អភិបូជា​រំលឹក​ព្រះនាង​ព្រហ្ម​ចារិនី​ម៉ារី ជា​មាតា​នៃ​ព្រះសហគមន៍ធ្វើ​នៅ​ព្រះសហគមន៍​ក្សត្រី​នៃ​សន្តិភាពអរិយក្សត្រ ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០២២

អត្ថបទ​ទី១៖ កំណើត​ពិភព​លោក ៣,៩-១៥.២០នរណា​ប្រាប់​អ្នក​ឲ្យ​ដឹង​ថា​អ្នក​នៅ​ខ្លួន​ទទេ​ដូច្នេះ? កណ ៣,១១ដំណឹងល្អ៖ យ៉ូហាន ១៩,២៥-៣៤ស្រាប់​តែ​មាន​ទឹក និង​លោហិត​ហូរ​ចេញ​មក​មួយ​រំពេច។ យហ ១៩,៣៤

“តួនាទី​ម្តាយ”

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ យើង​ស្តាប់​ព្រះគម្ពីរ​ស្តី​អំពី​ព្រះយេស៊ូ​សោយ​ទិវង្គត​តាម​លោក​យ៉ូហាន ព្រះសហគមន៍​បាន​ជ្រើស​រើស​គម្ពីរ​នេះ​ដើម្បី​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​អាថ៌​កំបាំង​ថ្មី គឺ​ព្រះនាង​ម៉ារី​ជា​មាតា​នៃ​ព្រះសហគមន៍។ យើង​ដឹង​ថា ព្រះសហគមន៍​បាន​ចាប់​ផ្តើម​កើត​ឡើង​នៅ​ពេល​ព្រះយេស៊ូ​បាន​ត្រាស់​ហៅ​ក្រុម​គ្រីស្ត​ទូត ព្រះយេស៊ូ​បាន​ត្រាស់​ហៅ​១២​នាក់។ ព្រះយេស៊ូ​បាន​អប់រំ​គេ ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​គេ​នៅ​ជា​មួយ​ព្រះអង្គ ព្រះយេស៊ូ​ចាត់​គេ​ឱ្យ​ទៅ​ប្រកាស​ដំណឹង​ល្អ។ នៅ​ពេល​នោះ ជា​ពូជ​នៃ​ព្រះសហគមន៍​ដែល​បន្តិច​ម្តងៗ​បាន​ធ្វើ​ដំណើរ​ជា​មួយ​ព្រះយេស៊ូ ក្រុម​គ្រីស្ត​ទូត​ចាប់​ផ្តើម​ទទួល​ស្គាល់​ព្រះយេស៊ូ​ជា​ព្រះគ្រីស្ត​តាម​រយៈ​លោក​សិលា។ គេ​ចាប់​ផ្តើម​ដើរ​តាម​ព្រះយេស៊ូ​ដោយ​ស្តាប់​ការ​អប់រំ​ពី​ព្រះយេស៊ូ​ យូរៗ​ម្តង​គេ​ចេញ​ពី​ព្រះយេស៊ូ​ដើម្បី​ទៅ​តាម​ភូមិ​នីមួយៗ ដើម្បី​បន្ត​ប្រកាស​ដំណឹង​ល្អ​តាម​របៀប​ព្រះយេស៊ូ។ ពេល​គេ​ប្រកាស​ហើយ គេ​ត្រលប់​មក​ជួប​ព្រះយេស៊ូ​វិញ​ដើម្បី​ធ្វើ​របាយ​ការណ៍​ទៅ​ព្រះអង្គ និង​ដើម្បី​បន្ត​ទទួល​ការ​អប់រំ​ពី​ព្រះយេស៊ូ នេះ​ជា​ពូជ​នៃ​ព្រះសហគមន៍​ដែល​បាន​ចាប់​ផ្តើម​ហើយ។

នៅ​ក្នុង​ចំណោម​ក្រុម​គ្រីស្ត​ទូត​១២​នាក់ យើង​ដឹង​ថា​មាន​ក្រុម​សាវ័ក​៧២​នាក់​ដែល​ព្រះយេស៊ូ​បាន​ចាត់​គេ​ឱ្យ​ទៅ​ប្រកាស​ដំណឹង​ល្អ និង​មាន​ក្រុម​ស្ត្រី​ខ្លះៗ នៅ​ក្នុង​ចំណោម​ក្រុម​ស្ត្រី​ទាំង​នេះ​មាន​ព្រះនាង​ម៉ារី​ដែរ។ គម្ពីរ​ដែល​យើង​ស្តាប់​ថ្ងៃ​នេះ​ជា​គម្ពីរ​ពិសេស ដោយសារ​ជា​ពេល​វេលា​ចុង​ក្រោយ​បំផុត​របស់​ព្រះយេស៊ូ​នៅ​លើ​ផែនដី​នេះ ព្រោះ​ព្រះយេស៊ូ​កំពុង​សោយ​ទិវង្គត។ នៅ​ពេល​នោះ មាន​តែ​ពីរ​នាក់​ដែល​នៅ​ក្បែរ​ឈើ​ឆ្កាង​ព្រះអង្គ គឺ​ព្រះនាង​ម៉ារី​ដែល​ជា​មាតា​របស់​ព្រះយេស៊ូ និង​លោក​យ៉ូហាន​ដែល​ជា​សាវ័ក​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ដ៏​សំខាន់ ព្រះបន្ទូល​ទី​មួយ​ទៅ​ព្រះនាង​ម៉ារី​ថា “អ្នក​អើយ នេះ​ហើយ​កូន​របស់​អ្នក” មាន​ន័យ​ថា ព្រះនាង​ម៉ារី​ទៅ​ជា​ម្តាយ​របស់​លោក​យ៉ូហាន​ដែរ។ ព្រះបន្ទូល​ទី​ពីរ​ទៅ​លោក​យ៉ូហាន​ថា “នេះ​ហើយ​ជា​ម្តាយ​របស់​អ្នក” ដើម្បី​ប្រគល់​ព្រះនាង​ម៉ារី​ដ៏​ពេញ​លក្ខណៈ​ទៅ​ជា​ម្តាយ​របស់​លោក​យ៉ូហាន។ តាម​ពិត នៅ​ពេល​នោះ​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​ព្រះនាង​ម៉ារី​ទៅ​ជា​ម្តាយ​របស់​ព្រះសហគមន៍ តាម​រយៈ​លោក​យ៉ូហាន។ ជា​ម្តាយ​របស់​ព្រះសហគមន៍ ម្តាយ​របស់​ព្រះកាយ​ព្រះគ្រីស្ត​ដែល​យើង​ជា​ព្រះសហគមន៍​ទាំង​អស់​គ្នា។

ព្រះសហគមន៍​បាន​កើត​ឡើង​ដ៏​ពេញ​លក្ខណៈ នៅ​ពេល​គេ​យក​លំពែង​ដើម្បី​ពិនិត្យ​មើល​ព្រះយេស៊ូ​សោយ​ទិវង្គត​ឬ​នៅ។ នៅ​ពេល​នោះ មាន​ទឹក និង​មាន​លោហិត​របស់​ព្រះអង្គ​ដែល​បាន​ហូរ​ចេញ​ពី​ព្រះបេះដូង​របស់​ព្រះយេស៊ូ។ ព្រះយេស៊ូ​ដូច​ជា​បាន​បង្កើត​ព្រះសហគមន៍ នៅ​ក្នុង​ទឹក​ដែល​ជា​ជីវិត​ដ៏​ពិសេស ជា​ជីវិត​អស់​កល្ប​ជានិច្ច​ដែល​ព្រះយេស៊ូ​ប្រទាន​ឱ្យ។ នៅ​ក្នុង​លោហិត ដែល​ជា​ជីវិត​បូជា ជីវិត​លះ​បង់ ទៅ​ជា​សញ្ញា​សម្គាល់​នៃ​សេចក្តី​ស្រឡាញ់​ដល់​កំពូល សេចក្តី​ស្រឡាញ់​ដល់​ទី​បំផុត។ នៅ​ពេល​ព្រះយេស៊ូ​ស្រឡាញ់​យើង រហូត​ដល់​សោយ​ទិវង្គត​លើ​ឈើ​ឆ្កាង លោហិត​របស់​ព្រះអង្គ ជា​សញ្ញា​នៃ​សេចក្តី​ស្រឡាញ់​ដ៏​ពេញ​លក្ខណៈ ដែល​យើង​មើល​ឃើញ​នៅ​ក្នុង​ព្រះសហគមន៍​ដ៏​ពេញ​លក្ខណៈ​ដែរ។ ដូច្នេះ ព្រះនាង​ម៉ារី​ដែល​នៅ​ក្បែរ​ឈើ​ឆ្កាង​ទៅ​ជា​ម្តាយ​របស់​ព្រះសហគមន៍ ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។

ម្សិល​មិញ នៅ​ពេល​យើង​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ យើង​នឹក​ឃើញ​ដល់​ក្រុម​គ្រីស្ត​ទូត​ដែល​កំពុង​ជួប​ជុំ​គ្នា នៅ​ពេល​នោះ​មាន​ព្រះនាង​ម៉ារី​ដែរ។ ទោះ​បី​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា ព្រះអង្គ​នឹង​គង់​នៅ​ជា​មួយ​ពួក​គាត់ ក៏​គេ​នៅ​តែ​ភ័យ​ខ្លាច ដូច្នេះ​គេ​អធិដ្ឋាន​ស្ងៀម​ស្ងាត់ គេ​បិទ​ទ្វារ​បិទ​បង្អួច។ នៅ​ពេល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក ទើប​គេ​ហ៊ាន​ចេញ​ដើម្បី​ប្រកាស​ដំណឹង​ល្អ នៅ​ពេល​នោះ​គេ​បាន​បំពេញ​បេសកកម្ម​របស់​ព្រះសហគមន៍។ គេ​ទៅ​ជា​ព្រះសហគមន៍​ដ៏​ពេញ​លក្ខណៈ ដែល​ជា​ព្រះកាយ​ព្រះគ្រីស្ត ដែល​មាន​ព្រះយេស៊ូ​គ្រីស្ត​ជា​ព្រះសិរសា និង​ដែល​មាន​បេសកកម្ម​មួយ​យ៉ាង​ពិសេស គឺ​ទៅ​ប្រកាស​ដំណឹង​ល្អ​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​អត្ថបទ​ដែល​យើង​ស្តាប់​ថ្ងៃ​នេះ ដែល​យើង​ស្តាប់​ពី​ម្សិលមិញ​នៅ​ពេល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក យើង​មើល​ឃើញ​ព្រះសហគមន៍​ដែល​កើត​ឡើង។ ចេញ​ពី​ក្រុម​គ្រីស្ត​ទូត រួម​ជា​មួយ​ព្រះនាង​ម៉ារី នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ យើង​ទៅ​ជា​ព្រះកាយ​ព្រះគ្រីស្ត ដើម្បី​ទៅ​ប្រកាស​ដំណឹង​ល្អ​រហូត​ដល់​សព្វ​ថ្ងៃ។ ព្រះសហគមន៍ គឺ​យើង​ដែល​ជា​ថ្ម​ដ៏​មាន​ជីវិត ព្រះសហគមន៍​គឺ​យើង​ជា​គ្រីស្ត​បរិស័ទ​ដែល​យក​ចិត្ត​ទុក​ដាក់​អធិដ្ឋាន ដែល​យក​ចិត្ត​ទុក​ដាក់​បន្ត​ជំនឿ ដែល​យក​ចិត្ត​ទុក​ដាក់​សម្តែង​ធម៌​មេត្តា​ករុណា។ ដោយសារ នេះ​ជា​អ្វី​ដែល​ព្រះសហគមន៍​បាន​ធ្វើ​ពី​ដើម​រៀង​មក នៅ​ក្នុង​ក្រុម​គ្រីស្ត​ទូត​ដែល​ប្រកាស​ដំណឹង​ល្អ ដែល​ប្រកាស​អំពី​ជំនឿ ដែល​អធិដ្ឋាន ដែល​ណែនាំ​ឱ្យ​គ្រីស្ត​បរិស័ទ​បង្ហាញ​អំពី​ធម៌​មេត្តា​ករុណា​របស់​ព្រះជាម្ចាស់។ ជា​មូល​ហេតុ​នៅ​ក្នុង​ព្រះសហគមន៍​របស់​យើង​សព្វ​ថ្ងៃ យើង​មាន​គណៈកម្មការ​ទាំង​បី​សំខាន់ គឺ​គណៈកម្មការ​ពិធី​បុណ្យ​ដើម្បី​អធិដ្ឋាន ដើម្បី​ថ្វាយ​អភិបូជា ដើម្បី​ណែនាំ​ឱ្យ​យើង​ទៅ​ជា​មនុស្ស​ដ៏​វិសុទ្ធ។ គណៈកម្មការ​សង្គហៈ ដើម្បី​សម្តែង​ធម៌​មេត្តា​ករុណា​ដល់​បង​ប្អូន​ឯទៀតៗ។ គណៈកម្មការ​អប់រំ​ជំនឿ ដើម្បី​ណែនាំ​ឱ្យ​មនុស្ស​ថ្មីៗ​អាច​ទទួល​ជំនឿ​ពី​យើង និង​ដើម្បី​ឱ្យ​គ្រីស្ត​បរិស័ទ​របស់​យើង​រៀន​អប់រំ​ជំនឿ​ថែម​ទៀត ដើម្បី​ចូល​នៅ​ក្នុង​ជីវិត​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់។

នៅ​ពេល​យើង​នឹក​ដល់​ព្រះនាង​ម៉ារី ដែល​ជា​មាតា​នៃ​ព្រះសហគមន៍ យើង​ត្រូវ​ការ​ដឹង​ថា​មាតា​មាន​តួនាទី​អ្វី​ខ្លះ​នៅ​ក្នុង​ក្រុម​គ្រួសារ​មួយ? ដំបូង​បង្កើត​កូន ថែរក្សា​កូន​នៅ​ក្នុង​ផ្ទៃ​ពោះ​អស់​រយៈ​ពេល​៩​ខែ​១០​ថ្ងៃ ឱ្យ​មាន​កូន​នៅ​ក្នុង​ក្រុម​គ្រួសារ។ ម្តាយ​ជា​អ្នក​ដែល​ការពារ ថែរក្សា និង​ចិញ្ចឹម​កូន ពី​ដើម​រៀង​មក ម្តាយ​នៅ​ជា​មួយ​កូន បី​បាច់​ថែរក្សា​កូន។ ម្តាយ​ជា​អ្នក​ដែល​អប់រំ ដឹក​នាំ​ឱ្យ​កូន​ចេះ​និយាយ ឱ្យ​កូន​ចេះ​ដើរ ឱ្យ​កូន​ចេះ​មាន​របៀប​រស់​នៅ​ក្នុង​គ្រួសារ និង​សង្គម ម្តាយ​អប់រំ ណែនាំ​ដើម្បី​ឱ្យ​កូន​រីក​ចម្រើន​បន្តិច​ម្តងៗ។ ម្តាយ​ក៏​មាន​តួនាទី​មួយ​ពិសេស គឺ​ម្តាយ​ពូកែ​លើក​លែង​ទោស​ឱ្យ​កូន ម្តាយ​ស្តី​ឱ្យ​កូន​តែ​ម្តាយ​នៅ​តែ​ស្រឡាញ់​កូន​ដដែល។ ទោះ​បី​កូន​មាន​កំហុស​យ៉ាង​ណា ក៏​ម្ដាយ​នៅ​តែ​លើក​លែង​ទោស​ឱ្យ​កូន​ជានិច្ច នៅ​តែ​ស្រឡាញ់​កូន​ដដែល។ ម្តាយ​ណែនាំ​ឱ្យ​កូន​ស្គាល់​ព្រះជាម្ចាស់ ស្រឡាញ់​ព្រះជាម្ចាស់ ម្តាយ​បង្រៀន​កូន​ឱ្យ​ចេះ​ធម៌​ទាំង​ឡាយ​នៅ​ក្នុង​ព្រះសហគមន៍។ ម្ដាយ​បាន​ណែនាំ​ឱ្យ​យើង​ចាប់​ផ្តើម​ស្គាល់​ព្រះជាម្ចាស់ ឱ្យ​យើង​ចាប់​ផ្តើម​បង្កើត​ទំនាក់​ទំនង​ជា​មួយ​ព្រះជាម្ចាស់។ ម្តាយ​បាន​ណែនាំ​ឱ្យ​យើង​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក មិន​មែន​តែ​នៅ​ក្នុង​ក្រុម​គ្រួសារ គឺ​ជា​មួយ​បង​ប្អូន​ឯទៀតៗ​នៅ​ក្នុង​សង្គម​របស់​យើង។ ម្តាយ​ជា​មេ​គ្រួសារ ដែល​បាន​ណែនាំ​ឱ្យ​ក្រុម​គ្រួសារ​មាន​ភាព​កក់​ក្ដៅ ពេល​យើង​គ្មាន​ម្តាយ​ក្រុម​គ្រួសារ​យើង​ក៏​គ្មាន​ភាព​កក់​ក្ដៅ​ដែរ។

ដូច្នេះ នៅ​ពេល​យើង​នឹក​ឃើញ​តួនាទី​របស់​ម្តាយ​ទាំង​អស់ យើង​មើល​ឃើញ​ព្រះសហគមន៍​របស់​យើង​ដែល​មាន​ព្រះនាង​ម៉ារី ដែល​បាន​ណែនាំ​ឱ្យ​យើង​ជា​ព្រះសហគមន៍ ចូល​បន្តិច​ម្តងៗ​នៅ​ក្នុង​ព្រះបេះដូង ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ដ៏​ពិត​ប្រាកដ។ ព្រះសហគមន៍​ដែល​ការពារ​ថែរក្សា​យើង ព្រះសហគមន៍​ដែល​ចិញ្ចឹម​យើង ព្រះសហគមន៍​ដែល​អប់រំ​ណែនាំ​យើង។ ព្រះសហគមន៍​ដែល​ណែនាំ​ឱ្យ​យើង​ស្គាល់​ព្រះជាម្ចាស់ ឱ្យ​យើង​ស្រឡាញ់​ព្រះជាម្ចាស់ ព្រះសហគមន៍​ដែល​ណែនាំ​ឱ្យ​យើង​ចេះ​លើក​លែង​ទោស ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ព្រះសហគមន៍​ដែល​ណែនាំ​ឱ្យ​យើង​ចេះ​ស្រឡាញ់​បង​ប្អូន​ឯទៀតៗ ព្រះសហគមន៍​ដែល​ជា​គ្រួសារ​របស់​យើង។ នៅ​ក្នុង​បុណ្យ​ចម្លង យើង​មាន​ជិត​១០០​នាក់​ដែល​បាន​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​យើង គឺ​ទទួល​គ្រួសារ​ថ្មី។ នៅ​ក្នុង​អត្ថបទ​ទី​២​ម្សិល​មិញ “នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យើង​លែង​ភ័យ​ខ្លាច យើង​ជា​បុត្រ​ធីតា​របស់​ព្រះជាម្ចាស់” មាន​ន័យ​ថា​យើង​ជា​កូន​របស់​ព្រះជាម្ចាស់​ពិត​មែន​នៅ​ក្នុង​ព្រះសហគមន៍។

បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​នៅ​ក្នុង​ពេល​វេលា​ដែល​ព្រះសហគមន៍​ណែនាំ​ឱ្យ​យើង​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា នៅ​ក្នុង​សន្និបាត​២០២១-២០២៣។ ដូច្នេះ ជា​ពេល​វេលា​មួយ​ដើម្បី​នឹក​ឃើញ​របៀប​ដែល​ព្រះសហគមន៍​រស់​នៅ​សព្វ​ថ្ងៃ ដោយ​យើង​មាន​ព្រះនាង​ម៉ារី​ដែល​ជា​គំរូ។ ជា​ម្តាយ​ដែល​ណែនាំ ការពារ​ថែរក្សា ស្រឡាញ់ លើក​លែង​ទោស ចេះ​អធិដ្ឋាន ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក បង្កើត​ភាព​កក់​ក្ដៅ​នៅ​ក្នុង​ក្រុម​គ្រួសារ។ យើង​អធិដ្ឋាន ដើម្បី​ឱ្យ​ព្រះសហគមន៍​របស់​យើង​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា ដោយ​យក​ព្រះនាង​ម៉ារី​ជា​គំរូ ព្រះនាង​ម៉ារី​ដែល​ជា​ព្រះមាតា​នៃ​ព្រះសហគមន៍​យើង​ខ្ញុំ។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ក្រុមសិល្បៈវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ទទួលបានលិខិតថ្លែងអំណរគុណ ក្នុងទិវាវប្បធម៌ជាតិ

ក្នុងស្មារតីលើកកម្ពស់ដួងព្រលឹងវប្បធម៌ខ្មែរ ក្រុមសិល្បៈនៃវិទ្យាល័យសន្តហ្វ្រង់ស្វ័រ បាននាំយកនូវទស្សនីយភាពរបាំបុរាណយ៉ាងជក់ចិត្តមកសម្តែងក្នុងឱកាសអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣មីនា» លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម កាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត។ នៅក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ លោកស្រី ឡៃ មករា នាយិការងវិទ្យាល័យសន្តហ្វ្រង់ស្វ័រ រួមជាមួយក្រុមសិល្បៈសិស្សានុសិស្ស បានទទួលលិខិតថ្លែងអំណរគុណផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមថែរក្សាវប្បធម៌។

ក្រុមបងស្រីនមស្ការ សម្ពោធគេហដ្ឋានថ្មីនៅភ្នំពេញ ដើម្បីពង្រីកបេសកកម្មជួយស្ត្រី និងកុមាររងគ្រោះ

ក្រុមបងស្រីនមស្ការ (Adoratrices) បានប្រារព្ធពិធីប្រទានពរ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហដ្ឋានថ្មីរបស់ខ្លួនក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្តល់ជម្រក និងការគាំទ្រដល់ស្ត្រី និងកុមារដែលរងគ្រោះដោយអំពើហិង្សា និងការបោះបង់។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ និងលោកអភិបាល សិលា សួន ហង្សលី ដោយមានការចូលរួមពីបុគ្គលិក និងគ្រីស្តបរិស័ទ​ អាជ្ញាធរដែនដី ភ្ញៀវជាតិ​និងអន្តរជាតិ​យ៉ាងច្រើន​កុះករ។ គេហដ្ឋានថ្មីនេះ គឺជាសមិទ្ធផលដែលកើតចេញពីចក្ខុវិស័យរបស់ក្រុមបងស្រីនមស្ការ ដែលបានមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២។

មរណសាក្សី​ជា​គ្រឹះ ជាកម្លាំង និងជា​សក្ខីកម្មនៃ​សន្តិភាព​សម្រាប់យើង

បន្ទាប់​ពី​បានប្រារព្ធពិធីបិទការស៊ើបអង្កេតជាផ្លូវការអំពីបេក្ខភាពនៃ “មរណសាក្សី” ដែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលមានលោក​អភិបាល​យ៉ូសែប ឆ្មារ សាឡាស់ និង​សហការី​ចំនួន​១១​រូប (បូជាចារ្យ បព្វជិត-ជិតា និង​គ្រហស្ថ) លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិកភូមិភាគ​ភ្នំពេញ បានធ្វើ​ជា​អធិបតី​ក្នុងពិធី​ថ្វាយអភិបូជា​រួមជាមួយលោកអភិបាល​សិលា សួន ហង្សលី និង​លោកបូជាចារ្យជាច្រើន​អង្គ​ ដើម្បី​អរព្រះគុណព្រះជាម្ចាស់ សម្រាប់ការស្រាវជ្រាវយ៉ាងហ្មត់ចត់អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ និងដើម្បីទូលអង្វរ​​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ សម្រាប់ដំណាក់កាលទីពីរនៃដំណើរការនេះនៅទីក្រុងរ៉ូម។ ថ្លែងក្នុងធម្មទេសនាទៅកាន់​គ្រីស្តបរិស័ទ​ប្រមាណ​៣០០នាក់ ដែលមកពី​តំបន់នានាក្នុងភូមិភាគ​ភ្នំពេញ

Subscribe to our newsletter

Don't miss new updates on your email