អភិបូជា​ប្រសិទ្ធីពរ​លើ​អាគារ​សាលា​មត្តេយ្យ និង​បន្ទប់​អធិដ្ឋាន

ធ្វើ​នៅ​ព្រះសហគមន៍​ក្រុង​តាខ្មៅ

តាខ្មៅ ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២២

អត្ថបទ​ទី១៖ ពង្សាវតារក្សត្រ​ទី​២ ១៩,៩ខ-១១.១៤-២១.៣១-៣៥ក.៣៦ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូល‌បង្គំ! ២ពង្ស ១៩,១៦ដំណឹងល្អ៖ ម៉ាថាយ ៧,៦.១២-១៤បើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​អ្នក​ដទៃ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​បែប​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​បែប​នោះ​ដែរ។ មថ ៧,១២

“ផ្លូវ​ចង្អៀត​ដើម្បី​ប្រកាស​ដំណឹង​ល្អ”

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ ជា​ពេល​វេលា​មួយ​ណែនាំ​ឱ្យ​យើង​បន្ត​ធ្វើ​ដំណើរ​នៅ​ក្នុង​ការ​ចាប់​ផ្តើម​ប្រកាស​ដំណឹង​ល្អ នៅ​ក្នុង​ទី​ក្រុង​តាខ្មៅ ក៏​ដូច​ជា​នៅ​ក្នុង​មណ្ឌល​សកម្មភាព​តាខ្មៅ​ទាំង​មូល ដែល​បាន​បង្កើត​នៅ​ឆ្នាំ​២០១៤។ ដល់​ពេល​វេលា​ដែរ ដើម្បី​ឱ្យ​យើង​ទៅ​ប្រកាស​ដំណឹង​ល្អ​នៅ​កន្លែង​ថ្មីៗ សព្វ​ថ្ងៃ​នៅ​ភ្នំពេញ​មាន​ផ្លូវ​និង​អាគារ​សាង​សង់​ច្រើន​ណាស់ យើង​ឃើញ​ការ​អភិវឌ្ឍន៍​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ខ្លាំង​ណាស់។ យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់​ដែល​បាន​បំភ្លឺ ដើម្បី​ឱ្យ​យើង​ចាប់​ផ្តើម​មណ្ឌល​សកម្មភាព​ពីរ​ដែល​ទៅ​ជា​កន្លែង​ពិសេស​សព្វ​ថ្ងៃ​នៅ​ក្នុង​រាជធានី​ភ្នំពេញ គឺ​ភ្នំពេញ​ថ្មី និង​តាខ្មៅ។ តាម​ពិត ព្រះជាម្ចាស់​ដូច​ជា​បាន​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​គម្ពីរ​ថ្ងៃ​នេះ​សម្រាប់​ជីវិត​របស់​យើង​ពិត​មែន ដោយ​ដឹង​ថា​ផ្លូវ​ចង្អៀត​ណាស់ ទ្វារ​ចង្អៀត​ណាស់​ដើម្បី​ចូល។ នៅ​ពេល​យើង​ចាប់​ផ្តើម​ចូល​នៅ​ក្នុង​ទីក្រុង​តាខ្មៅ​ក៏​ចង្អៀត​ដែរ ដើម្បី​ចាប់​ផ្តើម​ប្រកាស​ដំណឹង​ល្អ ដើម្បី​ចាប់​ផ្តើម​ស្គាល់​បង​ប្អូន​ខ្លះៗ។ យើង​មាន​យាយ​ខ្លះៗ​ចាប់​ផ្តើម​ចូល យើង​មាន​បង​ប្អូន​យើង​ខ្លះៗ​ចាប់​ផ្តើម​ស្គាល់ ទៅ​ជា​កន្លែង​ដែល​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ផ្លូវ​ចង្អៀត។ ប៉ុន្តែ ពេល​យើង​សម្រេច​ចិត្ត​តស៊ូ ពេល​យើង​សម្រេច​ចិត្ត​ចូល​តាម​ផ្លូវ​ចង្អៀត បន្តិច​ម្តងៗ​យើង​ទៅ​មុខ។

ថ្ងៃ​នេះ ដែល​យើង​ចូល​នៅ​ក្នុង​បន្ទប់​អធិដ្ឋាន​ដ៏​តូច​នេះ ជា​ព្រះវិហារ​ដែល​មាន​កន្លែង​ជ្រមុជ​ទឹក​យ៉ាង​ស្អាត ដោយសារ​ពិធី​ជ្រមុជ​ទឹក​ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​ចាប់​ផ្តើម​បន្តិច​ម្តងៗ។ ដំណើរ​ជីវិត​របស់​គ្រីស្ត​បរិស័ទ ដូច​ស្ត្រី​សាសន៍​សាម៉ារី​ដែល​បាន​ស្តាប់​ព្រះបន្ទូល ណែនាំ​ឱ្យ​គាត់​រក​ឃើញ​ព្រះយេស៊ូ​ជា​ទឹក​ដែល​ផ្តល់​ជីវិត។ ដូច​អ្នក​ខ្វាក់​ដែល​ព្រះយេស៊ូ​ណែនាំ​ឱ្យ​គាត់​មើល​ឃើញ ដូច​លោក​ឡាសា​ដែល​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​គាត់​មាន​ជីវិត​សាជាថ្មី រហូត​ដល់​អាច​ទទួល​ជីវិត​ថ្មី​ដ៏​ពិត​ប្រាកដ​នៅ​ក្នុង​ជំនឿ និង​ទទួល​ពិធី​ជ្រមុជ​ទឹក។ នេះ​ជា​ផ្លូវ​ដែល​បង​ប្អូន​ប៉ុន្មាន​នាក់​បាន​ធ្វើ នៅ​ក្នុង​ជីវិត​ជា​គ្រីស្ត​បរិស័ទ​ថ្មីៗ​រហូត​ដល់​ទទួល​ពិធី​ជ្រមុជ​ទឹក។ ដូច្នេះ ថ្ងៃ​នេះ​ពិធី​ដែល​យើង​ធ្វើ​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​មូល​ដ្ឋាន​គ្រឹះ​នៃ​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ។ ពិធី​ជ្រមុជ​ទឹក យើង​បាន​ទទួល​ជីវិត​ថ្មី​ជា​បុត្រា​បុត្រី​របស់​ព្រះជាម្ចាស់ ព្រះបន្ទូល​ដែល​បំភ្លឺ​និង​ណែនាំ​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដើម្បី​រស់​នៅ​ក្នុង​ទី​ក្រុង​តាខ្មៅ​ធ្វើ​ជា​សាក្សី​នៃ​ព្រះបន្ទូល​នេះ។ ដែល​ដឹក​នាំ​យើង ដូច​យើង​បាន​ស្តាប់​ថា “អ្វី​ដែល​យើង​ចង់​ឱ្យ​គេ​ប្រព្រឹត្ត​ដល់​យើង ឱ្យ​យើង​ប្រព្រឹត្ត​ទៅ​គេ​ទៅ”។

ប៉ុន្មាន​អាទិត្យ​កន្លង​មក ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ព្រះយេស៊ូ​បាន​បំភ្លឺ ធ្វើ​ដូច​ម្តេច​ដើម្បី​ទៅ​ជា​អំបិល ធ្វើ​ដូច​ម្តេច​ដើម្បី​ទៅ​ជា​ពន្លឺ ធ្វើ​ដូច​ម្តេច​ដើម្បី​ស្រឡាញ់ ធ្វើ​ដូច​ម្តេច​ដើម្បី​រស់​នៅ​តាម​របៀប​ថ្មី ដែល​ព្រះអង្គ​កំពុង​ណែនាំ​យើង។ នេះ​ជា​ព្រះបន្ទូល ដែល​យើង​បាន​ស្តាប់​ពី​មួយ​អាទិត្យ​ទៅ​មួយ​អាទិត្យ ដើម្បី​ចិញ្ចឹម​ជីវិត​របស់​យើង ដើម្បី​បំភ្លឺ​យើង​ឱ្យ​ទៅ​មុខ។ បន្តិច​ទៀត ខ្ញុំ​នឹង​ធ្វើ​ព្រះពរ​លើ​អាសនៈ​ដែល​ជា​តុ​សក្ការៈ ជា​កន្លែង​ដែល​យើង​ថ្វាយ​អភិបូជា ជា​កន្លែង​ដែល​យើង​ចូល​នៅ​ក្នុង​ជីវិត​របស់​ព្រះយេស៊ូ​ដែល​បាន​លះ​បង់​ចោល ដែល​បាន​បូជា ដើម្បី​ឱ្យ​សព្វ​ថ្ងៃ​យើង​នៅ​ទី​នេះ​អាច​ប្រកាស​ដំណឹង​ល្អ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​យើង​គោរព​សន្ត លូអ៊ីស ហ្គូនហ្សាក ជា​យុវជន​ម្នាក់​នៅ​ក្រុម​ជេស្វីត ដែល​កំពុង​រៀន​ដើម្បី​ធ្វើ​ជា​អ្នក​បួស។ នៅ​ពេល​គាត់​មាន​អាយុ​២៣​ឆ្នាំ នៅ​ប្រទេស​អ៊ីតាលី​មាន​ជំងឺ​ប៉េស​កំពុង​រាត​ត្បាត គាត់​ជា​យុវជន​ម្នាក់​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​បម្រើ​បង​ប្អូន​ដែល​មាន​ជំងឺ​នេះ ក្រោយ​មក​គាត់​ឆ្លង​ជំងឺ​នេះ​បណ្តាល​ឱ្យ​គាត់​ស្លាប់។ ដូច្នេះ សព្វ​ថ្ងៃ​គាត់​ជា​ឧបការី​របស់​យុវជន​យុវនារី នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក​យើង។

ថ្ងៃ​នេះ ដែល​យើង​មក​ទី​នេះ​យើង​ក៏​ត្រូវ​នឹក​ឃើញ​ថា យើង​ជា​គ្រីស្ត​បរិស័ទ​ក្មេង ឬ​ចាស់ ឱ្យ​យើង​ចេះ​លះ​បង់​ចោល។ ជួន​កាល​យើង​ភ័យ យើង​ខ្លាច យើង​ត្រូវ​ការ​អធិដ្ឋាន​ដើម្បី​ឱ្យ​យើង​បន្ត​តស៊ូ ទ្វារ​ចង្អៀត របៀប​ដែល​ព្រះយេស៊ូ​បង្រៀន​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ប្លែក​ពី​អ្វី​ដែល​សង្គម​ចង់​ឱ្យ​យើង​ទទួល​នៅ​ក្នុង​ជីវិត។ ព្រះយេស៊ូ​ណែនាំ​ឱ្យ​យើង​ស្រឡាញ់​ស​ត្រូវ ព្រះយេស៊ូ​ណែនាំ​ឱ្យ​យើង​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ព្រះយេស៊ូ​ណែនាំ​ឱ្យ​យើង​ចេះ​លើក​លែង​ទោស​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ផ្ទុយ​ពី​អ្វី​ដែល​យើង​ឃើញ​នៅ​ក្នុង​សង្គម ព្រះយេស៊ូ​ណែនាំ​ឱ្យ​យើង​ដាក់​ខ្លួន​ជា​អ្នក​តូច​តាច​ដើម្បី​បម្រើ ដើម្បី​ស្រឡាញ់​អ្នក​ក្រីក្រ អ្នក​ជំងឺ ជន​មាន​ពិការភាព យក​ចិត្ត​ទុក​ដាក់​ជា​មួយ​អ្នក​ដែល​គ្មាន​ទី​ពឹង។ លើក​ទី​មួយ​ដែល​ខ្ញុំ​បាន​ដើរ​ជា​មួយ​លោក​ឪពុក ម៉ារីយ៉ូ នៅ​តាខ្មៅ​នេះ​ខ្ញុំ​បាន​ទៅ​ដល់​ផ្ទះ​គ្រីស្ត​បរិស័ទ​ជា​អ្នក​មាន​ម្នាក់ នៅ​ក្បែរ​ផ្ទះ​គាត់​មាន​មីង​ម្នាក់​ដែល​ក្រ​មែន​ទែន។ ដូច​លោក​ឡាសា​ម្យ៉ាង ពេល​ខ្ញុំ​ចេញ​ពី​ផ្ទះ​គ្រីស្ត​បរិស័ទ​ម្នាក់​នោះ ខ្ញុំ​បាន​និយាយ​ថា “រាល់​ថ្ងៃ​សូម​ចែក​រំលែក​អ្វី​តិច​តួច​ដល់​មីង​ក្រីក្រ​នៅ​ជាប់​ផ្ទះ​អ្នក​ផង”។ គាត់​បាន​អនុវត្ត​តាម​ពាក្យ​របស់​ខ្ញុំ នេះ​ជា​របៀប​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​យក​ចិត្ត​ទុក​ដាក់ ផ្សេង​ពី​អ្វី​ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​លោកីយ៍។

សព្វ​ថ្ងៃ ដែល​យើង​រស់​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​មែន​ទែន ពេល​យើង​ឃើញ​ផ្សារ​ទំនើប​ថ្មីៗ ហាង​ថ្មីៗ… ណែនាំ​ឱ្យ​យើង​ដើរ​តាម​លោកីយ៍​យ៉ាង​ស្រួល​បំផុត។ ប៉ុន្តែ ព្រះយេស៊ូ​មាន​គំនិត​ផ្សេង​ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់ មិន​ចង់​ធ្វើ​ជា​មនុស្ស​អស្ចារ្យ គឺ​គ្រាន់​តែ​ធ្វើ​ជា​អ្នក​បម្រើ​តែ​ប៉ុណ្ណឹង។ នៅ​ពេល​យើង​ជា​អ្នក​បម្រើ បន្តិច​ម្តងៗ​មាន​ផ្លែ​ដែល​កើត​ឡើង ដូច​នៅ​តាខ្មៅ​នេះ​យើង​ជា​ជំនាន់​ទី​មួយ​នៃ​ព្រះសហគមន៍។ បន្តិច​ម្តងៗ យើង​ត្រូវ​ការ​រស់​នៅ​ជា​មួយ​បង​ប្អូន​នៅ​សង្គម សព្វ​ថ្ងៃ​យើង​មាន​សាលា​មត្តេយ្យ ដែល​ជា​ពេល​វេលា​មួយ​យ៉ាង​ពិសេស ដើម្បី​ចូល​នៅ​ក្នុង​ជីវិត​របស់​ប្រជាជន។ យើង​រស់​នៅ​ជា​មួយ​គេ ប៉ុន្តែ​យើង​ខុស​ពី​គេ​ដោយសារ​យើង​ជា​គ្រីស្ត​បរិស័ទ យើង​នៅ​ក្នុង​លោកីយ៍​ប៉ុន្តែ​យើង​មិន​មក​ពី​លោកីយ៍​ទេ យើង​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់។

ថ្ងៃ​នេះ យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​អ្វីៗ​ទាំង​អស់​ដែល​ព្រះអង្គ​បាន​ជួយ​ឱ្យ​យើង​សាប​ព្រោះ។ យើង​ដឹង​ថា​យើង​ជា​សាប​ព្រោះ មាន​លោក​ឪពុក ម៉ារីយ៉ូ ពី​ដើម មាន​លោក​ឪពុក ហ្វ្រង់ស្វ័រ​សាវីយ៉េ និង​លោក​ឪពុក ចូវ៉ាន់នី ដែល​បន្ត បន្តិច​ទៀត​យើង​មាន​ឪពុក សុន ដែល​នឹង​មក​បន្ត​សាប​ព្រោះ។ ប៉ុន្តែ អ្នក​ដែល​ណែនាំ​ឱ្យ​ដុះ​ឡើង​យ៉ាង​ខ្ពស់​មិន​មែន​យើង​ទេ គឺ​ព្រះជាម្ចាស់​ផ្ទាល់ ជា​ព្រះជាម្ចាស់​ដែល​ធ្វើ​ជំនួស​យើង។ យើង​ជា​អ្នក​សាប​ព្រោះ យើង​ជា​អ្នក​ថែរក្សា ប៉ុន្តែ​យើង​ដឹង​ថា​ព្រះជាម្ចាស់​ណែនាំ​ឱ្យ​បន្តិច​ម្តងៗ​យើង​អាច​ទៅ​មុខ​បាន។ យើង​ដឹង​ថា យើង​មាន​ផ្លូវ​មួយ​ទោះបី​ទ្វារ​ចង្អៀត​ក៏​ដោយ យើង​មាន​វត្ត​មាន​របស់​ព្រះជាម្ចាស់​ដែល​គង់​នៅ​ជានិច្ច។ យើង​អរ​ព្រះគុណ​ព្រះអង្គ ដើម្បី​ឱ្យ​យើង​បន្ត​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដ៏​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ប្រទាន​ឱ្យ​យើង ដើម្បី​ឱ្យ​ជីវិត​របស់​យើង​ទៅ​ជា​សញ្ញា​សម្គាល់​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

ការអប់រំសីលធម៌តាមបែបសាសនាជួយបង្ការនិងទប់ស្កាត់ការជួញដូរមនុស្សសម័យទំនើប

ព្រះសហគមន៍កាតូលិក​ រួមជាមួយសាសនា​ នានា​​ ចូលរួមទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស​  ២០​ សីហា​ ឆ្នាំ២០២៤​ ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា​ បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស​ សម័យឌីជីថល» នាថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០២៤​ នៅមជ្ឈមណ្ឌលសន្និបាត​ និងពិព័ណ៌អន្តរជាតិជ្រោយចង្វារ​ (OCIC)​ ដោយមានពិធីសូត្រធម៌​ និងអធិដ្ឋានបញ្ជូនសាររបស់សាសនានីមួយៗ។ ជំជួបរវាង​សាសនាក្នុងទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរមនុស្ស​ នៅថ្ងៃនេះ​ មាន​អ្នក​ចូលរួម​ប្រមាណជាង​២០០០នាក់ ដែលមានមេដឹកនាំ​សាសនា​ និងសាសនិក​ជាច្រើន​ដែលមាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​​ចូលរួម អាជ្ញាធរដែនដី

បិទខួប១៦០ឆ្នាំ គ្រីស្តបរិស័ទត្រូវបើកចិត្តគំនិតថ្មី

នាថ្ងៃទី​១៤ ខែ​ឧសភានេះ លោកអភិបាល​នៃព្រហសហគមន៍​ទាំង​បី​ភូមិភាគ​ក្នុងប្រទេស​កម្ពុជា បាន​ធ្វើ​ជា​អធិបតី ក្នុងពិធីបុណ្យ​បិទខួប​១៦០ឆ្នាំ​នៃ​ការ​បង្កើត​ព្រះសហគមន៍​អ្នកលឿងដែលស្ថិត​នៅ​ក្នុងភូមិ​៦ ឃុំព្រែកខ្សាយ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ដោយ​មាន​គ្រីស្តបរិស័ទ​ចូលរួម​ជា​ច្រើន​កុះករ​។ ក្នុងធម្មទេសនាក្នុងឱកាសនោះ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញមាន​ប្រសាសន៍ថា អស់រយៈកាល​ពេញ​មួយ​ឆ្នាំ​ដែល​គ្រីស្ត​បរិស័ទនៅទីនេះ បាន​ខិតខំ​អធិដ្ឋាន រិះគិត​ពិចារណាអំពីជំនឿ និង​នឹកឃើញ​អំពី​តួនាទីជាគ្រីស្តបរិស័ទ​។ លោក​អភិបាល​បាន​បន្ថែមថា យើង​មិន​ត្រឹមតែ​នឹក​ឃើញ​អំពី​ជីវិត​គ្រីស្តបរិស័ទ​ពីដើម តែ​យើងត្រូវ​នឹក​ឃើញ​អំពី​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​នាពេលបច្ចុប្បន្ន​នេះ ហើយ​ត្រូវ​សម្រេចចិត្ត​បន្ត​ថែរក្សាជំនឿ និង​សេចក្តីសង្ឃឹម ជា​ពិសេស​បន្ត​សម្ដែងធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់។ លោកថា ពិធី​បិទខួប​១៦០ឆ្នាំរបស់​ព្រះសហគមន៍នេះ​​

Subscribe to our newsletter

Don't miss new updates on your email