រាត្រី​បុណ្យ​ចម្លងធ្វើ​នៅ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹមចំការទៀង ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២២

“អព្ភូតហេតុនៃបុណ្យចម្លង”

អត្ថបទ​ទី​១៖ កិច្ចការគ្រីស្តទូត ១០,៣៤ក.៣៧-៤៣ ដ្បិត​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​ព្រះ‌អង្គ។ កក ១០,៣៨ អត្ថបទ​ទី​២៖ រ៉ូម ៦,៣ខ-១១ ​យើង​បាន​ជ្រមុជរួម​ជា​មួយ​ព្រះ‌អង្គ​ដែល​សោយ​ទិវង្គត។ រម ៦,៣ អត្ថបទ​ទី​៣៖ កូរិនថូសទី១ ៥,៦ខ-៨ យើង​ប្រើ​នំបុ័ង​ឥត​មេ​ជា​សញ្ញា​នៃ​ចិត្ត​បរិសុទ្ធ និង​ចិត្ត​ស្មោះ‌ត្រង់​របស់​យើង។ ១ករ ៥,៨ ដំណឹងល្អ៖ លូកា ២៤,១៣-៣៥ យេស៊ូ​យាង​មក​ជិត​គេ ហើយ​ធ្វើ​ដំណើរ​ជា​មួយ​គេ​ទៅ។ លក ២៤,១៥

ព្រះយេស៊ូ​គ្រីស្ត​មាន​ព្រះជន្ម​រស់​ឡើង​វិញ អាលេលូយ៉ា! អាលេលូយ៉ា!

អាលេលូយ៉ា​នេះ​មាន​ន័យ​ថា យើង​អបអរ​សាទរ យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ យើង​ពោរពេញ​ដោយ​កម្លាំង​ថ្មី ដោយសារ​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។

បង​ប្អូន​ជា​ទី​ស្រឡាញ់

យើង​បាន​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​៤០​ថ្ងៃ នៅ​ក្នុង​រដូវ​អប់រំ​ពិសេស ណែនាំ​ឱ្យ​យើង​គិត​យ៉ាង​ច្រើន​អំពី​ជីវិត​របស់​យើង។ ពេល​យើង​និយាយ​អំពី​៤០​ថ្ងៃ​គឺ​សម្រាប់​គ្រីស្ត​បរិស័ទ បង​ប្អូន​ថ្ងៃ​នេះ​ជាង​៤០​នាក់ ដែល​នឹង​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​ថ្ងៃ​នេះ មិន​មែន​ធ្វើ​ដំណើរ​តែ​៤០​ថ្ងៃ​ដើម្បី​កែប្រែ​ចិត្ត​គំនិត​។ ប៉ុន្តែ ពី​ប៉ុន្មាន​ឆ្នាំ​មក​ហើយ បាន​ចាប់​ផ្តើម​ស្គាល់​ព្រះសហគមន៍ ស្គាល់​គ្រីស្ត​បរិស័ទ ស្គាល់​បន្តិច​ម្តងៗ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ស្គាល់​ព្រះយេស៊ូ​ផ្ទាល់ រហូត​ដល់​បាន​ចាប់​ផ្តើម​សុំ​ធ្វើ​ជំហាន​ទី​១។ ដូច្នេះ ថ្ងៃ​នេះ​ជា​ពេល​វេលា​ដើម្បី​នឹក​ឃើញ​ដែរ តើ​នៅ​ពេល​ណា​យើង​បាន​ចូល​ព្រះសហគមន៍​លើក​ទី​១? តើ​នៅ​ពេល​ណា​យើង​ចាប់​ផ្តើម​ស្គាល់​គ្រីស្ត​បរិស័ទ​ម្នាក់? តើ​នៅ​ពេល​ណា​យើង​បាន​ចាប់​អារម្មណ៍​អំពី​ព្រះបន្ទូល​របស់​ព្រះយេស៊ូ? តើ​នៅ​ពេល​ណា​យើង​បាន​ចាប់​ផ្តើម​ស្តាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ដែល​មាន​ព្រះបន្ទូល​ដល់​យើង​ផ្ទាល់?

ដោយ​សារ​ថ្ងៃ​នេះ ជា​ថ្ងៃ​ដែល​យើង​ប្រមូល​ដំណើរ​របស់​យើង​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក ដូច​ប្រជា​រាស្ត្រ​អ៊ីស្រាអែល​ដែល​បាន​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​៤០​ឆ្នាំ នៅ​ក្នុង​វេលា​រហោ​ស្ថាន ដើម្បី​ទទួល​ដី​សន្យា​ដែល​ព្រះជាម្ចាស់​បាន​រៀប​ចំ​ឱ្យ។ នៅ​ថ្ងៃ​នេះ យើង​ទទួល​ព្រះបន្ទូល​សន្យា​របស់​ព្រះជាម្ចាស់ ដែល​មាន​ជា​មួយ​យើង​ម្នាក់ៗ “ថ្ងៃ​ណា​មួយ​ខ្ញុំ​ធ្វើ​ឱ្យ​កូន​ទៅ​ជា​បុត្រា​បុត្រី​របស់​ព្រះបិតា”។ ដូច្នេះ ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​មាន​សារៈ​សំខាន់​នៅ​ក្នុង​ជីវិត​របស់​យើង ដោយសារ​ថ្ងៃ​នេះ​យើង​មាន​ព្រះយេស៊ូ​ដែល​យាង​ចូល​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង។ បន្តិច​ទៀត នៅ​ពេល​ខ្ញុំ​ចាក់​ទឹក​លើ​ក្បាល​បង​ប្អូន មិន​មែន​ដូច​ចាក់​ទឹក​លើ​ក្បាល​សត្វ​ទា​ដែល​មិន​ចូល។ ប៉ុន្តែ ជា​ទឹក​ដែល​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ដោយសារ​ទឹក​នេះ​ជា​សញ្ញា​នៃ​ជីវិត​ថ្មី ទឹក​នេះ​ជា​សញ្ញា​ដែល​យើង​ចូល​នៅ​ក្នុង​ទឹក​ជា​មួយ​ព្រះយេស៊ូ​ដើម្បី​ស្លាប់ និង​ចេញ​ពី​ទឹក​ជា​មួយ​ព្រះយេស៊ូ​ដើម្បី​មាន​ជីវិត​អស់​កល្ប​ជានិច្ច។ ទឹក​នេះ​ជា​ទឹក​នៃ​អគ្គ​សញ្ញា អគ្គ​សញ្ញា​ជា​សញ្ញា​ពិសេស​ដែល​ថ្ងៃ​នេះ​យើង​ទទួល​ពី​ព្រះយេស៊ូ​គ្រីស្ត​ផ្ទាល់ ដើម្បី​ធ្វើ​ជា​បុត្រា​បុត្រី​របស់​ព្រះជាម្ចាស់ ដែល​ជា​ព្រះបិតា​របស់​យើង​ផ្ទាល់។ ហេតុ​នេះ​ហើយ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​ជីវិត​របស់​យើង​ទៅ​ជា​ជីវិត​ថ្មី មិន​មែន​ជា​ពាក្យ​លេងៗ គឺ​ជា​ជីវិត​ថ្មី​១០០%។

បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​អាច​និយាយ​បាន​ថា​ដំណើរ​ជីវិត​របស់​យើង ដែល​យើង​បាន​ចាប់​ផ្តើម​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ជា​មួយ​ព្រះយេស៊ូ ជា​រឿង​ស្នេហា​មួយ​ដែរ។ ប៉ុន្តែ ជា​រឿង​ស្នេហា​ដែល​ថ្ងៃ​នេះ​ទៅ​ជា​ស្នេហា​មហា​កំពូល ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​រឿង​ស្រឡាញ់​ជា​មួយ​ព្រះជាម្ចាស់។ យើង​ធ្លាប់​មាន​រឿង​ស្នេហា​រវាង​បុរស​និង​ស្រី្ត ដែល​មាន​ខ្លះ​បែក​គ្នា​ដោយសារ​ដៃ​គូ​មាន​ចិត្ត​សាវ៉ា ប៉ុន្តែ​ជា​មួយ​ព្រះយេស៊ូ​យើង​មិន​អាច​មាន​ចិត្ត​សាវ៉ា​បាន​ទេ។ ជា​មួយ​ព្រះយេស៊ូ​យើង​ស្រឡាញ់​ថ្ងៃ​នេះ យើង​ស្អប់​ថ្ងៃ​ស្អែក​មិន​បាន​ទេ ជា​មួយ​ព្រះយេស៊ូ​យើង​ភ្ជាប់​ថ្ងៃ​នេះ​ហើយ​លែង​ថ្ងៃ​ស្អែក​មិន​បាន​ទេ។ ថ្ងៃ​នេះ ជា​ថ្ងៃ​ពិសេស​បំផុត​នៅ​ក្នុង​ជីវិត​បង​ប្អូន​ដែល​ទទួល​ជីវិត​ថ្មី ជា​ជីវិត​ដែល​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​ខ្លួន​របស់​យើង នៅ​ក្នុង​ដង្ហើម​របស់​យើង នៅ​ក្នុង​សរសៃ​ឈាម​របស់​យើង នៅ​ក្នុង​សរសៃ​ជីវិត​របស់​យើង។ ជា​ត្រា​ដែល​មិន​អាច​លុប​បាន ជា​សាក់​ដែល​ជាប់​អស់​មួយ​ជីវិត​នៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់។

រូប​ដែល​ខ្ញុំ​បាន​ដាក់​ថ្ងៃ​នេះ ជា​រូប​ពិសេស ជា​រូប​ដែល​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​មុខ​ភ្នែក​របស់​យើង។ យើង​បាន​ឃើញ​ព្រះយេស៊ូ​ដែល​ចេញ​ពី​នរក ដោយសារ​ព្រះអង្គ​បាន​យាង​ទៅ​នរក​។ ប៉ុន្តែ មិន​មែន​ទៅ​នរក​(ស្ថាន​ក្រោម)​ដោយសារ​ព្រះយេស៊ូ​ពោរពេញ​ដោយ​អំពើ​បាប នៅ​ពេល​ព្រះយេស៊ូ​សោយ​ទិវង្គត​នៅ​ថ្ងៃ​សុក្រ ព្រះយេស៊ូ​បាន​ធ្វើ​ដំណើរ​ពី​ថ្ងៃ​សៅរ៍​ព្រឹក​នៅ​ក្នុង​ភាព​ងងឹត​នៃ​ជីវិត​របស់​មនុស្ស​លោក។ ព្រះយេស៊ូ​បាន​ទៅ​មើល​មនុស្ស​សុចរិត មនុស្ស​ដែល​បាន​កសាង​សុខ​សន្តិភាព មនុស្ស​ដែល​បាន​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​សួរ​គេ​ថា “តើ​អ្នក​ចង់​មាន​ជីវិត​អស់​កល្ប​ជានិច្ច​ជា​មួយ​ខ្ញុំ​ឬ​ទេ? តើ​អ្នក​ចង់​ឡើង​នៅ​ស្ថាន​បរម​សុខ​ជា​មួយ​ខ្ញុំ​ឬ​ទេ?” នៅ​ពេល​នោះ​ផ្នូរ​ដែល​បាន​បិទ​ជាប់​បាន​បើក​ចំហ។ យើង​បាន​ឃើញ​ព្រះយេស៊ូ​ដែល​ចាប់​ដៃ​របស់​លោក​អប្រាហាំ របស់​មនុស្ស​សុចរិត មនុស្ស​ដ៏​វិសុទ្ធ មនុស្ស​ដែល​បាន​ខិត​ខំ​អស់​មួយ​ជីវិត​ដើម្បី​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក មនុស្ស​ដែល​បាន​ខិត​ខំ​មាន​ចិត្ត​អាណិត​មេត្តា មនុស្ស​ដែល​បាន​ខិត​ខំ​លើក​លែង​ទោស​ឱ្យ ដើម្បី​ឱ្យ​គេ​ចេញ​ពី​ស្ថាន​ក្រោម​(ស្ថាន​នរក) ឡើង​ទៅ​ស្ថាន​លើ​(ស្ថាន​បរម​សុខ) ជា​មួយ​ព្រះជាម្ចាស់។

បង​ប្អូន​ជា​ទី​ស្រឡាញ់ នេះ​ជា​បទ​ពិសោធ​ដែល​យើង​ធ្វើ​ថ្ងៃ​នេះ​នៅ​ក្នុង​ជីវិត​របស់​យើង បទ​ពិសោធ​ដែល​យើង​មាន​ថ្ងៃ​នេះ​មាន​តែ​ម្តង​គត់។ នៅ​ពេល​យើង​ទទួល​ពិធី​ជ្រមុជ​ទឹក “ខ្ញុំ​ជ្រមុជ​ទឹក​ដោយ​នាម​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ” នៅ​ពេល​នោះ​យើង​ឆ្លើយ​ថា “អាម៉ែន”។ ពាក្យ “អាម៉ែន” មាន​ន័យ​ថា​ខ្ញុំ​ទទួល ខ្ញុំ​ឯកភាព ខ្ញុំ​ពោរពេញ​ដោយ​អំណរ​សប្បាយ ដោយសារ​ចាប់​ពី​ពេល​នេះ​ត​ទៅ​ជីវិត​ខ្ញុំ​លែង​ទៅ​ជា​ជីវិត​ធម្មតា។ ថ្ងៃ​នេះ ជា​ថ្ងៃ​ពិសេស​សម្រាប់​យើង​ដែល​ណែនាំ​ឱ្យ​យើង​ចាប់​ផ្តើម​ចាប់​ពី​ពេល​នេះ​ត​ទៅ ទៅ​ជា​គ្រីស្ត​បរិស័ទ​ដ៏​ពិត​ប្រាកដ ជា​គ្រីស្ត​បរិស័ទ​សកម្ម គ្រីស្ត​បរិស័ទ​ដែល​ជាប់​ជា​មួយ​ព្រះយេស៊ូ​ពិតៗ។ ហេតុ​នេះ​ហើយ ចាប់​ពី​ពេល​នេះ​ត​ទៅ​យើង​ត្រូវ​ដឹង​ថា យើង​មិន​ចូល​ព្រះវិហារ​យូរៗ​ម្តង​ទេ យើង​មិន​ស្រឡាញ់​គេ​យូរៗ​ម្តង​ទេ ប៉ុន្តែ​យើង​ជាប់​ជា​មួយ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ អភិបូជា​ដែល​យើង​មាន​រាល់​ថ្ងៃ​អាទិត្យ យើង​មិន​អាច​ខាន​បាន​ទេ ព្រោះ​ថា​ថ្ងៃ​អាទិត្យ​ជា​ថ្ងៃ​សីល​របស់​យើង​ជា​គ្រីស្ត​បរិស័ទ។ ថ្ងៃ​អាទិត្យ​ជា​ថ្ងៃ​ទី​៧ ដែល​ព្រះជាម្ចាស់​បាន​បង្កើត ដើម្បី​ឱ្យ​យើង​កោត​សរសើរ​ព្រះជាម្ចាស់ ដើម្បី​ឱ្យ​យើង​នឹក​ឃើញ​ព្រះជាម្ចាស់​ដែល​ស្រឡាញ់​យើង ដើម្បី​ឱ្យ​យើង​នឹក​ឃើញ​ព្រះជាម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ។

ចាប់​ពី​ពេល​នេះ​ត​ទៅ យើង​ចូល​នៅ​ក្នុង​ជីវិត​ថ្មី​រួម​ជា​មួយ​ព្រះយេស៊ូ ដែល​ណែនាំ​ឱ្យ​យើង​ធ្វើ​ដំណើរ​រហូត​ដល់​យើង​អាច​ឡើង​ស្ថាន​បរម​សុខ រហូត​ដល់​យើង​អាច​មាន​ជីវិត​អស់​កល្ប​ជានិច្ច។ ពេល​យើង​ប្អូនៗ​រៀប​ការ ទោះ​បី​ប្តី​ឬ​ប្រពន្ធ​យើង​មិន​មែន​ជា​គ្រីស្ត​បរិស័ទ យើង​ដឹង​ថា​កូន​របស់​យើង​ទៅ​ជា​សាវ័ក​របស់​ព្រះយេស៊ូ​នៅ​ថ្ងៃ​អនាគត។ យើង​ទទួល​បេសកកម្ម​មួយ​យ៉ាង​ពិសេស​បំផុត នៅ​ចំការ​ទៀង​នេះ​យើង​ជា​ព្រះសហគមន៍​ខ្មែរ ដូច្នេះ​យើង​ចូល​នៅ​ក្នុង​ពាក្យ​សន្យា​របស់​ព្រះជាម្ចាស់​ជា​មួយ​លោក​តា​អប្រាហាំ​ពី​ដើម “ខ្ញុំ​ណែនាំ​ឱ្យ​លោក​តា​អប្រាហាំ​មាន​កូន​ចៅ​យ៉ាង​ច្រើន”។ ដូច្នេះ បង​ប្អូន​អើយ​ដែល​ជា​កូន​ចៅ​របស់​លោក​តា​អប្រាហាំ ដែល​ជា​ម្ចាស់​ទឹក​ម្នាស់​ដី​នៅ​ក្នុង​មណ្ឌល​សកម្មភាព​តាកែវ​ទាំង​មូល យើង​ដឹង​ថា​យើង​មាន​តួនាទី​មួយ​ដូច​លោក​តា​អប្រាហាំ គឺ​ណែនាំ​ឱ្យ​បង​ប្អូន​ឯទៀតៗ ណែនាំ​ឱ្យ​គ្រួសារ​របស់​យើង​ចាក់​គ្រឹះ​យ៉ាង​ជ្រៅ ដើម្បី​ឱ្យ​ព្រះសហគមន៍​របស់​យើង​មាន​ជីវិត។ ប្រសិន​បើ​យើង​មិន​ចេះ​ស្រឡាញ់​ព្រះយេស៊ូ​នៅ​ថ្ងៃ​អនាគត ប្រសិន​បើ​យើង​លែង​ចាប់​អារម្មណ៍​អំពី​ព្រះសហគមន៍​នៅ​ថ្ងៃ​អនាគត ព្រះសហគមន៍​យើង​រលួយ​អស់​ហើយ​។ ប៉ុន្តែ ខ្ញុំ​ដឹង​ថា​យើង​ស្រឡាញ់​ព្រះយេស៊ូ ខ្ញុំ​ដឹង​យើង​ចង់​ធ្វើ​ដំណើរ​ជា​មួយ​ព្រះយេស៊ូ​ត​ទៅ​ទៀត​។

ដូច្នេះ យើង​ទាំង​អស់​គ្នា​ដែល​នៅ​ទី​នេះ​យើង​ជា​សេចក្តី​សង្ឃឹម​នៃ​ព្រះសហគមន៍ ប៉ុន្តែ​យើង​ជា​សេចក្តី​សង្ឃឹម​ថ្ងៃ​នេះ ថ្ងៃ​ស្អែក និង​អស់​កល្ប​ជានិច្ច។ ពិធី​ជ្រមុជ​ទឹក​យប់​នេះ ជា​ពិធី​មួយ​យ៉ាង​ពិសេស​ដែល​ណែនាំ​ឱ្យ​ព្រះសហគមន៍​របស់​យើង រីក​ចម្រើន​នៅ​ក្នុង​អំណរ​សប្បាយ។ រួម​ជា​មួយ​ព្រះយេស៊ូ​យើង​ធ្វើ​ដំណើរ រួម​ជា​មួយ​ព្រះយេស៊ូ​យើង​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ រួម​ជា​មួយ​ព្រះយេស៊ូ​យើង​ចេះ​លើក​លែង​ទោស​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក រួម​ជា​មួយ​ព្រះយេស៊ូ​យើង​ទៅ​ជា​មនុស្ស​ថ្មី ដែល​ចែក​អំណរ​សប្បាយ​ដល់​បង​ប្អូន​ឯទៀតៗ។ ដោយសារ អំណរ​សប្បាយ​របស់​យើង​គឺ​យើង​ដឹង​ថា​សេចក្តី​ស្លាប់ អំពើ​បាប ភាព​ងងឹត​មិន​មែន​ជា​ទី​បញ្ចប់។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​យើង​ស្លាប់​ហើយ​យើង​នឹង​រស់​ឡើង​វិញ នៅ​ពេល​យើង​ប្រព្រឹត្ត​អំពើ​បាប​ហើយ យើង​ដឹង​ថា​យើង​មាន​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ដែល​លើក​លែង​ទោស​ឱ្យ​យើង។ នៅ​ពេល​យើង​អស់​សង្ឃឹម យើង​ដឹង​ថា​យើង​នឹង​មាន​សេចក្តី​សង្ឃឹម​ត​ទៅ​ទៀត ដោយសារ​យើង​មាន​ព្រះយេស៊ូ​ជានិច្ច។ យើង​សង្ឃឹម​ថា​១០​ឆ្នាំ​ទៀត ១០០​ឆ្នាំ​ទៀត ១០០០​ឆ្នាំ​ទៀត នៅ​លើ​ទឹក​ដី​យើង យើង​មាន​កូន​ចៅ​របស់​យើង​ដែល​បន្ត​ជំនឿ​ត​ៗ​គ្នា ដើម្បី​ណែនាំ​ឱ្យ​បង​ប្អូន​យ៉ាង​ច្រើន​មាន​សេចក្តី​សុខ។ យើង​ឃើញ ថ្ងៃ​នេះ​ជា​មួយ​លោក​តា​លោក​យាយ យើង​ចូល​នៅ​ក្នុង​អំណរ​សប្បាយ​នៃ​ទំនាក់​ទំនង​រវាង​ពុទ្ធ​សាសនា​និង​គ្រីស្ត​សាសនា យើង​ជា​គ្រួសារ​តែ​មួយ​នៅ​ក្នុង​ទឹក​ដី​យើង​នៅ​ទី​នេះ។

យើង​អធិដ្ឋាន ដើម្បី​ឱ្យ​ព្រះសហគមន៍​របស់​យើង​ពោរពេញ​ដោយ​ជីវិត ដើម្បី​ឱ្យ​ព្រះសហគមន៍​របស់​យើង​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម។ ខ្ញុំ​សូម​អរ​ព្រះគុណ​ព្រះជាម្ចាស់ សម្រាប់​ជីវិត​របស់​បង​ប្អូន​ដែល​ថ្ងៃ​នេះ និង​បន្តិច​ទៀត​ឆ្លើយ “អាម៉ែន” ខ្ញុំ​ចង់​ទទួល​ជីវិត​ថ្មី ខ្ញុំ​ទទួល​ជីវិត​ថ្មី​នេះ​ហើយ​ខ្ញុំ​ពោរពេញ​ដោយ​អំណរ​សប្បាយ។ ដូច្នេះ យើង​ត្រូវ​តែ​អរ​ព្រះគុណ​ព្រះជាម្ចាស់ លើក​តម្កើង​ព្រះជាម្ចាស់​ដោយសារ​ពិត​មែន “ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ អាលេលូយ៉ាង អាលេលូយ៉ា”។ តួនាទី​របស់​យើង​មិន​ធម្មតា​ទេ ការ​ទទួល​ខុស​ត្រូវ​របស់​យើង​ក៏​មិន​ធម្មតា​ដែរ ធំ​ណាស់ ប៉ុន្តែ​យើង​ដឹង​ថា​អ្នក​ដែល​ទទួល​តួនាទី​យ៉ាង​ធំ​បាន​ទទួល​រង្វាន់​យ៉ាង​ធំ អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ធំ​បាន​ទទួល​រង្វាន់​យ៉ាង​ធំ។ ដូច្នេះ នេះ​ជា​សេចក្តី​សង្ឃឹម​របស់​យើង​ដើម្បី​តស៊ូ ដើម្បី​ទៅ​មុខ​ឱ្យ​ព្រះសហគមន៍​របស់​យើង និង​ជីវិត​របស់​យើង ពោរពេញ​ដោយ​សេចក្តី​សុខ​សាន្ត។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

ការអប់រំសីលធម៌តាមបែបសាសនាជួយបង្ការនិងទប់ស្កាត់ការជួញដូរមនុស្សសម័យទំនើប

ព្រះសហគមន៍កាតូលិក​ រួមជាមួយសាសនា​ នានា​​ ចូលរួមទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស​  ២០​ សីហា​ ឆ្នាំ២០២៤​ ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា​ បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស​ សម័យឌីជីថល» នាថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០២៤​ នៅមជ្ឈមណ្ឌលសន្និបាត​ និងពិព័ណ៌អន្តរជាតិជ្រោយចង្វារ​ (OCIC)​ ដោយមានពិធីសូត្រធម៌​ និងអធិដ្ឋានបញ្ជូនសាររបស់សាសនានីមួយៗ។ ជំជួបរវាង​សាសនាក្នុងទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរមនុស្ស​ នៅថ្ងៃនេះ​ មាន​អ្នក​ចូលរួម​ប្រមាណជាង​២០០០នាក់ ដែលមានមេដឹកនាំ​សាសនា​ និងសាសនិក​ជាច្រើន​ដែលមាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​​ចូលរួម អាជ្ញាធរដែនដី

បិទខួប១៦០ឆ្នាំ គ្រីស្តបរិស័ទត្រូវបើកចិត្តគំនិតថ្មី

នាថ្ងៃទី​១៤ ខែ​ឧសភានេះ លោកអភិបាល​នៃព្រហសហគមន៍​ទាំង​បី​ភូមិភាគ​ក្នុងប្រទេស​កម្ពុជា បាន​ធ្វើ​ជា​អធិបតី ក្នុងពិធីបុណ្យ​បិទខួប​១៦០ឆ្នាំ​នៃ​ការ​បង្កើត​ព្រះសហគមន៍​អ្នកលឿងដែលស្ថិត​នៅ​ក្នុងភូមិ​៦ ឃុំព្រែកខ្សាយ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ដោយ​មាន​គ្រីស្តបរិស័ទ​ចូលរួម​ជា​ច្រើន​កុះករ​។ ក្នុងធម្មទេសនាក្នុងឱកាសនោះ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញមាន​ប្រសាសន៍ថា អស់រយៈកាល​ពេញ​មួយ​ឆ្នាំ​ដែល​គ្រីស្ត​បរិស័ទនៅទីនេះ បាន​ខិតខំ​អធិដ្ឋាន រិះគិត​ពិចារណាអំពីជំនឿ និង​នឹកឃើញ​អំពី​តួនាទីជាគ្រីស្តបរិស័ទ​។ លោក​អភិបាល​បាន​បន្ថែមថា យើង​មិន​ត្រឹមតែ​នឹក​ឃើញ​អំពី​ជីវិត​គ្រីស្តបរិស័ទ​ពីដើម តែ​យើងត្រូវ​នឹក​ឃើញ​អំពី​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​នាពេលបច្ចុប្បន្ន​នេះ ហើយ​ត្រូវ​សម្រេចចិត្ត​បន្ត​ថែរក្សាជំនឿ និង​សេចក្តីសង្ឃឹម ជា​ពិសេស​បន្ត​សម្ដែងធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់។ លោកថា ពិធី​បិទខួប​១៦០ឆ្នាំរបស់​ព្រះសហគមន៍នេះ​​

Subscribe to our newsletter

Don't miss new updates on your email