អភិបូជា​បិទ​ទិវា​នៃ​ការ​ត្រាស់​ហៅ​លើក​ទី​៥៩

ធ្វើ​នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល

ភ្នំពេញ​ថ្មី ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០២២

“ចូរ​យើង​អធិដ្ឋាន”

អត្ថបទ​ទី១៖ កិច្ចការ ១៣,១៤.៤៣-៥២យើង​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ពន្លឺ បំភ្លឺ​ជាតិ​សាសន៍​នានា។ កក ១៣,៤៧អត្ថបទ​ទី២៖ វិវរណៈ ៧,១៤ខ-១៧គេ​បាន​បោក​អាវ​របស់​ខ្លួន​ឲ្យ​បាន​ស​ស្អាត ក្នុង​ព្រះ‌លោហិត​របស់​កូន​ចៀម។ វវ ១៧,១៤ដំណឹងល្អ៖ យ៉ូហាន ១០,២៧-៣០ចៀម​របស់​ខ្ញុំ​តែង​ស្ដាប់​សំឡេង​ខ្ញុំ។ យហ ១០,២៧

បង​ប្អូន​ជា​ទី​ស្រឡាញ់

ពី​ម្សិល​មិញ យើង​បាន​ចាប់​ផ្តើម​អង្គ​ប្រជុំ​ជា​មួយ​បង​ប្អូន យុវជន​យុវនារី និង​បព្វជិត​បព្វជិតា ខ្ញុំ​បាន​សួរ តើ​យើង​មាន​អារម្មណ៍​ដូច​ម្តេច នៅ​ពេល​យើង​បាន​ស្តាប់​គម្ពីរ​ស្តី​អំពី​ព្រះយេស៊ូ​ដែល​មាន​ព្រះបន្ទូល​ថា សូម​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ? យើង​បាន​ជួប​ជុំ​គ្នា​ពី​ម្សិល​មិញ យើង​មាន​ការ​អប់រំ យើង​មើល​ការ​សម្តែង​របស់​ក្មេងៗ​ដែល​ធ្វើ​ជា​សម្តេច​ប៉ាប លោក​កាឌីណាល់ លោក​អភិបាល លោក​បូជាចារ្យ បង​ប្រុស​បង​ស្រី…។ យប់​មិញ​យើង​បាន​អធិដ្ឋាន​ពេញ​មួយ​យប់ ព្រឹក​មិញ​យើង​បាន​ស្តាប់​សក្ខីភាព​របស់​បង​ប្រុស​បង​ស្រី​មួយ​ចំនួន។

នៅ​ពេល​យើង​ស្តាប់​គម្ពីរ​ទាំង​បី​ថ្ងៃ​នេះ សុទ្ធ​តែ​ជា​ព្រះបន្ទូល​ដែល​ណែនាំ​ឱ្យ​យើង​ពោរពេញ​ដោយ​កម្លាំង។ ពី​សម័យ​ដើម នៅ​ពេល​លោក​ប៉ូល លោក​ប៉ាណាប៉ាស់​ទៅ​ទេសនា បាន​គេ​មក​យ៉ាង​ច្រើន​ដើម្បី​ស្តាប់។ នៅ​ក្នុង​គម្ពីរ​វិវរណៈ លោក​យ៉ូហាន​ថា​គាត់​បាន​ឃើញ​មាន​មហា​ជន​ដ៏​ច្រើន​កុះករ គ្មាន​នរណា​អាច​រាប់​ចំនួន​បាន ដែល​កំពុង​ជួប​ជុំ​គ្នា។ យើង​បាន​ស្តាប់​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “ខ្ញុំ​ជា​គ្រូ​គង្វាល​ដ៏​ល្អ ដែល​ស្គាល់​ចៀម​របស់​ខ្ញុំ ដែល​យាង​មក​ដើម្បី​ឱ្យ​ចៀម​របស់​ខ្ញុំ​មាន​ជីវិត​អស់​កល្ប​ជានិច្ច”។ នៅ​ពេល​យើង​សរុប​នេះ​ទាំង​អស់ ណែនាំ​ឱ្យ​យើង​មាន​អារម្មណ៍​ដែល​ពោរពេញ​ដោយ​អំណរ​ដ៏​ពេញ​លក្ខណៈ ដូច​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សន្យា។ ម្យ៉ាង​ទៀត ណែនាំ​ឱ្យ​យើង​មាន​អារម្មណ៍​ថា​កក់​ក្តៅ នៅ​ក្នុង​ព្រះសហគមន៍​របស់​យើង​ក្នុង​រយៈ​ពេល​២​ថ្ងៃ​កន្លង​មក។ កក់​ក្តៅ​ដោយសារ យើង​បាន​ជួប​ជុំ​គ្នា​ឡើង​វិញ យើង​ជួប​ជុំ​គ្នា​នៅ​ក្នុង​អំណរ​សប្បាយ នៅ​ក្នុង​ការ​ស្វាគមន៍​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​កក់​ក្តៅ ដោយសារ​យើង​បាន​ស្តាប់​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “ខ្ញុំ​ជា​គង្វាល​ដ៏​ល្អ ចៀម​របស់​ខ្ញុំ​តែង​ស្តាប់​សម្លេង​ខ្ញុំ ខ្ញុំ​ស្គាល់​ចៀម​ទាំង​នោះ ហើយ​ចៀម​ទាំង​នោះ​មក​តាម​ខ្ញុំ”។ នេះ​ជា​ព្រះបន្ទូល ដែល​ណែនាំ​ឱ្យ​យើង​មើល​ឃើញ​ផ្លូវ​សម្រាប់​ជីវិត​របស់​យើង មើល​ឃើញ​អត្ថន័យ​នៃ​ជីវិត​របស់​យើង។ ដោយ​ដឹង​ថា ជីវិត​របស់​យើង​មាន​ផ្លូវ​មួយ​គឺ​ព្រះយេស៊ូ​ផ្ទាល់ ដែល​ដឹក​នាំ​យើង ដែល​ជា​គង្វាល​របស់​យើង ដែល​ណែនាំ​ឱ្យ​យើង​មាន​កម្លាំង​កាយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​ណែនាំ​ឱ្យ​យើង​មាន​កម្លាំង​ចិត្ត និង​សេចក្តី​សង្ឃឹម។

ក្នុង​រយៈ​ពេល​២​ឆ្នាំ​កន្លង​មក ជួន​កាល​យើង​ធ្លាក់​ទឹក​ចិត្ត ជួន​កាល​យើង​អស់​កម្លាំង ឥត​មាន​ឱកាស​ជួប​ជុំ​គ្នា យើង​ស្តាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ពី​ចម្ងាយ។ ប៉ុន្តែ ថ្ងៃ​នេះ​ព្រះបន្ទូល​ណែនាំ​ឱ្យ​យើង​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​គោល​ដៅ​នៃ​ជីវិត នៅ​ក្នុង​អត្ថន័យ​នៃ​ជីវិត នៅ​ក្នុង​ព្រះគម្រោងការ​ដ៏​អស្ចារ្យ​របស់​ព្រះជាម្ចាស់​សម្រាប់​យើង។ យើង​មាន​ព្រះយេស៊ូ ដែល​ជា​គង្វាល​ដ៏​ល្អ ព្រះយេស៊ូ​ដែល​ស្គាល់​យើង ព្រះយេស៊ូ​ដែល​ថែរក្សា​យើង ព្រះយេស៊ូ​ដែល​ណែនាំ​ឱ្យ​យើង​ទៅ​រក​ប្រភព​ទឹក​ដែល​ផ្ដល់​ជីវិត។ នៅ​ពេល​យើង​ស្តាប់​នេះ យើង​ដឹង​ថា​ជីវិត​របស់​យើង​លែង​ឯកោ យើង​មាន​ត្រីវិស័យ​យ៉ាង​ច្បាស់​ដែល​បំភ្លឺ​ជីវិត​របស់​យើង​ដើម្បី​ទៅ​មុខ។ ទៅ​មុខ​ជា​មួយ​ព្រះជាម្ចាស់ ទៅ​មុខ​ជា​មួយ​បង​ប្អូន ទៅ​មុខ​ជា​មួយ​លោក​ឪពុក បង​ប្រុស​បង​ស្រី នៅ​ក្នុង​គ្រួសារ​មួយ​ដែល​ជា​ព្រះសហគមន៍ ដើម្បី​រស់​នៅ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​សង្គម។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​ខ្ញុំ​សូម​អញ្ជើញ​យើង​ដែល​ជា​លោក​ឪពុក ជា​បង​ប្រុស​បង​ស្រី ជា​យុវជន​យុវនារី ជា​គ្រីស្ត​បរិស័ទ គឺ​ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​អធិដ្ឋាន។ អធិដ្ឋាន​ថែម​ទៀត​សម្រាប់​លោក​បូជាចារ្យ ថ្ងៃ​នេះ​យើង​បាន​គោរព​ព្រះយេស៊ូ​ជា​គង្វាល​ដ៏​ល្អ។ ថ្ងៃ​នេះ​យើង​បាន​ឃើញ​គង្វាល​ដ៏​ល្អ គឺ​លោក​ប៉ូល​និង​លោក​ប៉ាណាប៉ាស់ ដែល​ជា​បូជាចារ្យ​ដំបូង​នៅ​ក្នុង​ព្រះសហគមន៍។ ដោយ​បាន​ទទួល​ខុស​ត្រូវ ដើម្បី​ធ្វើ​ដំណើរ​ពី​ទី​ក្រុង​មួយ​ទៅ​ទីក្រុង​មួយ ដើម្បី​ធ្វើ​ដំណើរ​ជា​មួយ​គ្រីស្ត​បរិស័ទ លើក​ទឹក​ចិត្ត​គេ ផ្តល់​កម្លាំង​ឱ្យ​គេ។ ទោះបី​មាន​ការ​បៀតបៀន​ក៏​ដោយ ប៉ុន្តែ​គេ​បាន​តស៊ូ​ដើម្បី​ទៅ​មុខ​ត​ទៅ​ទៀត ដោយសារ​គេ​ដឹង​ថា “យើង​បាន​តែង​តាំង​អ្នក​ឱ្យ​ធ្វើ​ជា​ពន្លឺ​បំភ្លឺ​ជាតិ​សាសន៍​នា​នា និង​អាច​ណែនាំ​ការ​សង្រ្គោះ​រហូត​ទៅ​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី”។ នេះ​ជា​បេសកកម្ម នេះ​ជា​អគ្គ​សញ្ញា​ដែល​លោក​ប៉ូល​និង​ប៉ាណាប៉ាស់​បាន​ទទួល នេះ​ជា​អគ្គ​សញ្ញា​ដែល​លោក​បូជាចារ្យ​បាន​ទទួល ដើម្បី​ធ្វើ​ជា​គង្វាល​ដ៏​ល្អ​នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា។ ធ្វើ​ដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ទៅ​កន្លែង​ដាច់​ស្រយាល ដើម្បី​ប្រកាស​អំពី​ព្រះយេស៊ូ​ដែល​ជា​ព្រះសង្រ្គោះ ដើម្បី​ប្រកាស​អំពី​ជីវិត​អស់​កល្ប​ជានិច្ច ដើម្បី​ប្រកាស​ដំណឹង​ល្អ​ជូន​ដល់​អ្នក​ក្រីក្រ ដើម្បី​បង្ហាញ​អំពី​របៀប​ដែល​ព្រះជាម្ចាស់​រំដោះ​យើង។

សូម​បង​ប្អូន​អធិដ្ឋាន​សម្រាប់​លោក​បូជាចារ្យ ដើម្បី​ឱ្យ​យើង​រួម​គ្នា​ជា​ក្រុម​គង្វាល​ដែល​យក​ចិត្ត​ទុក​ដាក់​តាម​របៀប​ព្រះយេស៊ូ ដើម្បី​ថែរក្សា ដើម្បី​ស្រឡាញ់ ដើម្បី​តស៊ូ ដើម្បី​ផ្តល់​កម្លាំង​កាយ​កម្លាំង​ចិត្ត ដើម្បី​ណែនាំ​ឱ្យ​កូន​ចៀម​របស់​យើង​មាន​ជំនឿ មាន​សេចក្តី​សង្ឃឹម​ថ្មី មាន​ជីវិត​ដែល​មក​ពី​ព្រះជាម្ចាស់។

សូម​បង​ប្អូន​អធិដ្ឋាន​សម្រាប់​បព្វ​ជិត​បព្វ​ជិតា ដែល​មាន​នៅ​ប្រទេស​កម្ពុជា នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​យើង​មាន​២៥​ក្រុម​ដែល​កំពុង​បម្រើ​ព្រះសហគមន៍។ សរុប​ទាំង​បី​ភូមិភាគ​មាន​ជិត​៤០​ក្រុម​គ្រួសារ ពិត​មែន​ពួក​គាត់​មក​ពី​ប្រទេស​ផ្សេងៗ ប៉ុន្តែ​មក​នៅ​ក្នុង​គោល​ដៅ​តែ​មួយ គឺ​ប្រកាស​ដំណឹង​ល្អ។ យើង​ជា​ធ្លុង​តែ​មួយ​នៅ​ក្នុង​ព្រះសហគមន៍​តែ​មួយ យើង​ជា​អ្នក​ដែល​ប្រកាស​ដំណឹង​ល្អ​តាម​គម្រោង​ការ​របស់​ព្រះជាម្ចាស់ យើង​ចូល​រួម​អស់​ពី​សមត្ថភាព។ តាម​រយៈ​ក្រុម​គ្រួសារ​នីមួយៗ ព្រះសហគមន៍​របស់​យើង​ទទួល​ជីវិត តាម​វិស័យ​អប់រំ តាម​វិស័យ​សង្គម​កិច្ច បម្រើ​អ្នក​ក្រីក្រ បម្រើ​អ្នក​ដែល​គ្មាន​ទី​ពឹង បម្រើ​អ្នក​ជំងឺ បម្រើ​ជន​មាន​ពិការភាព…។ ដូច្នេះ ក្រុម​គ្រួសារ​នីមួយៗ​ជា​ទ្រព្យ​សម្បត្តិ​សម្រាប់​ព្រះសហគមន៍​របស់​យើង ដើម្បី​បង្ហាញ​យ៉ាង​ជាក់​ស្តែង​អំពី​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់​សម្រាប់​មនុស្ស​យើង។ ដើម្បី​បង្ហាញ​យ៉ាង​ជាក់​ស្តែង ពិត​មែន​ព្រះរាជ​របស់​ព្រះជាម្ចាស់​កំពុង​យាង​មក​ដល់។

បង​ស្រី​កាមែល ជា​បង​ស្រី​សម្ងាត់​កំពុង​អធិដ្ឋាន​សម្រាប់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដើម្បី​ឱ្យ​យើង​បន្ត​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ឱ្យ​យើង​បន្ត​ទៅ​ជា​មនុស្ស​ថ្មី​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត​ជា​អម្ចាស់។ ដូច្នេះ យើង​អធិដ្ឋាន​សម្រាប់​ក្រុម​បព្វ​ជិត​បព្វ​ជិតា ឱ្យ​យើង​រួម​គ្នា​ចាក់​គ្រឹះ​ថែម​ទៀត​នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា ដើម្បី​ឱ្យ​យើង​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​វប្បធម៌ នៅ​ក្នុង​ភាសា នៅ​ក្នុង​ប្រពៃណី។ ដើម្បី​ឱ្យ​ព្រះសហគមន៍​របស់​យើង ទៅ​ជា​ព្រះសហគមន៍​ដែល​ពោរពេញ​ដោយ​អំណរ​សប្បាយ ដែល​ចាក់​គ្រឹះ​យ៉ាង​ជ្រៅ​នៅ​លើ​ទឹក​ដី​យើង និង​មាន​ផ្កា មាន​ផ្លែ​យ៉ាង​ច្រើន​បរិបូណ៌។ នៅ​ពេល​យើង​មាន​ផ្លែ​យ៉ាង​ច្រើន​នៅ​ព្រះសហគមន៍​របស់​យើង យើង​គិត​អំពី​តម្លៃ​នៃ​ជីវិត​ដែល​គ្មាន​ព្រំដែន​នៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់។

សូម​បង​ប្អូន​អធិដ្ឋាន​សម្រាប់​យុវជន​យុវនារី នៅ​ក្នុង​ចំណោម​យើង​ថ្ងៃ​នេះ​យើង​មាន​យុវជន​យុវនារី​មួយ​ចំនួន ដែល​បាន​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​ថ្មីៗ​នៅ​ក្នុង​ឆ្នាំ​នេះ។ ទៅ​ជា​ពូជ​ដ៏​តូច ប៉ុន្តែ​យើង​មើល​ឃើញ​នៅ​ក្នុង​ដួង​ចិត្ត​របស់​ពួក​គាត់ មើល​ឃើញ​នៅ​ក្នុង​វិញ្ញាណ​របស់​ពួក​គាត់ មើល​ឃើញ​ព្រះជាម្ចាស់​កំពុង​ធ្វើ​ការ ព្រះជាម្ចាស់​ដែល​មាន​គម្រោងការ​ដ៏​ពិសេស។ ម្សិល​មិញ​យើង​បាន​និយាយ​ថា នៅ​ពេល​យើង​មើល​ឃើញ​ពង​មួយ​គ្រាប់​យើង​មើល​ឃើញ​មាន់ ពេល​យើង​មើល​ឃើញ​គ្រាប់​ពូជ​ដ៏​តូច​យើង​មើល​ឃើញ​ដើម​ឈើ​ដ៏​ធំ ដែល​ចេញ​ពី​គ្រាប់​ពូជ​នេះ។ ដូច្នេះ នៅ​ក្នុង​យុវជន​យុវនារី​យើង​អាច​មាន​សំណួរ​ដូច​គេ​សួរ​អំពី​យ៉ូហាន​បាទីស្ទ​ពេល​គាត់​កើត​ថ្មីៗ តើ​នៅ​ថ្ងៃ​អនាគត​កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា? ដូច្នេះ សព្វ​ថ្ងៃ​យើង​អាច​សួរ​ដែរ​ថា តើ​នៅ​ថ្ងៃ​អនាគត​យុវជន​យុវនារី​របស់​យើង​នឹង​ទៅ​ជា​យ៉ាង​ណា? ឱ្យ​យើង​ទៅ​ជា​គ្រីស្ត​បរិស័ទ​រឹង​មាំ ទៅ​ជា​សាក្សី​នៃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​សង្គម។ អ្វី​ដែល​សំខាន់​គឺ​ថ្ងៃ​នេះ ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​រស់​នៅ​ជា​សិស្ស​សាលា ជា​យុវជន​យុវនារី​នៅ​ក្នុង​សង្គម ដើម្បី​ធ្វើ​ជា​មេ​នៅ​ក្នុង​ម្ស៉ៅ​នៃ​ជីវិត។ ឱ្យ​ម្ស៉ៅ​នៃ​ជីវិត​លូត​លាស់​ក្លាយ​ជា​នំបុ័ង​យ៉ាង​ធំ​មួយ ដែល​ណែនាំ​ឱ្យ​យើង​អាច​ចិញ្ចឹម​មនុស្ស​យ៉ាង​ច្រើន ដោយ​បរិបូណ៌ ជា​ម្ហូប​អាហារ​ដែល​មក​ពី​ស្ថាន​បរម​សុខ ជា​ម្ហូប​អាហារ​ដែល​ផ្តល់​ជីវិត​អស់​កល្ប​ជានិច្ច​។

ដូច្នេះ យើង​អធិដ្ឋាន​សម្រាប់​យុវជន​យុវនារី​ឱ្យ​គេ​រក​ឃើញ​គ្រួសារ​មួយ​យ៉ាង​ពិសេស នៅ​ក្នុង​ព្រះសហគមន៍​របស់​យើង ឱ្យ​គេ​រក​ឃើញ​កម្លាំង​កាយ​កម្លាំង​ចិត្ត​ដោយ​ដឹង​ថា ពិត​មែន​ព្រះសហគមន៍ ព្រះយេស៊ូ និង​ព្រះបន្ទូល ជា​ទី​ពឹង​របស់​ខ្ញុំ។ នៅ​ពេល​ខ្ញុំ​ធ្លាក់​ទឹក​ចិត្ត នៅ​ពេល​ខ្ញុំ​អស់​សង្ឃឹម នៅ​ពេល​ខ្ញុំ​មាន​ទុក្ខ​លំបាក នៅ​ពេល​ខ្ញុំ​ជួប​បញ្ហា ខ្ញុំ​អាច​ទៅ​មុខ​ត​ទៅ​ទៀត។ ដោយសារ​ខ្ញុំ​មាន​ព្រះសហគមន៍ ដោយសារ​ខ្ញុំ​មាន​គ្រួសារ ដោយសារ​ខ្ញុំ​មាន​បង​ប្អូន​ប្រុស​ស្រី ដោយសារ​ខ្ញុំ​មាន​លោក​ឪពុក​ដែល​ស្រឡាញ់​ថែរក្សា​ខ្ញុំ នេះ​ជា​ក្រុម​គ្រួសារ​ដែល​យើង​ចង់​មាន។

សូម​បង​ប្អូន​អធិដ្ឋាន​សម្រាប់​ព្រះសហគមន៍​នីមួយៗ ទូ​ទាំង​ប្រទេស​កម្ពុជា​យើង​មាន​ជាង​១២០​ព្រះសហគមន៍។ យើង​អធិដ្ឋាន​សម្រាប់​ព្រះសហគមន៍​របស់​យើង ឱ្យ​ព្រះសហគមន៍​នីមួយៗ​ទៅ​ជា​កន្លែង​មួយ​យ៉ាង​ពិសេស ទៅ​ជា​កោះ​នៃ​សេចក្តី​ស្រឡាញ់​នៅ​ក្នុង​ភូមិ។ ឱ្យ​យើង​មើល​ឃើញ​គ្រីស្ត​បរិស័ទ​ដែល​សម្តែង​ធម៌​មេត្តា​ករុណា​ដល់​ប្រជាជន ឱ្យ​យើង​មើល​ឃើញ​គ្រីស្ត​បរិស័ទ​ដែល​ចេះ​ចូល​គ្នា​នៅ​ក្នុង​អន្តរ​សាសនា ជា​ពិសេស​ពុទ្ធ​សាសនា​ដើម្បី​ធ្វើ​ដំណើរ​ជា​មួយ​គ្នា។ ឱ្យ​យើង​មើល​ឃើញ​គ្រីស្ត​បរិស័ទ​ដែល​ចេះ​បើក​ភ្នែក ពេល​មើល​ឃើញ​ទុក្ខ​លំបាក ការ​ស្រេក​ឃ្លាន​របស់​បង​ប្អូន​ឯទៀតៗ។ ឱ្យ​គ្រីស្ត​បរិស័ទ​ចេះ​អធិដ្ឋាន ដើម្បី​យុវជន​យុវនារី ដោយសារ​ព្រះសហគមន៍​របស់​យើង​ដូច​ជា​ព្រះសហគមន៍​ពី​ដើម។ ដូច​ក្នុង​សម័យ​លោក​ប៉ូល លោក​ប៉ាណាប៉ាស់ ដូច​សម័យ​ក្រុម​គ្រីស្ត​ទូត ជា​គ្រីស្ត​បរិស័ទ​ជំនាន់​ទី​១ ជំនាន់​ទី​២។ ប៉ុន្តែ ជំនាន់​ទី​២​កើត​ឡើង​ដោយ​បង​ប្អូន​ដែល​ជា​ជំនាន់​ទី​១ បាន​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ព្រះបន្ទូល បង្កើត​បរិយាកាស​មួយ​ដែល​មាន​ភាព​កក់​ក្តៅ​រួម​ជា​មួយ​ព្រះយេស៊ូ រួម​ជា​មួយ​ព្រះសហគមន៍។ ដូច្នេះ យើង​ត្រូវ​តែ​អធិដ្ឋាន ដើម្បី​ក្រុម​គ្រួសារ​របស់​យើង​តាម​ព្រះសហគមន៍​នីមួយៗ​ទាំង​បី​ភូមិភាគ យើង​បង្កើត​បរិយាកាស​មួយ​ដែល​ជា​ក្រុម​គ្រួសារ​របស់​ព្រះយេស៊ូ ដែល​ជា​ក្រុម​គ្រួសារ​ដ៏​វិសុទ្ធ។ ដូច​ព្រះនាង​ម៉ារី សន្ត​យ៉ូសែប ដែល​បាន​ណែនាំ​ឱ្យ​កុមារ​យេស៊ូ​បាន​ទៅ​ជា​គ្រូ​គង្វាល​ដ៏​សប្បុរស ដើម្បី​ឃ្វាល​យើង​ដែល​ជា​ប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់​។

បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​អត្ថបទ​ទី​២ “កូន​ចៀម​ដែល​គង់​នៅ​កណ្ដាល​បល្ល័ង្ក ទ្រង់​នឹង​ឃ្វាល​ពួក​គេ ព្រះ‌អង្គ​នឹង​នាំ​គេ​ទៅ​រក​ប្រភព​ទឹក​ដែល​ផ្ដល់​ជីវិត ហើយ​ព្រះ‌ជាម្ចាស់​នឹង​ជូត​ទឹក​ភ្នែក​ចេញ​អស់​ពី​ភ្នែក​របស់​គេ”។ ពិត​មែន យើង​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម ដោយសារ​យើង​មាន​ព្រះយេស៊ូ​ផ្ទាល់​ដែល​ឃ្វាល​យើង យើង​មាន​ព្រះយេស៊ូ​ផ្ទាល់​ដែល​ជា​ប្រភព​ទឹក​ដែល​ផ្តល់​ជីវិត យើង​មាន​ព្រះយេស៊ូ​ផ្ទាល់​ដែល​បាន​ជូត​ទឹក​ភ្នែក ដើម្បី​ឱ្យ​យើង​មើល​ឃើញ​សុភមង្គល​ដ៏​ពិត​ប្រាកដ។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Share on facebook
Facebook
Share on twitter
Twitter
Share on linkedin
LinkedIn

Subscribe to our newsletter

Don't miss new updates on your email