អភិបូជា​ចូលឆ្នាំចិន-វៀតណាម ថ្ងៃ​ទី​២

នៅ​ព្រះសហគមន៍​សន្ត​ហ្វ្រង់ស្វ័រ​សាវីយ៉េ

ចំប៉ា ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២២

“ឆ្នាំ​ថ្មី​ព្រះពរ​ថ្មី”

បង​ប្អូន​ជា​ទី​ស្រឡាញ់

នៅ​ថ្ងៃ​ដែល​យើង​ចូល​នៅ​ក្នុង​ថ្ងៃ​ទី​២​នៃ​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ចិន-វៀតណាម ជា​ពេល​វេលា​មួយ​ដើម្បី​ទទួល​សេចក្តី​សុខ​ថែម​ទៀត។ ពី​ម្សិល​មិញ យើង​បាន​សុំ​ព្រះពរ​ពី​ព្រះជាម្ចាស់​សម្រាប់​ក្រុម​គ្រួសារ​យើង សម្រាប់​ជីវិត​របស់​យើង សម្រាប់​ប្រទេស​របស់​យើង សម្រាប់​ពិភព​លោក​របស់​យើង​ដែរ។ ថ្ងៃ​នេះ យើង​បាន​មើល​ឃើញ​ថែម​ទៀត​ប្រសិន​បើ​យើង​គោរព​មាតាបិតា ប្រសិន​បើ​យើង​ស្តាប់​បង្គាប់​មាតាបិតា យើង​មាន​សេចក្តី​សុខ និង​យើង​មាន​អាយុ​វែង​នៅ​លើ​ផែនដី​នេះ។ នេះ​ជា​កម្លាំង​មួយ​ថ្មី​សម្រាប់​យើង​ទាំង​អស់ ដែល​កំពុង​ស្វែង​រក​សេចក្តី​សុខ ស្វែង​រក​សុភមង្គល​ដ៏​ពិត​ប្រាកដ ស្វែង​រក​កម្លាំង​សម្រាប់​ឆ្នាំ​ថ្មី​នេះ។

ព្រះពរ​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ ជា​ព្រះពរ​មួយ​យ៉ាង​ពិសេស ណែនាំ​ឱ្យ​យើង​អាច​តស៊ូ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ខាង​មុខ​នេះ។ ព្រះពរ​ដែល​មក​ពី​ព្រះជាម្ចាស់ ជា​ព្រះពរ​ដែល​ធានា​ឱ្យ​យើង​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ពិត​ប្រាកដ​មែន ធានា​ឱ្យ​យើង​ចេះ​រួម​រស់​ជា​គ្រួសារ​តែ​មួយ​យ៉ាង​ពិត​ប្រាកដ។ ដោយសារ យើង​មាន​ព្រះជាម្ចាស់​ដែល​គង់​នៅ​ជា​មួយ​យើង ដោយសារ​យើង​មាន​ព្រះជាម្ចាស់​ដែល​ជា​ទី​ពឹង​របស់​យើង។ យើង​ដឹង​ហើយ​ថា នៅ​ពេញ​មួយ​ឆ្នាំ​ខាង​មុខ​នេះ​យើង​ត្រូវ​ជួប​ជា​មួយ​អំណរ​សប្បាយ​ផង ជា​មួយ​ទុក្ខ​លំបាក​ផង ជា​មួយ​សេចក្តី​សុខ ជា​មួយ​ការ​ឈឺ​ចាប់ ជា​មួយ​រឿង​ដែល​កើត​ឡើង​នៅ​ក្នុង​គ្រួសារ​របស់​យើង​ផ្ទាល់ ជា​មួយ​បង​ប្អូន​ដែល​នឹង​ទទួល​មរណៈភាព។ ប៉ុន្តែ យើង​ត្រូវ​ទទួល​សេចក្តី​សុខ​យ៉ាង​ច្រើន​ដែរ តាម​រយៈ​គ្រួសារ​របស់​យើង តាម​រយៈ​ជីវិត​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ដោយ​ដឹង​ថា យើង​មាន​ព្រះជាម្ចាស់​ដែល​គង់​នៅ​ជា​មួយ​យើង យើង​មាន​ទី​ពឹង​មួយ​យ៉ាង​ពិសេស​បំផុត​គឺ​ព្រះជាម្ចាស់​ផ្ទាល់។

ថ្ងៃ​នេះ ព្រះសហគមន៍​ដាស់​តឿន​យើង​ឱ្យ​យើង​ចេះ​គោរព​មាតាបិតា ឱ្យ​យើង​ចេះ​ស្រឡាញ់​មាតាបិតា ឱ្យ​យើង​ចេះ​គោរព​បព្វបុរស​របស់​យើង ដែល​ធ្វើ​ដំណើរ​ជា​មួយ​យើង​ពី​ដើម​រៀង​មក។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​សារ​លិខិត​របស់​សម្តេច​ប៉ាប ហ្វ្រង់ស៊ីស្កូ ដែល​បាន​ដែល​សរសេរ​នៅ​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០២២ សម្តេច​ប៉ាប​បាន​យក​ចំណង​ថា “ពិភព​លោក​របស់​យើង​អាច​រក​ឃើញ​សេចក្តី​សុខ​សាន្ត លុះត្រាតែ​យើង​មាន​ទំនាក់​ទំនង​អន្តរ​ជំនាន់”។ មាន​ន័យ​ថា ក្មេងៗ​មាន​ទំនាក់​ទំនង​ជា​មួយ​ចាស់ៗ ចាស់ៗ​មាន​ទំនាក់​ទំនង​ជា​មួយ​ក្មេងៗ ឪពុក​ម្តាយ​មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា។ ទំនាក់​ទំនង ការ​ស្តាប់​គ្នា ការ​សន្ទនា​រវាង​ក្មេងៗ​និង​ចាស់ៗ​សំខាន់​ណាស់ ដោយសារ​កូន​ក្មេង​អាច​ទទួល​បទ​ពិសោធន៍ ការ​អប់រំ ប្រាជ្ញា មក​ពី​ចាស់ៗ​ដែល​មាន​បទ​ពិសោធន៍​ពី​យូរ​ឆ្នាំ​ហើយ​នៅ​លើ​ផែនដី​នេះ។ ដែល​បាន​ឆ្លង​កាត់​ប៉ុន្មាន​ឆ្នាំ ទាំង​អំណរ​សប្បាយ ទាំង​ទុក្ខ​លំបាក​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ នៅ​ក្នុង​ជីវិត​ជា​គ្រីស្ត​បរិស័ទ។

ហេតុ​នេះ​ហើយ កុមារា​កុមារី​យើង​ត្រូវ​ការ​ស្តាប់​ឪពុក​ម្តាយ សូម​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​លោក​តា​លោក​យាយ​របស់​យើង។ យើង​ដឹង​ហើយ​ថា លោក​តា​លោក​យាយ​មិន​អាច​ស្ថិត​ស្ថេរ​ជានិច្ច មាន​ពេល​វេលា​កំណត់​ដែរ។ ដូច្នេះ នៅ​ពេល​មាន​លោក​តា​លោក​យាយ​នៅ​ជា​មួយ​យើង សូម​គោរព សូម​ស្តាប់​បទ​ពិសោធន៍ ស្តាប់​របៀប​ដែល​គាត់​រស់​នៅ​នៅ​លើ​ផែនដី​របស់​យើង។ ដើម្បី​យល់​នៅ​ថ្ងៃ​អនាគត យើង​ត្រូវ​ការ​ធ្វើ​ដូច​ម្តេច​ដើម្បី​ទៅ​ជា​កូន​ក្មេង​ដ៏​ពេញ​លក្ខណៈ ដែល​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត ដើម្បី​ទៅ​ជា​យុវជន​ដែល​មាន​ប្រាជ្ញា​ឈ្លាស​វៃ។ នៅ​ពេល​បង្កើត​គ្រួសារ ក្លាយ​ជា​ឪពុក​ម្តាយ​ដែល​បង្កើត​គ្រួសារ​ពោរពេញ​ដោយ​សេចក្តី​សុខ​សាន្ត អង្គុយ​លេង​ដើម្បី​ស្តាប់​លោក​តា​លោក​យាយ។ លោក​តា​លោក​យាយ យក​ចិត្ត​ទុក​ដាក់​ជា​មួយ​កុមារា​កុមារី​ដែល​ជា​កូន​ចៅ ដើម្បី​ឱ្យ​កូន​ចៅ​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត​គោរព​ប្រពៃណី វប្បធម៌ ចេះ​ស្រឡាញ់​ព្រះសហគមន៍ ចេះ​ស្រឡាញ់​ព្រះនាង​ម៉ារី សន្ត​យ៉ូសែប ព្រះយេស៊ូ​យ៉ាង​ជិត​ស្និទ្ធ។ ចេះ​សូត្រ​ផ្គាំ ចូល​ព្រះវិហារ​ទាន់​ពេល​វេលា ទទួល​ព្រះកាយ​រាល់​ថ្ងៃ​អាទិត្យ ចេះ​រួម​រស់​ជា​បង​ប្អូន​ជា​មួយ​មិត្ត​សម្លាញ់។

ថ្ងៃ​នេះ យើង​ទទួល​កម្លាំង​ពិត​មែន​ដោយសារ​យើង​ដឹង​ថា ព្រះសហគមន៍​របស់​យើង​ជា​មហា​គ្រួសារ​ដែល​កំពុង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា នៅ​ក្នុង​ព្រះសហគមន៍​របស់​យើង។ លូហ្គូ​ដែល​យើង​បាន​រៀប​ចំ​សម្រាប់​សន្និបាត​របស់​ព្រះសហគមន៍​សកល​ឆ្នាំ​២០២១-២០២៣ យើង​បាន​ឃើញ​រូប​រាង​នៃ​ព្រះសហគមន៍។ យើង​មាន​កុមារា​កុមារី យើង​មាន​យុវជន​យុវនារី យើង​មាន​ឪពុក​ម្តាយ យើង​មាន​ពូ​មីង យើង​មាន​លោក​តា​លោក​យាយ យើង​មាន​បង​ប្រុស​បង​ស្រី យើង​មាន​លោក​ឪពុក យើង​មាន​លោក​អភិបាល។ ដែល​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា​ឆ្ពោះ​ទៅ​ព្រះយេស៊ូ ដោយសារ​យើង​ទៅ​មើល​ព្រះយេស៊ូ ជីវិត​របស់​យើង​គឺ​មើល​ព្រះយេស៊ូ នៅ​ពេល​យើង​ចូល​ព្រះវិហារ​យើង​មើល​ទូរ​ព្រះកាយ​និង​ព្រះយេស៊ូ​ដែល​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង។ នៅ​ពេល​ចូល​ព្រះវិហារ​យើង​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ យើង​ទទួល​ព្រះកាយ​ព្រះគ្រីស្ត មាន​ន័យ​ថា​គោល​ដៅ​នៃ​ជីវិត​របស់​យើង​គឺ​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេស៊ូ នៅ​ក្នុង​មហា​គ្រួសារ​ដែល​ជា​ព្រះសហគមន៍ ដើម្បី​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច​។

ហេតុ​នេះ​ហើយ នៅ​ក្នុង​ថ្ងៃ​ទី​២​យើង​ត្រូវ​តែ​ជូន​ពរ​គ្នា​ទៅ​វិញ​ទៅ​មក ជូន​ពរ​ដើម្បី​ឱ្យ​កូន​ក្មេង​ម្នាក់ៗ​រីក​ចម្រើន​នៅ​ក្នុង​សុខភាព នៅ​ក្នុង​ការ​សិក្សា នៅ​ក្នុង​ប្រាជ្ញា ដើម្បី​មាន​គំនិត​ថ្មី ទៅ​ជា​កូន​ក្មេង​ដែល​មាន​អនាគត​ដ៏​ភ្លឺ​ស្វាង។ ជូន​ពរ​ដល់​ឪពុក​ម្តាយ ដើម្បី​ឱ្យ​មាន​សេចក្តី​សុខ​រវាង​គ្នា​នឹង​គ្នា​ជា​ប្តី​ប្រពន្ធ ជូន​ពរ​ដើម្បី​ឱ្យ​ចេះ​មើល​កូន​ឱ្យ​រីក​ចម្រើន ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ជូន​ពរ​ដល់​លោក​តា​លោក​យាយ ឱ្យ​មាន​អាយុ​វែង សុខភាព​ល្អ ណែនាំ​នៅ​ក្នុង​ជំនឿ​យ៉ាង​ជាក់​ស្តែង​និង​ច្បាស់​លាស់។ ជូន​ពរ​ដល់​លោក​ឪពុក ជូន​ពរ​ដល់​បង​ស្រី ដើម្បី​ឱ្យ​យើង​រួម​គ្នា​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត ដើម្បី​ដឹក​នាំ​ព្រះសហគមន៍​ឱ្យ​ក្នុង​ឆ្នាំ​២០២២​នេះ​រីក​ចម្រើន​ថែម​ទៀត។ ជូន​ពរ​ដើម្បី​ឱ្យ​ព្រះសហគមន៍​របស់​យើង ទៅ​ជា​ផ្នែក​មួយ​នៅ​ក្នុង​សង្គម​ទាំង​មូល ដើម្បី​ទៅ​ជា​ពន្លឺ​នៅ​ក្នុង​សង្គម។

តាម​ពិត​ថ្ងៃ​នេះ យើង​គោរព​ព្រះយេស៊ូ​ដែល​ថ្វាយ​ខ្លួន នៅ​ក្នុង​វិសាល​វិហារ​នៅ​ទី​ក្រុង​យេរូសាឡឹម​។ នៅ​ពេល​នោះ​លោក​តា​ស៊ីមេយ៉ុន ពេល​ឃើញ​ព្រះយេស៊ូ​គាត់​មាន​ប្រសាសន៍​ថា “ភ្នែក​ទូល​បង្គំ​បាន​ឃើញ​ការ​សង្រ្គោះ​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​ឱ្យ​ប្រជាជាតិ​ទាំង​អស់ គឺ​ជា​ពន្លឺ​ដែល​ណែនាំ​ឱ្យ​មនុស្ស​គ្រប់​ជាតិ​សាសន៍​ស្គាល់​ព្រះអង្គ និង​ជា​សិរីរុងរឿង​របស់​អ៊ីស្រាអែល​ដែល​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ ជា​សិរីរុងរឿង​របស់​ប្រទេស​កម្ពុជា​ទាំង​មូល​ដែល​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ”។ ថ្ងៃ​នេះ ដូច​លោក​តា​ស៊ីមេយ៉ុន ដូច​យាយ​អាណា ដែល​បាន​ឃើញ​ព្រះយេស៊ូ ដែល​បាន​ទទួល​ស្គាល់​ព្រះយេស៊ូ​ជា​ព្រះពន្លឺ ដែល​យាង​មក​ដើម្បី​បំភ្លឺ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ពិភព​លោក។ ឱ្យ​យើង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​បង្ហាញ​ថា​យើង​ជា​គ្រួសារ​តែ​មួយ យើង​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ សេចក្តី​ស្រឡាញ់​របស់​យើង អាច​ទៅ​ជា​សក្ខីភាព​សម្រាប់​សង្គម​របស់​យើង​បច្ចុប្បន្ន​នេះ ដើម្បី​មើល​ឃើញ​យ៉ាង​ជាក់​ស្តែង​អំពី​វត្តមាន​របស់​ព្រះជាម្ចាស់ ដែល​ជា​ពន្លឺ​មួយ​យ៉ាង​ពិសេស ដែល​បំភ្លឺ​ប្រទេស​យើង សង្គម​យើង ដើម្បី​យើង​ទៅ​មុខ​បាន។

នៅ​ក្នុង​មួយ​ឆ្នាំ​កន្លង​មក ជួន​កាល​យើង​ធ្លាក់​ទឹក​ចិត្ត ជួន​កាល​យើង​ពិបាក​ចិត្ត ដោយសារ​មាន​រឿង​ជា​ច្រើន​ដែល​កើត​ឡើង មិន​មែន​តែ​ជំងឺ​កូវីដ-១៩ មាន​រឿង​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​យើង រឿង​នៅ​ក្នុង​ព្រះសហគមន៍ រឿង​នៅ​ក្នុង​ការ​សិក្សា​និង​ការងារ​របស់​យើង។ ប៉ុន្តែ យើង​ដឹង​ថា​នៅ​ក្នុង​ឆ្នាំ​ថ្មី​យើង​មាន​ព្រះជាម្ចាស់ ទោះ​បី​យើង​មាន​បញ្ហា​ណា​មួយ​ក៏​ដោយ​ព្រះជាម្ចាស់​មិន​ដែល​លះបង់​ចោល​យើង។ ដូច្នេះ ថ្ងៃ​នេះ​ជា​ពេល​វេលា​ដើម្បី​សំលឹង​មើល​ម្តង​ទៀត មិន​មែន​តែ​ឪពុក​ម្តាយ លោក​តា​លោក​យាយ​របស់​យើង ប៉ុន្តែ​សំលឹង​មើល​បព្វបុរស​របស់​យើង​នៅ​ក្នុង​ជំនឿ។ ពី​លោក​តា​អាប្រាហាំ ជា​ពិសេស​សន្ត​សន្តី និង​សន្ត​បុគ្គល​ទាំង​ឡាយ នៅ​ចំប៉ា​យើង​មាន​សន្ត​ហ្វ្រង់ស្វ័រ​សាវីយ៉េ ដែល​បាន​ប្រកាស​ដំណឹង​ល្អ​នៅ​ក្នុង​ទ្វីប​អាស៊ី​យើង។ យើង​មាន​សន្តី​តេរេសា យើង​មាន​ព្រះនាង​ម៉ារី យើង​មាន​សន្ត​យ៉ូសែប សុទ្ធ​តែ​ជា​បព្វបុរស​នៅ​ក្នុង​ជំនឿ ដែល​ជា​គំរូ​ដើម្បី​ណែនាំ​ឱ្យ​យើង​ទៅ​មុខ​ត​ទៅ​ទៀត។ ដោយសារ​យើង​ដឹង​ថា គេ​ជា​មនុស្ស​សាមញ្ញ​ធម្មតា​ដែល​ព្រះជាម្ចាស់​បាន​រើស ដើម្បី​រស់​នៅ​ក្នុង​សង្គម នៅ​ពេល​វេលា​ដែល​ណែនាំ​ឱ្យ​សង្គម​បាន​រក​ឃើញ​កម្លាំង​កាយ​កម្លាំង​ចិត្ត​សាជាថ្មី។

ដូច្នេះ ថ្ងៃ​នេះ​យើង​ដឹង​ថា​យើង​ចូល​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​សង្រ្គោះ យើង​ចូល​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​មនុស្ស​លោក។ ដើម្បី​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា​នៅ​ក្នុង​មហា​គ្រួសារ​តែ​មួយ ជា​មួយ​បង​ប្អូន​របស់​យើង​ដែល​នៅ​ស្ថាន​បរម​សុខ​ហើយ ក៏​ដូចជា​មួយ​យើង​ដែល​នៅ​លើ​ផែនដី​នេះ យើង​ជា​មហា​គ្រួសារ​តែ​មួយ​ដែល​ទទួល​ព្រះពរ​ពី​ព្រះជាម្ចាស់។

ថ្ងៃ​នេះ ខ្ញុំ​សូម​ជូន​ពរ​ដល់​កុមារា​កុមារី ដល់​យុវជន​យុវនារី ដល់​ឪពុក​ម្តាយ ដល់​ពូ​មីង ដល់​លោក​តា​លោក​យាយ ដើម្បី​ឱ្យ​យើង​រួម​គ្នា​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត​យើង​អាច​ធ្វើ​ដំណើរ​យ៉ាង​សុខ​សាន្ត ពោរពេញ​ដោយ​សុខដុមរមនា​និង​សុភមង្គល​សម្រាប់​ឆ្នាំ​២០២២​ខាង​មុខ​នេះ។ ឆ្នាំ​នេះ​ជា​ឆ្នាំ​ខ្លា ដែល​ពោរពេញ​ដោយ​កម្លាំង ពោរពេញ​ដោយ​ឫទ្ធានុភាព ពោរពេញ​ដោយ​របៀប​ដើម្បី​ណែនាំ​ឱ្យ​យើង​មាន​កម្លាំង។ ប៉ុន្តែ យើង​ដឹង​ថា​សត្វ​ខ្លា​មិន​សំខាន់​ប៉ុន្មាន​ទេ សំខាន់​គឺ​ព្រះជាម្ចាស់ ដោយសារ​ព្រះជាម្ចាស់​មាន​ព្រះហឫទ័យ​ស្រឡាញ់​យើង។ ព្រះជាម្ចាស់​មាន​ព្រះហឫទ័យ​ប្រណី​សន្តោស​យើង​ជានិច្ច ដើម្បី​ឱ្យ​យើង​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា​នៅ​ក្នុង​មហា​គ្រួសារ​តែ​មួយ​នៅ​ក្នុង​ព្រះគ្រីស្ត​រួម​ជា​មួយ​ព្រះបិតា។

យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់​ដែល​គង់​នៅ​ជា​មួយ​យើង យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់​ដែល​ការពារ​ថែរក្សា​យើង ដើម្បី​ឱ្យ​ឆ្នាំ​ថ្មី​នេះ​យើង​ពោរពេញ​ដោយ​សុខភាព​ល្អ ពោរពេញ​ដោយ​ជំនឿ និង​ជា​ពិសេស​ចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក៕

ជយោ​ឆ្នាំ​ថ្មី!

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

ការអប់រំសីលធម៌តាមបែបសាសនាជួយបង្ការនិងទប់ស្កាត់ការជួញដូរមនុស្សសម័យទំនើប

ព្រះសហគមន៍កាតូលិក​ រួមជាមួយសាសនា​ នានា​​ ចូលរួមទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស​  ២០​ សីហា​ ឆ្នាំ២០២៤​ ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា​ បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស​ សម័យឌីជីថល» នាថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០២៤​ នៅមជ្ឈមណ្ឌលសន្និបាត​ និងពិព័ណ៌អន្តរជាតិជ្រោយចង្វារ​ (OCIC)​ ដោយមានពិធីសូត្រធម៌​ និងអធិដ្ឋានបញ្ជូនសាររបស់សាសនានីមួយៗ។ ជំជួបរវាង​សាសនាក្នុងទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរមនុស្ស​ នៅថ្ងៃនេះ​ មាន​អ្នក​ចូលរួម​ប្រមាណជាង​២០០០នាក់ ដែលមានមេដឹកនាំ​សាសនា​ និងសាសនិក​ជាច្រើន​ដែលមាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​​ចូលរួម អាជ្ញាធរដែនដី

បិទខួប១៦០ឆ្នាំ គ្រីស្តបរិស័ទត្រូវបើកចិត្តគំនិតថ្មី

នាថ្ងៃទី​១៤ ខែ​ឧសភានេះ លោកអភិបាល​នៃព្រហសហគមន៍​ទាំង​បី​ភូមិភាគ​ក្នុងប្រទេស​កម្ពុជា បាន​ធ្វើ​ជា​អធិបតី ក្នុងពិធីបុណ្យ​បិទខួប​១៦០ឆ្នាំ​នៃ​ការ​បង្កើត​ព្រះសហគមន៍​អ្នកលឿងដែលស្ថិត​នៅ​ក្នុងភូមិ​៦ ឃុំព្រែកខ្សាយ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ដោយ​មាន​គ្រីស្តបរិស័ទ​ចូលរួម​ជា​ច្រើន​កុះករ​។ ក្នុងធម្មទេសនាក្នុងឱកាសនោះ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញមាន​ប្រសាសន៍ថា អស់រយៈកាល​ពេញ​មួយ​ឆ្នាំ​ដែល​គ្រីស្ត​បរិស័ទនៅទីនេះ បាន​ខិតខំ​អធិដ្ឋាន រិះគិត​ពិចារណាអំពីជំនឿ និង​នឹកឃើញ​អំពី​តួនាទីជាគ្រីស្តបរិស័ទ​។ លោក​អភិបាល​បាន​បន្ថែមថា យើង​មិន​ត្រឹមតែ​នឹក​ឃើញ​អំពី​ជីវិត​គ្រីស្តបរិស័ទ​ពីដើម តែ​យើងត្រូវ​នឹក​ឃើញ​អំពី​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​នាពេលបច្ចុប្បន្ន​នេះ ហើយ​ត្រូវ​សម្រេចចិត្ត​បន្ត​ថែរក្សាជំនឿ និង​សេចក្តីសង្ឃឹម ជា​ពិសេស​បន្ត​សម្ដែងធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់។ លោកថា ពិធី​បិទខួប​១៦០ឆ្នាំរបស់​ព្រះសហគមន៍នេះ​​

Subscribe to our newsletter

Don't miss new updates on your email