​លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមជាមួយលោកអភិបាល អេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម និង​លោកអភិបាល ប៉ូល ត្រៃរ៉ុង មូទ្រី អភិបាលព្រះសហគមន៍ភូមិភាគស៊ូរ៉ាតថានីប្រទេស​ថៃ។ លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន៍នៅក្នុងពិធីថ្វាយអភិបូជានាថ្ងៃបុណ្យ​ឆ្លងព្រះវិហារ​កាលថ្ងៃទី០២

និស្សិតសន្តប៉ូលឆ្វេងយល់ពីបរិស្ថាន

វិទ្យាស្ថានសន្តប៉ូលរៀបចំកម្មវិធីបរិស្ថានលើកទី៧ក្រោមប្រធានបទ «សំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ដៅសកល» នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយសហការជាមួយមន្ទីរបរិស្ថានខេត្តតាកែវ។ កម្មវិធីនេះមានការចូលរួមលោក ហុង ភារៈ អនុប្រធានមន្ទីរបរិស្ថានខេត្តតាកែវ បុគ្គលិករបស់វិទ្យាស្ថានសន្តប៉ូល រួមនិងនិស្សិតសរុបប្រមាណស ១២០នាក់ ដើម្បីសិក្សាឈ្វេងយល់លើប្រធានបទខាងលើ។ លោកបណ្ឌិត ផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូល បានបញ្ជាក់ក្នុងសុន្ទរកថាស្វាគមន៍ក្នុងអង្គពិធីថា កម្មវិធីទិវាបរិស្ថានលើកទី៧នេះ ជួយអប់រំនិស្សិតរបស់វិទ្យាស្ថានឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបរិស្ថានក្នុងសង្គម

វិទ្យាល័យបច្ចេកទេស សន្តហ្វ្រង់ស្វ័រ ត្រៀមបើកជំនាញថ្មីបន្ថែម

លោក យុន សំអាត នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ឯកជនសន្តហ្វ្រង់ស្វ័រ បានអោយដឹងថា សាលានឹងត្រៀមបើកជំនាញថ្មីមួយទៀត នៅឆ្នាំសិក្សាខាងមុខ ២០២៦-២០២៧ លើជំនាញ Digital Art & AI។ ដើម្បីបង្កើតវគ្គនេះ លោកបានទៅសិក្សាវគ្គខ្លីនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧-៣០ ខែមេសាកន្លងទៅ នៅសាកលវិទ្យាល័យ CHEJU HALLA University ស្ថិតក្នុងកោះជេជូ (CHEJU)

Subscribe to our newsletter

Don't miss new updates on your email