បុរស​ជន​ជាតិខ្មែរ​ពូណងក្លាយជាបូជាចារ្យកាតូលិក​

ក្បួនដង្ហែ​លាយឡំជាមួយ​តន្ត្រី​និង​សំឡេង​គង​របស់​ខ្មែរភាគតិច​ពូណង​បាន​លាន់ឮរំពង​ឡើង​ប្រមាណ​ជា​១គីឡូ​ដី ​ដែល​អម​ដោយ​របាំក្ងោក​នាំមុខឈើឆ្កាង​​បូជាចារ្យ​និង​លោកអភិបាល​ដើម្បី​នាំ​យុវជន​ជាតិ​ពូណង​ម្នាក់​មក​ថ្វាយ​ព្រះជាម្ចាស់។​​

«ជាបូជាចារ្យ​គឺ​ត្រូវ​បម្រើ​ បូជាជីវិត ​និង​ធ្វើ​អគ្គសញ្ញា​ដល់​បងប្អូន។​» នេះ​ជា​កាបញ្ជាក់​របស់​លោក​ប្រាក់​ប៊ុនហុង ​ជាឧបដ្ឋាក ដែល​បាន​តែង​តាំង​ក្លាយ​ជាបូជាចារ្យកាតូលិក​ក្នុង​ថ្ងៃ​ទី២៩​ខែមិថុនា​នេះ។​​

នៅក្នុង​ខែមិថុនា​ជាពេលវេលា​ដែល​ព្រះសហគមន៍​តែង​តាំង​បូជាចារ្យ។ ​លោក​អភិបាល​អូលីវីយ៉េ​ជ្មីតហស្លេ​អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញបញ្ជាក់​អំពី​រឿង​នេះ​។​ លោក​បន្ថែម​ថា​នៅពេលនេះ​ការ​ប្រកាស​ដំណឹង​ល្អ​នៅទីដាច់ស្រយាល​គឺ​មាន​រូប​រាង​ហើយ។​​

ពិធីតែងតាំង​នេះ​ត្រូវ​បាន​ប្រារព្ធឡើងនៅព្រះវិហារ​សន្តយ៉ូហានបាទីស្ត​នៅព្រះសហគមន៍​ប៊ូស្រា​ក្នុង​ស្រុក​ពេជ្រាដា ​ខេត្តមណ្ឌលគិរី​ ​ដែល​ស្ថិត​ក្នុង​ភាគ​ឦសាន្ត​នៃ​ប្រទេស​កម្ពុជា​ប្រមាណជាង៥០០គីឡូម៉ែត្រពីទីក្រុង​ភ្នំពេញ។​​

តំបន់​នេះ​ភាគច្រើន​មាន​ខ្មែរ​ជនជាតិភាគតិច​ពូណង​រស់នៅ។ ​​លោក​បូជាចារ្យប៊ុនហុង​ដែលមាន​កំណើត​មក​ពី​ព្រះសហគមន៍​នេះ ​បាន​ឲ្យដឹង​ទៀត​ថា​ «ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​ខ្ញុំ​និង​ញែកខ្ញុំ​ចេញពីគេ​ចូលទៅក្នុង​ក្រុម​របស់​ព្រះអង្គ ​គឺ​ក្រុម​បូជាចារ្យ​ដើម្បីបម្រើព្រះអង្គនិង​ព្រះសហគមន៍​។​»​​

លោក​បូជាចារ្យ​ថ្មី បន្ថែម​ថា «ព្រះអង្គបាន​ប្រទានពរ​ដល់ខ្ញុំ​តាមរយៈ​លោកអភិបាល​អូលីវីយ៉េ​ឲ្យខ្ញុំ​មាន​កំលាំង​ខ្លាំងដើម្បីបម្រើ​ព្រះសហគមន៍​ទៅថ្ងៃមុខ។»

ព្រះវិហារ​សន្ត​យ៉ូហាន​បាទីស្ត​នៃ​ព្រះសហគមន៍​ប៊ូស្រា ដោយ​មាន​ជន​ជាតិ​ដើម​ភាគ​តិច​ពូណង​ចំនួន​១៥​គ្រួសារ​ បាន​ផ្លាស់​ប្តូរ​ជំនឿ​របស់​ខ្លួន​នៅ​ប្រទេស​វៀតណាម ក្នុងពេល​ភៀស​ខ្លួន​ដោយ​សារ​​សង្គ្រាម។ ក្រោយ​មកក៏​បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ ដោយ​មាន​១០គ្រួសារ​តាំង​លំនៅ​នៅ​ប៊ូស្រា និង​៥​គ្រួសារ​ទៀត​តាំងលំនៅ​នៅ​ដាក់ដាំ។

ក្នុង​ឆ្នាំ​១៩៩៦ មាន​យុវជន​ស្ម័គ្រ​ចិត្ត​ជាតិ​បារាំង​បាន​ទៅដល់​ប៊ូស្រា និង​បាន​រក​ឃើញ​គ្រីស្ត​បរិស័ទនៅទីនោះ ហើយ​បន្ត​បន្ទាប់​មក​ទៀត​ក៏​មាន​បូជាចារ្យ​ទៅ​សួរ​សុខ​ទុក្ខ​និង​ថ្វាយអភិបូជា​យូរៗម្តង។ បច្ចុប្បន្ន​ព្រះសហគមន៍​ប៊ូស្រា​មាន​គ្រីស្ត​បរិស័ទ​ប្រមាណ​ជាង​១០០នាក់ ដែល​ភាគ​ច្រើន​ជា​អ្នក​ធ្វើ​ស្រែ​និង​ចម្ការ​ជា​ជន​ជាតិ​ខ្មែរ​ភាគ​តិច​ពូណង។ ក្នុងព្រះសហគមន៍​នេះ ក៏មាន​យុវនារីម្នាក់​បាន​ក្លាយ​ខ្លួន​ជាដូនជី​ ក្នុងក្រុម​ស្រឡាញ់​ឈើ​ឆ្កាង​ព្រះយេស៊ូ​ផងដែរ។

ក្នុង​វ័យ​ជា៧៥ឆ្នាំ ជា​ជន​ជាតិ​ដើម​ភាគ​តិច ដែល​បាន​ចាប់​ផ្ដើម​ព្រះសហគមន៍នៅទីនេះ ជាមួយ​គ្រួសារ​ចំនួន​​៩​ទៀត​​ លោក​ព្រី ត្រេ បានឲ្យដឹងអំពី​មូលហេតុ​នៃ​ការ​ផ្លាស់​ប្តូរ​ជំនឿ​ថា «យើងជាបងប្អូនជនជាតិកាលនោះ យើងអត់មានអ្វីសែនព្រេន ហើយឃើញការរស់នៅរបស់បងប្អូនគ្រីស្តបរិស័ទល្អ មានការរាប់អាន ហើយ(ជំនឿនេះ)យើងអាចតាមគេបាន។»

ក្នុ​ង​ធម្មទេសនា លោកអភិបាលអូលិវីយ៉េ​​មាន​ប្រសាសន៍ថា ព្រះវិញ្ញាណនាំយើង​ទៅ​ប្រកាស​ដំណឹង​ល្អ​ អោយ​យើង​ប្រកាស​ជំនឿ ហើយ​ណែនាំ​អោយ​ថ្ងៃនេះ​ «ហុងអាច​ឆ្លើយតប​នឹង​ព្រះជាម្ចាស់​និង​រួម​ជាមួយ​ព្រះសហគមន៍​ដើម្បីប្រកាស​ដំណឹង​ល្អ​ដោយមាន​គោលដៅ​តែមួយ​គឺដើម្បីអោយ​បងប្អូន​ស្គាល់​ការ​សង្គ្រោះ​ អោយជីវិត​យើង​ចូលក្នុង​ជីវិត​អស់កល្បជានិច្ច។»​​

លោកអភិបាល​ព្រះសហគមន៍​ មាន​ប្រសាសន៍ទៀតថា ការងារ​និង​តួនាទី​របស់​បូជាចារ្យទាំង​អស់​​ គឺ​​«​គ្មាន​អាណត្តិដូច​គេ​ទេ។ ​​គឺ​បូជាចារ្យ(រស់នៅនិង​បម្រើ)​ជាប់​​នឹងព្រះជាម្ចាស់​អស់មួយជីវិត។​»

ក្នុងពិធីនេះ មាន​បូជាចារ្យ​មក​ពី​៣​ភូមិភាគ​សរុប​ ​៥២នាក់ ហើយ​ក្នុងឱកាស​នោះ​ដែរ លោកអភិបាល​ស្នើសុំឲ្យ​​លោកបូជាចារ្យគ្រប់រូប​ជួយ​លើក​ទឹកចិត្ត​ ស្វាគមន៍ ធ្វើ​ជា​គំរូ ជា​បងរបស់​លោក​បូជាចារ្យថ្មី​និងរស់​នៅក្នុង​ភាតរភាព​ទៅជា​គ្រួសារ​មួយ​ពិសេស​ក្នុង​អង្គព្រះយេស៊ូគ្រីស្ត ជា​ធ្លុង​តែ​មួយ​ដូច​ព្រះបិតា ព្រះបុត្រា​និង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ដែល​ជា​អង្គតែ​មួយ។

លោកអភិបាលបញ្ជាក់ថា​លោកបូជាចារ្យមាន​កិច្ចការ​៣​ដែល​សំខាន់​គឺ រស់​ជាមួយ​គ្នាដោយ​​ធ្វើដំណើរ​ជាមួយគ្នា​ក្នុង​អង្គ​ព្រះយេស៊ូ​គ្រីស្ត ​បម្រើ​ព្រះបន្ទូលដោយប្រកាសដំណឹង​ល្អ​គឺ​ឲ្យគេ​ស្គាល់​ព្រះបន្ទូល​ហើយ​អោយ​បន្ទូល​ទៅ​ដល់មនុស្សឯទៀតៗ​​ដើម្បីឲ្យគេស្គាល់ព្រះយេស៊ូ និង​ត្រូវ​​ធ្វើ​អគ្គសញ្ញា​ផ្សេងរបស់​ព្រះជាម្ចាស់ដើម្បី​នាំ​ឲ្យគ្រីស្ត​បរិស័ទក្លាយជា​ប្រជារាស្ត្រ​ដ៏វិសុទ្ធ​របស់​ព្រះជាម្ចាស់និង​ឲ្យ​​ជីវិត​របស់​ព្រះជាម្ចាស់​មាននៅក្នុង​ជីវិត​របស់បង​ប្អូន​។

លោកអភិបាល​បន្ត​ថា លោក​សូម​អរគុណ​បង​ប្រុស​ហុង ដែល​ពេល​នេះ បាន​សុខ​ចិត្ត​លះបង់​ខ្លួន​ថ្វាយ​និង​បម្រើ​ព្រះជាម្ចាស់ ហើយ​ក៏​សូមអរគុណ​មហាគ្រួសារកាតូលិក​​នៅកម្ពុជា ដែល​ជា​ព្រះសហគមន៍​​តូច​មែន​តែមាន​ជីវិតរស់រវើក។

លោក​បូជាចារ្យ​ប្រាក់ ប៊ុន​ហុង ជា​បូជាចារ្យទី​១០ ក្នុង​ចំណោមបូជាចារ្យ​​ជន​ជាតិ​ខ្មែរ​ផ្សេងៗទៀត​ដែល​កំពុង​បម្រើកិច្ច​ការ​ប្រកាស​ដំណឹងល្អ​ក្នុង​​ភូមិភាគទាំង​បី​ក្នុងប្រទេស​កម្ពុជា។

និយាយ​អំពី​គោលដៅសំខាន់​នៅថ្ងៃអនាគតជា​បូជាចារ្យ​ លោក​បូជាចារ្យ​ថ្មី​ ប្រាក់​ប៊ុន​ហុង ចង់​ប្រកាស​ដំណឹង​ល្អ​ដល់​មនុស្ស​ដែលនៅជុំវិញ​ទាំង​គ្រីស្តបរិស័ទ​និង​មិនមែន​ជា​គ្រីស្តបរិស័ទ ​ឲ្យ​ស្គាល់​ព្រះយេស៊ូ​កាន់តែ​ច្បាស់​និង​អំពី​សេចក្តីស្រឡាញ់​របស់​ព្រះជាម្ចាស់​ចំពោះ​ពួក​គេ​។ លោក​បន្ថែម​ថា «​ខ្ញុំ​ចង់ណែនាំ​ពួក​គេ​និង​លើក​ទឹកចិត្ត​ពួក​គេ ​អ្នក​ធ្លាក់ទឹកចិត្ត​មិន​ថាសាសនាណា​ពូជសាសន៍​ណាទេ។»​

ព្រះសគមន៍​កាតូលិក​កម្ពុជា ​បាន​កកើត​ក្នុង​ឆ្នាំ​១៥៥៥ ដោយ​បព្វជិត​ជាតិ​ប៉ទុយហ្គាល់។ ហើយ​ព្រះសហគមន៍នេះ បាន​រីកចម្រើន​ឡើង​បន្តិច​ម្តងៗ តែ​ជា​អកុសល​ដោយសារ​សង្គ្រាម​ស៊ីវិល ជា​ពិសេស​ក្នុង​របប​ប្រល័យពូជសាសន៍ប៉ុលពតក្នុង​ឆ្នាំ​១៩៧៥-១៩៧៩ ព្រះសហគមន៍​ត្រូវ​បាន​បំផ្លាញ​គ្មានសល់ ទាំង​ហេដ្ឋារចនាសម្ពន្ធ និង​ធន​ធាន​មនុស្ស។ អស់​លោក​អភិបាល បូជាចារ្យ បព្វជិត-ជិតា គ្រហស្ថ​និង​គ្រីស្ត​បរិស័ទ​មួយភាគ​ធំ​ត្រូវ​បាន​ស្លាប់​និង​សម្លាប់ ហើយ​សាសនទូត​បរទេស​ត្រូវ​បណ្តេញ​ចេញ​គ្មាន​សល់។​

ក្រោយសង្គ្រាម​ចប់ គ្រីស្ត​បរិស័ទ​បាន​បង្រួបបង្រួម​គ្នា​ឡើង​វិញ​។ ក្នុង​ឆ្នាំ​២០០១ មាន​យុវជន​ខ្មែរ​៤​រូប​បាន​តែ​ងតាំងជា​បូជាចារ្យ​លើក​ដំបូង​លើទឹក​ដីកម្ពុជា។ ហើយ​ព្រះសគមន៍​បាន​ខិត​ខំ​បង្កើត​ក្រុម​នានា​សម្រាប់​​យុវជន​ដើម្បី​ឈ្វេង​យល់​អំពីការ​ត្រាស់ហៅ​របស់ព្រះជាម្ចាស់​ជា​អ្នក​បួស ដោយ​មាន​កិច្ច​ប្រជុំ​​រិះគិត​ប្រចាំ​ខែ ត្រីមាស និងឆ្នាំ​សម្រាប់ក្រុម​និង​យុវ័ន្ត​និង​យុវតី​។

ក្នុងពេលបច្ចុប្បន្ន​នេះ ព្រះសហគមន៍​កម្ពុជា​ដែលមាន​គ្រីស្ត​បរិស័ទ​ប្រមាណ​២០០០០នាក់​មាន​បូជាចារ្យ​ជាតិ​ខ្មែរ​ចំនួន​១០​អង្គ និង​ដូនជី​ជិត​១០នាក់៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email