អភិបូជាអគ្គសញ្ញាតែងតាំងបូជាចារ្យរបស់បងប្រុស ប្រាក់ ប៊ុនហុង ធ្វើនៅព្រះសហគមន៍សន្តយូហានបាទីស្ត ប៊ូស្រា

កំពង់ចាម ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២២

“កិច្ចការ​លោក​បូជាចារ្យ”

អត្ថបទ​ទី១៖ កិច្ចការ ១២,១-១១​មាន​ពន្លឺ​ភ្លឺ​ក្នុង​ទី​ឃុំ‌ឃាំង។ កក ១២,៧អត្ថបទ​ទី២៖ ធីម៉ូថេ​ទី​២ ៤,៦-៨.១៧-១៨មាន​តែ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​ដែល​បាន​គាំទ្រ និង​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង។ ២ធម ៤,១៧ដំណឹងល្អ៖ ម៉ាថាយ ១៦,១៣-១៩នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ព្រះ‌សហ‌គមន៍​របស់​ខ្ញុំ។ មថ ១៦,១៨

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ ជា​ពេល​វេលា​ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់ នៅ​ពេល​យើង​មើល​ឃើញ​ព្រះសហគមន៍​កាតូលិក​កម្ពុជា ដែល​ជួប​ជុំ​គ្នា​ដូច​ថ្ងៃ​នេះ។ រួម​ជា​មួយ​លោក​គីកេ រួម​ជា​មួយ​អាល់ប៊ែតូ តំណាង​លោក​ប្រុយណូ រួម​ជា​មួយ​លោក​ឪពុក បង​ប្រុស​បង​ស្រី គ្រីស្ត​បរិស័ទ​ដែល​មក​ពី​គ្រប់​ទី​កន្លែង ដើម្បី​មក​ដល់​ប៊ូស្រា ដែល​ជា​កន្លែង​ដាច់​ស្រយាល​នៃ​ផែនដី​ពិត​មែន។ ប្រសិន​បើ​យើង​នឹក​ឃើញ ជាង​២០​ឆ្នាំ​មុន​នៅ​ពេល​ឪពុក​របស់​ហុង​បាន​មក​វិញ និង​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក​ឪពុក​ម៉ូរីសូ ដែល​ជា​សាសន​ទូត MEP។ នៅ​ពេល​នោះ​ទី​នេះ​នៅ​ក្នុង​ព្រៃ មិន​ទាន់​មាន​ផ្លូវ​ស្អាត មិន​ទាន់​មាន​ភ្លើង​ប្រើ​ទេ ខ្ញុំ​បាន​មក​ដល់​ប៊ូស្រា​លើក​ទី​មួយ​នៅ​ឆ្នាំ​២០០០ ណែនាំ​ឱ្យ​ខ្ញុំ​គិត​ថា​ប្រហែល​ជីវិត​របស់​ខ្ញុំ​ចប់​នៅ​ត្រឹម​នេះ​ហើយ ដោយសារ​ផ្លូវ​ពិបាក​ពេក។ ប៉ុន្តែ ខ្ញុំ​បាន​នឹក​ឃើញ​ពេល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “សូម​ទៅ​ប្រកាស​ដំណឹង​ល្អ​រហូត​ដល់​ដាច់​ស្រយាល​នៃ​ផែនដី ដោយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដោយ​នាម​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ”។

ពេល​យើង​មក​ដល់​ថ្ងៃ​នេះ យើង​មាន​ព្រះវិហារ​សន្ត​យ៉ូហាន​បាទីស្ត​ដ៏​ស្អាត​និង​ធំ​ទូលាយ​នៅ​ប៊ូស្រា​នេះ។ លោក​ឪពុក ហ្វ្រង់ស្វ័រ​អេមេស្ដាល់ អាច​ផ្តល់​សក្ខីភាព​មាន​ប៉ុន្មាន​ជំនាន់​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​នៅ​ទី​នេះ។ នៅ​ពេល​យើង​ហែ​តាម​ផ្លូវ​ស្ងាត់ ដោយសារ​បង​ប្អូន​ជា​គ្រីស្ត​បរិស័ទ​ទាំង​អស់​ចូល​ព្រះវិហារ​អស់​ហើយ។ ដូច្នេះ ការ​ប្រកាស​ដំណឹង​ល្អ​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី ទៅ​ជា​សេចក្តី​ពិត​យ៉ាង​ជាក់​ស្តែង​សម្រាប់​យើង​នៅ​ថ្ងៃ​នេះ។ ថ្ងៃ​នេះ យើង​មាន​លោក​ឪពុក​ម្នាក់​ដែល​ចេញ​ពី​ភូមិ​ប៊ូស្រា ឈ្មោះ​យ៉ូហាន​បាទីស្ត​ដូច​ឈ្មោះ​ព្រះវិហារ​ដែរ។ ប្រហែល​ឪពុក​ម្តាយ នៅ​ពេល​កូន​ទទួល​ពិធី​ជ្រមុជ​ទឹក​បាន​ជ្រើស​រើស​ឈ្មោះ​យ៉ូហាន​បាទីស្ត​ដាក់​ឱ្យ ដោយ​នឹក​ឃើញ​ដល់​គម្ពីរ​ដំណឹង​ល្អ​នៅ​ពេល​យ៉ូហាន​បាទីស្ត​បាន​កើត ឪពុក​ម្តាយ​និង​បង​ប្អូន​ជិត​ខាង​បាន​សួរ​ថា តើ​កូន​នេះ​នៅ​ថ្ងៃ​អនាគត​ទៅ​ជា​កូន​ដូច​ម្តេច? ប្រហែល​ឪពុក​ម្តាយ​បាន​សួរ​ខ្លួន​ឯង​ដែរ តើ​កូន​នេះ​នៅ​ថ្ងៃ​អនាគត​ទៅ​ជា​យ៉ាង​ណា? នៅ​ក្នុង​ចំណោម​បង​ប្អូន​បង្កើត​៧​នាក់ យើង​ឃើញ​យ៉ូហាន​បាទីស្ត​ហុង ថ្ងៃ​នេះ​បាន​បូជា​ជីវិត លះ​បង់​ចោល ដើម្បី​ទៅ​ជា​បូជាចារ្យ​មួយ​រូប នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក​កម្ពុជា។ អស់​ពី​ដួង​ចិត្ត យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់ យើង​សូម​ស្វាគមន៍​លោក​ឪពុក​ថ្មី​យ៉ាង​ឱឡារិក​នៅ​ក្នុង​អំណរ​សប្បាយ។

អគ្គ​សញ្ញា​តែង​តាំង​បូជាចារ្យ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​មិន​សូវ​មាន​ប៉ុន្មាន​ទេ ប៉ុន្តែ​រាល់​ដង​នៅ​ពេល​បាន​ស្តាប់​សក្ខី​ភាព​ហើយ ខ្ញុំ​បាន​អាន “ដោយ​ព្រះយេស៊ូ​គ្រីស្ត​ជា​អម្ចាស់​ជួយ​គាំ​ទ្រ យើង​សូម​ជ្រើស​រើស​លោក​ឧបដ្ឋាក​ឱ្យ​ធ្វើ​ជា​បូជាចារ្យ”។ គ្រប់​ពេល​វេលា​ខ្ញុំ​អាន​ហើយ ខ្ញុំ​រំភើប​ណាស់ ដោយសារ​នេះ​មិន​មែន​ជា​ការ​ត្រាស់​ហៅ​ដែល​មក​ពី​មនុស្ស​យើង គឺ​ជា​ការ​ត្រាស់​ហៅ​ដែល​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់​នៅ​ក្នុង​នាម​ព្រះសហគមន៍។ នៅ​ពេល​លោក​នាយក​ទេវ​វិទ្យាល័យ បាន​បង្ហាញ​ហុង បាន​ធ្វើ​ដំណើរ​ជា​មួយ​ហុង បាន​ធ្វើ​ដំណើរ​ជា​មួយ​និស្សិត​ទេវ​វិទ្យាល័យ​របស់​យើង ដើម្បី​ពិនិត្យ​មើល ដើម្បី​ពិចារណា។ មិន​មែន​ពិនិត្យ​មើល​ដើម្បី​កាត់​ក្តី​វិនិច្ឆ័យ ប៉ុន្តែ​ពិនិត្យ​មើល​ដើម្បី​មើល​ឃើញ តើ​យុវជន​នេះ​មាន​សមត្ថភាព ក្នុង​ការ​ឆ្លើយ​តប​ការ​ត្រាស់​ហៅ​របស់​ព្រះជាម្ចាស់ ដោយ​ធ្វើ​ជា​បូជាចារ្យ​អស់​មួយ​ជីវិត​ឬ​ទេ?

នៅ​ថ្ងៃ​ដែល​យើង​ជ្រើស​រើស​សន្ត​សិលា​និង​សន្ត​ប៉ូល យើង​ចូល​នៅ​ក្នុង​ជីវិត​នៃ​ព្រះសហគមន៍​របស់​យើង។ សន្ត​សិលា និង​សន្ត​ប៉ូល ជា​គ្រីស្ត​ទូត​ដំបូង សន្ត​សិលា​ជា​អ្នក​ដែល​ការពារ​ជំនឿ ធ្វើ​ការ​ជា​មួយ​គ្រីស្ត​បរិស័ទ​ដែល​ចេញ​ពី​សាសនា​យូដា។ សន្ត​ប៉ូល ជា​អ្នក​ចេញ​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​ដើម្បី​ប្រកាស​ដំណឹង​ល្អ​ដល់​គ្រីស្ត​បរិស័ទ​ថ្មីៗ​ដែល​ចេញ​ពី​សាសនា​ដទៃ។ ប៉ុន្តែ ទាំង​ពីរ​នាក់​ជា​គំរូ​ដ៏​ពិសេស​បំផុត​ដែល​យើង​អធិដ្ឋាន យើង​នឹក​រលឹក​នៅ​ថ្ងៃ​នេះ​យ៉ាង​ឱឡារិក​បំផុត ដោយសារ​ទាំង​ពីរ​នាក់​គេ​បាន​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់។ ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​១ នៅ​ពេល​លោក​សិលា​ជាប់​គុក ទោះ​បី​ជាប់​គុក​នៅ​ពេល​ទេវ​ទូត​មក​ប្រាប់​គាត់​ថា “សុំ​ក្រវ៉ាត់​ចង្កេះ​ហើយ​ពាក់​ស្បែក​ជើង​ទៅ” លោក​បាន​ធ្វើ​តាម ទោះ​បី​ប្លែក​តែ​លោក​ធ្វើ​តាម។ ខ្ញុំ​ជឿ​ថា នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​ជីវិត​ហុង ក៏​មាន​សញ្ញា​ប្លែកៗ​យ៉ាង​ច្រើន ប៉ុន្តែ​ដោយសារ​ហុង​បាន​ធ្វើ​តាម ថ្ងៃ​នេះ​ហុង​អាច​ឆ្លើយ​តប​ដល់​ព្រះជាម្ចាស់ “គឺ​ខ្ញុំ​នេះ​ហើយ”។ សម្រាប់​យើង​ក៏​ដូច​គ្នា​ដែរ យើង​មាន​សញ្ញា​ជា​ច្រើន​នៅ​ក្នុង​ជីវិត​របស់​យើង​ដែល​ប្លែកៗ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​មាន​ផ្លូវ​ខុស​ពី​អ្វី​ដែល​យើង​ទន្ទឹង​រង់​ចាំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ប៉ុន្តែ​យើង​ដឹង​ថា យើង​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​ជានិច្ច។

យើង​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​ដើម្បី​ធ្វើ​អ្វី? គឺ​ដើម្បី​ប្រកាស​ដំណឹង​ល្អ ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ លោក​សិលា​បាន​ប្រកាស​យ៉ាង​ច្បាស់​លាស់ “លោក​ជា​ព្រះគ្រីស្ត ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​គង់​នៅ”។ នេះ​ជា​ជំនឿ​ដំបូង ដែល​គាត់​ហ៊ាន​ប្រកាស​យ៉ាង​ឱឡារិក​នៅ​មុខ​គ្រីស្ត​ទូត​ទាំង​អស់។ ណែនាំ​ឱ្យ​យើង​ថ្ងៃ​នេះ យើង​ជួប​ជុំ​គ្នា​នៅ​ក្នុង​ព្រះវិហារ​សន្ត​យ៉ូហាន​បាទីស្ត​ប៊ូស្រា ណែនាំ​ឱ្យ​ថ្ងៃ​នេះ​យ៉ូហាន​បាទីស្ត​ហុង អាច​ឆ្លើយ​តប​នឹង​ការ​ត្រាស់​ហៅ​របស់​ព្រះជាម្ចាស់ ដើម្បី​ធ្វើ​ជា​អ្នក​បម្រើ​អស់​មួយ​ជីវិត។ ដោយសារ​សន្ត​សិលា បាន​ប្រកាស​ជំនឿ និង​បាន​អនុវត្ត​ការ​ប្រកាស​ជំនឿ​ហ្នឹង ដើម្បី​ណែនាំ​ឱ្យ​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​មក​ដល់​នៅ​លើ​ផែន​ដី​នេះ។ នេះ​ជា​តួនាទី និង​បេសកកម្ម​ដែល​យើង​ទទួល​គឺ​ប្រកាស​ដំណឹង​ល្អ។ ប៉ុន្តែ យើង​ប្រកាស​ដំណឹង​ល្អ​ដើម្បី​ណែនាំ​ឱ្យ​បង​ប្អូន ក៏​ដូច​ជា​យើង​ផ្ទាល់​អាច​រក​ឃើញ​ការ​សង្រ្គោះ ដើម្បី​ណែនាំ​ឱ្យ​យើង​ធ្វើ​ដំណើរ​ដល់​ការ​សង្រ្គោះ។ ការ​សង្រ្គោះ​ជា​ផ្លូវ​ចុង​ក្រោយ​នៃ​ជីវិត​របស់​យើង ប៉ុន្តែ​យើង​ចាប់​ផ្តើម​រៀប​ចំ​នៅ​ពេល​ហ្នឹង ដើម្បី​ឱ្យ​ជីវិត​របស់​យើង​អាច​ទៅ​ជា​ជីវិត​ស្ថិត​ស្ថេរ​អស់​កល្ប​ជានិច្ច​នៅ​ជា​មួយ​ព្រះជាម្ចាស់។

ដូច​លោក​ប៉ូល “ខ្ញុំ​បាន​រត់​ដល់​ទី​ដៅ ហើយ​ខ្ញុំ​នៅ​តែ​កាន់​ជំនឿ​ជាប់​ដដែល” ខ្ញុំ​បាន​រក​ឃើញ​ទី​ដៅ​របស់​ខ្ញុំ គឺ​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​និង​ជីវិត​អស់​កល្ប​ជានិច្ច។ ទោះ​បី​ជា​គេ​ចោល​ខ្ញុំ ទោះ​បី​គេ​មិន​ស្តាប់​ខ្ញុំ ទោះ​បី​គេ​មិន​រវី​រវល់​នឹង​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​បាន​រត់​រហូត​ដល់​ចុង​ក្រោយ ហើយ​ខ្ញុំ​បាន​ថែរក្សា​ជំនឿ​របស់​ខ្ញុំ​ដដែល។ ចាប់​ពី​ពេល​នេះ​ត​ទៅ​ជីវិត​របស់​យើង យើង​មិន​ដឹង​ទេ ប៉ុន្តែ​អ្វី​ដែល​យើង​ដឹង គឺ​មាន​វត្តមាន​របស់​ព្រះជាម្ចាស់​ដែល​បាន​ជ្រើស​រើស និង​ថ្ងៃ​នេះ​ដែល​បាន​តែង​តាំង។ ដូច្នេះ អាច​សួរ​ថា តើ​លោក​បូជាចារ្យ​មាន​បេសកកម្ម​និង​តួនាទី​ធ្វើ​អ្វី? ខ្ញុំ​គិត​ថា​សំណួរ​នេះ​ខុស ដោយសារ​បូជាចារ្យ​ឥត​មាន​បេសកកម្ម​ទេ បូជាចារ្យ​ឥត​មាន​តួនាទី​ទេ គឺ​ជីវិត​របស់​យើង​ទៅ​ជា​ជីវិត​បូជាចារ្យ​។ ពេល​យើង​និយាយ​អំពី​បេសកកម្ម​ឬ​តួនាទី​គឺ​ធ្វើ​តែ​មួយ​រយៈ​ពេល ប៉ុន្តែ​នៅ​ក្នុង​អគ្គ​សញ្ញា​តែង​តាំង​ជា​បូជាចារ្យ​ខ្លួន​ឯង​ផ្ទាល់​នឹង​ប្រែ​ប្រួល និង​ជាប់​ជា​មួយ​ព្រះជាម្ចាស់​នៅ​ក្នុង​អគ្គ​សញ្ញា​នេះ​អស់​មួយ​ជីវិត។

ថ្ងៃ​នេះ យើង​លែង​និយាយ​អំពី​បេសកកម្ម អំពី​តួនាទី ទោះ​បី​យើង​អនុវត្ត​នៅ​ព្រះសហគមន៍​ណា​មួយ​ពិត​មែន។ ប៉ុន្តែ ជា​ជីវិត​ផ្ទាល់​ខ្លួន​ដែល​ទៅ​ជា​ជីវិត​ថ្មី ទោះ​បី​យើង​ជា​និស្សិត​ទេវ​វិទ្យាល័យ​យ៉ាង​ណា យើង​ទៅ​ជា​បូជាចារ្យ​យ៉ាង​នោះ តែ​យើង​អាច​កែ​បន្តិច​ម្តងៗ។ ថ្ងៃ​នេះ យើង​ស្តាប់​នៅ​ក្នុង​ពាក្យ​សន្យា​ដែល​ហុង​នឹង​ប្រកាស​យ៉ាង​ឱឡារិក គឺ​មុន​គេ​បង្អស់​ចូល​រួម​នៅ​ក្នុង​ក្រុម​បូជាចារ្យ ជា​ក្រុម​បង​ប្អូន​ថ្មី។ ព្រះជាម្ចាស់​បាន​ជ្រើស​រើស ដើម្បី​ញែក​ពី​លោកីយ៍​ចូល​នៅ​ក្នុង​ជីវិត​របស់​ព្រះជាម្ចាស់ និង​ចូល​នៅ​ក្នុង​ក្រុម​បូជាចារ្យ វត្តមាន​របស់​លោក​ឪពុក​ថ្ងៃ​នេះ​សំខាន់​ណាស់។ សម្រាប់​យើង​ដែល​ជា​ក្រុម​បូជាចារ្យ យើង​ត្រូវ​ការ​ស្វាគមន៍​ហុង ស្រឡាញ់​ហុង លើក​ទឹក​ចិត្ត​ហុង ធ្វើ​ជា​បង​របស់​គាត់ ធ្វើ​ជា​គំរូ​នៅ​ក្នុង​ភាតរភាព ដើម្បី​ឱ្យ​គាត់​ធ្វើ​ដំណើរ​នៅ​ក្នុង​គ្រប់​កាលៈទេសៈ​នៃ​ជីវិត។ ពេល​គាត់​ធ្លាក់ ពេល​គាត់​ដួល សូម​ឱ្យ​មាន​លោក​ដែល​នៅ​ដើម្បី​ចាប់​ដៃ កុំ​គិត​ថា​នេះ​ជា​រឿង​គាត់​ជា​មួយ​ព្រះជាម្ចាស់​តែ​ប៉ុណ្ណឹង យើង​ជា​គ្រួសារ​មួយ​យ៉ាង​ពិសេស​បំផុត។

គ្រួសារ​នេះ ដែល​ជាប់​នៅ​ថ្ងៃ​នេះ​ជា​គ្រួសារ​ដែល​ត្រូវ​ការ​ដឹង​អំពី​តួនាទី​របស់​យើង យើង​ទៅ​ជា​គំរូ។ ដោយសារ យើង​ត្រូវ​ការ​នឹក​ឃើញ​ជានិច្ច នៅ​ពេល​ព្រះយេស៊ូ​អធិដ្ឋាន​នៅ​ក្នុង​យ៉ូហាន​ទី​១៧ ការ​អធិដ្ឋាន​របស់​ព្រះយេស៊ូ​ជា​មហា​បូជាចារ្យ ឱ្យ​គេ​ទៅ​ជា​ធ្លុង​តែ​មួយ “ដូច​យើង​ជា​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ យើង​ជា​អង្គ​តែ​មួយ”។ នេះ​ជា​សក្ខីភាព​យ៉ាង​ពិសេស ដែល​យើង​អាច​ផ្តល់​ដល់​បង​ប្អូន​របស់​យើង​ទាំង​អស់ ក្រុម​បូជាចារ្យ​ដែល​ធ្វើ​ដំណើរ​ជា​មួយ​គ្នា ខុសៗ​គ្នា​មែន​ប៉ុន្តែ​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​នៅ​ក្នុង​អំណរ​សប្បាយ។

ទី​២ បម្រើ​ព្រះបន្ទូល​ដោយ​ចិត្ត​ស្មោះ និង​ប្រកាស​ដំណឹង​ល្អ​ហ្នឹង ដោយសារ​ប្រសិន​បើ​គ្មាន​នរណា​ដែល​ប្រកាស គេ​ធ្វើ​ដូច​ម្តេច​ដើម្បី​ស្តាប់​ដំណឹង​ល្អ​នោះ។ ប្រសិន​បើ គ្មាន​នរណា​ដែល​អាន​ព្រះបន្ទូល​ឱ្យ​គេ​លឺ ធ្វើ​ដូច​ម្តេច​ដើម្បី​ឱ្យ​គេ​ស្គាល់​ជីវិត​ដ៏​អស្ចារ្យ​ដែល​ព្រះជាម្ចាស់​បាន​រៀប​ចំ។ ដូច្នេះ ឱ្យ​យើង​ភ្ជាប់​ជា​មួយ​ព្រះបន្ទូល ដើម្បី​ឱ្យ​ព្រះបន្ទូល​សូន​ខ្លួន​ឯង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដើម្បី​ទៅ​ជា​សាវ័ក​របស់​ព្រះគ្រីស្ត​ដ៏​ពិត​ប្រាកដ ទៅ​ជា​គ្រីស្ត​ទូត​របស់​ព្រះគ្រីស្ត ទៅ​ជា​ព្រះគ្រីស្ត​មួយ​ទៀត។

ទី​៣ ប្រារព្ធ​អគ្គ​សញ្ញា​អរ​ព្រះគុណ​និង​លើក​លែង​ទោស ដើម្បី​ណែនាំ​ឱ្យ​បង​ប្អូន​របស់​យើង​ទៅ​ជា​ប្រជារាស្ត្រ​ដ៏​វិសុទ្ធ​របស់​ព្រះជាម្ចាស់។ កុំ​ឱ្យ​យើង​គិត​ថា អគ្គ​សញ្ញា​ជា​រឿង​មួយ​ដែល​យើង​ត្រូវ​ការ​ធ្វើ​មួយ​ភ្លេតៗ​ក្រោយ​មក​យើង​រវល់​នេះ​រវល់​នោះ។ អគ្គ​សញ្ញា​ព្រះកាយ​ព្រះគ្រីស្ត អគ្គ​សញ្ញា​លើក​លែង​ទោស អគ្គ​សញ្ញា​អ្នក​ជំងឺ គឺ​ណែនាំ​ឱ្យ​ជីវិត​របស់​ព្រះជាម្ចាស់​ចូល​នៅ​ក្នុង​ជីវិត​របស់​បង​ប្អូន​យើង។ បន្តិច​ទៀត នៅ​ពេល​ខ្ញុំ​ប្រគល់​ពែង​កាលីស និង​នំបុ័ង ខ្ញុំ​នឹង​អាន​ថា “ចូរ​ទទួល​ដង្វាយ​ពី​ប្រជារាស្ត្រ​ដ៏​វិសុទ្ធ ដើម្បី​យក​ទៅ​ថ្វាយ​ព្រះជាម្ចាស់ ចូរ​ចាប់​អារម្មណ៍​នឹង​អត្ថន័យ​នៃ​អភិបូជា ចូរ​រស់​នៅ​ឱ្យ​បាន​ស្រប​តាម​សក្ការៈ​បូជា​ដែល​ប្អូន​នឹង​ថ្វាយ ហើយ​ចូរ​យក​តម្រាប់​តាម​ព្រះគ្រីស្តដែល​បាន​បូជា​ព្រះជន្ម​នៅ​លើ​ឈើ​ឆ្កាង”។ កុំ​ភ្លេច​នៅ​ពេល​អភិបូជា យើង​ធ្វើ​ដូច​បង​ស្រី​មេត្តា​ករុណា​បាន​បិទ​នៅ​គ្រប់​បន្ទប់​អធិដ្ឋាន ពាក្យ​របស់​អ្នក​ម្តាយ​តេរេសា​ថា “ថ្ងៃ​នេះ ខ្ញុំ​ថ្វាយ​អភិបូជា​ទី​មួយ​របស់​ខ្ញុំ អភិបូជា​ចុង​ក្រោយ​របស់​ខ្ញុំ អភិបូជា​មហា​កំពូល​របស់​ខ្ញុំ”។ នេះ​ណែនាំ​ឱ្យ​យើង​មាន​អារម្មណ៍​ថ្មី ជា​មូល​ហេតុ​យ៉ូហាន ម៉ារី វីយ៉ាណេ គាត់​ទៅ​ជា​ភួយ​នៅ​ពេល​គាត់​ថ្វាយ​អភិបូជា។ ដោយសារ គាត់​នឹក​ឃើញ​អាថ៌​កំបាំង​នៃ​សក្ការៈ​បូជា ដែល​គាត់​អាច​ធ្វើ​បាន​នៅ​ក្នុង​ដៃ​របស់​គាត់ “នេះ​ជា​ព្រះកាយ​ព្រះគ្រីស្ត នេះ​ជា​ព្រះលោហិត​ព្រះគ្រីស្ត”។

ក្រោយ​មក ព្រះយេស៊ូ​ណែនាំ​ឱ្យ​អធិដ្ឋាន​ភ្ជាប់​ជា​មួយ​ព្រះជាម្ចាស់​ដោយសារ មូល​ដ្ឋាន​នៃ​ជីវិត​របស់​យើង​គឺ​ព្រះជាម្ចាស់។ លោក​ប៉ូល ទោះ​បី​គេ​ស្អប់​គាត់ គេ​ចោល​គាត់ គេ​មើល​ងាយ​គាត់ ប្រហែល​គាត់​បាន​អធិដ្ឋាន គាត់​បាន​រត់​ដល់​ទី​ដៅ​របស់​គាត់​ទាំង​មិន​បាត់​បង់​ជំនឿ។ យើង​ឡើង​ពី​មូល​ដ្ឋាន​រហូត​ដល់​មហា​កំពូល មហា​កំពូល​នៃ​ពាក្យ​សន្យា​របស់​ប្អូន​បន្តិច​ទៀត​គឺ “សុខ​ចិត្ត​រួម​ស្លាប់​រួម​រស់​ជា​មួយ​ព្រះយេស៊ូ​គ្រីស្ត ជា​មហា​បូជាចារ្យ​ដែល​បាន​បូជា​ព្រះជន្ម​ថ្វាយ​ព្រះបិតា ព្រម​ទាំង​ថ្វាយ​ខ្លួន​រួម​ជា​មួយ​ព្រះគ្រីស្ត ដើម្បី​សង្រ្គោះ​មនុស្ស​លោក​ឱ្យ​បាន​កាន់​តែ​ប្រសើរ​រៀង​រាល់​ថ្ងៃ” ពី​ការ​ធ្វើ​ដំណើរ​រហូត​ដល់​មហា​កំពូល លះ​បង់​ចោល។ នេះ​ជា​រូប​កាយ​របស់​ខ្ញុំ នេះ​ជា​លោហិត​របស់​ខ្ញុំ មិន​មែន​រូប​កាយ​របស់​ព្រះគ្រីស្ត មិន​មែន​លោហិត​របស់​ព្រះគ្រីស្ត ប៉ុន្តែ​នេះ​ជា​រូប​កាយ​និង​លោហិត​របស់​ខ្ញុំ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ខ្ញុំ​សូម​អរគុណ​វត្តមាន​របស់​បង​ប្អូន​ទាំង​អស់​ដែល​បាន​មក​យ៉ាង​ច្រើន​ថ្ងៃ​នេះ ។ មហា​គ្រួសារ​នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក​កម្ពុជា ជា​មហា​គ្រួសារ​ដ៏​តូច​មួយ ប៉ុន្តែ​ជា​មហា​គ្រួសារ​ដ៏​មាន​ជីវិត។ នៅ​ពេល​យើង​បាន​ឃើញ​កម្លាំង​ទឹក​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ប៊ូស្រា ណែនាំ​ឱ្យ​យើង​គិត​ថា​នេះ​ជា​ទឹក​ដ៏​មាន​ជីវិត ដែល​យើង​ទទួល​ពី​ព្រះយេស៊ូ​ផ្ទាល់។ ថ្ងៃ​នេះ នៅ​ពេល​ខ្ញុំ​ឃើញ​បង​ប្អូន​ដែល​អង្គុយ​យ៉ាង​ច្រើន​មែន​ទែន ខ្ញុំ​បាន​នឹក​ឃើញ​ថា​ពិត​មែន​ព្រះយេស៊ូ​ថែរក្សា​យើង ព្រះយេស៊ូ​ជម្រុញ​យើង ព្រះយេស៊ូ​ប្រទាន​កម្លាំង ប្រទាន​សេចក្ដី​ក្លាហាន ដើម្បី​ឱ្យ​យើង​ធ្វើ​ដំណើរ​ទៅ​មុខ​។ នៅ​ក្នុង​ដៃ​ផ្ទាល់​ខ្លួន​របស់​យ៉ូហាន​បាទីស្ត​ហុង ឥលូវ​នេះ​មាន​អំណាច​ដើម្បី​ឱ្យ​ជីវិត ជីវិត​ដែល​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់ មាន​អំណាច​ដើម្បី​លើក​លែង​ទោស​ដោយ​នាម​ព្រះជាម្ចាស់ មាន​អំណាច​ដើម្បី​ណែនាំ​ឱ្យ​បង​ប្អូន​របស់​យើង​ងើប​ឈរ​ឡើង​សាជាថ្មី។

សូម​ទៅ​ជា​បូជាចារ្យ​ពោរពេញ​ដោយ​សុភមង្គល។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

ការអប់រំសីលធម៌តាមបែបសាសនាជួយបង្ការនិងទប់ស្កាត់ការជួញដូរមនុស្សសម័យទំនើប

ព្រះសហគមន៍កាតូលិក​ រួមជាមួយសាសនា​ នានា​​ ចូលរួមទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស​  ២០​ សីហា​ ឆ្នាំ២០២៤​ ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា​ បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស​ សម័យឌីជីថល» នាថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០២៤​ នៅមជ្ឈមណ្ឌលសន្និបាត​ និងពិព័ណ៌អន្តរជាតិជ្រោយចង្វារ​ (OCIC)​ ដោយមានពិធីសូត្រធម៌​ និងអធិដ្ឋានបញ្ជូនសាររបស់សាសនានីមួយៗ។ ជំជួបរវាង​សាសនាក្នុងទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរមនុស្ស​ នៅថ្ងៃនេះ​ មាន​អ្នក​ចូលរួម​ប្រមាណជាង​២០០០នាក់ ដែលមានមេដឹកនាំ​សាសនា​ និងសាសនិក​ជាច្រើន​ដែលមាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​​ចូលរួម អាជ្ញាធរដែនដី

បិទខួប១៦០ឆ្នាំ គ្រីស្តបរិស័ទត្រូវបើកចិត្តគំនិតថ្មី

នាថ្ងៃទី​១៤ ខែ​ឧសភានេះ លោកអភិបាល​នៃព្រហសហគមន៍​ទាំង​បី​ភូមិភាគ​ក្នុងប្រទេស​កម្ពុជា បាន​ធ្វើ​ជា​អធិបតី ក្នុងពិធីបុណ្យ​បិទខួប​១៦០ឆ្នាំ​នៃ​ការ​បង្កើត​ព្រះសហគមន៍​អ្នកលឿងដែលស្ថិត​នៅ​ក្នុងភូមិ​៦ ឃុំព្រែកខ្សាយ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ដោយ​មាន​គ្រីស្តបរិស័ទ​ចូលរួម​ជា​ច្រើន​កុះករ​។ ក្នុងធម្មទេសនាក្នុងឱកាសនោះ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញមាន​ប្រសាសន៍ថា អស់រយៈកាល​ពេញ​មួយ​ឆ្នាំ​ដែល​គ្រីស្ត​បរិស័ទនៅទីនេះ បាន​ខិតខំ​អធិដ្ឋាន រិះគិត​ពិចារណាអំពីជំនឿ និង​នឹកឃើញ​អំពី​តួនាទីជាគ្រីស្តបរិស័ទ​។ លោក​អភិបាល​បាន​បន្ថែមថា យើង​មិន​ត្រឹមតែ​នឹក​ឃើញ​អំពី​ជីវិត​គ្រីស្តបរិស័ទ​ពីដើម តែ​យើងត្រូវ​នឹក​ឃើញ​អំពី​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​នាពេលបច្ចុប្បន្ន​នេះ ហើយ​ត្រូវ​សម្រេចចិត្ត​បន្ត​ថែរក្សាជំនឿ និង​សេចក្តីសង្ឃឹម ជា​ពិសេស​បន្ត​សម្ដែងធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់។ លោកថា ពិធី​បិទខួប​១៦០ឆ្នាំរបស់​ព្រះសហគមន៍នេះ​​

Subscribe to our newsletter

Don't miss new updates on your email