រាត្រីបុណ្យចម្លងធ្វើនៅព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២

“កូន​ចៀម​របស់​ព្រះជាម្ចាស់​ប្រទាន​សុខ​សន្តិភាព”

អត្ថបទ​ទី​១៖ អេសាយ ១២,២.៤-៦ ខ្ញុំ​លែង​ភ័យ‌ខ្លាច​ទៀត​ហើយ ដ្បិត​ព្រះ‌អម្ចាស់​ជា​កម្លាំង​របស់​ខ្ញុំ។ អស ១២,២ អត្ថបទ​ទី​២៖ បារូក ៣,៩-១៥.៣២-៤,៤ តើ​នរណា​រក​ព្រះ​ដំណាក់ នៃ​ព្រះ‌ប្រាជ្ញា​ញាណ​ឃើញ? បារ ៣,១៥ អត្ថបទ​ទី​៣៖ អេសេគីអែល ៣៦,១៦-១៧ក.១៨-២៨ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ពី​គ្រប់​ស្រុក​នាំ​ត្រឡប់​មក​មាតុ‌ភូមិ​វិញ។ អគ ៣៦,២៤ ដំណឹងល្អ៖ លូកា ២៤,១-១២ ចូរ​នឹក​ចាំ​អំពី​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​ប្រាប់​អ្នក​រាល់​គ្នា។ លក ២៤,៦

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ ខ្ញុំ​សូម​ឆ្លៀត​ឱកាស​ដើម្បី​ស្វាគមន៍​ដល់​បង​ប្អូន​ទាំង​អស់ ដែល​បាន​ចូល​រួម​នៅ​ក្នុង​រាត្រី​ដ៏​ពិសេស​នេះ។ ពិសេស ដោយសារ​យើង​បាន​គោរព​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ យើង​មាន​បង​ប្អូន​៦​នាក់​ដែល​នឹង​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​យប់​នេះ។ ណែនាំ​ឱ្យ​យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ​រួម​ជា​មួយ​៦​នាក់​នៅ​ផ្សារតូច​នេះ និង​ជាង​៩០​នាក់​នៅ​ទូទាំង​ភូមិភាគ​ភ្នំពេញ ដែល​នឹង​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​ថ្ងៃ​នេះ​ឬ​ថ្ងៃ​ស្អែក។ យើង​មាន​អំណរ​សប្បាយ ដោយសារ​រយៈពេល​ពីរ​ឆ្នាំ​ដែល​យើង​ឥត​មាន​ឱកាស​ដើម្បី​ជួប​ជុំ​គ្នា​របៀប​នេះ ដោយសារ​ជំងឺ​កូវីដ-១៩។

រយៈ​ពេល​ពីរ​ឆ្នាំ​ដែល​យើង​បាន​ធ្វើ​នៅ​តាម​កន្លែង​យើង​ស្ងាត់ៗ ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ផ្លូវ​ការ​ដែល​យើង​មាន។ ដូច្នេះ ថ្ងៃ​នេះ​យើង​សប្បាយ​ចិត្ត​ដែល​មាន​បង​ប្អូន​បាន​ចូល​រួម​យ៉ាង​ច្រើន​កុះករ យើង​បាន​ឃើញ​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​គ្រីស្ត​បរិស័ទ​យើង​ជួប​ជុំ​គ្នា​នៅ​ក្នុង​អំណរ​សប្បាយ។ ទោះ​បី​ត្រូវ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ក៏​ដោយ យើង​ដឹង​ថា​យើង​ជា​គ្រីស្ត​បរិស័ទ​យើង​យក​ជំនឿ​របស់​យើង​ជា​អាទិភាព ដើម្បី​សុំ​ព្រះជាម្ចាស់​ធ្វើ​ដំណើរ​ជា​មួយ​យើង​នៅ​លើ​ផែនដី​នេះ។ “ឱ​កូន​ចៀម​របស់​ព្រះជាម្ចាស់ ដែល​ដក​បាប​នៃ​ពិភព​លោក សូម​ប្រទាន​សេចក្តី​សុខសាន្ត​ឱ្យ​យើង​ខ្ញុំ ខ្ញុំ​ទុក​សេចក្តី​សុខសាន្ត​ឱ្យ​អ្នក​រាល់​គ្នា ខ្ញុំ​ផ្តល់​សេចក្តី​សុខសាន្ត​របស់​ខ្ញុំ​ឱ្យ​អ្នក​រាល់​គ្នា អាលេលូយ៉ា អាលេលូយ៉ា ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ”។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ដំណឹង​ល្អ​ដែល​ចេញ​ពី​ដួង​ចិត្ត​របស់​យើង ចេញ​ពី​ជំនឿ​របស់​យើង​នៅ​ក្នុង​រាត្រី​នេះ ដែល​ជា​រាត្រី​នៃ​ជីវិត ណែនាំ​ឱ្យ​យើង​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ ដែល​ចាប់​ផ្តើម​ហើយ។ ពិត​មែន​ឆ្នាំ​នេះ យើង​បាន​គោរព​ពិធី​បុណ្យ​ចូល​ឆ្នាំ​តាម​ប្រពៃណី​ខ្មែរ ស្រប​ពេល​ដែល​យើង​ចូល​នៅ​ក្នុង​អាថ៌​កំបាំង​ដ៏​អស្ចារ្យ​របស់​ព្រះជាម្ចាស់ ដែល​សោយ​ទិវង្គត​និង​យប់​នេះ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ នៅ​ពេល​ព្រះយេស៊ូ​បាន​សោយ​ទិវង្គត នៅ​ពេល​ព្រះយេស៊ូ​បាន​ណែនាំ​យប់​នេះ​ឱ្យ​ឈ្នះ​សេចក្តី​ស្លាប់ ឈ្នះ​អំពើ​បាប ពិត​មែន​បេះដូង​របស់​យើង ខ្លួន​របស់​យើង ពោរពេញ​ដោយ​អំណរ​សប្បាយ ដើម្បី​ទទួល​ស្វាគមន៍​ព្រះពរ​ពី​ព្រះជាម្ចាស់។ ព្រះជាម្ចាស់​ដែល​ជា​ព្រះជាម្ចាស់​នៃ​ជីវិត ព្រះជាម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ ដើម្បី​ឱ្យ​ឆ្នាំ​ថ្មី​នេះ​ទៅ​ជា​ឆ្នាំ​ដែល​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម​សាជាថ្មី។ យប់​នេះ ដួង​ចិត្ត​របស់​យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ ដោយសារ​យើង​មាន​បេក្ខជន​ជិត​១០០​នាក់ ដែល​នឹង​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​ក្នុង​ភូមិភាគ​ភ្នំពេញ​។

ពីរ​ឆ្នាំ​កន្លង​មក ដែល​យើង​បាន​ជួប​ជុំ​គ្នា​យ៉ាង​ស្ងៀម​ស្ងាត់ យប់​នេះ​ដូច​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​សន្យា​ដល់​លោក​ម៉ូសេ និង​ប្រជារាស្ត្រ​អ៊ីស្រាអែល​ពី​ដើម យប់​នេះ​ជីវិត​បាន​ផុស​ឡើង ដើម្បី​ណែនាំ​ឱ្យ​យើង​រស់​នៅ​ក្នុង​សេចក្តី​សង្ឃឹម​សាជាថ្មី។ ពិត​មែន ពីរ​ឆ្នាំ​កន្លង​មក​យើង​បាន​ដើរ​ក្នុង​វាល​រហោ​ស្ថាន ថ្មីៗ​នេះ​យើង​បាន​បញ្ចប់​៤០​ថ្ងៃ​នៅ​ក្នុង​រដូវ​អប់រំ​ពិសេស ដើម្បី​ឱ្យ​យប់​នេះ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង នៅ​ក្នុង​ជំនឿ​របស់​យើង យើង​អាច​ច្រៀង​កោត​សរសើរ “អាលេលូយ៉ា អាលេលូយ៉ា ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ អាលេលូយ៉ា អាលេលូយ៉ា”។

ព្រះយេស៊ូ​បាន​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង ព្រះយេស៊ូ​ដែល​ជា​មនុស្ស​សុចរិត ប៉ុន្តែ​ព្រះយេស៊ូ​ដែល​ជា​មនុស្ស​សុចរិត​ហើយ​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង ជា​សេចក្តី​សង្ឃឹម​របស់​យើង និង​ទៅ​ជា​មាគ៌ា​នៃ​សន្តិភាព​សម្រាប់​យើង។ ពិត​មែន គ្រប់​ពេល​ដែល​យើង​ថ្វាយ​អភិបូជា​យើង​អធិដ្ឋាន​ទូល​អង្វរ “ឱ​កូន​ចៀម​របស់​ព្រះជាម្ចាស់ ដែល​ដក​បាប​នៃ​ពិភព​លោក សូម​ប្រទាន​សេចក្តី​សុខ​សាន្ត​ឱ្យ​យើង​ខ្ញុំ”។ យើង​ស្តាប់​ម្តង​ហើយ​ម្តង​ទៀត ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ដែល​មាន​ព្រះបន្ទូល​ដល់​ក្រុម​គ្រីស្ត​ទូត។ ជា​ពិសេស​នៅ​ពេល​ព្រះយេស៊ូ​ចាប់​ផ្តើម​បង្ហាញ​ខ្លួន នៅ​ពេល​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ “ខ្ញុំ​ទុក​សេចក្តី​សុខ​សាន្ត​ឱ្យ​អ្នក​រាល់​គ្នា ខ្ញុំ​ផ្តល់​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ឱ្យ​អ្នក​រាល់​គ្នា”។ ពិត​មែន ព្រះយេស៊ូ​ប្រទាន​សេចក្តី​សុខ​សាន្ត​តាមរយៈ​ព្រះកាយ​ព្រះគ្រីស្ត ពិត​មែន​ព្រះយេស៊ូ​អញ្ជើញ​យើង​ឱ្យ​យើង​ទទួល​ស្វាគមន៍​សេចក្តី​សុខ​សាន្ត​នៅ​ក្នុង​ជីវិត​របស់​យើង និង​ឱ្យ​យើង​ចែក​រំលែក​សេចក្តី​សុខ​សាន្ត​រវាង​គ្នា​នឹង​គ្នា និង​ដល់​បង​ប្អូន​ឯទៀតៗ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​យប់​នេះ​ដែល​យើង​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង សូម​ឱ្យ​យើង​រឹង​មាំ​នៅ​ក្នុង​ជំនឿ ឱ្យ​យើង​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម។ ដោយ​ដឹង​ថា ព្រះជាម្ចាស់​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត​បាន​ប្រទាន​សេចក្តី​សុខ​សាន្ត​ដ៏​ពេញ​លក្ខណៈ និង​អញ្ជើញ​យើង​ឱ្យ​យើង​ទៅ​ជា​សាវ័ក​ដែល​ប្រកាស​អំពី​សេចក្តី​សុខ​សាន្ត​ដល់​បង​ប្អូន​នៅ​លើ​ពិភព​លោក​ទាំង​មូល។ សព្វ​ថ្ងៃ សង្រ្គាម ទុក្ខ​លំបាក​នៅ​ក្នុង​ពិភព​លោក​របស់​យើង​ក៏​មាន​ច្រើន ប៉ុន្តែ​យើង​ដឹង​ថា​សង្រ្គាម​នោះ ទុក្ខ​លំបាក​នោះ មិន​មែន​ជា​ពាក្យ​ចុង​ក្រោយ​បំផុត។ ផ្ទុយ​ទៅ​វិញ នៅ​ក្នុង​យប់​នេះ​យើង​បាន​ឃើញ​ភ្លើង​នៃ​សេចក្តី​ស្រឡាញ់ យើង​បាន​ស្តាប់​ព្រះបន្ទូល​នៃ​ជីវិត។ បន្តិច​ទៀត ខ្ញុំ​នឹង​ប្រសិទ្ធី​ពរ​លើ​ទឹក​នៃ​ជីវិត​អស់​កល្ប​ជានិច្ច ដែល​ណែនាំ​ឱ្យ​យើង​ទទួល​ស្វាគមន៍​សេចក្តី​សុខ​សាន្ត​ដ៏​ពេញ​លក្ខណៈ នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង។ ណែនាំ​ឱ្យ​យើង​ដឹង​ថា មាន​តែ​សេចក្តី​សុខ​សាន្ត​ដែល​អាច​ឈ្នះ​សេចក្តី​ស្លាប់ ឈ្នះ​សង្រ្គាម ឈ្នះ​ទុក្ខ​លំបាក​ទាំង​ឡាយ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ យប់​មិញ​ព្រះយេស៊ូ​បាន​ចុះ​ទៅ​ស្ថាន​ក្រោម​នៅ​ក្នុង​នរក ព្រះយេស៊ូ​បាន​ចូល​នៅ​ក្នុង​ភាព​ងងឹត​នៃ​សេចក្តី​ស្លាប់។ នៅ​ពេល​នេះ ព្រះយេស៊ូ​បាន​បើក​ទ្វារ​នៃ​ផ្នូរ​ដើម្បី​ទាក់​ទាញ​មនុស្ស​សុចរិត​ទាំង​អស់ ទាក់​ទាញ​មនុស្ស​ដែល​បាន​កសាង​សុខ​សន្តិភាព ដោយ​រស់​នៅ​ក្នុង​ភាតរភាព។ ទាក់​ទាញ​មនុស្ស​ដែល​ស្រឡាញ់​ព្រះជាម្ចាស់ ដែល​ស្រឡាញ់​បង​ប្អូន​ឯទៀតៗ ចេញ​ពី​ភាព​ងងឹត ដើម្បី​រស់​នៅ​ជា​មួយ​ព្រះជាម្ចាស់​នៅ​លើ​ផែនដី​នេះ នៅ​ស្ថាន​បរម​សុខ​នៅ​ខាង​មុខ​នេះ។ សម្រាប់​បង​ប្អូន​ដែល​សុំ​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក បង​ប្អូន​ដឹង​ថា​យប់​នេះ​ព្រះជាម្ចាស់​ផ្ទាល់​យាង​មក​នៅ​ក្នុង​ភាព​ងងឹត​នៃ​អំពើ​បាប​របស់​យើង ដើម្បី​ឱ្យ​យើង​រស់​ឡើង​វិញ​ជា​មួយ​ព្រះយេស៊ូ​។ ពិត​មែន ៤០​ថ្ងៃ​ដែល​យើង​បាន​យក​ចិត្ត​ទុក​ដាក់​កែ​ប្រែ​ចិត្ត​គំនិត ដែល​យើង​បាន​យក​ចិត្ត​ទុក​ដាក់​ទទួល​ស្គាល់​អំពើ​បាប​របស់​យើង បាន​ណែនាំ​ឱ្យ​យើង​ភ្លក់​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង គឺ​អំពី​សេចក្តី​ស្រឡាញ់​ដ៏​ធំធេង​របស់​ព្រះជាម្ចាស់​សម្រាប់​យើង។ យប់​នេះ យើង​មាន​បទ​ពិសោធន៍​អំពី​ព្រះយេស៊ូ​ដែល​ប្រទាន​ជីវិត​អស់​កល្ប​ជានិច្ច​ដល់​យើង។

អ្នក​ម្តាយ​តេរេសា ដែល​ជា​សន្តី​នៃ​សន្តិភាព តែង​តែ​មាន​ប្រសាសន៍​ថា “សុខ​សន្តិភាព​ដ៏​ពិត​ប្រាកដ ចាប់​ផ្តើម​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​យើង​សិន”។ ហេតុ​នេះ​ហើយ កុំ​ឱ្យ​យើង​ឈរ​នៅ​ក្បែរ​ផ្នូរ​ទទេ ឱ្យ​យើង​រត់​ដល់​ទី​ក្រុង​យេរូសាឡឹម ដែល​ជា​ភូមិ​របស់​យើង ផ្ទះ​របស់​យើង គ្រួសារ​របស់​យើង ព្រះសហគមន៍​របស់​យើង ព្រះវិហារ​របស់​យើង ទំនាក់​ទំនង​ដែល​យើង​បង្កើត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដើម្បី​រស់​នៅ​យ៉ាង​ជាក់​ស្តែង​នៅ​ក្នុង​ជីវិត​ដ៏​សុខសាន្ត ដែល​យើង​ទទួល​យប់​នេះ​នៅ​ក្នុង​ព្រះយេស៊ូ ដែល​ជា​ប្រភព​នៃ​សេចក្តី​សុខ​សាន្ត​គ្រប់​យ៉ាង។ ឱ្យ​យើង​មាន​បទ​ពិសោធន៍​នៃ​ភាព​កក់​ក្តៅ ដែល​ចូល​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង​ដូច​ពី​ដើម ក្រុម​សាវ័ក​ដែល​ធ្វើ​ដំណើរ​ទៅ​ភូមិ​អេម៉ាអូស នៅ​ពេល​គេ​ឃើញ​ព្រះយេស៊ូ​ដែល​កំពុង​កាច់​នំបុ័ង។ ឱ្យ​យើង​ពោរពេញ​ដោយ​កម្លាំង​កាយ​កម្លាំង​ចិត្ត​ដូច​ក្រុម​គ្រីស្ត​ទូត​ពី​ដើម នៅ​ពេល​ព្រះយេស៊ូ​យាង​មក​និង​បង្ហាញ​ខ្លួន បង្ហាញ​ស្នាម​របួស​ឱ្យ​គេ​ឃើញ “ខ្ញុំ​មិន​ស្លាប់​ទេ ខ្ញុំ​គង់​នៅ​ជា​មួយ​បង​ប្អូន​ជានិច្ច”។ កុំ​ឱ្យ​យើង​ដេក​លក់ ដោយ​មើល​ឃើញ​តែ​អ្វី​ដែល​សំខាន់​សម្រាប់​យើង ជួន​កាល​ណែនាំ​ឱ្យ​ជំនឿ​របស់​យើង​ចង្អៀត​ចង្អល់។ ជួល​កាល​យើង​រស់​នៅ​ក្នុង​ភាព​អាត្មា​និយម ដែល​ណែនាំ​ឱ្យ​យើង​គិត​យ៉ាង​ស្រួល​បំផុត។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ឱ្យ​យើង​មាន​សំណួរ​ដែល​សំខាន់​បំផុត​ថា ប្រសិន​បើ​ថ្ងៃ​នេះ យើង​ទាំង​អស់​គ្នា​យើង​មិន​មែន​ជា​សាវ័ក​នៃ​សុខ​សន្តិភាព យើង​មិន​មែន​ជា​គ្រីស្ត​ទូត​នៃ​សេចក្តី​សុខ​សាន្ត តើ​អ្នក​ណា​អាច​ធ្វើ​ជា​អ្នក​កសាង​សេចក្តី​សុខ​សាន្ត​លើ​ផែនដី​នេះ? បង​ប្អូន​ជា​ទី​ស្រឡាញ់ ប្រសិន​បើ​ថ្ងៃ​នេះ​យើង​មិន​មែន​ជា​អ្នក​ដែល​កសាង​សុខ​សន្តិភាព តើ​មាន​អ្វី​នឹង​កើត​ឡើង​នៅ​ពេល​យើង​ស្លាប់​ថ្ងៃ​ខាង​មុខ​នេះ?

ប៉ុន្មាន​អាទិត្យ​មុន​សម្តេច​ប៉ាប យ៉ូហាន​ទី​២៣ ទទួល​មរណៈភាព នៅ​ថ្ងៃ​ព្រហស្បតិ៍​ពិសិដ្ឋ​ពី​យូរ​ឆ្នាំ​ហើយ សម្តេច​ប៉ាប យ៉ូហាន​ទី​២៣ បាន​ចុះ​ហត្ថលេខា​លើ​សារ​លិខិត​មួយ​ដ៏​សំខាន់​បំផុត។ ជា​សារ​លិខិត​ចុង​ក្រោយ​របស់​ព្រះអង្គ ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​ព្រះហស្ដ​ញ័រៗ ដោយសារ​ទ្រង់​ជិត​សោយ​ទិវង្គត​ហើយ។ សារ​លិខិត​នោះ​មាន​ចំណង​ជើង​ថា “សុខ​សន្តិភាព​នៅ​លើ​ផែនដី” នៅ​ក្នុង​លិខិត​នេះ​សម្តេច​ប៉ាប​ដូច​ជា​បាន​ស្រែក​អស់​ពី​ដួង​ចិត្ត អស់​ពី​កម្លាំង​កាយ​កម្លាំង​ចិត្ត ដើម្បី​ឱ្យ​សុខ​សន្តិភាព​យាង​មក​នៅ​លើ​ផែនដី។ នៅ​ពេល​នោះ ពិភព​លោក​កំពុង​មាន​សង្រ្គាម​ត្រជាក់​ខ្លាំង​ទៅៗ ហើយ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ក៏​កើត​មាន​សង្រ្គាម​ពិភព​លោក​លើក​ទី​២។

សព្វ​ថ្ងៃ យើង​ចូល​នៅ​ក្នុង​សតវត្ស​ទី​២១ ប៉ុន្មាន​សប្តាហ៍​កន្លង​មក​យើង​បាន​លឺ យើង​បាន​ឃើញ​តាម​រយៈ​ព័ត៌មាន ប្រហែល​ជិត​ដល់​ថ្ងៃ​ដែល​មាន​សង្រ្គាម​ពិភព​លោក​លើក​ទី​៣។ ធ្វើ​ដូច​ម្តេច​ឱ្យ​សង្រ្គាម​មួយ​ទៀត​កើត​ឡើង​នៅ​លើ​ពិភព​លោក​របស់​យើង យើង​បាន​អធិដ្ឋាន​ថ្វាយ​ពិភព​លោក​ដល់​ព្រះនាង​ម៉ារី នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២២​នេះ។ យើង​អធិដ្ឋាន​ហើយ​អធិដ្ឋាន​ទៀត ដើម្បី​សុខ​សន្តិភាព ដូច្នេះ​យប់​នេះ​ដែល​យើង​មើល​ឃើញ​ព្រះអម្ចាស់​ដែល​ជា​ព្រះអម្ចាស់​នៃ​សុខ​សន្តិភាព យាង​ចូល​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់ អស់​ពី​កម្លាំង​កាយ អស់​ពី​កម្លាំង​ចិត្ត អស់​ពី​ជំនឿ ដើម្បី​ឱ្យ​យើង​ទៅ​ជា​គ្រីស្ត​ទូត​នៃ​សុខ​សន្តិភាព​នៅ​ក្នុង​ជីវិត​របស់​យើង។ យប់​នេះ ឱ្យ​យើង​ទទួល​ស្វាគមន៍​ថែម​ទៀត តាមរយៈ​ទឹក​ព្រះពរ តាមរយៈ​ព្រះកាយ​ព្រះគ្រីស្ត សុខ​សន្តិភាព​ដែល​ចេញ​ពី​ឈើ​ឆ្កាង​របស់​ព្រះយេស៊ូ។ ឱ្យ​យើង​អធិដ្ឋាន​ទូល​អង្វរ​ថែម​ទៀត “ឱ​កូន​ចៀម​របស់​ព្រះជាម្ចាស់ ដែល​ដក​បាប​នៃ​ពិភព​លោក សូម​ប្រទាន​សេចក្តី​សុខ​សាន្ត​ឱ្យ​យើង​ខ្ញុំ”។ នៅ​ក្នុង​រដូវ​បុណ្យ​ចម្លង​នេះ ដែល​ចាប់​ផ្តើម​ពី​ពេល​នេះ​ត​ទៅ កុំ​ឱ្យ​យើង​ធុញ​ដែល​ស្តាប់​ម្តង​ហើយ​ម្តង​ទៀត “ខ្ញុំ​ទុក​សេចក្តី​សុខ​សាន្ត​ឱ្យ​អ្នក​រាល់​គ្នា ខ្ញុំ​ផ្តល់​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ឱ្យ​អ្នក​រាល់​គ្នា”។ នេះ​ជា​អ្វី​ដែល​យើង​ទទួល​យប់​នេះ ទៅ​ជា​សាវ័ក​នៃ​សេចក្តី​សុខ​សាន្ត នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត​ដែល​ជា​ប្រភព​នៃ​ជីវិត ដែល​ជា​ប្រភព​នៃ​សេចក្តី​សុខ​សម្រាប់​ពិភព​លោក​ទាំង​មូល។

ទី​បញ្ចប់ ខ្ញុំ​សូម​អធិដ្ឋាន​តាម​សន្ត​យ៉ូហាន​ទី​២៣ ដែល​ជម្រុញ​យើង​ជា​គ្រីស្ត​បរិស័ទ ដែល​ណែនាំ​ឱ្យ​អ្នក​ដឹក​នាំ​ប្រទេស​នីមួយៗ​គិត​អំពី​សេចក្តី​សុខ​សាន្ត និង​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត​ដែល​ឈ្នះ​សង្រ្គាម ដែល​ឈ្នះ​ភាព​ងងឹត។

នៅ​ក្នុង​ពាក្យ​អធិដ្ឋាន​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖

ពិត​មែន ព្រះសង្រ្គោះ​បាន​ប្រទាន​សេចក្តី​សុខ​សាន្ត និង​យើង​ត្រូវ​តែ​ទូល​អង្វរ​ព្រះអង្គ​នៅ​ក្នុង​ការ​អធិដ្ឋាន​របស់​យើង។

ឱ​ព្រះអម្ចាស់​អើយ! សូម​ប្រទាន​សេចក្តី​សុខ​សាន្ត​ដល់​ពិភព​លោក សូម​បណ្ដេញ​អំពើ​ហិង្សា ការ​ស្អប់​គ្នា ពី​ដួង​ចិត្ត​របស់​យើង។ ផ្ទុយ​ទៅ​វិញ កែ​ប្រែ​ចិត្ត​គំនិត​របស់​មនុស្ស​ទាំង​អស់ ឱ្យ​មនុស្ស​ទាំង​អស់​ទៅ​ជា​សាក្សី​នៃ​សេចក្តី​ពិត ជា​សាក្សី​នៃ​យុត្តិធម៌ ជា​សាក្សី​នៃ​សេចក្តី​ស្រឡាញ់​នៅ​ក្នុង​ភាតរភាព ដោយសារ​យើង​ជា​បង​ប្អូន​គ្នា។

ឱ​ព្រះអម្ចាស់​អើយ! សូម​បំភ្លឺ​ប្រជារាស្ដ្រ​នីមួយៗ និង​ជា​ពិសេស​សូម​បំភ្លឺ​អ្នក​ដឹក​នាំ​ប្រជារាស្ត្រ​នីមួយៗ ឱ្យ​ចេះ​តែ​គិត​អំពី​ផល​ប្រយោជ​រួម ដើម្បី​ណែនាំ​ឱ្យ​ប្រជា​រាស្ត្រ​នីមួយៗ និង​ពិភព​លោក​ទាំង​មូល​រស់​នៅ​ក្នុង​សុខ​សន្តិភាព។

ឱ​ព្រះអម្ចាស់​អើយ! សូម​ឱ្យ​ព្រះយេស៊ូ​គ្រីស្ត​ដែល​ណែនាំ​ឱ្យ​បេះដូង​ឆេះ​នៅ​ក្នុង​ភ្លើង​នៃ​សេចក្តី​ស្រឡាញ់ ណែនាំ​ឱ្យ​អ្វីៗ​ទាំង​អស់​ដែល​ណែនាំ​ឱ្យ​យើង​កសាង​ជញ្ជាំង ណែនាំ​ឱ្យ​យើង​បាក់​បែក​គ្នា ណែនាំ​ឱ្យ​យើង​ឆ្ងាយ​ពី​គ្នា ធ្វើ​ឱ្យ​យើង​ទៅ​ជា​អង្គ​តែ​មួយ​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត ឱ្យ​យើង​យល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ឱ្យ​យើង​ចេះ​លើក​លែង​ទោស​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

ហេតុ​នេះ​ហើយ នៅ​ក្នុង​ព្រះអំណោយ​ទាន​របស់​ព្រះជាម្ចាស់ ប្រជារាស្ត្រ​ទាំង​អស់​នៅ​លើ​ផែនដី​នេះ អាច​ទៅ​ជា​មហា​គ្រួសារ​តែ​មួយ និង​ណែនាំ​ឱ្យ​សុខ​សន្តិភាព​ផុស​ឡើង​ដូច​ផ្កា​ទាំង​ឡាយ​នៅ​លើ​ផែន​ដី។ អាលេលូយ៉ាង អាលេលូយ៉ា។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ឱ្យ​យើង​ចែក​សញ្ញា​សម្គាល់​នៃ​សេចក្តី​សុខ​សាន្ត ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ។ ដោយសារ​យប់​នេះ នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ យើង​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ដ៏​ពេញ​លក្ខណៈ។

ព្រះយេស៊ូ​គ្រីស្ត​មាន​ព្រះជន្ម​រស់​ឡើង​វិញ អាលេលូយ៉ា! អាលេលូយ៉ា!

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

បេក្ខជន​ត្រៀម​ជ្រមុជទឹក​ក្នុងភូមិភាគ​ភ្នំពេញ​មាន​ជាង​១០០នាក់

មនុស្ស​ពេញ​វ័យ​ចំនួន​១២៧ នាក់​បាន​ទទួល​ពិធី​ត្រាស់ហៅ​ឲ្យទទួល​ពិធី​ជម្រុជទឹក​ពី​លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ កាលពីថ្ងៃទី​៨ ខែ​មីនាកន្លងទៅ នៅ​ព្រះវិហារ​សន្តសិលា និង​សន្ត​ប៉ូល ភ្នំពេញថ្មី នារាជធានីភ្នំពេញ។ ពិធី​ត្រាស់ហៅនេះ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​អនុញ្ញាត​ឲ្យ​បេក្ខជន​ដែល​បាន​សិក្សា​អំពី​ជំនឿ​អាច​ទទួល​អគ្គសញ្ញាជ្រមុជទឹក​ក្នុង​ឱកាស​បុណ្យ​ចម្លង​ខាង​មុខនេះ។ មុន​ចាប់​ផ្តើម​ពិធី​​នេះ លោកអភិបាល​អូលីវីយ៉េ បាន​អប់រំ​ណែនាំ​ដល់​បេក្ខជន​ទាំង​អស់ ដោយ​ផ្តោ​ត​សំខាន់​លើ​​ «ការរួម​ស្លាប់​និង​រួម​រស់ជាមួយព្រះយេស៊ូ​»។ លោក​បញ្ជាក់​ថា ពេល​យើង​ចូល​ទៅ​ក្នុងទឹក ឬ​ចាក់ទឹក​លើក្បាល នោះ​បង្ហាញថា «យើង​ជា​មនុស្ស​ថ្មី» ហើយ​ពេល​នោះ​ដែរ លោក​បូជាចារ្យ​លាប​ប្រេង​ឲ្យយើង

យុវជនរួមដំណើរឆ្ពោះទៅក្តីសង្ឃឹម

ការិយាល័យ​យុវជន ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ​បាន​រៀបចំ​កម្មវិធី​បូជនីយចរ​ប្រចាំ​ឆ្នាំ​ដែល​មាន​យុវជន​ចូលរួម​ចំនួន​៣០០នាក់​ លោក​បូជាចារ្យ និង​បព្វជិត-ជិតា ចូលរួម​ក្រោម​ប្រធាន​បទ បូជនីយេសក៏​ឆ្ពោះទៅសេចក្តីសង្ឃឹម ធ្វើ​នៅ​ព្រះសហគមន៍​ដាក់ដំាំ និងប៊ូស្រា​ ក្នុង​ខេត្ត​មណ្ឌល​គិរី​ ដែលមាន​​​បងប្អូន​ជនជាតិដើម​ភាគ​តិច​ព្នងរស់នៅ កាលពីថ្ងៃទី​២៨​ដល់​ថ្ងៃទី​០២ ខែ​មីនា​កន្លងទៅ។ លោក​ស៊ាន់ សារឿន ប្រធាន​ការិយាល័យ​យុវជន​ ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ មាន​ប្រសាសន៍​ថា កម្មវិធីនេះ បាន​រឿបចំ​ឡើង​រយៈ១៤​ឆ្នាំ​មក​ហើយ គឺ​នៅ​តាំងពី​ឆ្នាំ​២០១០។ លោក​បន្ថែម​ថា កម្មវិធី​នេះ គឺ​​ដើម្បីឲ្យយុវជនមានឱកាសបង្ហាញអំពីជំនឿ និងមានពេលវេលាដើម្បីធ្វើដំណើររួមគ្នា ចែករំលែកបទពិសោធន៍អំពី​​ការបម្រើរបស់ពួកគេនៅតាមព្រះសហគមន៍នីមួយៗ

ក្រុមពិធីបុណ្យអន្តរភូមិភាគនឹងចងក្រងពិធី អគ្គសញ្ញាអាពាហ៍ពិពាហ៍

ការិយាល័យពិធីបុណ្យអន្តរភូមិភាគ បាន​រៀបចំ​សិក្ខាសាលាស្តីអំពី «អគ្គសញ្ញាអាពាហ៍ពិពាហ៍» ដែលមានការចូលរួមពីលោកអភិបាល លោកបូជាចារ្យ ដូនជី និងគ្រីស្តបរិស័ទប្រមាណ៧០នាក់ មកពីព្រះសហគមន៍ទាំង៣ភូមិភាគ នាថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងសិក្សាអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ និងក្បួនប្រារព្ធពិធី​​តាមច្បាប់ព្រះសហគមន៍កាតូលិក និងតាមប្រពៃណីខ្មែរ។ លោកអភិបាល សិលា សួន ហង្សលី ទទួលបន្ទុកការិយាល័យពិធីបុណ្យអន្តរភូមិភាគបានឲ្យដឹងថា សិក្ខាសាលានេះមានគោលបំណងចង់ឲ្យលោកឪពុក បងប្រុស បងស្រី ព្រមទាំងតំណាងគ្រីស្តបរិស័ទយើងមានឱកាសជួបជុំគ្នាដើម្បីរិះគិតពិចារណាឡើងវិញអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ដែលយើងប្រារព្ធក្នុងព្រះសហគមន៍កាតូលិក ដោយសារការិយាល័យពិធីបុណ្យចង់ធ្វើសៀវភៅសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍នេះឲ្យបានសមរម្យ

Subscribe to our newsletter

Don't miss new updates on your email