ថ្ងៃសុក្រពិសិដ្ឋធ្វើនៅព្រះសហគមន៍សន្តហ្វ្រង់ស្វ័រសាវីយ៉េចំប៉ា ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២“សេចក្ដីពិត ជានាមថ្មីរបស់សុខសន្តិភាព”

“សេចក្ដី​ពិត ជា​នាម​ថ្មី​របស់​សុខ​សន្តិភាព”

អត្ថបទ​ទី១៖ អេសាយ ៥២,១៣-៥៣,១២ ព្រះ‌អម្ចាស់​បាន​ទម្លាក់​កំហុស​របស់ យើង​ទាំង​អស់​គ្នា​ទៅ​លើ​លោក។ អស ៥៣,៦ អត្ថបទ​ទី២៖ ហេប្រឺ ៤,១៤-១៦.៥,៧-៩ បន្ទាប់​ពី​ព្រះ‌អង្គ​បាន​គ្រប់​លក្ខណៈ​ហើយ ទ្រង់​ក៏​បាន​ទៅ​ជា​ប្រភព​នៃ​ការ​សង្គ្រោះ។ ហប ៥,៩ ដំណឹងល្អ៖ យូហាន ១៨,១-១៩,៤២ បើ​អ្នក​រាល់​គ្នា​មក​រក​ខ្ញុំ ទុក​ឲ្យ​អ្នក​ទាំង​នេះ​ចេញ​ទៅ​ចុះ។ យហ ១៨,៨

ដូច្នេះ យូដាស​នាំ​កង​ទាហាន និង​កង​រក្សា​ព្រះ‌វិហារ​ចូល​មក ទាំង​កាន់​ចន្លុះ កាន់​គោម កាន់​អាវុធ​ផង

បង​ប្អូន​ជា​ទី​ស្រឡាញ់

នៅ​ពេល​យើង​ឃើញ​របៀប​ដែល​គេ​មក​ដើម្បី​ចាប់​ព្រះយេស៊ូ ដោយ​ដឹង​ថា​នៅ​ពេល​នោះ​ព្រះយេស៊ូ​កំពុង​អធិដ្ឋាន​ជា​មួយ​ក្រុម​សាវ័ក​នៅ​លើ​ភ្នំ​អូលីវ តែ​ក្រុម​សាវ័ក​កំពុង​ដេក​លក់។ ប៉ុន្តែ នៅ​ពេល​យើង​ឃើញ​របៀប​ទាហាន របៀប​មហា​បូជាចារ្យ របៀប​គណៈ​ផារីស៊ី មក​ជា​មួយ​អាវុធ មក​ជា​មួយ​កម្លាំង ដើម្បី​ចាប់​មនុស្ស​ម្នាក់​គឺ​ព្រះយេស៊ូ។ ណែនាំ​ឱ្យ​យើង​ឆ្ងល់ ណែនាំ​ឱ្យ​យើង​មិន​យល់ មូល​ហេតុ​អ្វី​ត្រូវ​ការ​មាន​កម្លាំង​អាវុធ​ខ្លាំង​ដូច​នេះ​ដើម្បី​ចាប់​ព្រះយេស៊ូ? នៅ​ពេល​ក្រុម​សាវ័ក​រត់​ទៅ​អស់​ហើយ មាន​ន័យ​ថា​ព្រះយេស៊ូ​នៅ​ម្នាក់​ឯង នៅ​ពេល​នោះ “ពួក​ទាហាន និង​មេ​បញ្ជា‌ការ​របស់​គេ ព្រម​ទាំង​កង​រក្សា​ព្រះ‌វិហារ​របស់​ជន​ជាតិ​យូដា នាំ​គ្នា​ចាប់​ព្រះ‌យេស៊ូ​ហើយ​ចង​ព្រះ‌អង្គ” មិន​មែន​តែ​ចាប់​តែ​ប៉ុណ្ណឹង ប៉ុន្តែ​ចង​ព្រះយេស៊ូ​ទៀត។

នៅ​ពេល​ព្រះយេស៊ូ​នៅ​ម្នាក់​ឯង អស់​គ្រីស្ត​ទូត អស់​សាវ័ក មាន​តែ​ព្រះយេស៊ូ​តែ​មួយ​អង្គ​គត់ ពិត​មែន​គេ​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ចាប់​ព្រះយេស៊ូ​ដូច​ជា​ធំ​ពេក។ តើ​ព្រះយេស៊ូ​បាន​ធ្វើ​អ្វី​ខុស​ខ្លះ? តើ​គេ​កំពុង​ចោទ​ប្រកាន់​ព្រះយេស៊ូ​អំពី​អ្វី​ខ្លះ? មូល​ហេតុ​អ្វី​ត្រូវ​ការ​ចាប់​ព្រះយេស៊ូ​របៀប​នេះ? ធ្វើ​ដូច​ជា ព្រះយេស៊ូ​ជា​អ្នក​ទោស​ម្នាក់​ដែល​បាន​ធ្វើ​ខុស​យ៉ាង​ធ្ងន់​ធ្ងរ ធ្វើ​ដូច​ជា​ព្រះអង្គ​ជា​មនុស្ស​ម្នាក់​ដែល​ត្រូវ​ការ​ប្រុង​ប្រយ័ត្ន​មែន​ទែន ដែល​ត្រូវ​ការ​មាន​ទាំង​អាវុធ មាន​ទាំង​ទាហាន ហើយ​ចង់​ដៃ​ចង​ជើង​របស់​ព្រះយេស៊ូ ដោយ​ខ្លាច​ព្រះអង្គ​គេច​ខ្លួន។ តើ​ព្រះយេស៊ូ​បាន​ធ្វើ​អ្វី​ខុស?

នៅ​ពេល​នោះ យើង​ចាប់​អារម្មណ៍​អំពី​សំណួរ​របស់​លោក​ពីឡាត សួរ​ព្រះ‌យេស៊ូ​ថា៖ “តើ​អ្នក​ជា​ស្ដេច​របស់​ជន​ជាតិ​យូដា​មែន​ឬ?”។ ដោយសារ បញ្ហា​គឺ​នៅ​ត្រង់​ចំណុច​ហ្នឹង ទាំង​មហា​បូជាចារ្យ ទាំង​គណៈ​ផារីស៊ី គេ​ចង់​ចាប់​ព្រះយេស៊ូ ដោយសារ​គេ​ខ្លាច​ព្រះយេស៊ូ​ទៅ​ជា​ព្រះមហាក្សត្រ​របស់​ជនជាតិ​យូដា។ យើង​នឹក​ឃើញ ពី​សម័យ​ដើម​នៅ​ពេល​ព្រះយេស៊ូ​បាន​ប្រសូត​ហើយ ពេល​ស្តេច​ហេរ៉ូឌ​លឺ​ដំណឹង​នោះ​ពី​ក្រុម​ហោរាចារ្យ ទោះ​បី​ព្រះយេស៊ូ​ជា​កូន​ង៉ែត​អាយុ​តែ​១​ថ្ងៃ​ក៏​ដោយ។ ស្តេច​ហេរ៉ូឌ បាន​ប្រមូល​កម្លាំង​ដើម្បី​សម្លាប់​កូន​ក្មេង​ដែល​មិន​ទាន់​គ្រប់​អាយុ​២​ឆ្នាំ ទូទាំង​ស្រុក​កាលីឡេ ដោយ​សង្ឃឹម​ថា​នៅ​ក្នុង​ចំណោម​កូន​ក្មេង​ទាំង​នោះ​មាន​ព្រះយេស៊ូ​ដែរ ដែល​ហោរាចារ្យ​បាន​ទាយ​ថា​ជា​ព្រះមហាក្សត្រ។ នៅ​ថ្ងៃ​នេះ គេ​ចាប់​ព្រះយេស៊ូ​ដោយសារ​ព្រះយេស៊ូ​ជា​ព្រះមហាក្សត្រ​របស់​ជន​ជាតិ​យូដា។

បង​ប្អូន​ជា​ទី​ស្រឡាញ់ សូម​បង​ប្អូន​ចាប់​អារម្មណ៍​អំពី​ចម្លើយ​របស់​ព្រះយេស៊ូ ដោយ​សារ​ចម្លើយ​របស់​ព្រះយេស៊ូ​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​ផ្លូវ​ថ្មី​សម្រាប់​ពិភព​លោក​របស់​យើង។ ព្រះយេស៊ូ​ជា​ព្រះមហាក្សត្រ ប៉ុន្តែ​មិន​មែន​ជា​ព្រះមហាក្សត្រ​តាម​លោកិយ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ “រាជ្យ​របស់​ខ្ញុំ​មិន‌មែន​នៅ​ក្នុង​លោក​នេះ​ទេ។ ប្រសិន​បើ​រាជ្យ​របស់​ខ្ញុំ​នៅ​ក្នុង​លោក​នេះ​មែន ពួក​បម្រើ​របស់​ខ្ញុំ​មុខ​ជា​នាំ​គ្នា​តយុទ្ធ មិន​ឲ្យ​គេ​បញ្ជូន​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​យូដា​បាន​ឡើយ។ ប៉ុន្តែ រាជ្យ​របស់​ខ្ញុំ​មិន‌​មែន​នៅ​លោក​នេះ​ទេ”។ ព្រះរាជ​របស់​ព្រះយេស៊ូ​គឺ​មក​ពី​ស្ថាន​បរម​សុខ ដូច្នេះ​ព្រះយេស៊ូ​មិន​ត្រូវ​ការ​មាន​ទាហាន មិន​ត្រូវ​ការ​មាន​អង្គរក្ស ដើម្បី​ការពារ​ព្រះអង្គ។ ផ្ទុយ​ទៅ​វិញ “ខ្ញុំ​កើត​មក ហើយ​ខ្ញុំ​មក​ក្នុង​លោក​នេះ ដើម្បី​ផ្ដល់​សក្ខី‌ភាព​អំពី​សេចក្ដី​ពិត”។

បង​ប្អូន​ជា​ទី​ស្រឡាញ់ យប់​នេះ​ដែល​យើង​បាន​ចូល​រួម​នៅ​ក្នុង​ការ​រង​ទុក្ខ​លំបាក​របស់​ព្រះយេស៊ូ យើង​មើល​ឃើញ​របៀប​ដែល​គេ​បាន​កាត់​ក្តី​ព្រះយេស៊ូ។ ព្រះយេស៊ូ​ជា​មនុស្ស​ដែល​មិន​បាន​ធ្វើ​អ្វី​ខុស ព្រះយេស៊ូ​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ភាព​សុចរិត ព្រះយេស៊ូ​ជា​មនុស្ស​ដ៏​វិសុទ្ធ នៅ​ពេល​នោះ​យើង​រក​ឃើញ​ឈ្មោះ​ថ្មី​សម្រាប់​សុខ​សន្តិភាព គឺ​សេចក្តី​ពិត​ដែល​មក​ពី​ព្រះជាម្ចាស់។ ព្រះយេស៊ូ​ដែល​ត្រូវ​គេ​វាយ ព្រះយេស៊ូ​ដែល​ត្រូវ​គេ​មើល​ងាយ ព្រះយេស៊ូ​ដែល​ត្រូវ​គេ​ចំអក ព្រះយេស៊ូ​ដែល​ត្រូវ​គេ​ជេរ​ប្រមាថ នៅ​ពេល​នោះ​ព្រះយេស៊ូ​មិន​បាន​ឆ្លើយ​តប​មួយ​ម៉ាត់​សោះ។ ព្រះយេស៊ូ​នៅ​ស្ងៀម​ស្ងាត់ ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​របស់​លោក​អេសាយ “ដូច​កូន​ចៀម​ដែល​គេ​ដឹក​ទៅ​ទី​ពិឃាត ឬ​ដូច​ចៀម​ឈរ​ស្ងៀម​នៅ​មុខ​អ្នក​កាត់​រោម លោក​មិន​បាន​ហើប​មាត់​ទាល់​តែ​សោះ” លោក​នៅ​ស្ងៀម​ស្ងាត់ ព្រះយេស៊ូ​នៅ​ស្ងៀម​ស្ងាត់។ ភាព​ស្ងៀម​ស្ងាត់​របស់​ព្រះយេស៊ូ ជា​សក្ខីភាព​មួយ​យ៉ាង​ពិសេស ជា​សក្ខីភាព​ដែល​ណែនាំ​ឱ្យ​យើង​ទទួល​ស្គាល់​អំពី​សេចក្តី​ពិត។ តាម​ពិត យប់​នេះ​នៅ​ពេល​គេ​កាត់​ក្តី​ព្រះយេស៊ូ ជា​ការ​កាត់​ក្តី​មួយ​ដែល​ខុស​ទាំង​ស្រុង ដោយសារ​ព្រះយេស៊ូ​ជា​មនុស្ស​សុចរិត ព្រះអង្គ​មិន​ដែល​បាន​ប្រព្រឹត្ត​អំពី​ខុស​អ្វី​សោះ។ ប៉ុន្តែ ការ​កាត់​ក្តី​ខុស​ទាំង​ស្រុង​នេះ ជា​ការ​កាត់​ក្តី​ដែល​បើក​ផ្លូវ​នៃ​ការ​សង្រ្គោះ​សម្រាប់​មនុស្ស​លោក។

នៅ​ក្នុង​ការ​កាត់​ក្តី​របស់​ព្រះយេស៊ូ យើង​បាន​ឃើញ​ការ​ស្អប់​គ្នា​ដ៏​ពេញ​លក្ខណៈ យើង​បាន​ឃើញ​អំពើ​ហិង្សា យើង​បាន​ឃើញ​ការ​មើល​ងាយ។ ប៉ុន្តែ ការ​ស្អប់​គ្នា​នេះ ហិង្សា​នេះ ការ​មើល​ងាយ​នេះ បាន​ណែនាំ​ឱ្យ​ព្រះយេស៊ូ​សោយ​ទិវង្គត​មែន និង​បាន​ណែនាំ​ឱ្យ​យើង​មើល​ឃើញ​ផ្លូវ​ថ្មី​ផ្លូវ​នៃ​ជីវិត។ សូម​ចាប់​អារម្មណ៍ “ទាហាន​ម្នាក់​យក​លំពែង​ចាក់​ត្រង់​ចន្លោះ​ឆ្អឹង​ជំនីរ​ព្រះ‌អង្គ ស្រាប់​តែ​មាន​ទឹក និង​លោហិត​ហូរ​ចេញ​មក​មួយ​រំពេច”។ ទឹក​នៃ​ជីវិត​អស់​កល្ប​ជានិច្ច ឈាម​នៃ​សេចក្តី​ស្រឡាញ់ ដែល​បាន​ឈ្នះ​អំពើ​ហិង្សា ដែល​ឈ្នះ​ការ​ស្អប់​គ្នា ដែល​ឈ្នះ​ការ​មើល​ងាយ​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ណែនាំ​ឱ្យ​យើង​មើល​ឃើញ​ផ្លូវ​ថ្មី ផ្លូវ​នៃ​សេចក្តី​សុខសាន្ត ដែល​មាន​ឈ្មោះ​ថ្មី​ថា​សេចក្តី​ពិត។ មហា​ជន ទាហាន អ្នក​កាត់​ក្តី ដែល​បាន​ស្រែក​អស់​ពី​សមត្ថភាព​ថា “ឆ្កាង​ទៅ ឆ្កាង​ទៅ” ដែល​បាន​ស្អប់​ព្រះយេស៊ូ ដែល​បាន​វាយ​ព្រះយេស៊ូ ដែល​បាន​ជេរ​ប្រមាថ​ព្រះយេស៊ូ​អស់​ពី​កម្លាំង​កាយ​អស់​ពី​កម្លាំង​ចិត្ត នៅ​ពេល​ហ្នឹង​គេ​នាំ​គ្នា​មើល​ព្រះអង្គ​ដែល​គេ​បាន​ចាក់​នៅ​ក្នុង​ភាព​ស្ងៀម​ស្ងាត់។

ពិត​មែន ទោះបី​គេ​ចាប់​ព្រះយេស៊ូ​ដោយ​ប្រើ​អំពើ​ហិង្សា ទោះបី​គេ​កាត់​ក្តី​ព្រះយេស៊ូ​ភ្លាមៗ​ដោយ​អយុត្តិធម៌ ទោះបី​គេ​ឆ្កាង​ព្រះយេស៊ូ​ដោយ​ប្រើ​អំពើ​ហិង្សា​យ៉ាង​ខ្លាំង ណែនាំ​ឱ្យ​ព្រះយេស៊ូ​ឈឺ​ចាប់ ម្តាយ​របស់​ព្រះយេស៊ូ​ឈឺ​ចាប់ សាវ័ក​ជា​ទី​ស្រឡាញ់​របស់​ព្រះយេស៊ូ​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ ប៉ុន្តែ យប់​នេះ​ព្រះជាម្ចាស់​ត្រាស់​ហៅ​យើង ឱ្យ​យើង​សំលឹង​មើល​ព្រះយេស៊ូ​ដែល​គេ​ចាក់​ហើយ ឱ្យ​យើង​សំលឹង​មើល​ពិភព​លោក​នៅ​ក្នុង​របៀប​ថ្មី នៅ​ក្នុង​របៀប​ព្រះយេស៊ូ នៅ​ពេល​គេ​កាត់​ក្តី​និង​សម្លាប់​ព្រះយេស៊ូ។ មាន​ន័យ​ថា នៅ​ក្នុង​ភាព​ស្ងៀម​ស្ងាត់​ដែល​ណែនាំ​ឱ្យ​យើង​មើល​ឃើញ​សេចក្តី​ពិត នៅ​ក្នុង​រូប​កាយ​របស់​ព្រះយេស៊ូ​ដែល​ត្រូវ​រង​ទុក្ខ​លំបាក យើង​បាន​មើល​ឃើញ​យ៉ាង​ជាក់​ស្តែង អំពី​ជីវិត​ដែល​ហូរ​ចេញ​ដូច​ទឹក​និង​ឈាម។

បង​ប្អូន​ជា​ទី​ស្រឡាញ់ សព្វ​ថ្ងៃ​នៅ​ក្នុង​សតវត្ស​ទី​២១ ពិភព​លោក​របស់​យើង គ្រួសារ​របស់​យើង ជីវិត​របស់​យើង ពោរពេញ​ដោយ​ការ​ស្អប់​គ្នា ពោរពេញ​ដោយ​អំពើ​ហិង្សា ពោរពេញ​ដោយ​ការ​មើល​ងាយ។ ជួន​កាល ជីវិត​របស់​យើង​ដូច​ជា​បាន​បាត់​បង់​អត្ថន័យ​ទាំង​អស់ ជួន​កាល​យើង​ផ្ទាល់​ខ្លួន យើង​ជា​អ្នក​ដែល​ប្រើ​អំពើ​ហិង្សា យើង​ជា​អ្នក​ដែល​ច្រណែន​គេ យើង​ជា​អ្នក​ដែល​ណែនាំ​ឱ្យ​គេ​ឆ្កាង​ព្រះយេស៊ូ​ម្តង​ទៀត តាម​រយៈ​របៀប​រស់​នៅ​របស់​យើង​ជា​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ នៅ​ពេល​ហ្នឹង​យើង​បាន​មើល​មាគ៌ា​នៃ​សុខ​សន្តិភាព មាគ៌ា​នៃ​សេចក្តី​សុខ​សាន្ត គឺ​សេចក្តី​ពិត។

បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​ភាព​ស្ងៀម​ស្ងាត់​នៃ​ថ្ងៃ​សុក្រ​ពិសិដ្ឋ ដែល​យើង​ចាប់​ផ្តើម​ពី​ពេល​នេះ​ត​ទៅ ឱ្យ​យើង​សំលឹង​មើល​ព្រះយេស៊ូ​នៅ​លើ​ឈើ​ឆ្កាង។ ឱ្យ​យើង​សំលឹង​មើល​ព្រះអង្គ​ដែល​គេ​ចាក់ ឱ្យ​យើង​សំលឹង​មើល​ព្រះមហាក្សត្រ​ដែល​គេ​ឆ្កាង​នៅ​លើ​ឈើ​ឆ្កាង ឱ្យ​យើង​ស្តាប់​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ព្រះនាម​ថ្មី​នៃ​សុខ​សន្តិភាព​គឺ​សេចក្តី​ពិត។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

ការអប់រំសីលធម៌តាមបែបសាសនាជួយបង្ការនិងទប់ស្កាត់ការជួញដូរមនុស្សសម័យទំនើប

ព្រះសហគមន៍កាតូលិក​ រួមជាមួយសាសនា​ នានា​​ ចូលរួមទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស​  ២០​ សីហា​ ឆ្នាំ២០២៤​ ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា​ បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស​ សម័យឌីជីថល» នាថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០២៤​ នៅមជ្ឈមណ្ឌលសន្និបាត​ និងពិព័ណ៌អន្តរជាតិជ្រោយចង្វារ​ (OCIC)​ ដោយមានពិធីសូត្រធម៌​ និងអធិដ្ឋានបញ្ជូនសាររបស់សាសនានីមួយៗ។ ជំជួបរវាង​សាសនាក្នុងទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរមនុស្ស​ នៅថ្ងៃនេះ​ មាន​អ្នក​ចូលរួម​ប្រមាណជាង​២០០០នាក់ ដែលមានមេដឹកនាំ​សាសនា​ និងសាសនិក​ជាច្រើន​ដែលមាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​​ចូលរួម អាជ្ញាធរដែនដី

បិទខួប១៦០ឆ្នាំ គ្រីស្តបរិស័ទត្រូវបើកចិត្តគំនិតថ្មី

នាថ្ងៃទី​១៤ ខែ​ឧសភានេះ លោកអភិបាល​នៃព្រហសហគមន៍​ទាំង​បី​ភូមិភាគ​ក្នុងប្រទេស​កម្ពុជា បាន​ធ្វើ​ជា​អធិបតី ក្នុងពិធីបុណ្យ​បិទខួប​១៦០ឆ្នាំ​នៃ​ការ​បង្កើត​ព្រះសហគមន៍​អ្នកលឿងដែលស្ថិត​នៅ​ក្នុងភូមិ​៦ ឃុំព្រែកខ្សាយ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ដោយ​មាន​គ្រីស្តបរិស័ទ​ចូលរួម​ជា​ច្រើន​កុះករ​។ ក្នុងធម្មទេសនាក្នុងឱកាសនោះ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញមាន​ប្រសាសន៍ថា អស់រយៈកាល​ពេញ​មួយ​ឆ្នាំ​ដែល​គ្រីស្ត​បរិស័ទនៅទីនេះ បាន​ខិតខំ​អធិដ្ឋាន រិះគិត​ពិចារណាអំពីជំនឿ និង​នឹកឃើញ​អំពី​តួនាទីជាគ្រីស្តបរិស័ទ​។ លោក​អភិបាល​បាន​បន្ថែមថា យើង​មិន​ត្រឹមតែ​នឹក​ឃើញ​អំពី​ជីវិត​គ្រីស្តបរិស័ទ​ពីដើម តែ​យើងត្រូវ​នឹក​ឃើញ​អំពី​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​នាពេលបច្ចុប្បន្ន​នេះ ហើយ​ត្រូវ​សម្រេចចិត្ត​បន្ត​ថែរក្សាជំនឿ និង​សេចក្តីសង្ឃឹម ជា​ពិសេស​បន្ត​សម្ដែងធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់។ លោកថា ពិធី​បិទខួប​១៦០ឆ្នាំរបស់​ព្រះសហគមន៍នេះ​​

Subscribe to our newsletter

Don't miss new updates on your email