អភិបូជា​ចូលឆ្នាំចិន-វៀតណាម ថ្ងៃ​ទី​១

នៅ​ព្រះសហគមន៍​សន្ត​យ៉ូសែប

ជ្រៃធំ ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២២

“ទទួល​ព្រះពរ​នៅ​ក្នុង​ឆ្នាំ​ខ្លា”

បង​ប្អូន​ជា​ទី​ស្រឡាញ់

នៅ​ក្នុង​ឆ្នាំ​ខាល (សត្វ​ខ្លា) ដែល​ណែនាំ​ឱ្យ​យើង​យល់​ថា​ឆ្នាំ​នេះ​យើង​ពោរពេញ​ដោយ​កម្លាំង ពោរពេញ​ដោយ​សេចក្តី​សុខ ពោរពេញ​ដោយ​អំណាច​និង​ឫទ្ធានុភាព​ដែល​មក​ពី​ព្រះជាម្ចាស់។ ខ្ញុំ​បាន​ឃើញ​ពី​ម្សិល​មិញ មាន​បង​ប្អូន​ជា​ច្រើន​ស្ទើរ​ទូទាំង​ប្រទេស​ដែល​បាន​សែន ដោយ​បាន​រៀប​ចំ​ទាំង​ម្ហូប​អាហារ ទាំង​ជ្រូក​ខ្វៃ ទាំង​ផ្លែ​ឈើ… ដើម្បី​ថ្វាយ​ព្រះ​ណា​មួយ ជូន​ដល់​អារក្ស​អ្នក​តា ម្ចាស់​ទឹក​ម្ចាស់​ដី…។ សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ​យើង​ដឹង​ហើយ ពី​យប់​មិញ​យើង​ចាប់​ផ្តើម​ឆ្លង​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ យើង​បាន​ថ្វាយ​ទាំង​ជីវិត ទាំង​កម្លាំង ទាំង​ភាព​ខ្សោយ​នៅ​ក្នុង​ជីវិត​របស់​យើង​ទៅ​លើ​ព្រះជាម្ចាស់។

ពី​ព្រឹក​មិញ នៅ​ពេល​យើង​ហែ​ចូល​នៅ​ក្នុង​អភិបូជា យើង​បាន​ចាប់​ផ្តើម​ដោយ​បទ​ចម្រៀង​ដែល​យើង​ថ្វាយ​ជីវិត​របស់​យើង ទៅ​លើ​ព្រះយេស៊ូ​គ្រីស្ត​នៅ​លើ​ឈើ​ឆ្កាង ជីវិត​របស់​យើង​ទៅ​លើ​ព្រះនាង​ម៉ារី ជីវិត​របស់​យើង​ទៅ​លើ​សន្ត​យ៉ូសែប។ ដោយ​ដឹង​ថា នៅ​ក្នុង​ព្រះជាម្ចាស់​យើង​ទទួល​ព្រះពរ​ដ៏​ពេញ​លក្ខណៈ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ មូល​ហេតុ​អ្វី​យើង​សុំ​ព្រះពរ​ពី​ព្រះជាម្ចាស់​ដើម្បី​ចូល​នៅ​ក្នុង​ឆ្នាំ​ថ្មី? ដោយសារ​យើង​ចង់​ស្តាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ម្តង​ទៀត “ខ្ញុំ​ទុក​សេចក្តី​សុខ​សាន្ត​ឱ្យ​អ្នក​រាល់​គ្នា ខ្ញុំ​ផ្តល់​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ឱ្យ​អ្នក​រាល់​គ្នា”។

តាម​ពិត​សម្រាប់​ជន​ជាតិ​ចិន ជន​ជាតិ​ជប៉ុន និង​វៀតណាម​ពី​ដើម នៅ​ពេល​យើង​មើល​អាំង​ប៉ាវ យើង​បាន​ឃើញ​អក្សរ​ចិន​ដែល​មាន​ន័យ​ថា “សុភមង្គល”។ ដើម្បី​បាន​ពាក្យ​សុភមង្គ នៅ​ក្នុង​នេះ​មាន​បួន​អក្សរ គឺ​មាន​មាត់ និង​ស្រែ ហេតុ​នេះ​ហើយ​យើង​ត្រូវ​ការ​មាន​ស្រែ​ដើម្បី​ចិញ្ចឹម​ជីវិត​របស់​យើង។ ក្បាល​នៃ​អក្សរ​នេះ​គឺ​ព្រះ តាម​ពិត​ដើម្បី​ចិញ្ចឹម​ជីវិត​របស់​យើង​ទោះ​បី​យើង​មាន​ស្រែ​ក៏​ដោយ សំខាន់​បំផុត​ឱ្យ​យើង​ទទួល​ព្រះពរ​ពី​ព្រះជាម្ចាស់។ នៅ​ពេល​យើង​ទទួល​ព្រះពរ​ពី​ព្រះជាម្ចាស់ យើង​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត​ដើម្បី​ចិញ្ចឹម​ជីវិត ចិញ្ចឹម​គ្រួសារ​របស់​យើង យើង​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត​ដើម្បី​រស់​នៅ​ក្នុង​សង្គម យើង​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត​ដើម្បី​ទៅ​ជា​ឪពុក​ម្តាយ ដើម្បី​ធ្វើ​ជា​កូន​ដ៏​ល្អ​ប្រសើរ មាន​ន័យ​ថា​យើង​អាច​មាន​សុភមង្គល​ដ៏​ពិត​ប្រាកដ។ ហេតុ​នេះ​ហើយ ថ្ងៃ​នេះ​យើង​បាន​ចូល​នៅ​ក្នុង​ព្រះវិហារ​របស់​យើង ដើម្បី​សុំ​ឱ្យ​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដ៏​ពេញ​លក្ខណៈ​ដល់​ប្រទេស​យើង ដល់​ក្រុម​គ្រួសារ​យើង ដល់​ព្រះសហគមន៍​យើង​នៅ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ។ យើង​សុំ​ឱ្យ​មាន​សុខ​ភាព​ល្អ យើង​សុំ​ឱ្យ​មាន​សេចក្តី​សុខ​សាន្ត យើង​សុំ​ឱ្យ​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត យើង​សុំ​ដើម្បី​ឱ្យ​រក​ស៊ី​បាន យើង​សុំ​ដើម្បី​ឱ្យ​មាន​សុភមង្គល​ពិត​មែន។ នៅ​ពេល​យើង​បាន​សុំ​អស់​ហើយ តើ​ឆ្នាំ​ថ្មី​នេះ​យើង​ត្រូវ​ការ​ធ្វើ​អ្វី​ខ្លះ?

ទី​១ ដូច​លោក​ប៉ូល​បាន​រំលឹក​យើង​ថ្ងៃ​នេះ “យើង​ត្រូវ​តែ​អរ​ព្រះគុណ​ព្រះជាម្ចាស់​ជានិច្ច” ដូច្នេះ​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ជា​រៀង​រាល់​ថ្ងៃ​កុំ​ភ្លេច​អរ​ព្រះគុណ​ព្រះជាម្ចាស់ ដែល​ប្រទាន​ព្រះពរ ដែល​គង់​នៅ​ជា​មួយ​យើង ដែល​ធ្វើ​ដំណើរ​ជា​មួយ​យើង​ជានិច្ច។ មនុស្ស​យើង​មាន​សមត្ថភាព​ដើម្បី​ឱ្យ​ផ្កា​អង្គារ​សីល​ចេញ​ទាន់​ពេល​វេលា​ចូល​ឆ្នាំ​ចិន-វៀតណាម ប៉ុន្តែ​ព្រះជាម្ចាស់​មាន​ឫទ្ធានុភាព​ដើម្បី​ឱ្យ​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ចេញ​ផ្លែ​នៅ​ក្នុង​ជីវិត​របស់​យើង លុះត្រាតែ​យើង​ទី​ពឹង​លើ​ព្រះជាម្ចាស់​ដ៏​ពេញ​លក្ខណៈ។

ទី​២ នៅ​ពេល​យើង​បាន​អរ​ព្រះគុណ​ព្រះជាម្ចាស់ ឱ្យ​យើង​លើក​លែង​ទោស​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ព្រះជាម្ចាស់​លើក​លែង​ទោស​ឱ្យ​យើង​ដែរ។ ការ​លើក​លែង​ទោស ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​រស់​នៅ​ក្នុង​សង្គម ក្នុង​ព្រះសហគមន៍ ក្នុង​គ្រួសារ ជា​មួយ​មិត្តភ័ក្ត​របស់​យើង។ យើង​អន់​ចិត្ត​គ្នា​ជា​រឿង​ធម្មតា ប៉ុន្តែ​យើង​ជា​គ្រីស្ត​បរិស័ទ​យើង​ដឹង​ថា ការ​លើក​លែង​ទោស​ណែនាំ​ឱ្យ​យើង​សម្រុះ​សម្រួល​គ្នា ដើម្បី​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា។ យើង​បាន​ស្តាប់​អត្ថបទ​ទី​១​របស់​លោក​អេសាយ ជា​ធម្មតា​សត្វ​ទាំង​នោះ​រស់​នៅ​ជា​មួយ​គ្នា​មិន​បាន ប៉ុន្តែ​ដោយសារ​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់ ចចក​និង​កូន​ចៀម​នឹង​រស់​នៅ​ជា​មួយ​គ្នា ខ្លា​រខិន​នឹង​ដេក​ជា​មួយ​កូន​ពពែ កូន​គោ​និង​កូន​សឹង្ហ​នឹង​ស៊ី​ចំណី​ជា​មួយ​គ្នា នេះ​ជា​ការ​អស្ចារ្យ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​នៅ​ក្នុង​សត្វ​ទាំង​ឡាយ។ ដូច្នេះ នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​យើង​ដែល​ជា​គ្រួសារ​របស់​ព្រះជាម្ចាស់​ផ្ទាល់ នៅ​ក្នុង​ការ​លើក​លែង​ទោស​យើង​អាច​ទៅ​ជា​គ្រួសារ​តែ​មួយ​ដ៏​ពិត​ប្រាកដ។ នៅ​ក្នុង​ក្រុម​យើង ចចក​ក៏​មាន កូន​ចៀម​ក៏​មាន កូន​គោ​ក៏​មាន ខ្លា​រខិន​ក៏​មាន កូន​សឹង្ហ​ក៏​មាន ប៉ុន្តែ​នៅ​ក្នុង​ព្រះជាម្ចាស់​យើង​ជា​បុត្រា​បុត្រី​របស់​ព្រះអង្គ។ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ ដើម្បី​ឱ្យ​ព្រះសហគមន៍​របស់​យើង​ដូច​សម្តេច​ប៉ាប​បាន​សុំ ឱ្យ​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា​ដើម្បី​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះយេស៊ូ​គ្រីស្ត។

ទី​៣ នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ “អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​ប្រតិបត្ត​តាម​ពាក្យ​របស់​ខ្ញុំ ព្រះបិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​ព្រះបិតា​និង​ខ្ញុំ​ក៏​នឹង​មក​តាំង​លំនៅ​នៅ​ក្នុង​អ្នក​នោះ​ដែរ”។ បង​ប្អូន​ជា​ទី​ស្រឡាញ់ អរ​ព្រះគុណ​ព្រះជាម្ចាស់ លើក​លែង​ទោស​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស​ស្រឡាញ់​ព្រះជាម្ចាស់ នៅ​ពេល​យើង​ស្រឡាញ់​ព្រះជាម្ចាស់​និង​ស្រឡាញ់​បង​ប្អូន​ឯទៀតៗ យើង​ដឹង​ថា​ព្រះជាម្ចាស់​នឹង​មក​តាំង​ទី​លំនៅ​នៅ​ក្នុង​ជីវិត​របស់​យើង​ដ៏​ពេញ​លក្ខណៈ។

ថ្ងៃ​នេះ ខ្ញុំ​ឃើញ​បង​ប្អូន​មាន​ពណ៌​ក្រហម​ច្រើន ជា​ពណ៌​របស់​ព្រះជាម្ចាស់ ជា​ពណ៌​នៃ​សេចក្តី​ស្រឡាញ់​ដែល​ចេញ​ពី​ព្រះជាម្ចាស់ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ស្ថិត​ស្ថេរ​ជានិច្ច។ ដូច្នេះ ឱ្យ​យើង​ភ្ជាប់​ជា​មួយ​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ដ៏​ពេញ​លក្ខណៈ​នៅ​ក្នុង​ឆ្នាំ​នេះ ដើម្បី​ណែនាំ​ឱ្យ​ព្រះសហគមន៍​និង​សង្គម​របស់​យើង ទៅ​ជា​សង្គម​ថ្មី​ប្រកប​ដោយ​សុភមង្គល​ដែល​មក​ពី​ព្រះជាម្ចាស់ ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត​ដែល​មក​ពី​ព្រះជាម្ចាស់។

ដូច្នេះ ថ្ងៃ​នេះ​យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់ យើង​រួម​គ្នា​សុំ​ព្រះអង្គ​ប្រទាន​ពរ​ដល់​ព្រះសហគមន៍ ដល់​បង​ប្អូន​ទាំង​អស់​ដែល​បាន​ចូល​រួម​យ៉ាង​ច្រើន​ថ្ងៃ​នេះ កុំ​ឱ្យ​មាន​កូវីដ-១៩​ចូល​នៅ​ក្នុង​ជីវិត​របស់​យើង​ទៀត។ ឱ្យ​យើង​រក​ស៊ី ឱ្យ​យើង​ដើរ​រួម​គ្នា ឱ្យ​យើង​ទៅ​សាលា​រៀន​បាន ឱ្យ​យើង​ចេះ​ថែរក្សា​គ្នា​ទៅ​វិញ​ទៅ​មក ថែ​រក្សា​លោក​ឪពុក បង​ស្រី ដើម្បី​ឱ្យ​ព្រះសហគមន៍​របស់​យើង​មាន​ជីវិត ជា​ពិសេស​ឱ្យ​យើង​ភ្ជាប់​ជា​មួយ​ព្រះយេស៊ូ​ជានិច្ច។ នៅ​ភ្នំពេញ​ថ្មី​យើង​មាន​ទ្វារ​នៃ​ធម៌​មេត្តា​ករុណា នៅ​ជ្រៃធំ​ឥលូវ​នេះ​យើង​ក៏​មាន​ទ្វារ​នៃ​ធម៌​មេត្តា​ករុណា​ដែរ។ ដូច្នេះ បង​ប្អូន​កុំ​ភ្លេច​ជា​រៀង​រាល់​ថ្ងៃ​យើង​ឆ្លង​ទ្វារ​នេះ ដើម្ប​ជួប​ជា​មួយ​ព្រះជាម្ចាស់​ផ្ទាល់៕

ជយោ​ឆ្នាំ​ថ្មី! ជយោ​ព្រះជាម្ចាស់!

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ក្រុមសិល្បៈវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ទទួលបានលិខិតថ្លែងអំណរគុណ ក្នុងទិវាវប្បធម៌ជាតិ

ក្នុងស្មារតីលើកកម្ពស់ដួងព្រលឹងវប្បធម៌ខ្មែរ ក្រុមសិល្បៈនៃវិទ្យាល័យសន្តហ្វ្រង់ស្វ័រ បាននាំយកនូវទស្សនីយភាពរបាំបុរាណយ៉ាងជក់ចិត្តមកសម្តែងក្នុងឱកាសអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣មីនា» លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម កាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត។ នៅក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ លោកស្រី ឡៃ មករា នាយិការងវិទ្យាល័យសន្តហ្វ្រង់ស្វ័រ រួមជាមួយក្រុមសិល្បៈសិស្សានុសិស្ស បានទទួលលិខិតថ្លែងអំណរគុណផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមថែរក្សាវប្បធម៌។

ក្រុមបងស្រីនមស្ការ សម្ពោធគេហដ្ឋានថ្មីនៅភ្នំពេញ ដើម្បីពង្រីកបេសកកម្មជួយស្ត្រី និងកុមាររងគ្រោះ

ក្រុមបងស្រីនមស្ការ (Adoratrices) បានប្រារព្ធពិធីប្រទានពរ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហដ្ឋានថ្មីរបស់ខ្លួនក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្តល់ជម្រក និងការគាំទ្រដល់ស្ត្រី និងកុមារដែលរងគ្រោះដោយអំពើហិង្សា និងការបោះបង់។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ និងលោកអភិបាល សិលា សួន ហង្សលី ដោយមានការចូលរួមពីបុគ្គលិក និងគ្រីស្តបរិស័ទ​ អាជ្ញាធរដែនដី ភ្ញៀវជាតិ​និងអន្តរជាតិ​យ៉ាងច្រើន​កុះករ។ គេហដ្ឋានថ្មីនេះ គឺជាសមិទ្ធផលដែលកើតចេញពីចក្ខុវិស័យរបស់ក្រុមបងស្រីនមស្ការ ដែលបានមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២។

មរណសាក្សី​ជា​គ្រឹះ ជាកម្លាំង និងជា​សក្ខីកម្មនៃ​សន្តិភាព​សម្រាប់យើង

បន្ទាប់​ពី​បានប្រារព្ធពិធីបិទការស៊ើបអង្កេតជាផ្លូវការអំពីបេក្ខភាពនៃ “មរណសាក្សី” ដែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលមានលោក​អភិបាល​យ៉ូសែប ឆ្មារ សាឡាស់ និង​សហការី​ចំនួន​១១​រូប (បូជាចារ្យ បព្វជិត-ជិតា និង​គ្រហស្ថ) លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិកភូមិភាគ​ភ្នំពេញ បានធ្វើ​ជា​អធិបតី​ក្នុងពិធី​ថ្វាយអភិបូជា​រួមជាមួយលោកអភិបាល​សិលា សួន ហង្សលី និង​លោកបូជាចារ្យជាច្រើន​អង្គ​ ដើម្បី​អរព្រះគុណព្រះជាម្ចាស់ សម្រាប់ការស្រាវជ្រាវយ៉ាងហ្មត់ចត់អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ និងដើម្បីទូលអង្វរ​​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ សម្រាប់ដំណាក់កាលទីពីរនៃដំណើរការនេះនៅទីក្រុងរ៉ូម។ ថ្លែងក្នុងធម្មទេសនាទៅកាន់​គ្រីស្តបរិស័ទ​ប្រមាណ​៣០០នាក់ ដែលមកពី​តំបន់នានាក្នុងភូមិភាគ​ភ្នំពេញ

Subscribe to our newsletter

Don't miss new updates on your email