រដ្ឋាភិបាល​ឥណ្ឌា ចុះ​អនុស្សរណយោគយល់​ជាមួយ​អង្គការការីតាសកម្ពុជា

រដ្ឋាភិបាល​នៃសារធារណរដ្ឋឥណ្ឌា និងអង្គការ​ការីតាស​កម្ពុជា​ បាន​ចុះ​អនុស្សរណៈ​ យោគយល់​គ្នា សម្រាប់​កុមារ​កំព្រា កុមារ​ងាយរងគ្រោះ តាមរយៈសេវា​គ្លីនិកចល័តនៅកម្ពុជានៅឯមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល កាលពី​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២២។

កម្មវិធី​ចុះ​អនុស្សរណៈ​នេះ ធ្វើ​ឡើង​ដោយ​មាន​លោក​គីម រតនា​ នាយក​ប្រតិបត្តិនៃអង្គការការីតាស​កម្ពុជា និង​លោកជំទាវបណ្ឌិត ឌីវីយ៉ានី ខប្រាហ្គេដ (Dr. Devyani Khobragade)  ឯកអគ្គរាជទូត​នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា និង​មាន​តំណាង​ពីក្រសួង​សុខាភិបាលនិងមន្ត្រីខេត្តកណ្តាល​ចូលរួម​ផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក គីម រតនា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា ដែលបានផ្តល់ជំនួយសម្រាប់គម្រោងនេះ ដែលផ្តល់អត្ថប្រយោជន៍ដល់កុមារកំព្រា កុមារងាយរងគ្រោះ កុមារមាន​ពិការភាពផ្លូវចិត្ត និងកុមារ​ដែល​គេ​បោះ​បង់ចោល។ លោក រតនា បានថ្លែងអំណរគុណជាពិសេសចំពោះលោកជំទាវឯកអគ្គរដ្ឋទូតសម្រាប់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់របស់លោកជំទាវ ដែលបានបន្តដល់ មជ្ឈមណ្ឌលផ្លូវចិត្តកុមារនិង​យុវជន(CCAMH) នៃ​អង្គការ​ការីតាសកម្ពុជា​​ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

នៅក្នុងសុន្ទរកថាស្វាគមន៍របស់លោកវេជ្ជបណ្ឌិត ប៊ូមីកុមារ ជេហ្គាន់ណាថាន់​ (Bhoomikumar JEGANNATHAN) អ្នកទទួល​ខុស​ត្រូវ ​CCAMH​​ បានគូសបញ្ជាក់ពី ភាពពាក់ព័ន្ធតាមបរិបទនៃគម្រោងនេះ ដោយសារវាមានគោលបំណងដើម្បីទៅដល់កុមារដែលមានពិការភាពផ្នែកប្រព័ន្ធប្រសាទ និងផ្លូវចិត្តផ្សេងទៀតដែលមិនអាចទទួលបានសេវាថែទាំសុខភាពដោយសារជំងឺរាតត្បាតកូវីដ-១៩។

លោកជំទាវ បណ្ឌិត ឌីវីយ៉ានី ខប្រាហ្គេដ បានកោតសរសើរចំពោះតួនាទីរបស់លោកវេជ្ជបណ្ឌិត ប៊ូមីកុមារ ក្នុងការអភិវឌ្ឍន៍សេវាសុខភាពផ្លូវចិត្តកុមារនៅកម្ពុជា ដោយមានការគាំទ្រពីរដ្ឋាភិបាលនៃប្រទេសឥណ្ឌា។ លោកជំទាវ​បានសង្កត់ធ្ងន់លើផលប៉ះពាល់ជាវិជ្ជមាននៃគម្រោង ផលប៉ះពាល់រហ័ស (QIP) ឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងទ្វេភាគីរួម និងសុច្ឆន្ទៈរវាងប្រជាជនឥណ្ឌា និងកម្ពុជា។

អ្នកស្រី សុខ ឌៀរ៉ូហ្សេត ប្រធាន​កម្មវិធី​សហគមន៍​នៃមជ្ឈមណ្ឌលផ្លូវចិត្តកុមារនិង​យុវជន មានប្រសាសន៍ថា ជាមួយនឹង​គម្រោង​ដែល​បាន​ចុះ​ហត្ថលេខា​ថ្មីៗនេះ គឺរដ្ឋាភិបាល​ឥណ្ឌា​បាន​ផ្តល់នូវ​​រថយន្ត​ចល័ត១គ្រឿង និង​វគ្គ​បណ្តុះបណ្តាល​​បុគ្គលិកនៃ​CCAMH ​នៅប្រទេសឥណ្ឌា។

អ្នកស្រី​ ឌៀរ៉ូហ្សេត បា​នប្រាប់​វិទ្យុ​វើរីតាស់​អាស៊ី​នៅ​ថ្ងៃ​២១ ខែ​មីនា​នេះថា ជំនួយ​រថយន្ត​ចល័ត នឹ​ងជួយ​សម្រួល​ដល់​កិច្ចការងារ​ដឹក​ជញ្ជូន​​គ្រួសារ​កុមារ​មាន​ពិការភាព​ ដែល​ត្រូវ​មក​បើក​ថ្នាំ​រាល់​ខែ​នៅ​តាខ្មៅ (CCAMH) និងសម្រួល​ដល់​បុគ្គលិក​CCAMH ដែល​ផ្តល់​សេវា​ប្រឹក្សា​តាម​ផ្ទះ​។ អ្នកស្រី​បញ្ជាក់ថា «ជាទូទៅ បុគ្គលិក​របស់​យើង​ប្រើ​ម៉ូតូ​ផ្ទាល់​ខ្លួន​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ភូមិ ដូច្នេះ រថយន្ត​ចល័ត​ជួយ​សម្រួល​ម្យ៉ាង។ ។ យើង​អាច​ដឹកគាត់​និង​សម្រួល​ការងារចុះ​ទៅភូមិ​ ដឹក​ឥវ៉ាន់​ទៅតាម​ភូមិជាដើម។»

អ្នកស្រី​ប្រធាន​កម្មវិធីសហគមន៍​រូបនេះ​បន្ថែម​ថា កម្មវិធី​របស់​មជ្ឈមណ្ឌលបច្ចុប្បន្ន​បាន​ជួយ​ដល់​គ្រួសារ​ចំនួន​៦០ ដែល​មាន​កូន​ជាកុមារ​ពិការ​សតិបញ្ញា និង​ផ្លូវចិត្ត​ ដែល​ធ្វើឡើង​ក្នុង​ភូមិ​ចំនួន​១៨ ស្ថិត​នៅ​ក្នុងស្រុក​ចម្ការលើនៃ​ខេត្ត​ត្បូង​ឃ្មុំ និង​ស្រុក​ឱរាំង​ឪនៃ​ខេត្ត​កំពង់ចាម។ ​ អ្នកស្រី​បន្តថា «ភាគ​ច្រើន​ យើង​ជួប​ក្មេងពិការ​បញ្ញា ទន់ដៃ​ជើង ប្រកាច់» ហើយ​គ្រួសារ​របស់​ពួកគាត់​ជាកសិករ អ្នក​ចម្ការ អ្នក​នេសាទក្រីក្រ​ជាដើម។

​អ្នក​ស្រី​ឌៀរ៉ូហ្សេត​បញ្ជាក់ថា ដោយស្ថានភាព​គ្រួសារ​ក្រីក្រ​បែបនេះ ជារៀង​រាល់​ខែ​ខាង​មជ្ឈមណ្ឌល​ផ្តល់​ជា​សោហ៊ុយដល់​​គ្រួសារ​របស់​កុមារ​ទាំង​នោះ​ នាំ​កូនៗ​របស់ពួកគាត់​មក​ពិនិត្យ​សុខភាព​និងទទួល​ថ្នាំ​ព្យាបាល នៅ​មជ្ឈមណ្ឌលផ្លូវចិត្តកុមារនាក្រុង​តាខ្មៅខេត្តកណ្តាល​។

អ្នក​ស្រី​ឌៀរ៉ូហ្សេត ឲ្យដឹងទៀតថា កម្មវិធី​ចុះ​ទៅតាមភូមិ គឺ​បុគ្គលិក​អង្គការចុះ​ស្វែ​ង​រក និង​ពិនិត្យ​សុខភាពដល់​កុមារ ប្រសិន​បើ​រក​ឃើញ​ថា ពួកគាត់​មាន​តម្រូវ​ការ​ផ្សេង ឬមាន​ជំងឺ​ត្រូវ​ព្យាបាលផ្សេង អង្គការ​នឹង​បញ្ជូន​ពួកគាត់​ទៅ​កាន់​អង្គការដៃគូបន្តទៀត​​។ ក្នុងករណី​រក​ឃើញ​កុមារ​មានពិការភាព​ខាង​បញ្ញា យើង​​ប្រឹក្សា​ជាមួយក្រុម​គ្រួសារ​ បង្រៀនឪពុកម្តាយ បង្ហាត់ពួកគាត់​ដោយ​ផ្ទាល់​។

អ្នកស្រី​បន្ថែមថា ក្នុងមួយខែក្រុមការងារ​ចុះ​ទៅ​ម្តង​ ហើយ​យើង​ក៏​មាន​ចង​ក្រង​ឪពុកក​ម្តាយ​ជាក្រុម​ និង​មាន​អ្នកស្ម័គ្រចិត្ត​ភូមិ​ចំនួន​២នាក់​ក្នុង​មួយភូមិ ដែលសរុប​ទៅយើង​មាន​៣៦​នាក់ក្នុង​១៨ភូមិ។

អ្នកស្រី​បញ្ជាក់ថា ជាមួយនឹង​គម្រោង​ជួយដល់​កុមារ​ដែលមាន​ពិការភាព​ផ្នែក​​សតិបញ្ញា​នេះ ខាង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋឥណ្ឌា បាន​ជួយគាំ​ទ្រ​តាំង​ពី​ឆ្នាំ​២០១៩​ លើ​ផ្នែក​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ក្នុង​ប្រទេស​និង​ក្រៅប្រទេសពី​វិទ្យាស្ថានជាតិសម្រាប់ពង្រឹងសមត្ថភាព​សិទ្ធិអំណាចដល់ជនមានពិការភាពចំរុះ  (National Institute for Empowerment of Persons with Multiple Disabilities-NIEPMD) នៅ​ប្រទេស​ឥណ្ឌា និង​ជំនួយដល់​ការបោះ​ពុម្ព​លើ​ឯកសារ​ទាក់ទង​នឹង​គម្រោង​កុមារ​មានពិការភាព​ ដូចជា សៀវភៅ ខិតបណ្ណ​ផ្សព្វផ្សាយ​​ជាដើម។

តាម​រយៈ​សេចក្តីប្រកាស​ពត៌មាន​របស់​ស្ថាន​ទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៨ ខែ​មីនា បាន​ឲ្យដឹងថា ក្រោម​គម្រោង ផលប៉ះពាល់រហ័ស (QIP) ស្ថានទូតឥណ្ឌាបានអនុវត្តគម្រោងផ្សេងទៀតក្នុងភាពជាដៃគូជាមួយអង្គការការីតាសកម្ពុជា ស្តីអំពី «ការកសាងសមត្ថភាពអ្នកថែទាំ និងអ្នកជំនាញដើម្បីផ្តល់សិទ្ធិអំណាចដល់កុមារ និងក្មេងជំទង់ដែលមានពិការភាពច្រើន និងគ្រួសាររបស់ពួកគេ» ដែលស្ថិតក្រោមដំណាក់កាលចុងបញ្ចប់ ដែលផ្តល់អត្ថប្រយោជន៍ដល់កុមារ និងគ្រួសាររបស់ពួកគេប្រហែល ១៣០០ នាក់។

ក្រោមគម្រោង QIP រដ្ឋាភិបាលឥណ្ឌាអនុវត្តគម្រោងចំនួន ១០ ជារៀងរាល់ឆ្នាំក្នុងប្រទេសកម្ពុជា ដោយផ្តល់មូលនិធិរហូតដល់ ៥០០០០ ដុល្លារអាមេរិកក្នុងមួយគម្រោង។ ចាប់តាំងពីឆ្នាំ ២០១៥-១៦ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានអនុម័តគម្រោងចំនួន ៤៦ ក្នុងវិស័យព័ត៌មានវិទ្យា កសិកម្ម សុខភាព អនាម័យ ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី សុខុមាលភាពកុមារ ការអភិវឌ្ឍន៍ជនបទ ហេដ្ឋារចនាសម្ព័ន្ធសង្គម (រួមទាំងការកសាងសមត្ថភាព) បរិស្ថាន។ល៕

ដោយ កែវ កញ្ញា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email