អភិបូជា​ចូល​ឆ្នាំ​ចិន-វៀតណាម ថ្ងៃ​ទី​៣

នៅ​ព្រះសហគមន៍​សន្តី​ម៉ារី

ទួលតាំង ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០២២

“ជីវិត​ជោគជ័យ​ដោយសារ​យើង​សុចរិត”

បង​ប្អូន​ជា​ទី​ស្រឡាញ់

ជា​បឋម​ខ្ញុំ​សូម​ជូន​ពរ​និង​អបអរ​សាទរ​ឆ្នាំ​ថ្មី ថ្ងៃ​នេះ​ជា​ថ្ងៃ​ទី​៣​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម ជា​ពេល​វេលា​ដើម្បី​អធិដ្ឋាន​សម្រាប់​ការងារ​របស់​យើង។ ដើម្បី​ឱ្យ​ឆ្នាំ​ថ្មី​នេះ យើង​រក​ស៊ី​យ៉ាង​ស្រួល​បំផុត អំបាញ់​មិញ​ខ្ញុំ​បាន​ប្រសិទ្ធី​ពរ​លើ​ឧបករណ៍​ដែល​យើង​ប្រើ​នៅ​ក្នុង​ការ​រក​ស៊ី។ ថ្ងៃ​នេះ យើង​ត្រូវ​ការ​នឹក​ឃើញ​អ្វី​ដែល​យើង​បាន​ស្តាប់​នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ ដើម្បី​ឱ្យ​ព្រះពរ​ដែល​យើង​បាន​ទទួល​ណែនាំ​ឱ្យ​មាន​ផល​ផ្លែ​នៅ​ក្នុង​ជីវិត​របស់​យើង​ពេញ​មួយ​ឆ្នាំ។

អ្វី​ដែល​យើង​បាន​ស្តាប់​មុន​គេ​បង្អស់​គឺ ព្រះជាម្ចាស់​បាន​បង្កើត​យើង ព្រះជាម្ចាស់​បាន​ប្រទាន​តួនាទី​ឱ្យ​យើង បេសកកម្ម​ឱ្យ​យើង គឺ “ព្រះជាម្ចាស់​បាន​យក​មនុស្ស​ទៅ​ដាក់​ក្នុង​សួន​អេដេន ដើម្បី​ឱ្យ​គេ​ភ្ជួរ​រាល់​និង​ថែ​រក្សា​សួន​នោះ”។ ដូច្នេះ ព្រះជាម្ចាស់​មិន​តែ​ប្រទាន​ព្រះពរ ក្រោយ​មក​ពេល​យើង​បាន​ទទួល​ព្រះពរ​ហើយ​យើង​ដឹង​ថា យើង​អាច​រក​ស៊ី​បាន ឬ​យើង​មាន​លុយ​ច្រើន​ធ្លាក់​ពី​ស្ថាន​បរម​សុខ​មក។ មិន​មែន​ទេ ព្រះជាម្ចាស់​ឱ្យ​យើង​មាន​តួនាទី ពី​ដើម​រៀង​មក​នៅ​ក្នុង​សួន​អេដេន​យើង​ត្រូវ​ការ​ភ្ជួរ​ដី ពេល​យើង​ភ្ជួរ​ដី​យើង​ដឹង​ថា​ដី​ល្អ​ទៅៗ។ មាន​ន័យ​ថា ដំណាំ​របស់​យើង​បាន​ផ្លែ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ច្រើន​ទៅៗ ប៉ុន្តែ​តើ​ផ្លែ​នេះ​ចេញ​ពី​ណា​មក? មិន​មែន​ចេញ​ពី​ព្រះជាម្ចាស់​ដែល​បាន​ឱ្យ​ទឹក​ភ្លៀង​ធ្លាក់​ដូច​ទឹក​មាស​ឬ​ទឹក​ប្រាក់ ប៉ុន្តែ​ផ្លែ​នេះ​ចេញ​ដោយ​សារ​យើង​បាន​ខិត​ខំ​អស់​ពី​កម្លាំង​កាយ​កម្លាំង​ចិត្ត ដើម្បី​ភ្ជួរ​ដី ដើម្បី​ថែរក្សា​សួន​ហ្នឹង។ មាន​ន័យ​ថា ការងារ​ដែល​យើង​ធ្វើ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ចេញ​ពី​ញើស​ឈាម​របស់​យើង​ដ៏​ពិត​ប្រាកដ នេះ​ជា​បេសកកម្ម​ដែល​យើង​បាន​ទទួល។

ហេតុ​នេះ​ហើយ ថ្ងៃ​នេះ​ដែល​យើង​អធិដ្ឋាន​សម្រាប់​ការងារ​របស់​យើង យើង​ដឹង​ថា​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​មនុស្ស​ដែល​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​អស់​ពី​សមត្ថភាព។ ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​២​អំបាញ់​មិញ “ព្រះអង្គ​ដែល​ប្រទាន​គ្រាប់​ពូជ​ដល់​អ្នក​សាប​ព្រោះ និង​ប្រទាន​ចំណី​អាហារ​ឱ្យ​គេ​ផង​នោះ”។ ប៉ុន្តែ ព្រះជាម្ចាស់​មិន​ប្រទាន​ម្ហូប​អាហារ​ទទេ​នោះ​ទេ ព្រះជាម្ចាស់​ប្រទាន​គ្រាប់​ពូជ​ដល់​អ្នក​សាប​ព្រោះ មាន​ន័យ​ថា​យើង​ត្រូវ​តែ​ភ្ជួរ​ដី យើង​ត្រូវ​ការ​សាប​ព្រោះ​ដើម្បី​ឱ្យ​មាន​ផ្លែ។ ការងារ​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ក៏​ដូច​គ្នា​ដែរ អ្នក​ដែល​ជោគ​ជ័យ​មិន​មែន​ដោយសារ​ត្រូវ​ប៉ាន់​ដី ឬ​ត្រូវ​លេខ​ឆ្នោត។ ប៉ុន្តែ អ្នក​ដែល​ជោគ​ជ័យ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គឺ​អ្នក​ដែល​បាន​តស៊ូ តស៊ូ​នៅ​ក្នុង​ការងារ តស៊ូ​នៅ​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់ តស៊ូ​ដើម្បី​ឱ្យ​ជីវិត​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​រីក​ចម្រើន​បន្តិច​ម្តងៗ។ យើង​ចាប់​ផ្តើម​ពី​សូន្យ​ឡើង​ដល់​មួយ​រយ ល្អ​ជាង​ចាប់​ផ្តើម​ពី​មួយ​រយ​ធ្លាក់​មក​ដល់​សូន្យ។

ដូច្នេះ ពេល​យើង​ភ្ជួរ​ដី​យើង​ដឹង​ថា​ការងារ​កសិករ​ជា​និមិត្ត​រូប​សម្រាប់​យើង យើង​នៅ​រាជធានី​ភ្នំពេញ​យើង​លែង​ធ្វើ​ស្រែ​ហើយ។ ប៉ុន្តែ ពេល​យើង​មើល​ការងារ​របស់​កសិករ​យើង​យល់​អស់​ហើយ កសិករ​ត្រូវ​ការ​រៀប​ចំ​ដី ត្រូវ​ការ​សាប​ព្រោះ ត្រូវ​ការ​ថែរក្សា (បោច​ស្មៅ ដាក់​ជី ថែម​ទឹក…) បី​ខែ​ក្រោយ​មក ឬ​ប្រាំ​មួយ​ខែ​ក្រោយ​មក​ទើប​ប្រមូល​ផល​បាន។ នេះ​ជា​និមិត្ត​រូប​នៃ​កិច្ចការ​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់ សម្រាប់​យើង​ជា​អ្នក​រក​ស៊ី សម្រាប់​យើង​ជា​អ្នក​ធ្វើ​ការ​ក៏​ដូច​គ្នា​ដែរ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ យើង​យក​ចិត្ត​ទុក​ដាក់​ដោយ​ត្រៀម ដោយ​មាន​ចិត្ត​អត់​ធ្មត់ ដោយ​ទី​ពឹង​ទៅ​លើ​ព្រះជាម្ចាស់​ដែល​ប្រទាន​ព្រះពរ ទើប​យើង​ដឹង​ថា​នៅ​ពេល​ហ្នឹង​យើង​អាច​ទទួល​បាន​ផ្លែ​ដើម្បី​ចិញ្ចឹម​ជីវិត​ពេញ​មួយ​ថ្ងៃ។ នេះ​ជា​កម្លាំង​កាយ​កម្លាំង​ចិត្ត នៃ​ការងារ​របស់​យើង​ដែល​មាន​ផ្លែ និង​ណែនាំ​ឱ្យ​គ្រួសារ​របស់​យើង​ពោរពេញ​ដោយ​សេចក្តី​សុខ។ មាន​ន័យ​ថា​ព្រះជាម្ចាស់​ស្អប់​មនុស្ស​ដែល​ជា​មនុស្ស​ខ្ជិល មនុស្ស​ខ្ជិល​មិន​អាច​ជោគ​ជ័យ​បាន​ទេ នៅ​ក្នុង​ការ​សិក្សា​ក្តី នៅ​ក្នុង​ការ​រក​ស៊ី​ក្តី នៅ​ក្នុង​ជីវិត​គ្រួសារ​ក្តី។ មាន​តែ​មនុស្ស​ដែល​ចេះ​តស៊ូ មាន​ចិត្ត​អត់​ធ្មត់ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដើម្បី​កសាង​សេចក្តី​ស្រឡាញ់​នៅ​ក្នុង​គ្រួសារ ដើម្បី​កសាង​ការ​សិក្សា​និង​ចំណេះ​ដឹង​សម្រាប់​ក្មេងៗ សម្រាប់​បង​ប្អូន​ដែល​រក​ស៊ី គឺ​កសាង​មុខ​របរ​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ប្រហែល​មាន​បង​ប្អូន​ខ្លះ​រក​ស៊ី​ខាង​គ្រឿង​អលង្ការ មាន​ខ្លះ​ធ្វើ​ជា​ជាង​ឈើ​ដូច​សន្ត​យ៉ូសែប នេះ​ជា​ការងារ​មួយ​ដែល​ត្រូវ​ការ​ពេល​វេលា​យូរ​ដើម្បី​ចេញ​រូប​រាង​ដ៏​ពិត​ប្រាកដ។ នៅ​ពេល​រូប​រាង​ចេញ​ហើយ យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ​នឹង​សេចក្តី​សុខ ដោយសារ​យើង​បាន​ខិត​ខំ​អស់​ពី​សមត្ថភាព។ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថែម​ទៀត ដែល​ណែនាំ​ឱ្យ​យើង​ដឹង​ថា​ព្រះជាម្ចាស់​ចិញ្ចឹម​យើង ដើម្បី​ឱ្យ​យើង​មាន​ម្ហូប​អាហារ​បរិភោគ​ជា​ប្រចាំ​ថ្ងៃ ហើយ​ថែម​ទាំង​នៅ​សល់​បរិបូណ៌​សម្រាប់​ចែក​ទាន​ផង។ មាន​ន័យ​ថា សម្រាប់​យើង​ទោះ​បី​យើង​រក​ស៊ី​យ៉ាង​ល្អ​ក៏​ដោយ យើង​ត្រូវ​ដឹង​ថា​យើង​មិន​រក​ស៊ី​ដើម្បី​យើង​តែ​ប៉ុណ្ណឹង។ កុំ​ឱ្យ​យើង​ទៅ​ជា​មនុស្ស​ដែល​មាន​ចិត្ត​ចង្អៀត​ចង្អល់ អាត្មា​និយម លោភ​លន់ ចង់​តែ​ប្រមូល​ហើយ​ប្រមូល​ទៀត​សម្រាប់​គ្រួសារ​យើង។ ព្រះជាម្ចាស់​បាន​ប្រទាន​ល្មម​គ្រប់​គ្រាន់​សម្រាប់​គ្រួសារ​របស់​យើង និង​នៅ​សល់​ខ្លះ​ដើម្បី​ចែក​រំលែក​ដល់​បង​ប្អូន​ឯទៀត​ៗ។ នេះ​ជា​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ គ្រីស្ត​បរិស័ទ​ដែល​ជោគ​ជ័យ​នៅ​ក្នុង​ជីវិត ត្រូវ​ការ​មើល​ឃើញ​បង​ប្អូន​ដែល​កំពុង​តស៊ូ មាន​ទុក្ខ​លំបាក​នៅ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន។ ដោយសារ​សង្គម​មិន​អាច​ស្មើ​បាន​ទេ មាន​ខ្លះ​គេ​ស្រួល​បំផុត មាន​ខ្លះ​គេ​ពិបាក​បំផុត ទោះ​បី​គេ​បាន​យក​ចិត្ត​ទុក​ដាក់​ក៏​ដោយ​មាន​ខ្លះ​នៅ​តែ​ពិបាក​ដដែល។ ហេតុ​នេះ​ហើយ តួនាទី​របស់​យើង​នៅ​ក្នុង​ការងារ​ដែល​ជោគ​ជ័យ​យើង​ត្រូវ​ការ​ចែក​រំលែក​ដល់​បង​ប្អូន​ដែល​ជា​អ្នក​ក្រីក្រ កុំ​ឱ្យ​យើង​មាន​ចិត្ត​លោភ​លន់ ចង្អៀត​ចង្អល់ អាត្មា​និយម។ ដោយសារ ព្រះជាម្ចាស់​ស្អប់​មនុស្ស​ខ្ជិល ព្រះជាម្ចាស់​ក៏​ស្អប់​មនុស្ស​ដែល​មាន​ចិត្ត​ចង្អៀត​ចង្អល់ អាត្មា​និយម និង​មិន​ចេះ​នឹក​ឃើញ​ដល់​បង​ប្អូន​ឯទៀតៗ។

ដូច្នេះ ថ្ងៃ​នេះ​ពេល​ទទួល​ព្រះពរ​យើង​ដឹង​ថា យើង​ជា​មនុស្ស​សកម្ម​ដែល​យក​ចិត្ត​ទុក​ដាក់ យើង​ជា​មនុស្ស​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ចែក​រំលែក​ដល់​បង​ប្អូន​ឯទៀតៗ។ អ្វីៗ​ទាំង​អស់ យើង​អាច​ជោគ​ជ័យ​បាន​លុះត្រាតែ យើង​អនុវត្ត​ព្រះបន្ទូល​ដែល​យើង​បាន​ស្តាប់​ថ្ងៃ​នេះ “ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា ចូរ​ស្វែង​រក​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ និង​សេចក្តី​សុចរិត​របស់​ព្រះអង្គ​ជា​មុន​សិន”។ មុន​អ្វីៗ​ទាំង​អស់ យើង​ត្រូវ​ការ​ស្វែង​រក​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ ដោយសារ​គោល​ដៅ​នៃ​ជីវិត​របស់​យើង​គឺ​ភ្ជាប់​ជា​មួយ​ព្រះជាម្ចាស់។ ហេតុ​នេះ​ហើយ គ្រប់​កិច្ច​ការ​ដែល​យើង​ធ្វើ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដើម្បី​ចិញ្ចឹម​ជីវិត​របស់​យើង ដើម្បី​ឱ្យ​គ្រួសារ​របស់​យើង​មាន​សេចក្តី​សុខ និង​មាន​សុភមង្គល​។ យើង​ធ្វើ ដោយ​សារ​យើង​ដឹង​ថា​យើង​ស្វែង​រក​ជីវិត​អស់​កល្ប​ជានិច្ច​នៅ​ស្ថាន​បរម​សុខ អ្វីៗ​ទាំង​អស់​ដែល​យើង​ធ្វើ​គឺ​យើង​ធ្វើ​លុះត្រាតែ​យើង​ជា​មនុស្ស​សុចរិត។ មាន​ន័យ​ថា ជា​មនុស្ស​ដែល​រស់​នៅ​តាម​យុត្តិធម៌ រស់​នៅ​តាម​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់។

នៅ​ពេល​យើង​និយាយ​អំពី​មនុស្ស​សុចរិត ភ្លាម​យើង​នឹក​ឃើញ​ដល់​សន្ត​យ៉ូសែប។ សន្ត​យ៉ូសែប​ជា​មនុស្ស​សុចរិត ជា​ជាង​ឈើ ដែល​បាន​ខិត​ខំ​រក​ស៊ី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដើម្បី​ឱ្យ​ព្រះនាង​ម៉ារី​និង​ព្រះកុមារ​យេស៊ូ​ពោរពេញ​ដោយ​សេចក្តី​សុខ​សាន្ត។ សម្រាប់​ព្រះសហគមន៍​របស់​យើង សន្ត​យ៉ូសែប​ជា​ឧទាហរណ៍​មួយ​យ៉ាង​ពិសេស ជា​កម្លាំង​មួយ​យ៉ាង​ពិសេស​ដើម្បី​ឱ្យ​ការ​រក​ស៊ី​របស់​យើង សុខ​ចិត្ត​នៅ​ក្នុង​ភាព​យុត្តិធម៌ នៅ​ក្នុង​សេចក្តី​ស្រឡាញ់ នៅ​ក្នុង​ធម៌​មេត្តា​ករុណា នៅ​ក្នុង​ចិត្ត​អាណិត​មេត្តា​ដល់​បង​ប្អូន​ឯទៀតៗ។ ពិត​មែន យើង​ត្រូវ​តែ​ស្វែង​រក​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ ស្វែង​រក​សេចក្តី​សុចរិត​សម្រាប់​ជីវិត​របស់​យើង ដើម្បី​ឱ្យ​យើង​អាច​រក​ស៊ី​បាន​ជោគ​ជ័យ​នៅ​ក្នុង​ពេញ​មួយ​ឆ្នាំ​នេះ។ ដោយ​ដឹង​ថា អ្វីៗ​ក៏​ដោយ​ក៏​ព្រះជាម្ចាស់​ប្រទាន​ឱ្យ យើង​ត្រូវ​តែ​ទីពឹង​ទៅ​លើ​ព្រះជាម្ចាស់។ ប៉ុន្តែ មិន​មែន​ទី​ពឹង​ដោយ​អង្គុយ​លើ​កៅ​អី មិន​មែន​ទី​ពឹង​ដោយ​ចេះ​តែ​ទូល​អង្វរ​ព្រះជាម្ចាស់​ថា​សូម​ជួយ​ខ្ញុំ​ផង​ខ្ញុំ​ក្រ​ណាស់…។ គ្មាន​អ្វី​ដែល​ធ្លាក់​ពី​ស្ថាន​បរម​សុខ​មក យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ដោយ​ញើស​ឈាម​របស់​យើង ដោយ​ដឹង​ថា​យើង​អាច​ទុក​ចិត្ត​លើ​ព្រះជាម្ចាស់ ដូច​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា “យើង​មាន​អ្វីៗ​បរិភោគ មាន​អ្វីៗ​ស្លៀក​ពាក់ កុំ​គិតៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ប៉ុន្តែ​ដោយ​នឹក​ឃើញ​ដល់​គម្រោង​ការ​នៃ​ជីវិត​របស់​យើង គឺ​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច​នៅ​ស្ថាន​បរម​សុខ។ ជីវិត​អស់​កល្ប​ជានិច្ច​ដែល​យើង​ទទួល លុះត្រាតែ​យើង​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ផែនដី​នេះ ដើម្បី​ភ្ជាប់​នឹង​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់ នៅ​ក្នុង​គ្រប់​កាលៈទេសៈ​នៃ​ជីវិត គ្រប់​កិច្ច​ការ​របស់​យើង គ្រប់​ការងារ​របស់​យើង គ្រប់​តួនាទី​របស់​យើង។

ហេតុ​នេះ​ហើយ ខ្ញុំ​សូម​ជូន​ពរ​ដល់​ព្រះសហគមន៍​របស់​យើង​ទូទាំង​ភូមិភាគ​ភ្នំពេញ ដើម្បី​ឱ្យ​ឆ្នាំ​ថ្មី​នេះ​យើង​យក​ចិត្ត​ទុក​ដាក់​ទទួល​ព្រះពរ​ពី​ព្រះជាម្ចាស់ នឹក​រលឹក​ដល់​គ្រួសារ​របស់​យើង បុព្វ​បុរស​របស់​យើង​ដែល​ណែនាំ​យើង​ពី​ដើម។ ថ្ងៃ​នេះ សូម​ព្រះអង្គ​ណែនាំ​ឱ្យ​យើង​ទៅ​ជា​មនុស្ស​សកម្ម ដើម្បី​ធ្វើ​ការ ដើម្បី​រក​ស៊ី ដើម្បី​រៀន ដើម្បី​ឱ្យ​ជីវិត​របស់​យើង​ពោរពេញ​ដោយ​សុភមង្គល និង​កម្លាំង​កាយ​កម្លាំង​ចិត្ត​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ។

ជយោ​ឆ្នាំ​ថ្មី!

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

ការអប់រំសីលធម៌តាមបែបសាសនាជួយបង្ការនិងទប់ស្កាត់ការជួញដូរមនុស្សសម័យទំនើប

ព្រះសហគមន៍កាតូលិក​ រួមជាមួយសាសនា​ នានា​​ ចូលរួមទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស​  ២០​ សីហា​ ឆ្នាំ២០២៤​ ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា​ បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស​ សម័យឌីជីថល» នាថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០២៤​ នៅមជ្ឈមណ្ឌលសន្និបាត​ និងពិព័ណ៌អន្តរជាតិជ្រោយចង្វារ​ (OCIC)​ ដោយមានពិធីសូត្រធម៌​ និងអធិដ្ឋានបញ្ជូនសាររបស់សាសនានីមួយៗ។ ជំជួបរវាង​សាសនាក្នុងទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរមនុស្ស​ នៅថ្ងៃនេះ​ មាន​អ្នក​ចូលរួម​ប្រមាណជាង​២០០០នាក់ ដែលមានមេដឹកនាំ​សាសនា​ និងសាសនិក​ជាច្រើន​ដែលមាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​​ចូលរួម អាជ្ញាធរដែនដី

បិទខួប១៦០ឆ្នាំ គ្រីស្តបរិស័ទត្រូវបើកចិត្តគំនិតថ្មី

នាថ្ងៃទី​១៤ ខែ​ឧសភានេះ លោកអភិបាល​នៃព្រហសហគមន៍​ទាំង​បី​ភូមិភាគ​ក្នុងប្រទេស​កម្ពុជា បាន​ធ្វើ​ជា​អធិបតី ក្នុងពិធីបុណ្យ​បិទខួប​១៦០ឆ្នាំ​នៃ​ការ​បង្កើត​ព្រះសហគមន៍​អ្នកលឿងដែលស្ថិត​នៅ​ក្នុងភូមិ​៦ ឃុំព្រែកខ្សាយ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ដោយ​មាន​គ្រីស្តបរិស័ទ​ចូលរួម​ជា​ច្រើន​កុះករ​។ ក្នុងធម្មទេសនាក្នុងឱកាសនោះ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញមាន​ប្រសាសន៍ថា អស់រយៈកាល​ពេញ​មួយ​ឆ្នាំ​ដែល​គ្រីស្ត​បរិស័ទនៅទីនេះ បាន​ខិតខំ​អធិដ្ឋាន រិះគិត​ពិចារណាអំពីជំនឿ និង​នឹកឃើញ​អំពី​តួនាទីជាគ្រីស្តបរិស័ទ​។ លោក​អភិបាល​បាន​បន្ថែមថា យើង​មិន​ត្រឹមតែ​នឹក​ឃើញ​អំពី​ជីវិត​គ្រីស្តបរិស័ទ​ពីដើម តែ​យើងត្រូវ​នឹក​ឃើញ​អំពី​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​នាពេលបច្ចុប្បន្ន​នេះ ហើយ​ត្រូវ​សម្រេចចិត្ត​បន្ត​ថែរក្សាជំនឿ និង​សេចក្តីសង្ឃឹម ជា​ពិសេស​បន្ត​សម្ដែងធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់។ លោកថា ពិធី​បិទខួប​១៦០ឆ្នាំរបស់​ព្រះសហគមន៍នេះ​​

Subscribe to our newsletter

Don't miss new updates on your email