ពាក្យ​អធិដ្ឋាន​របស់​សម្តេច​ប៉ាប ហ្វ្រង់ស៊ីស្កូ ទៅ​ក្នុង​ព្រះបេះដូង​ដ៏​និមល​របស់​ព្រះនាង​ម៉ារី ជា​ក្សត្រី​នៃ​សន្តិភាព

បពិត្រ​ព្រះនាង​ម៉ារី! ដែល​ជា​មាតា​របស់​ព្រះជាម្ចាស់ និង​ជា​មាតា​របស់​យើង​ខ្ញុំ នៅ​ក្នុង​ពេល​វេលា​ដែល​ពិភព​លោក​កំពុង​រង​ទុក្ខ​លំបាក យើង​ខ្ញុំ​សូម​ទូល​អង្វរ​ព្រះនាង។ ព្រះនាង​ម៉ារី​បាន​ស្រឡាញ់​និង​ស្គាល់​យើង​យ៉ាង​ច្បាស់​លាស់ អ្វីៗ​ទាំង​អស់​ដែល​យើង​មាន​នៅ​ក្នុង​ដួង​ចិត្ត មិន​មែន​ជា​អាថ៌​កំបាំង​សម្រាប់​ព្រះនាង​ឡើយ។ បពិត្រ​ព្រះនាង​ម៉ារី ដែល​មាន​ព្រះហឫទ័យ​មេត្តាករុណា ​យើង​ខ្ញុំបាន​ទទួល​បទ​ពិសោធន៍​នៃ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ព្រះនាង និង​វត្តមាន​របស់​ព្រះនាង​បាន​ណែនាំ​ឱ្យ​យើង​ខ្ញុំមាន​សេចក្តី​សុខ​សាន្ត​នៅ​ក្នុង​ជីវិត។ ដូច​ពី​ដើម ព្រះនាង​បាន​ណែនាំ​ឱ្យ​យើងខ្ញុំ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ព្រះយេស៊ូ ដែល​ជា​ព្រះអម្ចាស់​នៃ​សន្តិភាព។

នៅ​ពេល​នេះ ពិភព​លោក​របស់​យើង​បាន​វង្វេង​ផ្លូវ​ចេញ​ពី​មាគ៌ា​នៃ​សន្តិភាព​ហើយ យើង​បាន​ភ្លេច​មេរៀន​នៃ​សោកនាដកម្ម​ក្នុង​ប្រវត្តិសាស្ត្រ​ប៉ុន្មាន​សតវត្ស​កន្លង​មក ដែល​ជា​ការ​លះបង់​នៃ​ជីវិត​មនុស្ស​រាប់​លាន​នាក់​ក្នុង​សង្រ្គាម​លោក​លើក​ទី​២។ យើង​បាន​បដិសេធ​អំពី​ការ​ប្តេជ្ញា​ចិត្ត​និង​សេច​ក្តី​សម្រេច​រួម​របស់​សហគមន៍​នៃ​ពិភព​លោក ដើម្បី​កសាង​សន្តិភាព។ យើង​បាន​ក្បត់​សុបិន​នៃ​សន្តិភាព របស់​ប្រជារាស្ត្រ​នានា​នៅ​លើ​ពិភព​លោក។ យើង​បាន​ក្បត់​សេចក្តី​សង្ឃឹម​របស់​យុវជន​យុវនារី យើង​បាន​ធ្លាក់​នៅ​ក្នុង​ជំងឺ គឺ​ជំងឺ​នៃ​ភាព​លោភ​លន់។ យើង​បាន​ចូល​នៅ​ក្នុង​ជាតិ​និយម​ហួស​ហេតុ យើង​គិត​តែ​ពី​ផល​ប្រយោជន៍​នៃ​ជាតិ​សាសន៍​របស់​យើង ដែល​ណែនាំ​ឱ្យ​យើង​រីង​ស្ងួត ដោយសារ​យើង​លែង​ចាប់​អារម្មណ៍​អំពី​បង​ប្អូន​ឯទៀតៗ។ យើង​បាន​ជ្រើស​រើស​ផ្លូវ​មួយ​ដែល​ណែនាំ​ឱ្យ​យើង​ភ្លេច​ព្រះជាម្ចាស់ ដែល​ណែនាំ​ឱ្យ​យើង​រស់​នៅ​ក្នុង​ភាព​កុហក ដែល​ណែនាំ​ឱ្យ​យើង​ចេះ​តែ​ចិញ្ចឹម​អំពើ​ហិង្សា​នៅ​ក្នុង​ជីវិត​របស់​យើង។ យើង​បាន​សុខ​ចិត្ត​បំផ្លាញ​ជីវិត និង​ប្រមូល​អាវុធ​យ៉ាង​ច្រើន ដោយ​ភ្លេច​តួនាទី​របស់​យើង គឺ​ជា​អ្នក​ការពារ និង​ថែរក្សា​បង​ប្អូន​ឯទៀតៗ និង​ថែ​រក្សា​ផ្ទះ​ដែល​ជា​ពិភព​លោក​ទាំង​មូល។ យើង​បាន​បំផ្លាញ​សួន​ច្បារ​នៃ​ផែន​ដី​ដោយសារ​សង្រ្គាម យើង​បាន​ណែនាំ​ឱ្យ​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ឈឺ​ចាប់ ដោយសារ​អំពើ​បាប​របស់​យើង ដែល​ណែនាំ​ឱ្យ​យើង​ទៅ​ជា​បង​ប្អូន​នឹង​គ្នា។ ពិត​មែន យើង​បាន​ក្លាយ​ជា​មនុស្ស​ដែល​លែង​ចាប់​អារម្មណ៍​អំពី​បង​ប្អូន​ឯទៀតៗ និង​អ្វីៗ​ទាំង​អស់ គឺ​ចាប់​អារម្មណ៍​តែ​អំពី​ខ្លួន​ឯង។ ហេតុ​នេះ​ហើយ ថ្ងៃ​នេះ​ដោយ​ទទួល​អំពើ​បាប​របស់​យើង ដោយ​ការ​ដាក់​ខ្លួន​យើង​សុខ​ចិត្ត​ស្រែក​ថា “ឱ​ព្រះជាម្ចាស់​អើយ សូម​លើក​លែង​ទោស​ឱ្យ​យើង​ខ្ញុំ​ផង”។

មាតា​នៃ​សន្តិភាព​អើយ! នៅ​ក្នុង​ទុក្ខ​លំបាក​នៃ​អំពើ​បាប​របស់​យើង​ខ្ញុំ នៅ​ក្នុង​ការ​អស់​កម្លាំង​និង​ភាព​ទន់​ខ្សោយ​របស់​យើង នៅ​ក្នុង​អាថ៌​កំបាំង​នៃ​អំពើ​ទុច្ចរិត​ដែល​ជា​អំពើ​អាក្រក់​និង​សង្រ្គាម ព្រះនាង​បាន​រំលឹក​យើង​ខ្ញុំ​ថា “ព្រះជាម្ចាស់​មិន​ដែល​លះ​បង់​ចោល​យើង”។ ព្រះជាម្ចាស់​បន្ត​សំលឹង​មើល​យើង​ដោយ​ព្រះហឫទ័យ​ស្រឡាញ់ ព្រះជាម្ចាស់​មាន​ព្រះហឫទ័យ​តែ​មួយ គឺ​លើក​លែង​ទោស​ឱ្យ​យើង ដើម្បី​ឱ្យ​យើង​ងើប​ឡើង​វិញ​ដើរ​ឆ្ពោះ​ទៅ​កាន់​ជីវិត​ថ្មី។ ព្រះជាម្ចាស់​បាន​ប្រទាន​ឱ្យ​យើង​ទាំង​អស់​គ្នា​មាន​បេះដូង​ដ៏​បរិសុទ្ធ ទៅ​ជា​ទី​ពឹង​របស់​ព្រះសហគមន៍​និង​របស់​មនុស្ស​ជាតិ​នៅ​ក្នុង​ពិភព​លោក។ ព្រះជាម្ចាស់​ដែល​មាន​ព្រះហឫទ័យ​ស្រឡាញ់​យើង បាន​គង់​នៅ​ជា​មួយ​យើង និង​បន្ត​ធ្វើ​ដំណើរ​ជា​មួយ​យើង​នៅ​ក្នុង​គ្រប់​កាលៈទេសៈ​នៃ​ប្រវត្តិ​សាស្ត្រ។

នៅ​ពេល​នេះ យើង​ខ្ញុំ​អធិដ្ឋាន​ទូល​អង្វរ​ព្រះនាង និង​គោះ​ទ្វារ​នៃ​ព្រះបេះដូង​ដ៏​និមល​របស់​ព្រះនាង​។ យើង​ខ្ញុំ​ដឹង​ថា យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​កូន​ជា​ទី​ស្រឡាញ់​របស់​ព្រះនាង ដែល​ព្រះនាង​បាន​សួរ​សុខ​ទុក្ខ​យើងខ្ញុំ​ពី​ដើម​រៀង​មក ដែល​ទូល​អង្វរ​សម្រាប់​យើង​ខ្ញុំ ដែល​អញ្ជើញ​យើង​ខ្ញុំ​ឱ្យ​កែ​ប្រែ​ចិត្ត​គំនិត។ នៅ​ក្នុង​ពេល​វេលា​ដ៏​ងងឹត​នេះ សូម​ព្រះនាង​យាង​មក ដើម្បី​សង្រ្គោះ​យើង​ខ្ញុំ ដើម្បី​លើក​ទឹក​ចិត្ត​យើង​ខ្ញុំ សូម​ជួយ​រំលឹក​យើង​ខ្ញុំ​ម្តង​ហើយ​ម្តង​ទៀត​ថា “ពិត​មែន​ខ្ញុំ​គង់​នៅ​ជា​មួយ​កូនៗ តើ​កូនៗ​ចេះ​ទទួល​ស្គាល់​ព្រះ​មាតា​ឬ​ទេ?” ឱ​ព្រះនាង​ម៉ារី​អើយ! មាន​តែ​ព្រះនាង​ទេ​ដែល​ដឹង​ថា​ធ្វើ​ដូច​ម្តេច​ដើម្បី​ស្រាយ​ខ្សែ​ដែល​ចង​ដួង​ចិត្ត​របស់​យើង​ខ្ញុំ នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​យើង​ខ្ញុំ។ នៅ​ពេល​នេះ យើង​ខ្ញុំ​ផ្ញើ​ជីវិត​ទៅ​លើ​ព្រះនាង ដោយ​ដឹង​ថា​យើង​ទុក​ចិត្ត​លើ​ព្រះនាង យើង​ដឹង​ថា​ព្រះនាង​ទទួល​និង​ស្តាប់​ពាក្យ​ទូល​អង្វរ​របស់​យើង និង​ជួយ​យើង ដើម្បី​ឱ្យ​យើង​ទទួល​សេចក្តី​សង្ឃឹម​នៅ​ក្នុង​ពេល​វេលា​ដ៏​ពិបាក​នេះ។

នេះ​ហើយ​ជា​អ្វី​ដែល​ព្រះនាង​បាន​ធ្វើ​នៅ​ក្នុង​ពិធី​មង្គល​ការ​នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលីឡេ នៅ​ពេល​នោះ​ព្រះនាង​ទូល​អង្វរ​ព្រះយេស៊ូ ហើយ​ព្រះអង្គ​ក៏​បាន​ធ្វើ​សញ្ញា​សម្គាល់​ដំបូង​សម្រាប់​ពិភព​លោក។ ដើម្បី​រក្សា​អំណរ​សប្បាយ​នៅ​ក្នុង​ពិធី​ជប់​លៀង​នៃ​មង្គល​ការ នៅ​ពេល​នោះ​ព្រះនាង​បាន​និយាយ​ទៅ​ព្រះយេស៊ូ​ថា “គេ​គ្មាន​ស្រា​ទេ” (យ៉ូហាន ២.៣)។ នៅ​ពេល​នេះ សូម​ព្រះនាង​រំលឹក​ហើយ​រំលឹក​ទៀត​ទៅ​ព្រះជាម្ចាស់ នៅ​ពេល​នេះ​ដែល​យើង​កំពុង​អស់​កម្លាំង ដោយសារ​យើង​អស់​ស្រា​នៃ​សេចក្តី​សង្ឃឹម អំណរ​សប្បាយ​បាត់​បង់​អស់​ហើយ ភាតរភាព​ជា​បង​ប្អូន​នៅ​ក្នុង​ពិភព​លោក​បាន​បាត់​បង់​អស់​ហើយ។ នៅ​ពេល​នេះ​យើង​បោះ​បង់​មនុស្ស​ជាតិ​របស់​យើង នៅ​ពេល​នេះ​យើង​បាន​បំផ្លាញ​អំណោយ​នៃ​សន្តិភាព។ យើង​បើក​ដួង​ចិត្ត​របស់​យើង​ចំពោះ​អំពើ​ហិង្សា និង​បំផ្លិច​បំផ្លាញ​អ្វីៗ​ទាំង​អស់ ដែល​ព្រះជាម្ចាស់​បាន​កសាង​នៅ​ក្នុង​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ។ នៅ​ពេល​នេះ យើង​ខ្ញុំ​ត្រូវ​ការ​ជំនួយ​ពី​ព្រះនាង ដើម្បី​ចូល​នៅ​ក្នុង​ទុក្ខ​លំបាក​របស់​យើង​ខ្ញុំ ព្រះនាង​ជា​ម្តាយ​របស់​យើង​ខ្ញុំ។

ដូច្នេះ បពិត្រ​ព្រះនាង​ម៉ារី​ដែល​ជា​ព្រះមាតា​អើយ សូម​ស្តាប់​ពាក្យ​អធិដ្ឋាន​របស់​យើង​ខ្ញុំ។

បពិត្រ​ព្រះនាង​ម៉ារី​ដែល​ជា​តារា​សមុទ្រ សូម​កុំ​ឱ្យ​យើង​ខ្ញុំ​ធ្លាក់​នៅ​ក្នុង​ទុក្ខ​លំបាក​នៃ​សង្រ្គាម។

បពិត្រ​ព្រះនាង​ម៉ារី​ដែល​ជា​ស្ពាន​នៃ​សម្ពន្ធ​មេត្រី​ថ្មី សូម​ជួយ​យើង​ឱ្យ​យើង​មាន​គម្រោង​ការ​ថ្មី ឱ្យ​យើង​មាន​ផ្លូវ​ថ្មី ដើម្បី​សម្រុះ​សម្រួល​គ្នា ដើម្បី​លើក​លែង​ទោស​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

បពិត្រ​ព្រះនាង​ម៉ារី​ដែល​ជា​ម្ចាស់​ក្សត្រី​នៃ​ស្ថាន​បរម​សុខ សូម​ណែនាំ​ឱ្យ​សុខដុមរមនា​ដែល​មក​ពី​ព្រះជាម្ចាស់ កើត​ឡើង​សាជាថ្មី​នៅ​ក្នុង​ពិភព​លោក។

សូម​រំលត់​អំពើ​ហិង្សា​និង​ភាព​ស្អប់​ខ្ពើម សូម​បំផ្លាញ​ការ​សង​សឹក​គ្នា សូម​បង្រៀន​ឱ្យ​យើង​ខ្ញុំ​ចេះ​លើក​លែង​ទោស​ឱ្យ​គ្នា។

សូម​រំដោះ​យើង​ខ្ញុំ​ចេញ​ពី​សង្រ្គាម សូម​ការពារ​ពិភព​លោក​ពី​ការ​គំរាម​កំហែង​នៃ​អាវុធ​នុយ​ក្លេអ៊ែរ។

បពិត្រ​ព្រះនាង​ម៉ារី​ដែល​ជា​ម្ចាស់​ក្សត្រី​នៃ​ព្រះមាលា សូម​ណែនាំ​ឱ្យ​យើង​ភ្ញាក់​ស្មារតី​ដោយសារ​យើង​ត្រូវ​ការ​អធិដ្ឋាន និង​ស្រឡាញ់​ថែម​ទៀត។

បពិត្រ​ព្រះនាង​ម៉ារី​ដែល​ជា​ព្រះមហា​ក្សត្រី​នៃ​មហា​គ្រួសារ​សម្រាប់​ពិភព​លោក សូម​បង្ហាញ​ផ្លូវ​ដល់​ប្រជារាស្ត្រ​នានា​អំពី​ផ្លូវ​នៃ​ភាតរភាព។

បពិត្រ​ព្រះនាង​ម៉ារី​ដែល​ជា​ព្រះមហាក្សត្រី​នៃ​សន្តិភាព សូម​ប្រទាន​សេចក្តី​សុខសាន្ត​សម្រាប់​ពិភព​លោក​ទាំង​មូល។

បពិត្រ​ព្រះមាតា​អើយ សូម​ឱ្យ​ពាក្យ​អធិដ្ឋាន​ដ៏​និមល​របស់​ព្រះនាង​ជំរុញ​បេះដូង​របស់​យើង​ខ្ញុំ​ដែល​រឹង​រូស​ចេះ​យំ។ សូម​ឱ្យ​ទឹក​ភ្លែក​របស់​ព្រះ​នាង ដែល​បាន​ហូរ​ស្រក់​នៅ​ក្បែរ​ឈើ​ឆ្កាង ជួយ​ណែនាំ​ឱ្យ​ផ្លូវ​ជីវិត​របស់​យើង​អាច​រស់​ឡើង​វិញ​នៅ​ក្នុង​សេចក្តី​ស្រឡាញ់។ បពិត្រ​ព្រះនាង​ម៉ារី នៅ​ពេល​មាន​សំលេង​នៃ​អាវុធ សូម​ឱ្យ​ការ​អធិដ្ឋាន​របស់​ព្រះនាង​ជួយ​យើង​ខ្ញុំ សូម​ឱ្យ​ដួង​ចិត្ត​របស់​យើង​ខ្ញុំ​ពោរពេញ​ដោយ​សេចក្តី​សុខសាន្ត។ សូម​ព្រះនាង ធ្វើ​ដំណើរ​ជា​មួយ​បង​ប្អូន​ដែល​កំពុង​រង​ទុក្ខ​លំបាក ដែល​កំពុង​ភៀស​ខ្លួន​ដោយសារ​សង្រ្គាម។ សូម​ព្រះនាង ជួយ​លើក​ទឹក​ចិត្ត​បង​ប្អូន​ដែល​ត្រូវ​បង្ខំ​ចិត្ត​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​និង​ទឹក​ដី​កំណើត​របស់​ពួក​គេ។ សូម​ព្រះបេះដួង​ដ៏​និមល​របស់​ព្រះនាង ណែនាំ​ឱ្យ​យើង​ខ្ញុំ​មាន​ចិត្ត​អាណិត​មេត្តា ដើម្បី​ឱ្យ​យើង​ខ្ញុំ​ចេះ​បើក​ចិត្ត​គំនិត ដើម្បី​ទទួល​ស្វាគមន៍​បង​ប្អូន​ដែល​កំពុង​រង​ទុក្ខ​លំបាក បង​ប្អូន​ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​ដូច​គ្មាន​តម្លៃ។

បពិត្រ​ព្រះនាង​ម៉ារី​ដែល​ជា​ព្រះមាតា​របស់​ព្រះជាម្ចាស់ នៅ​ពេល​ព្រះនាង​នៅ​ក្បែរ​ឈើ​ឆ្កាង ព្រះយេស៊ូ​ទ្រង់​ទត​ឃើញ​សាវ័ក​ដែល​នៅ​ក្បែរ​ព្រះនាង ហើយ​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា “អ្នក​អើយ នេះ​ហើយ​កូន​របស់​អ្នក” (យ៉ូហាន ១៩,២៦)។ នៅ​ពេល​នោះ តាម​ពិត​ព្រះយេស៊ូ​បាន​ប្រគល់​យើង​ម្នាក់ៗ នៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះនាង។ ក្រោយ​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​សាវ័ក និង​យើង​ទាំង​អស់​គ្នា​ថា “នេះ​ហើយ ម្តាយ​របស់​អ្នក” (យ៉ូហាន ១៩,២៧)។ បពិត្រ​ព្រះនាង​ម៉ារី យើង​ខ្ញុំ​ចង់​ទទួល​ស្វាគមន៍​ព្រះនាង​ម៉ារី​នៅ​ក្នុង​ជីវិត​របស់​យើង​ខ្ញុំ និង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​យើង​ខ្ញុំ។ នៅ​ពេល​វេលា​នេះ ដែល​មនុស្ស​លោក​កំពុង​អស់​កម្លាំង និង​កំពុង​តក់​ស្លុត បី​ដូច​ជា​បាន​ឈរ​នៅ​ក្បែរ​ឈើឆ្កាង​រួម​ជា​មួយ​ព្រះនាង។ នៅ​ពេល​នេះ មនុស្ស​លោក​ត្រូវ​តែ​ទូល​អង្វរ​ព្រះនាង​ ដើម្បី​ថ្វាយ​ខ្លួន​របស់​យើង​ខ្ញុំ​ទៅ​ព្រះយេស៊ូ​គ្រីស្ត​តាម​រយៈ​ព្រះនាង។ នៅ​ពេល​នេះ ប្រជារាស្ត្រ​នៅ​ប្រទេស​អ៊ុយ​ក្រែន ក៏​ដូច​ជា​ប្រជារាស្ត្រ​នៅ​ប្រទេស​រុស្ស៊ី ដែល​ស្រឡាញ់​ព្រះនាង​ម៉ារី​អស់​ពី​ដួង​ចិត្ត​កំពុង​ទូល​អង្វរ​ព្រះនាង។ សូម​ឱ្យ​ប្រជារាស្ត្រ​ដែល​កំពុង​បាត់​បង់​ជីវិត​ដោយសារ​សង្រ្គាម ដោយ​សារ​ការ​អត់​ឃ្លាន ដោយសារ​ភាព​អយុត្តិធម៌ និង​ដោយសារ​ភាព​កំសត់​ទុរគត អាច​រក​ឃើញ​ជីវិត​ថ្មី​នៅ​ក្នុង​ព្រះបេះដូង​ដ៏​និមល​របស់​ព្រះនាង។

ដូច្នេះ​ហើយ សូម​ព្រះនាង​ម៉ារី​ដែល​ជា​មាតា​របស់​ព្រះជាម្ចាស់ និង​ជា​មាតា​របស់​យើង​ខ្ញុំ នៅ​ពេល​នេះ​យើង​ខ្ញុំ​អធិដ្ឋាន​ថ្វាយ​យ៉ាង​ឱឡារិក នៅ​ក្នុង​ព្រះបេះដូង​ដ៏​និមល​របស់​ព្រះនាង ទាំង​យើង​ខ្ញុំ​ផ្ទាល់​ខ្លួន ទាំង​ព្រះសហគមន៍ ទាំង​មនុស្ស​ជាតិ​ទាំង​អស់ ជា​ពិសេស​ប្រទេស​រុស្ស៊ី​និង​ប្រទេស​អ៊ុយក្រែន។ សូម​ព្រះនាង​ម៉ារី ទទួល​ការ​ថ្វាយ​ខ្លួន​របស់​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​កំពុង​ធ្វើ​ដោយ​ការ​ទុក​ចិត្ត​និង​សេចក្តី​ស្រឡាញ់។ សូម​ព្រះមាតា ណែនាំ​ឱ្យ​សង្រ្គាម​បញ្ឈប់​ជា​បន្ទាន់ ដើម្បី​ឱ្យ​មាន​សេចក្តី​សុខ​សន្ត​នៅ​ក្នុង​ពិភព​លោក​ឆាប់ៗ​នេះ។ ពិត​មែន អ្វីៗ​ដែល​ផុស​ចេញ​ពី​ព្រះបេះដូង​ដ៏​និមល​របស់​ព្រះនាង បាន​បើក​ចំហរ​ទ្វារ​នៃ​ប្រវត្តិ​សាស្ត្រ​ឱ្យ​បើក​ឡើង សម្រាប់​ព្រះយេស៊ូ​ដែល​ជា​ព្រះអង្គ​ម្ចាស់​នៃ​សន្តិភាព។ យើង​ខ្ញុំ​ជឿ​ជាក់​ថា តាមរយៈ​ព្រះ​បេះដូង​ដ៏​និមល​របស់​ព្រះនាង សន្តិភាព​នឹង​ចាប់​ផ្តើម​លេច​ចេញ​ជារូប​រាង​សាជាថ្មី​ម្តង​ទៀត។ យើង​ខ្ញុំ​សូម​ថ្វាយ​ទៅ​ព្រះនាង​ម៉ារី នូវ​អនាគត​នៃ​មហា​គ្រួសារ​នៅ​ក្នុង​ពិភព​លោក​នេះ ទាំង​សេចក្តី​ត្រូវ​ការ ទាំង​ការ​ទន្ទឹង​រង់​ចាំ​របស់​មនុស្ស​ម្នាក់ៗ​នៅ​ក្នុង​ពិភព​លោក ទាំង​ទុក្ខ​លំបាក និង​សេចក្តី​សង្ឃឹម​របស់​ពិភព​លោក។

តាម​រយៈ​ការ​អង្វរ​របស់​ព្រះនាង​ម៉ារី សូម​ព្រះហឫទ័យ​ប្រណី​សន្តោស​របស់​ព្រះជាម្ចាស់ ធ្លាក់​ចុះ​មក​លើ​ផែនដី​នេះ​ដូច​ទឹក​ភ្លៀង ដើម្បី​ណែនាំ​ឱ្យ​សេចក្តី​សុខ​សាន្ត​ដឹក​នាំ​ជីវិត​របស់​យើង​ខ្ញុំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ បពិត្រ​ព្រះនាង​ម៉ារី ដែល​បាន​ផ្ញើ​ជីវិត​ទាំង​ស្រុង​ទៅ​លើ​ព្រះជាម្ចាស់ ដែល​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដ៏​ពេញ​លក្ខណៈ សូម​ណែនាំ​ឱ្យ​ពិភព​លោក​របស់​យើង​ខ្ញុំ រស់​នៅ​ក្នុង​សុខដុមរមនា​ដែល​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់​។ សូម​ប្រទាន​ទឹក​ដ៏​វិសុទ្ធ គឺ​ទឹក​ដែល​ផ្តល់​ជីវិត​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ដោយ​ដឹង​ថា “ព្រះនាង​ជា​ប្រភព​នៃ​សេចក្តី​សង្ឃឹម”។ បពិត្រ​ព្រះនាង​ម៉ារី ដែល​បាន​ណែនាំ​ឱ្យ​ព្រះយេស៊ូ​ចូល​នៅ​ក្នុង​ពិភព​លោក​ដោយ​ចាប់​កំណើត​ជា​មនុស្ស សូម​ព្រះនាង​ណែនាំ​ឱ្យ​យើង​ខ្ញុំ​កសាង​ពិភព​ថ្មី ដែល​ចេះ​សហការ​គ្នា យល់​ចិត្ត​គ្នា ជា​អង្គ​តែ​មួយ​នៅ​ក្នុង​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ បពិត្រ​ព្រះនាង​ម៉ារី ព្រះនាង​បាន​ដើរ​នៅ​លើ​ផ្លូវ​នៃ​ពិភព​លោក​របស់​យើង​ខ្ញុំ សូម​ជួយ​ណែនាំ​ឱ្យ​យើង​ខ្ញុំ​ទាំង​អស់​គ្នា ដើរ​នៅ​លើ​ផ្លូវ​នៃ​សេចក្តី​សុខ​សាន្ត​ផង។      អាម៉ែន៕

Share on facebook
Facebook
Share on twitter
Twitter
Share on linkedin
LinkedIn

Subscribe to our newsletter

Don't miss new updates on your email