វិទ្យាស្ថានសន្តប៉ូល ទទួលបានជ័យលាភី «មេត្រីបរិស្ថាន» ពីក្រសួងបរិស្ថាន

វិទ្យាស្ថានសន្តប៉ូល បានទទួលជ័យលាភីវគ្គផ្តាច់ព្រ័ត្រ ពីការប្រកួតប្រជែងរកស្នាដៃនិងគំនិតប្រឌិត របស់គ​ម្រោ​ងអនាគតបៃតងកម្ពុជា USAID ដែលបានប្រកាសជាផ្លូវការនាល្ងាចថ្ងៃទី ០៦ ខែមេសា ក្រោមអធិបតីភាពរបស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី នែនស៊ី ជែ អ៊ីសលីក នាយិកាបេ​ស​កម្ម នៃទីភ្នាក់ងារជំនួយអាមេរិក USAID​។

ការប្រកួតប្រជែងរកស្នាដៃនិងគំនិតច្នៃប្រឌិត បានដំណើរការពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២១ បានលើកទឹ​ក​ចិត្តដល់បេក្ខជនបេក្ខនារី ឱ្យផលិតសម្ភារៈផ្សព្វផ្សាយដែលមានគំនិតច្នៃប្រឌិតនិងទាក់ទាញ ក្នុងគោលបំ​ណង «កាត់បន្ថយតម្រូវការប្រើប្រាស់គ្រឿងសង្ហារឹមធ្វើពីឈើប្រណិត»។

ស្នាដៃដែលត្រូវបានជ្រើសរើសស​ម្រិ​តសម្រាំង នឹងត្រូវបានចែកចាយជាសាធារណៈក្នុងប្រព័ន្ធផ្សព្វផ្សាយយុ​ទ្ធនាការ ដែលជំរុញ សាធារណជន ឱ្យពិចារណា​ប្តូរមកប្រើប្រាស់គ្រឿងសង្ហារឹម ដែលមានមេត្រីភាពនឹងបរិស្ថាន ជាជាងប្រើប្រាស់គ្រឿងសង្ហារឹមធ្វើពីឈើប្រណិត។

លោក ផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូល បានថ្លែងថា ៖ «កម្មវិធីជាកម្មវិធីមួយដែលលើកទឹកចិត្តដល់ ស្ថានប័នឬបុគ្គលដែលអនុវត្តគាំទ្រកម្មវិធីសហមេត្រីបរិស្ថាន ជាក់ស្តែងវិទ្យាស្ថានសន្តប៉ូលយើង គឺគ្រឹះ​ស្ថា​ន​ឧត្តមសិក្សាមួយដែលយកចិត្តទុកដាក់ លើបរិស្ថាន»។

លោកបានបន្តថា ក្រោមការដឹកនាំរបស់លោកអភិបាល ឆ្នាំនេះលោក​បាន​ប្រកាសជា «​ឆ្នាំ​បៃតង» ​ពណ៌​បៃត​ង​ជាពណ៌​នៃ​សេចក្ដី​សង្ឃឹម​។ វិទ្យាស្ថានសន្តប៉ូលមានកម្មវិធីឱ្យនិស្សិតដាំដើមឈើ ក៏ដូចជាកម្មវិធីគាំទ្រ​ទៅលើបរិស្ថាននៅក្នុងវិទ្យាស្ថានទាំងមូល។

នាយកវិទ្យាស្ថានសន្តប៉ូល ក៏បានអំពាវនាវដល់និស្សិត យុវជន​និងប្រជាពលរដ្ឋខ្មែរ ចូលរួមដាំដើមឈើ ស​ម្អាត​បរិស្ថាន និងការចូលរួមក្នុងកម្មវិធីមួយចំនួនលើកការលើកកម្ពស់បរិស្ថាន ដើម្បីសង្គម និងប្រទេសកម្ពុជាយើង មានបរិស្ថានស្អាត និងបៃតង។

វិទ្យាស្ថានសន្តប៉ូល ជាគ្រឹះស្ថានឧត្ដមសិក្សាឯកជនមួយដែលមានលក្ខណៈស្តង់ដារជាតិនិងស្តង់ដារក្នុងតំ​បន់។  វិទ្យាស្ថាន​សន្តប៉ូល គឺការកសាងសមត្ថភាពបញ្ញាដល់ធនធានមនុស្សឲ្យមានគុណភាពឈានឡើ​ងឥតឈប់ឈរ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។ វិទ្យាស្ថានសន្តប៉ូល ស្ថិតក្នុងភូមិអង្គគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

ថ្លែងនៅក្នុងពិធីប្រកាសជ័យលាភី លោក សាយ សំអាល់ បានមានប្រសាសន៍ថា ៖ «ការផ្លាស់ប្តូរឥរិយាបទ និងការបន្តការចូលរួមលើកកម្ពស់តម្លៃធនធានធម្មជាតិ ដើម្បីទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ ដែលផ្តើ​មចេញពីខ្លួនយើងម្នាក់ៗ ជាពិសេសយុវជន ក្រុមគ្រួសារ និងសហគមន៍ ជាកត្តាសំខាន់ក្នុងការចូលរួមចំ​ណែកថែរក្សាធនធានធម្មជាតិនិងបរិស្ថាន»។

ចំណែក លោកស្រី នែនស៊ី ជែ អ៊ីសលីក បានកត់សម្គាល់ថា ៖ «តម្រូវការឈើប្រណិត មានការកើនឡើងគួ​រឱ្យកត់សម្គាល់ ទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ ដែលរួមចំណែកដល់ការកាប់បំផ្លាញព្រៃឈើ និងការបាត់បង់ប្រភេទដើមឈើមានតម្លៃ នៅក្នុងព្រៃត្រូពិចរបស់កម្ពុជា»។

លោកស្រីបានបន្តថា ៖ «យើងសង្ឃឹមថា យុទ្ធនាការដែលដឹកនាំដោយយុវជននេះ នឹងផ្តល់ព័ត៌មានដែលមានប្រយោជន៍ និងផ្តល់ជម្រើសដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជន ធ្វើការពិចារណាប្រើប្រាស់គ្រឿ​ងសង្ហារិមដែលមិនធ្វើពីឈើប្រណិត»។

ពិធីលើកទឹកចិត្តមេត្រីបរិស្ថានថ្ងៃនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងកិច្ចសហប្រ​តិបត្តិការជាមួយក្រសួងបរិស្ថានកម្ពុជា ក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តភាព​​ និងសកម្មភាពជាវិជ្ជមានពីសាធារណជន ក្នុងការអភិរក្សកេរ្តិ៍ដំណែលធម្មជាតិ ដ៏​សម្បូរបែបរបស់កម្ពុជា ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋគ្រប់រូប ក៏ដូចជាអ្នកជំនាន់ក្រោយៗទៀត។

យុទ្ធនាការទំនាក់ទំនងផ្លាស់ប្តូរឥរិយាបទសង្គម ដែលផ្តោតលើយុវជននិងបរិស្ថាននេះ ផ្តល់ខ្លឹមសារនិងសា​រគន្លឹះ តាមរយៈប្រព័ន្ធពហុផ្សព្វផ្សាយ ដើម្បីគាំទ្រយុវជន ដែលជា «ជើងឯកបៃតង» ក្នុងការធ្វើជាគំរូ ផ្លាស់ប្តូរឥរិយាបថ និងការអនុវត្តឱ្យបានជោគជ័យ ជុំវិញកិច្ចការពារធនធានធម្មជាតិរបស់កម្ពុជា។

រយៈពេល​ជាង​១០ឆ្នាំមកនេះ វិទ្យាស្ថាន​សន្ត​ប៉ូល​បាន​បណ្ដុះ​បណ្ដាល​និស្សិត​កំរិតបរិញ្ញាបត្រ​​ជំនាញ វិស្វកម្ម Software​ ទូរគមនាគមន៍ និង​បណ្ដាញ ជំនាញ​អក្សរសាស្ត្រ​អង់គ្លេស ជំនាញ​គ្រប់​គ្រង​ទេសចរណ៍ ក្សេត្រសាស្ត្រ ជំនាញ​សង្គម​កិច្ច។ រីឯបរិញ្ញាបត្រ​រង វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល​លើជំនាញ​៦​មាន៖ ជំនាញ​អភិវឌ្ឍកម្ម​វិធី​កុំ​ព្យូទ័រ ជំនាញ​គ្រប់​គ្រង​​ប្រព័ន្ធ​និង​បណ្ដាញ​កុំ​ព្យុទ័រ ជំនាញ​ផលិត​កម្ម​ដំណាំ​ហូប​ផ្លែនិង​បន្លែ ជំនាញ​វេជ្ជសាស្ត្រ​សត្វ ជំនាញ​ភាសាអង់គ្លេស ជំនាញ​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច។

គ្រប់​កម្មវិធី​អប់រំ​របស់​វិទ្យាស្ថាន​សន្ត​ប៉ូល​ គឺ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយនឹង​ក្រសួង​អប់រំ​ យុវជន​ និង​កី​ឡា ព្រមទាំង​សហការ​ជាមួយ​អាណាព្យាបាល​របស់​និស្សិតផ្ទាល់​​ផងដែរ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email