អភិបូជាអាទិត្យទី៥ក្នុងរដូវបុណ្យចម្លង ធ្វើនៅព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២

“ធ្វើឱ្យរូបកាយរបស់យើងទៅជាព្រះកាយព្រះគ្រីស្ត”

អត្ថបទ​ទី១៖ កិច្ចការ ១៤,២១ខ-២៧
យើង​ត្រូវ​ឆ្លង​កាត់​ទុក្ខ​វេទនា​ជា​ច្រើន ដើម្បី​ឲ្យ​បាន​ចូល​ក្នុង​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់។ កក ១៤,២២
អត្ថបទ​ទី២៖ វិវរណៈ ២១,១-៥ក
ព្រះ‌ពន្លា​របស់​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​ជា​មួយ​មនុស្ស​លោក។ វវ ២១,៣
ដំណឹងល្អ៖ យ៉ូហាន ១៣,៣១-៣៣ក.៣៤-៣៥
បើ​អ្នក​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក អ្នក​រាល់​គ្នា​ពិត​ជា​សាវ័ក​របស់​ខ្ញុំ​មែន។ យហ ១៣,៣៥

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ យើង​បាន​ស្តាប់​ធម៌​វិន័យ​របស់​ព្រះយេស៊ូ ដែល​បាន​ណែនាំ​ឱ្យ​យើង​រស់​នៅ​ក្នុង​លោកីយ៍​នេះ ជា​គ្រីស្ត​បរិស័ទ ជា​សាវ័ក​របស់​ព្រះយេស៊ូ។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា បើ​អ្នក​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​សាវ័ក​របស់​ខ្ញុំ​មែន”។ នេះ​ជា​របៀប​ដែល​ព្រះយេស៊ូ​ណែនាំ​ឱ្យ​យើង​ជា​គ្រីស្ត​បរិស័ទ​រស់​នៅ​ក្នុង​លោកីយ៍​នេះ ដើម្បី​ឱ្យ​សេចក្តី​ស្រឡាញ់​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ សេចក្តី​ស្រឡាញ់​ដែល​យើង​មើល​ឃើញ​នៅ​ក្នុង​ព្រះយេស៊ូ​ផ្ទាល់ អាច​ទៅ​ជា​សេចក្តី​ស្រឡាញ់​ដែល​ដឹក​នាំ​ជីវិត​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ថ្ងៃ​នេះ ជា​ថ្ងៃ​ពិសេស​នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក​ទូទាំង​ពិភព​លោក ដោយសារ​ថ្ងៃ​នេះ​សម្តេច​ប៉ាប​បាន​តែង​តាំង​សន្ត​បុគ្គល​ថ្មី​ម្នាក់ គឺ​ឆាលឌឺហ្វូហ្គូ។ ខ្ញុំ​ចង់​និយាយ​អំពី​គាត់ ដើម្បី​ឱ្យ​យើង​ជា​គ្រីស្ត​បរិស័ទ​អាច​ពិចារណា​អំពី​ជីវិត​របស់​យើង​សព្វ ដើម្បី​ឱ្យ​យើង​ជា​គ្រីស្ត​បរិស័ទ​ចេះ​ស្រឡាញ់​គ្នា​យ៉ាង​ពិត​ប្រាកដ ដោយ​មើល​ឃើញ​ឆាលឌឺហ្វូហ្គូ​ជា​គំរូ​មួយ​យ៉ាង​ពិសេស ដែល​ព្រះសហគមន៍​ប្រគល់​ឱ្យ​យើង​ជា​គ្រីស្ត​បរិស័ទ​ដើរ​តាម។ ដោយសារ​សន្ត​សន្តី ជា​អ្នក​ដែល​ជាប់​នឹង​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​របៀប​ពិសេស ដែល​ណែនាំ​ឱ្យ​យើង​ជា​គ្រីស្ត​បរិស័ទ​នៅ​ក្នុង​ព្រះសហគមន៍​អាច​មើល​ជា​គំរូ។ យើង​ដឹង​ថា សន្ត​សន្តី​ជា​មនុស្ស​ដូច​យើង ប៉ុន្តែ​ជា​មនុស្ស​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​រស់​នៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​អស់​មួយ​ជីវិត​របស់​គេ។ ឆាលឌឺហ្វូហ្គូ បាន​កើត​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​១៨៥៨ នៅ​ទីក្រុង​ស្ត្រាសប៊ូ ប្រទេស​បារាំង គាត់​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​១៩១៦ គេ​បាន​ស្លាប់​គាត់​នៅ​ក្នុង​វាល​រហោស្ថាន​នៅ​សាហារា។ ពេល​គាត់​នៅ​ជា​យុវជន​គាត់​ចង់​ធ្វើ​ជា​ទាហាន នៅ​ពេល​គាត់​មាន​អាយុ​១៨​ឆ្នាំ​គាត់​បាន​ធ្វើ​ជា​ទាហាន​រហូត​ដល់​អាយុ​២៣​ឆ្នាំ។ នៅ​ពេល​នោះ គាត់​គិត​ថា​ជីវិត​ធ្វើ​ជា​ទាហាន​មិន​បាន​ណែនាំ​ឱ្យ​គាត់​មាន​សេចក្តី​សុខ ក្រោយ​មក​គាត់​ចេញ​ពី​ធ្វើ​ទាហាន​ហើយ​ដើរ​តាម​ព្រះជាម្ចាស់។

គាត់​បាន​ចេញ​ពី​ប្រទេស​បារាំង ទៅ​ដល់​សាហារា​ដែល​ជា​ទឹក​ដី​មួយ​ជា​វាល​រហោស្ថាន ហើយ​មាន​សុទ្ធ​តែ​ជន​ជាតិ​អ៊ីស្លាម គាត់​បាន​ចាប់​ផ្តើម​បម្រើ​នៅ​ក្នុង​របៀប​ថ្មី។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​បង្ហាញ​ដល់​បង​ប្អូន​ថ្ងៃ​នេះ គឺ​របៀប​ដែល​គាត់​បាន​បម្រើ​ព្រះជាម្ចាស់​នៅ​ក្នុង​វាល​រហោស្ថាន ជា​មួយ​អ្នក​ដែល​កាន់​សាសនា​អ៊ីស្លាម​ទាំង​អស់ រហូត​ដល់​គេ​សម្លាប់​គាត់។ ជីវិត​របស់​គាត់​គឺ ធ្វើ​ដូច​ម្តេច​ដើម្បី​ធ្វើ​តាម​ព្រះយេស៊ូ គាត់​ចង់​ធ្វើ​ដូច​ព្រះយេស៊ូ។ ប៉ុន្តែ មិន​មែន​ធ្វើ​ដូច​ព្រះយេស៊ូ​ដែល​កំពុង​ប្រកាស​ដំណឹង​ល្អ មិន​មែន​ធ្វើ​ដូច​ព្រះយេស៊ូ​ដែល​បាន​ព្យាបាល​អ្នក​ជំងឺ គាត់​ចង់​ធ្វើ​ដូច​ព្រះយេស៊ូ​នៅ​ពេល​ព្រះយេស៊ូ​នៅ​ក្នុង​ទីក្រុង​ណាសារ៉ែត។ នៅ​ពេល​ព្រះយេស៊ូ​បាន​ប្រសូត​នៅ​បេថ្លេហិម ក្រោយ​មក​ព្រះយេស៊ូ​ធ្វើ​ដំណើរ​ជា​មួយ​ឪពុក​ម្តាយ ទៅ​ដល់​ភូមិ​កំណើត​របស់​ឪពុក​ម្តាយ​គឺ​ណាសារ៉ែត។ រយៈ​ពេល​៣០​ឆ្នាំ​ដែល​ព្រះយេស៊ូ​នៅ​ណាសារ៉ែត​យើង​មិន​ដឹង​ទេ ដោយសារ​ចាប់​ពី​ព្រះយេស៊ូ​ប្រសូត​រហូត​ដល់​ព្រះយេស៊ូ​ចាប់​ផ្តើម​ប្រកាស​ដំណឹង​ល្អ មាន​រយៈ​ពេល​៣០​ឆ្នាំ។ នៅ​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​នេះ ប្រហែល​ព្រះយេស៊ូ​ជា​កុមារ ជា​ជំទង់ ជា​យុវជន​ធម្មតា ព្រះយេស៊ូ​ធ្វើ​ជា​ជាង​ឈើ​ជា​មួយ​ឪពុក បាន​ខិត​ខំ​ចិញ្ចឹម​ជីវិត បាន​ខិត​ខំ​គោរព​មាតាបិតា…។ យើង​មិន​ដឹង​ថា​មាន​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ពេល​នោះ ដោយសារ​នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ​មិន​បាន​សរសេរ​អ្វី​សោះ​អំពី​ជីវិត​របស់​ព្រះយេស៊ូ​នៅ​ណាសារ៉ែត។

ឆាលឌឺហ្វូហ្គូ បាន​គិត​ថា “ខ្ញុំ​ត្រូវ​ការ​រស់​នៅ​តាម​ព្រះយេស៊ូ​នៅ​ក្នុង​ទីក្រុង​ណាសារ៉ែត នៅ​ពេល​នោះ​ព្រះយេស៊ូ​ដូច​ជា​លាក់​ខ្លួន ដាក់​ខ្លួន នៅ​ពេល​ព្រះយេស៊ូ​រស់​នៅ​នៅ​ក្នុង​សេចក្តី​ស្រឡាញ់​ដ៏​ពិសេស”។ ថ្ងៃ​នេះ​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ប្រសិន​បើ​យើង​ស្រឡាញ់​គ្នា​ដ៏​ពិត​ប្រាកដ​មនុស្ស​លោក​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សាវ័ក​របស់​ខ្ញុំ”។ ដូច្នេះ ចំណុច​ទី​១ របស់​ឆាលឌឺហ្វូហ្គូ គឺ​ធ្វើ​ដូច​ម្តេច​ដើម្បី​រស់​នៅ​ដូច​ព្រះយេស៊ូ​នៅ​ទីក្រុង​ណាសារ៉ែត ដោយ​ដាក់​ខ្លួន ដោយ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ ដោយ​យក​ចិត្ត​ទុក​ដាក់​ស្រឡាញ់។ ដោយសារ​គាត់​បាន​ស្រឡាញ់​ព្រះជាម្ចាស់ នៅ​ពេល​យើង​ស្រឡាញ់​មនុស្ស​ម្នាក់​អស់​ពី​ដួង​ចិត្ត យើង​ចង់​យក​គាត់​ជា​គំរូ​របស់​យើង។ ដូច្នេះ គាត់​បាន​យក​ព្រះយេស៊ូ​ជា​គំរូ​របស់​គាត់ ដោយសារ​គាត់​បាន​ស្រឡាញ់​ព្រះយេស៊ូ ដូច​ជា​គាត់​បាន​ជាប់​ស្នេហា​មួយ​យ៉ាង​ពិសេស​ជា​មួយ​ព្រះយេស៊ូ។ គាត់​បាន​យក​ព្រះយេស៊ូ​ជា​គំរូ ដើម្បី​រស់​នៅ​ជា​ប្រចាំ ដោយ​ដឹង​ថា​ពិត​មែន​មាន​តែ​ព្រះយេស៊ូ​ដែល​អាច​ណែនាំ​ឱ្យ​ជីវិត​របស់​គាត់ រក​ឃើញ​សេចក្តី​សុខសាន្ត និង​សុភមង្គល។ ដូច្នេះ ចំណុច​ទី​១ គឺ ដាក់​ខ្លួន យក​ចិត្ត​ទុក​ដាក់​នៅ​ក្នុង​ការងារ​និង​ការ​ទទួល​ខុស​ត្រូវ​របស់​យើង និង​ស្រឡាញ់​ដូច​ព្រះយេស៊ូ​បាន​ស្រឡាញ់។ ស្រឡាញ់​ព្រះយេស៊ូ​អស់​ពី​ដួង​ចិត្ត ស្តាប់​បង្គាប់​ព្រះយេស៊ូ​អស់​ពី​កម្លាំង​កាយ​កម្លាំង​ចិត្ត និង​ខិត​ខំ​ធ្វើ​តាម​ព្រះយេស៊ូ​នៅ​ក្នុង​គ្រប់​កាលៈ​ទេសៈ​នៃ​ជីវិត​របស់​គាត់។

ចំណុច​ទី​២ គាត់​ស្រឡាញ់​ព្រះកាយ​ព្រះគ្រីស្ត គាត់​ជា​បូជាចារ្យ​នៅ​ក្នុង​វាល​រហោស្ថាន​ដែល​ឥត​មាន​ព្រះវិហារ ឥត​មាន​គ្រីស្ត​បរិស័ទ ឥត​មាន​បង​ប្អូន​ដែល​ជួប​ជុំ​គ្នា។ ដូច្នេះ គាត់​មាន​ពេល​វេលា​ច្រើន​ដើម្បី​អធិដ្ឋាន គាត់​បាន​ដាក់​ព្រះកាយ​នៅ​ក្នុង​បន្ទប់​ដ៏​តូច​របស់​គាត់​នៅ​វាល​រហោ​ស្ថាន ដើម្បី​គោរព​និង​ស្រឡាញ់​ព្រះកាយ​ព្រះគ្រីស្ត។ នៅ​ពេល​គាត់​អង្គុយ​ម្នាក់​ឯង​នៅ​ក្នុង​បន្ទប់​គាត់ ដូចជា​គាត់​ឥត​មាន​ឱកាស​ដើម្បី​ឱ្យ​ព្រះកាយ​ព្រះគ្រីស្ត ចែក​រំលែក​ជា​មួយ​បង​ប្អូន​ដែល​នៅ​ជុំ​វិញ​គាត់។ បង​ប្អូន​ដែល​នៅ​ជុំ​វិញ​គាត់​សុទ្ធ​តែ​អ៊ីស្លាម​ទាំង​អស់ ដូច្នេះ​គាត់​មិន​អាច​អញ្ជើញ​គេ​មក​គោរព​ព្រះកាយ​ព្រះគ្រីស្ត​បាន​ទេ យក​ព្រះកាយ​ព្រះគ្រីស្ត​ដើរ​តាម​ភូមិ​អ៊ីស្លាម​ក៏​មិន​បាន​ដែរ។ ហេតុ​នេះ​ហើយ គាត់​បាន​នឹក​ឃើញ​ថា “ព្រះយេស៊ូ​ស្រឡាញ់​យើង​នៅ​ក្នុង​ព្រះកាយ​ព្រះគ្រីស្ត ដូច្នេះ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ឱ្យ​ខ្លួន​យើង រូប​កាយ​របស់​យើង​អាច​ស្រឡាញ់​បង​ប្អូន​ឯទៀតៗ​យ៉ាង​សកម្ម”។ ដូច្នេះ គាត់​បាន​ចាប់​ផ្តើម​យក​ចិត្ត​ទុក​ដាក់ ដើម្បី​បម្រើ​បង​ប្អូន​នៅ​ក្នុង​ជីវិត​ប្រចាំ​របស់​គេ នៅ​ក្នុង​ភូមិ​អ៊ីស្លាម​ដែល​គាត់​នៅ។ ដោយ​ដឹង​ថា រូប​កាយ​របស់​គាត់​ភ្ជាប់​ជា​មួយ​ព្រះកាយ​របស់​ព្រះគ្រីស្ត សេចក្តី​ស្រឡាញ់​ដែល​បាន​ទទួល​នៅ​ក្នុង​សេចក្តី​ស្រឡាញ់​នៃ​ព្រះកាយ​ព្រះគ្រីស្ត ជា​សេចក្តី​ស្រឡាញ់​ដែល​ចូល​នៅ​ក្នុង​ខ្លួន​គាត់ និង​គាត់​ចែក​រំលែក​នៅ​ក្នុង​ជីវិត​សាមញ្ញ​នៅ​ក្នុង​ភូមិ​ដែល​គាត់​នៅ។

ចំណុច​ទី​៣ នៅ​ក្នុង​វាល​រហោ​ស្ថាន​ជា​កន្លែង​ដាច់​ស្រយាល មិន​ទាន់​មាន​ការ​អភិវឌ្ឍ​អ្វី​សោះ ហេតុ​នេះ​ហើយ​គាត់​បាន​គិត​ថា ធ្វើ​ដូច​ម្តេច​ដើម្បី​ឱ្យ​មនុស្ស​ទាំង​អស់​យល់​ថា ជីវិត​របស់​គេ​មាន​តម្លៃ ធ្វើ​ដូច​ម្តេច​ដើម្បី​ឱ្យ​គេ​យល់​ថា ជីវិត​របស់​គេ​មក​ពី​ព្រះជាម្ចាស់​ដូច​គ្នា។ គេ​មាន​មោទនភាព គេ​មាន​កិត្តិយស​នៅ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន ហេតុ​នេះ​ហើយ​គាត់​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​អប់រំ ដើម្បី​បង្រៀន…។គាត់​បាន​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ឱ្យ​មនុស្ស​ម្នាក់​អាច​ចេញ​សមត្ថភាព​ដែល​មាន​នៅ​ក្នុង​ខ្លួន ដើម្បី​ធ្វើ​ជា​មនុស្ស​ដ៏​ពេញ​លក្ខណៈ។ ពោរពេញ​ដោយ​មោទនភាព ពោរពេញ​ដោយ​កិត្តិយស ដោយសារ​ជា​កូន​របស់​ព្រះជាម្ចាស់។ គាត់​បាន​ជួយ​អស់​ពី​សមត្ថភាព ដើម្បី​ឱ្យ​មនុស្ស​ទាំង​អស់​ដែល​គាត់​ជួប​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រីក​ចម្រើន​នៅ​ក្នុង​សមត្ថភាព​របស់​គេ ដើម្បី​ធ្វើ​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​កម្លាំង​កាយ​កម្លាំង​ចិត្ត​នៅ​ក្នុង​ជីវិត​ផ្ទាល់។

ចំណុច​ទី​៤ គាត់​បាន​យក​ចិត្ត​ទុក​ដាក់​ដោយ​លះ​បង់ ជីវិត​របស់​គាត់​គឺ​លះ​បង់​ចោល​អ្វីៗ​ទាំង​អស់ ដើម្បី​ភ្ជាប់​ជា​មួយ​ព្រះជាម្ចាស់។ ដោយ​ដឹង​ថា មាន​តែ​នៅ​ក្នុង​ព្រះជាម្ចាស់​ដែល​គាត់​អាច​រក​ឃើញ​កម្លាំង​សម្រាប់​ជីវិត​របស់​គាត់។

ចំណុច​ទី​៥ ជា​ចំណុច​ចុង​ក្រោយ​របស់​គាត់ ដែល​សំខាន់​សម្រាប់​យើង​បច្ចុប្បន្ន​នេះ គឺ​គាត់​បាន​ទទួល​ស្គាល់​ថា​មនុស្ស​ទាំង​អស់​ជា​គ្រួសារ​តែ​មួយ។ គាត់​ចង់​ឱ្យ​យើង​លុប​នៅ​ក្នុង​គំនិត​របស់​យើង អំពី​ការ​បែង​ចែក​ជាតិ​សាសន៍ ដោយ​ដឹង​ថា​ពេល​ខ្ញុំ​ជួប​មនុស្ស​ណា​ម្នាក់ គឺ​ខ្ញុំ​ជួប​បង​ឬ​ប្អូន​របស់​ខ្ញុំ។ ដូច្នេះ យើង​លែង​និយាយ​ថា អ្នក​នេះ​ជា​ខ្មែរ អ្នក​នេះ​ជា​វៀតណាម អ្នក​នេះ​ជា​បារាំង អ្នក​ជា​ពុទ្ធ​បរិស័ទ អ្នក​នេះ​ជា​អ៊ីស្លាម​បរិស័ទ អ្នក​នេះ​ជា​គ្រីស្ត​បរិស័ទ…។ ប៉ុន្តែ យើង​ទទួល​ស្គាល់​មនុស្ស​ទាំង​អស់​ជា​បង​ប្អូន​របស់​យើង នេះ​ជា​គំនិត​មួយ​ដែល​ប្លែក​ដោយសារ​ធម្មជាតិ​របស់​មនុស្ស​មិន​មែន​របៀប​នេះ​ទេ។ លោក​ឆាលឌឺហ្វូហ្គូ ចង់​ឱ្យ​យើង​យល់​ថា​យើង​ជា​បង​ប្អូន​គ្នា​ពិត​មែន នេះ​ជា​របៀប​មួយ​ដែល​ប្រហែល​ប្លែក​នៅ​ក្នុង​ជីវិត​របស់​យើង ដោយ​មើល​ឃើញ​មនុស្ស​ទាំង​អស់​ជា​បង​ប្អូន​របស់​យើង។

យើង​អធិដ្ឋាន​តាមរយៈ​សន្ត​ថ្មី ដែល​ព្រះសហគមន៍​ប្រទាន​ឱ្យ​យើង គឺ​សន្ត​ឆាលឌឺហ្វូហ្គូ ដែល​ជា​គំរូ​សម្រាប់​យើង​នៅ​ក្នុង​របៀប​ដែល​គាត់​រស់​នៅ។ ដោយ​ដាក់​ខ្លួន ដោយ​ស្រឡាញ់​ព្រះយេស៊ូ ដោយ​យក​ចិត្ត​ទុក​ដាក់​លះ​បង់​ចោល​អ្វីៗ​ទាំង​អស់​សម្រាប់​ព្រះជាម្ចាស់ ដោយ​យក​ចិត្ត​ទុក​ដាក់​បម្រើ​បង​ប្អូន​ឯទៀតៗ។ ឱ្យ​គេ​មាន​មោទនភាព​និង​កិត្តិយស​ដ៏​ពេញ​លក្ខណៈ និង​ជា​ពិសេស​ដោយ​មើល​មនុស្ស​ទាំង​អស់​ជា​បង​ប្អូន​បង្កើត​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត​ដ៏​ពិត​ប្រាកដ។ ពិត​មែន មាន​តែ​សេចក្តី​ស្រឡាញ់​ដែល​ណែនាំ​ឱ្យ​យើង​ទទួល​ស្គាល់​ថា យើង​ជា​សាវ័ក​របស់​ព្រះគ្រីស្ត យើង​ជា​មិត្ត​សម្លាញ់​របស់​ព្រះគ្រីស្ត។ ដូច្នេះ យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ព្រះយេស៊ូ​បាន​ស្រឡាញ់​យើង​ដែរ។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

ការអប់រំសីលធម៌តាមបែបសាសនាជួយបង្ការនិងទប់ស្កាត់ការជួញដូរមនុស្សសម័យទំនើប

ព្រះសហគមន៍កាតូលិក​ រួមជាមួយសាសនា​ នានា​​ ចូលរួមទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស​  ២០​ សីហា​ ឆ្នាំ២០២៤​ ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា​ បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស​ សម័យឌីជីថល» នាថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០២៤​ នៅមជ្ឈមណ្ឌលសន្និបាត​ និងពិព័ណ៌អន្តរជាតិជ្រោយចង្វារ​ (OCIC)​ ដោយមានពិធីសូត្រធម៌​ និងអធិដ្ឋានបញ្ជូនសាររបស់សាសនានីមួយៗ។ ជំជួបរវាង​សាសនាក្នុងទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរមនុស្ស​ នៅថ្ងៃនេះ​ មាន​អ្នក​ចូលរួម​ប្រមាណជាង​២០០០នាក់ ដែលមានមេដឹកនាំ​សាសនា​ និងសាសនិក​ជាច្រើន​ដែលមាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​​ចូលរួម អាជ្ញាធរដែនដី

បិទខួប១៦០ឆ្នាំ គ្រីស្តបរិស័ទត្រូវបើកចិត្តគំនិតថ្មី

នាថ្ងៃទី​១៤ ខែ​ឧសភានេះ លោកអភិបាល​នៃព្រហសហគមន៍​ទាំង​បី​ភូមិភាគ​ក្នុងប្រទេស​កម្ពុជា បាន​ធ្វើ​ជា​អធិបតី ក្នុងពិធីបុណ្យ​បិទខួប​១៦០ឆ្នាំ​នៃ​ការ​បង្កើត​ព្រះសហគមន៍​អ្នកលឿងដែលស្ថិត​នៅ​ក្នុងភូមិ​៦ ឃុំព្រែកខ្សាយ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ដោយ​មាន​គ្រីស្តបរិស័ទ​ចូលរួម​ជា​ច្រើន​កុះករ​។ ក្នុងធម្មទេសនាក្នុងឱកាសនោះ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញមាន​ប្រសាសន៍ថា អស់រយៈកាល​ពេញ​មួយ​ឆ្នាំ​ដែល​គ្រីស្ត​បរិស័ទនៅទីនេះ បាន​ខិតខំ​អធិដ្ឋាន រិះគិត​ពិចារណាអំពីជំនឿ និង​នឹកឃើញ​អំពី​តួនាទីជាគ្រីស្តបរិស័ទ​។ លោក​អភិបាល​បាន​បន្ថែមថា យើង​មិន​ត្រឹមតែ​នឹក​ឃើញ​អំពី​ជីវិត​គ្រីស្តបរិស័ទ​ពីដើម តែ​យើងត្រូវ​នឹក​ឃើញ​អំពី​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​នាពេលបច្ចុប្បន្ន​នេះ ហើយ​ត្រូវ​សម្រេចចិត្ត​បន្ត​ថែរក្សាជំនឿ និង​សេចក្តីសង្ឃឹម ជា​ពិសេស​បន្ត​សម្ដែងធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់។ លោកថា ពិធី​បិទខួប​១៦០ឆ្នាំរបស់​ព្រះសហគមន៍នេះ​​

Subscribe to our newsletter

Don't miss new updates on your email