អភិបូជា​ប្រសិទ្ធី​ពរ​លើ​ប្រេង​គ្រីស្មាធ្វើ​នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូលភ្នំពេញ​ថ្មី ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២២

“យើង​មាន​បេសកកម្ម​តែ​មួយ”

បង​ប្អូន​ជា​ទី​ស្រឡាញ់

រយៈ​ពេល​១២​ឆ្នាំ ដែល​ខ្ញុំ​ធ្វើ​ជា​អធិបតី​ក្នុង​អភិបូជា​ប្រសិទ្ធី​ពរ​លើ​ប្រេង​គ្រីស្មា ១២​ឆ្នាំ​មុន​យើង​ធ្វើ​នៅ​ផ្សារតូច​មាន​លោក​អភិបាល​ជា​មួយ​លោក​បូជាចារ្យ​ប្រហែល​តែ​៤០​អង្គ ណែនាំ​ឱ្យ​ខ្ញុំ​ភ័យ​ណាស់​នៅ​ពេល​ទេសនា។ ឆ្នាំ​នេះ យើង​មាន​លោក​អភិបាល​និង​បូជាចារ្យ​រហូត​ដល់​ជាង​៨០​អង្គ ណែនាំ​ឱ្យ​ខ្ញុំ​ភ័យ​ថែម​ទៀត ទោះ​បី​ខ្ញុំ​មាន​បទ​ពិសោធន៍​១២​ឆ្នាំ​កន្លង​មក​ហើយ​ក៏​ដោយ។ ជា​ពេល​វេលា​មួយ​ពិសេស សម្រាប់​យើង​ទាំង​អស់​គ្នា ថ្ងៃ​នេះ​យើង​បន្ត​សន្ទនា​ជា​មួយ​លោក​បូជាចារ្យ​ផង និង​ជា​មួយ​គ្រីស្ត​បរិស័ទ​ផង។

ជា​ពិសេស ថ្ងៃ​នេះ​ដើម្បី​ឱ្យ​លោក​អភិបាល​និយាយ​ដោយ​ផ្ទាល់​ជា​មួយ​លោក​បូជាចារ្យ “សូម​អញ្ជើញ​ឱ្យ​បាន​សុខសាន្ត”។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​បញ្ចប់​អភិបូជា​យើង​អញ្ជើញ​ឱ្យ​គ្រីស្ត​បរិស័ទ​ឱ្យ​បាន​សុខ​សាន្ត។ ខ្ញុំ​គិត​ថា សម្រាប់​បន្ត​ការ​សន្ទនា​នៅ​ក្នុង​ឆ្នាំ​នេះ ការ​អធិដ្ឋាន និង​ព្រះពរ​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ នៅ​ពេល​យើង​ស្តាប់ “សូម​អញ្ជើញ​ឱ្យ​បាន​សុខ​សាន្ត” ពោរពេញ​ដោយ​អត្ថន័យ ជា​ពិសេស​ពាក្យ “សុខ​សាន្ត”។ បន្តិច​ទៀត យើង​ចូល​នៅ​ក្នុង​សប្តាហ៍​ពិសិដ្ឋ យើង​ចូល​នៅ​ក្នុង​៣​ថ្ងៃ​យ៉ាង​ពិសេស​បំផុត​សម្រាប់​យើង ដែល​ចាប់​ផ្តើម​ជា​មួយ​ព្រះយេស៊ូ​ដែល​លាង​ជើង​ឱ្យ​ក្រុម​សាវ័ក។ ចាប់​ផ្តើម ជា​មួយ​ព្រះយេស៊ូ​ដែល​បាន​តែង​តាំង​អគ្គ​សញ្ញា​ព្រះកាយ​ព្រះគ្រីស្ត ដែល​ណែនាំ​ឱ្យ​យើង​ចូល​យ៉ាង​ជ្រៅ​នៃ​ការ​រង​ទុក្ខ​លំបាក​របស់​ព្រះយេស៊ូ និង​ព្រះយេស៊ូ​សោយ​ទិវង្គត។ ណែនាំ​ឱ្យ​យើង​មើល​ឃើញ ព្រះយេស៊ូ​ឡើង​ស្ថាន​បរម​សុខ និង​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ យើង​ដឹង​ថា​ពិធី​បុណ្យ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ព្រហស្បត្តិ៍ ហើយ​បញ្ចប់​នៅ​ថ្ងៃ​សៅរិ៍​ពេល​យប់ ដោយ​និយាយ​ថា “សូម​អញ្ជើញ​ឱ្យ​បាន​សុខ​សាន្ត អាលេលូយ៉ា អាលេលូយ៉ា”។

ពិត​មែន អាថ៌​កំបាំង​ដ៏​អស្ចារ្យ​នៃ​ព្រះយេស៊ូ​សោយ​ទិវង្គត និង​មាន​ព្រះជន្ម​រស់​ឡើង​វិញ គឺ​ជា​ព្រះអំណោយ​ទាន​នៃ​សេចក្តី​សុខ​សាន្ត ដែល​យើង​ទទួល​សម្រាប់​យើង​រៀងៗ​ខ្លួន និង​សម្រាប់​ពិភព​លោក​ទាំង​មូល។ យើង​នឹក​ឃើញ ពេល​ព្រះយេស៊ូ​បង្ហាញ​ខ្លួន​ម្តងៗ​ទៅ​ក្រុម​គ្រីស្ត​ទូត​អស់​រយៈ​ពេល​៤០​ថ្ងៃ នៅ​ពេល​នោះ​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តែ​មួយ គឺ “សូម​សេចក្តី​សុខ​សាន្ត​គង់​នៅ​ជា​មួយ​បង​ប្អូន”។ ពេល​លោក​អភិបាល ចាប់​ផ្តើម​អភិបូជា​ក៏​បាន​និយាយ​ថា “សូម​អញ្ជើញ​ឱ្យ​បាន​សុខ​សាន្ត” ដែរ។ យើង​នឹក​ឃើញ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ “អ្នក​ដែល​កសាង​សេចក្តី​សុខ​សាន្ត អ្នក​នោះ​មាន​ព្រះរាជ​របស់​ព្រះជាម្ចាស់ និង​មាន​សុភមង្គល​ដ៏​ពិត​ប្រាកដ”។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នេះ​ជា​បេសកកម្ម​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់​ផ្ទាល់ គឺ​ប្រទាន​សេចក្តី​សុខ​សាន្ត​តាម​រយៈ​អគ្គ​សញ្ញា​ដែល​យើង​បាន​ទទួល​ជា​បូជាចារ្យ នៅ​ក្នុង​អគ្គ​សញ្ញា​នានា​យើង​ណែនាំ​ឱ្យ​បង​ប្អូន​យើង អាច​រក​ឃើញ​សេចក្តី​សុខ​សាន្ត​យ៉ាង​ជ្រៅ​នៅ​ក្នុង​ជីវិត​របស់​គេ​ផ្ទាល់។

រយៈ​ពេល​២​ឆ្នាំ​កន្លង​មក ដែល​យើង​មិន​បាន​ថ្វាយ​អភិបូជា​រួម​គ្នា​របៀប​នេះ ដែល​យើង​បាត់​បង់​សិទ្ធិ​សិរីភាព​ដើម្បី​ថ្វាយ​អភិបូជា​ដែល​មាន​មនុស្ស​ច្រើន ណែនាំ​ឱ្យ​យើង​ពិបាក​ចិត្ត។ ប៉ុន្តែ ឥលូវ​នេះ​យើង​ដូច​ជា​បាន​ពោរពេញ​ដោយ​អំណរ​សប្បាយ ដោយសារ​យើង​អាច​ជួប​ជុំ​គ្នា​បាន។ តែ​នៅ​ពេល​យើង​ជិត​បញ្ចប់​កូវីដ-១៩ យើង​ត្រូវ​តែ​បើក​ភ្នែក​មើល​សង្រ្គាម​ដែល​មាន​នៅ​ប្រទេស​អ៊ុយក្រែន និង​ប្រទេស​រុស្ស៊ី។ សង្រ្គាម​ស៊ី​វិល​នៅ​ប្រទេស​មីយ៉ាន់ម៉ា ប្រទេស​យ៉េមែន និង​នៅ​ក្នុង​ប៉ុន្មាន​កន្លែង​នៃ​ពិភព​លោក​សព្វ​ថ្ងៃ ដែល​ជួន​កាល​ព័ត៌មាន​មិន​បាន​ផ្សាយ​ដែរ។ នៅ​ពេល​យើង​មើល​ឃើញ​រូប​ភាព មនុស្ស​ដែល​កំពុង​ស្លាប់​នៅ​តាម​ផ្លូវ នៅ​ពេល​យើង​មើល​ឃើញ​រូប​ភាព​មនុស្ស​រាប់​លាន​នាក់ ដែល​កំពុង​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កំណើត។ នៅ​ពេល​យើង​មើល​ឃើញ​រូប​ភាព កូន​ក្មេង​ដែល​កំពង់​យំ​នៅ​ក្នុង​រង្វង់​ដៃ​របស់​ម្តាយ នៅ​ពេល​យើង​មើល​ឃើញ​រូប​ភាព​នៅ​ក្បែរ​ព្រះវិហារ​គ្រីស្ត​សាសនា​និកាយ​អ័រតូដុក ក៏​ដូច​ជា​ព្រះវិហារ​និកាយ​កាតូលិក​យើង​ដែរ។ នៅ​ពេល​យើង​មើល​ឃើញ​ភូមិ​ដែល​ពោរ​ពេញ​ដោយ​គ្រាប់​មីន ជាក់​ស្តែង​នៅ​ក្នុង​រដ្ឋ​ឈីន​នៃ​ប្រទេស​មីយ៉ាន់ម៉ា (ស្រុក​កំណើត​របស់​លោក​ឪពុក អប្រាហាំ) ថ្មីៗ​នេះ​មាន​ជាង​៣០​ព្រះវិហារ​ត្រូវ​គេ​ដុត​ឆេះ។

នៅ​ពេល​យើង​មើល​ឃើញ​រូប​ភាព​នេះ​ទាំង​អស់ យើង​មិន​អាច​និយាយ​ថា “នេះ​មិន​មែន​រឿង​យើង​ទេ នេះ​យើង​មិន​អើពើ​នោះ​ទេ”។ យើង​ត្រូវ​តែ​សួរ​ខ្លូន​ឯង ពេល​ចាប់​ផ្តើម​សតវត្ស​ទី​២១​នេះ នៅ​ភាគ​កណ្តាល​នៃ​ទ្វីប​អឺរ៉ុប និង​ភាគ​កណ្តាល​នៃ​ទ្វីប​អាស៊ី​យើង តើ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ធ្វើ​ជា​សាក្សី​នៃ​ការ​បៀត​បៀន នៃ​សង្រ្គាម នៃ​អំពើ​ឃោរឃៅ ដូច​យើង​មើល​ឃើញ​សព្វ​ថ្ងៃ? ពិត​មែន​នៅ​ក្នុង​ចិត្ត​របស់​យើង យើង​ជា​បូជាចារ្យ​ក្តី យើង​ជា​គ្រីស្ត​បរិស័ទ​ក្តី យើង​ចង់​និយាយ​ទៅ​ប្រជាជន​ដែល​កំពុង​រង​ទុក្ខ​លំបាក គឺ​គេ​រង​ទុក្ខ​លំបាក​ដូច​ព្រះយេស៊ូ​នៅ​លើ​ឈើ​ឆ្កាង។ ហើយ​យើង​ចង់​និយាយ​ទៅ​គេ​ទៀត​ថា “សូម​អញ្ជើញ​ឱ្យ​បាន​សុខ​សាន្ត ជា​សេចក្តី​សុខ​សាន្ត​របស់​ព្រះយេស៊ូ​គ្រីស្ត​”។

នៅ​ពេល​ព្រះជាម្ចាស់​បាន​បង្កើត​ពិភព​លោក នៅ​ពេល​ព្រះជាម្ចាស់​បាន​បង្កើត​មនុស្ស​ដែល​ជា​កំពូល​នៃ​ពិភព​លោក ភ្លាមៗ​មាន​រឿង​រវាង​កាអ៊ីន​និង​អេបិល។ ភ្លាមៗ​យើង​ឃើញ​បង​ប្អូន​បង្កើត​បាន​សម្លាប់​គ្នា យើង​ចង់​សួរ​ថា តើ​រឿង​នេះ​ត្រូវ​កើត​ឡើង​ដល់​ពេល​ណា​ទៀត? ដោយសារ​សព្វ​ថ្ងៃ យើង​នៅ​តែ​មើល​ឃើញ​បង​ប្អូន​ដែល​សម្លាប់​គ្នា ដោយសារ​នៅ​ក្នុង​ពិភព​លោក​យើង​ជា​ក្រុម​គ្រួសារ​តែ​មួយ។ ពិត​មែន នៅ​ពេល​យើង​ស្តាប់​ទាំង​សម្ពន្ធ​មេត្រី​ចាស់ ទាំង​សម្ពន្ធ​មេត្រី​ថ្មី យើង​មើល​ឃើញ​ព្រះជាម្ចាស់​ដែល​ត្រាស់​ហៅ​យើង ឱ្យ​យើង​បង្កើត​ពិភព​មួយ​ដែល​ពោរពេញ​ដោយ​ភាតរភាព ពិភព​មួយ​ដែល​ចេះ​តែ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ពេល​យើង​នឹក​ឃើញ​ដល់​សារ​លិខិត​ថ្មីៗ​របស់​សម្តេច​ប៉ាប ហ្វ្រង់ស៊ីស្កូ នៅ​ថ្ងៃ​ទី​០១ ខែ​មករា រាល់​ឆ្នាំ​សម្រាប់​សុខ​សន្តិ​ភាព​នៅ​ក្នុង​ពិភព​លោក។ ពេល​យើង​នឹក​ឃើញ​ធម្មទេសនា​របស់​យើង​ផ្ទាល់ ពេល​យើង​នឹក​ឃើញ​ការ​អធិដ្ឋាន​ដែល​យើង​មាន​ប្រចាំ​ថ្ងៃ ប៉ុន្មាន​ដង​យើង​បាន​និយាយ​ថា “យើង​ជា​បង​ប្អូន​គ្នា” ប៉ុន្មាន​ដង​យើង​បាន​អធិដ្ឋាន​សម្រាប់​សេចក្តី​សុខ​សាន្ត។ ក៏​ប៉ុន្តែ ស្រប​ពេល​ហ្នឹង​ក៏​សង្រ្គាម ក៏​ការ​សម្លាប់​បង​ប្អូន​បង្កើត​នៅ​តែ​កើត​មាន​ដដែលៗ។

លោក​អភិបាល លោក​ឪពុក បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​រាត្រី​បុណ្យ​ចម្លង​ដែល​យើង​កំពុង​ត្រៀម​នៅ​ពេល​នេះ ឱ្យ​យើង​ទុក​ថែរក្សា​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង “យើង​ជា​អ្នក​កសាង​សុខ​សន្តិ​ភាព នៅ​ក្នុង​ព្រះសហគមន៍​របស់​យើង នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​យើង រវាង​យើង​ជា​បូជាចារ្យ​នឹង​បូជាចារ្យ”។ បន្តិច​ទៀត យើង​សូម​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​លើ​ប្រេង ជា​ប្រេង​សម្រាប់​អគ្គ​សញ្ញា​ដែល​ផ្តល់​ជីវិត សម្រាប់​អ្នក​ទទួល​ការ​អប់​រំ​ជំនឿ សម្រាប់​អ្នក​ជំងឺ ដែល​អាច​ទទួល​កម្លាំង​ថ្មី ទទួល​សេចក្តី​សុខ​ពី​ព្រះជាម្ចាស់ ទទួល​ការ​លើក​ទឹក​ចិត្ត ដើម្បី​លាប​របួស​នៅ​ក្នុង​ខ្លួន​របស់​គេ។ ពិត​មែន យើង​នឹង​ទទួល​អំណាច​នៃ​អគ្គ​សញ្ញា ដើម្បី​ប្រទាន​ជីវិត។ ឆ្នាំ​នេះ ខ្ញុំ​សង្ឃឹម​ថា​យើង​នឹង​ប្រើ​ប្រេង​នេះ​យ៉ាង​ច្រើន សម្រាប់​អគ្គ​សញ្ញា​ជ្រមុជ​ទឹក សម្រាប់​អគ្គ​សញ្ញា​លាប​ថ្ងាស សម្រាប់​អគ្គ​សញ្ញា​តែង​តាំង។ សម្រាប់​អ្នក​ជំងឺ​របស់​យើង​ឱ្យ​គេ​មាន​កម្លាំង​ថ្មី សម្រាប់​យុវជន​យុវនារី មនុស្ស​ពេញ​វ័យ ដែល​បាន​ទទួល​ការ​ត្រាស់​ហៅ​របស់​ព្រះជាម្ចាស់ ដើម្បី​ទៅ​ជា​បុត្រា​បុត្រី​របស់​ព្រះអង្គ។

ឆ្នាំ​នេះ យើង​មាន​អំណរ​សប្បាយ​មួយ​យ៉ាង​ពិសេស ដោយសារ​យើង​សង្ឃឹម​ថា​មាន​អគ្គ​សញ្ញា​តែង​តាំង​ជា​បូជាចារ្យ​ម្នាក់ និង​មាន​អគ្គ​សញ្ញា​តែង​តាំង​ជា​ឧបដ្ឋាក​៣​នាក់។ ដូច្នេះ ប្រេង​ដែល​យើង​រៀប​ចំ​ឆ្នាំ​នេះ ជា​ប្រេង​ដែល​ណែនាំ​ឱ្យ​យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់ ដោយ​ទូល​អង្វរ​ឱ្យ​សេចក្តី​សុខ​សាន្ត​យាង​មក នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង និង​ណែនាំ​ឱ្យ​យើង​រស់​នៅ​នៅ​ក្នុង​សុខដុមរមនា។ ប៉ុន្តែ មាន​ពាក្យ​មួយ​ទៀត “សូម​អញ្ជើញ​ឱ្យ​បាន​សុខ​សាន្ត” គឺ​អញ្ជើញ​ទៅ យើង​មាន​កិរិយា​ស័ព្ទ​ដែល​ចាត់​ឱ្យ​យើង​ទៅ។ ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ នៅ​ក្នុង​អត្ថបទ​ទី​២ នៅ​ក្នុង​អត្ថបទ​ទី​១ គឺ “ព្រះជាម្ចាស់​បាន​ចាត់​ឱ្យ​ខ្ញុំ​ទៅ​ប្រកាស​ដំណឹង​ល្អ”។ យើង​ត្រូវ​ការ​នឹក​ឃើញ​ព្រះបន្ទូល​របស់​ព្រះយេស៊ូ “សូម​អញ្ជើញ​ទៅ ជំនឿ​របស់​អ្នក​បាន​សង្រ្គោះ​អ្នក​ហើយ” សូម​អញ្ជើញ​ទៅ​អំពើ​បាប​របស់​អ្នក​អស់​ហើយ សូម​ឈប់​ប្រព្រឹត្តិ​អំពើ​បាប​ទៀត។ “ដូច​ព្រះបិតា​ចាត់​ខ្ញុំ​ឱ្យ​យាង​មក ខ្ញុំ​អញ្ជើញ​ឱ្យ​បង​ប្អូន​ទៅ​ប្រកាស​ដំណឹង​ល្អ”។

ពិត​មែន សេចក្តី​សុខ​សាន្ត​ដែល​យើង​ទទួល ការ​សង្រ្គោះ​ដែល​យើង​ស្វាគមន៍​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង មិន​អាច​ទៅ​ជា​រឿង​ឯកជន​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ណែនាំ​ឱ្យ​យើង​បិទ​ទ្វារ​នៃ​ដួង​ចិត្ត “ខ្ញុំ​មាន​សេចក្តី​សុខ​របស់​ខ្ញុំ ខ្ញុំ​ទទួល​ការ​សង្រ្គោះ​របស់​ខ្ញុំ”។ ផ្ទុយ​ទៅ​វិញ​គ្រប់​ពេល​វេលា នៅ​ពេល​ព្រះយេស៊ូ​បាន​សង្រ្គោះ​លោក​សាខេ សង្រ្គោះ​ស្ត្រី​សាសន៍​សាម៉ារី សង្រ្គោះ​អស់​អ្នក​ដែល​យើង​ធ្លាប់​ស្តាប់​ក្នុង​គម្បីរ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “សូម​អញ្ជើញ​ទៅ​ចុះ!”។ យើង​មិន​អាច​ទៅ​ជា​មនុស្ស​ស្ងៀម​ស្ងាត់ មនុស្ស​ដែល​ឥត​មាន​កម្លាំង មនុស្ស​ដែល​គាំង ដែល​ស្ទះ ដែល​គ្មាន​សមត្ថភាព​ដើម្បី​ទៅ​មុខ។ ផ្ទុយ​ទៅ​វិញ សេចក្តី​សុខ​សាន្ត​ដែល​យើង​បាន​ទទួល ត្រូវ​ការ​ទៅ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ពី​ទី​ក្រុង​មួយ​ទៅ​ទី​ក្រុង​មួយ ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ។

លោក​ឪពុក​ជា​ទី​ស្រឡាញ់ យើង​បាន​ទទួល​បេសកកម្ម​ដើម្បី​ប្រកាស​ដំណឹង​ល្អ ព្រះជាម្ចាស់​ត្រាស់​ហៅ​យើង​ដើម្បី​ឱ្យ​យើង​មាន​ចលនា។ ដោយសារ​តែ​កូវីដ-១៩ រយៈ​ពេល​ជាង​២​ឆ្នាំ​នេះ​ណែនាំ​ឱ្យ​យើង​ដូច​ជា​ស្ទះ​បន្តិច គាំង​បន្តិច ប៉ុន្តែ​នៅ​ពេល​នេះ​យើង​មើល​ឃើញ​ព្រះយេស៊ូ ព្រះយេស៊ូ​ធ្វើ​ដំណើរ​រហូត។ ព្រះយេស៊ូ​ធ្វើ​ដំណើរ​ពី​ស្រុក​កាលីឡេ​រហូត​ដល់​ទី​ក្រុង​យេរូសាឡឹម ព្រះយេស៊ូ​មិន​ដែល​ជាប់​នៅ​ក្នុង​ការិយាល័យ​របស់​ព្រះអង្គ។ ព្រះយេស៊ូ​មិន​មាន​ផ្ទះ​ដើម្បី​ស្នាក់​នៅ ព្រះយេស៊ូ​ដើរ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ ដើម្បី​ប្រកាស​ដំណឹង​ល្អ។ បេសកកម្ម​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ បេសកកម្ម​ដែល​យើង​បាន​ទទួល​ពី​ព្រះសហគមន៍ ជម្រុញ​យើង​ឱ្យ​យើង​ទៅ​ជួប​បង​ប្អូន​ឯទៀតៗ ឱ្យ​យើង​ទៅ​ប្រកាស​ដំណឹង​ល្អ ឱ្យ​យើង​ផ្តល់​សក្ខីភាព។ តាម​ពិត​យើង​អាច​និយាយ​ថា យើង​មាន​រឿង​ស្នេហា​រវាង​ព្រះជាម្ចាស់​នឹង​យើង គឺ​ព្រះជាម្ចាស់​ដែល​បាន​ចាត់​ឱ្យ​យើង​ទៅ​ប្រកាស​ដំណឹង​ល្អ​នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា។ យើង​ដឹង​ថា នេះ​ជា​ផ្លូវ​យ៉ាង​វែង​ឆ្ងាយ​ដែល​ត្រូវ​ការ​ពេល​វេលា​យ៉ាង​ច្រើន ដើម្បី​ចូល​ជ្រៅ​នៅ​ក្នុង​ជីវិត​របស់​បង​ប្អូន ដើម្បី​យល់​វប្បធម៌ ដើម្បី​យល់​ភាសា ជា​ពិសេស​ដើម្បី​យល់​ចិត្ត​គ្នា។

ថ្ងៃ​នេះ នៅ​ពេល​យើង​ប្រកាស​ពាក្យ​ជា​បូជាចារ្យ​សាជាថ្មី គឺ​ជា​សញ្ញា​សម្គាល់​នៃ​សេចក្តី​ស្រឡាញ់ ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់​ពី​ដើម ដែល​យើង​បន្ត​ថែរក្សា។ ប៉ុន្តែ ឱ្យ​យើង​ប្រុង​ប្រយ័ត្ន ដូច​លោក​កាឌីណាល់ តាក្លេ បាន​និយាយ​ពេល​បញ្ចប់​សិក្ខា​សាលា​នៅ​រ៉ូម ថា “យើង​ត្រូវ​ការ​ប្រុង​ប្រយ័ត្ន ដោយសារ​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ណែនាំ​ឱ្យ​ជួន​កាល​យើង​ត្រូវ​តែ​មាន​គ្រោះថ្នាក់ ព្រះជាម្ចាស់​ស្រឡាញ់​យើង​យ៉ាង​ណា ព្រះជាម្ចាស់​ចាត់​ឱ្យ​យើង​ទៅ​យ៉ាង​ហ្នឹង”។ ដូច្នេះ ប្រសិន​បើ​ព្រះជាម្ចាស់​ស្រឡាញ់​យើង​យ៉ាង​ច្រើន យើង​ត្រូវ​ការ​ទៅ​យ៉ាង​ច្រើន ប្រសិន​បើ​ព្រះជាម្ចាស់​ស្រឡាញ់​យើង​យ៉ាង​តិច យើង​ទៅ​យ៉ាង​តិច។ ពេល​យើង​បើក​ចិត្ត​គំនិត​របស់​យើង​យ៉ាង​ទូលំ​ទូលាយ ដើម្បី​ទទួល​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ យើង​ដឹង​ថា​ពិត​មែន​យើង​ត្រូវ​ការ​ប្រុង​ប្រយ័ត្ន​ដើម្បី​បើក​ចិត្ត​គំនិត​ថែម​ទៀត​និង​ថែម​ទៀត។

លោក​ឪពុក​ជា​ទី​ស្រឡាញ់ យើង​ជា​សាសនៈ​ទូត​ក្តី យើង​ជា​បូជាចារ្យ​នៅ​ក្នុង​ប្រទេស​ក្តី យើង​មាន​បេសកកម្ម​តែ​មួយ គឺ​កសាង​ព្រះរាជ​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​សេចក្តី​ពិត​យ៉ាង​សកម្ម។ យើង​មាន​បេសកកម្ម​តែ​មួយ គឺ​ប្រទាន​ឱ្យ​បង​ប្អូន​របស់​យើង​ឱ្យ​គេ​ស្គាល់​សេចក្តី​សង្ឃឹម និង​សុភមង្គល​នៅ​ក្នុង​ជីវិត​ដែល​គង់​នៅ​ជា​មួយ​យើង ណែនាំ​ឱ្យ​ព្រះសហគមន៍​ចាក់​គ្រឹះ​យ៉ាង​ជ្រៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា។ ហេតុ​នេះ​ហើយ យើង​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា​នៅ​ក្នុង​គ្រួសារ​ជា​បូជាចារ្យ​តែ​មួយ ជួន​កាល​យើង​ត្រូវ​ការ​ភ្លេច យើង​ជា​គ្រួសារ​សាសនៈ​ទូត​មែន យើង​ជា​ក្រុម​គ្រួសារ​បព្វជិត​មែន។ ប៉ុន្តែ អ្វី​ដែល​សំខាន់​បំផុត​យើង​ជា​អ្នក​ស្ម័គ្រ​ចិត្ត​នៃ​ព្រះសហគមន៍​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ នៅ​ក្នុង​ភូមិភាគ​បាត់​ដំបង នៅ​ក្នុង​ភូមិភាគ​កំពង់ចាម សម្រាប់​ព្រះសហគមន៍​នៅ​លើ​ទឹក​ដី​កម្ពុជា ដើម្បី​ភ្ជាប់​ជា​មួយ​ព្រះសហគមន៍​សកល។ ដូច្នេះ ជួន​កាល​យើង​ត្រូវ​ការ​លះ​បង់​ចោល​ខ្លះ ដើម្បី​ធ្វើ​ដំណើរ​រួម​ជា​មួយ​បង​ប្អូន ឱ្យ​គេ​រក​ឃើញ​ព្រះយេស៊ូ​នៅ​ក្នុង​ជីវិត​របស់​ពួក​គាត់។

សព្វ​ថ្ងៃ យើង​នៅ​ក្នុង​ពេល​វេលា​ដែល​សម្តេច​ប៉ាប ណែនាំ​ឱ្យ​យើង​នៅ​ក្នុង​សន្និបាត គឺ​ជា​ការ​ត្រាស់​ហៅ​មួយ​យ៉ាង​ពិសេស​ដើម្បី​ឱ្យ​យើង​ទៅ​ជា​ធ្លុង​តែ​មួយ។ ថ្ងៃ​នេះ យើង​មើល​ឃើញ​យ៉ាង​ជាក់​ស្តែង​នៅ​ក្នុង​អភិបូជា​នេះ យើង​ទាំង​អស់​គ្នា​យើង​ជា​ក្រុម​គ្រួសារ​តែ​មួយ នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត​ដែល​យើង​ជាប់​ជា​មួយ​មហា​បូជាចារ្យ​តែ​មួយ គឺ​ព្រះយេស៊ូ​គ្រីស្ត​ផ្ទាល់។ យើង​ជា​ក្រុម​គ្រួសារ​តែ​មួយ ជា​បូជាចារ្យ​ដែល​សហការ​ជា​មួយ​លោក​អភិបាល ដើម្បី​ធ្វើ​ដំណើរ​នៅ​ក្នុង​ព្រះសហគមន៍​កម្ពុជា។ ថ្ងៃ​នេះ យើង​ជា​គ្រូ​គង្វាល​ដែល​ភ្ជាប់​ជា​មួយ​ព្រះយេស៊ូ​ដែល​ជា​គ្រូ​គង្វាល​តែ​មួយ យើង​ជា​ក្រុម​គ្រួសារ​តែ​មួយ​ជា​មួយ​បង​ប្អូន​របស់​យើង។ ដោយសារ បង​ប្អូន​គេ​ទន្ទឹង​រង់​ចាំ​សេចក្តី​ស្រឡាញ់​ដែល​មក​ពី​គ្រូ​គង្វាល​ផ្ទាល់ នៅ​ក្នុង​ព្រះសហគមន៍​នីមួយៗ។ ថ្ងៃ​នេះ យើង​សប្បាយ​ចិត្ត​ដោយសារ​បង​ប្អូន​មក​ពី​គ្រប់​ទី​កន្លែង បង​ប្អូន​ជា​តំណាង​នៃ​ភូមិភាគ ជា​តំណាង​នៃ​ព្រះសហគមន៍​នីមួយៗ។ ដូច្នេះ តំណាង​នេះ​យើង​ត្រូវ​ការ​ផ្តល់​សក្ខីភាព​ពេល​យើង​ទៅ​វិញ យើង​បាន​ឃើញ​បូជាចារ្យ​របស់​យើង​ពោរ​ពេញ​ដោយ​អំណរ​សប្បាយ ដើម្បី​បន្ត​បម្រើ​ព្រះសហគមន៍​ដែល​ជា​ហ្វូង​ចៀម​ផ្ទាល់​ខ្លួន។

បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​ជា​ប្រជារាស្ត្រ​តែ​មួយ បង​ប្អូន​ត្រូវ​តែ​ភ្ជាប់​ជា​មួយ​ក្រុម​បូជាចារ្យ​ទាំង​អស់ នៅ​ក្នុង​ក្រុម​គ្រួសារ​តែ​មួយ នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត ដើម្បី​ធ្វើ​ដំណើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​ធ្វើ​ជា​សញ្ញា​សម្គាល់​នៃ​ព្រះជន្ម​របស់​ព្រះយេស៊ូ នៅ​កន្លែង​ដែល​យើង​រស់​នៅ “ពិត​មែន​សូម​អញ្ជើញ​ឱ្យ​បាន​សុខ​សាន្ត”។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

បេក្ខជន​ត្រៀម​ជ្រមុជទឹក​ក្នុងភូមិភាគ​ភ្នំពេញ​មាន​ជាង​១០០នាក់

មនុស្ស​ពេញ​វ័យ​ចំនួន​១២៧ នាក់​បាន​ទទួល​ពិធី​ត្រាស់ហៅ​ឲ្យទទួល​ពិធី​ជម្រុជទឹក​ពី​លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ កាលពីថ្ងៃទី​៨ ខែ​មីនាកន្លងទៅ នៅ​ព្រះវិហារ​សន្តសិលា និង​សន្ត​ប៉ូល ភ្នំពេញថ្មី នារាជធានីភ្នំពេញ។ ពិធី​ត្រាស់ហៅនេះ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​អនុញ្ញាត​ឲ្យ​បេក្ខជន​ដែល​បាន​សិក្សា​អំពី​ជំនឿ​អាច​ទទួល​អគ្គសញ្ញាជ្រមុជទឹក​ក្នុង​ឱកាស​បុណ្យ​ចម្លង​ខាង​មុខនេះ។ មុន​ចាប់​ផ្តើម​ពិធី​​នេះ លោកអភិបាល​អូលីវីយ៉េ បាន​អប់រំ​ណែនាំ​ដល់​បេក្ខជន​ទាំង​អស់ ដោយ​ផ្តោ​ត​សំខាន់​លើ​​ «ការរួម​ស្លាប់​និង​រួម​រស់ជាមួយព្រះយេស៊ូ​»។ លោក​បញ្ជាក់​ថា ពេល​យើង​ចូល​ទៅ​ក្នុងទឹក ឬ​ចាក់ទឹក​លើក្បាល នោះ​បង្ហាញថា «យើង​ជា​មនុស្ស​ថ្មី» ហើយ​ពេល​នោះ​ដែរ លោក​បូជាចារ្យ​លាប​ប្រេង​ឲ្យយើង

យុវជនរួមដំណើរឆ្ពោះទៅក្តីសង្ឃឹម

ការិយាល័យ​យុវជន ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ​បាន​រៀបចំ​កម្មវិធី​បូជនីយចរ​ប្រចាំ​ឆ្នាំ​ដែល​មាន​យុវជន​ចូលរួម​ចំនួន​៣០០នាក់​ លោក​បូជាចារ្យ និង​បព្វជិត-ជិតា ចូលរួម​ក្រោម​ប្រធាន​បទ បូជនីយេសក៏​ឆ្ពោះទៅសេចក្តីសង្ឃឹម ធ្វើ​នៅ​ព្រះសហគមន៍​ដាក់ដំាំ និងប៊ូស្រា​ ក្នុង​ខេត្ត​មណ្ឌល​គិរី​ ដែលមាន​​​បងប្អូន​ជនជាតិដើម​ភាគ​តិច​ព្នងរស់នៅ កាលពីថ្ងៃទី​២៨​ដល់​ថ្ងៃទី​០២ ខែ​មីនា​កន្លងទៅ។ លោក​ស៊ាន់ សារឿន ប្រធាន​ការិយាល័យ​យុវជន​ ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ មាន​ប្រសាសន៍​ថា កម្មវិធីនេះ បាន​រឿបចំ​ឡើង​រយៈ១៤​ឆ្នាំ​មក​ហើយ គឺ​នៅ​តាំងពី​ឆ្នាំ​២០១០។ លោក​បន្ថែម​ថា កម្មវិធី​នេះ គឺ​​ដើម្បីឲ្យយុវជនមានឱកាសបង្ហាញអំពីជំនឿ និងមានពេលវេលាដើម្បីធ្វើដំណើររួមគ្នា ចែករំលែកបទពិសោធន៍អំពី​​ការបម្រើរបស់ពួកគេនៅតាមព្រះសហគមន៍នីមួយៗ

ក្រុមពិធីបុណ្យអន្តរភូមិភាគនឹងចងក្រងពិធី អគ្គសញ្ញាអាពាហ៍ពិពាហ៍

ការិយាល័យពិធីបុណ្យអន្តរភូមិភាគ បាន​រៀបចំ​សិក្ខាសាលាស្តីអំពី «អគ្គសញ្ញាអាពាហ៍ពិពាហ៍» ដែលមានការចូលរួមពីលោកអភិបាល លោកបូជាចារ្យ ដូនជី និងគ្រីស្តបរិស័ទប្រមាណ៧០នាក់ មកពីព្រះសហគមន៍ទាំង៣ភូមិភាគ នាថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងសិក្សាអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ និងក្បួនប្រារព្ធពិធី​​តាមច្បាប់ព្រះសហគមន៍កាតូលិក និងតាមប្រពៃណីខ្មែរ។ លោកអភិបាល សិលា សួន ហង្សលី ទទួលបន្ទុកការិយាល័យពិធីបុណ្យអន្តរភូមិភាគបានឲ្យដឹងថា សិក្ខាសាលានេះមានគោលបំណងចង់ឲ្យលោកឪពុក បងប្រុស បងស្រី ព្រមទាំងតំណាងគ្រីស្តបរិស័ទយើងមានឱកាសជួបជុំគ្នាដើម្បីរិះគិតពិចារណាឡើងវិញអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ដែលយើងប្រារព្ធក្នុងព្រះសហគមន៍កាតូលិក ដោយសារការិយាល័យពិធីបុណ្យចង់ធ្វើសៀវភៅសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍នេះឲ្យបានសមរម្យ

Subscribe to our newsletter

Don't miss new updates on your email