អភិបូជាអរព្រះគុណព្រះជាម្ចាស់ធ្វើនៅព្រះសហគមន៍សន្តីម៉ារីញញឹមចំការទៀង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២

“ធ្វើ​ដំណើរ​ជា​មួយ​គ្នា​នៅ​ក្នុង​សេចក្តី​ស្រឡាញ់”

អត្ថបទ​ទី១៖ កិច្ចការ ៦,១-៧ ចំនួន​សាវ័ក​ចេះ​តែ​កើន​ឡើង​ជា​លំដាប់។ កក ៦,១ ដំណឹងល្អ៖ យ៉ូហាន ៦,១៦-២១ ស្រាប់​តែ​គេ​ឃើញ​ព្រះ‌យេស៊ូ​យាង​លើ​សមុទ្រ។ យហ ៦,១៩

បង​ប្អូន​ជា​ទី​ស្រឡាញ់

នៅ​ពេល​យើង​ស្តាប់​អត្ថបទ​ទី​១ នៅ​ក្នុង​កិច្ចការ​គ្រីស្ត​ទូត យើង​ត្រូវ​តែ​នឹក​ឃើញ​ជីវិត​នៃ​ព្រះសហគមន៍​របស់​យើង​ដ៏​ពិត​ប្រាកដ​មែន។ ពី​សម័យ​ដើម នៅ​ពេល​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ នៅ​ពេល​ព្រះយេស៊ូ​ឡើង​ស្ថាន​បរម​សុខ នៅ​ពេល​នោះ​ក្រុម​គ្រីស្ត​ទូត​ចាប់​ផ្តើម​កិច្ចការ​ដែល​ព្រះយេស៊ូ​ប្រទាន​ឱ្យ​ធ្វើ។ ដូច្នេះ គេ​បាន​អប់រំ​ជំនឿ គេ​ណែនាំ​អធិដ្ឋាន ប៉ុន្តែ​មាន​ប្រជាជន​មួយ​ចំនួន​គេ​កំពុង​រអ៊ូ​រទាំ ដោយសារ​ក្រុម​គ្រីស្ត​ទូត​រវល់​តែ​អធិដ្ឋាន រវល់​តែ​អប់រំ​ជំនឿ ដើម្បី​បំភ្លឺ​ដំណើរ​ជីវិត​របស់​ព្រះយេស៊ូ។ ប៉ុន្តែ មិន​សូវ​មាន​ពេល​វេលា​ដើម្បី​មើល​ស្ត្រី​មេម៉ាយ មើល​កុមារ​កំព្រា មើល​បង​ប្អូន​ដែល​កំពុង​ខ្វះ​ខាត។ ហេតុ​នេះ​ហើយ គេ​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​៧​នាក់ ដែល​ជា​អ្នក​បម្រើ​ដ៏​ពិសេស ដែល​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ព្រះសហគមន៍ ដើម្បី​បម្រើ​អ្នក​ក្រីក្រ អ្នក​ដែល​កំពុង​ខ្វះ​ខាត ដោយ​បង្ហាញ​អំពី​ធម៌​មេត្តា​ករុណា​របស់​ព្រះជាម្ចាស់។

នៅ​ក្នុង​កិច្ចការ​គ្រីស្ត​ទូត​នេះ យើង​បាន​ឃើញ​ពូជ​នៃ​ព្រះសហគមន៍​ដែល​យើង​ស្គាល់​សព្វ​ថ្ងៃ នៅ​ពេល​យើង​និយាយ​អំពី​កិច្ច​ការ​គ្រីស្ត​ទូត យើង​ត្រលប់​មក​វិញ​២០០០​ឆ្នាំ​មុន។ ប៉ុន្តែ នៅ​ពេល​យើង​មើល​ឃើញ​ព្រះសហគមន៍​របស់​យើង​នៅ​ទី​នេះ យើង​បាន​ចាប់​ផ្តើម​ប្រកាស​ដំណឹង​ល្អ យើង​បាន​ចាប់​ផ្តើម​អប់រំ​ជំនឿ យើង​បាន​ចាប់​ផ្តើម​អធិដ្ឋាន យើង​បាន​ចាប់​ផ្តើម​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​អ្នក​ក្រី​ក្រ។ ព្រះសហគមន៍​នីមួយៗ ដែល​យើង​កំពុង​បង្កើត​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​ទាំង​មូល យើង​បាន​យក​ចិត្ត​ទុក​ដាក់​ឱ្យ​មាន​គណៈកម្មការ​សង្គហៈ ឱ្យ​មាន​គណៈកម្មការ​អប់រំ​ជំនឿ និង​ឱ្យ​មាន​គណៈកម្មការ​ពិធី​បុណ្យ។ ទាំង​អស់​នេះ​មក​ព្រះសហគមន៍​ដើម ទៅ​ដល់​អ្វី​ដែល​សំខាន់​បំផុត អាទិភាព​បំផុត អប់រំ​ជំនឿ​ដើម្បី​ពន្យល់​អំពី​ដំណើរ​ជីវិត​របស់​ព្រះយេស៊ូ​ដល់​បង​ប្អូន​ថ្មីៗ។ អធិដ្ឋាន ដើម្បី​ជាប់​ជា​មួយ​ព្រះជាម្ចាស់ និង​បម្រើ​អ្នក​ក្រីក្រ បម្រើ​បង​ប្អូន​ឯទៀតៗ​នៅ​ក្នុង​សេចក្តី​ស្រឡាញ់។ នេះ​ជា​ព្រះសហគមន៍​របស់​យើង​សព្វ​ថ្ងៃ នេះ​ជា​ជីវិត​នៃ​ព្រះសហគមន៍​របស់​យើង​សព្វ​ថ្ងៃ។

ថ្ងៃ​នេះ ដែល​យើង​ជួប​ជុំ​គ្នា​ត្រូវ​តែ​នឹក​ឃើញ​២​សប្តាហ៍​មុន នៅ​ចំការទៀង​នេះ​យើង​មាន​បង​ប្អូន​៥០​នាក់ ដែល​បាន​ទទួល​ជីវិត​ថ្មី។ សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​នឹក​ឃើញ​ដល់​ឆ្នាំ​២០០២​ដែល​ខ្ញុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ម្នាក់ ក្រោយ​មក​មាន​ពិធី​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​២០០៣ ឆ្នាំ​២០០៥ ឆ្នាំ​២០០៧…។ យើង​ត្រូវ​ការ​នឹក​ឃើញ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ព្រះសហគមន៍​យើង គ្រីស្ត​បរិស័ទ​ចាប់​ផ្តើម​រីក​ចម្រើន​យ៉ាង​ច្រើន ពី​១​ឡើង​ដល់​១០ ពី​១០​ឡើង​ដល់​១០០… ព្រះសហគមន៍​បាន​ទទួល​ជីវិត​ពី​ព្រះជាម្ចាស់​។ មាន​បង​ប្អូន​ប៉ុន្មាន នៅ​យប់​ដែល​គេ​បាន​ទទួល​ជីវិត​ថ្មី គេ​បាន​អរ​ព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​ជីវិត​ថ្មី​នេះ។ ខ្ញុំ​គិត​ថា សម្រាប់​បង​ប្អូន​ដែល​ជា​គ្រីស្ត​បរិស័ទ​ពី​យូរ​ឆ្នាំ​ហើយ កុំ​ឱ្យ​យើង​ភ្លេច​ហ្នឹង សម្រាប់​ខ្ញុំ​ផ្ទាល់​ខ្លួន​ក៏​ដូច​គ្នា​ដែរ។ នៅ​ពេល​ដែល​ខ្ញុំ​បាន​ទទួល​អគ្គ​សញ្ញា​តែង​តាំង​ជា​ឧបដ្ឋាក ខ្ញុំ​បាន​ចូល​នៅ​ក្នុង​សំណាក់​ធម៌​ដែល​ណែនាំ​ឱ្យ​ខ្ញុំ​នឹក​ឃើញ​ថា “យើង​ជា​បូជាចារ្យ​នៅ​ថ្ងៃ​អនាគត យើង​ទទួល​ព្រះអំណោយ​ទាន​មួយ​យ៉ាង​ពិសេស គឺ​ណែនាំ​ឱ្យ​បង​ប្អូន​ទទួល​ជីវិត​ពី​ព្រះជាម្ចាស់​ដ៏​ពិត​ប្រាកដ​មែន”។ នេះ​ជា​បទ​ពិសោធន៍ ដែល​ខ្ញុំ​មាន​នៅ​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​កន្លង​មក ជា​ពិសេស​នៅ​ក្នុង​ខេត្ត​តាកែវ។ ប៉ុន្តែ នៅ​ក្រោយ​ពេល​ខ្ញុំ​បាន​ទទួល​អគ្គ​សញ្ញា​តែង​តាំង​ជា​អភិបាល​ក៏​ដូច​គ្នា ខ្ញុំ​បាន​ដើរ​ពី​ព្រះសហគមន៍​មួយ​ទៅ​ព្រះសហគមន៍​មួយ ពី​មណ្ឌល​សកម្មភាព​មួយ​ទៅ​មណ្ឌល​សកម្មភាព​មួយ ខ្ញុំ​បាន​ឃើញ​ព្រះយេស៊ូ​ណែនាំ​ឱ្យ​យើង​មាន​ជីវិត។ ជា​ជីវិត​ដ៏​បរិបូណ៌ ជីវិត​ដែល​ណែនាំ​ឱ្យ​យើង​មាន​សេចក្តី​សង្ឃឹម​ជានិច្ច។

ដូច្នេះ ថ្ងៃ​នេះ​ដែល​ខ្ញុំ​ថ្វាយ​អភិបូជា​មិន​មែន​ដើម្បី​អរ​ព្រះគុណ​សម្រាប់​ឋានៈ​ជា​ឯកឧត្តម ឬ​មេដាយ​ជាតូបការ ឬ​ដើម្បី​ងារ​ជា​មហា​ឧបាសក​ពុទ្ធសាសនូបត្ថម្ភក៍ នោះ​ទេ។ ប៉ុន្តែ ខ្ញុំ​ថ្វាយ​អភិបូជា​ថ្ងៃ​នេះ​ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់ សម្រាប់​ដំណើរ​ដែល​យើង​បាន​ធ្វើ​អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ​កន្លង​មក។ ថ្វាយ​អភិបូជា ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​ជីវិត​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ សម្រាប់​ជីវិត​របស់​ព្រះសហគមន៍​យើង សម្រាប់​ជីវិត​របស់​ខ្ញុំ​ផ្ទាល់។ ខ្ញុំ​គិត​ថា អ្វី​ដែល​បង​ប្អូន​ឃើញ​ថ្ងៃ​នេះ​យ៉ាង​ជាក់​ស្តែង​នៅ​វត្ត​អង្គ​មន្ត្រី​ព្រឹក​មិញ យល់​ថា​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​មិន​មែន​ជា​ជីវិត​ប្លែក​ពី​គេ​ទេ។ យើង​ជា​គ្រីស្ត​បរិស័ទ​ពិត​មែន ប៉ុន្តែ​យើង​ជា​ប្រជាជន​ខ្មែរ ដែល​រស់​នៅ​ក្នុង​វប្បធម៌​ខ្មែរ ដែល​រស់​នៅ​លើ​ទឹក​ដី​ខ្មែរ ដែល​និយាយ​ភាសា​ខ្មែរ…។ សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ធ្វើ​ជា​មេ​ម្ស៉ៅ ដើម្បី​ធ្វើ​ជា​ពូជ​នៃ​សេចក្តី​ស្រឡាញ់ នៅ​ក្នុង​ជីវិត​ប្រចាំ។ ពេល​យើង​ទៅ​សាលា ពេល​យើង​ទៅ​រក​ស៊ី ពេល​យើង​ទៅ​ដើរ​កំសាន្ត ពេល​យើង​នៅ​ជា​មួយ​មិត្ត​យើង យើង​មិន​គិត​យើង​ជា​ពុទ្ធ​បរិស័ទ​ឬ​ជា​គ្រីស្ត​បរិស័ទ​ទេ។

យើង​ជា​បង​ប្អូន​គ្នា យើង​មាន​មិត្ត​សម្លាញ់ យើង​មាន​បង​ប្អូន​យើង យើង​មាន​លោក​តា​លោក​យាយ​ដែល​ទៅ​វត្ត យើង​មាន​គ្នា​យើង​ដែល​ចូល​ព្រះវិហារ។ យើង​ដឹង​ថា យើង​ជា​បង​ប្អូន​គ្នា​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត ដូច្នេះ​ការ​សន្ទនា​របស់​យើង​ទៅ​ជា​ធម្មជាតិ​របស់​យើង។ មិន​មែន​ជា​អ្វី​ដែល​ប្លែក ដែល​ពិសេស ដែល​យើង​ត្រូវ​ការ​គិត​ពិចារណា​ធ្វើ​ដូច​ម្តេច​ដើម្បី​និយាយ​អំពី​ព្រះយេស៊ូ ធ្វើ​ដូច​ម្តេច​ដើម្បី​ប្រកាស​ដំណឹង​ល្អ។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​ការ​សុំ​ឱ្យ​ព្រះយេស៊ូ​សូន​បេះដូង​របស់​យើង ដួង​ចិត្ត​របស់​យើង ដើម្បី​ឱ្យ​យើង​ភ្ជាប់​នៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ទៅ​ជា​ធម្មជាតិ។ ទៅ​ជា​ធម្មជាតិ​របស់​យើង ដើម្បី​ធ្វើ​ជា​អ្នក​បម្រើ​ដូច​ក្រុម​គ្រីស្ត​ទូត​ពី​ដើម ដើម្បី​ទៅ​ជា​អ្នក​ដែល​ស្រឡាញ់​បង​ប្អូន​ឯទៀតៗ។

លក្ខណៈ​របស់​ព្រះជាម្ចាស់​គឺ​សេចក្តី​ស្រឡាញ់ លក្ខណៈ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​ក៏​ជា​សេចក្តី​ស្រឡាញ់​ដែរ ធ្វើ​ដូច​ម្តេច​ដើម្បី​រស់​នៅ​ក្នុង​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ នៅ​ក្នុង​សេចក្តី​ស្រឡាញ់​។ ប៉ុន្តែ សេចក្តី​ស្រឡាញ់​នេះ​មិន​មែន​ជា​ទស្សនៈ​មួយ​ដែល​យើង​ចេះ​តែ​គិត ផ្ទុយ​ទៅ​វិញ​យើង​ត្រូវ​តែ​មាន​សកម្មភាព។ សកម្មភាព​ដែល​យើង​បាន​ឃើញ​យ៉ាង​ជាក់​ស្តែង​នៅ​ក្នុង​ទឹក​ដី​យើង​នៅ​ទី​នេះ ទាំង​វិស័យ​អប់រំ​សិក្សា ទាំង​វិស័យ​អភិវឌ្ឍន៍​ជនបទ ទាំង​វិស័យ​សង្គម​កិច្ច ទាំង​វិស័យ​សិល្បៈ​វប្បធម៌ ទាំង​វិស័យ​អន្តរ​សាសនា។ នេះ​ទាំង​អស់ ជា​សកម្មភាព​ដែល​យើង​មាន​ដើម្បី​បង្ហាញ​យ៉ាង​ជាក់​ស្តែង​ថា ពិត​មែន​ព្រះជាម្ចាស់​ស្រឡាញ់​មនុស្ស​លោក​យ៉ាង​ខ្លាំង​ណាស់ ព្រះជាម្ចាស់​ស្រឡាញ់​មនុស្ស​ទាំង​អស់​ពិត​ប្រាកដ​មែន។

ថ្ងៃ​នេះ ព្រះបន្ទូល​ដែល​យើង​បាន​ស្តាប់ ទោះ​បី​ក្រុម​គ្រីស្ត​ទូត​កំពុង​ភ័យ​ខ្លាច ដោយសារ​គេ​នៅ​ពាក់​កណ្តាល​សមុទ្រ ហើយ​មាន​ខ្យល់​ដែល​បោក​បក់​ទូក​របស់​គេ​យ៉ាង​ខ្លាំង។ ជីវិត​របស់​យើង​ក៏​ដូច​គ្នា​ដែរ ប៉ុន្មាន​ដង​ប៉ុន្មាន​សារ​យើង​នៅ​ក្នុង​ភាព​ងងឹត ជួន​កាល​យើង​ភ័យ មាន​ខ្យល់​ដែល​បក់ យើង​មាន​បញ្ហា យើង​ធ្លាក់​ទឹក​ចិត្ត…។ ប៉ុន្តែ នៅ​ក្នុង​បញ្ហា​នីមួយៗ​យើង​ដឹង​ថា​យើង​មាន​ព្រះបន្ទូល​របស់​ព្រះយេស៊ូ “ខ្ញុំ​ទេ​តើ កុំ​ខ្លាច​អី” ដោយសារ​អ្វីៗ​ទាំង​អស់​ព្រះជាម្ចាស់​អាច​ធ្វើ​បាន។ ខ្ញុំ​គិត​ថា​អត្ត​សញ្ញាណ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ មិន​មែន​ជា​មនុស្ស​ដែល​ចេះ​តែ​ស្រឡាញ់​បង​ប្អូន​ឯទៀតៗ ដោយសារ​អ្នក​ណា​ក៏​អាច​ស្រឡាញ់​បាន​ដែរ។ ប៉ុន្តែ អត្ត​សញ្ញាណ​របស់​យើង​គឺ យើង​ជា​ប្រជា​រាស្រ្ត​ដែល​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម ដែល​មក​ពី​ព្រះយេស៊ូ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ នេះ​ជា​ជំនឿ​របស់​យើង។

ដូច្នេះ ពេល​យើង​និយាយ​អំពី​ការ​សន្ទនា​អន្តរ​សាសនា ពិត​មែន​សាសនា​នីមួយៗ​ណែនាំ​ឱ្យ​យើង​មាន​សេចក្តី​សុខ​សាន្ត ណែនាំ​ឱ្យ​យើង​ចេះ​ស្រឡាញ់​គ្នា ណែនាំ​ឱ្យ​យើង​បង្កើត​សុខដុមរមនា។ ប៉ុន្តែ យើង​ត្រូវ​ការ​ទៅ​ដល់​ប្រភព​នៃ​សេចក្តី​ស្រឡាញ់ ប្រភព​នៃ​សុខដុមរមនា ប្រភព​នៃ​ការ​លើក​លែង​ទោស​និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ប្រភព​នេះ គឺ​ជា​សេចក្តី​សង្ឃឹម​ដែល​យើង​មាន ដោយសារ​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ ជួន​កាល ពេល​យើង​មាន​កម្មវិធី​អន្តរ​សាសនា​យើង​ពិបាក​និយាយ​ដូច​នេះ ដោយសារ​វា​ចូល​នៅ​ក្នុង​ជំនឿ​របស់​យើង។ យើង​មិន​អាច​បង្ខំ​នរណា ឱ្យ​ជឿ​លើ​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ មិន​អាច​បង្ខំ​នរណា​ឱ្យ​ជឿ​ថា​ពេល​យើង​ស្លាប់​ហើយ យើង​មាន​សង្ឃឹម​ថា​យើង​មាន​ជីវិត​ថ្មី​នៅ​ស្ថាន​បរមសុខ។ ប៉ុន្តែ នៅ​ក្នុង​ជំនឿ​ដែល​យើង​បាន​ទទួល​នៅ​ក្នុង​អគ្គ​សញ្ញា​ជ្រមុជ​ទឹក នៅ​ក្នុង​ជំនឿ​ដែល​យើង​ថែរក្សា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ជា​ពិសេស​យើង​គោរព​នៅ​រាត្រី​បុណ្យ​ចម្លង នៅ​ក្នុង​ជំនឿ​ហ្នឹង​យើង​អាច​ប្រកាស​ថា ពិត​មែន​ព្រះយេស៊ូ​បាន​ចាប់​កំណើត​ជា​មនុស្ស ដើម្បី​សង្រ្គោះ​យើង ដើម្បី​ឱ្យ​យើង​មាន​ជីវិត​អស់​កល្ប​ជានិច្ច។ នេះ​ជា​សេចក្តី​សង្ឃឹម​របស់​យើង ជា​ប្រភព​នៃ​ស្នាដៃ​ដែល​យើង​មាន គ្រប់​សកម្មភាព​ដែល​យើង​ធ្វើ​នៅ​ក្នុង​ព្រះសហគមន៍​របស់​យើង នៅ​ក្នុង​ការិយាល័យ​នីមួយៗ នៅ​ក្នុង​កិច្ចការ​សង្គម​ដែល​យើង​បាន​ធ្វើ។ ទាំង​ការ​សិក្សា​អប់រំ ទាំង​ការ​អភិវឌ្ឍន៍​ជនបទ ទាំង​សិល្បៈ ទាំង​សង្គម​កិច្ច នេះ​ទាំង​អស់​យើង​មាន​ប្រភព​តែ​មួយ គឺ​ព្រះយេស៊ូ​គ្រីស្ត​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ណែនាំ​ឱ្យ​យើង​មាន​សេចក្តី​សង្ឃឹម​ជានិច្ច​ដើម្បី​ទៅ​មុខ នេះ​ជា​កម្លាំង​ដើម្បី​ជម្រុញ​យើង​ឱ្យ​ទៅ​មុខ​ត​ទៅ​ទៀត។

ថ្ងៃ​នេះ ខ្ញុំ​សូម​អរ​ព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​បង​ប្អូន​ទាំង​អស់ សម្រាប់​ព្រះសហគមន៍​យើង សម្រាប់​ភូមិភាគ​យើង សម្រាប់​លោក​ឪពុក សម្រាប់​បព្វជិត​បព្វជិតា ដើម្បី​ឱ្យ​យើង​បន្ត​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា នៅ​ក្នុង​សេចក្តី​សង្ឃឹម “ខ្ញុំ​ទេ​តើ កុំ​ខ្លាច​អី”។

ពិត​មែន​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ អាលេលូយ៉ា! អាលេលូយ៉ា!

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

បេក្ខជន​ត្រៀម​ជ្រមុជទឹក​ក្នុងភូមិភាគ​ភ្នំពេញ​មាន​ជាង​១០០នាក់

មនុស្ស​ពេញ​វ័យ​ចំនួន​១២៧ នាក់​បាន​ទទួល​ពិធី​ត្រាស់ហៅ​ឲ្យទទួល​ពិធី​ជម្រុជទឹក​ពី​លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ កាលពីថ្ងៃទី​៨ ខែ​មីនាកន្លងទៅ នៅ​ព្រះវិហារ​សន្តសិលា និង​សន្ត​ប៉ូល ភ្នំពេញថ្មី នារាជធានីភ្នំពេញ។ ពិធី​ត្រាស់ហៅនេះ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​អនុញ្ញាត​ឲ្យ​បេក្ខជន​ដែល​បាន​សិក្សា​អំពី​ជំនឿ​អាច​ទទួល​អគ្គសញ្ញាជ្រមុជទឹក​ក្នុង​ឱកាស​បុណ្យ​ចម្លង​ខាង​មុខនេះ។ មុន​ចាប់​ផ្តើម​ពិធី​​នេះ លោកអភិបាល​អូលីវីយ៉េ បាន​អប់រំ​ណែនាំ​ដល់​បេក្ខជន​ទាំង​អស់ ដោយ​ផ្តោ​ត​សំខាន់​លើ​​ «ការរួម​ស្លាប់​និង​រួម​រស់ជាមួយព្រះយេស៊ូ​»។ លោក​បញ្ជាក់​ថា ពេល​យើង​ចូល​ទៅ​ក្នុងទឹក ឬ​ចាក់ទឹក​លើក្បាល នោះ​បង្ហាញថា «យើង​ជា​មនុស្ស​ថ្មី» ហើយ​ពេល​នោះ​ដែរ លោក​បូជាចារ្យ​លាប​ប្រេង​ឲ្យយើង

យុវជនរួមដំណើរឆ្ពោះទៅក្តីសង្ឃឹម

ការិយាល័យ​យុវជន ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ​បាន​រៀបចំ​កម្មវិធី​បូជនីយចរ​ប្រចាំ​ឆ្នាំ​ដែល​មាន​យុវជន​ចូលរួម​ចំនួន​៣០០នាក់​ លោក​បូជាចារ្យ និង​បព្វជិត-ជិតា ចូលរួម​ក្រោម​ប្រធាន​បទ បូជនីយេសក៏​ឆ្ពោះទៅសេចក្តីសង្ឃឹម ធ្វើ​នៅ​ព្រះសហគមន៍​ដាក់ដំាំ និងប៊ូស្រា​ ក្នុង​ខេត្ត​មណ្ឌល​គិរី​ ដែលមាន​​​បងប្អូន​ជនជាតិដើម​ភាគ​តិច​ព្នងរស់នៅ កាលពីថ្ងៃទី​២៨​ដល់​ថ្ងៃទី​០២ ខែ​មីនា​កន្លងទៅ។ លោក​ស៊ាន់ សារឿន ប្រធាន​ការិយាល័យ​យុវជន​ ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ មាន​ប្រសាសន៍​ថា កម្មវិធីនេះ បាន​រឿបចំ​ឡើង​រយៈ១៤​ឆ្នាំ​មក​ហើយ គឺ​នៅ​តាំងពី​ឆ្នាំ​២០១០។ លោក​បន្ថែម​ថា កម្មវិធី​នេះ គឺ​​ដើម្បីឲ្យយុវជនមានឱកាសបង្ហាញអំពីជំនឿ និងមានពេលវេលាដើម្បីធ្វើដំណើររួមគ្នា ចែករំលែកបទពិសោធន៍អំពី​​ការបម្រើរបស់ពួកគេនៅតាមព្រះសហគមន៍នីមួយៗ

ក្រុមពិធីបុណ្យអន្តរភូមិភាគនឹងចងក្រងពិធី អគ្គសញ្ញាអាពាហ៍ពិពាហ៍

ការិយាល័យពិធីបុណ្យអន្តរភូមិភាគ បាន​រៀបចំ​សិក្ខាសាលាស្តីអំពី «អគ្គសញ្ញាអាពាហ៍ពិពាហ៍» ដែលមានការចូលរួមពីលោកអភិបាល លោកបូជាចារ្យ ដូនជី និងគ្រីស្តបរិស័ទប្រមាណ៧០នាក់ មកពីព្រះសហគមន៍ទាំង៣ភូមិភាគ នាថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងសិក្សាអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ និងក្បួនប្រារព្ធពិធី​​តាមច្បាប់ព្រះសហគមន៍កាតូលិក និងតាមប្រពៃណីខ្មែរ។ លោកអភិបាល សិលា សួន ហង្សលី ទទួលបន្ទុកការិយាល័យពិធីបុណ្យអន្តរភូមិភាគបានឲ្យដឹងថា សិក្ខាសាលានេះមានគោលបំណងចង់ឲ្យលោកឪពុក បងប្រុស បងស្រី ព្រមទាំងតំណាងគ្រីស្តបរិស័ទយើងមានឱកាសជួបជុំគ្នាដើម្បីរិះគិតពិចារណាឡើងវិញអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ដែលយើងប្រារព្ធក្នុងព្រះសហគមន៍កាតូលិក ដោយសារការិយាល័យពិធីបុណ្យចង់ធ្វើសៀវភៅសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍នេះឲ្យបានសមរម្យ

Subscribe to our newsletter

Don't miss new updates on your email